ជំពូកទី១៤
ក្រុមគ្រួសារអ្នកអាចមានសុភមង្គលបាន
១, ២. តើព្រះយេហូវ៉ាចង់ឲ្យក្រុមគ្រួសារមានជីវិតបែបណា?
ព្រះយេហូវ៉ាជាអ្នករៀបចំឲ្យមានអាពាហ៍ពិពាហ៍ដំបូងបង្អស់។ គម្ពីរប្រាប់យើងថាលោកបានបង្កើតស្ត្រីដំបូង ហើយ‹នាំទៅឯអាដាម›។ ពេលនោះអាដាមសប្បាយចិត្តខ្លាំងដល់ម្ល៉េះរហូតដល់គាត់និយាយថា៖ «នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ»។ (លោកុប្បត្តិ ២:២២, ២៣) នេះប្រាប់យើងឲ្យដឹងថាព្រះយេហូវ៉ាចង់ឲ្យគូអាពាហ៍ពិពាហ៍មានសុភមង្គល។
២ ប៉ុន្តែគួរឲ្យស្ដាយណាស់ មនុស្សជាច្រើនមិនធ្លាប់មានសុភមង្គលក្នុងជីវិតគ្រួសារទេ។ យ៉ាងណាក្ដី ក្នុងគម្ពីរមានគោលការណ៍ជាច្រើនដែលនឹងជួយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារឲ្យមានសេចក្ដីសុខសាន្ត សាមគ្គីភាពនិងសុភមង្គល។—លូកា ១១:២៨
អ្វីដែលព្រះតម្រូវពីប្ដី
៣, ៤. (ក) តើប្ដីគួរប្រព្រឹត្តយ៉ាងណាទៅលើប្រពន្ធ? (ខ) ហេតុអ្វីជាការសំខាន់ដែលប្ដីនិងប្រពន្ធចេះអភ័យទោសឲ្យគ្នា?
៣ គម្ពីរចែងថាប្ដីល្អគួរប្រព្រឹត្តចំពោះប្រពន្ធដោយសេចក្ដីស្រឡាញ់និងការគោរព។ សូមអាន អេភេសូរ ៥:២៥-២៩។ ប្ដីនឹងប្រព្រឹត្តទៅលើប្រពន្ធតាមរបៀបដែលបង្ហាញសេចក្ដីស្រឡាញ់ជានិច្ច។ គាត់នឹងថែរក្សាការពារនាង ហើយមិនធ្វើអ្វីដែលនាំឲ្យនាងឈឺចាប់ខាងផ្លូវចិត្តនិងផ្លូវកាយឡើយ។
៤ ក៏ប៉ុន្តែ តើប្ដីគួរធ្វើអ្វីពេលដែលប្រពន្ធធ្វើខុស? គម្ពីរប្រាប់ប្ដីទាំងឡាយថា៖ «ចូរស្រឡាញ់ប្រពន្ធជានិច្ច ហើយកុំក្រេវក្រោធនឹងនាង»។ (កូឡុស ៣:១៩) ប្ដីគួរចាំថាខ្លួនក៏ធ្វើខុសដែរ។ បើអ្នកចង់ឲ្យព្រះអភ័យទោសឲ្យអ្នក នោះអ្នកត្រូវចេះអភ័យទោសឲ្យប្រពន្ធ។ (ម៉ាថាយ ៦:១២, ១៤, ១៥) ពេលប្ដីនិងប្រពន្ធសុខចិត្តអភ័យទោសឲ្យគ្នា នោះនឹងជួយពួកគេទាំងពីរនាក់ឲ្យមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។
៥. ហេតុអ្វីប្ដីគួរផ្ដល់កិត្ដិយសឲ្យប្រពន្ធ?
