ជំពូកទីម្ភៃ
ចូរទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា
១. ពេលដែលអ្នកបានរៀនមុនដំបូងអំពីការរំដោះចេញពីសេចក្ដីវេទនានៃរបបលោកីយ៍នេះ តើអ្នកមានអារម្មណ៍យ៉ាងណា?
អ្វីមួយដែលអ្នកបានរៀនមុនគេបង្អស់ពីព្រះគម្ពីរ គឺជាគោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ផែនដីនេះ ដែលទ្រង់នឹងធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនមនោរម្យ។ នៅក្នុងពិភពលោកថ្មីនោះ នឹងលែងមានសង្គ្រាម បទឧក្រិដ្ឋ ភាពក្រីក្រ ជំងឺ ការរងទុក្ខវេទនានិងសេចក្ដីស្លាប់ទៀតហើយ។ សូម្បីតែមនុស្សស្លាប់ក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន! អ្វីដែលបញ្ជាក់ថាសេចក្ដីសន្យាទាំងនេះជិតសម្រេច គឺភស្តុតាងដែលបង្ហាញថា វត្តមានរបស់ព្រះគ្រីស្ទដែលជាស្តេចគ្រប់គ្រងបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩១៤ ហើយតាំងពីពេលនោះមក យើងបានរស់នៅថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ នៅទីបញ្ចប់នៃថ្ងៃជាន់ក្រោយបង្អស់ នោះព្រះយេហូវ៉ានឹងកំទេចចោលរបបលោកីយ៍នេះ និងនាំពួកយើងចូលទៅក្នុងពិភពលោកថ្មីដែលបានត្រូវសន្យានោះ!
២. តើ«ថ្ងៃនៃព្រះយេហូវ៉ា»គឺជាអ្វី?
២ ព្រះគម្ពីរហៅគ្រានៃសេចក្ដីហិនវិនាសដែលនឹងត្រូវមកនោះ គឺជា‹ថ្ងៃនៃព្រះយេហូវ៉ា›។ (ពេត្រុសទី២ ៣:១០) នេះគឺជា«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»ប្រឆាំងនឹងលោកីយ៍ទាំងមូលរបស់សាតាំង។ (សេផានា ២:៣) ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់«ក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត . . . ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន» ដែល«អស់ទាំងស្តេចនៅផែនដីទាំងមូល»នឹងត្រូវកំទេចចោល។ (វិវរណៈ ១៦:១៤, ១៦) តើការរស់នៅរបស់អ្នកបង្ហាញនូវជំនឿស៊ប់ថា«ថ្ងៃនៃព្រះយេហូវ៉ា»គឺជិតមកដល់ហើយឬ?—សេផានា ១:១៤-១៨; យេរេមា ២៥:៣៣
៣. (ក) តើថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ពេលណា? (ខ) តើហេតុដែលព្រះយេហូវ៉ាមិនបានប្រាប់«ថ្ងៃ នឹងពេលកំណត់» ផ្ដល់ផលប្រយោជន៍យ៉ាងណា?
៣ ព្រះគម្ពីរឥតចែងប្រាប់យើងនូវថ្ងៃចំៗ អំពីពេលដែលព្រះយេស៊ូគ្រីស្ទនឹងយាងមកជាពេជ្ឈឃាតរបស់ព្រះយេហូវ៉ា ប្រឆាំងនឹងរបបលោកីយ៍របស់សាតាំងទេ។ ព្រះយេស៊ូមានបន្ទូលថា៖ «ឯត្រង់ថ្ងៃ នឹងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ»។ (ម៉ាកុស ១៣:៣២) បើមនុស្សណាម្នាក់ដែលពិតជាមិនស្រឡាញ់ព្រះយេហូវ៉ា នោះពួកគេនឹងរហ័សឈប់គិតអំពីថ្ងៃរបស់ទ្រង់ ហើយបែរជាខំស្វះស្វែងរកអ្វីៗខាងលោកីយ៍ទៅវិញ។ ប៉ុន្តែ អស់អ្នកដែលពិតជាស្រឡាញ់ព្រះយេហូវ៉ានឹងបំរើទ្រង់អស់ពីចិត្ត ទោះជាទីបញ្ចប់នៃរបបលោកីយ៍នេះមកដល់ពេលណាក៏ដោយ។—ទំនុកដំកើង ៣៧:៤; យ៉ូហានទី១ ៥:៣
៤. តើព្រះយេស៊ូព្រមានអំពីអ្វី?
