ជំពូកទី១២៣
«មើលចុះ! មនុស្សនេះហើយ!»
លោកពីឡាត់បានស្ងើចនឹងចរិយារបស់ព្រះយេស៊ូ ហើយលោកដឹងថាទ្រង់គ្មានទោសទេ លោកក៏រកវិធីផ្សេងទៀតដើម្បីដោះលែងទ្រង់ដែរ។ លោកប្រាប់ពួកបណ្ដាជនថា៖ «អ្នករាល់គ្នាមានទំលាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នានៅវេលាបុណ្យរំលង»។
បារ៉ាបាសដែលជាឃាតករដ៏ល្បីម្នាក់ ក៏បានជាប់គុកដែរ ដូច្នេះលោកពីឡាត់សួរថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ?»។
ដោយពួកសង្គ្រាជបានញុះញង់ហើយបានបញ្ចេះបណ្ដាជន នោះនាំឲ្យបណ្ដាជនសូមដោះលែងបារ៉ាបាសវិញ តែត្រូវធ្វើគុតព្រះយេស៊ូ។ លោកពីឡាត់មិនអស់ចិត្ត ក៏សួរម្ដងទៀតថា៖ «ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា?»។
ពួកគេស្រែកឡើងថា៖ «សូមលែងបារ៉ាបាសចុះ!»។
លោកពីឡាត់ស្រឡាំងកាំងជាខ្លាំងក៏សួរពួកគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ?»។
ពួកគេស្រែកឡើងទាំងអស់គ្នាថា៖ «ចូរ[ព្យួរ]វាទៅ!» «ចូរ[ព្យួរ]វាទៅ!» «ឲ្យ[ព្យួរ]វាទៅ!»។
លោកពីឡាត់ដឹងថា បណ្ដាជនទាមទារឲ្យសម្លាប់បុរសគ្មានទោសនេះ នោះលោកអង្វរថា៖ «តើមនុស្សនេះបានធ្វើអាក្រក់អ្វី? ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ»។
ទោះជាលោកពីឡាត់ខំប្រឹងរកហេតុផលយ៉ាងណាក៏ដោយ ក៏បណ្ដាជនដែលត្រូវពួកមេដឹកនាំសាសនាបញ្ចេះនោះ នៅតែនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ចូរ[ព្យួរ]វាទៅ!»។ ពួកសង្ឃបញ្ចេះឲ្យបណ្ដាជនបង្កភាពវឹកវរ ថែមទាំងបណ្ដាជនក៏ចង់ឃើញការបង្ហូរឈាមដែរ។ ហើយបើគិតមើលទៅ គឺគ្រាន់តែប្រាំថ្ងៃមុននេះ ដែលអ្នកខ្លះក្នុងចំណោមពួកគេ គឺប្រហែលជានៅក្នុងចំណោមអស់អ្នកដែលទទួលស្វាគមន៍ព្រះយេស៊ូ ពេលទ្រង់យាងចូលក្រុងយេរូសាឡិមជាស្តេច! ទន្ទឹមនឹងនេះ ចំពោះពួកសិស្សរបស់ព្រះយេស៊ូ បើពួកគេមានវត្តមាននៅទីនោះដែរ គឺពួកគេបានត្រឹមតែនៅស្ងៀម និងខំបន្លំខ្លួនកុំឲ្យគេស្គាល់ប៉ុណ្ណោះ។
កាលលោកពីឡាត់ឃើញថា ការអង្វរកររបស់លោកអត់មានប្រយោជន៍ទេ ហើយថែមទាំងកើតមានចលាចលកាន់តែខ្លាំងឡើងផងនោះ លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងពោលថា៖ «ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ!»។ ភ្លាមនោះ ប្រជាជនក៏ឆ្លើយឡើងថា៖ «ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា នឹងកូនចៅរបស់យើងចុះ!»។
ជាជាងធ្វើអ្វីដែលលោកដឹងថាជាត្រឹមត្រូវនោះ លោកពីឡាត់ក៏បំពេញចិត្តបណ្ដាជន ដោយដោះលែងបារ៉ាបាសតាមការទាមទាររបស់ពួកគេ។ លោកឲ្យគេយកព្រះយេស៊ូទៅដោះសំលៀកបំពាក់ចេញ និងឲ្យគេវាយវាត់នឹងខ្សែតី។ នេះមិនមែនជាការវាយវាត់នឹងខ្សែតីធម្មតាទេ។ ទស្សនាវដ្ដីមួយខាងផ្នែកវេជ្ជសាស្ត្របានរៀបរាប់ នូវរបៀបដែលពួករ៉ូមវាយវាត់នឹងខ្សែតីថា:
