៦៧
ស្តេចយ៉ូសាផាតទុកចិត្តលើព្រះយេហូវ៉ា
តើអ្នកដឹងបុរសទាំងអស់នេះជាពួកណាទេ ហើយតើពួកគេកំពុងតែធ្វើអ្វី? ពួកគេកំពុងតែទៅធ្វើចម្បាំង ហើយពួកបុរសនៅខាងមុខនេះ គឺកំពុងតែច្រៀង។ ប៉ុន្តែអ្នកប្រហែលជាសួរថា៖ ‹ហេតុអ្វីបានជាអ្នកច្រៀងទាំងនេះ មិនមានដាវនិងលំពែងទៅច្បាំងដូច្នេះ›? សូមឲ្យយើងពិនិត្យមើល។
យ៉ូសាផាតជាស្តេចនៃព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធពីរ។ ទ្រង់មានព្រះជន្មរស់នៅក្នុងសម័យដំណាលគ្នានឹងស្តេចអ័ហាប់និងមហាក្សត្រីយេសិបិលនៃព្រះរាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០នោះ។ ប៉ុន្តែ យ៉ូសាផាតជាស្តេចដ៏ល្អម្នាក់ ហើយបិតារបស់ទ្រង់ស្តេចអេសាក៏ជាស្តេចដ៏ប្រសើរម្នាក់ដែរ។ ដូច្នេះ ប្រជាជននៃព្រះរាជាណាចក្រខាងត្បូងដែលមានកុលសម្ព័ន្ធពីរ សប្បាយនឹងជីវភាពដ៏ប្រសើរជាច្រើនឆ្នាំ។
ប៉ុន្តែ ឥឡូវនេះមានអ្វីមួយកើតឡើង ដែលធ្វើឲ្យប្រជាជនមានការភិតភ័យ។ ពួកអ្នកនាំសារបានរាយការណ៍ទូលប្រាប់ស្តេចយ៉ូសាផាតថា៖ ‹មានកងទ័ពយ៉ាងសន្ធឹកចេញពីស្រុកម៉ូអាប់ អាំម៉ូន និងពីភ្នំសៀរ កំពុងតែមកច្បាំងនឹងព្រះអម្ចាស់›។ ប្រជាជនអ៊ីស្រាអែលជាច្រើនក៏ប្រមូលគ្នាមកឯក្រុងយេរូសាឡិម ដើម្បីពឹងព្រះយេហូវ៉ាឲ្យជួយគេ។ ពួកគេនាំគ្នាទៅឯព្រះវិហារ ហើយនៅទីនោះស្តេចយ៉ូសាផាតអធិស្ឋានថា៖ ‹ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ យើងខ្ញុំមិនអាចទប់ទល់នឹងពួកទ័ពយ៉ាងសន្ធឹកនេះបានទេ ក៏មិនដឹងធ្វើដូចម្ដេចដែរ។ យើងខ្ញុំម្ចាស់សូមបែរទៅរកទ្រង់ឲ្យជួយផង›។
ព្រះយេហូវ៉ាទ្រង់ជ្រាបឮ រួចបណ្ដាលឲ្យអ្នកបំរើរបស់ទ្រង់ម្នាក់ប្រាប់ដល់ប្រជាជនថា៖ ‹ចម្បាំងនេះមិនមែនជាចម្បាំងរបស់ពួកឯងទេ គឺជាចម្បាំងរបស់ព្រះវិញ។ អ្នករាល់គ្នាមិនចាំបាច់ច្បាំងទេ។ គ្រាន់តែចាំមើលនូវរបៀបដែលព្រះយេហូវ៉ានឹងសង្គ្រោះអ្នករាល់គ្នានោះបានហើយ›។
ដូច្នេះ ស្អែកឡើងស្តេចយ៉ូសាផាតមានបន្ទូលប្រាប់ប្រជារាស្ត្រថា៖ ‹ចូរទុកចិត្តលើព្រះយេហូវ៉ាចុះ›! បន្ទាប់មក ទ្រង់ដាក់ពួកអ្នកច្រៀងនៅខាងមុខពួកទាហានរបស់ទ្រង់ ហើយកាលដែលពួកគេដើរដង្ហែជាជួរទៅ គេក៏ច្រៀងបទសរសើរដំកើងដល់ព្រះយេហូវ៉ា។ តើអ្នកដឹងមានអ្វីកើតឡើងទេ ពេលដែលគេទៅជិតដល់សមរភូមិនោះ? ព្រះយេហូវ៉ាធ្វើឲ្យពួកទ័ពសត្រូវច្បាំងជាមួយនឹងគ្នាឯង។ ហើយកាលដែលប្រជាជនអ៊ីស្រាអែលមកដល់ គេឃើញពួកទាហានសត្រូវគ្រប់គ្នាស្លាប់អស់រលីង!
តើស្តេចយ៉ូសាផាតមិនប្រកបដោយប្រាជ្ញាទេឬ ដែលបានទុកចិត្តលើព្រះយេហូវ៉ានោះ? យើងនឹងប្រកបដោយប្រាជ្ញាដែរ បើយើងទុកចិត្តលើទ្រង់នោះ។
ពង្សាវតារក្សត្រទី១ ២២:៤១-៥៣; របាក្សត្រទី២ ២០:១-៣០