៥ ព្រះយេហូវ៉ាតម្រូវឲ្យប្ដីផ្ដល់កិត្ដិយសឲ្យប្រពន្ធ។ ប្ដីគួរគិតយ៉ាងហ្មត់ចត់អំពីសេចក្ដីត្រូវការរបស់ប្រពន្ធ។ នេះគឺជារឿងសំខាន់ណាស់ ពីព្រោះបើប្ដីមិនប្រព្រឹត្តល្អចំពោះប្រពន្ធទេ នោះព្រះយេហូវ៉ាប្រហែលជាមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់គាត់ឡើយ។ (ពេត្រុសទី១ ៣:៧) អ្វីដែលធ្វើឲ្យមនុស្សម្នាក់មានតម្លៃចំពោះព្រះយេហូវ៉ាគឺដោយសារគាត់ស្រឡាញ់លោក។ ដូច្នេះ លោកមិនលម្អៀងដោយស្រឡាញ់មនុស្សប្រុសច្រើនជាងមនុស្សស្រីឡើយ។
៦. តើប្ដីនិងប្រពន្ធជា«សាច់ឈាមតែមួយ»ក្នុងន័យអ្វី?
៦ លោកយេស៊ូបានពន្យល់ថាប្ដីនិងប្រពន្ធ«លែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ»។ (ម៉ាថាយ ១៩:៦) ពួកគេត្រូវស្មោះត្រង់ចំពោះគ្នា ហើយមិនត្រូវផិតក្បត់គ្នាឡើយ។ (សុភាសិត ៥:១៥-២១; ហេប្រឺ ១៣:៤) ប្ដីនិងប្រពន្ធគួរយកចិត្តទុកដាក់ក្នុងការបំពេញសេចក្ដីត្រូវការខាងផ្លូវភេទរបស់គ្នាទៅវិញទៅមក ដោយមិនគិតតែពីខ្លួនឯងនោះទេ។ (កូរិនថូសទី១ ៧:៣-៥) ប្ដីគួរចាំថា«គ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ តែគេតែងចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម»។ ដូច្នេះ ប្ដីគួរស្រឡាញ់ហើយថ្នាក់ថ្នមប្រពន្ធ។ សំខាន់ជាងនោះទៅទៀត ប្រពន្ធចង់ឲ្យប្ដីប្រព្រឹត្តដោយសប្បុរសនិងស្រឡាញ់នាង។—អេភេសូរ ៥:២៩
អ្វីដែលព្រះតម្រូវពីប្រពន្ធ
៧. ហេតុអ្វីក្រុមគ្រួសារត្រូវការប្រមុខ?
៧ ក្រុមគ្រួសារទាំងឡាយត្រូវការប្រមុខ ដើម្បីណែនាំសមាជិកម្នាក់ៗឲ្យចេះសហការគ្នាយ៉ាងល្អ។ ក្នុងគម្ពីរនៅកូរិនថូសទី១ ១១:៣ ចែងថា៖ «ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្តគឺព្រះ»។
៨. តើប្រពន្ធអាចបង្ហាញការគោរពដ៏ជ្រាលជ្រៅចំពោះប្ដីយ៉ាងដូចម្ដេច?
៨ ប្ដីគ្រប់រូបចេះធ្វើខុស។ ប៉ុន្តែ ពេលប្រពន្ធគាំទ្រការសម្រេចចិត្តរបស់ប្ដី ហើយសហការជាមួយនឹងគាត់ដោយស្ម័គ្រពីចិត្ត នោះក្រុមគ្រួសារទាំងមូលទទួលប្រយោជន៍។ (ពេត្រុសទី១ ៣:១-៦) គម្ពីរចែងថា៖ «ប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។ (អេភេសូរ ៥:៣៣) ចុះយ៉ាងណាបើប្ដីមិនមានជំនឿដូចប្រពន្ធ? នាងនៅតែត្រូវគោរពគាត់យ៉ាងជ្រាលជ្រៅ។ គម្ពីរប្រាប់ថា៖ «ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន ដើម្បីឲ្យប្ដីណាដែលមិនធ្វើតាមបណ្ដាំរបស់ព្រះ ក្លាយទៅជាអ្នកដែលធ្វើតាមវិញ តាមរយៈការប្រព្រឹត្តរបស់អ្នករាល់គ្នាដែលជាប្រពន្ធ ដោយមិនចាំបាច់ឲ្យអ្នករាល់គ្នាបញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ ពីព្រោះពួកគេឃើញដោយផ្ទាល់ភ្នែកនូវការប្រព្រឹត្តដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គួបផ្សំជាមួយនឹងការគោរពដ៏ជ្រាលជ្រៅ»។ (ពេត្រុសទី១ ៣:១, ២) គំរូល្អរបស់ប្រពន្ធអាចជួយប្ដីឲ្យយល់និងគោរពជំនឿរបស់នាង។
៩. (ក) តើប្រពន្ធគួរធ្វើយ៉ាងណាបើនាងមិនយល់ស្របនឹងប្ដី? (ខ) តើទីតុស ២:៤, ៥ មានឱវាទអ្វីខ្លះសម្រាប់ប្រពន្ធ?
