ជំពូកទី១៩
«ប្រាជ្ញានៃព្រះនៅក្នុងសេចក្ដីអាថ៌កំបាំងមួយដ៏ពិសិដ្ឋ»
១, ២. តើយើងគួរចាប់អារម្មណ៍ទៅលើ«សេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋ»អ្វី? ហើយហេតុអ្វី?
រឿងអាថ៌កំបាំង! ដោយព្រោះរឿងអាថ៌កំបាំងធ្វើឲ្យមនុស្សចង់ដឹងចង់ឃើញ ទាក់ទាញអារម្មណ៍យ៉ាងខ្លាំង និងមានចម្ងល់ នោះមនុស្សពិបាកលាក់ណាស់។ ក៏ប៉ុន្តែ ព្រះគម្ពីរចែងថា៖ «ការដែលលាក់បំបាំងន័យសេចក្ដី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ»។ (សុភាសិត ២៥:២) ពិតណាស់ ក្នុងនាមជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតនិងជាអ្នកបង្កើត គឺជាការត្រឹមត្រូវណាស់ដែលព្រះយេហូវ៉ាទុករឿងខ្លះជាអាថ៌កំបាំងមិនឲ្យមនុស្សជាតិដឹងទាល់តែមកដល់ពេលកំណត់របស់ទ្រង់ ទើបទ្រង់សម្ដែងឲ្យយល់។
២ ប៉ុន្តែ មានអាថ៌កំបាំងមួយគួរឲ្យចាប់អារម្មណ៍ចង់ដឹងចង់ឮណាស់ដែលព្រះយេហូវ៉ាបានសម្ដែងឲ្យយល់ក្នុងព្រះបន្ទូលរបស់ទ្រង់។ អាថ៌កំបាំងនេះហៅថា៖«សេចក្ដីអាថ៌កំបាំង[«ដ៏ពិសិដ្ឋ», ព.ថ.]នៃព្រះហឫទ័យ[ព្រះ]»។ (អេភេសូរ ១:៩) ការរៀនអំពីអាថ៌កំបាំងនេះមិនគ្រាន់តែបំពេញសេចក្ដីចង់ដឹងចង់ឮរបស់យើងប៉ុណ្ណោះទេ។ ចំណេះអំពីអាថ៌កំបាំងនេះអាចនាំទៅដល់សេចក្ដីសង្គ្រោះ ថែមទាំងអាចហុចឱកាសឲ្យយល់ខ្លះៗអំពីប្រាជ្ញារបស់ព្រះយេហូវ៉ាដែលវាស់ស្ទង់ពុំបាន។
ត្រូវបានសម្ដែងឲ្យយល់ជាបណ្ដើរៗ
៣, ៤. តើទំនាយនៅលោកុប្បត្តិ ៣:១៥ធ្វើឲ្យមានសេចក្ដីសង្ឃឹមដូចម្ដេច? ក្នុងទំនាយនេះ តើអ្វីទៅដែលជារឿងសម្ងាត់ឬក៏‹អាថ៌កំបាំងដ៏ពិសិដ្ឋ›?
៣ គោលបំណងរបស់ព្រះយេហូវ៉ាគឺឲ្យមានផែនដីមនោរម្យពេញទៅដោយមនុស្សគ្រប់ល័ក្ខណ៍ តែនៅពេលអ័ដាមនិងអេវ៉ាធ្វើបាបនោះ មើលទៅប្រហែលដូចជាគោលបំណងរបស់ទ្រង់ត្រូវបានគេរាំងស្កាត់ហើយ។ ប៉ុន្តែភ្លាមៗនោះ ព្រះបានរៀបចំដំណោះស្រាយសំរាប់បញ្ហានេះ។ ទ្រង់មានបន្ទូលថា៖‹យើងនឹងធ្វើឲ្យឯង[ពស់]ហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ›។—លោកុប្បត្តិ ៣:១៥
៤ ពាក្យបន្ទូលនេះជាពាក្យសម្ងាត់ពិបាកយល់ណាស់។ តើស្ត្រីនេះជាអ្នកណា? តើពស់ជាអ្នកណា? តើ«ពូជ»ដែលនឹងកិនក្បាលពស់ជាអ្នកណា? អ័ដាមនិងអេវ៉ាមិនអាចដឹងទេ។ យ៉ាងណាក៏ដោយ កូនចៅណាដែលស្មោះភក្ដីរបស់គូប្ដីប្រពន្ធមិនស្មោះភក្ដីនេះ បានមានសេចក្ដីសង្ឃឹមដោយសារពាក្យបន្ទូលរបស់ព្រះ។ សេចក្ដីសុចរិតនឹងឈ្នះជាមិនខាន។ គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច។ ប៉ុន្តែ តើនឹងសម្រេចយ៉ាងដូចម្ដេច? គឺចម្លើយចំពោះសំនួរនេះឯងដែលជារឿងសម្ងាត់! ព្រះគម្ពីរហៅរឿងសម្ងាត់នោះថា៖«ប្រាជ្ញានៃព្រះនៅក្នុងសេចក្ដីអាថ៌កំបាំងមួយដ៏ពិសិដ្ឋវិញ គឺជាប្រាជ្ញាលាក់កំបាំង»។—កូរិនថូសទី១ ២:៧, ព.ថ.
