សេចក្ដីពិតនាំឲ្យមាន‹ទំនាស់ មិនមែននាំឲ្យមានសន្ដិភាពទេ›
«កុំគិតស្មានថាខ្ញុំបានមក ដើម្បីនាំយកសន្ដិភាពមកឯផែនដីឡើយ។ ខ្ញុំបានមកដើម្បីនាំឲ្យមានទំនាស់[ដាវ] មិនមែនដើម្បីនាំឲ្យមានសន្ដិភាពទេ»។—ម៉ាថាយ ១០:៣៤ កំ.ស.
១, ២. (ក) តើយើងអាចមានសេចក្ដីសុខសាន្តបែបណានៅឥឡូវនេះ? (ខ) ហេតុអ្វីនៅឥឡូវនេះយើងមិនអាចមានសន្ដិភាពពេញលេញ? (សូមមើលរូបភាពនៅដើមអត្ថបទ)
យើងទាំងអស់គ្នាចង់មានសេចក្ដីសុខសាន្តក្នុងជីវិត ហើយយើងមិនចង់មានទុក្ខកង្វល់ទេ។ ដូច្នេះ យើងមានចិត្តកតញ្ញូជាខ្លាំងដែលព្រះយេហូវ៉ាឲ្យយើងនូវ«សេចក្ដីសុខសាន្តរបស់ព្រះ»។ សេចក្ដីសុខសាន្តនេះគឺជាសេចក្ដីស្ងប់សុខដែលអាចជួយយើងឲ្យយកឈ្នះគំនិតនិងអារម្មណ៍ដែលអាចធ្វើឲ្យយើងពិបាកចិត្ត។ (ភីលីព ៤:៦, ៧) ដោយសារយើងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា យើងក៏មាន«សន្ដិភាពជាមួយនឹងព្រះ»។ នេះមានន័យថាយើងមានចំណងមិត្តភាពល្អជាមួយនឹងលោក។—រ៉ូម ៥:១
២ ប៉ុន្តែ គឺមិនទាន់ដល់ពេលដែលព្រះនឹងធ្វើឲ្យមានសន្ដិភាពពេញលេញនៅលើផែនដីទេ។ យើងរស់នៅក្នុងគ្រាចុងក្រោយបង្អស់ ដូច្នេះមានបញ្ហាជាច្រើនដែលនាំឲ្យយើងខ្វល់ចិត្ត។ នៅជុំវិញយើងមានមនុស្សដែលសាហាវឃោរឃៅ។ (ធីម៉ូថេទី២ ៣:១-៤) យើងក៏ត្រូវតយុទ្ធប្រឆាំងនឹងសាថាននិងសេចក្ដីបង្រៀនមិនពិតដែលវាលើកស្ទួយដែរ។ (កូរិនថូសទី២ ១០:៤, ៥) ប៉ុន្តែ អ្វីដែលអាចធ្វើឲ្យយើងខ្វល់ចិត្តខ្លាំងបំផុតគឺការប្រឆាំងពីសាច់ញាតិដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា។ សាច់ញាតិខ្លះប្រហែលជាសើចចំអកឲ្យយើងអំពីជំនឿរបស់យើង ឬចោទប្រកាន់ថាយើងជាអ្នកដែលធ្វើឲ្យក្រុមគ្រួសារបែកបាក់គ្នា។ ពួកគេប្រហែលជាថែមទាំងនិយាយថាពួកគេនឹងកាត់កាល់យើង បើយើងមិនឈប់បម្រើព្រះយេហូវ៉ា។ ដូច្នេះ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការប្រឆាំងដែលមកពីក្រុមគ្រួសារ? ម្យ៉ាងទៀត ពេលដែលមានបញ្ហានេះកើតឡើង តើយើងអាចរក្សាសេចក្ដីសុខសាន្តក្នុងចិត្តរបស់យើងយ៉ាងដូចម្ដេច?
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការប្រឆាំងដែលមកពីក្រុមគ្រួសារ?
៣, ៤. (ក) តើសេចក្ដីបង្រៀនរបស់លោកយេស៊ូនាំឲ្យមានអ្វី? (ខ) តើការកាន់តាមលោកយេស៊ូគឺកាន់តែពិបាកនៅពេលណា?