៩ តើប្រពន្ធអាចធ្វើអ្វីពេលដែលនាងមិនយល់ស្របនឹងប្ដី? នាងគួរប្រាប់ទស្សនៈរបស់នាងតាមរបៀបដែលបង្ហាញការគោរពចំពោះគាត់។ ជាឧទាហរណ៍ សារ៉ាបាននិយាយអ្វីមួយដែលអាប្រាហាំមិនពេញចិត្ត យ៉ាងណាក្ដី ព្រះយេហូវ៉ាប្រាប់គាត់ថា៖ ‹ត្រូវស្ដាប់តាមនាង›។ (លោកុប្បត្តិ ២១:៩-១២) ប្ដីដែលជាគ្រិស្តសាសនិកកម្រនឹងធ្វើការសម្រេចចិត្តណាដែលប្រឆាំងនឹងគោលការណ៍ក្នុងគម្ពីរ។ ហេតុនេះ ប្រពន្ធគួរគាំទ្រប្ដី។ (សកម្មភាព ៥:២៩; អេភេសូរ ៥:២៤) ប្រពន្ធល្អនឹងមើលថែក្រុមគ្រួសារ។ (សូមអាន ទីតុស ២:៤, ៥) ពេលប្ដីនិងកូនឃើញការខំប្រឹងប្រែងរបស់នាងដើម្បីពួកគេ នោះពួកគេនឹងស្រឡាញ់ហើយគោរពនាងខ្លាំងជាងមុនទៅទៀត។—សុភាសិត ៣១:១០, ២៨
១០. តើគម្ពីរប្រាប់យ៉ាងណាអំពីការបែកលំនៅនិងការលែងលះ?
១០ ជួនកាលប្ដីប្រពន្ធសម្រេចចិត្តរស់នៅបែកគ្នា ឬលែងលះគ្នាភ្លាមៗ។ យ៉ាងណាក៏ដោយ គម្ពីរប្រាប់ថា៖ «ប្រពន្ធមិនគួរចុះចោលប្ដីឡើយ» ហើយថា៖ «ប្ដីមិនគួរចុះចោលប្រពន្ធ»ទេ។ (កូរិនថូសទី១ ៧:១០, ១១) ប៉ុន្តែ មានករណីខ្លះដែលពិបាកហួសហេតុពេកដែលប្ដីប្រពន្ធប្រហែលជាត្រូវបែកលំនៅគ្នា តែនេះគឺជារឿងធ្ងន់ធ្ងរណាស់។ ចុះយ៉ាងណាអំពីការលែងលះ? គម្ពីរបង្ហាញថាមានមូលហេតុតែមួយគត់ដែលអាចធ្វើដូច្នេះបាន គឺបើប្ដីឬប្រពន្ធបានរួមភេទជាមួយនឹងអ្នកដែលមិនមែនជាគូរបស់ខ្លួន។—ម៉ាថាយ ១៩:៩
អ្វីដែលព្រះតម្រូវពីឪពុកម្ដាយ
១១. តើកូនត្រូវការអ្វីខ្លាំងបំផុត?