៤ ដើម្បីជាការព្រមានដល់ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា នោះព្រះយេស៊ូមានបន្ទូលថា៖ «ចូរប្រុងប្រយ័ត ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ»។ (ម៉ាកុស ១៣:៣៣-៣៧) ទ្រង់ដាស់តឿនយើងកុំអនុញ្ញាតឲ្យការស៊ីផឹក ឬក៏«សេចក្ដីខ្វល់ខ្វាយនៅជីវិត»ជ្រាបចូលក្នុងចិត្តគំនិតរបស់យើងដល់ម្ល៉េះ ដែលយើងភ្លេចនូវគ្រាដ៏សំខាន់នេះ។—លូកា ២១:៣៤-៣៦; ម៉ាថាយ ២៤:៣៧-៤២
៥. ដូចជាពេត្រុសបានពន្យល់ តើថ្ងៃនៃព្រះយេហូវ៉ានឹងនាំឲ្យមានអ្វីខ្លះ?
៥ ស្រដៀងគ្នាដែរ ពេត្រុសក៏ទូន្មានយើងឲ្យទន្ទឹងចាំ«ថ្ងៃនៃព្រះ . . . ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ»។ រដ្ឋាភិបាលរបស់មនុស្សទាំងអស់ ដែលតំណាងជា«ផ្ទៃមេឃ» នឹងត្រូវកំទេចចោល ហើយសង្គមមនុស្សដ៏អាក្រក់ទូទៅ ដែលតំណាងដោយ«ផែនដី» និង«ធាតុសព្វសារពើ»ក៏នឹងត្រូវកំទេចចោលដែរ។ «ធាតុសព្វសារពើ»នោះគឺជាគំនិតនិងសកម្មភាពក្នុងលោកីយ៍ដ៏អាក្រក់នេះ ដូចជាគំនិតនៃការមិនពឹងពាក់លើព្រះ និងរបៀបរស់នៅដែលប្រកបដោយអំពើអសីលធម៌ ថែមទាំងយកវត្ថុទ្រព្យជាធំ។ «ផ្ទៃមេឃថ្មី[ព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌] នឹងផែនដីថ្មី[សង្គមថ្មីនៅផែនដី] ដែលមានសុទ្ធតែសេចក្ដីសុចរិត»នឹងត្រូវចូលមកជំនួសវិញ។ (ពេត្រុសទី២ ៣:១០-១៣) ព្រឹត្ដិការណ៍ដែលនឹងមានទូទាំងពិភពលោក នឹងចាប់ផ្ដើមភ្លាមមួយរំពេច នៅថ្ងៃនិងម៉ោងដែលមិនបានគិតទុកជាមុនឡើយ។—ម៉ាថាយ ២៤:៤៤
ចូរប្រុងប្រយ័ត្នពីទីសម្គាល់
៦. (ក) តើដល់កំរិតណាដែលចម្លើយរបស់ព្រះយេស៊ូចំពោះសំនួររបស់ពួកសិស្សបានសម្រេចចំពោះរបបលោកីយ៍សាសន៍យូដា? (ខ) តើផ្នែកណានៃចម្លើយរបស់ព្រះយេស៊ូ ដែលសំដៅទៅព្រឹត្ដិការណ៍ផ្សេងៗនិងចិត្តគំនិតរបស់មនុស្សចាប់ពីឆ្នាំ១៩១៤មក?
