អត្ថបទសិក្សា ៤៣
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
តើយើងគួរធ្វើអ្វីពេលយើងសង្ស័យ?
«ចូរពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ»។—១ថែ. ៥:២១
ចំណុចផ្ដោត
របៀបបំបាត់ចោលការសង្ស័យដែលអាចមានឥទ្ធិពលលើកិច្ចបម្រើព្រះយេហូវ៉ា។
១-២. (ក) តើអ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ាប្រហែលជាសង្ស័យអំពីរឿងណាខ្លះ? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
ជួនកាលយើងទាំងអស់គ្នាសង្ស័យaមិនថាក្មេងឬចាស់។ តើយើងសង្ស័យអំពីរឿងអ្វីខ្លះ? ឧបមាថា អ្នកផ្សាយវ័យក្មេងម្នាក់សង្ស័យថាព្រះយេហូវ៉ាមិនយកចិត្តទុកដាក់នឹងគាត់ទេ។ នេះប្រហែលជាមូលហេតុដែលធ្វើឲ្យគាត់ស្ទាក់ស្ទើរទទួលការជ្រមុជទឹក។ ឥឡូវ សូមគិតអំពីបងប្រុសម្នាក់ដែលមានវ័យកណ្ដាល។ ពេលគាត់នៅវ័យក្មេងគាត់បានសម្រេចចិត្តស្វែងរករាជាណាចក្រព្រះជាមុនសិន ជាជាងចាប់យកអាជីពការងារក្នុងពិភពលោកនេះ។ ប៉ុន្តែ ឥឡូវគាត់មានវ័យកាន់តែចាស់ទៅៗ ហើយគាត់ឃើញថាគាត់គ្រាន់តែមានលទ្ធភាពផ្គត់ផ្គង់ក្រុមគ្រួសារប៉ុណ្ណោះ។ ដូច្នេះហើយ គាត់ឆ្ងល់ថាតើគាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវកាលដែលគាត់នៅក្មេងឬទេ? សូមស្រមៃគិតអំពីបងស្រីម្នាក់ទៀតដែលមានវ័យចាស់។ គាត់មិនសូវមានកម្លាំងកំហែងដូចពីមុនទេ។ ហេតុនេះ គាត់មិនអាចធ្វើច្រើនដូចដែលគាត់ធ្លាប់ធ្វើពីមុនឡើយ។ នេះនាំឲ្យគាត់ធ្លាក់ទឹកចិត្ត។ ចុះតើអ្នកធ្លាប់សួរសំណួរដូចជា៖ ‹តើព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំឬទេ? តើការសម្រេចចិត្តដែលខ្ញុំធ្លាប់ធ្វើដើម្បីព្រះយេហូវ៉ាគឺត្រឹមត្រូវឬ? តើខ្ញុំនៅតែមានប្រយោជន៍ចំពោះព្រះយេហូវ៉ាឬទេ?›។
២ បើយើងមានការសង្ស័យទាំងនោះ ហើយមិនព្យាយាមរកវិធីបំបាត់ចោលវាទេ នេះអាចធ្វើឲ្យយើងបាត់បង់ជំនឿលើព្រះយេហូវ៉ា ហើយថែមទាំងធ្វើឲ្យយើងឈប់គោរពប្រណិប័តន៍លោកទៀតផង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាគោលការណ៍គម្ពីរខ្លះៗដែលអាចជួយយើង បើយើងមានការសង្ស័យដូចតទៅនេះ៖ (១) ព្រះយេហូវ៉ាមិនយកចិត្តទុកដាក់ចំពោះយើង (២) ការសម្រេចចិត្តរបស់យើងពីមុនមិនត្រឹមត្រូវ ឬ(៣) យើងលែងមានប្រយោជន៍ចំពោះព្រះយេហូវ៉ា។
ពេលយើងសង្ស័យ តើយើងអាចធ្វើអ្វី?
