៥ អាប្រាហាំ
គាត់ជួបការពិបាកដ៏ខ្លាំងបំផុត
ឥឡូវអាប្រាហាំមានវ័យចាស់ គាត់កំពុងបោះជំហានយឺតៗធ្វើដំណើរឆ្ពោះទៅកាន់កន្លែងដែលព្រះយេហូវ៉ាប្រាប់គាត់ឲ្យទៅ។ ការធ្វើដំណើរនេះចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែនេះប្រាកដជាដំណើរដ៏ពិបាកបំផុតក្នុងជីវិតរបស់គាត់។
នៅតាមផ្លូវ អាប្រាហាំចេះតែគិតអំពីអ្វីដែលព្រះបានប្រាប់គាត់ថា៖ «សូមនាំអ៊ីសាកកូនតែមួយជាទីស្រឡាញ់របស់អ្នក ធ្វើដំណើរទៅតំបន់ភ្នំម៉ូរីយ៉ា ហើយជូនគាត់ជាគ្រឿងបូជាដុតនៅលើភ្នំដែលខ្ញុំនឹងបង្ហាញអ្នក»។ ព្រះយេហូវ៉ាដឹងថាអាប្រាហាំស្រឡាញ់អ៊ីសាកខ្លាំងណាស់ ចុះម្ដេចបានជាលោកប្រាប់គាត់ឲ្យធ្វើដូច្នេះ? ចំណែកអាប្រាហាំវិញ ហេតុអ្វីគាត់អាចមានជំនឿនិងចិត្តក្លាហានធ្វើតាមបង្គាប់របស់ព្រះ?
គម្ពីរហៅអាប្រាហាំថា៖ «ឪពុករបស់អស់អ្នកដែលមានជំនឿ»។ (រ៉ូម ៤:១១) សូម្បីតែមុនដែលព្រះយេហូវ៉ាបង្គាប់អាប្រាហាំឲ្យធ្វើរឿងនោះ គាត់មានជំនឿរឹងមាំរួចទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានពង្រឹងជំនឿរបស់គាត់ផងដែរ។ ជាឧទាហរណ៍ ជាច្រើនឆ្នាំមុនអ៊ីសាកកើតមក ព្រះយេហូវ៉ាបានប្រាប់អាប្រាហាំថា លោកនឹងបំផ្លាញមនុស្សអាក្រក់នៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ នេះបានធ្វើឲ្យអាប្រាហាំខ្វល់ខ្វាយចិត្តដល់ម្ល៉េះ បានជាគាត់សួរព្រះយេហូវ៉ាថា តើលោកនឹងបំផ្លាញទាំងមនុស្សល្អទាំងមនុស្សអាក្រក់មែនឬ? ដូច្នេះ ព្រះយេហូវ៉ាបានបង្រៀនអាប្រាហាំដោយចិត្តអត់ធ្មត់ថា បើលោកឃើញមានមនុស្សល្អតែប៉ុន្មាននាក់ លោកនឹងមិនបំផ្លាញអ្នកក្រុងទាំងនោះឡើយ។ (ដក. ១៨:១៦-៣៣) អាប្រាហាំមិនដែលភ្លេចមេរៀននោះទេ គឺថាព្រះយេហូវ៉ាជាព្រះដែលយុត្តិធម៌និងមានមេត្តាករុណា។
ពេលព្រះយេហូវ៉ាបានសុំអាប្រាហាំឲ្យធ្វើអ្វីមួយដែលពិបាកបំផុតសម្រាប់ឪពុក ហេតុអ្វីគាត់អាចមានចិត្តក្លាហានស្ដាប់បង្គាប់លោក?