៥. សូមប្រាប់ឧទាហរណ៍អំពីមូលហេតុដែលព្រះយេហូវ៉ាបានសម្ដែងឲ្យយល់អាថ៌កំបាំងរបស់ទ្រង់ជាបណ្ដើរៗ។
៥ ក្រោយមក ក្នុងនាមជា‹ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង› ព្រះយេហូវ៉ាបានបញ្ចេញឲ្យយើងដឹងសេចក្ដីល្អិតល្អន់សំខាន់ៗដែលទាក់ទងនឹងបែបបទនៃអាថ៌កំបាំងនេះ។ (ដានីយ៉ែល ២:២៨) ប៉ុន្តែ ទ្រង់សម្ដែងឲ្យដឹងបន្ដិចម្ដងៗជាបណ្ដើរៗ។ ជាឧទាហរណ៍ សូមគិតអំពីរបៀបឪពុកដែលមានសេចក្ដីស្រឡាញ់តបឆ្លើយនៅពេលកូនប្រុសតូចរបស់គាត់សួរថា៖«ពុកអើយ! តើខ្ញុំកើតមកពីណា?»។ ឪពុកដែលមានប្រាជ្ញានឹងពន្យល់តែពត៌មានដែលកូនតូចរបស់គាត់អាចយល់បាន។ កាលកូនធំទៅៗ ឪពុកប្រាប់ថែមទៀត។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាសម្ដែងឲ្យយល់ព្រះហឫទ័យនិងគោលបំណងរបស់ទ្រង់នៅពេលដែលទ្រង់ពិចារណាឃើញថា រាស្ត្ររបស់ទ្រង់មានសមត្ថភាពគ្រប់គ្រាន់អាចយល់បាន។—សុភាសិត ៤:១៨; ដានីយ៉ែល ១២:៤
៦. (ក) តើកិច្ចព្រមព្រៀងឬកិច្ចសន្យាត្រូវធ្វើឡើងក្នុងបំណងអ្វី? (ខ) ហេតុអ្វីគួរឲ្យកត់សម្គាល់ដែលព្រះយេហូវ៉ាផ្ដើមធ្វើកិច្ចព្រមព្រៀងជាមួយមនុស្ស?
៦ តើព្រះយេហូវ៉ាបានសម្ដែងឲ្យយល់អាថ៌កំបាំងនេះយ៉ាងដូចម្ដេច? ទ្រង់ប្រើកិច្ចព្រមព្រៀងឬកិច្ចសន្យាមួយចំនួនដើម្បីសម្ដែងឲ្យយល់បានច្រើន។ ពីមុនអ្នកប្រហែលជាធ្លាប់ចុះកិច្ចសន្យាដើម្បីទិញផ្ទះ ខ្ចីលុយគេ ឬឲ្យអ្នកដទៃខ្ចីលុយក៏មិនដឹង។ កិច្ចសន្យាទាំងនេះធានាថាភាគីទាំងពីរនឹងគោរពល័ក្ខខ័ណ្ឌក្នុងកិច្ចសន្យា។ ប៉ុន្តែ តើហេតុអ្វីបានជាព្រះយេហូវ៉ាចាំបាច់ធ្វើកិច្ចព្រមព្រៀងឬកិច្ចសន្យាជាផ្លូវការជាមួយនឹងមនុស្សជាតិ? ពេលដែលទ្រង់មានបន្ទូល នោះច្បាស់ជាគ្រប់គ្រាន់ដើម្បីធានាឲ្យទ្រង់គោរពតាមពាក្យសន្យាហើយ មែនទេ? គឺគ្រប់គ្រាន់ពិតមែន។ យ៉ាងណាក៏ដោយ ជាច្រើនគ្រាព្រះនៅតែបានបង្ហាញសេចក្ដីសប្បុរសដោយធ្វើកិច្ចសន្យាដែលមានសុពលភាពតាមផ្លូវច្បាប់ ដើម្បីបញ្ជាក់បន្ថែមថាទ្រង់នឹងគោរពពាក្យសន្យា។ កិច្ចសន្យាទាំងនេះដែលមិនអាចទៅជាមោឃៈនោះ ធ្វើឲ្យយើងដែលជាមនុស្សជាតិឥតគ្រប់ល័ក្ខណ៍មានទីសំអាងរឹងមាំថែមទៀតសំរាប់ការជឿជាក់ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។—ហេព្រើរ ៦:១៦-១៨
កិច្ចព្រមព្រៀងជាមួយអ័ប្រាហាំ
៧, ៨. (ក) តើអ្វីជាកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយអ័ប្រាហាំ? តើកិច្ចព្រមព្រៀងនេះបញ្ចាំងពន្លឺទៅលើសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋយ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាបានបញ្ជាក់ឲ្យដឹងជាបណ្ដើរៗនូវវង្សត្រកូលរបស់ពូជសន្យាដោយដូចម្ដេច?