៣ លោកយេស៊ូបានដឹងថាមិនមែនមនុស្សទាំងអស់នឹងទទួលយកសេចក្ដីបង្រៀនរបស់លោកទេ។ លោកក៏ដឹងដែរថាអ្នកកាន់តាមលោកនឹងត្រូវការចិត្តក្លាហាន ដោយសារមនុស្សខ្លះនឹងប្រឆាំងពួកគេ។ ការប្រឆាំងនេះអាចប៉ះពាល់ដល់សន្ដិភាពក្នុងក្រុមគ្រួសាររបស់ពួកគេ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំគិតស្មានថាខ្ញុំបានមក ដើម្បីនាំយកសន្ដិភាពមកឯផែនដីឡើយ។ ខ្ញុំបានមកដើម្បីនាំឲ្យមានទំនាស់ មិនមែនដើម្បីនាំឲ្យមានសន្ដិភាពទេ។ ព្រោះខ្ញុំបានមកដើម្បីនាំឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន កូនស្រីទាស់នឹងម្ដាយខ្លួន ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក។ ដូច្នេះ សត្រូវរបស់មនុស្ស នឹងមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ»។—ម៉ាថាយ ១០:៣៤-៣៦
៤ ពេលលោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំគិតស្មានថាខ្ញុំបានមក ដើម្បីនាំយកសន្ដិភាព» តើលោកចង់មានន័យយ៉ាងណា? លោកចង់ឲ្យមនុស្សដឹងថាបើពួកគេក្លាយទៅជាអ្នកកាន់តាមលោក នោះពួកគេនឹងជួបការពិបាក។ គោលបំណងរបស់លោកយេស៊ូគឺដើម្បីបង្រៀនសេចក្ដីពិតអំពីព្រះដល់មនុស្ស មិនមែនដើម្បីធ្វើឲ្យក្រុមគ្រួសារគេបែកបាក់គ្នានោះទេ។ (យ៉ូហាន ១៨:៣៧) ប៉ុន្តែ អ្នកកាន់តាមលោកត្រូវដឹងថា នឹងមិនតែងតែស្រួលឲ្យពួកគេធ្វើជាអ្នកកាន់តាមលោកទេ ជាពិសេសបើមិត្តភក្ដិជិតស្និទ្ធឬសមាជិកក្រុមគ្រួសាររបស់ពួកគេមិនទទួលយកសេចក្ដីពិត។
៥. តើអ្នកកាន់តាមលោកយេស៊ូបានឆ្លងកាត់បទពិសោធន៍អ្វី?
៥ លោកយេស៊ូបានមានប្រសាសន៍ថាអ្នកកាន់តាមលោកត្រូវសុខចិត្តស៊ូទ្រាំនឹងការប្រឆាំងពីក្រុមគ្រួសារ។ (ម៉ាថាយ ១០:៣៨) ដើម្បីទទួលការពេញចិត្តពីលោកយេស៊ូ អ្នកកាន់តាមលោកបានស៊ូទ្រាំពេលដែលក្រុមគ្រួសាររបស់ពួកគេបានសើចចំអកឲ្យពួកគេ ឬថែមទាំងកាត់កាល់ពួកគេទៀតផង។ ប៉ុន្តែ ពួកគេបានទទួលច្រើនជាងអ្វីដែលពួកគេបានបាត់បង់ឆ្ងាយណាស់។—សូមអាន ម៉ាកុស ១០:២៩, ៣០
៦. បើសាច់ញាតិរបស់យើងប្រឆាំងនឹងយើង តើយើងត្រូវចាំអំពីអ្វី?
៦ យើងនៅតែស្រឡាញ់សាច់ញាតិរបស់យើង ទោះជាពួកគេប្រឆាំងយើងដោយសារយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាក្ដី។ ប៉ុន្តែ យើងត្រូវចាំថាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងគ្រិស្តត្រូវខ្លាំងជាងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះអ្នកឯទៀត។ (ម៉ាថាយ ១០:៣៧) យើងក៏ត្រូវដឹងថាសាថានអាចប្រើសេចក្ដីស្រឡាញ់របស់យើងចំពោះក្រុមគ្រួសារដើម្បីធ្វើឲ្យយើងលែងមានភក្ដីភាពចំពោះព្រះយេហូវ៉ា។ សូមយើងពិចារណាអំពីស្ថានភាពដ៏ពិបាកមួយចំនួននិងអំពីរបៀបដែលយើងអាចស៊ូទ្រាំនឹងស្ថានភាពទាំងនោះ។
ពេលគូអាពាហ៍ពិពាហ៍មិនមែនជាអ្នកជឿ
៧. តើអ្នកគួរមានទស្សនៈយ៉ាងណាចំពោះស្ថានភាពរបស់អ្នក បើគូអាពាហ៍ពិពាហ៍របស់អ្នកមិនបម្រើព្រះយេហូវ៉ា?