មិនយូរក្រោយពីព្រឹត្តិការណ៍នោះ ព្រះយេហូវ៉ាបានធ្វើការដ៏អស្ចារ្យមួយសម្រាប់អាប្រាហាំនិងសារ៉ា។ តើនោះជាអ្វី? គឺលោកធ្វើឲ្យពួកគាត់មានសមត្ថភាពបង្កើតកូន ទោះជាពេលនោះសារ៉ាមានអាយុជិត៩០ឆ្នាំ ហើយអាប្រាហាំមានអាយុជិត១០០ឆ្នាំក៏ដោយ។ លោកបានឲ្យពួកគាត់មានកូនប្រុសម្នាក់ឈ្មោះអ៊ីសាក។ អាប្រាហាំរៀនថា គ្មានអ្វីដែលព្រះយេហូវ៉ាមិនអាចធ្វើបានឡើយ! (រ៉ូម ៤:១៨, ១៩) មេរៀននេះច្បាស់ជាបានដក់ជាប់ក្នុងចិត្តរបស់អាប្រាហាំ។
ទោះជារឿងទាំងនោះកន្លងទៅប្រមាណ២៥ឆ្នាំក្ដី អាប្រាហាំច្បាស់ជាបានគិតម្ដងហើយម្ដងទៀតអំពីបទពិសោធន៍ទាំងនោះ កាលដែលគាត់ធ្វើដំណើរទៅភ្នំម៉ូរីយ៉ា។ គាត់ជឿជាក់ថាបើអ៊ីសាកត្រូវស្លាប់មែន ព្រះយេហូវ៉ាមានបំណងចិត្តនិងមានសមត្ថភាពដើម្បីប្រោសកូនគាត់ឲ្យរស់ឡើងវិញ។ (ហេ. ១១:១៩) សេចក្ដីសង្ឃឹមនេះជួយគាត់ឲ្យមានចិត្តក្លាហានបន្តដំណើរឆ្ពោះទៅកាន់គោលដៅរបស់គាត់។
ពេលអាប្រាហាំឃើញពីចម្ងាយនូវកន្លែងដែលព្រះយេហូវ៉ាបានបង្គាប់គាត់ឲ្យទៅ គាត់ក៏ប្រាប់អ្នកបម្រើឲ្យនៅចាំគាត់សិន ក្នុងកាលដែលគាត់និងអ៊ីសាកឡើងទៅលើភ្នំដើម្បីជូនគ្រឿងបូជា។ គាត់និយាយដោយមានទំនុកចិត្តប្រាប់អ្នកបម្រើថា គាត់និងអ៊ីសាកនឹងត្រឡប់មកវិញ។ ពេលទៅដល់លើភ្នំ អាប្រាហាំចាត់វិធានការធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។ ដំបូង អាប្រាហាំចងដៃចងជើងអ៊ីសាក រួចដាក់អ៊ីសាកលើទីបូជា។ ទោះជាអ៊ីសាកនៅក្មេង និងមានកម្លាំងច្រើនជាងឪពុកក្ដី អ៊ីសាកមិនជំទាស់នឹងឪពុកទេ។ លុះចងអ៊ីសាករួច អាប្រាហាំលើកកាំបិតប្រុងនឹងសម្លាប់អ៊ីសាកជាកូនដែលគាត់ស្រឡាញ់ខ្លាំងណាស់ តែពេលនោះស្រាប់តែមានសំឡេងទេវតាស្រែកហៅឈ្មោះគាត់ ហើយនិយាយថា៖ «កុំសម្លាប់កូននោះឡើយ»។
បន្ទាប់មក ព្រះយេហូវ៉ាបានសរសើរអាប្រាហាំ ដោយសារគាត់មានជំនឿនិងស្ដាប់បង្គាប់លោក។ ដូច្នេះ លោកបានបញ្ជាក់សេចក្ដីសន្យារបស់លោកម្ដងទៀតថា អាប្រាហាំនឹងមានកូនចៅច្រើនសន្ធឹក ហើយ«គ្រប់ប្រជាជាតិនៅផែនដី»នឹងទទួលពរដ៏អស្ចារ្យតាមរយៈគាត់។
រហូតមកដល់សព្វថ្ងៃ ព្រះយេហូវ៉ាកំពុងតែចាត់វិធានការដើម្បីធ្វើឲ្យសេចក្ដីសន្យារបស់លោកចំពោះអាប្រាហាំក្លាយជាការពិត។ សេចក្ដីសន្យានោះនឹងផ្ដល់ប្រយោជន៍ដល់មនុស្សជារៀងរហូត។ រឿងរបស់អាប្រាហាំក៏ជួយយើងឲ្យយល់ដឹងខ្លះៗទុកជាមុនអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើ ដើម្បីសង្គ្រោះមនុស្សស្មោះត្រង់ទាំងអស់។ ដូចអាប្រាហាំសុខចិត្តលះបង់កូនតែមួយរបស់គាត់ ព្រះយេហូវ៉ាក៏សុខចិត្តលះបង់បុត្រតែមួយរបស់លោកគឺលោកយេស៊ូ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ (យ៉ូន. ៣:១៦) ដូច្នេះ ពេលយើងអានកំណត់ហេតុអំពីការលះបង់របស់អាប្រាហាំ យើងអាចស្រមៃឃើញថាព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងប៉ុនណា។
បើយើងរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍និងបានធ្វើនៅអតីតកាល យើងក៏អាចមានជំនឿរឹងមាំដូចអាប្រាហាំដែរ។ ពេលជំនឿរបស់យើងកាន់តែរឹងមាំ យើងកាន់តែមានចិត្តក្លាហាន។ យើងមិនចាំបាច់បារម្ភថា ព្រះយេហូវ៉ានឹងឲ្យយើងធ្វើអ្វីដូចដែលលោកបានប្រាប់អាប្រាហាំឲ្យធ្វើនោះទេ។ ប៉ុន្តែ បើយើងមានជំនឿលើលោក យើងនឹងមានចិត្តក្លាហានធ្វើតាមបង្គាប់ទាំងអស់របស់លោក មិនថាស្រួលឬពិបាកក្ដី។ ពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា យើងនឹងទទួលពរហួសពីការនឹកស្មាន!
