មេរៀនទី៥
របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ
«ចូរបំពាក់ខ្លួនដោយ . . . សេចក្ដីសប្បុរស ចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តធ្ងន់»។—កូឡុស ៣:១២
អាពាហ៍ពិពាហ៍បង្កើតឲ្យមានក្រុមគ្រួសារថ្មី។ ទោះជាអ្នកតែងតែគោរពស្រឡាញ់ឪពុកម្ដាយរបស់អ្នកក្ដី តែក្រោយពេលអ្នករៀបការហើយ គូរបស់អ្នកត្រូវជាបុគ្គលសំខាន់បំផុតក្នុងជីវិតអ្នក។ នេះប្រហែលជាធ្វើឲ្យឪពុកម្ដាយរបស់អ្នកទាំងពីរពិបាកទទួលស្គាល់។ ប៉ុន្តែ គោលការណ៍គម្ពីរអាចជួយអ្នកឲ្យមានតុល្យភាព ពោលគឺអ្នកអាចរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយផង និងពង្រឹងក្រុមគ្រួសារថ្មីរបស់អ្នកផង។ គោលការណ៍ក្នុងអត្ថបទនេះ សំដៅទៅលើសាច់ញាតិទាំងអស់របស់ប្ដីប្រពន្ធ។
១ រក្សាទស្សនៈត្រឹមត្រូវចំពោះឪពុកម្ដាយ
គម្ពីររៀបរាប់ថា: «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»។ (អេភេសូរ ៦:២) មិនថាអ្នកមានអាយុប៉ុន្មានក៏ដោយ អ្នកត្រូវគោរពនិងឲ្យកិត្ដិយសឪពុកម្ដាយអ្នកជានិច្ច។ សូមទទួលស្គាល់ថា គូរបស់អ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះឪពុកម្ដាយគាត់ដូចគ្នាដែរ។ គម្ពីរចែងថា៖ «សេចក្ដីស្រឡាញ់មិនចេះច្រណែន»។ ដូច្នេះ សូមកុំបារម្ភថា បើគូរបស់អ្នកយកចិត្តទុកដាក់ចំពោះឪពុកម្ដាយរបស់គាត់ នោះគាត់នឹងភ្លេចអ្នកឡើយ។—កូរិនថូសទី១ ១៣:៤; កាឡាទី ៥:២៦
សូមសាកធ្វើតាមយោបល់នេះ:
សូមជៀសវាងពីការនិយាយបំផ្លើសថា«ក្រុមគ្រួសាររបស់បងតែងតែមើលងាយអូន» ឬ«បងធ្វើអ្វីក៏មិនដែលត្រូវចិត្តម្ដាយអូនដែរ»
សូមព្យាយាមយល់ទស្សនៈរបស់គូអ្នក
២ ត្រូវនិយាយម៉ឺងម៉ាត់នៅពេលដែលចាំបាច់
គម្ពីររៀបរាប់ថា: «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២ នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤) ពេលដែលអ្នករៀបការ ឪពុកម្ដាយរបស់អ្នកប្រហែលជាមានអារម្មណ៍ថា ពួកគាត់នៅតែមានភារកិច្ចណែនាំអ្នក ហើយពួកគាត់ក៏ប្រហែលជាចង់ជ្រៀតជ្រែកក្នុងអាពាហ៍ពិពាហ៍របស់អ្នកលើសពីអ្វីដែលពួកគាត់គួរធ្វើ។
នេះអាស្រ័យទៅលើអ្នកនិងគូអ្នកនិយាយគ្នាថា គួរឲ្យឪពុកម្ដាយចូលមកពាក់ព័ន្ធក្នុងអាពាហ៍ពិពាហ៍របស់អ្នកត្រឹមកម្រិតណា រួចមកសូមប្រាប់ពួកគាត់ឲ្យដឹងអំពីរឿងនោះដោយសេចក្ដីស្រឡាញ់។ អ្នកអាចនិយាយដោយឥតលាក់លៀមហើយចំៗ តែតាមរបៀបគួរសម។ (សុភាសិត ១៥:១) បើអ្នកមានចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តអត់ធ្មត់ នោះនឹងជួយអ្នកឲ្យមានទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ ហើយថែមទាំងបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់»។—អេភេសូរ ៤:២
សូមសាកធ្វើតាមយោបល់នេះ:
បើអ្នកបារម្ភថា ឪពុកម្ដាយលូកដៃខ្លាំងពេកក្នុងរឿងជីវិតគ្រួសាររបស់អ្នក សូមពិគ្រោះរឿងនោះជាមួយនឹងគូអ្នក ពេលដែលអ្នកទាំងពីរមានអារម្មណ៍ស្រួល
សូមរកដំណោះស្រាយដែលអ្នកទាំងពីរយល់ស្របគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះ