ការចុះចូលដោយចិត្តរីករាយចំពោះអំណាច
«អ្នករាល់គ្នា . . . បានស្ដាប់ដោយស្ម័គ្រពីចិត្ត»។—រ៉ូម ៦:១៧
១, ២. (ក) នៅសព្វថ្ងៃនេះ តើវិញ្ញាណអ្វីដែលឃើញជាក់ស្តែងនៅក្នុងលោកីយ៍នេះ ហើយតើអ្វីជាប្រភពនិងអានុភាពរបស់វា? (ខ) តើពួកអ្នកបំរើព្រះយេហូវ៉ាដែលបានថ្វាយខ្លួនហើយ បង្ហាញថាពួកគេខុសប្លែកជាយ៉ាងណា?
«វិញ្ញាណដែលឥឡូវនេះកំពុងតែធ្វើប្រតិបត្ដិការនៅក្នុងពួកមនុស្សល្មើសនឹងព្រះ» គឺជាអ្វីដែលឃើញជាក់ស្តែងណាស់នៅសព្វថ្ងៃនេះ។ នេះជាវិញ្ញាណនៃឯកចិត្តដែលមិនអាចទប់បាន ដែលភាយចេញមកពីសាតាំង ជា«មេគ្រប់គ្រងនៃអំណាចនៃខ្យល់អាកាស»។ វិញ្ញាណនេះ «ខ្យល់អាកាស»នេះ ឬអាកប្បកិរិយាដ៏លុបលើនៃអញនិយមនិងសេចក្ដីល្មើសនេះ បញ្ចេញ«អំណាច» ឬអានុភាពទៅលើមនុស្សជាតិភាគច្រើន។ នេះហើយជាមូលហេតុមួយ ដែលលោកីយ៍នេះកំពុងតែពិសោធអ្វីដែលហៅថា វិបត្ដិនៃអំណាច។—អេភេសូរ ២:២, ពថ
២ គួរឲ្យត្រេកអរដែរនៅសព្វថ្ងៃនេះ ពួកអ្នកបំរើព្រះយេហូវ៉ាដែលបានថ្វាយខ្លួនហើយ មិនបំពេញសួតខាងវិញ្ញាណរបស់គេនឹង«ខ្យល់អាកាស»ដ៏កខ្វក់ ឬវិញ្ញាណនៃការបះបោរនេះទេ។ ពួកគេដឹងថា«សេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស»។ សាវកប៉ុលបន្ថែមទៀតថា៖ «ដូច្នេះ កុំឲ្យមានចំណែកជា[មួយ]នឹងគេឡើយ»។ (អេភេសូរ ៥:៦, ៧) ផ្ទុយទៅវិញ ពួកជនគ្រីស្ទានពិតខំខ្នះខ្នែងឲ្យបាន«ពេញជាព្រះវិញ្ញាណ[របស់ព្រះយេហូវ៉ា]វិញ» ហើយពួកគេទទួលយក«ប្រាជ្ញាដែលមកពីស្ថានលើ»ដែល«បរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់»។—អេភេសូរ ៥:១៧, ១៨; យ៉ាកុប ៣:១៧
ការចុះចូលដោយស្ម័គ្រចិត្តចំពោះអធិបតេយ្យភាពនៃព្រះយេហូវ៉ា
៣. តើអ្វីជាវិធីតែមួយដែលនាំឲ្យមានការចុះចូលដោយស្ម័គ្រចិត្ត ហើយតើមេរៀនដ៏ធំអ្វីដែលប្រវត្ដិសាស្ត្របង្រៀនយើង?