៦ ដោយដឹងថាយើងកំពុងតែរស់ក្នុងគ្រាណានោះ យើងគួរដឹងនូវពត៌មានល្អិតល្អន់អំពីទីសម្គាល់រួម ដែលប្រាប់អំពីថ្ងៃជាន់ក្រោយបង្អស់នៃ«គ្រាចុងបញ្ចប់នៃរបបលោកីយ៍»។ ចូរចាំថា ពេលដែលព្រះយេស៊ូបានឆ្លើយនូវសំនួររបស់ពួកសិស្ស ដែលបានកត់ទុកក្នុងម៉ាថាយ ២៤:៣ ពត៌មានដែលទ្រង់រៀបរាប់ពីខ៤ទៅខ២២ បានសម្រេចតែមួយកំរិតតូចប៉ុណ្ណោះចំពោះរបបសាសន៍យូដា ចន្លោះឆ្នាំ៣៣ទៅឆ្នាំ៧០ ស.យ.។ ប៉ុន្តែ ទំនាយនេះបានសម្រេចក្នុងកំរិតមួយធំជាង តាំងពីឆ្នាំ១៩១៤រហូតមកទល់សព្វថ្ងៃនេះ ជាគ្រានៃ‹វត្តមានរបស់ព្រះគ្រីស្ទនិងគ្រាចុងបញ្ចប់នៃរបបលោកីយ៍›។ ម៉ាថាយ ២៤:២៣-២៨ ប្រាប់យើងនូវអ្វីដែលកើតឡើងពីឆ្នាំ៧០ ស.យ.ទៅដល់គ្រានៃវត្តមានរបស់ព្រះគ្រីស្ទ។ ព្រឹត្ដិការណ៍ដែលបានរៀបរាប់នៅម៉ាថាយ ២៤:២៩–២៥:៤៦ នឹងកើតឡើងក្នុងកំឡុងនៃគ្រាចុងបញ្ចប់។
៧. (ក) ហេតុអ្វីក៏យើងផ្ទាល់គួរប្រុងប្រយ័ត្ននឹងព្រឹត្ដិការណ៍ដែលកំពុងតែសម្រេចក្នុងទីសម្គាល់នោះ? (ខ) សូមឆ្លើយនូវសំនួរក្នុងវគ្គនេះ ដោយបង្ហាញនូវរបៀបដែលទីសម្គាល់ត្រូវបានសម្រេចតាំងពីឆ្នាំ១៩១៤។
៧ យើងត្រូវមើលដោយប្រុងប្រយ័ត្ននូវព្រឹត្ដិការណ៍ដែលបានសម្រេចរួចហើយ ដែលមានក្នុងទីសម្គាល់នោះ។ ការយកព្រឹត្តការណ៍នេះមកប្រៀបធៀបនឹងទំនាយព្រះគម្ពីរ នឹងជួយយើងឲ្យទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា។ នេះក៏នឹងជួយយើងឲ្យចេះពន្យល់អ្នកដទៃយ៉ាងប៉ិនប្រសប់ ពេលដែលយើងព្រមានអ្នកដទៃអំពីកំរិតនៃការមកកាន់តែជិតនៃថ្ងៃនោះ។ (អេសាយ ៦១:១, ២) ដោយមានគោលបំណងបែបនេះ សូមឲ្យយើងពិនិត្យមើលសំនួរជាបន្តបន្ទាប់ ដែលបញ្ជាក់ផ្នែកនៃទីសម្គាល់នេះ ដូចបានកត់ទុកនៅម៉ាថាយ ២៤:៧ និងលូកា ២១:១០, ១១។
តើតាមរបៀបដ៏អស្ចារ្យណា ដែលទំនាយអំពី‹សាសន៍មួយទាស់នឹងសាសន៍មួយ ព្រះរាជាណាចក្រមួយទាស់នឹងព្រះរាជាណាចក្រមួយ› ត្រូវបានសម្រេចតាំងតែពីឆ្នាំ១៩១៤មកម្ល៉េះ? ស្តីអំពីសង្គ្រាម តើមានអ្វីកើតឡើងតាំងពីពេលនោះមក?
