ជំពូកទី៨
តើរាជាណាចក្ររបស់ព្រះជាអ្វី?
១. ឥឡូវយើងនឹងពិចារណាអំពីសេចក្ដីអធិដ្ឋានដ៏ល្បីមួយ តើនោះជាអ្វី?
មនុស្សរាប់លាននាក់ទូទាំងពិភពលោកស្គាល់សេចក្ដីអធិដ្ឋានដ៏ល្បីមួយដែលហៅថា សេចក្ដីអធិដ្ឋានរបស់លោកម្ចាស់ ឬសេចក្ដីអធិដ្ឋានទៅបិតារបស់យើង។ លោកយេស៊ូបានប្រើសេចក្ដីអធិដ្ឋាននេះដើម្បីបង្រៀនអ្នកកាន់តាមលោកឲ្យចេះអធិដ្ឋាន។ តើលោកអធិដ្ឋានអំពីអ្វី? ហេតុអ្វីសេចក្ដីអធិដ្ឋាននេះគឺសំខាន់ចំពោះយើងសព្វថ្ងៃនេះ?
២. តើអ្វីជាសំណូមពរសំខាន់បីយ៉ាងដែលលោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានសូមនោះ?
២ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ ‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ›»។ (សូមអាន ម៉ាថាយ ៦:៩-១៣) ហេតុអ្វីលោកយេស៊ូបង្រៀនយើងឲ្យធ្វើសំណូមពរបីយ៉ាងនេះក្នុងសេចក្ដីអធិដ្ឋាន? (សូមមើលលេខ២០ក្នុងកំណត់នៅចុងសៀវភៅ)។
៣. តើយើងត្រូវដឹងអ្វីអំពីរាជាណាចក្រព្រះ?
៣ យើងបានរៀនហើយថានាមរបស់ព្រះគឺយេហូវ៉ា។ យើងក៏បានពិចារណាអំពីបំណងប្រាថ្នារបស់ព្រះសម្រាប់មនុស្សជាតិនិងសម្រាប់ផែនដីដែរ។ ប៉ុន្តែ តើលោកយេស៊ូចង់បញ្ជាក់អំពីអ្វីពេលលោកមានប្រសាសន៍ថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»? យើងនឹងរៀនថារាជាណាចក្រព្រះជាអ្វី ហើយថារាជាណាចក្រនោះនឹងធ្វើអ្វី ថែមទាំងរៀនអំពីរបៀបដែលរាជាណាចក្រព្រះនឹងធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ។
តើរាជាណាចក្ររបស់ព្រះជាអ្វី?
៤. តើរាជាណាចក្ររបស់ព្រះជាអ្វី ហើយតើអ្នកណាជាស្តេចនៃរាជាណាចក្រនោះ?
៤ ព្រះយេហូវ៉ាបានរៀបចំរដ្ឋាភិបាលមួយនៅស្ថានសួគ៌ ហើយលោកបានតែងតាំងលោកយេស៊ូជាស្តេច។ គម្ពីរហៅរដ្ឋាភិបាលនេះថារាជាណាចក្រព្រះ។ លោកយេស៊ូគឺជា«ស្តេចលើអស់អ្នកដែលគ្រប់គ្រងជាស្តេច និងជាម្ចាស់លើអស់អ្នកដែលគ្រប់គ្រងជាម្ចាស់»។ (ធីម៉ូថេទី១ ៦:១៥) លោកយេស៊ូអាចផ្ដល់ប្រយោជន៍ដល់មនុស្សជាតិច្រើនជាងអ្នកគ្រប់គ្រងទាំងអស់ ហើយលោកមានអំណាចខ្លាំងក្លាជាងអ្នកគ្រប់គ្រងទាំងនោះ សូម្បីតែពួកគេរួមគ្នាក៏គ្មានអំណាចស្មើនឹងលោកដែរ។
៥. តើរដ្ឋាភិបាលរបស់ព្រះនឹងគ្រប់គ្រងមកពីណា? តើរដ្ឋាភិបាលនោះនឹងគ្រប់គ្រងមកលើអ្វី?
