ចូរមានចិត្តរាបទាបនិងចិត្តអាណិតមេត្ដាដូចលោកយេស៊ូ
«គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដាន របស់លោកឲ្យបានដិតដល់»។—ពេត្រុសទី១ ២:២១
១. ហេតុអ្វីការយកតម្រាប់លោកយេស៊ូនឹងធ្វើឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ា?
ធម្មតាយើងព្យាយាមយកតម្រាប់មនុស្សដែលយើងស្ងើចសរសើរ។ ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ លោកយេស៊ូគ្រិស្តជាបុគ្គលដ៏ប្រសើរបំផុតដែលយើងគួរយកតម្រាប់។ ហេតុអ្វី? លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។ (យ៉ូហាន ១៤:៩) នេះគឺដោយសារលោកយេស៊ូបង្ហាញបុគ្គលិកលក្ខណៈរបស់បិតាលោកយ៉ាងល្អឥតខ្ចោះ។ ដូច្នេះ ពេលយើងរៀនអំពីលោកយេស៊ូ យើងក៏រៀនអំពីព្រះយេហូវ៉ាដែរ។ ម្យ៉ាងទៀត ពេលយើងយកតម្រាប់លោកយេស៊ូ យើងចូលកាន់តែជិតព្រះយេហូវ៉ាដែលជាបុគ្គលដ៏ឧត្តមបំផុតក្នុងសកលលោក។ នេះពិតជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មែន!
២, ៣. (ក) ហេតុអ្វីព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវព័ត៌មានល្អិតល្អន់អំពីជីវិតលោកយេស៊ូ ហើយតើព្រះនៃយើងតម្រូវឲ្យយើងធ្វើអ្វី? (ខ) ក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ តើយើងនឹងពិភាក្សាអំពីអ្វី?
២ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវព័ត៌មានល្អិតល្អន់អំពីជីវិតលោកយេស៊ូ។ ហេតុអ្វី? ពីព្រោះព្រះនៃយើងចង់ឲ្យយើងស្គាល់បុត្ររបស់លោកដើម្បីយើងអាចយកតម្រាប់លោកយ៉ាងដិតដល់។ (សូមអាន ពេត្រុសទី១ ២:២១) នៅក្នុងគម្ពីរ គំរូដែលលោកយេស៊ូបានទុកឲ្យយើង គឺប្រៀបដូចជាលំអានដាន។ តើនោះមានអត្ថន័យយ៉ាងណា? ព្រះយេហូវ៉ាចង់ឲ្យយើងដើរតាមលំអានដាននៃបុត្ររបស់លោក ពោលគឺយកតម្រាប់លោកយេស៊ូក្នុងគ្រប់ការទាំងអស់ដែលលោកបានធ្វើ។ លោកយេស៊ូជាបុគ្គលល្អឥតខ្ចោះ ដូច្នេះព្រះយេហូវ៉ាមិនតម្រូវឲ្យយើងយកតម្រាប់បុត្ររបស់លោកយ៉ាងល្អឥតខ្ចោះឡើយ។ ផ្ទុយទៅវិញ ព្រះចង់ឲ្យយើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោកយេស៊ូ។
៣ សូមយើងពិចារណាគុណសម្បត្ដិខ្លះដែលគួរឲ្យសរសើររបស់លោកយេស៊ូ។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីចិត្តរាបទាបនិងចិត្តអាណិតមេត្ដារបស់លោក។ នៅក្នុងអត្ថបទបន្ទាប់ យើងនឹងពិភាក្សាអំពីចិត្តក្លាហាននិងសមត្ថភាពយល់ដឹងរបស់លោក។ យើងនឹងឆ្លើយសំណួរបីអំពីគុណសម្បត្ដិនីមួយៗរបស់លោកគឺ តើគុណសម្បត្ដិនេះមានអត្ថន័យយ៉ាងណា? តើលោកយេស៊ូបានបង្ហាញគុណសម្បត្ដិនេះយ៉ាងដូចម្ដេច? តើតាមរបៀបណាយើងអាចយកតម្រាប់លោក?
លោកយេស៊ូមានចិត្តរាបទាប
៤. តើការមានចិត្តរាបទាបមានអត្ថន័យយ៉ាងណា?