៧ ជាង២.០០០ឆ្នាំក្រោយមនុស្សជាតិត្រូវបណ្ដេញចេញពីសួនមនោរម្យ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ័ប្រាហាំ អ្នកបំរើស្មោះភក្ដីរបស់ទ្រង់ថា៖‹យើងនឹងឲ្យពរដល់អ្នក ហើយនឹងចំរើនពូជអ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ . . . គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជអ្នក ពីព្រោះអ្នកបានស្ដាប់តាមពាក្យយើង›។ (លោកុប្បត្តិ ២២:១៧, ១៨) នេះមិនមែនជាសេចក្ដីសន្យាធម្មតាទេ។ ព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីសន្យានេះមានលំនាំជាកិច្ចព្រមព្រៀងតាមផ្លូវច្បាប់ និងបានធានាកិច្ចព្រមព្រៀងនេះដោយសម្បថរបស់ទ្រង់ដែលពុំអាចបំពានបានឡើយ។ (លោកុប្បត្តិ ១៧:១, ២; ហេព្រើរ ៦:១៣-១៥) ពិតជាអស្ចារ្យណាស់! ព្រះអម្ចាស់មហាក្សត្រចង់ចុះកិច្ចសន្យាប្រទានពរមកលើមនុស្សជាតិ!
‹យើងនឹងឲ្យពរដល់អ្នក ហើយនឹងចំរើនពូជអ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ›
៨ កិច្ចព្រមព្រៀងអ័ប្រាហាំបានសម្ដែងឲ្យដឹងថា ពូជសន្យានឹងប្រសូតមកជាមនុស្សជាតិ ដ្បិតពូជនោះត្រូវជាកូនចៅអ័ប្រាហាំ។ ប៉ុន្តែ តើពូជសន្យានោះនឹងជាអ្នកណា? ក្រោយមក ព្រះយេហូវ៉ាបានសម្ដែងឲ្យដឹងថា ក្នុងចំណោមកូនប្រុសៗរបស់អ័ប្រាហាំ អ៊ីសាកនឹងទៅជាបុព្វបុរសរបស់ពូជសន្យា។ ហើយក្នុងចំណោមកូនប្រុសពីរនាក់របស់អ៊ីសាក គឺយ៉ាកុបត្រូវព្រះជ្រើសរើស។ (លោកុប្បត្តិ ២១:១២; ២៨:១៣, ១៤) ក្រោយមក ពីចំណោមកូនប្រុស១២នាក់របស់យ៉ាកុប យ៉ាកុបបានទាយអំពីកូនម្នាក់ថា៖«ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងរបស់អ្នកចេញបញ្ជានឹងមិនចេញពីកណ្ដាលព្រះជង្ឃទ្រង់ដែរ ដរាបដល់ស៊ីឡូ[«ជារបស់ផងទ្រង់»]មកដល់ ហើយបណ្ដាជនទាំងឡាយនឹងស្ដាប់បង្គាប់ទ្រង់»។ (លោកុប្បត្តិ ៤៩:១០, ព.ថ.) ទំនាយនេះសម្ដែងឲ្យដឹងថាពូជសន្យានឹងធ្វើជាស្តេចពីវង្សត្រកូលយូដា!
កិច្ចព្រមព្រៀងជាមួយសាសន៍អ៊ីស្រាអែល
៩, ១០. (ក) តើព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងអ្វីនឹងសាសន៍អ៊ីស្រាអែល? តើក្រិត្យវិន័យនោះបានការពារពួកគេយ៉ាងដូចម្ដេច? (ខ) តើក្រិត្យវិន័យបានបង្ហាញថាមនុស្សត្រូវការតម្លៃលោះយ៉ាងដូចម្ដេច?
៩ នៅឆ្នាំ១៥១៣មុនស.យ. ព្រះយេហូវ៉ារៀបចំអ្វីមួយដែលបើកផ្លូវឲ្យមានការសម្ដែងឲ្យយល់ថែមទៀតអំពីសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋ។ ទ្រង់ធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងសាសន៍អ៊ីស្រាអែលដែលត្រូវជាកូនចៅរបស់អ័ប្រាហាំ។ ទោះជាកិច្ចព្រមព្រៀងខាងក្រិត្យវិន័យលោកម៉ូសេបានទៅជាមោឃៈនៅឥឡូវនេះក៏ដោយ តែនោះជាផ្នែកដ៏ចាំបាច់នៃគោលបំណងរបស់ព្រះយេហូវ៉ាចំពោះការប្រសូតពូជសន្យា។ តើយ៉ាងដូចម្ដេច? សូមពិចារណាមូលហេតុបីយ៉ាង។ ទីមួយ ក្រិត្យវិន័យនោះដូចជាជញ្ជាំងការពារនៅព័ទ្ធជុំវិញសាសន៍អ៊ីស្រាអែល។ (អេភេសូរ ២:១៤) ច្បាប់ដ៏សុចរិតទាំងប៉ុន្មានដែលមានក្នុងនោះ គឺដូចជារបាំងមួយនៅកណ្ដាលសាសន៍យូដានិងសាសន៍ដទៃ។ ហេតុនេះ ក្រិត្យវិន័យបានជួយរក្សាត្រកូលរបស់ពូជសន្យា។ ដូច្នេះ នៅពេលកំណត់របស់ព្រះមកដល់ឲ្យព្រះមេស្ស៊ីកើតក្នុងកុលសម្ព័ន្ធយូដា នោះនៅតែមានសាសន៍អ៊ីស្រាអែលដដែលដោយសារការការពារនេះ។