៣. តើយើងអាចធ្វើអ្វីពេលយើងសង្ស័យ?
៣ របៀបមួយដែលយើងអាចបំបាត់ចោលការសង្ស័យគឺដោយស្វែងរកភស្តុតាងក្នុងបណ្ដាំរបស់ព្រះ។ បើយើងធ្វើដូច្នេះ ជំនឿរបស់យើងលើព្រះយេហូវ៉ានិងចំណងមិត្តភាពរបស់យើងជាមួយលោកនឹងកាន់តែរឹងមាំឡើង ហើយយើងនឹងកាន់តែអាច«កាន់ជំហរមាំមួនក្នុងជំនឿ»។—១កូ. ១៦:១៣
៤. តើតាមរបៀបណាយើងអាច«ពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ»? (ថែស្សាឡូនិចទី១ ៥:២១)
៤ សូមអាន ថែស្សាឡូនិចទី១ ៥:២១។ គម្ពីរលើកទឹកចិត្តយើងឲ្យ«ពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ»។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយប្រៀបធៀបអ្វីដែលយើងជឿទៅនឹងអ្វីដែលគម្ពីរចែង។ ជាឧទាហរណ៍ សូមគិតអំពីអ្នកផ្សាយវ័យក្មេងដែលបានរៀបរាប់នៅខាងលើដែលសង្ស័យថាខ្លួនគ្មានតម្លៃចំពោះព្រះយេហូវ៉ា។ តើគាត់គួរព្រងើយកន្តើយចំពោះការសង្ស័យរបស់គាត់ឬ? មិនគួរទេ។ គាត់គួរ«ពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ» ដោយគិតអំពីទស្សនៈព្រះយេហូវ៉ា។
៥. ដើម្បីទទួលចម្លើយចំពោះចម្ងល់របស់យើង តើយើងគួរធ្វើអ្វី?
៥ ពេលយើងអានបណ្ដាំរបស់ព្រះ យើងហាក់ដូចជាឮព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យើង។ ប៉ុន្តែ ការអានគម្ពីរប៉ុណ្ណោះមិនអាចបកស្រាយចម្ងល់ឬការសង្ស័យរបស់យើងទេ។ យើងត្រូវធ្វើលើសពីនេះ គឺយើងត្រូវស្វែងរកនិងសិក្សាបទគម្ពីរដែលនឹងជួយយើងរកចម្លើយចំពោះការសង្ស័យរបស់យើង។ ដើម្បីធ្វើដូច្នេះ យើងអាចស្រាវជ្រាវក្នុងសៀវភៅរបស់អង្គការយើង។ (សុភ. ២:៣-៦) មុនធ្វើការស្រាវជ្រាវ យើងត្រូវអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីជួយយើងឲ្យរកឃើញព័ត៌មានដែលយើងត្រូវការ។ បន្ទាប់មក យើងអាចស្វែងរកគោលការណ៍គម្ពីរនិងព័ត៌មានដែលត្រូវនឹងស្ថានភាពរបស់យើង។ យើងក៏អាចទទួលប្រយោជន៍ពីការពិនិត្យមើលកំណត់ហេតុក្នុងគម្ពីរអំពីបុគ្គលដែលមានស្ថានភាពស្រដៀងយើង។
៦. តើការចូលរួមកិច្ចប្រជុំជួយបំបាត់ការសង្ស័យរបស់យើងយ៉ាងដូចម្ដេច?
៦ នៅកិច្ចប្រជុំ យើងក៏ហាក់ដូចជាឮព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យើងដែរ។ បើយើងចូលរួមកិច្ចប្រជុំជាទៀងទាត់ នោះចំណុចណាមួយក្នុងសុន្ទរកថា ឬចម្លើយរបស់បងប្អូនអាចជាអ្វីដែលយើងត្រូវការដើម្បីបំបាត់ការសង្ស័យរបស់យើង។ (សុភ. ២៧:១៧) ឥឡូវ យើងនឹងពិចារណាអំពីអ្វីដែលនឹងជួយយើឲ្យបំបាត់ចោលការសង្ស័យមួយចំនួន។
ពេលអ្នកសង្ស័យថាព្រះយេហូវ៉ាមិនយកចិត្តទុកដាក់ចំពោះអ្នក
៧. តើអ្នកខ្លះប្រហែលជាឆ្ងល់អ្វី?