៤ តើចិត្តរាបទាបគឺជាអ្វី? មនុស្សជាច្រើនដែលមានអំណួតគិតថាចិត្តរាបទាបគឺជាសញ្ញាសម្គាល់នៃភាពទន់ខ្សោយ ឬការខ្វះទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែ តើនេះជាការពិតឬទេ? តាមការពិត ដើម្បីមានចិត្តរាបទាប យើងត្រូវតែរឹងមាំ ហើយមានចិត្តក្លាហាន។ ចិត្តរាបទាបគឺផ្ទុយពីចិត្តអំណួតនិងចិត្តក្រអឺតក្រទម។ ដើម្បីមានចិត្តរាបទាប មុនដំបូងយើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះខ្លួនយើង។ ជាឧទាហរណ៍ វចនានុក្រមគម្ពីរមួយចែងថា៖ «ចិត្តរាបទាបគឺជាការដឹងថាយើងតូចទាបយ៉ាងណាចំពោះព្រះ»។ ម្យ៉ាងទៀត បើយើងមានចិត្តរាបទាប យើងនឹងមិនគិតថាយើងប្រសើរជាងមនុស្សឯទៀតឡើយ។ (រ៉ូម ១២:៣) ចំពោះមនុស្សមិនល្អឥតខ្ចោះ ការបង្ហាញគុណសម្បត្ដិនេះគឺមិនស្រួលទេ។ ប៉ុន្តែ យើងអាចរៀនឲ្យចេះមានចិត្តរាបទាប បើយើងរំពឹងគិតអំពីភាពឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ា ហើយធ្វើតាមគំរូរបស់លោកយេស៊ូ។
បើយើងមានចិត្តរាបទាប យើងនឹងមិនគិតថា យើងប្រសើរជាងអ្នកឯទៀតឡើយ
៥, ៦. (ក) តើមហាទេវតាមីកែលជានរណា? (ខ) តើមីកែលបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?
៥ តើតាមរបៀបណាលោកយេស៊ូបានបង្ហាញចិត្តរាបទាប? បុត្ររបស់ព្រះមានចិត្តរាបទាបជានិច្ច។ លោកបានបង្ហាញគុណសម្បត្ដិនេះពេលលោកជាទេវតាដ៏ខ្លាំងក្លានៅស្ថានសួគ៌ និងពេលលោកជាមនុស្សល្អឥតខ្ចោះនៅផែនដី។ សូមយើងពិចារណាឧទាហរណ៍ខ្លះ។
៦ ចិត្តគំនិតរបស់លោក។ ក្នុងគម្ពីរ សៀវភៅយូដាសរៀបរាប់អំពីជីវិតរបស់លោកយេស៊ូមុនលោកបានមកផែនដី។ (សូមអាន យូដាស ៩) ក្នុងនាមជាមីកែលដែលជាមហាទេវតា ពោលគឺមេទេវតា លោកយេស៊ូ«មានទំនាស់ជាមួយនឹងមេកំណាច» ហើយ«ជំទាស់»នឹងវា«អំពីសពរបស់ម៉ូសេ»។ ក្រោយពីម៉ូសេបានស្លាប់ ព្រះយេហូវ៉ាបានបញ្ចុះសពរបស់គាត់នៅកន្លែងដែលគ្មានមនុស្សណានឹងរកឃើញ។ (ចោទិយកថា ៣៤:៥, ៦) ប្រហែលជាមេកំណាចចង់ល្បួងជនជាតិអ៊ីស្រាអែលឲ្យប្រើសពរបស់ម៉ូសេសម្រាប់ការគោរពប្រណិប័តន៍មិនពិត។ ទោះជាមេកំណាចចង់ធ្វើអ្វីណាក៏ដោយដែលអាក្រក់ មីកែលបានបញ្ឈប់វាដោយចិត្តក្លាហាន។ សៀវភៅយោងមួយចែងថា ពាក្យដែលថា«មានទំនាស់»និង«ជំទាស់»ក៏បានត្រូវប្រើដើម្បីរៀបរាប់អំពី«រឿងក្ដីមួយ» ហើយប្រហែលជាបង្កប់អត្ថន័យថា«មីកែល‹ជំទាស់នឹងសិទ្ធិរបស់មេកំណាច›ដើម្បីយកសពរបស់ម៉ូសេ»។ ប៉ុន្តែ មហាទេវតាបានដឹងថាលោកមិនមែនជាអ្នកវិនិច្ឆ័យសាថានទេ។ ដូច្នេះ លោកបានលើករឿងក្ដីនោះទៅព្រះយេហូវ៉ា ដែលជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត ជាបុគ្គលតែមួយគត់ដែលមានសិទ្ធិវិនិច្ឆ័យសាថាន។ លោកយេស៊ូពិតជាបានបង្ហាញចិត្តរាបទាបមែន!