១១ ឪពុកម្ដាយទាំងឡាយ សូមចំណាយពេលឲ្យបានច្រើនបំផុតជាមួយនឹងកូនរបស់អ្នក។ កូនៗត្រូវការអ្នក ខ្លាំងជាងអ្វីៗទាំងអស់។ កូនៗត្រូវការឲ្យអ្នកបង្រៀនពួកគេអំពីព្រះយេហូវ៉ា។—ចោទិយកថា ៦:៤-៩
១២. តើឪពុកម្ដាយគួរធ្វើអ្វីដើម្បីការពារកូន?
១២ ពិភពលោកសាថានកាន់តែអាក្រក់ទៅៗ ហើយមានមនុស្សខ្លះប្រហែលជាចង់ធ្វើបាបកូនរបស់យើង រហូតដល់បៀតបៀនកេរ្ដិ៍ខ្មាសរបស់កូនយើងទៀតផង។ ឪពុកម្ដាយខ្លះពិបាកនិយាយជាមួយនឹងកូនអំពីរឿងបែបនេះ។ ក៏ប៉ុន្តែ ឪពុកម្ដាយត្រូវព្រមានកូនរបស់ខ្លួនអំពីមនុស្សដូចនោះ ហើយបង្រៀនកូនអំពីរបៀបជៀសចេញពីពួកគេ។ ឪពុកម្ដាយទាំងឡាយ អ្នកត្រូវការពារកូនរបស់អ្នក។a—ពេត្រុសទី១ ៥:៨
១៣. តើឪពុកម្ដាយគួរបង្រៀនកូនយ៉ាងដូចម្ដេច?
១៣ ឪពុកម្ដាយមានភារកិច្ចបង្រៀនកូនឲ្យចេះប្រព្រឹត្តល្អ។ តើអ្នកអាចបង្រៀនកូនយ៉ាងដូចម្ដេច? កូនរបស់អ្នកត្រូវការការបង្ហាត់បង្រៀន ប៉ុន្តែអ្នកមិនគួរកែតម្រង់កូនដោយរិះគន់ ឬតាមរបៀបដែលសាហាវឃោរឃៅឡើយ។ (យេរេមា ៣០:១១) សូមកុំប្រដៅទូន្មានកូនពេលដែលអ្នកខឹង ពីព្រោះអ្នកមិនចង់ឲ្យពាក្យសម្ដីរបស់អ្នកប្រៀបដូចជា«ចាក់ដោយដាវ» ដែលធ្វើឲ្យកូនឈឺចិត្តនោះទេ។ (សុភាសិត ១២:១៨) សូមបង្រៀនកូនឲ្យយល់អំពីមូលហេតុដែលពួកគេត្រូវស្ដាប់បង្គាប់អ្នក (សូមមើលលេខ៣០ក្នុងកំណត់នៅចុងសៀវភៅ)។—អេភេសូរ ៦:៤; ហេប្រឺ ១២:៩-១១
អ្វីដែលព្រះតម្រូវពីកូន
១៤, ១៥. ហេតុអ្វីកូនគួរស្ដាប់បង្គាប់ឪពុកម្ដាយ?
១៤ លោកយេស៊ូតែងតែស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាបិតា សូម្បីតែនៅពេលពិបាក។ (លូកា ២២:៤២; យ៉ូហាន ៨:២៨, ២៩) ព្រះយេហូវ៉ាតម្រូវឲ្យកូនស្ដាប់បង្គាប់ឪពុកម្ដាយ។—អេភេសូរ ៦:១-៣
១៥ កូនទាំងឡាយ ទោះបីអ្នកមានអារម្មណ៍ថាពិបាកស្ដាប់បង្គាប់ឪពុកម្ដាយក៏ដោយ សូមចាំថាពេលដែលអ្នកធ្វើតាមបង្គាប់ពួកគាត់ នោះព្រះយេហូវ៉ានិងឪពុកម្ដាយរបស់អ្នកនឹងពេញចិត្តចំពោះអ្នក។b—សុភាសិត ១:៨; ៦:២០; ២៣:២២-២៥
១៦. (ក) តើតាមរបៀបណាសាថានព្យាយាមល្បួងប្អូនៗវ័យក្មេងឲ្យធ្វើអំពើអាក្រក់? (ខ) ហេតុអ្វីការជ្រើសរើសមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ាគឺសំខាន់ម្ល៉េះ?