៧ តើអ្នកធ្លាប់ឆ្ងល់ថា ‹តើព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំឬទេ›? បើអ្នកធ្លាប់ឆ្ងល់ដូច្នេះមែន នេះប្រហែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនមិនសំខាន់ចំពោះព្រះយេហូវ៉ា ហើយមិនសមធ្វើជាមិត្តសម្លាញ់របស់អ្នកបង្កើតសកលលោក។ ស្ដេចដាវីឌក៏ប្រហែលជាមានអារម្មណ៍ដូចនេះដែរ។ គាត់កោតស្ងើចព្រះយេហូវ៉ា ដោយសារលោកយកចិត្តទុកដាក់ចំពោះមនុស្ស។ ដូច្នេះហើយបានជាគាត់និយាយថា៖ «ឱព្រះយេហូវ៉ា តើមនុស្សជាអ្វីដែលលោកត្រូវចាប់អារម្មណ៍? ហើយតើកូនមនុស្សជាអ្នកណាបានជាលោកត្រូវយកចិត្តទុកដាក់?»។ (ចសព. ១៤៤:៣) បើអ្នកធ្លាប់ឆ្ងល់ថាព្រះយេហូវ៉ាយកចិត្តទុកចំពោះមនុស្សម្នាក់ៗឬយ៉ាងណា តើអ្នកអាចរកចម្លើយចំពោះសំណួរនេះនៅឯណា?
៨. យោងទៅតាមសាំយូអែលទី១ ១៦:៦, ៧, ១០-១២ តើព្រះយេហូវ៉ាកត់សម្គាល់អ្វីអំពីមនុស្ស?
៨ គម្ពីរបង្រៀនយើងថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកឯទៀតចាត់ទុកថាមិនសំខាន់។ ជាឧទាហរណ៍ ព្រះយេហូវ៉ាចាត់សាំយូអែលឲ្យទៅផ្ទះរបស់អ៊ីសាយ ដើម្បីតែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាស្ដេចស្រុកអ៊ីស្រាអែល។ ពេលសាំយូអែលទៅដល់ អ៊ីសាយបានហៅកូនប្រុស៧នាក់ឲ្យមកជួបសាំយូអែល លើកលែងតែដាវីឌដែលជាកូនប្រុសទី៨។b ប៉ុន្តែ ព្រះយេហូវ៉ាមិនបានជ្រើសរើសកូនប្រុស៧នាក់នោះទេ លោកបានជ្រើសរើសដាវីឌវិញ។ (សូមអាន សាំយូអែលទី១ ១៦:៦, ៧, ១០-១២) ព្រះយេហូវ៉ាឃើញអ្វីដែលនៅក្នុងចិត្តរបស់ដាវីឌ ហើយលោកឃើញថាដាវីឌពិតជាស្រឡាញ់លោកខ្លាំងណាស់។
៩. ហេតុអ្វីអ្នកអាចជឿជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នក? (សូមមើលរូបភាពផងដែរ)