៣ ការទទួលស្គាល់អំណាចដែលមានឡាក់ឋានពេញច្បាប់ ជាវិធីតែមួយដែលនាំឲ្យមានការចុះចូលដោយស្ម័គ្រចិត្ត។ ប្រវត្ដិសាស្ត្រមនុស្សជាតិបង្ហាញឲ្យឃើញថា ការបដិសេធចោលអធិបតេយ្យភាពនៃព្រះយេហូវ៉ា ពុំបាននាំឲ្យមានសុភមង្គលទេ។ ការបដិសេធចោលបែបនេះពុំបាននាំឲ្យមានសុភមង្គលដល់អ័ដាមនិងនាងអេវ៉ាទេ ហើយក៏ពុំបាននាំឲ្យមានសុភមង្គលដល់អារក្សសាតាំង ដែលជាមេផ្ដើមការបះបោរនោះដែរ។ (លោកុប្បត្តិ ៣:១៦-១៩) នៅក្នុងស្ថានភាពដ៏ថោកទាបរបស់វានៅបច្ចុប្បន្ននេះ សាតាំងមាន«សេចក្ដីឃោរឃៅជាខ្លាំង» ពីព្រោះវាដឹងថា ពេលវេលារបស់វាកាន់តែខ្លីណាស់ហើយ។ (វិវរណៈ ១២:១២) ត្រូវហើយ សន្ដិភាពនិងសុភមង្គលរបស់មនុស្សជាតិ ហើយរបស់សកលលោកទាំងមូល គឺពឹងពាក់ទៅលើការទទួលស្គាល់ទូទាំងសកលលោកនូវអធិបតេយ្យភាពដ៏សុចរិតនៃព្រះយេហូវ៉ា។—ទំនុកដំកើង ១០៣:១៩-២២
៤. (ក) តើព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យអ្នកបំរើទ្រង់បង្ហាញការចុះចូល និងការគោរពប្រភេទណា? (ខ) តើយើងគួរតែជឿជាក់អំពីអ្វី ហើយតើអ្នកតែងបទទំនុកដំកើងសម្ដែងការនេះយ៉ាងដូចម្ដេច?
៤ ប៉ុន្តែ ដោយសារតែគុណសម្បត្ដិដែលស្មើសមគ្នាយ៉ាងអស្ចារ្យរបស់ទ្រង់ ព្រះយេហូវ៉ាមិនពេញព្រះហឫទ័យនឹងសេចក្ដីគោរពដែលឥតមនោសញ្ចេតនានោះទេ។ ត្រូវហើយ ទ្រង់ជាព្រះដែលមានព្រះចេស្ដាខ្លាំងក្លាបំផុត។ ទ្រង់មិនមែនជាព្រះមហាក្សត្រដែលប្រើអំណាចផ្ដាច់ការទេ។ ទ្រង់ជាព្រះនៃសេចក្ដីស្រឡាញ់ ហើយទ្រង់មានព្រះទ័យចង់ឲ្យបុគ្គលដែលមានបញ្ញាទាំងឡាយគោរពទ្រង់ដោយស្ម័គ្រចិត្ត ដោយញ៉ាំងមកពីសេចក្ដីស្រឡាញ់។ ទ្រង់ចង់ឲ្យពួកគេចុះចូលនឹងអធិបតេយ្យភាពរបស់ទ្រង់ ពីព្រោះពួកគេសម្រេចចិត្តទាំងស្រុងនឹងបង្អោនខ្លួនគេនៅក្រោមអំណាចដ៏សុចរិតនិងដ៏ពេញច្បាប់របស់ទ្រង់ ដោយជឿជាក់ថា គ្មានអ្វីប្រសើរជាងការគោរពតាមទ្រង់ជានិរន្តរ៍ទេ។ នៅក្នុងសកលលោករបស់ទ្រង់ ព្រះយេហូវ៉ាមានព្រះទ័យចង់បានបុគ្គលប្រភេទដែលមានអារម្មណ៍ដូចអ្នកតែងបទទំនុកដំកើង ដែលបានសរសេរថា៖ «ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា។ សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក»។ (ទំនុកដំកើង ១៩:៧-៩) បើយើងចង់រស់នៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា យើងត្រូវតែកាន់អាកប្បកិរិយាដូចនេះ—គឺការទុកចិត្តទាំងស្រុងទៅលើភាពត្រឹមត្រូវនិងសេចក្ដីសុចរិតនៃអធិបតេយ្យភាពនៃព្រះយេហូវ៉ា។
ការចុះចូលដោយចិត្តរីករាយនឹងស្តេចរបស់យើង
៥. តើព្រះយេស៊ូវបានទទួលរង្វាន់ចំពោះការគោរពរបស់ទ្រង់យ៉ាងដូចម្ដេច ហើយតើអ្វីដែលយើងទទួលស្គាល់ដោយស្ម័គ្រចិត្តនោះ?