៥ សែសិបថ្ងៃក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានត្រឡប់ទៅស្ថានសួគ៌វិញ។ នៅទីបំផុត ព្រះយេហូវ៉ាបានតែងតាំងលោកឲ្យធ្វើជាស្តេចនៃរាជាណាចក្រព្រះ។ (សកម្មភាព ២:៣៣) រដ្ឋាភិបាលរបស់ព្រះនឹងគ្រប់គ្រងពីស្ថានសួគ៌មកលើផែនដី។ (ការបើកបង្ហាញ ១១:១៥) ហេតុនេះហើយ គម្ពីរហៅរាជាណាចក្ររបស់ព្រះថា‹រាជាណាចក្រនៅស្ថានសួគ៌›។—ធីម៉ូថេទី២ ៤:១៨
៦, ៧. ហេតុអ្វីលោកយេស៊ូអស្ចារ្យជាងស្តេចទាំងអស់ដែលជាមនុស្ស?
៦ គម្ពីរប្រាប់ថាលោកយេស៊ូគឺអស្ចារ្យជាងស្តេចទាំងអស់ដែលជាមនុស្សជាតិ ពីព្រោះលោក«តែមួយដែលមានជីវិតអមតៈ»។ (ធីម៉ូថេទី១ ៦:១៦) នៅទីបំផុត អ្នកគ្រប់គ្រងដែលជាមនុស្សនឹងស្លាប់ទៅវិញ ប៉ុន្តែលោកយេស៊ូនឹងមិនស្លាប់ឡើយ។ ដូច្នេះ លោកយេស៊ូនឹងផ្ដល់ប្រយោជន៍ដល់យើងជារៀងរហូត។
៧ ទំនាយក្នុងគម្ពីរប្រាប់ថាលោកយេស៊ូនឹងទៅជាស្តេចដែលមានយុត្ដិធម៌និងមេត្ដាករុណា។ គម្ពីរចែងថា៖ «ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដី[ឲ្យឱវាទ]តាមត្រចៀកស្ដាប់ឮនោះឡើយ គឺនឹងជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត[យុត្ដិធម៌]»។ (អេសាយ ១១:២-៤) តើអ្នកចង់មានស្តេចដែលមានលក្ខណៈបែបនេះឬទេ?
៨. តើតាមរបៀបណាយើងដឹងថាលោកយេស៊ូនឹងមិនគ្រប់គ្រងតែម្នាក់ឯង?
៨ ព្រះបានជ្រើសរើសមនុស្សខ្លះឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូក្នុងរដ្ឋាភិបាលស្ថានសួគ៌។ ជាឧទាហរណ៍ សាវ័កប៉ូលបានប្រាប់ធីម៉ូថេថា៖ «ប្រសិនបើយើងបន្តស៊ូទ្រាំ យើងនឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោក»។ (ធីម៉ូថេទី២ ២:១២) តើអ្នកដែលនឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោកយេស៊ូមានចំនួនប៉ុន្មាននាក់?
៩. តើអ្នកដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូមានចំនួនប៉ុន្មាននាក់? តើព្រះចាប់ផ្ដើមជ្រើសរើសពួកគាត់តាំងពីពេលណាមក?
៩ ដូចដែលយើងបានរៀនក្នុងជំពូកទី៧ សាវ័កយ៉ូហានបានត្រូវបើកបង្ហាញឲ្យឃើញក្នុងគំនិតថាលោកយេស៊ូគ្រប់គ្រងនៅស្ថានសួគ៌ជាមួយនឹងស្តេច១៤៤.០០០នាក់ទៀត។ តើស្តេច១៤៤.០០០នាក់នោះជានរណា? យ៉ូហានពន្យល់ថាពួកគាត់មាន«នាមរបស់លោក[យេស៊ូ]និងនាមរបស់បិតាលោកបានត្រូវសរសេរនៅលើថ្ងាសពួកគាត់។ ពួកគាត់ដើរតាមកូនចៀមជាប់[គឺលោកយេស៊ូ]ទោះជាលោកទៅកន្លែងណាក៏ដោយ។ ពួកគាត់បានត្រូវទិញពីចំណោមមនុស្សជាតិ»។ (សូមអាន ការបើកបង្ហាញ ១៤:១, ៤) ពួក១៤៤.០០០នាក់គឺជាគ្រិស្តសាសនិកស្មោះត្រង់ដែលព្រះបានរើសតាំងឲ្យ«ធ្វើជាស្តេចគ្រប់គ្រងលើផែនដី»ជាមួយនឹងលោកយេស៊ូ។ ពេលពួកគេស្លាប់ ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ (ការបើកបង្ហាញ ៥:១០) តាំងពីសម័យពួកសាវ័កមក ព្រះយេហូវ៉ាបានជ្រើសរើសគ្រិស្តសាសនិកស្មោះត្រង់ដើម្បីបង្គ្រប់ចំនួនស្តេច១៤៤.០០០នាក់។
១០. ហេតុអ្វីការដែលព្រះយេហូវ៉ាជ្រើសរើសលោកយេស៊ូនិងពួក១៤៤.០០០នាក់ឲ្យគ្រប់គ្រងលើមនុស្សជាតិ បញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់លោក?