នៅឆ្នាំ១៩១៨ តើរោគរាតត្បាតអ្វីដែលសម្លាប់មនុស្សច្រើនជាងសង្គ្រាមលោកលើកទី១? ទោះជាមនុស្សមានចំណេះខ្ពង់ខ្ពស់ខាងវេជ្ជសាស្ត្រក៏ដោយ តើមានជំងឺអ្វីខ្លះដែលនៅតែសម្លាប់មនុស្សរាប់លាននាក់?
តើការខ្វះខាតម្ហូបអាហារមានអានុភាពយ៉ាងណាលើមនុស្ស ទោះជាមានការជឿនលឿនខាងវិទ្យាសាស្ត្រនៅសតវត្សមុនក៏ដោយ?
តើអ្វីដែលធ្វើឲ្យអ្នកជឿស៊ប់ថា ធីម៉ូថេទី២ ៣:១-៥, ១៣ គឺមិនមែនរៀបរាប់នូវស្ថានភាពនៃជីវិតដែលធ្លាប់មានតាំងពីដើមមកនោះទេ តែរៀបរាប់អំពីស្ថានភាពកាន់តែអាក្រក់ទៅៗដែលកំពុងតែមាន ពេលយើងរំកិលកាន់តែកៀកដល់ទីបញ្ចប់នៃថ្ងៃជាន់ក្រោយបង្អស់?
ការញែកមនុស្សចេញពីគ្នា
៨. (ក) តើមានអ្វីទៀតដែលរៀបរាប់នៅម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣ ដែលព្រះយេស៊ូភ្ជាប់នឹងគ្រាចុងបញ្ចប់នៃរបបលោកីយ៍? (ខ) តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូមានន័យយ៉ាងណា?
៨ គឺមានព្រឹត្ដិការណ៍ដ៏សំខាន់ឯទៀត ដែលព្រះយេស៊ូភ្ជាប់ជាមួយនឹងគ្រាចុងបញ្ចប់នៃរបបលោកីយ៍។ ព្រឹត្ដិការណ៍មួយគឺការញែក«អស់ទាំងមនុស្សរបស់នគរស្ថានសួគ៌»ចេញពី«អស់ទាំងមនុស្សរបស់អាកំណាច»។ ព្រះយេស៊ូបានមានបន្ទូលអំពីនេះក្នុងរឿងប្រៀបប្រដូចអំពីស្រែស្រូវសាលីដែលសត្រូវម្នាក់យកស្រងែសាបព្រោះលាយឡំចូលទៅក្នុងស្រែនោះ។ «ស្រូវសាលី»ក្នុងរឿងប្រៀបប្រដូចនេះ តំណាងពួកគ្រីស្ទានចាក់ប្រេងតាំងដ៏ពិត។ «ស្រងែ»គឺអស់អ្នកដែលអះអាងថាខ្លួនជាគ្រីស្ទាន តែបង្ហាញលក្ខណៈជា«មនុស្សរបស់អាកំណាច» ពីព្រោះពួកគេតែងធ្វើតាមលោកីយ៍ ដែលមានអារក្សជាមេគ្រប់គ្រងនោះ។ ពួកទាំងនេះត្រូវញែកចេញពី«អស់ទាំងមនុស្សរបស់នគរស្ថានសួគ៌» ហើយត្រូវគូសចំណាំទុកសំរាប់ទទួលសេចក្ដីហិនវិនាស។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) តើការញែកចេញពីគ្នានេះបានកើតឡើងរួចហើយឬនៅ?
៩. (ក) ក្រោយពីសង្គ្រាមលោកលើកទី១ តើកិច្ចការញែកចេញពីគ្នាដ៏ធំអ្វីចំពោះអស់អ្នកដែលអះអាងថាខ្លួនជាគ្រីស្ទាននោះ? (ខ) តើពួកគ្រីស្ទានចាក់ប្រេងតាំងផ្ដល់ភស្តុតាងយ៉ាងណាថា ពួកគេជាអ្នកបំរើដ៏ពិតនៃព្រះរាជាណាចក្រ?
៩ ក្រោយពីសង្គ្រាមលោកលើកទី១ គឺមានកិច្ចការញែកចេញពីគ្នាជាពីរក្រុមនៃអស់អ្នកដែលអះអាងថាខ្លួនជាគ្រីស្ទាន៖ (១) គណៈបព្វជិតនៃពិភពគ្រីស្ទសាសនានិងពួកអ្នកកាន់តាមគេ បានចេញមុខគាំទ្រអង្គការសម្ព័ន្ធប្រជាជាតិ (ឥឡូវនេះជាអង្គការសហប្រជាជាតិ) ថែមទាំងរក្សាភក្ដីភាពយ៉ាងស្មោះចំពោះជាតិរបស់គេរៀងៗខ្លួន និង (២) គ្រីស្ទានពិតក្នុងសម័យដដែលនោះ ដែលគាំទ្រព្រះរាជាណាចក្រនៃព្រះមេស្ស៊ីមិនបានគាំទ្រគ្រប់ទាំងសាសន៍ក្នុងលោកីយ៍នេះទេ។ (យ៉ូហាន ១៧:១៦) ពួកអ្នកទាំងនេះបង្ហាញថា ពួកគេជាអ្នកបំរើពិតរបស់ព្រះរាជាណាចក្រនៃព្រះ ដោយផ្សព្វផ្សាយ«ដំណឹងល្អនេះដែលសំដែងពីនគរ»នៅទូទាំងផែនដី។ (ម៉ាថាយ ២៤:១៤) តើមានលទ្ធផលអ្វីខ្លះ?
១០. តើអ្វីជាលទ្ធផលដំបូងនៃកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រ?
១០ មុនដំបូង មានការប្រមូលពួកសំណល់នៃពួកអ្នកចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ ដែលមានសេចក្ដីសង្ឃឹមរួមជាមួយព្រះគ្រីស្ទ ជាផ្នែកនៃព្រះរាជាណាចក្រនៅស្ថានសួគ៌។ ទោះជាពួកគេមកពីសាសន៍ផ្សេងៗក៏ដោយ តែពួកគេមានសាមគ្គីភាពជាអង្គការតែមួយ។ ការបោះត្រាចុងបញ្ចប់នៃពួកអ្នកចាក់ប្រេងតាំងគឺជិតដល់ហើយ។—វិវរណៈ ៧:៣, ៤
១១. (ក) តើកិច្ចការប្រមូលអ្វីដែលកំពុងតែមានជាបន្ត? ហើយតើនេះស្របនឹងបទទំនាយអ្វី? (ខ) តើការសម្រេចនូវបទទំនាយនេះបង្ហាញអំពីអ្វី?
១១ រួចមក ក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ ក៏មានការចាប់ផ្ដើមប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ . . . ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ ពួកអ្នកទាំងនេះជា«ចៀមឯទៀត» ដែលនឹងរួចរស់ជីវិតពី«សេចក្ដីវេទនាជាខ្លាំង»ចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ។ (វិវរណៈ ៧:៩, ១៤; យ៉ូហាន ១០:១៦) កិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះមុននឹងទីបញ្ចប់មកដល់ បានបន្តរហូតមកដល់សព្វថ្ងៃនេះ។ ដោយស្មោះត្រង់ នោះចៀមឯទៀតដែលជាមនុស្សមួយហ្វូងយ៉ាងធំ ឥឡូវមានចំនួនរាប់លាននាក់កំពុងជួយពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ក្នុងការប្រកាសសារដ៏សំខាន់នៃព្រះរាជាណាចក្រ។ សារនេះកំពុងតែផ្សព្វផ្សាយដល់មនុស្សគ្រប់សាសន៍។
តើអ្វីនឹងកើតឡើងនៅអនាគត?