៩ សូមគិតអំពីរបៀបមួយដែលព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នក។ តើនោះជាអ្វី? គឺលោកផ្ដល់ឱវាទចំនឹងសេចក្ដីត្រូវការរបស់អ្នក។ (ចសព. ៣២:៨) បើលោកមិនស្គាល់អ្នកច្បាស់ តើលោកអាចធ្វើដូច្នេះម្ដេចបាន? (ចសព. ១៣៩:១) ពេលអ្នកធ្វើតាមឱវាទពីព្រះយេហូវ៉ា ហើយឃើញថាឱវាទនោះបានជួយអ្នក អ្នកនឹងកាន់តែជឿជាក់ថាព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះអ្នក។ (១ប្រ. ២៨:៩; សកម្ម. ១៧:២៦, ២៧) ព្រះយេហូវ៉ាឃើញការខំប្រឹងរបស់អ្នកដើម្បីបម្រើលោកនិងស្ដាប់បង្គាប់លោក។ លោកឃើញគុណសម្បត្តិរបស់អ្នក ហើយនេះជំរុញចិត្តលោកឲ្យជួយអ្នក។ (យេ. ១៧:១០) លោកសង្ឃឹមថានេះនឹងជំរុញចិត្តអ្នកឲ្យចង់មានចំណងមិត្តភាពជាមួយលោក។—១យ៉ូន. ៤:១៩
ពេលអ្នកសង្ស័យថាការសម្រេចចិត្តរបស់អ្នកពីមុនមិនត្រឹមត្រូវ
១០. ពេលយើងគិតអំពីការសម្រេចចិត្តដែលយើងធ្វើពីមុន តើយើងប្រហែលជាឆ្ងល់អំពីអ្វី?
១០ ជួនកាល អ្នកខ្លះប្រហែលជាគិតឡើងវិញអំពីការសម្រេចចិត្តពីមុនរបស់ខ្លួន ហើយសង្ស័យថាតើពួកគេបានធ្វើការសម្រេចចិត្តត្រឹមត្រូវឬយ៉ាងណា។ ប្រហែលជាពួកគេបានសម្រេចចិត្តលះចោលការងារដែលអាចទទួលប្រាក់ខែច្រើន ឬសម្រេចចិត្តមិនចាប់ផ្ដើមមុខរបររកស៊ីណាមួយ ដើម្បីពួកគេអាចបម្រើព្រះយេហូវ៉ាច្រើនជាង។ ប៉ុន្តែ អស់ជាច្រើនឆ្នាំកន្លងផុតទៅ ពួកគេប្រហែលជាឃើញថាអ្នកឯទៀតដែលបានធ្វើការសម្រេចចិត្តផ្សេងពីពួកគេ មានជីវិតសុខស្រួលនិងសម្បូរសប្បាយ។ នេះប្រហែលជានាំឲ្យពួកគេឆ្ងល់ថា ‹តើការលះបង់របស់ខ្ញុំដើម្បីព្រះយេហូវ៉ាសមត្រឹមត្រូវឬទេ? ឬតើការសម្រេចចិត្តនោះធ្វើឲ្យខ្ញុំខកខានឱកាសល្អជាងឬទេ?›។
១១. តើអ្នកតែងចម្រៀងសរសើរព្រះ ៧៣មានអារម្មណ៍យ៉ាងណា?
១១ បើអ្នកធ្លាប់ឆ្ងល់សំណួរទាំងនេះ សូមគិតអំពីអារម្មណ៍របស់អ្នកតែងចម្រៀងសរសើរព្រះ ៧៣។ គាត់ឃើញមនុស្សដែលមិនបម្រើព្រះយេហូវ៉ាមើលទៅមានសុខភាពល្អ សម្បូរសប្បាយ ហើយមិនមានទុក្ខកង្វល់អ្វីសោះ។ (ចសព ៧៣:៣-៥, ១២) ពេលគាត់ឃើញដូច្នេះ គាត់មានអារម្មណ៍ថាការខំប្រឹងបម្រើព្រះយេហូវ៉ាគឺជាការសម្រេចចិត្តមិនត្រឹមត្រូវ។ ទស្សនៈនេះធ្វើឲ្យគាត់«ជួបការពិបាកពេញមួយថ្ងៃ»។ (ចសព. ៧៣:១៣, ១៤) តើគាត់បានបំបាត់ចោលទស្សនៈដូចនេះយ៉ាងដូចម្ដេច?
