ថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧
ចម្រៀងលេខ៣៦ យើងការពារចិត្ត
ចូរបន្តបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
«ចូរខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។—អេភ. ៥:១៧
ចំណុចផ្ដោត
របៀបបង្វឹកបង្ហាត់និងការពារសមត្ថភាពវិនិច្ឆ័យរបស់យើងដើម្បីស្វែងយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហើយធ្វើឲ្យលោកពេញចិត្តតាមរយៈការសម្រេចចិត្តនិងការប្រព្រឹត្តរបស់យើង។
១. តើសមត្ថភាពវិនិច្ឆ័យគឺជាអ្វី ហើយតើវាអាចជួយយើងយ៉ាងណាដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវសមត្ថភាពមួយ។ សមត្ថភាពនោះជួយយើងឲ្យពិនិត្យពិចារណាអំពីការប្រព្រឹត្តនិងចិត្តគំនិតរបស់យើងថាខុសឬត្រូវ។ គម្ពីរហៅសមត្ថភាពនោះថាសមត្ថភាពវិនិច្ឆ័យ ហើយវាគឺជាអំណោយដ៏អស្ចារ្យពីព្រះ។ (រ៉ូម ២:១៤, ១៥) ពេលយើងរៀនឲ្យចេះប្រើសមត្ថភាពនេះតាមរបៀបដ៏ត្រឹមត្រូវ វាអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ ប៉ុន្តែ យើងត្រូវចាំថា សមត្ថភាពវិនិច្ឆ័យរបស់យើងក៏អាចត្រូវបង្ខូចដោយឥទ្ធិពលមិនល្អដែរ។
២. តើសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជំរុញយើងឲ្យធ្វើអ្វី?
២ សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អ មិនគ្រាន់តែបង្ហាញឲ្យយើងដឹងថាការប្រព្រឹត្តរបស់យើងគឺល្អឬអាក្រក់ប៉ុណ្ណោះទេ តែវាក៏អាចជំរុញយើងឲ្យជៀសវាងពីការធ្វើអ្វីដែលអាក្រក់ ហើយ«កាន់ខ្ជាប់អ្វីៗដែលល្អ»ដែរ។ (រ៉ូម ១២:៩) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលសមត្ថភាពវិនិច្ឆ័យរបស់យើងអាចការពារយើង។ យើងក៏នឹងពិចារណាដែរអំពីអ្វីមួយចំនួនដែលអាចមានឥទ្ធិពលមកលើសមត្ថភាពវិនិច្ឆ័យរបស់យើង។
សមត្ថភាពវិនិច្ឆ័យរបស់អ្នកអាចការពារអ្នក
៣-៤. (ក) តើសមត្ថភាពវិនិច្ឆ័យគឺដូចឧបករណ៍ប្រកាសអាសន្នពេលមានផ្សែងយ៉ាងដូចម្ដេច តែតើមានអ្វីដែលខុសគ្នា? (សូមមើលរូបភាពផងដែរ) (ខ) សូមលើកឧទាហរណ៍អំពីរបៀបដែលសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរអាចការពារយើង។
៣ សមត្ថភាពវិនិច្ឆ័យអាចប្រៀបដូចជាឧបករណ៍ប្រកាសអាសន្នពេលមានផ្សែង តែវាមានលក្ខណៈពិសេសមួយដែលខុសគ្នាពីឧបករណ៍ប្រកាសអាសន្ននោះ។ ដូចសមត្ថភាពវិនិច្ឆ័យ ឧបករណ៍ប្រកាសអាសន្ននោះ អាចផ្ដល់ដំណឹងឲ្យយើងដឹងពេលមានគ្រោះថ្នាក់។ ធម្មតា ឧបករណ៍នោះនឹងដំណើរការពេលដែលវាស្រូបផ្សែងប៉ុណ្ណោះ តែទម្រាំតែវាចាប់ផ្សែងបាន ភ្លើងប្រហែលជាកំពុងតែឆាបឆេះហើយ។ ចំណែកឯសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរគឺប្រសើរជាងឧបករណ៍ប្រកាសអាសន្ននោះឆ្ងាយណាស់ ព្រោះសមត្ថភាពវិនិច្ឆ័យរបស់យើងអាចព្រមានយើងមុនដែលយើងធ្វើអ្វីដែលខុសនិងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងឲ្យដឹងអំពីគ្រោះថ្នាក់ដែលអាចកើតឡើង ហើយនេះការពារយើងមិនឲ្យដើរផ្លូវខុសដែលអាចនាំទៅដល់ការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។