១០ ទីពីរ ក្រិត្យវិន័យនោះបង្ហាញជាក់ច្បាស់ថាមនុស្សត្រូវការតម្លៃលោះ។ ដោយសារក្រិត្យវិន័យនោះគឺគ្រប់ល័ក្ខណ៍ នេះបង្ហាញឲ្យឃើញថាមនុស្សមានបាបខ្វះសមត្ថភាពកាន់តាមយ៉ាងពេញលេញ។ ដូច្នេះក្រិត្យវិន័យនេះបាន«បង្ហាញអំពើទុច្ចរិតរបស់មនុស្ស . . . រហូតទាល់តែពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យា យាងមកដល់»។ (កាឡាទី ៣:១៩, ខ.ស.) តាមរយៈការថ្វាយសត្វជាដង្វាយ ក្រិត្យវិន័យបានផ្ដល់វិធីជាបណ្ដោះអាសន្នសំរាប់ការដោះបាប។ ប៉ុន្តែ ដោយព្រោះ«ឈាមគោឈ្មោល នឹងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ»ដូចប៉ុលបានសរសេរនោះ ដង្វាយទាំងនេះតំណាងយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ (ហេព្រើរ ១០:១-៤) ដូច្នេះ សំរាប់ជនជាតិយូដាស្មោះភក្ដី កិច្ចព្រមព្រៀងនេះបំរើជា«អ្នកដឹកនាំ . . . ទៅដល់ព្រះគ្រីស្ទ»។—កាឡាទី ៣:២៤
១១. តើអ្វីជាឯកសិទ្ធិដ៏រុងរឿងដែលសាសន៍អ៊ីស្រាអែលមានលទ្ធភាពទទួលតាមរយៈកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ? តែតើសាសន៍ទាំងមូលបែរជាបាត់បង់លទ្ធភាពទទួលឯកសិទ្ធិនោះយ៉ាងដូចម្ដេច?
១១ ទីបី កិច្ចព្រមព្រៀងនេះផ្ដល់លទ្ធភាពឲ្យសាសន៍អ៊ីស្រាអែលទទួលឯកសិទ្ធិមួយដ៏រុងរឿង។ ព្រះយេហូវ៉ាបានមានបន្ទូលថា បើសាសន៍អ៊ីស្រាអែលនៅស្មោះត្រង់ចំពោះកិច្ចព្រមព្រៀង ពួកគេនឹងធ្វើជា«នគរ . . . ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធ»។ (និក្ខមនំ ១៩:៥, ៦) គឺជាការពិតមែនដែលនៅទីបំផុត សមាជិកដំបូងនៃព្រះរាជាណាចក្រស្ថានសួគ៌ដែលសុទ្ធតែជាសង្ឃ គឺជាជនជាតិអ៊ីស្រាអែលខាងសាច់ឈាម។ ក៏ប៉ុន្តែ សាសន៍អ៊ីស្រាអែលទូទៅបានបះបោរប្រឆាំងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ បានបដិសេធព្រះមេស្ស៊ីដែលជាពូជសន្យា ហើយបានបាត់បង់នូវលទ្ធភាពទទួលឯកសិទ្ធិដ៏រុងរឿងនោះ។ ដូច្នេះ តើសាសន៍ណានឹងបំពេញចំនួនសមាជិកនៃព្រះរាជាណាចក្រដែលសុទ្ធតែជាសង្ឃ? ហើយតើសាសន៍ដែលមានពរនេះនឹងមានទំនាក់ទំនងអ្វីនឹងពូជសន្យា? សេចក្ដីល្អិតល្អន់ទាំងនេះអំពីសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋត្រូវសម្ដែងឲ្យយល់ក្រោយមកនៅពេលកំណត់របស់ព្រះ។
កិច្ចព្រមព្រៀងព្រះរាជាណាចក្រជាមួយដាវីឌ
១២. តើអ្វីជាកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងដាវីឌ? តើនេះបញ្ចាំងពន្លឺបំភ្លឺឲ្យយល់នូវសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះយ៉ាងដូចម្ដេច?
១២ នៅសតវត្សទី១១មុនស.យ. ព្រះយេហូវ៉ាបានបញ្ចាំងពន្លឺថែមទៀតដើម្បីជួយឲ្យយល់នូវសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋនេះ នៅពេលទ្រង់ធ្វើកិច្ចព្រមព្រៀងមួយទៀត។ ទ្រង់បានសន្យាដល់ស្តេចដាវីឌដ៏ស្មោះត្រង់ថា៖‹យើងនឹងតាំងពូជពង្សអ្នក . . . ហើយយើងនឹងតាំងរាជ្យគាត់ឲ្យខ្ជាប់ខ្ជួនឡើង . . . យើងនឹងតាំងបល្ល័ង្កនៃរាជ្យគាត់ឲ្យនៅស្ថិតស្ថេរជាដរាបទៅ›។ (សាំយូអែលទី២ ៧:១២, ១៣; ទំនុកដំកើង ៨៩:៣) ឥឡូវពូជសន្យាត្រូវបញ្ជាក់ថាមកពីវង្សត្រកូលដាវីឌ។ ប៉ុន្តែ តើមនុស្សជាតិធម្មតាម្នាក់អាចគ្រប់គ្រង«ជាដរាប»បានទេ? (ទំនុកដំកើង ៨៩:២០, ២៩, ៣៤-៣៦) ហើយតើស្តេចមួយអង្គដែលជាមនុស្សជាតិម្នាក់អាចសង្គ្រោះមនុស្សពីបាបនិងសេចក្ដីស្លាប់បានឬទេ?