១៦ មេកំណាចអាចប្រើមិត្តភក្ដិនិងមនុស្សវ័យក្មេងឯទៀតឲ្យល្បួងកូនធ្វើអ្វីមួយដែលខុស។ វាដឹងថាការបង្ខិតបង្ខំពីមនុស្សស្រករគ្នា អាចធ្វើឲ្យកូនពិបាកយកឈ្នះ។ ជាឧទាហរណ៍ កូនស្រីរបស់យ៉ាកុបឈ្មោះឌីណា នាងមានមិត្តភក្ដិដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ នេះនាំឲ្យនាងនិងក្រុមគ្រួសារនាងជួបបញ្ហាជាច្រើន។ (លោកុប្បត្តិ ៣៤:១, ២) បើមិត្តភក្ដិរបស់កូនមិនស្រឡាញ់ព្រះយេហូវ៉ាទេ នោះពួកគេអាចល្បួងកូនឲ្យធ្វើអ្វីដែលលោកស្អប់ ហើយនេះនឹងនាំឲ្យកូន ក្រុមគ្រួសារកូន ព្រមទាំងព្រះដែរ ទទួលរងនូវការឈឺចាប់។ (សុភាសិត ១៧:២១, ២៥) ហេតុនេះហើយគឺសំខាន់ណាស់ដែលកូនជ្រើសរើសមិត្តភក្ដិណាដែលស្រឡាញ់ព្រះយេហូវ៉ា។—កូរិនថូសទី១ ១៥:៣៣
ក្រុមគ្រួសារអ្នកអាចមានសុភមង្គលបាន
១៧. តើសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារមានតួនាទីអ្វី?
១៧ ពេលសមាជិកក្នុងក្រុមគ្រួសារធ្វើតាមការណែនាំរបស់ព្រះ ពួកគេអាចជៀសវាងពីបញ្ហាជាច្រើន។ ដូច្នេះ បើអ្នកជាប្ដី សូមស្រឡាញ់ប្រពន្ធ ហើយប្រព្រឹត្តល្អចំពោះនាង។ បើអ្នកជាប្រពន្ធ សូមគោរពនិងចុះចូលចំពោះប្ដី ហើយធ្វើតាមគំរូរបស់ប្រពន្ធដែលបានត្រូវរៀបរាប់នៅសុភាសិត ៣១:១០-៣១។ បើអ្នកជាឪពុកម្ដាយ សូមបង្រៀនកូនឲ្យស្រឡាញ់ព្រះ។ (សុភាសិត ២២:៦) បើអ្នកជាឪពុក សូមដឹកនាំក្រុមគ្រួសារឲ្យបាន«ល្អប្រសើរ»។ (ធីម៉ូថេទី១ ៣:៤, ៥; ៥:៨) បើអ្នកជាកូន សូមស្ដាប់បង្គាប់ឪពុកម្ដាយ។ (កូឡុស ៣:២០) សូមចាំថា សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារអាចធ្វើខុស ដូច្នេះសូមមានចិត្តរាបទាប និងចេះសុំការអភ័យទោស។ ពិតណាស់ ក្នុងគម្ពីរមានការណែនាំពីព្រះយេហូវ៉ាសម្រាប់សមាជិកទាំងអស់ក្នុងក្រុមគ្រួសារ។
a ស្តីអំពីរបៀបការពារកូន អ្នកអាចរកព័ត៌មានថែមទៀតក្នុងសៀវភៅសូមស្ដាប់គ្រូដ៏ល្អប្រសើរ ជំពូកទី៣២ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
b ក្នុងករណីដែលឪពុកម្ដាយឲ្យកូនធ្វើអ្វីណាមួយដែលបំពានច្បាប់ព្រះ នោះជាការត្រឹមត្រូវដែលកូនស្ដាប់បង្គាប់ព្រះជាជាងឪពុកម្ដាយក្នុងរឿងនោះ។—សកម្មភាព ៥:២៩