តើគម្ពីរចែងយ៉ាងណាអំពីមិត្តភាព?
ចម្លើយពីគម្ពីរ
មិត្តភក្ដិអាចជួយយើងឲ្យសប្បាយរីករាយនិងមានភាពជោគជ័យក្នុងជីវិត។ មិត្តភក្តិអាចមានឥទ្ធិពលល្អមកលើយើង ហើយអាចជួយយើងទៅជាមនុស្សល្អប្រសើរជាង។—សុភាសិត ២៧:១៧
ប៉ុន្តែ គម្ពីរក៏ប្រាប់យើងឲ្យជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្នដែរ។ គម្ពីរព្រមានអំពីលទ្ធផលអាក្រក់ដែលមកពីការមានមិត្តភក្ដិមិនល្អ។ (សុភាសិត ១៣:២០; កូរិនថូសទី១ ១៥:៣៣) មិត្តភក្ដិបែបនោះអាចនាំឲ្យយើងធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ និងបង្ខូចលក្ខណៈល្អរបស់យើង។
ក្នុងអត្ថបទនេះយើងនឹងពិចារណា៖
តើមិត្តល្អជាមិត្តបែបណា?
គម្ពីរបង្រៀនថាការមានមិត្តភាពជាមួយគ្នាមិនគ្រាន់តែមានចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ដូចគ្នាទេ។ ជាឧទាហរណ៍ នៅចម្រៀងសរសើរព្រះ ១១៩:៦៣ អ្នកតែងខនេះបានរៀបរាប់ថា៖«ខ្ញុំជាមិត្តរបស់មនុស្សទាំងអស់ដែលកោតខ្លាចលោក និងជាមិត្តរបស់អស់អ្នកដែលធ្វើតាមបង្គាប់លោក»។ គួរឲ្យចាប់អារម្មណ៍ គាត់បានជ្រើសរើសមិត្តភក្តិដែលជាអ្នកគោរពកោតខ្លាចព្រះ និងចង់រស់នៅស្របតាមខ្នាតតម្រារបស់លោក។
បន្ថែមទៅទៀត គម្ពីរបានលើកឡើងអំពីគុណសម្បត្តិផ្សេងៗរបស់មិត្តភក្តិល្អ។ ជាឧទាហរណ៍៖
«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមកដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
«មានមិត្តភក្ដិដែលត្រៀមចាំបំផ្លាញគ្នា តែក៏មានមិត្តភក្ដិដែលស្រឡាញ់យើងខ្លាំងជាងបងប្អូនយើងទៅទៀត»។—សុភាសិត ១៨:២៤
ខទាំងនេះបង្រៀនយើងថាមិត្តភក្តិល្អជាមិត្តដែលស្មោះត្រង់ ពោរពេញទៅដោយសេចក្ដីស្រឡាញ់ មានចិត្តសប្បុរស និងមានចិត្តទូលាយ។ មិត្តល្អគឺជាមិត្តដែលយើងអាចពឹងពាក់បានពេលជួបការពិបាក។ ណាមួយទៀត គាត់ក៏ហ៊ានកែតម្រង់យើងដែរ ពេលឃើញយើងហៀបដើរផ្លូវខុស ឬពេលយើងបម្រុងសម្រេចចិត្តមិនត្រឹមត្រូវ។—សុភាសិត ២៧:៦, ៩
តើមានគំរូណាខ្លះក្នុងគម្ពីរអំពីមិត្តភក្ដិល្អ?
គម្ពីររៀបរាប់អំពីគំរូនៃមិត្តភាពល្អរវាងបុគ្គលដែលមានអាយុនិងមជ្ឈដ្ឋានខុសគ្នា ហើយមានឋានៈនិងវប្បធម៌ផ្សេងគ្នា។ សូមពិចារណាមិត្តភាពបីដូចតទៅ៖
រូថនិងណាអូមី។ រូថជាកូនប្រសារបស់ណាអូមី។ ដូច្នេះ ណាអូមីច្បាស់ជាមានអាយុចាស់ជាងរូថឆ្ងាយណាស់។ បន្ថែមទៅទៀត រូថមកពីវប្បធម៌មួយផ្សេង ហើយណាអូមីក៏មកពីវប្បធម៌ផ្សេងដែរ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគាត់មានមិត្តភាពយ៉ាងជិតស្និទ្ធជាមួយគ្នា។—រូថ ១:១៦
ដាវីឌនិងយ៉ូណាថាន។ យ៉ូណាថានមានអាយុចាស់ជាងដាវីឌដល់ទៅ៣០ឆ្នាំ ទោះជាយ៉ាងនេះក្ដី គម្ពីរចែងថាពួកគាត់ទាំងពីរនាក់«បានក្លាយទៅជាមិត្តសម្លាញ់នឹងគ្នា»។—សាំយូអែលទី១ ១៨:១
លោកយេស៊ូនិងសាវ័ករបស់លោក។ លោកយេស៊ូមានឋានៈខ្ពស់ជាងសាវ័ករបស់លោក ព្រោះលោកជាគ្រូនិងជាលោកម្ចាស់របស់ពួកគេ។ (យ៉ូហាន ១៣:១៣) ប៉ុន្តែ លោកមិនបានគិតថាការមានមិត្តភាពជាមួយពួកគេជាអ្វីដែលគ្មានតម្លៃនោះទេ។ ផ្ទុយទៅវិញ លោកមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយពួកគេ ព្រោះពួកគេកាន់តាមសេចក្ដីបង្រៀនរបស់លោក។ លោកមានប្រសាសន៍ថា៖«ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា»។—យ៉ូហាន ១៥:១៤, ១៥
តើមនុស្សអាចធ្វើជាមិត្តជាមួយព្រះបានទេ?
បាន! មនុស្សអាចក្លាយជាមិត្តសម្លាញ់របស់ព្រះ។ គម្ពីរចែងថា៖«លោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់»។ (សុភាសិត ៣:៣២) នេះមានន័យថាព្រះធ្វើជាមិត្តនឹងអ្នកដែលព្យាយាមប្រព្រឹត្តទៀងត្រង់ មានកេរ្តិ៍ឈ្មោះល្អ និងខំរស់នៅស្របតាមខ្នាតតម្រារបស់លោក។ ជាឧទាហរណ៍ គម្ពីរបានរៀបរាប់អំពីបុរសដ៏ស្មោះត្រង់ម្នាក់ឈ្មោះអាប្រាហាំ។ គាត់បានត្រូវហៅថាមិត្តសម្លាញ់របស់ព្រះ។—ប្រវត្តិហេតុទី២ ២០:៧; អេសាយ ៤១:៨; យ៉ាកុប ២:២៣