១២. តើត្រូវមានកិច្ចការផ្សព្វផ្សាយដល់ណាទៀត មុននឹងថ្ងៃរបស់ព្រះយេហូវ៉ាមកដល់?
១២ ភស្តុតាងទាំងប៉ុន្មានខាងលើនេះ បង្ហាញថាយើងនៅជិតទីបញ្ចប់នៃថ្ងៃជាន់ក្រោយបង្អស់ ហើយថាថ្ងៃនៃព្រះយេហូវ៉ាគឺកាន់តែកៀកណាស់ហើយ។ ប៉ុន្តែ តើមានទំនាយឯទៀតដែលនឹងត្រូវសម្រេច មុននឹងថ្ងៃដ៏ស្ញប់ស្ញែងនេះចាប់ផ្ដើមឬទេ? គឺមានមែន!។ ដ្បិតកិច្ចការញែកចេញពីគ្នាលើរឿងព្រះរាជាណាចក្រ គឺមិនទាន់ចប់នៅឡើយទេ។ នៅកន្លែងខ្លះដែលធ្លាប់មានការប្រឆាំងយូរមកហើយ ឥឡូវនេះគឺមានពួកសិស្សថ្មីៗជាច្រើន។ តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា សូម្បីតែនៅកន្លែងដែលមនុស្សបដិសេធដំណឹងល្អក៏ដោយ ក៏យើងនៅតែទៅផ្សព្វផ្សាយដល់គេដែរ។ ដូច្នេះ សូមបន្តធ្វើកិច្ចការនេះចុះ! ព្រះយេស៊ូធានារ៉ាប់រងថា ពេលកិច្ចការនេះចប់ហើយ នោះទីបញ្ចប់ទើបមកដល់។
១៣. ដូចបានកត់ទុកនៅថែស្សាឡូនីចទី១ ៥:២, ៣ តើព្រឹត្ដិការណ៍ដ៏គួរឲ្យកត់សម្គាល់អ្វី ដែលមិនទាន់កើតឡើង? ហើយតើនេះមានន័យយ៉ាងណាចំពោះយើង?
១៣ បទទំនាយដ៏សំខាន់មួយទៀតក៏បានចែងប្រាប់ដែរថា៖ «ដ្បិតកាលណាគេកំពុងតែនិយាយថា‹មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ!› នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រី មានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ»។ (ថែស្សាឡូនីចទី១ ៥:២, ៣) យើងមិនដឹងនូវរបៀបដែលសេចក្ដីប្រកាសអំពី‹សន្ដិភាពនិងសន្ដិសុខ›នឹងត្រូវប្រកាសយ៉ាងណាទេ។ ប៉ុន្តែ នេះនឹងប្រាកដជាមិនមានន័យថា ពួកមេដឹកនាំក្នុងពិភពលោក ពិតជាបានដោះស្រាយបញ្ហារបស់មនុស្សជាតិបាននោះឡើយ។ ពួកអ្នកដែលទន្ទឹងចាំថ្ងៃរបស់ព្រះយេហូវ៉ា នឹងមិនត្រូវបំភាន់ដោយសេចក្ដីប្រកាសនោះឡើយ។ ពួកគេដឹងថាក្រោយពីនោះភ្លាម សេចក្ដីហិនវិនាសក៏នឹងមានភ្លាមដែរ។
១៤. តើនឹងមានព្រឹត្ដិការណ៍អ្វីក្នុងកំឡុងសេចក្ដីវេទនាជាខ្លាំង? ហើយតើនឹងមានលំដាប់ពេលយ៉ាងណា?