«តាមធម្មតាគេប្រើខ្សែតីខ្លី ធ្វើពីខ្សែស្បែកសត្វវេញជាមួយនឹងគ្រាប់ដែកមូលតូចៗ ឬកំទេចឆ្អឹងចៀមមុតៗតំរៀបតៗគ្នា។ . . . កាលពួកទាហានរ៉ូមវាយខ្នងជនរងគ្រោះពេញទំហឹងម្ដងហើយម្ដងទៀត នោះគ្រាប់ដែកមូលតូចៗក៏ធ្វើឲ្យក្រំក្នុងសាច់ ហើយខ្សែស្បែកសត្វនិងឆ្អឹងចៀមមុតចូលទៅក្នុងស្បែកនិងជាលិកាក្រោមស្បែក។ រួចមក ពេលគេវាយតទៅទៀត សាច់ក៏រយះដល់សាច់ដុំជាប់ឆ្អឹង ទៅជាចម្រៀកៗចេញឈាមហូររហាច»។ (The Journal of the American Medical Association)
ក្រោយពីគេវាយទ្រង់ដោយឈឺចាប់យ៉ាងខ្លាំងរួចហើយ នោះពួកគេនាំព្រះយេស៊ូទៅក្នុងសាលាជំនុំរបស់អភិបាល ហើយពួកទាហានទាំងអស់ប្រមូលគ្នីគ្នាមកចោមរោមទ្រង់។ ពួកទាហានជេរប្រមាថមើលងាយទ្រង់ថែមទៀត ដោយក្រងភួងបន្លាបំពាក់លើព្រះសិរសាទ្រង់។ ពួកគេយកដើមត្រែងមកដាក់ក្នុងព្រះហស្តស្ដាំឲ្យទ្រង់កាន់ ហើយយកអាវពណ៌ស្វាយមកបំពាក់ថ្វាយទ្រង់។ អាវបែបនេះជាធម្មតាមានតែត្រកូលស្តេចទេទើបពាក់បាន។ រួចពួកគេពោលចំអកថា៖ «ថ្វាយបង្គំស្តេចសាសន៍យូដា»។ ហើយពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភ័ក្ដ្រទ្រង់និងទះកំផ្លៀងទ្រង់។ ពួកគេយកដើមត្រែងដ៏រឹងនោះពីព្រះហស្តរបស់ទ្រង់ មកវាយព្រះសិរសាទ្រង់ដែលពាក់ដោយភួងបន្លាគួរឲ្យអាម៉ាស់ខ្មាស ហើយការវាយនោះធ្វើឲ្យបន្លាពីភួងមុតចូលទៅក្នុងស្បែកក្បាលទៀត។
ព្រះយេស៊ូសម្ដែងនូវភាពថ្លៃថ្នូរនិងរឹងមាំពេលប្រឈមមុខនឹងការធ្វើបាបនេះ ដែលធ្វើឲ្យលោកពីឡាត់ស្ងើចជាខ្លាំងណាស់ ហើយនេះបានជំរុញឲ្យលោកខំសាកម្ដងទៀតដើម្បីដោះលែងព្រះយេស៊ូ។ លោកប្រាប់បណ្ដាជនថា៖ «មើល! ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ»។ លោកប្រហែលជាគិតថា បើបណ្ដាជនឃើញព្រះយេស៊ូដែលកំពុងរងនឹងទារុណកម្មដ៏សាហាវបែបនោះ នឹងធ្វើឲ្យពួកគេមានចិត្តអាណិតអាសូរជាមិនខាន។ កាលដែលព្រះយេស៊ូឈរនៅពីមុខហ្វូងមនុស្សដ៏គ្មានចិត្តមេត្ដានេះ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយ ដែលមានឈាមហូរស្រាក់ៗយ៉ាងឈឺចាប់ពីព្រះភ័ក្ដ្ររបស់ទ្រង់ នោះលោកពីឡាត់ប្រកាសថា៖ «មើលចុះ! មនុស្សនេះហើយ!»។
ទោះជាឈឺចុកចាប់ដោយត្រូវគេវាយក៏ដោយ បុរសដែលឈរនេះ គឺជាបុគ្គលដ៏អស្ចារ្យជាងគេក្នុងប្រវត្ដិសាស្ត្រ ដែលពិតជាបុរសម្នាក់ឧត្តមបំផុតដែលធ្លាប់រស់នៅ! ត្រូវហើយ ព្រះយេស៊ូបង្ហាញនូវសេចក្ដីថ្លៃថ្នូរនិងចិត្តស្ងប់ ដែលបញ្ជាក់នូវភាពឧត្តមដែលសូម្បីតែលោកពីឡាត់ក៏ទទួលស្គាល់ដែរ ដ្បិតពាក្យរបស់លោក តាមមើលទៅបង្កប់ទៅដោយសេចក្ដីគោរពនិងភាពអាណិតអាសូរ។ យ៉ូហាន ១៨:៣៩–១៩:៥; ម៉ាថាយ ២៧:១៥-១៧, ២០-៣០; ម៉ាកុស ១៥:៦-១៩; លូកា ២៣:១៨-២៥
▪ តើលោកពីឡាត់ចង់ដោះលែងព្រះយេស៊ូតាមរបៀបណា?
▪ តើលោកពីឡាត់ខំរកមធ្យោបាយដើម្បីបានរួចខ្លួនពីការទទួលខុសត្រូវយ៉ាងដូចម្ដេច?
▪ តើការវាយវាត់នឹងខ្សែតី គឺខ្លាំងប៉ុនណា?
▪ តើគេប្រមាថមើលងាយព្រះយេស៊ូយ៉ាងណា ក្រោយពេលគេវាយវាត់ទ្រង់នឹងខ្សែតីហើយនោះ?
▪ តើលោកពីឡាត់ខំសាកល្បងដោះលែងព្រះយេស៊ូយ៉ាងណាទៀត?