លោកយេស៊ូបានធ្វើដោយចិត្តរាបទាបនូវអ្វីណាក៏ដោយដែលព្រះយេហូវ៉ាបានប្រាប់លោកឲ្យធ្វើ សូម្បីតែ«រហូតដល់ត្រូវស្លាប់»
៧. តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោកយេស៊ូ តើលោកបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?
៧ ពេលលោកយេស៊ូនៅផែនដី លោកក៏បានបង្ហាញចិត្តរាបទាបដែរតាមរយៈពាក្យសម្ដីរបស់លោកនិងអ្វីដែលលោកបានធ្វើ។ ពាក្យសម្ដីរបស់លោក។ លោកយេស៊ូមិនដែលចង់ឲ្យអ្នកឯទៀតចាប់អារម្មណ៍ចំពោះលោកហួសហេតុពេកទេ។ ផ្ទុយទៅវិញ លោកចង់ឲ្យតែបិតាលោកប៉ុណ្ណោះទទួលការសរសើរតម្កើង។ (ម៉ាកុស ១០:១៧, ១៨; យ៉ូហាន ៧:១៦) លោកយេស៊ូមិនដែលនិយាយទៅអ្នកកាន់តាមលោកតាមរបៀបដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេល្ងង់ ឬអន់ជាងលោកឡើយ។ ផ្ទុយទៅវិញ លោកបានផ្ដល់កិត្ដិយសឲ្យពួកគេ ហើយបានបង្ហាញថាលោកបានទុកចិត្តពួកគេដោយសរសើរពួកគេចំពោះគុណសម្បត្ដិដែលពួកគេមាន។ (លូកា ២២:៣១, ៣២; យ៉ូហាន ១:៤៧) ការប្រព្រឹត្តរបស់លោក។ លោកយេស៊ូបានសម្រេចចិត្តរស់នៅយ៉ាងសាមញ្ញដោយគ្មានវត្ថុទ្រព្យច្រើនឡើយ។ (ម៉ាថាយ ៨:២០) លោកសុខចិត្តធ្វើកិច្ចការដែលមនុស្សមិនឲ្យតម្លៃ ជាកិច្ចការដែលអ្នកឯទៀតមិនសុខចិត្តធ្វើ។ (យ៉ូហាន ១៣:៣-១៥) លោកក៏បានទុកគំរូដ៏ល្អឥតខ្ចោះស្តីអំពីចិត្តរាបទាបដែរ ដោយស្ដាប់បង្គាប់ព្រះ។ (សូមអាន ភីលីព ២:៥-៨) មិនដូចមនុស្សដែលមានអំណួតដែលមិនចូលចិត្តស្ដាប់បង្គាប់អ្នកឯទៀត លោកយេស៊ូបានធ្វើដោយចិត្តរាបទាបនូវអ្វីណាក៏ដោយដែលព្រះយេហូវ៉ាបានប្រាប់លោកឲ្យធ្វើ សូម្បីតែ«រហូតដល់ត្រូវស្លាប់»។ យើងឃើញច្បាស់ថា លោកយេស៊ូដែលជាកូនមនុស្សមាន«ចិត្តរាបទាប»។—ម៉ាថាយ ១១:២៩
ចូរមានចិត្តរាបទាបដូចលោកយេស៊ូ
៨, ៩. តើយើងអាចបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?
