មេរៀនទី៥០
ព្រះយេហូវ៉ាការពារយេហូសាផាត
ស្ដេចយេហូសាផាតនៃរាជាណាចក្រយូដាបានបំផ្លាញទីបូជាព្រះបាល និងដករូបព្រះផ្សេងៗចេញពីទឹកដី។ គាត់ចង់ឲ្យបណ្ដាជនស្គាល់ច្បាប់របស់ព្រះយេហូវ៉ា។ ដូច្នេះ គាត់បានចាត់ពួកមេដឹកនាំនិងពួកលេវី ឲ្យទៅបង្រៀនបណ្ដាជនយូដាទាំងអស់។
ប្រជាជាតិជិតខាងមិនហ៊ានធ្វើសង្គ្រាមនឹងពួកយូដាទេ ដោយសារពួកគេដឹងថាព្រះយេហូវ៉ានៅជាមួយរាស្ត្ររបស់លោក។ ពួកគេថែមទាំងយកអំណោយជូនស្ដេចយេហូសាផាតទៀតផង។ ប៉ុន្តែក្រោយមក ពួកម៉ូអាប់ ពួកអាំម៉ូន និងពួកអ្នករស់នៅតំបន់ភ្នំសៀ បានលើកគ្នាមកច្បាំងនឹងពួកយូដា។ យេហូសាផាតដឹងថា គាត់ត្រូវការជំនួយពីព្រះយេហូវ៉ា។ គាត់បានកោះហៅបុរស ស្ត្រី និងក្មេងៗឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡិម។ រួចមក នៅចំពោះមុខបណ្ដាជនទាំងអស់ គាត់អធិដ្ឋានថា៖ ‹ព្រះយេហូវ៉ាអើយ បើគ្មានលោកទេ យើងមិនអាចវាយឈ្នះពួកគេបានឡើយ។ សូមប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើ›។
ព្រះយេហូវ៉ាតបឆ្លើយថា៖ ‹កុំភ័យខ្លាចឡើយ ខ្ញុំនឹងជួយអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាគ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលរបៀបដែលខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នា›។ តើព្រះយេហូវ៉ានឹងជួយសង្គ្រោះពួកគេតាមរបៀបណា?
នៅព្រឹកបន្ទាប់ យេហូសាផាតបានជ្រើសរើសអ្នកចម្រៀងខ្លះ ហើយប្រាប់ពួកគេឲ្យដើរនាំមុខកងទ័ព។ ពួកគេបានដើរនាំមុខកងទ័ពចេញពីក្រុងយេរូសាឡិម ទៅសមរភូមិក្បែរក្រុងថេកូអា។
ខណៈដែលពួកអ្នកចម្រៀងស្រែកច្រៀងខ្លាំងៗសរសើរព្រះយេហូវ៉ាដោយអំណរ នោះលោកក៏ច្បាំងជំនួសរាស្ត្ររបស់លោក។ លោកបានធ្វើឲ្យពួកអាំម៉ូន និងពួកម៉ូអាប់ច្របូកច្របល់ រហូតដល់ពួកគេវាយសម្លាប់គ្នាឯង ហើយគ្មានអ្នកណាម្នាក់នៅរស់ទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានការពារបណ្ដាជនយូដា ពួកកងទ័ព និងពួកសង្ឃ។ ពេលប្រជាជាតិជិតខាងបានឮដំណឹងនេះ ពួកគេដឹងថាព្រះយេហូវ៉ានៅតែការពាររាស្ត្ររបស់លោក។ តើព្រះយេហូវ៉ាតែងប្រើវិធីអ្វីដើម្បីសង្គ្រោះរាស្ត្ររបស់លោក? គឺលោកប្រើវិធីផ្សេងៗ ដោយមិនត្រូវការជំនួយពីមនុស្សឡើយ។
«អ្នករាល់គ្នាមិនចាំបាច់ច្បាំងទេ គ្រាន់តែតម្រៀបគ្នា ឈរស្ងៀម ហើយចាំមើលព្រះយេហូវ៉ាសង្គ្រោះអ្នករាល់គ្នាចុះ»។—ប្រវត្តិហេតុទី២ ២០:១៧