១២. ស្របទៅតាមចម្រៀងសរសើរព្រះ ៧៣:១៦-១៨ តើអ្នកតែងចម្រៀងសរសើរព្រះបានធ្វើអ្វីដើម្បីបំបាត់អារម្មណ៍ធ្លាក់ទឹកចិត្តរបស់គាត់?
១២ សូមអាន ចម្រៀងសរសើរព្រះ ៧៣:១៦-១៨។ អ្នកតែងចម្រៀងសរសើរព្រះបានទៅទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។ នៅទីនោះ គាត់អាចគិតពិចារណាយ៉ាងច្បាស់លាស់។ ហេតុនេះ គាត់យល់ឃើញថាទោះជាពួកអ្នកទាំងនោះមានជីវិតសុខស្រួលនៅពេលឥឡូវក្ដី ពួកគេមិនមានសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតទេ។ ដោយយល់ដូច្នេះ គាត់មានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយទទួលស្គាល់ថាការបម្រើព្រះយេហូវ៉ាគឺជាការសម្រេចចិត្តដ៏ល្អបំផុត។ ដូច្នេះ គាត់តាំងចិត្តបម្រើព្រះយេហូវ៉ាតទៅមុខទៀត។—ចសព. ៧៣:២៣-២៨
១៣. បើអ្នកស្ដាយក្រោយចំពោះការសម្រេចចិត្តរបស់អ្នកពីមុន តើអ្វីអាចជួយអ្នក? (សូមមើលរូបភាពផងដែរ)
១៣ ដូចអ្នកតែងចម្រៀងសរសើរព្រះ អ្នកក៏អាចមានសេចក្ដីសុខសាន្តក្នុងចិត្តបានដែរដោយមានជំនួយពីបណ្ដាំព្រះ។ តើតាមរបៀបណា? សូមគិតអំពីអ្វីល្អៗដែលអ្នកមាន រួមទាំងការពេញចិត្តពីព្រះយេហូវ៉ា។ អ្នកដែលមិនបម្រើព្រះយេហូវ៉ាមិនទទួលជំនួយពីលោកទេ។ ពួកគេភាគច្រើនពឹងផ្អែកទៅលើអ្វីដែលពួកគេមានក្នុងជីវិតប៉ុណ្ណោះ តែពួកគេមិនមានសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតឡើយ។ ខុសពីពួកគេ អ្នកមានព្រះយេហូវ៉ាជាទីពឹង។ ម្ល៉ោះហើយ លោកសន្យាថាអ្នកនឹងទទួលពរជាច្រើនដែលអស្ចារ្យជាងអ្នកនឹកស្មានទៅទៀត។ (ចសព. ១៤៥:១៦) សូមគិតអំពីចំណុចនេះ៖ ទោះបើអ្នកបានធ្វើការសម្រេចចិត្តផ្សេងក្នុងជីវិតក្ដី តើអ្នកនឹងដឹងថាជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាទេ? ប្រាកដជាមិនដឹងទេ។ ប៉ុន្តែ អ្វីមួយដែលអ្នកអាចដឹងប្រាកដគឺ បើអ្នកធ្វើការសម្រេចចិត្តដោយផ្អែកលើសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះយេហូវ៉ានិងអ្នកឯទៀត នោះអ្នកនឹងទទួលអ្វីដ៏ល្អបំផុតក្នុងជីវិត។
ពេលអ្នកសង្ស័យថាអ្នកលែងមានប្រយោជន៍ចំពោះព្រះយេហូវ៉ា
១៤. តើបងប្អូនខ្លះមានស្ថានភាពបែបណា ហើយតើពួកគេប្រហែលជាឆ្ងល់អំពីអ្វី?