៧ គម្ពីរប្រាប់យើងថាអ្នកណាដែលរៀបការ«នឹងមានការលំបាក»ឬមានបញ្ហា។ (កូរិនថូសទី១ ៧:២៨) បើគូអាពាហ៍ពិពាហ៍របស់អ្នកមិនបម្រើព្រះយេហូវ៉ា នេះប្រហែលជាធ្វើឲ្យមានការតានតឹងចិត្តនិងទុក្ខកង្វល់ច្រើនជាងក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក។ ក៏ប៉ុន្តែ គឺជាការសំខាន់ដែលអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះស្ថានភាពរបស់អ្នក។ លោកមិនអនុញ្ញាតឲ្យយើងរស់នៅបែកពីគូអាពាហ៍ពិពាហ៍ឬលែងលះគ្នាដោយសារគូរបស់យើងមិនបម្រើព្រះយេហូវ៉ានោះទេ។ (កូរិនថូសទី១ ៧:១២-១៦) បើប្ដីរបស់អ្នកមិនបម្រើព្រះយេហូវ៉ា ហើយមិននាំមុខក្នុងការគោរពប្រណិប័តន៍ពិត អ្នកនៅតែត្រូវគោរពគាត់ជាប្រមុខគ្រួសារ។ ម្យ៉ាងទៀត បើប្រពន្ធរបស់អ្នកមិនបម្រើព្រះយេហូវ៉ា អ្នកនៅតែត្រូវស្រឡាញ់និងយកចិត្តទុកដាក់ចំពោះគាត់។—អេភេសូរ ៥:២២, ២៣, ២៨, ២៩
៨. បើគូអាពាហ៍ពិពាហ៍ព្យាយាមដាក់កម្រិតលើការគោរពប្រណិប័តន៍របស់អ្នក តើអ្នកអាចសួរខ្លួនអ្នកនូវសំណួរអ្វីខ្លះ?
៨ ចុះយ៉ាងណាបើគូអាពាហ៍ពិពាហ៍ព្យាយាមដាក់កម្រិតលើការគោរពប្រណិប័តន៍របស់អ្នក តើអ្នកគួរធ្វើអ្វី? ប្ដីរបស់បងស្រីម្នាក់បានប្រាប់គាត់អំពីថ្ងៃណាខ្លះដែលគាត់អាចផ្សព្វផ្សាយក្នុងមួយសប្ដាហ៍។ បើអ្នកស្ថិតក្នុងស្ថានភាពស្រដៀងនឹងនេះ សូមសួរខ្លួនអ្នកថា ‹តើគូអាពាហ៍ពិពាហ៍របស់ខ្ញុំសុំខ្ញុំឲ្យឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ាទាំងស្រុងឬទេ? បើមិនមែនដូច្នេះទេ តើខ្ញុំអាចធ្វើតាមអ្វីដែលគូអាពាហ៍ពិពាហ៍របស់ខ្ញុំសុំឬទេ?›។ បើអ្នកជាមនុស្សសមហេតុផល អ្នកនឹងមានបញ្ហាតិចជាងក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក។—ភីលីព ៤:៥
៩. តើគ្រិស្តសាសនិកអាចបង្រៀនកូនៗឲ្យគោរពឪពុកឬម្ដាយដែលមិនមែនជាអ្នកជឿយ៉ាងដូចម្ដេច?