១០ ព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងយើងខ្លាំងណាស់បានជាលោករៀបចំឲ្យមនុស្សគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ លោកយេស៊ូនឹងទៅជាអ្នកគ្រប់គ្រងដ៏ល្អពីព្រោះលោកយល់អំពីអារម្មណ៍យើង។ លោកយេស៊ូធ្លាប់ជាមនុស្សហើយធ្លាប់រងការឈឺចាប់ដូចមនុស្សដែរ។ ប៉ូលបាននិយាយថាលោកយេស៊ូយល់អំពីអារម្មណ៍របស់យើង ហើយលោកអាច«យល់ភាពទន់ខ្សោយរបស់យើង» ដោយសារលោក«បានត្រូវល្បងលគ្រប់ជំពូកដូចយើងដែរ»។ (ហេប្រឺ ៤:១៥; ៥:៨) ពួក១៤៤.០០០នាក់ក៏ធ្លាប់ជាមនុស្សដែរ ហើយពួកគាត់ជួបទុក្ខលំបាកដែលមកពីភាពខុសឆ្គងនិងជំងឺ។ ដូច្នេះ យើងអាចមានទំនុកចិត្តថាលោកយេស៊ូនិងពួក១៤៤.០០០នាក់មិនគ្រាន់តែយល់អំពីអារម្មណ៍របស់យើងប៉ុណ្ណោះទេ តែពួកគាត់ក៏យល់អំពីបញ្ហាទាំងប៉ុន្មានដែលយើងជួបប្រទះដែរ។
តើរាជាណាចក្រព្រះនឹងធ្វើអ្វីខ្លះ?
១១. ហេតុអ្វីលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ?
១១ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ ហេតុអ្វី? ពីព្រោះយើងបានរៀនក្នុងជំពូកទី៣ថាមេកំណាចសាថានបានប្រឆាំងបះបោរនឹងព្រះយេហូវ៉ា។ ក្រោយពីការប្រឆាំងបះបោរនោះ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាថាននិងទេវតាមិនស្មោះត្រង់ ឬពួកវិញ្ញាណកំណាចស្ថិតនៅស្ថានសួគ៌អស់មួយរយៈពេល។ ហេតុនេះ មិនមែនបុគ្គលវិញ្ញាណទាំងអស់នៅស្ថានសួគ៌កំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះឡើយ។ ក្នុងជំពូកទី១០ យើងនឹងរៀនថែមទៀតអំពីសាថាននិងពួកវិញ្ញាណកំណាច។
១២. តើការបើកបង្ហាញ ១២:១០ រៀបរាប់អំពីព្រឹត្ដិការណ៍ដ៏សំខាន់ពីរយ៉ាងអ្វី?
១២ គម្ពីរពន្យល់ថាមិនយូរក្រោយពីលោកយេស៊ូទទួលអំណាចគ្រប់គ្រងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះ លោកបានច្បាំងនឹងសាថាន។ (សូមអាន ការបើកបង្ហាញ ១២:៧-១០) ខ១០រៀបរាប់អំពីព្រឹត្ដិការណ៍ដ៏សំខាន់ពីរ គឺរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងដោយមានលោកយេស៊ូជាស្តេច ហើយសាថានបានត្រូវបោះទម្លាក់មកផែនដី។ កាលដែលយើងរៀនថែមទៀត យើងនឹងដឹងថាព្រឹត្ដិការណ៍ទាំងនេះបានកើតឡើងរួចទៅហើយ។
១៣. តើមានអ្វីកើតឡើងនៅស្ថានសួគ៌ពេលសាថានបានត្រូវបោះទម្លាក់ចេញ?