១៤ អ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ាមិនអាចធ្វើអ្វីជាច្រើនដូចដែលគេចង់ទេ ដោយសារមានវ័យចាស់ បញ្ហាសុខភាព ឬពិការភាពជាដើម។ នេះប្រហែលជាធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនជាមនុស្សទុកមិនចំណេញ ដកចេញក៏មិនខាត។ ពួកគេប្រហែលជាឆ្ងល់ថា ‹តើខ្ញុំនៅតែមានប្រយោជន៍ចំពោះព្រះយេហូវ៉ាឬ?›។
១៥. តើអ្នកតែងចម្រៀងសរសើរព្រះ ៧១ជឿជាក់អំពីអ្វី?
១៥ អ្នកតែងចម្រៀងសរសើរព្រះ ៧១ ក៏មានអារម្មណ៍ស្រដៀងនឹងនេះដែរ។ គាត់បានអធិដ្ឋានថា៖ «ពេលខ្ញុំលែងមានកម្លាំង សូមកុំទុកខ្ញុំចោលឡើយ»។ (ចសព. ៧១:៩, ១៨) យ៉ាងណាក៏ដោយ គាត់ជឿជាក់ថាបើគាត់បម្រើព្រះយេហូវ៉ាយ៉ាងស្មោះភក្ដី នោះលោកនឹងគាំទ្រគាត់។ អ្នកតែងចម្រៀងសរសើរព្រះបានរៀនថាព្រះយេហូវ៉ាពេញចិត្តអ្នកដែលខំអស់ពីសមត្ថភាពដើម្បីបម្រើលោក ទោះជាពួកគេធ្វើមិនបានច្រើនសម្រាប់លោកក៏ដោយ។—ចសព. ៣៧:២៣-២៥
១៦. តើបងប្អូនវ័យចាស់មានប្រយោជន៍សម្រាប់ព្រះយេហូវ៉ាក្នុងន័យអ្វី? (ចម្រៀងសរសើរព្រះ ៩២:១២-១៥)
១៦ បើអ្នកជាបងប្អូនវ័យចាស់ សូមគិតអំពីអារម្មណ៍ដែលព្រះយេហូវ៉ាមានចំពោះអ្នក។ លោកអាចជួយអ្នកឲ្យបម្រើលោកយ៉ាងស្មោះត្រង់ទោះជាសុខភាពអ្នកចុះខ្សោយក៏ដោយ។ (សូមអាន ចម្រៀងសរសើរព្រះ ៩២:១២-១៥) ជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកមិនអាចធ្វើ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើវិញ។ ជាឧទាហរណ៍ គំរូដ៏ស្មោះត្រង់របស់អ្នកនិងការយកចិត្តទុកដាក់របស់អ្នកចំពោះអ្នកឯទៀត អាចលើកទឹកចិត្តពួកគេ។ អ្នកអាចប្រាប់អ្នកឯទៀតអំពីបទពិសោធន៍ដែលព្រះយេហូវ៉ាបានជួយអ្នកជាច្រើនឆ្នាំកន្លងមកនេះ និងសេចក្ដីសន្យាក្នុងគម្ពីរដែលអ្នកទន្ទឹងរង់ចាំ។ មួយវិញទៀត សូមកុំភ្លេចថាសេចក្ដីអធិដ្ឋានរបស់អ្នកសម្រាប់បងប្អូនឯទៀតគឺមានប្រយោជន៍ណាស់។ (១ពេ. ៣:១២) មិនថាយើងមានស្ថានភាពយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅតែមានអ្វីមួយដែលអាចជូនព្រះយេហូវ៉ានិងឲ្យអ្នកឯទៀត។
១៧. ហេតុអ្វីយើងមិនគួរប្រៀបធៀបខ្លួនជាមួយអ្នកឯទៀត?