៩ បើគូអាពាហ៍ពិពាហ៍របស់អ្នកមិនបម្រើព្រះយេហូវ៉ា ការបង្ហាត់បង្រៀនកូនៗអាចជាអ្វីដ៏ពិបាក។ ជាឧទាហរណ៍ អ្នកត្រូវបង្រៀនកូនៗឲ្យធ្វើតាមបង្គាប់ពីគម្ពីរដែលថា៖ «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»។ (អេភេសូរ ៦:១-៣) ប៉ុន្តែ បើគូអាពាហ៍ពិពាហ៍របស់អ្នកមិនធ្វើតាមខ្នាតតម្រាពីគម្ពីរ តើអ្នកគួរធ្វើអ្វី? អ្នកអាចទុកគំរូល្អឲ្យកូនៗដោយគោរពគូរបស់អ្នក។ សូមគិតអំពីគុណសម្បត្ដិរបស់គាត់ ហើយប្រាប់គាត់ថាអ្នកដឹងគុណគាត់ជាខ្លាំងចំពោះអ្វីល្អៗទាំងអស់ដែលគាត់ធ្វើ។ សូមកុំនិយាយអ្វីដែលមិនល្អអំពីគូរបស់អ្នកនៅមុខកូនៗឡើយ។ ផ្ទុយទៅវិញ សូមពន្យល់ពួកគេថាមនុស្សម្នាក់ៗត្រូវសម្រេចចិត្តថាពួកគេចង់បម្រើព្រះយេហូវ៉ាឬយ៉ាងណា។ បើអ្នកបង្ហាត់បង្រៀនកូនៗរបស់អ្នកឲ្យគោរពឪពុកឬម្ដាយដែលមិនមែនជាអ្នកជឿ នោះគំរូល្អរបស់កូនៗប្រហែលជានឹងធ្វើឲ្យគូរបស់អ្នកចង់រៀនអំពីព្រះយេហូវ៉ា។
១០. តើតាមរបៀបណាឪពុកឬម្ដាយដែលជាគ្រិស្តសាសនិកអាចបង្រៀនកូនៗឲ្យស្រឡាញ់ព្រះយេហូវ៉ា?
១០ ប្ដីឬប្រពន្ធខ្លះដែលមិនមែនជាអ្នកជឿ ប្រហែលជាចង់ឲ្យកូនៗរបស់ពួកគេចូលរួមពិធីបុណ្យផ្សេងៗដែលទាក់ទងនឹងសាសនាមិនពិត ឬរៀនសេចក្ដីបង្រៀនរបស់សាសនាមិនពិត។ ប្ដីខ្លះក៏ប្រហែលជាហាមមិនឲ្យប្រពន្ធដែលជាគ្រិស្តសាសនិកបង្រៀនកូនៗអំពីគម្ពីរ។ ប៉ុន្តែ សូម្បីតែក្នុងស្ថានភាពនោះក្ដី នាងនឹងធ្វើអ្វីដែលនាងអាចធ្វើបានដើម្បីបង្រៀនកូនៗអំពីសេចក្ដីពិត។ (សកម្មភាព ១៦:១; ធីម៉ូថេទី២ ៣:១៤, ១៥) ជាឧទាហរណ៍ ប្ដីដែលមិនមែនជាអ្នកជឿប្រហែលជាមិនចង់ឲ្យប្រពន្ធរបស់គាត់សិក្សាគម្ពីរជាមួយនឹងកូនៗ ឬនាំពួកគេទៅកិច្ចប្រជុំឡើយ។ ទោះជានាងគោរពការសម្រេចចិត្តរបស់គាត់ក្ដី នាងនៅតែអាចនិយាយជាមួយនឹងកូនៗអំពីជំនឿរបស់នាងនៅពេលណាដែលអាចធ្វើបាន។ ដោយធ្វើដូច្នេះ ពួកគេអាចរៀនអំពីព្រះយេហូវ៉ានិងខ្នាតតម្រារបស់លោកស្តីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (សកម្មភាព ៤:១៩, ២០) នៅទីបំផុត កូនៗនឹងត្រូវសម្រេចចិត្តថាពួកគេនឹងបម្រើព្រះយេហូវ៉ាឬយ៉ាងណាa (សូមមើលកំណត់សម្គាល់)។—ចោទិយកថា ៣០:១៩, ២០
ពេលសាច់ញាតិប្រឆាំងនឹងការគោរពប្រណិប័តន៍ពិត
១១. តើអ្វីប្រហែលជាធ្វើឲ្យយើងមានបញ្ហាជាមួយនឹងសាច់ញាតិដែលមិនបម្រើព្រះយេហូវ៉ា?