១៣, ១៤. (ក) យោងទៅតាមទំនុកដំកើង១១០ តើព្រះយេហូវ៉ាសន្យាអ្វីចំពោះស្តេចចាក់ប្រេងតាំងរបស់ទ្រង់? (ខ) តើមានការសម្ដែងឲ្យយល់អ្វីទៀតស្តីអំពីការយាងមកនៃពូជសន្យាតាមរយៈពួកព្យាការីរបស់ព្រះយេហូវ៉ា?
១៣ ក្រោមអានុភាពពីវិញ្ញាណបរិសុទ្ធ ដាវីឌបានសរសេរថា៖‹ព្រះយេហូវ៉ាទ្រង់មានបន្ទូល ដល់ព្រះអម្ចាស់នៃទូលបង្គំថា៖ ចូរឲ្យអ្នកអង្គុយនៅខាងស្ដាំយើង ទាល់តែយើងដាក់ពួកខ្មាំងសត្រូវអ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក។ ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាអ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក! ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ›។ (ទំនុកដំកើង ១១០:១, ៤) ពាក្យបន្ទូលរបស់ដាវីឌសំដៅយ៉ាងចំៗទៅលើពូជសន្យា ឬថាព្រះមេស្ស៊ី។ (កិច្ចការ ២:៣៥, ៣៦) ស្តេចនេះនឹងគ្រប់គ្រងពីស្ថានសួគ៌នៅ«ខាងស្ដាំ»ព្រះយេហូវ៉ា មិនមែននៅយេរូសាឡិមទេ។ នេះបានន័យថា ទ្រង់មានអំណាចគ្រប់គ្រងលើផែនដីទាំងមូល មិនគ្រាន់តែលើទឹកដីអ៊ីស្រាអែលប៉ុណ្ណោះទេ។ (ទំនុកដំកើង ២:៦-៨) មានអ្វីមួយទៀតដែលត្រូវសម្ដែងឲ្យយល់ក្នុងខនេះ។ សូមកត់សម្គាល់ថា ព្រះយេហូវ៉ាបានមានបន្ទូលស្បថថា ព្រះមេស្ស៊ីនឹង‹ជាសង្ឃ . . . តាមរបៀបលោកម៉ិលគីស្សាដែក!›។ ដូចលោកម៉ិលគីស្សាដែក ដែលបំរើជាស្តេចនិងជាសង្ឃនៅសម័យអ័ប្រាហាំ ពូជសន្យានឹងត្រូវតែងតាំងដោយព្រះតែម្ដង ឲ្យបំរើជាស្តេចនិងជាសង្ឃ!—លោកុប្បត្តិ ១៤:១៧-២០
១៤ ក្នុងប៉ុន្មានឆ្នាំក្រោយមក ព្រះយេហូវ៉ាប្រើពួកព្យាការីរបស់ទ្រង់ដើម្បីសម្ដែងឲ្យយល់អ្វីថែមទៀតអំពីសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ទ្រង់។ ជាឧទាហរណ៍ អេសាយបានសម្ដែងឲ្យយល់ថាពូជសន្យានឹងត្រូវស្លាប់ទុកជាដង្វាយ។ (អេសាយ ៥៣:៣-១២) មីកាបានទាយអំពីទីកន្លែងដែលព្រះមេស្ស៊ីនឹងប្រសូតមក។ (មីកា ៥:១) ដានីយ៉ែលបានទាយយ៉ាងច្បាស់លាស់អំពីពេលកំណត់ដែលពូជសន្យានឹងលេចមកថែមទាំងពេលដែលស្លាប់។—ដានីយ៉ែល ៩:២៤-២៧
អាថ៌កំបាំងដ៏ពិសិដ្ឋត្រូវបើកសម្ដែងហើយ!
១៥, ១៦. (ក) តើរាជបុត្រារបស់ព្រះយេហូវ៉ាបាន«ចាប់កំណើតនឹងស្ត្រី»យ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូបានទទួលអ្វីពីមាតាបិតារបស់ទ្រង់ដែលជាមនុស្សជាតិ? តើទ្រង់បានយាងមកជាពូជសន្យានៅពេលណា?