៤ ជាឧទាហរណ៍ សូមគិតអំពីស្ថានភាពមួយ។ ប្អូនប្រុសវ័យក្មេងម្នាក់បានរើទៅរស់នៅតំបន់ថ្មី។ គាត់ចង់មានមិត្តភក្ដិ ហើយក្នុងក្រុមជំនុំថ្មីរបស់គាត់ មានបងប្អូនមួយចំនួនដែលមានអាយុស្រករគាត់។ មានពេលមួយ ពួកគេអញ្ជើញគាត់ឲ្យចូលរួមកម្មវិធីជប់លៀងមួយ ហើយគាត់យល់ព្រមទៅ។ ប៉ុន្តែ ពេលនៅទីនោះ គាត់សង្កេតឃើញថាពួកគេខ្លះមិនឲ្យតម្លៃចំពោះខ្នាតតម្រារបស់ព្រះយេហូវ៉ាស្ដីអំពីសីលធម៌និងការពិសាស្រាទេ។ តើគាត់នឹងចង់ធ្វើជាមិត្តជាមួយបុគ្គលបែបនោះទេ? ច្បាស់ជាមិនមែនទេ! ព្រោះសមត្ថភាពវិនិច្ឆ័យរបស់គាត់បានព្រមានគាត់រួចហើយ ដូច្នេះគាត់នឹងស្ដាប់តាមការព្រមាននោះ។ ការព្រមានពីសមត្ថភាពវិនិច្ឆ័យរបស់គាត់ នឹងការពារគាត់មិនឲ្យដើរតាមផ្លូវដែលអាចនាំទៅដល់ការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរឡើយ។—យ៉ា. ១:១៤, ១៥
សមត្ថភាពវិនិច្ឆ័យអាចប្រៀបដូចជាឧបករណ៍ប្រកាសអាសន្នពេលមានផ្សែង តែវាប្រសើរជាងឧបករណ៍នោះឆ្ងាយណាស់ (សូមមើលវគ្គ៣)
៥-៦. ហេតុអ្វីអាដាមនិងអេវ៉ាមិនបានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
៥ ក្នុងស្ថានភាពខ្លះ ព្រះយេហូវ៉ាប្រាប់យើងចំៗអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (អេ. ៣៣:២២) សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះអាដាមនិងអេវ៉ា។ ព្រះយេហូវ៉ាបានប្រាប់ពួកគេថា ពួកគេមិនត្រូវបរិភោគផ្លែពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ សូម្បីតែប៉ះពាល់ដើមនោះ ក៏លោកមិនឲ្យពួកគេប៉ះពាល់ផង។ (ដក. ២:១៧; ៣:៣) ក្រោយមក សត្វពស់ប្រាប់អេវ៉ាថា នាងនឹងមានជីវិតល្អប្រសើរជាង បើនាងមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ អេវ៉ាដឹងថាការបរិភោគផ្លែឈើនោះគឺជាការខុស ហើយនាងគួរតែបដិសេធមិនស្ដាប់តាមអ្វីដែលសត្វពស់ប្រាប់។ ទោះជាយ៉ាងនោះក៏ដោយ អេវ៉ាបានស្ដាប់តាមសត្វពស់ មិនមែនស្ដាប់តាមការព្រមានពីសមត្ថភាពវិនិច្ឆ័យរបស់នាងទេ។ នេះនាំឲ្យនាងបរិភោគផ្លែនោះ ហើយធ្វើខុសចំពោះព្រះ។
៦ ចុះយ៉ាងណាអាដាមវិញ? សត្វពស់មិនបាន«បោកបញ្ឆោត»អាដាមទេ។ (១ធី. ២:១៤) ពេលអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា អាដាមគួរតែធ្វើតាមការជំរុញពីសមត្ថភាពវិនិច្ឆ័យរបស់ខ្លួនឲ្យស្ដាប់បង្គាប់លោក។ តែផ្ទុយទៅវិញ គាត់មិនបានស្ដាប់តាមការព្រមានពីសមត្ថភាពវិនិច្ឆ័យរបស់គាត់ទេ ហើយគាត់បានបរិភោគផ្លែនោះ។ ដោយសារពួកគេមិនបានស្ដាប់បង្គាប់ «ភាពខុសឆ្គងបានចូលក្នុងពិភពលោក . . . [ហើយ]សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) យើងអាចរៀនពីគំរូមិនល្អរបស់ពួកគេ គឺយើងត្រូវស្ដាប់តាមសមត្ថភាពវិនិច្ឆ័យរបស់យើងដើម្បីកុំឲ្យយើងប្រព្រឹត្តអំពើខុសឆ្គង។
ចូរស្វែងយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា
៧. តើយើងរៀនអ្វីពីយោបល់នៅអេភេសូរ ៥:១៥-១៧?