៨ តើតាមរបៀបណាយើងអាចមានចិត្តរាបទាបដូចលោកយេស៊ូ? គឺតាមរយៈចិត្តគំនិតរបស់យើង។ កាលណាយើងមានចិត្តរាបទាប យើងដឹងថាសិទ្ធិអំណាចរបស់យើងមានកម្រិត។ ហេតុនេះ យើងដឹងថាយើងគ្មានសិទ្ធិវិនិច្ឆ័យមនុស្សឯទៀតទេ។ យើងនឹងមិនរិះគន់ពួកគេ ឬសង្ស័យអំពីបំណងចិត្តរបស់ពួកគេឡើយ។ (លូកា ៦:៣៧; យ៉ាកុប ៤:១២) ចិត្តរាបទាបជួយយើងជៀសវាងធ្វើជា«មនុស្សសុចរិតហួសល្បត់»។ នេះមានន័យថាយើងនឹងមិនគិតថាយើងប្រសើរជាងពួកអ្នកដែលមិនមានសមត្ថភាព ឬមិនមានឯកសិទ្ធិដូចយើងទេ។ (សាស្ដា ៧:១៦) អ្នកចាស់ទុំដែលមានចិត្តរាបទាបមិនគិតថាពួកគាត់ប្រសើរជាងបងប្អូនរបស់ពួកគាត់ឡើយ។ ផ្ទុយទៅវិញ គង្វាលទាំងនេះដែលមានសេចក្ដីស្រឡាញ់«ចាត់ទុកអ្នកឯទៀតថាប្រសើរជាង» ពោលគឺពួកគាត់គិតអំពីអ្នកឯទៀតថាសំខាន់ជាងខ្លួន។—ភីលីព ២:៣; លូកា ៩:៤៨
៩ សូមពិចារណាគំរូរបស់បងប្រុសវ៉ល់ធឺ ជេ ស៊ន ដែលបានបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យតាំងពីឆ្នាំ១៨៩៤។ ច្រើនឆ្នាំក្រោយមក គាត់បានត្រូវចាត់ឲ្យទៅមើលថែមាន់នៅកសិដ្ឋានរាជាណាចក្រនៅខាងជើងក្រុងញូវយ៉ក។ ពេលណាគាត់គិតថាគាត់គួរធ្វើកិច្ចការដែលសំខាន់ជាង នោះបងស៊នបានប្រាប់ខ្លួនគាត់ថា៖ «ឯងជាលម្អងធូលីដ៏តូចល្អិតប៉ុណ្ណោះ។ តើឯងមានអីគួរអួតខ្លួន?»។ (សូមអាន អេសាយ ៤០:១២-១៥) នេះពិតជាចិត្តគំនិតរាបទាបមែន!
១០. តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង តើយើងអាចបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?
១០ ពាក្យសម្ដីរបស់យើង។ បើយើងពិតជាមានចិត្តរាបទាបមែន នេះនឹងមានឥទ្ធិពលទៅលើពាក្យសម្ដីដែលយើងនិយាយទៅកាន់អ្នកឯទៀត។ (លូកា ៦:៤៥) ពេលយើងនិយាយជាមួយនឹងពួកគេ យើងនឹងមិនផ្ដោតអារម្មណ៍ទៅលើឯកសិទ្ធិរបស់យើងនិងអ្វីៗដែលយើងបានធ្វើឡើយ។ (សុភាសិត ២៧:២) ផ្ទុយទៅវិញ យើងនឹងសរសើរបងប្អូនយើងចំពោះអ្វីដ៏ល្អដែលពួកគេធ្វើ ហើយផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិនិងសមត្ថភាពរបស់ពួកគេ។ (សុភាសិត ១៥:២៣) ការប្រព្រឹត្តរបស់យើង។ គ្រិស្តសាសនិកដែលមានចិត្តរាបទាបមិនព្យាយាមក្លាយទៅជាមនុស្សល្បីឈ្មោះ ឬមនុស្សសំខាន់ក្នុងពិភពលោកនេះឡើយ។ ផ្ទុយទៅវិញ ពួកគេសម្រេចចិត្តរស់នៅយ៉ាងសាមញ្ញ ថែមទាំងធ្វើការដែលមនុស្សមិនឲ្យតម្លៃ ដើម្បីពួកគេអាចបម្រើព្រះយេហូវ៉ាឲ្យបានច្រើនបំផុតតាមលទ្ធភាពរបស់ពួកគេ។ (ធីម៉ូថេទី១ ៦:៦, ៨) សំខាន់បំផុត យើងអាចបង្ហាញចិត្តរាបទាបដោយចេះស្ដាប់បង្គាប់។ យើងត្រូវមានចិត្តរាបទាបដើម្បី‹ស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខ›នៅក្នុងក្រុមជំនុំ ហើយទទួលយក ព្រមទាំងធ្វើតាមការណែនាំរបស់អង្គការព្រះយេហូវ៉ា។—ហេប្រឺ ១៣:១៧
លោកយេស៊ូមានចិត្តអាណិតមេត្ដា
១១. ដូចម្ដេចដែលហៅថាចិត្តអាណិតមេត្ដា?