១៥ របៀបទំនាយទាំងនេះនឹងសម្រេចជាអាថ៌កំបាំងមួយ ទាល់តែពូជសន្យាបានលេចមុខ។ កាឡាទី ៤:៤ ចែងថា៖«លុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី»។ នៅឆ្នាំ២មុនស.យ. ទេវតាមួយរូបបានប្រាប់ស្រីក្រមុំបរិសុទ្ធសាសន៍យូដាម្នាក់ឈ្មោះម៉ារាថា៖«មើល! នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា‹យេស៊ូវ›។ បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ។ . . . ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្ដានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល។ ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»។—លូកា ១:៣១, ៣២, ៣៥
១៦ ក្រោយមក ព្រះយេហូវ៉ាបានផ្ទេរព្រះជន្មរបស់រាជបុត្រាទ្រង់ដាក់ក្នុងស្បូនម៉ារា ដើម្បីឲ្យរាជបុត្រាទ្រង់ប្រសូតចេញពីស្ត្រី។ ម៉ារាជាមនុស្សឥតគ្រប់ល័ក្ខណ៍។ ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លងភាពឥតគ្រប់ល័ក្ខណ៍ពីម៉ារាទេ ដ្បិតទ្រង់ជា«ព្រះរាជបុត្រានៃព្រះ»។ ម្យ៉ាងទៀត ដោយសារមាតាបិតារបស់ព្រះយេស៊ូជាមនុស្សជាតិស្ថិតក្នុងវង្សត្រកូលដាវីឌ នោះព្រះយេស៊ូមានសិទ្ធិស្នងរាជ្យពីដាវីឌដោយសារជាប់សាច់ឈាមដាវីឌ និងក៏មានសិទ្ធិតាមច្បាប់ដែរ។ (កិច្ចការ ១៣:២២, ២៣) នៅពេលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ២៩ស.យ. ព្រះយេហូវ៉ាចាក់ប្រេងតាំងទ្រង់ដោយវិញ្ញាណបរិសុទ្ធនិងមានបន្ទូលថា៖‹នេះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់›។ (ម៉ាថាយ ៣:១៦, ១៧) នៅទីបំផុត ពូជសន្យាបានលេចខ្លួនហើយ! (កាឡាទី ៣:១៦) នោះជាពេលដែលត្រូវសម្ដែងឲ្យយល់ថែមទៀតអំពីសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋ។—ធីម៉ូថេទី២ ១:១០
១៧. តើមានការបំភ្លឺអ្វីស្តីអំពីអត្ថន័យនៃលោកុប្បត្តិ ៣:១៥?
១៧ ក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់ ព្រះយេស៊ូបានបញ្ជាក់អត្តសញ្ញាណនៃពស់នៅលោកុប្បត្តិ ៣:១៥ ថានោះជាសាតាំងនិងពូជរបស់វាគឺជាអ្នកកាន់តាមសាតាំង។ (ម៉ាថាយ ២៣:៣៣; យ៉ូហាន ៨:៤៤) ក្រោយមក មានការបើកសម្ដែងឲ្យដឹងថាពស់និងពូជវានឹងត្រូវបំផ្លាញចោលទាំងអស់ឲ្យសាបសូន្យ។ (វិវរណៈ ២០:១-៣, ១០, ១៥) ហើយអត្តសញ្ញាណស្ត្រីត្រូវបានបញ្ជាក់ជា«ក្រុងយេរូសាឡិមដែលនៅស្ថានលើ» ឬអង្គការស្ថានសួគ៌របស់ព្រះយេហូវ៉ាដែលមានសមាសភាពជាបុគ្គលវិញ្ញាណដែលចុះចូលចំពោះទ្រង់ប្រៀបដូចជាភរិយា។a—កាឡាទី ៤:២៦; វិវរណៈ ១២:១-៦
កិច្ចព្រមព្រៀងថ្មី
១៨. តើ‹កិច្ចព្រមព្រៀងថ្មី›នេះធ្វើឡើងក្នុងបំណងអ្វី?
១៨ ប្រហែលជាមានការសម្ដែងឲ្យយល់ដ៏អស្ចារ្យបំផុតកើតឡើងនៅយប់មុនព្រះយេស៊ូសោយទិវង្គត និងមានបន្ទូលប្រាប់សិស្សស្មោះភក្ដីរបស់ទ្រង់អំពី«សញ្ញាថ្មី»។ (លូកា ២២:២០) សញ្ញាថ្មីឬកិច្ចព្រមព្រៀងថ្មីនេះក៏នឹងនាំមកនូវ«នគរ . . . ដែលសុទ្ធតែជាសង្ឃ» ដូចជាកិច្ចព្រមព្រៀងខាងក្រិត្យវិន័យលោកម៉ូសេពីមុន។ (និក្ខមនំ ១៩:៦; ពេត្រុសទី១ ២:៩) ក៏ប៉ុន្តែ កិច្ចព្រមព្រៀងនេះមិនបានរៀបចំសំរាប់សាសន៍មួយខាងសាច់ឈាមឡើយ តែជាសាសន៍មួយខាងវិញ្ញាណគឺ«អ៊ីស្រាអែលនៃព្រះ» ដែលមានសមាសភាពសុទ្ធតែពួកអ្នកចាក់ប្រេងតាំងដ៏ស្មោះភក្ដីរបស់ព្រះគ្រីស្ទ។ (កាឡាទី ៦:១៦) ភាគីដែលមានចំណែកក្នុងកិច្ចព្រមព្រៀងថ្មីនេះនឹងចូលរួមជាមួយព្រះយេស៊ូក្នុងការប្រទានពរមកលើមនុស្សជាតិ!
១៩. (ក) ហេតុអ្វីបានជាកិច្ចព្រមព្រៀងថ្មីអាចបង្កើត«នគរ . . . ដែលសុទ្ធតែជាសង្ឃ»បាន? (ខ) ហេតុអ្វីបានជាគ្រីស្ទានចាក់ប្រេងតាំងត្រូវហៅថា«ការបង្កើតថ្មី»? តើមានប៉ុន្មាននាក់នឹងបំរើជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌?
