ការណែនាំដ៏ឈ្លាសវៃដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ
ចំណងអាពាហ៍ពិពាហ៍និងកូនៗគឺជាអំណោយដ៏ពិសេសពីអ្នកបង្កើតរបស់យើង។ លោកចង់ឲ្យយើងមានក្រុមគ្រួសារដ៏សប្បាយរីករាយ។ ដូច្នេះតាមរយៈសៀវភៅបុរាណដ៏ពិសិដ្ឋមួយ លោកបានផ្ដល់ការណែនាំដែលអាចជួយឲ្យក្រុមគ្រួសាររបស់យើងមានសុភមង្គលច្រើនជាង។ សូមពិចារណាការណែនាំដ៏ឈ្លាសវៃនៅខាងក្រោមនេះ៖
ប្ដីទាំងឡាយ ចូរស្រឡាញ់ប្រពន្ធ
«ប្ដីត្រូវស្រឡាញ់ប្រពន្ធ ដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ មានតែចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម»។—អេភេសូរ ៥:២៨, ២៩
ប្ដីគឺជាប្រមុខក្នុងក្រុមគ្រួសារ។ (អេភេសូរ ៥:២៣) ប្ដីដែលល្អគឺមិនប្រើពាក្យគំរោះគំរើយ ឬតម្រូវហួសហេតុពេកពីសមាជិកក្រុមគ្រួសារឡើយ។ គាត់ឲ្យតម្លៃប្រពន្ធរបស់គាត់ ហើយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់នាងទាំងផ្លូវកាយនិងផ្លូវចិត្ត។ គាត់ព្យាយាមផ្គាប់ចិត្តប្រពន្ធរបស់គាត់ ហើយមិនគិតតែទាមទារធ្វើអ្វីដែលខ្លួនចង់ធ្វើទេ។ (ភីលីព ២:៤) គាត់ប្រាប់អំពីអារម្មណ៍និងគំនិតរបស់គាត់ដល់នាង ហើយស្ដាប់ពេលដែលនាងនិយាយ។ គាត់នឹងមិន«ក្រេវក្រោធ»នឹងនាង ហើយមិនធ្វើឲ្យនាងឈឺចាប់ខាងផ្លូវកាយឬផ្លូវចិត្តឡើយ។—កូឡុស ៣:១៩
ប្រពន្ធទាំងឡាយ ចូរគោរពប្ដី
«ប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។—អេភេសូរ ៥:៣៣
ពេលប្រពន្ធគោរពប្ដីរបស់នាង ហើយគាំទ្រការសម្រេចចិត្តរបស់គាត់ នាងជួយក្រុមគ្រួសារឲ្យមានសន្តិភាព។ បើគាត់ធ្វើខុស នាងមិនមើលងាយគាត់នោះទេ ប៉ុន្តែនាងរក្សាចិត្តស្លូតបូត ហើយបង្ហាញការគោរពចំពោះគាត់។ (ពេត្រុសទី១ ៣:៤) ពេលនាងត្រូវនិយាយអំពីបញ្ហាណាមួយជាមួយគាត់ នាងត្រូវជ្រើសរើសពេលល្អ ហើយនិយាយជាមួយគាត់ដោយការគោរព។—អ្នកទូន្មាន ៣:៧
ចូរស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍
«បុរសត្រូវ . . . នៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។—ដើមកំណើត ២:២៤
ពេលបុរសនិងស្ត្រីរៀបការជាមួយគ្នា ពួកគេបង្កើតចំណងដ៏ជិតស្និទ្ធមួយ។ ដូច្នេះ ប្ដីប្រពន្ធត្រូវតែខំប្រឹងរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេឲ្យរឹងមាំ ដោយនិយាយគ្នាអស់ពីចិត្ត ហើយបង្ហាញសេចក្ដីសប្បុរសសូម្បីតែក្នុងរឿងតូចតាចក៏ដោយ។ ពួកគេក៏ត្រូវតែស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ដោយមិនរួមភេទជាមួយអ្នកឯទៀត។ ការផិតក្បត់គឺជាទង្វើដ៏ឃោរឃៅ ដោយសារការធ្វើដូច្នេះបំផ្លាញទំនុកចិត្ត ហើយធ្វើឲ្យក្រុមគ្រួសារបែកបាក់គ្នា។—ហេប្រឺ ១៣:៤
ឪពុកម្ដាយទាំងឡាយ ចូរបង្ហាត់បង្រៀនកូនៗ
«ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ យ៉ាងនេះទោះជាគាត់មានអាយុច្រើនក៏ដោយ គាត់នឹងមិនចាកចេញពីផ្លូវនោះទេ»។—សុភាសិត ២២:៦
ព្រះបានផ្ដល់ភារកិច្ចដល់ឪពុកម្ដាយឲ្យបង្ហាត់បង្រៀនកូនៗរបស់ពួកគេ។ នេះរួមបញ្ចូលការបង្រៀនកូនៗអំពីរបៀបដែលពួកគេគួរប្រព្រឹត្ត ហើយទុកគំរូល្អឲ្យពួកគេ។ (ការបំភ្លឺច្បាប់ ៦:៦, ៧) ពេលកូនធ្វើខុស ឪពុកម្ដាយដែលមានប្រាជ្ញានឹងមិនប្រព្រឹត្តហួសហេតុពេក តែពួកគេ«រហ័សស្ដាប់ មិនរហ័សនិយាយ មិនរហ័សខឹង»វិញ។ (យ៉ាកុប ១:១៩) បើឪពុកម្ដាយត្រូវប្រដៅកូនៗ គាត់ត្រូវធ្វើដូច្នេះដោយសេចក្ដីស្រឡាញ់មិនមែនដោយកំហឹងនោះទេ។
កូនទាំងឡាយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ
«កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ . . . ‹ចូរគោរពឪពុកនិងម្ដាយរបស់អ្នក›»។—អេភេសូរ ៦:១, ២
កូនៗគួរស្ដាប់បង្គាប់ឪពុកម្ដាយ ហើយប្រព្រឹត្តចំពោះពួកគាត់ដោយការគោរពយ៉ាងជ្រាលជ្រៅ។ ពេលកូនៗគោរពឪពុកម្ដាយ នេះនាំឲ្យក្រុមគ្រួសារទាំងមូលមានអំណរក្រៃលែង និងមានសន្តិភាពជាមួយគ្នា។ កូនដែលធំពេញវ័យអាចបង្ហាញការគោរពចំពោះឪពុកម្ដាយ ដោយធ្វើឲ្យប្រាកដថាពួកគាត់ទទួលបានការថែទាំយ៉ាងល្អ។ នេះអាចរួមបញ្ចូល ការជួយថែទាំផ្ទះរបស់ពួកគាត់ ឬផ្ដល់ជំនួយឲ្យពួកគាត់ខាងលុយកាក់។—ធីម៉ូថេទី១ ៥:៣, ៤