១៣ គម្ពីរប្រាប់អំពីអំណរដែលពួកទេវតាស្មោះត្រង់មាន ក្រោយពីសាថាននិងពួកវិញ្ញាណកំណាចបានត្រូវបោះទម្លាក់ពីស្ថានសួគ៌។ គម្ពីរចែងថា៖ «ស្ថានសួគ៌និងអស់អ្នកដែលអាស្រ័យនៅស្ថានសួគ៌អើយ ចូររីករាយចុះ»។ (ការបើកបង្ហាញ ១២:១២) ឥឡូវនេះ នៅស្ថានសួគ៌មានសេចក្ដីសុខសាន្តនិងសាមគ្គីភាពយ៉ាងពេញលេញ ពីព្រោះបុគ្គលវិញ្ញាណទាំងអស់ដែលនៅស្ថានសួគ៌កំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះ។
១៤. ដោយសារសាថានបានត្រូវបោះទម្លាក់ពីស្ថានសួគ៌ តើមានអ្វីកើតឡើងដល់ផែនដី?
១៤ ផ្ទុយទៅវិញ ស្ថានភាពនៅផែនដីគឺខុសគ្នាឆ្ងាយណាស់។ ទុក្ខវេទនាជាច្រើនបានកើតឡើងដល់មនុស្សជាតិ‹ពីព្រោះមេកំណាចបានចុះមក› ហើយវា«មានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច»។ (ការបើកបង្ហាញ ១២:១២) សាថានមានកំហឹងយ៉ាងខ្លាំង។ វាបានត្រូវបោះទម្លាក់ពីស្ថានសួគ៌ ហើយវាដឹងថាវានឹងត្រូវបំផ្លាញចោលក្នុងពេលឆាប់ៗនេះ។ វាព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានទុក្ខវេទនានិងការឈឺចាប់ទូទាំងពិភពលោក។
១៥. តើបំណងប្រាថ្នារបស់ព្រះសម្រាប់ផែនដីជាអ្វី?
១៥ ប៉ុន្តែ បំណងប្រាថ្នារបស់ព្រះសម្រាប់ផែនដីមិនបានផ្លាស់ប្ដូរទេ។ លោកនៅតែចង់ឲ្យមនុស្សល្អឥតខ្ចោះរស់ជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន។ (ទំនុកតម្កើង ៣៧:២៩) ដូច្នេះ តើរាជាណាចក្ររបស់ព្រះអាចសម្រេចបំណងប្រាថ្នារបស់លោកយ៉ាងដូចម្ដេច?
១៦, ១៧. តើដានីយ៉ែល ២:៤៤ ប្រាប់យើងអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
១៦ ទំនាយក្នុងដានីយ៉ែល ២:៤៤ចែងថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ[រាជាណាចក្រ]១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ តើទំនាយនេះបង្រៀនយើងអ្វីអំពីរាជាណាចក្ររបស់ព្រះ?
១៧ ទី១ ខនោះប្រាប់យើងឲ្យដឹងថារាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រង«នៅគ្រានៃស្តេចទាំងនោះ»។ នេះមានន័យថារាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រង នៅពេលដែលមានរដ្ឋាភិបាលឯទៀតនៅផែនដីនៅឡើយ។ ទី២ ខនោះប្រាប់ថារាជាណាចក្ររបស់ព្រះនឹងស្ថិតស្ថេរជារៀងរហូត ហើយគ្មានរដ្ឋាភិបាលណាផ្សេងទៀតមកគ្រប់គ្រងជំនួសឡើយ។ ទី៣ ខនោះថែមទាំងប្រាប់យើងឲ្យដឹងថានឹងមានសង្គ្រាមរវាងរាជាណាចក្ររបស់ព្រះ និងរដ្ឋាភិបាលទាំងប៉ុន្មានរបស់ពិភពលោកនេះ។ រាជាណាចក្ររបស់ព្រះនឹងទទួលជ័យជម្នះ ហើយក្លាយទៅជារដ្ឋាភិបាលតែមួយគត់ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។ ពេលនោះ មនុស្សជាតិនឹងមានរដ្ឋាភិបាលដ៏ល្អបំផុត។
១៨. តើសង្គ្រាមចុងក្រោយរវាងរាជាណាចក្ររបស់ព្រះនិងរដ្ឋាភិបាលក្នុងពិភពលោកនេះបានត្រូវហៅថាអ្វី?
១៨ តើតាមរបៀបណារាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រងមកលើផែនដី? មុនសង្គ្រាមចុងក្រោយដែលហៅថាសង្គ្រាមហាម៉ាគេដូន ពួកវិញ្ញាណកំណាចនឹងបំភាន់«ស្តេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី . . . ដើម្បីប្រមូលស្តេចទាំងនោះសម្រាប់សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ ពិតណាស់ រដ្ឋាភិបាលរបស់មនុស្សនឹងច្បាំងរាជាណាចក្ររបស់ព្រះ (សូមមើលលេខ១០ក្នុងកំណត់នៅចុងសៀវភៅ)។—ការបើកបង្ហាញ ១៦:១៤, ១៦
១៩, ២០. ហេតុអ្វីយើងត្រូវការរាជាណាចក្ររបស់ព្រះគ្រប់គ្រងលើផែនដី?
១៩ ហេតុអ្វីយើងត្រូវការរាជាណាចក្ររបស់ព្រះ? យ៉ាងហោចណាស់មានមូលហេតុបីយ៉ាង។ ទី១ យើងមានភាពខុសឆ្គង ដូច្នេះយើងឈឺហើយស្លាប់ទៅវិញ។ ប៉ុន្តែ គម្ពីរប្រាប់ថាក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ យើងនឹងរស់ជារៀងរហូត។ តាមពិត យ៉ូហាន ៣:១៦ ចែងថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។
២០ មូលហេតុទី២ដែលយើងត្រូវការរាជាណាចក្ររបស់ព្រះ គឺដោយសារមានមនុស្សជាច្រើនធ្វើអំពើអាក្រក់។ ជាឧទាហរណ៍ ពួកគេភូតភរ កេងប្រវ័ញ្ច ហើយប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ យើងគ្មានសមត្ថភាពបំបាត់ចោលអស់អ្នកដែលធ្វើអំពើអាក្រក់ឡើយ តែព្រះនឹងធ្វើដូច្នេះ។ មនុស្សដែលបន្តធ្វើអំពើអាក្រក់នឹងត្រូវបំផ្លាញចោលក្នុងសង្គ្រាមហាម៉ាគេដូន។ (សូមអាន ទំនុកតម្កើង ៣៧:១០) មូលហេតុទី៣ដែលយើងត្រូវការរាជាណាចក្ររបស់ព្រះ គឺរដ្ឋាភិបាលរបស់មនុស្សខ្វះសមត្ថភាព សាហាវ ឬពោរពេញទៅដោយអំពើពុករលួយ។ ពួកគេមិនជួយណែនាំមនុស្សឲ្យស្ដាប់បង្គាប់ព្រះឡើយ។ គម្ពីរប្រាប់ថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩
២១. តើតាមរបៀបណារាជាណាចក្រព្រះធ្វើឲ្យប្រាកដថាបំណងប្រាថ្នារបស់ព្រះនឹងសម្រេចនៅផែនដី?
២១ ក្រោយសង្គ្រាមហាម៉ាគេដូន រាជាណាចក្រព្រះនឹងធ្វើឲ្យប្រាកដថាបំណងប្រាថ្នារបស់ព្រះនឹងសម្រេចនៅផែនដី។ ជាឧទាហរណ៍ រាជាណាចក្រនោះនឹងបំផ្លាញចោលសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ (ការបើកបង្ហាញ ២០:១-៣) នៅទីបំផុត នឹងលែងមានអ្នកណាម្នាក់ឈឺហើយស្លាប់ទៀត។ ដោយសារថ្លៃលោះ មនុស្សស្មោះត្រង់ទាំងអស់នឹងអាចរស់នៅជារៀងរហូតក្នុងសួនឧទ្យាន។ (ការបើកបង្ហាញ ២២:១-៣) រាជាណាចក្រព្រះនឹងធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ។ តើនេះមានន័យអ្វី? នេះមានន័យថាពេលរដ្ឋាភិបាលរបស់ព្រះគ្រប់គ្រងមកលើផែនដី មនុស្សទាំងអស់នឹងសរសើរតម្កើងនាមព្រះយេហូវ៉ា (សូមមើលលេខ២១ក្នុងកំណត់នៅចុងសៀវភៅ)។
តើលោកយេស៊ូបានក្លាយទៅជាស្តេចនៅពេលណា?