១៩ ប៉ុន្តែ ហេតុអ្វីបានជាកិច្ចព្រមព្រៀងថ្មីអាចបង្កើត«នគរ . . . ដែលសុទ្ធតែជាសង្ឃ»ដើម្បីប្រទានពរលើមនុស្សជាតិបាន? គឺដោយព្រោះកិច្ចព្រមព្រៀងថ្មីផ្ដល់លទ្ធភាពឲ្យបានការអត់ឱនទោសសំរាប់បាបរបស់សិស្សព្រះគ្រីស្ទតាមរយៈយញ្ញបូជារបស់ទ្រង់ ជាជាងផ្ដន្ទាទោសពួកគេជាអ្នកមានបាប។ (យេរេមា ៣១:៣១-៣៤) នៅពេលព្រះយេហូវ៉ាចាត់ទុកពួកគេជាមនុស្សសុចរិតរួចទៅហើយ និងទ្រង់ទទួលពួកគេចូលក្នុងក្រុមគ្រួសារស្ថានសួគ៌របស់ទ្រង់ថែមទាំងចាក់ប្រេងតាំងពួកគេដោយវិញ្ញាណបរិសុទ្ធ។ (រ៉ូម ៨:១៥-១៧; កូរិនថូសទី២ ១:២១) យ៉ាងនេះ ពួកគេត្រូវ‹បង្កើតឡើងជាថ្មីឲ្យបានសេចក្ដីសង្ឃឹមដ៏រស់បំរុងទុកនៅស្ថានសួគ៌›។ (ពេត្រុសទី១ ១:៣, ៤) ដោយព្រោះការទទួលតំណែងដ៏ខ្ពង់ខ្ពស់បែបនេះជាអ្វីដែលថ្មីពុំធ្លាប់មានសំរាប់មនុស្សជាតិ នោះគ្រីស្ទានចាក់ប្រេងតាំងដោយវិញ្ញាណត្រូវហៅថា«កើតជាថ្មី[ឬ«ការបង្កើតថ្មី», ព.ថ.]»។ (កូរិនថូសទី២ ៥:១៧) ព្រះគម្ពីរសម្ដែងឲ្យយល់ដឹងថា នៅទីបំផុត១៤៤.០០០នាក់នឹងចូលរួមគ្រប់គ្រងពីស្ថានសួគ៌មកលើមនុស្សជាតិដែលត្រូវបានប្រោសលោះ។—វិវរណៈ ៥:៩, ១០; ១៤:១-៤
២០. (ក) នៅឆ្នាំ៣៦ស.យ. តើមានការសម្ដែងឲ្យយល់យ៉ាងណាស្តីអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ? (ខ) តើអ្នកណានឹងទទួលពរដែលត្រូវសន្យាចំពោះអ័ប្រាហាំ?
២០ អ្នកចាក់ប្រេងតាំងទាំងនេះទៅជា«ពូជរបស់លោកអ័ប្រាហាំ»ជាមួយព្រះយេស៊ូដែរ។b (កាឡាទី ៣:២៩) អ្នកដំបូងដែលត្រូវបានជ្រើសរើសគឺជាសាសន៍យូដាខាងសាច់ឈាម។ ប៉ុន្តែ នៅឆ្នាំ៣៦ស.យ. លក្ខណៈមួយទៀតនៃសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋបានត្រូវសម្ដែងឲ្យយល់ គឺសាសន៍ដទៃក៏មានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែរ។ (រ៉ូម ៩:៦-៨; ១១:២៥, ២៦; អេភេសូរ ៣:៥, ៦) តើមានតែគ្រីស្ទានចាក់ប្រេងតាំងទេឬដែលទទួលពរដោយការសន្យាចំពោះអ័ប្រាហាំនោះ? អត់ទេ! ដ្បិតយញ្ញបូជាលោះរបស់ព្រះយេស៊ូផ្ដល់ផលប្រយោជន៍សំរាប់ពិភពលោកទាំងមូល។ (យ៉ូហានទី១ ២:២) ក្រោយមក ព្រះយេហូវ៉ាបានសម្ដែងឲ្យយល់ដឹងថា«មនុស្ស១ហ្វូងយ៉ាងធំ»ដែលគ្មានកំណត់នឹងរួចរស់ជីវិតផុតទីបញ្ចប់នៃរបបលោកីយ៍នេះ។ (វិវរណៈ ៧:៩, ១៤) មនុស្សជាច្រើនថែមទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនមនោរម្យ!—លូកា ២៣:៤៣; យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២០:១១-១៥; ២១:៣, ៤
ប្រាជ្ញារបស់ព្រះនិងសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋ
២១, ២២. តើសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះយេហូវ៉ាបង្ហាញប្រាជ្ញារបស់ទ្រង់យ៉ាងដូចម្ដេចខ្លះ?