៧ ដូចក្នុងករណីរបស់អាដាមនិងអេវ៉ា ជួនកាល ព្រះយេហូវ៉ាប្រាប់យើងច្បាស់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ តែក្នុងករណីផ្សេងទៀត គ្មានច្បាប់ជាក់លាក់ក្នុងគម្ពីរអំពីអ្វីដែលយើងត្រូវធ្វើនោះទេ។ ដូច្នេះ យើងត្រូវ«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។ (សូមអាន អេភេសូរ ៥:១៥-១៧) ការសម្រេចចិត្តរបស់យើងនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឬក៏មិនពេញចិត្ត។ យ៉ាងនេះ សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងឲ្យយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ានិងធ្វើតាមបំណងប្រាថ្នារបស់លោក។
៨. ហេតុអ្វីគ្រិស្តសាសនិកពីរនាក់អាចធ្វើការសម្រេចចិត្តខុសៗគ្នាពេលស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នាហើយនៅតែមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស?
៨ តើយើងអាចធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេចពេលយើងស្ថិតនៅក្នុងស្ថានភាពមួយដែលមិនមានច្បាប់ជាក់លាក់ក្នុងគម្ពីរ? ក្នុងករណីបែបនោះ គ្រិស្តសាសនិកម្នាក់ៗត្រូវប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ។ ច្រើនតែមានកត្តាផ្សេងៗដែលត្រូវគិតពិចារណាពេលធ្វើការសម្រេចចិត្តដូចជា គិតអំពីបំណងចិត្តរបស់ខ្លួន និងវប្បធម៌ក្នុងតំបន់របស់យើង។ គ្រិស្តសាសនិកពីរនាក់ដែលស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នា ប្រហែលជាធ្វើការសម្រេចចិត្តខុសៗគ្នា។ ប៉ុន្តែ បើការសម្រេចចិត្តរបស់ពួកគេសមស្របទៅនឹងគោលការណ៍គម្ពីរ នោះពួកគេម្នាក់ៗអាចមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
៩. ស្ដីអំពីការលើកកែវអបអរនិងការជល់កែវ សូមពន្យល់អំពីរបៀបដែលបងប្រុសពីរនាក់ធ្វើតាមកាឡាទី ៦:៤ពេលធ្វើការសម្រេចចិត្ត។ (សូមមើលរូបភាពផងដែរ)
៩ សូមគិតអំពីស្ថានភាពដូចតទៅនេះ។ គ្រិស្តសាសនិកដែលមានភាពចាស់ទុំពីរនាក់ ចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនដែលពួកគេធ្វើការរៀងៗខ្លួន។ នៅកម្មវិធីទាំងពីរនោះ ពេលកំពុងបរិភោគអាហារពេលល្ងាច ថៅកែរបស់ពួកគេបានលើកកែវអបអរឬជល់កែវ។ នៅប្រទេសរបស់ពួកគេ មនុស្សចាត់ទុកការជល់កែវថាជាការគួរសម។ បងប្រុសម្នាក់បានចូលរួមក្នុងការជល់កែវ ដោយសារគាត់ដឹងថាការជល់កែវនោះ គឺដើម្បីអបអរដែលក្រុមហ៊ុនកំពុងរីកចម្រើន។ រីឯនៅកម្មវិធីដែលបងប្រុសម្នាក់ទៀតចូលរួម គាត់សម្រេចចិត្តមិនជល់កែវទេ។ ហេតុអ្វី? ព្រោះគាត់ឆ្ងល់ថា ‹តើពាក្យដែលថៅកែរបស់ខ្ញុំនិយាយអាចចាត់ទុកថាជាការស្នេហាជាតិឬទេ?