១៧ បើអ្នកធ្លាក់ទឹកចិត្តដោយសារអ្នកមិនអាចធ្វើច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា សូមជឿជាក់ថាអ្វីណាក៏ដោយដែលអ្នកធ្វើគឺមានតម្លៃណាស់សម្រាប់លោក។ អ្នកប្រហែលជាមានទំនោរចិត្តប្រៀបធៀបអ្វីដែលខ្លួនធ្វើទៅនឹងអ្វីដែលអ្នកឯទៀតធ្វើ តែសូមកុំឲ្យនោះកើតឡើងឡើយ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាមិនប្រៀបធៀបទេ។ (កាឡ. ៦:៤) ជាឧទាហរណ៍ ម៉ារៀបានចាក់ប្រេងក្រអូបដែលមានតម្លៃថ្លៃណាស់ទៅលើរូបកាយលោកយេស៊ូ។ (យ៉ូន. ១២:៣-៥) រីឯស្ត្រីមេម៉ាយក្រីក្រម្នាក់វិញដាក់កាក់តូចពីរដែលមានតម្លៃតិចណាស់ជាវិភាគទាននៅវិហារ។ (លូក. ២១:១-៤) ទោះជាស្ត្រីទាំងពីរនាក់នេះឲ្យចំនួនខុសគ្នាក្ដី លោកយេស៊ូចាត់ទុកអំណោយរបស់ពួកគាត់ថាជាការបង្ហាញជំនឿ។ អ្នកប្រហែលជាគិតថាអ្វីដែលអ្នកធ្វើចំពោះព្រះយេហូវ៉ាគឺតិចតួចណាស់។ ប៉ុន្តែ បើអ្នកធ្វើដោយសារស្រឡាញ់និងមានភក្ដីភាពចំពោះលោក នោះព្រះយេហូវ៉ាពិតជាឲ្យតម្លៃណាស់។
១៨. តើអ្វីជួយយើងឲ្យបំបាត់ការសង្ស័យ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «បណ្ដាំរបស់ព្រះអាចជួយយើងឲ្យបំបាត់ការសង្ស័យ»)
១៨ ជួនកាលយើងទាំងអស់គ្នាសង្ស័យ។ ប៉ុន្តែ ដូចយើងបានរៀនរួចមកហើយ បណ្ដាំរបស់ព្រះអាចជួយយើងឲ្យលែងមានការសង្ស័យ។ ដូច្នេះ សូមខំព្យាយាមដើម្បីបំបាត់ការសង្ស័យរបស់អ្នក។ យ៉ាងនេះ អ្នកនឹងមានទំនុកចិត្តឡើងវិញ។ ព្រះយេហូវ៉ាស្គាល់យើងម្នាក់ៗច្បាស់ លោកឲ្យតម្លៃចំពោះការលះបង់របស់យើង ហើយលោកសន្យាថានឹងផ្ដល់រង្វាន់ដល់យើង។ សូមជឿជាក់ថា ព្រះយេហូវ៉ាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះអ្នកបម្រើដ៏ស្មោះភក្ដីទាំងអស់របស់លោក។
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
a ការពន្យល់ពាក្យ៖ ក្នុងអត្ថបទនេះ យើងកំពុងពិចារណាអំពីការសង្ស័យថាយើងគ្មានតម្លៃចំពោះព្រះយេហូវ៉ា ឬបានធ្វើការសម្រេចចិត្តដែលមិនប្រកបដោយប្រាជ្ញា។ ការសង្ស័យទាំងនេះមិនមែនជាការសង្ស័យដែលបង្ហាញថាយើងខ្វះជំនឿលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោកទេ។
b ទោះបីជាគម្ពីរមិនបានប្រាប់អំពីអាយុជាក់លាក់របស់ដាវីឌពេលព្រះយេហូវ៉ាជ្រើសរើសគាត់ក្ដី គាត់ទំនងជាមានវ័យជំទង់។
c ការពណ៌នាអំពីរូបភាព៖ សាក្សីវ័យក្មេងម្នាក់កំពុងរកមើលបទគម្ពីរដើម្បីស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ា។
d ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់ ដៃកំពុងធ្វើការ តែចិត្តគិតដល់ជីវិតក្នុងសួនឧទ្យាន។