២១ សេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋនេះបង្ហាញយ៉ាងអស្ចារ្យនូវ«ប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់»។ (អេភេសូរ ៣:៨-១០) ព្រះយេហូវ៉ាបានបង្ហាញប្រាជ្ញាដែលគួរឲ្យស្ញប់ស្ញែងណាស់ក្នុងការរៀបចំសេចក្ដីអាថ៌កំបាំងនេះ និងក្នុងការសម្ដែងឲ្យយល់បន្ដិចម្ដងៗ! ដោយសារទ្រង់មានប្រាជ្ញា ទ្រង់គិតដល់កំរិតសមត្ថភាពយល់ដឹងរបស់មនុស្សជាតិ និងអនុញ្ញាតឲ្យពួកគេបង្ហាញសន្ដានចិត្តពិតរបស់ពួកគេ។—ទំនុកដំកើង ១០៣:១៤
២២ ព្រះយេហូវ៉ាក៏បានបង្ហាញថាទ្រង់មានប្រាជ្ញាដែលប្រៀបផ្ទឹមពុំបានដោយសារទ្រង់ជ្រើសរើសព្រះយេស៊ូជាស្តេច។ រាជបុត្រារបស់ព្រះយេហូវ៉ាគួរឲ្យទុកចិត្តជាងបុគ្គលណាផ្សេងទៀតក្នុងសកលលោក។ ដោយសារព្រះយេស៊ូធ្លាប់រស់ជាមនុស្សជាតិ ទ្រង់បានឆ្លងកាត់ទុក្ខលំបាកច្រើនយ៉ាងណាស់។ ទ្រង់ជ្រាបយ៉ាងសព្វគ្រប់អំពីបញ្ហារបស់មនុស្សជាតិ។ (ហេព្រើរ ៥:៧-៩) ចុះអ្នកដែលគ្រប់គ្រងជាមួយព្រះយេស៊ូវិញ? រាប់សតវត្សកន្លងមកហើយ បុរសស្ត្រីពីគ្រប់សាសន៍ គ្រប់ភាសា និងគ្រប់មជ្ឈដ្ឋានបានត្រូវចាក់ប្រេងតាំង។ គ្មានបញ្ហាណាមួយដែលពួកគេមិនធ្លាប់ប្រឈមមុខហើយពុះពារជំនះនោះទេ។ (អេភេសូរ ៤:២២-២៤) នៅក្រោមការគ្រប់គ្រងរបស់ស្តេចនិងសង្ឃទាំងនេះដែលមានសេចក្ដីមេត្ដាករុណា នោះជីវិតរស់នៅរបស់យើងនឹងជាទីរីករាយណាស់!
២៣. តើពួកគ្រីស្ទានមានឯកសិទ្ធិអ្វីដែលទាក់ទងនឹងសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះយេហូវ៉ា?
២៣ សាវ័កប៉ុលបានសរសេរថា៖«សេចក្ដីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក . . . បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់»។ (កូល៉ុស ១:២៦) ពិតណាស់ អ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាយល់យ៉ាងច្រើនអំពីសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋ និងបានវិភាគប្រាប់ចំណេះនេះទៅដល់មនុស្សរាប់លាននាក់។ យើងទាំងអស់គ្នាពិតជាមានឯកសិទ្ធិមួយដ៏ប្រសើរថ្លៃថ្លាណាស់! ព្រះយេហូវ៉ាបាន«សំដែងឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំង[«ដ៏ពិសិដ្ឋ», ព.ថ.]នៃព្រះហឫទ័យទ្រង់»។ (អេភេសូរ ១:៩) សូមឲ្យយើងប្រាប់អ្នកឯទៀតអំពីសេចក្ដីអាថ៌កំបាំងដ៏អស្ចារ្យនេះ ហើយជួយពួកគេយល់ធ្លុះនូវប្រាជ្ញារបស់ព្រះយេហូវ៉ាដែលកំណត់មិនបាន!
a «សេចក្ដីអាថ៌កំបាំងរបស់សាសនា[ឬ«ការគោរពប្រតិបត្ដិដល់ព្រះ», ព.ថ.]»ក៏បានត្រូវសម្ដែងឲ្យយល់ដោយព្រះយេស៊ូដែរ។ (ធីម៉ូថេទី១ ៣:១៦) ចម្លើយចំពោះសំនួរថាតើមានអ្នកណាអាចរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍យ៉ាងល្អឥតខ្ចោះចំពោះព្រះយេហូវ៉ាបានឬក៏អត់ជាអាថ៌កំបាំងឬក៏រឿងសម្ងាត់មួយតាំងពីយូរមកហើយ។ ព្រះយេស៊ូបានសម្ដែងឲ្យឃើញនូវចម្លើយនេះ។ ទ្រង់បានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នៅចំពោះរាល់ការល្បងលពីសាតាំង។—ម៉ាថាយ ៤:១-១១; ២៧:២៦-៥០
b ព្រះយេស៊ូក៏បាន«ដំរូវនគរមួយ[ឬ«ធ្វើកិច្ចព្រមព្រៀងសំរាប់ព្រះរាជាណាចក្រមួយ», ព.ថ.]»ជាមួយក្រុមនេះដែរ។ (លូកា ២២:២៩, ៣០) បើនិយាយឲ្យចំទៅ ព្រះយេស៊ូបានចុះកិច្ចសន្យាជាមួយ«ហ្វូងតូច»នេះដើម្បីគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌ជាផ្នែកទីពីរនៃពូជរបស់អ័ប្រាហាំ។—លូកា ១២:៣២