›។ ដូច្នេះគាត់មិនជល់កែវទេ ដោយសារគាត់ចង់រក្សាអព្យាក្រឹតភាព។ បងប្រុសទាំងពីរនាក់នេះធ្វើការសម្រេចចិត្តខុសៗគ្នា។ ប៉ុន្តែ ពួកគេតាំងចិត្តធ្វើការសម្រេចចិត្តដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយធ្វើអ្វីដែលសមស្របតាមបំណងប្រាថ្នារបស់លោក។—សូមអាន កាឡាទី ៦:៤
ពេលយើងត្រូវធ្វើការសម្រេចចិត្ត សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងឲ្យប្រព្រឹត្តដោយឈ្លាសវៃ (សូមមើលវគ្គ៩)a
ចូរបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់អ្នក
១០-១១. យោងទៅតាមហេប្រឺ ៥:១៣, ១៤ តើ«អាហាររឹង»នឹងជួយគ្រិស្តសាសនិកម្នាក់ឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់គាត់យ៉ាងដូចម្ដេច?
១០ នៅហេប្រឺ ៥:១៣, ១៤ យើងឃើញពាក្យដែលទាក់ទងនឹងការបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យ។ (សូមអានខគម្ពីរនិងកំណត់សម្គាល់) ទោះជាពាក្យ«សមត្ថភាពវិនិច្ឆ័យ»មិនបានត្រូវប្រើក្នុងខទាំងនេះក្ដី យើងយល់ថាគោលដៅរបស់យើងគឺត្រូវបង្វឹកបង្ហាត់ខ្លួន«ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ ដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង យើងត្រូវការ«អាហាររឹង»។ តើនេះមានន័យយ៉ាងណា?
១១ «អាហាររឹង»ក្នុងខនេះមានន័យថា យើងមិនគ្រាន់តែត្រូវស្គាល់សេចក្ដីបង្រៀនបឋមក្នុងគម្ពីរប៉ុណ្ណោះទេ តែយើងក៏ត្រូវរៀនដែរអំពីអ្វីជាច្រើនពីគម្ពីរដែលជួយយើងឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ (១កូ. ២:១៤, ១៥) «អាហាររឹង»បែបនេះ រួមបញ្ចូលគោលការណ៍គម្ពីរ។ ពេលគ្មានច្បាប់ជាក់លាក់ក្នុងគម្ពីរស្ដីអំពីស្ថានភាពណាមួយ គ្រិស្តសាសនិកម្នាក់អាចគិតពិចារណាអំពីគោលការណ៍គម្ពីរ ហើយធ្វើការសម្រេចចិត្តដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។—សុភ. ២:៤, ៥
១២. នៅហេប្រឺ ៥:១៤ តើអ្នកណាជាគ្រិស្តសាសនិកដែល«មានភាពចាស់ទុំ» ហើយតើពួកគេប្រព្រឹត្តយ៉ាងណា?