១១ ពេលយើងបានចាប់ផ្ដើមសិក្សាគម្ពីរដំបូងជាមួយនឹងសាក្សីព្រះយេហូវ៉ា យើងប្រហែលជាមិនបានប្រាប់ក្រុមគ្រួសាររបស់យើងទេ។ ប៉ុន្តែ កាលដែលជំនឿរបស់យើងមាំមួនឡើង យើងដឹងថាយើងត្រូវប្រាប់ពួកគេថាយើងចង់បម្រើព្រះយេហូវ៉ា។ (ម៉ាកុស ៨:៣៨) ភក្ដីភាពរបស់អ្នកចំពោះព្រះប្រហែលជាបានធ្វើឲ្យអ្នកនិងក្រុមគ្រួសារមានបញ្ហាជាមួយគ្នា។ សូមយើងពិចារណាអំពីអ្វីមួយចំនួនដែលអ្នកអាចធ្វើដើម្បីមានសន្ដិភាព ហើយនៅតែរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។
បើយើងយល់អំពីអារម្មណ៍របស់សមាជិកក្រុមគ្រួសារយើង យើងនឹងស្រួលបង្រៀនពួកគេអំពីសេចក្ដីពិតជាង
១២. ហេតុអ្វីសាច់ញាតិរបស់យើងប្រហែលជាប្រឆាំងនឹងយើង? ប៉ុន្តែ តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ពួកគេ?
១២ សូមព្យាយាមយល់អារម្មណ៍របស់សាច់ញាតិដែលមិនជឿ។ យើងសប្បាយចិត្តណាស់ដែលយើងស្គាល់សេចក្ដីពិតពីគម្ពីរ។ ប៉ុន្តែ សាច់ញាតិរបស់យើងប្រហែលជាគិតថាយើងបានត្រូវគេបោក ឬបានចូលជាសមាជិកសាសនាមួយដ៏ចម្លែក។ ពួកគេប្រហែលជាគិតថាយើងលែងស្រឡាញ់ពួកគេទៀត ដោយសារយើងមិនចូលរួមពិធីបុណ្យផ្សេងៗជាមួយនឹងពួកគេ។ ពួកគេប្រហែលជាថែមទាំងខ្លាចថាក្រោយពីយើងស្លាប់ទៅនឹងមានអ្វីអាក្រក់កើតឡើងចំពោះយើង។ យើងត្រូវព្យាយាមយល់អារម្មណ៍របស់ពួកគេ ហើយស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយ ដើម្បីដឹងអំពីមូលហេតុដែលពួកគេព្រួយបារម្ភអំពីយើង។ (សុភាសិត ២០:៥) សាវ័កប៉ូលបានព្យាយាមយល់អំពី«មនុស្សគ្រប់ប្រភេទ» ដើម្បីគាត់អាចបង្រៀនពួកគេអំពីដំណឹងល្អ។ បើយើងព្យាយាមយល់អារម្មណ៍របស់សមាជិកក្រុមគ្រួសារ នេះអាចជួយយើងដឹងអំពីរបៀបបង្រៀនពួកគេអំពីសេចក្ដីពិត។—កូរិនថូសទី១ ៩:១៩-២៣
១៣. តើយើងគួរនិយាយជាមួយនឹងសាច់ញាតិរបស់យើងដែលមិនជឿយ៉ាងដូចម្ដេច?
១៣ ចូរនិយាយដោយស្លូតបូត។ គម្ពីរចែងថា៖ «ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស»។ (កូឡុស ៤:៦) នេះប្រហែលជាមិនស្រួលទេ។ យើងអាចសុំព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធរបស់លោក ដើម្បីជួយយើងឲ្យមានចិត្តស្លូតបូតនិងចិត្តសប្បុរសចំពោះសាច់ញាតិរបស់យើង។ យើងមិនគួរចាប់ចំណុចនីមួយៗអំពីសេចក្ដីបង្រៀនមិនពិតដែលពួកគេជឿ ហើយខំឈ្លោះប្រកែកជាមួយនឹងពួកគេអំពីចំណុចទាំងនោះឡើយ។ បើយើងឈឺចិត្តចំពោះអ្វីដែលពួកគេនិយាយឬធ្វើ យើងអាចយកតម្រាប់ពួកសាវ័ក។ ប៉ូលបាននិយាយថា៖ «កាលដែលត្រូវគេជេរប្រមាថ យើងជូនពរគេវិញ។ កាលដែលត្រូវគេបៀតបៀន យើងស៊ូទ្រាំ។ កាលដែលយើងត្រូវគេបង្កាច់បង្ខូច យើងប្រើសម្ដីសប្បុរស»។—កូរិនថូសទី១ ៤:១២, ១៣
១៤. តើការប្រព្រឹត្តល្អនាំឲ្យមានប្រយោជន៍អ្វី?