១១ ដូចម្ដេចដែលហៅថាចិត្តអាណិតមេត្ដា? ‹ចិត្តអាណិតមេត្ដា›មានន័យថា មានចិត្តទន់ ពេលឃើញគេមានទុក្ខលំបាក ហើយចង់ជួយគេឲ្យមានសេចក្ដីសុខ។ ចិត្តអាណិតមេត្ដាគឺជាលក្ខណៈមួយនៃសេចក្ដីស្រឡាញ់។ គម្ពីរចែងអំពី«សេចក្ដីអាណិតមេត្ដា» «សេចក្ដីមេត្ដាករុណា» និង«មនោសញ្ចេតនាជ្រាលជ្រៅ»។ (លូកា ១:៧៨; កូរិនថូសទី២ ១:៣; ភីលីព ១:៨) ឯកសារយោងមួយអំពីគម្ពីរចែងថាការបង្ហាញចិត្តអាណិតមេត្ដាគឺមិនគ្រាន់តែមានអារម្មណ៍អាណិតពួកអ្នកដែលត្រូវការជំនួយប៉ុណ្ណោះទេ។ ឯកសារនោះចែងថាការមានចិត្តមេត្ដាមានន័យថាយើង«យកចិត្តទុកដាក់ចំពោះអ្នកឯទៀតរហូតដល់ជួយ»ពួកគេ ដោយធ្វើអ្វីមួយដែលនឹងកែប្រែជីវិតរបស់អ្នកឯទៀតឲ្យបានប្រសើរជាង។ ចិត្តអាណិតមេត្ដាគឺជាគុណសម្បត្ដិមួយដែលជំរុញចិត្តបុគ្គលម្នាក់ឲ្យជួយធ្វើឲ្យជីវិតរបស់អ្នកឯទៀតបានប្រសើរឡើង។
១២. តើអ្វីបង្ហាញថាលោកយេស៊ូមានចិត្តមេត្ដាករុណាដ៏ជ្រាលជ្រៅចំពោះអ្នកឯទៀត ហើយតើចិត្តអាណិតមេត្ដារបស់លោកបានជំរុញលោកឲ្យធ្វើអ្វី?
