ជំពូកទី៦៧
ពួកគេចាប់ព្រះយេស៊ូពុំបាន
ពេលបុណ្យបារាំកំពុងតែប្រព្រឹត្តទៅនៅឡើយ នោះមេដឹកនាំសាសនាក៏ចាត់ពួកអាជ្ញាឲ្យទៅចាប់ព្រះយេស៊ូ។ តែព្រះយេស៊ូឥតបានគេចខ្លួនទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូបន្តបង្រៀនជាសាធារណៈ ដោយមានបន្ទូលថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្ដិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។
ពួកសាសន៍យូដាមិនយល់ទេ ដូច្នេះពួកគេក៏សួរគ្នីគ្នាថា៖ «តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ? តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី? ពាក្យដែលគាត់ថា‹អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ›ហើយថា«កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ»នេះ តើមានន័យដូចម្ដេច?»។ ប្រាកដហើយ ព្រះយេស៊ូកំពុងមានបន្ទូលអំពីការសោយទិវង្គតនិងការប្រោសឲ្យរស់ឡើងវិញ និងការយាងទៅស្ថានសួគ៌ជាកន្លែងដែលពួកសត្រូវរបស់ទ្រង់មិនអាចទៅបានឡើយ។
ថ្ងៃទីប្រាំពីរជាថ្ងៃចុងក្រោយបង្អស់នៃបុណ្យបារាំនេះក៏មកដល់។ រៀងរាល់ព្រឹកនៃពិធីបុណ្យនេះ សង្ឃម្នាក់បានយកទឹកពីស្រះស៊ីឡូមមកចាក់បង្ហូរទៅក្រោមអាសនៈ។ ព្រះយេស៊ូប្រហែលជារំឭកមនុស្សនូវកិច្ចការប្រចាំថ្ងៃដែលពួកគេគួរតែធ្វើនោះ ដោយឧទានប្រកាសឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ! អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ»។
តាមការពិត ព្រះយេស៊ូកំពុងមានបន្ទូលអំពីលទ្ធផលដ៏អស្ចារ្យ ពេលដែលវិញ្ញាណបរិសុទ្ធត្រូវចាក់មកនោះ។ នៅឆ្នាំជាបន្ទាប់ នឹងមានការចាក់វិញ្ញាណបរិសុទ្ធនៅបុណ្យថ្ងៃទី៥០។ នៅពេលនោះ គឺមានទឹករស់ហូរចេញមក ពេលដែលសិស្ស១២០នាក់ចាប់ផ្ដើមបំរើមនុស្ស។ ប៉ុន្តែមុនពេលនោះ គឺគ្មានវិញ្ញាណបរិសុទ្ធក្នុងន័យថា មិនទាន់មានសិស្សណាម្នាក់របស់ព្រះគ្រីស្ទដែលបានត្រូវចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ ហើយត្រូវអញ្ជើញឲ្យទទួលជីវិតនៅស្ថានសួគ៌នោះនៅឡើយទេ។
អ្នកខ្លះដែលតបឆ្លើយនឹងការបង្រៀនរបស់ព្រះយេស៊ូ នោះចាប់ផ្ដើមនិយាយថា៖ «លោកនេះ ពិតប្រាកដជាហោរានោះហើយ» យ៉ាងជាក់ស្តែងនេះគឺសំដៅទៅព្យាការីដែលធំជាងលោកម៉ូសេ ដែលបានសន្យាថានឹងមកនោះ។ អ្នកខ្លះទៀតពោលថា៖ «នេះជាព្រះគ្រីស្ទហើយ»។ ក៏ប៉ុន្តែ មនុស្សខ្លះទៀតតវ៉ាថា៖ «ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ? តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬ?»។