១៤ នៅទីចាប់ផ្ដើមនៃសេចក្ដីវេទនាជាខ្លាំងនេះ ពួកអ្នកគ្រប់គ្រងនឹងប្រឆាំងហើយកំទេចចោលបាប៊ីឡូនដ៏ធំ ដែលជាចក្រភពសាសនាមិនពិតទូទៅ។ (ម៉ាថាយ ២៤:២១; វិវរណៈ ១៧:១៥, ១៦) ក្រោយពីនោះ គ្រប់ទាំងសាសន៍នឹងប្រឆាំងអស់អ្នកដែលគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ា។ ទង្វើនេះធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យខ្ញាល់នឹងរដ្ឋាភិបាលលោកីយ៍ និងពួកគាំទ្រសាសន៍ទាំងនោះ ហើយនៅទីបំផុត ពួកគេនឹងទទួលសេចក្ដីហិនវិនាស។ សេចក្ដីវេទនាជាខ្លាំងនោះនឹងដល់កំរិតខ្ពស់បំផុតនៅសង្គ្រាមអើម៉ាគេដូន។ រួចមក សាតាំងនិងពួកបិសាចនឹងត្រូវជាប់ជង្ហុកធំ ពួកវានឹងលែងមានអានុភាពលើមនុស្សលោកទៀត។ នេះនឹងជាទីបញ្ចប់នៃថ្ងៃរបស់ព្រះយេហូវ៉ា ពេលព្រះនាមរបស់ទ្រង់នឹងត្រូវលើកដំកើង។—អេសេគាល ៣៨:១៨, ២២, ២៣; វិវរណៈ ១៩:១១–២០:៣
១៥. ហេតុអ្វីក៏មិនប្រកបដោយប្រាជ្ញា ដោយវែកញែកថាថ្ងៃនៃព្រះយេហូវ៉ា គឺនៅយូរទៀតនោះ?
១៥ ទីបញ្ចប់នៃរបបនេះនឹងកើតឡើងនៅចំពេលដែលស្របតាមកាលវិភាគរបស់ព្រះ នឹងមិនត្រូវពន្យារពេលឡើយ។ (ហាបាគុក ២:៣) ចូរចាំថា សេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមនៅឆ្នាំ៧០ ស.យ.បានកើតឡើងយ៉ាងលឿន ដែលពួកយូដាមិនបាននឹកស្មានដល់សោះ នៅពេលដែលពួកគេគិតថាផុតគ្រោះថ្នាក់ហើយ។ និងចុះយ៉ាងណាវិញចំពោះបាប៊ីឡូនពីបុរាណ? បាប៊ីឡូនពីបុរាណមានអំណាច មានទំនុកចិត្តលើខ្លួន និងបានត្រូវពង្រឹងដោយកំផែងយ៉ាងធំ។ ប៉ុន្តែ បាប៊ីឡូនបានត្រូវរលំក្នុងពេលតែមួយយប់ប៉ុណ្ណោះ។ ដូចគ្នាដែរ សេចក្ដីហិនវិនាសនឹងមកភ្លាមលើរបបលោកីយ៍ដ៏អាក្រក់នេះ។ ទំរាំដល់ពេលនេះកើតឡើង សូមឲ្យយើងបានរួបរួមក្នុងសាសនាពិតឲ្យហើយជាស្រេច ដោយទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា។
ការពិគ្រោះសាឡើងវិញ
• ហេតុអ្វីក៏សំខាន់ក្នុងការទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា? តើយើងអាចធ្វើដូច្នេះយ៉ាងណា?
• តើតាមរបៀបណាដែលកិច្ចការញែកមនុស្សចេញពីគ្នាដែលកំពុងតែកើតឡើង មានអានុភាពលើយើងម្នាក់ៗ?
• តើត្រូវមានអ្វីកើតឡើងមុនថ្ងៃនៃព្រះយេហូវ៉ាចាប់ផ្ដើម?ដូច្នេះតើយើងម្នាក់ៗត្រូវតែធ្វើអ្វី?
[រូបភាពនៅទំព័រ១៨០, ១៨១]
មិនយូរប៉ុន្មានទៀត ថ្ងៃជាន់ក្រោយបង្អស់នឹងត្រូវបញ្ចប់ ជាពេលដែលរបបលោកីយ៍របស់សាតាំងទទួលសេចក្ដីហិនវិនាស