១៤ ចូររក្សាការប្រព្រឹត្តល្អ។ ហេតុអ្វីនេះគឺសំខាន់? ការនិយាយដោយស្លូតបូតអាចជួយយើងឲ្យរក្សាសន្ដិភាពជាមួយនឹងសាច់ញាតិរបស់យើង តែការប្រព្រឹត្តល្អរបស់យើងអាចមានឥទ្ធិពលខ្លាំងជាងនោះទៅទៀត។ (សូមអាន ពេត្រុសទី១ ៣:១, ២, ១៦) ចូរឲ្យសាច់ញាតិរបស់អ្នកឃើញពីគំរូរបស់អ្នកថាសាក្សីព្រះយេហូវ៉ាមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ ថែរក្សាកូនៗយ៉ាងល្អ រស់នៅសមស្របតាមខ្នាតតម្រាក្នុងគម្ពីរ និងមានជីវិតដែលមានន័យខ្លឹមសារ។ សូម្បីតែសាច់ញាតិរបស់យើងមិនទទួលយកសេចក្ដីពិតក៏ដោយ យើងនៅតែអាចមានចិត្តសប្បាយដោយដឹងថាការប្រព្រឹត្តល្អរបស់យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
១៥. តើយើងអាចគិតទុកជាមុនយ៉ាងដូចម្ដេចដើម្បីយើងអាចជៀសវាងពីការឈ្លោះប្រកែកជាមួយនឹងសាច់ញាតិរបស់យើង?
១៥ ចូរគិតទុកជាមុន។ សូមគិតអំពីស្ថានភាពដែលអាចនាំឲ្យមានការឈ្លោះប្រកែកជាមួយនឹងសាច់ញាតិរបស់អ្នក។ បន្ទាប់មក សម្រេចចិត្តអំពីអ្វីដែលអ្នកនឹងធ្វើ។ (សុភាសិត ១២:១៦, ២៣) បងស្រីម្នាក់នៅប្រទេសអូស្ដ្រាលីបានធ្វើដូច្នេះ។ ឪពុកក្មេករបស់គាត់បានប្រឆាំងនឹងសេចក្ដីពិតជាខ្លាំង ហើយជួនកាលបានខឹងទៀតផង។ ដូច្នេះ មុននឹងទូរស័ព្ទទៅឪពុកក្មេករបស់គាត់ គាត់និងប្ដីគាត់បានសុំព្រះយេហូវ៉ាឲ្យជួយពួកគាត់ជៀសវាងពីការតបឆ្លើយដោយកំហឹងទៅកាន់ឪពុកក្មេក។ ពួកគាត់បានគិតអំពីអ្វីដែលពួកគាត់អាចនិយាយដើម្បីធ្វើឲ្យមានបរិយាកាសសប្បាយរីករាយ។ ម្យ៉ាងទៀត ពួកគាត់បានកំណត់រយៈពេលសម្រាប់និយាយគ្នាតាមទូរស័ព្ទជាមួយនឹងឪពុកក្មេកគាត់ ដើម្បីជៀសវាងពីការនិយាយគ្នាយូរពេកដែលច្រើនតែនាំឲ្យមានការឈ្លោះប្រកែកគ្នាអំពីសាសនា។
ភក្ដីភាពរបស់អ្នកចំពោះព្រះយេហូវ៉ាត្រូវតែខ្លាំងជាងសេចក្ដីស្រឡាញ់របស់អ្នកចំពោះក្រុមគ្រួសារ
១៦. ពេលអ្នកបន្ទោសខ្លួនចំពោះការធ្វើឲ្យសាច់ញាតិមិនពេញចិត្ត តើអ្នកអាចយកឈ្នះអារម្មណ៍នេះយ៉ាងដូចម្ដេច?