១២ តើតាមរបៀបណាលោកយេស៊ូបានបង្ហាញចិត្តអាណិតមេត្ដា? ដោយចិត្តមេត្ដានិងការប្រព្រឹត្តរបស់លោក។ លោកយេស៊ូមានសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅចំពោះអ្នកឯទៀត។ ពេលលោកយេស៊ូបានឃើញម៉ារៀដែលជាមិត្តរបស់លោកនិងអ្នកឯទៀតយំ ដោយសារឡាសាបានស្លាប់ នោះលោកបានយំជាមួយនឹងពួកគេ។ (សូមអាន យ៉ូហាន ១១:៣២-៣៥) ក្រោយមក ចិត្តអាណិតអាសូរដែលបានធ្វើឲ្យលោកប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ ក៏បានជំរុញចិត្តលោកឲ្យប្រោសឡាសាឲ្យរស់ឡើងវិញដែរ។ (លូកា ៧:១១-១៥; យ៉ូហាន ១១:៣៨-៤៤) ទង្វើដែលបង្ហាញចិត្តអាណិតមេត្ដានេះប្រហែលជាបានផ្ដល់ឲ្យឡាសានូវឱកាសទទួលជីវិតនៅស្ថានសួគ៌។ មុននេះ លោកយេស៊ូមាន«ចិត្តក្ដួលអាណិត»ចំពោះមនុស្សមួយក្រុមដែលបានមកឯលោក។ សេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់លោកបានជំរុញចិត្តលោកឲ្យ«បង្រៀនពួកគេអ្វីៗជាច្រើន»។ (ម៉ាកុស ៦:៣៤) បទពិសោធន៍នេះពិតជាបានកែប្រែជីវិតរបស់ពួកអ្នកដែលបានធ្វើតាមសេចក្ដីបង្រៀនរបស់លោកមែន! ចិត្តអាណិតមេត្ដារបស់លោកយេស៊ូមិនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេ តែក៏បានជំរុញលោកឲ្យជួយមនុស្សដែលត្រូវការជំនួយដែរ។—ម៉ាថាយ ១៥:៣២-៣៨; ២០:២៩-៣៤; ម៉ាកុស ១:៤០-៤២
១៣. តើតាមរបៀបណាលោកយេស៊ូបាននិយាយទៅកាន់អ្នកឯទៀតដោយស្លូតបូត? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៣ ពាក្យសម្ដីរបស់លោកដែលបង្ហាញចិត្តមេត្ដា។ ចិត្តមេត្ដាករុណារបស់លោកយេស៊ូបានជំរុញចិត្តលោកឲ្យនិយាយទៅអ្នកឯទៀតដោយស្លូតបូត ជាពិសេសពួកអ្នកដែលត្រូវគេជិះជាន់។ ពេលសាវ័កម៉ាថាយដកស្រង់ខគម្ពីរនៅសៀវភៅអេសាយ គាត់បាននិយាយអំពីលោកយេស៊ូថា៖ «លោកនឹងមិនជាន់ឈ្លីដើមត្រែងណាដែលទក់ឡើយ ក៏មិនពន្លត់ប្រឆេះណាដែលជិតរលត់ដែរ»។ (ម៉ាថាយ ១២:២០; អេសាយ ៤២:៣) តើនោះមានអត្ថន័យយ៉ាងណា? លោកយេស៊ូមិនបានជិះជាន់ ឬធ្វើបាបមនុស្សឡើយ។ ផ្ទុយទៅវិញ លោកបាននិយាយដោយធ្វើឲ្យពួកគេមានកម្លាំងចិត្តឡើងវិញ។ លោកបានផ្សព្វផ្សាយដំណឹងដែលផ្ដល់សេចក្ដីសង្ឃឹមដល់«មនុស្សដែលមានចិត្តសង្រេង»។ (អេសាយ ៦១:១) លោកបានអញ្ជើញមនុស្សដែល«ធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់»ឲ្យមកឯលោកដើម្បីពួកគេអាច«មានកម្លាំងចិត្តឡើងវិញ»។ (ម៉ាថាយ ១១:២៨-៣០) លោកបានសន្យានឹងពួកអ្នកកាន់តាមលោកថា ព្រះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកគោរពប្រណិប័តន៍ម្នាក់ៗរបស់លោក រួមទាំង«អ្នកតូច» ឬពួកអ្នកដែលពិភពលោកបានចាត់ទុកថាមិនសំខាន់។—ម៉ាថាយ ១៨:១២-១៤; លូកា ១២:៦, ៧
ចូរមានចិត្តអាណិតមេត្ដាដូចលោកយេស៊ូ
១៤. តើតាមរបៀបណាយើងអាចបង្ហាញចិត្តមេត្ដាចំពោះអ្នកឯទៀត?