២២. តើតាមរបៀបណាយើងដឹងថាលោកយេស៊ូមិនបានក្លាយទៅជាស្តេច ពេលលោកនៅផែនដី ឬក៏ភ្លាមៗក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ?
២២ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»។ ដូច្នេះ យើងយល់ច្បាស់ថារដ្ឋាភិបាលរបស់ព្រះនឹងមកនៅអនាគត។ មុនដំបូង ព្រះយេហូវ៉ានឹងស្ថាបនារដ្ឋាភិបាលរបស់លោកឡើង ហើយតែងតាំងលោកយេស៊ូឲ្យធ្វើជាស្តេច។ តើលោកយេស៊ូបានត្រូវតែងតាំងឲ្យធ្វើជាស្តេច ពេលលោកទៅដល់ស្ថានសួគ៌ភ្លាមឬ? មិនមែនទេ លោកត្រូវតែរង់ចាំសិន។ អស់មួយរយៈពេលក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ពេត្រុសនិងប៉ូលបានដកស្រង់ទំនាយនៅ ទំនុកតម្កើង ១១០:១ ដែលបញ្ជាក់ថាលោកយេស៊ូត្រូវរង់ចាំអស់មួយរយៈពេលសិន។ ក្នុងទំនាយនោះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នក ជាកំណល់កល់ជើងអ្នក»។ (សកម្មភាព ២:៣២-៣៥; ហេប្រឺ ១០:១២, ១៣) តើលោកយេស៊ូត្រូវចាំអស់រយៈពេលប៉ុន្មានមុនព្រះយេហូវ៉ាតែងតាំងលោកឲ្យធ្វើជាស្តេច?
រាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យប្រាកដថា បំណងប្រាថ្នារបស់ព្រះនឹងសម្រេចនៅផែនដី
២៣. (ក) តើលោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងជាស្តេចក្នុងរដ្ឋាភិបាលរបស់ព្រះនៅពេលណា? (ខ) តើយើងនឹងរៀនអ្វីក្នុងជំពូកបន្ទាប់?
២៣ អស់ជាច្រើនឆ្នាំមុនឆ្នាំ១៩១៤ គ្រិស្តសាសនិកមួយក្រុមដែលមានចិត្តស្មោះ បានយល់ថាឆ្នាំ១៩១៤គឺជាឆ្នាំដ៏សំខាន់ចំពោះទំនាយក្នុងគម្ពីរ។ ព្រឹត្ដិការណ៍ជាច្រើនដែលបានកើតឡើងតាំងពីឆ្នាំ១៩១៤ បង្ហាញឲ្យឃើញថាពួកគាត់បានយល់ត្រូវមែន។ លោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចនៅឆ្នាំនោះ។ (ទំនុកតម្កើង ១១០:២) មិនយូរក្រោយមក សាថានបានត្រូវបោះទម្លាក់មកផែនដី ហើយឥឡូវ«វាមានពេលតែបន្ដិចបន្តួច»។ (ការបើកបង្ហាញ ១២:១២) ក្នុងជំពូកបន្ទាប់ យើងនឹងរៀនអំពីភ័ស្តុតាងថែមទៀតដែលបញ្ជាក់ថាយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់។ យើងក៏នឹងរៀនដែរថានៅពេលឆាប់ៗនេះរាជាណាចក្រព្រះនឹងធ្វើឲ្យប្រាកដថាបំណងប្រាថ្នារបស់ព្រះនឹងសម្រេចនៅផែនដី (សូមមើលលេខ២២ក្នុងកំណត់នៅចុងសៀវភៅ)។