៥ ព្រះគ្រីស្ទយេស៊ូវ អង្គទ្រង់ផ្ទាល់បានធ្វើជាគំរូដ៏ល្អដាច់គេនៃការចុះចូលនឹងព្រះវរបិតាសួគ៌ារបស់ទ្រង់។ យើងអានថា ទ្រង់«បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង»។ ប៉ុលបន្ថែមទៀតថា៖ «ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។ (ភីលីព ២:៨-១១) មែនហើយ យើងលុតជង្គង់ដោយចិត្តរីករាយនៅពីមុខព្រះគ្រីស្ទយេស៊ូវ ជាមេដឹកនាំនិងស្តេចដែលកំពុងតែសោយរាជ្យរបស់យើង។—ម៉ាថាយ ២៣:១០
៦. តើតាមរបៀបណាដែលព្រះយេស៊ូវបានសម្ដែងឲ្យសមជាស្មរបន្ទាល់និងមេដឹកនាំដល់ប្រជាជាតិទាំងឡាយនោះ ហើយក្រោយពីគ្រាវេទនាយ៉ាងធំ តើ«រដ្ឋបាល»ទ្រង់នឹងបន្តទៅមុខទៀតបានយ៉ាងដូចម្ដេច?
៦ ព្រះយេហូវ៉ាបានទាយអំពីព្រះគ្រីស្ទជាមេដឹកនាំយើង ថា៖ «មើល អញបានតាំង[ឯង]ទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ»។ (អេសាយ ៥៥:៤) តាមរយៈការបំរើនៅផែនដី និងតាមរយៈការដឹកនាំកិច្ចការផ្សាយពីស្ថានសួគ៌ បន្ទាប់ពីមរណភាពនិងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានសម្ដែងអង្គទ្រង់សមជា«ស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ»នៃព្រះវរបិតារបស់ទ្រង់ដល់ប្រជាជាតិទាំងឡាយ។ (វិវរណៈ ៣:១៤; ម៉ាថាយ ២៨:១៨-២០) ប្រជាជាតិទាំងឡាយនេះ ឥឡូវត្រូវតំណាងដោយ«មនុស្ស១ហ្វូងយ៉ាងធំ»ដែលកំពុងតែកើនចំនួនឡើង ហើយជាអ្នកនឹងរួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ»នៅក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែការដឹកនាំរបស់ព្រះគ្រីស្ទមិនត្រូវចប់នៅត្រឹមនេះទេ។ «រដ្ឋបាល»ទ្រង់នឹងឋិតថេរនៅរហូតដល់មួយពាន់ឆ្នាំ។ ចំពោះមនុស្សលោកដែលគោរពតាមនោះ ទ្រង់នឹងប្រព្រឹត្តឲ្យសមនឹងព្រះនាមទ្រង់ជា«ព្រះដ៏ជំនួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព»។—អេសាយ ៩:៦, ៧; វិវរណៈ ២០:៦
៧. បើសិនជាយើងប្រាថ្នាចង់ឲ្យព្រះគ្រីស្ទយេស៊ូវដឹកនាំយើងទៅកាន់«រន្ធទឹកនៃជីវិត» តើយើងត្រូវតែធ្វើអ្វីដោយមិនបង្អែបង្អង់ ហើយតើអ្វីនឹងបណ្ដាលឲ្យព្រះយេស៊ូវនិងព្រះយេហូវ៉ាស្រឡាញ់យើង?
៧ បើសិនជាយើងប្រាថ្នាចង់បានប្រយោជន៍ពី«រន្ធទឹកនៃជីវិត» ជាកន្លែងដែលព្រះគ្រីស្ទយេស៊ូវ ជាកូនចៀម ដឹកនាំមនុស្សលោកដែលមានចិត្តត្រឹមត្រូវទៅនោះ យើងត្រូវតែបង្ហាញដោយមិនបង្អែបង្អង់ តាមរយៈការប្រព្រឹត្តរបស់យើងថា យើងមានចិត្តរីករាយចុះចូលនឹងអំណាចរបស់ទ្រង់ជាស្តេច។ (វិវរណៈ ៧:១៧; ២២:១, ២; ប្រៀបធៀប ទំនុកដំកើង ២:១២) ព្រះយេស៊ូវបានមានបន្ទូលថ្លែងថា៖ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ។ អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ»។ (យ៉ូហាន ១៤:១៥, ២១) តើអ្នកចង់ឲ្យព្រះយេស៊ូវនិងព្រះវរបិតារបស់ទ្រង់ស្រឡាញ់អ្នកទេ? បើចង់មែន សូមចុះចូលនឹងអំណាចរបស់ទ្រង់ទាំងពីរអង្គនេះចុះ។
ពួកអ្នកត្រួតពិនិត្យគោរពតាមដោយចិត្តរីករាយ
៨, ៩. (ក) តើព្រះគ្រីស្ទបានប្រទានអ្វីសំរាប់ការស្អាងក្រុមជំនុំ ហើយតើតាមរបៀបណាដែលពួកបុរសទាំងនេះត្រូវតែធ្វើជាគំរូដល់ហ្វូងចៀមនោះ? (ខ) តើការចុះចូលនៃពួកអ្នកត្រួតពិនិត្យគ្រីស្ទានសម្ដែងឲ្យឃើញជានិមិត្តរូបយ៉ាងណានៅក្នុងសៀវភៅវិវរណៈ ហើយតើតាមរបៀបណាដែលពួកគេខំស្វែងរក‹ចិត្តប្រកបដោយសេចក្ដីគោរព›ពេលធ្វើការវិនិច្ឆ័យរឿងអ្វីមួយនោះ?