១២ គ្រិស្តសាសនិកដែល«មានភាពចាស់ទុំ» គឺជាបុគ្គលដែលបានបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេសមស្របទៅនឹងគោលការណ៍គម្ពីរ។ ដោយសារពួកគេស្គាល់បុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ានិងរបៀបគិតគូររបស់លោក ពួកគេអាចយល់ថា ការប្រព្រឹត្តរបស់ពួកគេមានឥទ្ធិពលយ៉ាងណាមកលើព្រះយេហូវ៉ា។ ពួកគេមានទម្លាប់គិតអំពីគោលការណ៍គម្ពីរនៅពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្ត។ យ៉ាងនេះ ពួកគេបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដោយ«តែងតែប្រើប្រាស់»វាដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។
ចូរប្រុងប្រយ័ត្នកុំឲ្យសមត្ថភាពវិនិច្ឆ័យទទួលឥទ្ធិពលពីអ្វីមិនល្អ
១៣. តើអ្វីអាចកើតឡើងបើសមត្ថភាពវិនិច្ឆ័យមិនបានត្រូវបង្វឹកបង្ហាត់?
១៣ សមត្ថភាពវិនិច្ឆ័យរបស់យើងមិនតែងតែណែនាំយើងយ៉ាងត្រឹមត្រូវទេ។ បើយើងមិនបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យសមស្របនឹងគោលការណ៍គម្ពីរទេ នោះវានឹងទទួលឥទ្ធិពលពីអ្វីផ្សេងទៀត។ (១ធី. ៤:១, ២) វាអាចទទួលរងឥទ្ធិពលពីអ្វីៗផ្សេងដូចជា សេចក្ដីបង្រៀនរបស់សាសនាមិនពិត ការរើសអើង និងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ (អេ. ៥:២០) វាក៏អាចទទួលឥទ្ធិពលពីគុណវិបត្តិដូចជា ការលោភលន់ អំណួត និងការគិតតែពីប្រយោជន៍ខ្លួន។ បើយើងឲ្យអ្វីបែបនេះមានឥទ្ធិពលមកលើយើង នោះយើងនឹងមិនអាចធ្វើការសម្រេចចិត្តល្អទេ។
១៤. (ក) ហេតុអ្វីបានជាអាដាមនិងអេវ៉ាធ្វើអ្វីដែលខុសទោះបីជាពួកគេស្គាល់អំពីអ្វីដែលត្រឹមត្រូវក្ដី? (ខ) សូមលើកឧទាហរណ៍អំពីបុគ្គលផ្សេងៗដែលមិនបានបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេដើម្បីធ្វើអ្វីដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ (សូមមើលប្រអប់ដែលមានចំណងជើងថា «ពួកគេមិនបានបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេទេ»)
១៤ សូមគិតអំពីអេវ៉ា។ នាងមិនមានចិត្តកតញ្ញូចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យនាង ហើយនាងចង់បានថែមទៀត គឺនាងមានអំណួតចង់ទៅដូចជាព្រះដែរ។ ម្យ៉ាងទៀត អេវ៉ាចាប់ផ្ដើមមានអារម្មណ៍ថានាងមិនត្រូវការអ្នកឯទៀតឲ្យប្រាប់នាងអំពីអ្វីដែលខុសនឹងអ្វីដែលត្រូវទេ សូម្បីតែព្រះយេហូវ៉ាក្ដី។ សូមគិតអំពីអាដាមដែរ។ គាត់គិតតែពីប្រយោជន៍ខ្លួនពេលគាត់ចាត់ទុកថា ការចង់រស់នៅជាមួយនឹងអេវ៉ាគឺសំខាន់ជាងការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ នៅក្នុងគម្ពីរ ក៏មានគំរូរបស់បុគ្គលឯទៀតដែលមានចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ា តែអនុញ្ញាតឲ្យសមត្ថភាពវិនិច្ឆ័យរបស់ពួកគេទទួលឥទ្ធិពលពីការលោភលន់ អំណួត ឬការគិតតែពីប្រយោជន៍ខ្លួន។
១៥. តើមានអ្វីផ្សេងទៀតដែលអាចបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់យើង ហើយតើយើងបានត្រូវលើកទឹកចិត្តឲ្យធ្វើអ្វី?