សូមអានកំណត់ហេតុគម្ពីរ
សម្រាប់ការពិគ្រោះ
ក្នុងកំណត់ហេតុនេះ តើអាប្រាហាំបានបង្ហាញចិត្តក្លាហានយ៉ាងដូចម្ដេច?
បង្កើនចំណេះ
១. តើយើងដឹងយ៉ាងដូចម្ដេចថាអាប្រាហាំជាបុគ្គលពិត? (g ៥/១២ ទំ.១៨, ប្រអប់; it «អាប្រាហាំ» វ.២២-២៣) ក
រូបភាព ក: អក្សរចារឹករៀបរាប់អំពី«វាលរបស់អាប់រ៉ាម»នៅលើជញ្ជាំងមួយក្នុងតំបន់ខាណាក់នៃប្រទេសអេហ្ស៊ីប
២.តើអាប្រាហាំប្រហែលជាបានរៀនអំពីព្រះយេហូវ៉ាតាមរបៀបណា? (ia ទំ.២៦ វ.៤-៥)
៣.ហេតុអ្វីព្រះយេហូវ៉ាពេញចិត្តការគោរពប្រណិប័តន៍របស់អាប្រាហាំ? (rr ទំ.២០ វ.១៨)
៤. តើពាក្យសន្យារបស់ព្រះយេហូវ៉ាចំពោះអាប្រាហាំនៅដើមកំណើត ២២:១៧ បញ្ជាក់យ៉ាងណាថាគម្ពីរគឺត្រឹមត្រូវតាមវិទ្យាសាស្ត្រ? (g៨៨ ៨/៤ ទំ.២៥) ខ
រូបភាព ខ
រូបភាព ខ
រំពឹងគិតដើម្បីទាញមេរៀន
តើសេចក្ដីសង្ឃឹមរបស់អាប្រាហាំជួយគាត់ឲ្យមានចិត្តក្លាហានយ៉ាងដូចម្ដេច? ហើយហេតុអ្វីការផ្ដោតទៅលើសេចក្ដីសង្ឃឹមជួយយើងឲ្យមានចិត្តក្លាហាន? គ
រូបភាព គ
តើតាមរបៀបណាយើងអាចបង្ហាញចិត្តក្លាហានដូចអាប្រាហាំ . . .
តើអ្នកអាចបង្ហាញចិត្តក្លាហានដូចអាប្រាហាំតាមរបៀបណាទៀត?
រំពឹងគិតអំពីព្រះយេហូវ៉ានិងគោលបំណងលោក
តើកំណត់ហេតុនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេហូវ៉ា?
តើកំណត់ហេតុនេះទាក់ទងយ៉ាងណានឹងគោលបំណងរបស់ព្រះយេហូវ៉ា?
ពេលអាប្រាហាំនិងអ៊ីសាកបានត្រូវប្រោសឲ្យរស់ឡើងវិញ តើខ្ញុំចង់សួរពួកគាត់អំពីរឿងអ្វីខ្លះ?
រៀនថែមទៀត
សូមមើលព្រឹត្តិការណ៍ដ៏រស់រវើកក្នុងកំណត់ហេតុនេះ។
ចូរយកតម្រាប់ជំនឿរបស់ពួកគាត់ អាប្រាហាំ ភាគទី២ (១១:១០)
តើតាមរបៀបណាអាប្រាហាំក្លាយទៅជាមិត្តសម្លាញ់ព្រះយេហូវ៉ា? ហើយតើអ្នកអាចពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយលោកយ៉ាងដូចម្ដេច?
«ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›» (w១៦.០២ ទំ.៣-៨)