៨ «ពួក[ក្រុម]ជំនុំចុះចូលនឹងព្រះគ្រីស្ទ»។ ក្នុងឋានៈជាអ្នកត្រួតពិនិត្យ ទ្រង់បានប្រទានឲ្យ‹អំណោយទានជាពួកបុរស› សំរាប់«ស្អាង»ក្រុមជំនុំឡើង។ (អេភេសូរ ៤:៨, ១១, ១២; ៥:២៤) ពួកបុរសចាស់ទុំខាងវិញ្ញាណទាំងនេះ ត្រូវបានបង្គាប់ឲ្យ‹ឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងពួកគេ› តែ«មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ»។ (ពេត្រុសទី១ ៥:១-៣) ហ្វូងចៀមនេះជារបស់ផងព្រះយេហូវ៉ា ហើយព្រះគ្រីស្ទជា«អ្នកគង្វាលល្អ»។ (យ៉ូហាន ១០:១៤) បើពួកអ្នកត្រួតពិនិត្យសង្ឃឹមឲ្យមានសហប្រតិបត្ដិការដ៏ស្ម័គ្រចិត្តពីពួកចៀម ដែលព្រះយេហូវ៉ានិងព្រះគ្រីស្ទបានដាក់ឲ្យមើលថែរក្សានោះ ពួកគេក៏ត្រូវតែធ្វើជាគំរូដ៏ល្អក្នុងការចុះចូលដែរ។—កិច្ចការ ២០:២៨
៩ នៅក្នុងសតវត្សទីមួយ ពួកអ្នកត្រួតពិនិត្យដែលចាក់ប្រេងតាំងត្រូវបានតំណាងជានិមិត្តរូបថា«នៅ» ឬ«កាន់»នឹងព្រះហស្តស្ដាំរបស់ព្រះគ្រីស្ទ ដោយមានន័យថា ពួកគេចុះចូលនឹងទ្រង់ក្នុងឋានៈជាប្រមុខនៃក្រុមជំនុំ។ (វិវរណៈ ១:១៦, ២០; ២:១) នៅសព្វថ្ងៃនេះ ពួកអ្នកត្រួតពិនិត្យនៅក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ត្រូវតែចុះចូលនឹងការដឹកនាំរបស់ព្រះគ្រីស្ទ ហើយក៏ត្រូវ‹បន្ទាបខ្លួនគេនៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះ›។ (ពេត្រុសទី១ ៥:៦) នៅពេលដែលពួកគេត្រូវបានហៅឲ្យមកធ្វើការវិនិច្ឆ័យរឿងអ្វីមួយ ពួកគេត្រូវតែអធិស្ឋានទៅព្រះយេហូវ៉ា ដូចស្តេចសាឡូម៉ូនក្នុងគ្រាដែលទ្រង់នៅស្មោះត្រង់ បានអធិស្ឋានថា៖ «សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ»។ (ពង្សាវតារក្សត្រទី១ ៣:៩) ចិត្តប្រកបដោយសេចក្ដីគោរពនឹងជំរុញអ្នកចាស់ទុំឲ្យព្យាយាមយល់ឃើញអ្វីៗដែលព្រះយេហូវ៉ានិងព្រះគ្រីស្ទយេស៊ូវយល់ឃើញ ដើម្បីឲ្យការវិនិច្ឆ័យដែលបានធ្វើឡើងនៅផែនដី មានសភាពរឹតតែដូចគ្នានឹងការវិនិច្ឆ័យដែលបានធ្វើឡើងនៅស្ថានសួគ៌ដែរ។—ម៉ាថាយ ១៨:១៨-២០
១០. តើពួកអ្នកត្រួតពិនិត្យត្រូវខំប្រឹងប្រែងយកតម្រាប់តាមរបៀបដែលព្រះយេស៊ូវបានប្រព្រឹត្តនឹងពួកចៀមយ៉ាងដូចម្ដេចបាន?