ដូច្នេះហើយក៏មានការទាស់ទែងខ្វែងគំនិតគ្នាក្នុងចំណោមហ្វូងមនុស្ស។ មានអ្នកខ្លះចង់ឲ្យគេចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ទ្រង់ឡើយ។ នៅពេលដែលពួកអាជ្ញាត្រឡប់ទៅវិញ ដោយមិនបាននាំព្រះយេស៊ូមកជាមួយនោះ ពួកសង្គ្រាជនិងពួកផារីស៊ីសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?»។
ពួកអាជ្ញាឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។
ពួកមេដឹកនាំសាសនាមានកំហឹងយ៉ាងខ្លាំង រហូតដល់ចំអកមើលងាយ និយាយមួលបង្កាច់ ថែមទាំងស្តីបន្ទោសពួកអាជ្ញាទាំងនោះទៀតផង។ ពួកគេនិយាយមើលងាយថា៖ «អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ? តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ? ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្ដាសាវិញ»។
ចំណែកឯលោកនីកូដេម ដែលជាពួកផារីស៊ីហើយជាអ្នកគ្រប់គ្រងសាសន៍យូដាម្នាក់ដែរ(គឺជាសមាជិកម្នាក់នៃក្រុមប្រឹក្សាជាន់ខ្ពស់) គាត់ហ៊ាននិយាយគាំទ្រព្រះយេស៊ូដោយអង់អាច។ អ្នកអាចនៅចាំបានមួយឆ្នាំកន្លះមុននេះ លោកនីកូដេមបានទៅរកព្រះយេស៊ូនៅពេលយប់ និងបានសម្ដែងជំនឿរបស់គាត់ចំពោះទ្រង់។ ឥឡូវនេះ លោកនីកូដេមនិយាយថា៖ «តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចម្លើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬ?»។
ពួកផារីស៊ីកាន់តែខឹងឡើងនឹងលោកនីកូដេមដែលនៅក្នុងក្រុមរបស់ពួកគេ តែបែរជាហ៊ាននិយាយគាំទ្រព្រះយេស៊ូទៅវិញ។ ពួកគេនិយាយយ៉ាងម៉ាត់ៗទៅលោកថា៖ «តើលោកមកពីស្រុកកាលីឡេដែរឬ? ចូរពិចារណាមើលចុះ! ឥតដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ»។
ទោះជាបទគម្ពីរមិនចែងយ៉ាងចំៗថា មានព្យាការីម្នាក់ពីស្រុកកាលីឡេក៏ដោយ ពួកគេក៏អាចបញ្ជាក់ថាព្រះគ្រីស្ទគឺមកពីស្រុកនោះ ដោយព្រោះពួកគេនិយាយថា«ពន្លឺយ៉ាងធំ»នឹងឃើញពីតំបន់នោះ។ ម្យ៉ាងវិញទៀត ព្រះយេស៊ូបានប្រសូតនៅភូមិបេថ្លេហិម ហើយទ្រង់ជារាជ្យវង្សរបស់ដាវីឌ។ ថ្វីបើពួកផារីស៊ីប្រហែលបានដឹងអំពីរឿងនេះក៏ដោយ ពួកគេទំនងជាពួកដែលមិននិយាយសេចក្ដីពិតអំពីព្រះយេស៊ូទេ។ យ៉ូហាន ៧:៣២-៥២; អេសាយ ៩:១, ២; ម៉ាថាយ ៤:១៣-១៧
▪ រៀងរាល់ព្រឹកក្នុងពិធីបុណ្យនេះ តើការងារអ្វីដែលពួកសង្ឃត្រូវធ្វើនោះ? ហើយតើព្រះយេស៊ូបានលើករឿងនេះប្រាប់ដល់ហ្វូងមនុស្សតាមរបៀបណា?
▪ ហេតុអ្វីបានជាពួកអាជ្ញាចាប់ព្រះយេស៊ូមិនបាន? តើពួកមេដឹកនាំសាសនាតបឆ្លើយយ៉ាងដូចម្ដេច?
▪ តើលោកនីកូដេមជាអ្នកណា? តើលោកមានអាកប្បកិរិយាយ៉ាងណាចំពោះព្រះយេស៊ូ? ហើយតើពួកផារីស៊ីឯទៀតប្រព្រឹត្តយ៉ាងណាទៅលើលោក?
▪ តើមានទីសំអាងអ្វីដែលថា ព្រះគ្រីស្ទមានដើមកំណើតនៅស្រុកកាលីឡេនោះ?