១៤ តើតាមរបៀបណាយើងអាចមានចិត្តអាណិតមេត្ដាដូចលោកយេស៊ូ? គឺតាមរយៈចិត្តមេត្ដារបស់យើង។ គម្ពីរប្រាប់យើងឲ្យព្យាយាមបង្ហាញ«សេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត» ទោះជានេះមិនស្រួលសម្រាប់យើងក៏ដោយ។ «បុគ្គលិកលក្ខណៈថ្មី»ដែលព្រះយេហូវ៉ាតម្រូវឲ្យគ្រិស្តសាសនិកទាំងអស់បំពាក់ រួមបញ្ចូលអារម្មណ៍ទាំងនេះ។ (សូមអាន កូឡុស ៣:៩, ១០, ១២) តើតាមរបៀបណាអ្នកអាចបង្ហាញចិត្តមេត្ដា? គម្ពីរចែងថា៖ ‹ចូរបើកចិត្តឲ្យទូលាយ›។ (កូរិនថូសទី២ ៦:១១-១៣) ចូរស្ដាប់ដោយយកចិត្តទុកដាក់ពេលបុគ្គលណាម្នាក់ប្រាប់អ្នកអំពីអារម្មណ៍និងកង្វល់របស់គាត់។ (យ៉ាកុប ១:១៩) ចូរស្រមៃគិត ហើយដណ្ដឹងសួរខ្លួនអ្នកថា ‹បើខ្ញុំស្ថិតនៅក្នុងស្ថានភាពដូចគាត់ តើខ្ញុំនឹងមានអារម្មណ៍យ៉ាងណា? តើខ្ញុំនឹងត្រូវការអ្វី?›។—ពេត្រុសទី១ ៣:៨
១៥. តើយើងអាចធ្វើអ្វីដើម្បីជួយពួកអ្នកដែលកំពុងកើតទុក្ខ ឬឈឺចាប់?
១៥ ការប្រព្រឹត្តរបស់យើងដែលបង្ហាញចិត្តមេត្ដា។ ចិត្តអាណិតមេត្ដានឹងជំរុញយើងឲ្យជួយអ្នកឯទៀត ជាពិសេសពួកអ្នកដែលកំពុងកើតទុក្ខ ឬឈឺចាប់។ តើតាមរបៀបណាយើងអាចជួយពួកគេ? រ៉ូម ១២:១៥ ចែងថា៖ «ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»។ មនុស្សច្រើនតែត្រូវការការសម្រាលទុក្ខច្រើនជាងដំណោះស្រាយ។ ពួកគេត្រូវការមិត្តភក្ដិម្នាក់ដែលយកចិត្តទុកដាក់នឹងពួកគេ ហើយដែលស្ដាប់ពួកគេ។ បងស្រីម្នាក់ដែលបានទទួលការសម្រាលទុក្ខពីបងប្អូនក្រោយពីកូនស្រីរបស់គាត់បានស្លាប់ និយាយថា៖ «ខ្ញុំមានចិត្តដឹងគុណពេលមិត្តភក្ដិបានមក ហើយយំជាមួយនឹងខ្ញុំ»។ យើងក៏អាចបង្ហាញចិត្តអាណិតមេត្ដាដែរ ដោយធ្វើអ្វីដែលអាចជួយអ្នកឯទៀត។ ប្រហែលជាមានបងស្រីមេម៉ាយណាម្នាក់ដែលត្រូវការឲ្យយើងជួយជួសជុលផ្ទះរបស់គាត់ ឬប្រហែលជាមានគ្រិស្តសាសនិកវ័យចាស់ណាម្នាក់ដែលត្រូវការឲ្យយើងជួយដឹកគាត់មកកិច្ចប្រជុំ ទៅផ្សព្វផ្សាយ ឬទៅជួបគ្រូពេទ្យ។ សូម្បីតែទង្វើតូចតាចដែលបង្ហាញនូវចិត្តសប្បុរស ក៏អាចជួយធ្វើឲ្យជីវិតរបស់បុគ្គលណាម្នាក់បានប្រសើរឡើងដែរ។ (យ៉ូហានទី១ ៣:១៧, ១៨) សំខាន់បំផុត យើងអាចបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀត ដោយខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយដំណឹងល្អ។ នេះជាវិធីដ៏ប្រសើរបំផុតដើម្បីជួយធ្វើឲ្យជីវិតរបស់មនុស្សដែលមានចិត្តស្មោះបានប្រសើរឡើង!
១៦. តើយើងអាចនិយាយអ្វីដើម្បីលើកទឹកចិត្តពួកអ្នកដែលធ្លាក់ទឹកចិត្ត?