១៦ អ្នកមិនអាចជៀសវាងទាំងស្រុងពីការខ្វែងគំនិតជាមួយនឹងសាច់ញាតិដែលមិនជឿទេ។ ដូច្នេះ ពេលមានការខ្វែងគំនិតគ្នា អ្នកប្រហែលជាបន្ទោសខ្លួនដោយសារអ្នកស្រឡាញ់សាច់ញាតិរបស់អ្នក ហើយចង់ធ្វើឲ្យពួកគេពេញចិត្ត។ ប៉ុន្តែ សូមចាំថាភក្ដីភាពរបស់អ្នកចំពោះព្រះយេហូវ៉ាត្រូវតែខ្លាំងជាងសេចក្ដីស្រឡាញ់របស់អ្នកចំពោះក្រុមគ្រួសារ។ ពេលសាច់ញាតិរបស់អ្នកយល់អំពីរឿងនេះ ពួកគេប្រហែលជាដឹងថាការបម្រើព្រះយេហូវ៉ាគឺសំខាន់យ៉ាងណា។ អ្នកមិនអាចបង្ខំអ្នកណាម្នាក់ឲ្យទទួលយកសេចក្ដីពិតបានឡើយ។ ក៏ប៉ុន្តែ អ្នកអាចធ្វើឲ្យពួកគេឃើញថាការធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាបានជួយអ្នកឲ្យទទួលប្រយោជន៍។ ម្យ៉ាងទៀត ព្រះយេហូវ៉ាផ្ដល់ឱកាសដល់ពួកគេដូចលោកផ្ដល់ឱកាសឲ្យយើង ដើម្បីសម្រេចចិត្តថាពួកគេចង់បម្រើលោកឬយ៉ាងណា។—អេសាយ ៤៨:១៧, ១៨
បើសមាជិកក្រុមគ្រួសារ ឈប់បម្រើព្រះយេហូវ៉ា
១៧, ១៨. បើសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារឈប់បម្រើព្រះយេហូវ៉ា តើអ្វីអាចជួយអ្នក?
១៧ គឺពិបាកណាស់ ពេលសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារបានត្រូវបណ្ដាច់មិត្តភាពឬបានដកខ្លួនចេញពីក្រុមជំនុំ។ យើងប្រហែលជាឈឺចិត្តជាខ្លាំងប្រៀបដូចជាគេយកដាវមកចាក់។ តើអ្នកអាចស៊ូទ្រាំនឹងការឈឺចាប់នេះយ៉ាងដូចម្ដេច?
១៨ ចូរបន្តផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ា។ ពេលដែលអ្នកមានអារម្មណ៍ឈឺចាប់បែបនេះ អ្នកត្រូវពង្រឹងជំនឿរបស់អ្នក។ សូមអានគម្ពីរជាទៀងទាត់ រៀបចំនិងទៅកិច្ចប្រជុំ បន្តផ្សព្វផ្សាយ ហើយអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យអ្នកដើម្បីស៊ូទ្រាំ។ (យូដាស ២០, ២១) ចុះបើអ្នកធ្វើអ្វីៗទាំងអស់នេះរួចហើយ ប៉ុន្តែអ្នកនៅតែឈឺចាប់ តើអ្នកគួរធ្វើយ៉ាងណា? កុំឈប់ព្យាយាមឡើយ! ចូរបន្តផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ា។ យូរៗទៅ នេះនឹងជួយអ្នកឲ្យគ្រប់គ្រងគំនិតនិងអារម្មណ៍របស់អ្នក។ នេះបានកើតឡើងចំពោះអ្នកសរសេរទំនុកតម្កើង ៧៣។ ក្នុងជីវិតរបស់គាត់ មានពេលមួយដែលគាត់ពិបាកគ្រប់គ្រងគំនិតនិងអារម្មណ៍របស់គាត់។ ប៉ុន្តែ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានជួយគាត់ឲ្យមានទស្សនៈត្រឹមត្រូវឡើងវិញ។ (ទំនុកតម្កើង ៧៣:១៦, ១៧) នេះក៏អាចជួយអ្នកដែរ។
១៩. តើតាមរបៀបណាអ្នកអាចបង្ហាញការគោរពចំពោះការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា?