១៥ អ្វីមួយទៀតដែលអាចបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់យើង គឺការសេពគប់អាក្រក់។ (១កូ. ១៥:៣៣) មនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ា មិនចង់រៀនពីលោកអំពីអ្វីដែលខុសនិងអ្វីដែលត្រូវទេ។ ពួកគេអាចជះឥទ្ធិពលមិនល្អមកលើពួកអ្នកដែលចង់ធ្វើអ្វីដែលត្រឹមត្រូវ។ យ៉ាងនេះ គម្ពីរលើកទឹកចិត្តយើងឲ្យជៀសវាងពីពួកអ្នកដែល«ដើរតាមគំនិតអសារឥតការរបស់ខ្លួន»និងមានគំនិត«ងងឹតងងល់»។ (អេភ. ៤:១៧-១៩) ជាការល្អឲ្យយើងជៀសចេញពីបុគ្គលបែបនោះ។—២ធី. ៣:១-៥
ចូរអនុញ្ញាតឲ្យព្រះយេហូវ៉ាបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់អ្នក
១៦. តើសមត្ថភាពវិនិច្ឆ័យអាចកាន់តែជួយយើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនៅពេលណា? (សូមមើលប្រអប់ដែលមានចំណងជើងថា «របៀបប្រើសមត្ថភាពវិនិច្ឆ័យយ៉ាងត្រឹមត្រូវ»)
១៦ ទោះជាយើងមិនល្អឥតខ្ចោះក៏ដោយ សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយវានឹងជួយយើងកាន់តែច្រើននៅពេលដែលគ្មានច្បាប់ជាក់លាក់នៅក្នុងគម្ពីរ។ (១កូ. ១០:៣១) ប៉ុន្តែ មានតែសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់តាមគោលការណ៍គម្ពីរប៉ុណ្ណោះ ដែលនឹងដំណើរការយ៉ាងត្រឹមត្រូវ។ យ៉ាងនេះ យើងអាចប្រើសមត្ថភាពវិនិច្ឆ័យតាមរបៀបដែលត្រឹមត្រូវ ហើយធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
១៧. យោងទៅតាមរ៉ូម ១២:២ តើព្រះយេហូវ៉ាបង្ហាត់បង្រៀនយើងតាមរបៀបណាខ្លះ?
១៧ ព្រះយេហូវ៉ាអាចបង្រៀនយើងអំពីរបៀបគិតគូររបស់លោក។ បើយើងសុខចិត្តរៀនពីលោក លោកអាចជួយយើងឲ្យកែប្រែរបៀបគិតគូររបស់យើង។ (អេ. ៦៤:៨; សូមអាន រ៉ូម ១២:២) ព្រះយេហូវ៉ាបានឲ្យគម្ពីរទាំងមូលដល់យើងដើម្បីយើងអាចរៀនអំពីរបៀបដែលលោកបានជួយនិងកែតម្រង់មនុស្សនៅសម័យគម្ពីរ។ (២ធី. ៣:១៦) ម្យ៉ាងទៀត យើងអាចរៀនអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ា ដោយសិក្សាសេចក្ដីបង្រៀននិងគំរូរបស់លោកយេស៊ូ។—១កូ. ២:១៦
១៨. តើតាមរបៀបណាយើងអាចមានជីវិតដ៏សប្បាយ ហើយធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
១៨ យើងអាចពង្រឹងសមត្ថភាពវិនិច្ឆ័យរបស់យើង ដោយជៀសវាងពីអ្វីដែលអាចមានឥទ្ធិពលអាក្រក់មកលើយើង។ យើងអាចបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់យើង ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវដោយសិក្សាបណ្ដាំរបស់ព្រះ។ (ចសព. ១:១-៣) ជាលទ្ធផល យើងនឹងមានជីវិតដ៏សប្បាយ ហើយអាចបម្រើព្រះយេហូវ៉ាដោយមាន«សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។—២ធី. ១:៣
ចម្រៀងលេខ១៥៩ ចូរសរសើរតម្កើងព្រះយេហូវ៉ា
a ការពណ៌នាអំពីរូបភាព៖ នៅក្នុងរូបភាពទី១ បងប្រុសម្នាក់មានអារម្មណ៍ស្រួលជល់កែវនៅឯពិធីជប់លៀងមួយ។ ក្នុងរូបភាពទី២ បងប្រុសម្នាក់ទៀតសម្រេចចិត្តមិនជល់កែវ ដោយសារគាត់គិតថានោះទាក់ទងនឹងការស្នេហាជាតិ។