១៦ ពាក្យសម្ដីរបស់យើងដែលបង្ហាញចិត្តមេត្ដា។ ចិត្តមេត្ដារបស់យើងនឹងជំរុញយើងឲ្យ«និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត»។ (ថែស្សាឡូនិចទី១ ៥:១៤) តើយើងអាចនិយាយអ្វីដើម្បីលើកទឹកចិត្តពួកគេ? យើងអាចប្រាប់ពួកគេថាយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកគេ។ យើងអាចសរសើរពួកគេ ហើយជួយពួកគេឲ្យដឹងថាពួកគេមានសមត្ថភាពនិងគុណសម្បត្ដិដែលគួរឲ្យសរសើរ។ យើងអាចរំលឹកពួកគេថាព្រះយេហូវ៉ាបានជួយពួកគេឲ្យរកឃើញសេចក្ដីពិត ដូច្នេះពួកគេច្បាស់ជាមានតម្លៃចំពោះលោក។ (យ៉ូហាន ៦:៤៤) យើងអាចពង្រឹងទំនុកចិត្តពួកគេថា ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកបម្រើរបស់លោកដែលមាន«ចិត្តសង្រេង» ឬដែលមាន«វិញ្ញាណទន់ទាប»ឬក៏បាក់ទឹកចិត្ត។ (ទំនុកតម្កើង ៣៤:១៨) ពាក្យសម្ដីរបស់យើងដែលបង្ហាញចិត្តមេត្ដាពិតជាអាចផ្ដល់កម្លាំងចិត្តឡើងវិញឲ្យពួកអ្នកដែលត្រូវការការសម្រាលទុក្ខ។—សុភាសិត ១៦:២៤
១៧, ១៨. (ក) តើព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកចាស់ទុំប្រព្រឹត្តយ៉ាងណាចំពោះចៀមរបស់លោក? (ខ) នៅអត្ថបទបន្ទាប់ តើយើងនឹងពិភាក្សាអំពីអ្វី?
១៧ អ្នកចាស់ទុំទាំងឡាយអើយ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបង្ហាញសេចក្ដីមេត្ដាករុណាដោយប្រព្រឹត្តយ៉ាងស្លូតបូតចំពោះចៀមរបស់លោក។ (សកម្មភាព ២០:២៨, ២៩) សូមចាំថា អ្នកមានភារកិច្ចបង្រៀន លើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តឡើងវិញឲ្យចៀមរបស់លោក។ (អេសាយ ៣២:១, ២; ពេត្រុសទី១ ៥:២-៤) ហេតុនេះ អ្នកចាស់ទុំដែលមានចិត្តមេត្ដាករុណាដ៏ជ្រាលជ្រៅនឹងមិនខំគ្រប់គ្រងលើបងប្អូន ពោលគឺបង្កើតច្បាប់ ឬបង្ខិតបង្ខំពួកគេឲ្យធ្វើលើសពីសមត្ថភាពរបស់ខ្លួន ដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនខុស បើពួកគេមិនធ្វើច្រើនជាងទេ។ ផ្ទុយទៅវិញ អ្នកចាស់ទុំចង់ឲ្យបងប្អូនសប្បាយរីករាយជាខ្លាំង ហើយគាត់មានទំនុកចិត្តថាសេចក្ដីស្រឡាញ់ដែលបងប្អូនមានចំពោះព្រះយេហូវ៉ានឹងជំរុញចិត្តពួកគេឲ្យខំអស់ពីសមត្ថភាពរបស់ខ្លួន។—ម៉ាថាយ ២២:៣៧
១៨ កាលដែលយើងរំពឹងគិតអំពីចិត្តរាបទាបនិងចិត្តអាណិតមេត្ដារបស់លោកយេស៊ូ នេះនឹងជំរុញចិត្តយើងឲ្យយកតម្រាប់លោក។ នៅអត្ថបទបន្ទាប់ យើងនឹងពិភាក្សាអំពីរបៀបដែលយើងអាចមានចិត្តក្លាហាននិងសមត្ថភាពយល់ដឹងដូចលោកយេស៊ូ។