១៩ ចូរគោរពការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា។ ព្រះដឹងថាការប្រៀនប្រដៅរបស់លោកនឹងផ្ដល់ប្រយោជន៍ដល់បុគ្គលគ្រប់រូប រួមទាំងអ្នកដែលបានត្រូវបណ្ដាច់មិត្តភាពផងដែរ។ ទោះជាយើងឈឺចាប់ជាខ្លាំងនៅពេលដែលបុគ្គលជាទីស្រឡាញ់របស់យើងទទួលការប្រៀនប្រដៅក្ដី នេះអាចជួយគាត់ឲ្យត្រឡប់មកព្រះយេហូវ៉ាវិញនៅថ្ងៃណាមួយ។ (សូមអាន ហេប្រឺ ១២:១១) ទម្រាំដល់ពេលនោះ យើងត្រូវធ្វើតាមការណែនាំពីព្រះយេហូវ៉ាដែលឲ្យយើង«ឈប់ចូលលាយឡំ»ជាមួយនឹងពួកអ្នកដែលបានត្រូវបណ្ដាច់មិត្តភាព។ (កូរិនថូសទី១ ៥:១១-១៣) នេះគឺមិនស្រួលទេ។ ប៉ុន្តែ យើងត្រូវជៀសវាងការប្រាស្រ័យទាក់ទងជាមួយនឹងពួកគេតាមទូរស័ព្ទ ការផ្ញើសារ សំបុត្រ អ៊ីមែល ឬតាមបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា។
យើងបន្តសង្ឃឹមជានិច្ចថាបុគ្គលដែលយើងស្រឡាញ់នឹងត្រឡប់មកព្រះយេហូវ៉ាវិញ
២០. តើយើងគួរបន្តមានសេចក្ដីសង្ឃឹមអ្វី?
២០ ចូរកុំអស់សង្ឃឹម! សេចក្ដីស្រឡាញ់«សង្ឃឹមលើអ្វីៗទាំងអស់» ដូច្នេះយើងបន្តសង្ឃឹមជានិច្ចថាបុគ្គលដែលយើងស្រឡាញ់នឹងត្រឡប់មកព្រះយេហូវ៉ាវិញ។ (កូរិនថូសទី១ ១៣:៧) បើអ្នកឃើញថាសមាជិកគ្រួសារមានចិត្តគំនិតល្អប្រសើរជាងមុន អ្នកអាចអធិដ្ឋានឲ្យគាត់ទទួលកម្លាំងចិត្តដែលមកពីគម្ពីរ ហើយទទួលយកការអញ្ជើញពីព្រះយេហូវ៉ាដែលថា៖ «ចូរវិលមកឯអញវិញ»។—អេសាយ ៤៤:២២
២១. បើក្រុមគ្រួសាររបស់អ្នកប្រឆាំងនឹងអ្នកដោយសារអ្នកកាន់តាមលោកយេស៊ូ តើអ្នកគួរធ្វើអ្វី?
២១ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់លោកច្រើនជាងមនុស្សណាទាំងអស់។ ម្យ៉ាងទៀត លោកយេស៊ូបានជឿជាក់ថាអ្នកកាន់តាមលោកនឹងមានចិត្តក្លាហានដើម្បីរក្សាភក្ដីភាពចំពោះលោក សូម្បីតែក្រុមគ្រួសាររបស់ពួកគេប្រឆាំងក៏ដោយ។ ដូច្នេះ បើក្រុមគ្រួសាររបស់អ្នកប្រឆាំងអ្នកដោយសារអ្នកកាន់តាមលោកយេស៊ូ សូមពឹងផ្អែកលើព្រះយេហូវ៉ា។ ចូរសុំលោកជួយអ្នកដើម្បីស៊ូទ្រាំ។ (អេសាយ ៤១:១០, ១៣) សូមរីករាយដោយដឹងថាអ្នកបានធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូពេញចិត្ត ហើយថាលោកទាំងពីរនឹងឲ្យពរចំពោះភាពស្មោះត្រង់របស់អ្នក។
a ដើម្បីទទួលព័ត៌មានថែមទៀតអំពីការអប់រំកូនពេលដែលមានតែឪពុកឬម្ដាយដែលបម្រើព្រះយេហូវ៉ា សូមមើលសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ ជំពូក១១ វគ្គ១២-១៥។