១០ តាមរបៀបនេះដែរ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យ និងពួកអ្នកចាស់ទុំក្រុមជំនុំត្រូវតែយកតម្រាប់តាមរបៀបដែលព្រះគ្រីស្ទបានប្រព្រឹត្តនឹងពួកចៀម។ ព្រះយេស៊ូវមិនបានដាក់ឲ្យមានច្បាប់ច្រើនហួសហេតុដែលពិបាកកាន់តាម ដូចពួកផារិស៊ីទេ។ (ម៉ាថាយ ២៣:២-១១) ទ្រង់បានមានបន្ទូលទៅពួកអ្នកដែលមានលក្ខណៈដូចចៀមថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:២៨-៣០) ថ្វីបើជនគ្រីស្ទានម្នាក់ៗត្រូវតែ«ទទួលបន្ទុកជារបស់ផងខ្លួន»ជាពិតមែនក្ដី ពួកអ្នកត្រួតពិនិត្យត្រូវតែចងចាំនូវគំរូរបស់ព្រះយេស៊ូវ ហើយត្រូវតែជួយបងប្អូនគ្នាឯងឲ្យមានអារម្មណ៍ថា បន្ទុកនៃភារៈគ្រីស្ទានរបស់គេគឺ«ងាយ»និង«ស្រាល» ហើយសប្បាយនឹងទទួលផង។—កាឡាទី ៦:៥
ការចុះចូលខាងព្រះធិបតេយ្យភាព
១១. (ក) តើតាមរបៀបណាដែលបុគ្គលម្នាក់ប្រហែលគោរពកោតខ្លាចដល់ប្រមុខភាព តែមិនពិតជាធ្វើតាមរបៀបព្រះធិបតេយ្យនោះ? សូមពន្យល់។ (ខ) តើការធ្វើតាមរបៀបព្រះធិបតេយ្យដ៏ពិត មានន័យយ៉ាងណា?
១១ ព្រះធិបតេយ្យភាពគឺជាការគ្រប់គ្រងដោយព្រះ។ ការនេះជាប់ទាក់ទងនឹងគោលការណ៍នៃប្រមុខភាពដែលបានសម្ដែងមកនៅក្នុងកូរិនថូសទី១ ១១:៣។ ប៉ុន្តែការនេះមានន័យច្រើនជាងនេះទៅទៀត។ បុគ្គលម្នាក់ប្រហែលសម្ដែងឫកពារជាអ្នកគោរពកោតខ្លាចដល់ប្រមុខភាព តែបែរជាមិនធ្វើតាមរបៀបព្រះធិបតេយ្យ ក្នុងន័យដ៏ពេញលេញនៃពាក្យនោះ។ តើយ៉ាងដូចម្ដេចបានជាដូច្នេះ? ជាឧទាហរណ៍ ប្រជាធិបតេយ្យជារដ្ឋាភិបាលដោយប្រជាជន ហើយអ្នកប្រជាធិបតេយ្យត្រូវគេពន្យល់ថាជា«បុគ្គលដែលជឿឧត្តមគតិប្រជាធិបតេយ្យ»។ បុរសម្នាក់ប្រហែលជាអះអាងខ្លួនជាអ្នកប្រជាធិបតេយ្យ ដោយចូលរួមក្នុងការបោះឆ្នោត ព្រមទាំងធ្វើជាអ្នកនយោបាយដ៏សកម្មម្នាក់ផង។ ប៉ុន្តែ បើតាមរយៈមារយាទទូទៅរបស់គាត់ គាត់រំលោភមើលងាយនឹងគតិប្រជាធិបតេយ្យនិងគោលការណ៍ទាំងអស់ដែលជាប់ទាក់ទងនោះ តើអាចនិយាយបានថា គាត់ពិតជាធ្វើតាមរបៀបប្រជាធិបតេយ្យបានទេ? ស្រដៀងនឹងការនេះដែរ ដើម្បីធ្វើតាមរបៀបព្រះធិបតេយ្យដ៏ពិតនោះ បុគ្គលម្នាក់ត្រូវតែធ្វើអ្វីច្រើនទៀត គឺមិនត្រឹមតែចុះចូលនឹងប្រមុខភាពតាមវិធីធម្មតាប៉ុណ្ណោះទេ។ គាត់ត្រូវតែយកតម្រាប់តាមវិធីនិងគុណសម្បត្ដិនានារបស់ព្រះយេហូវ៉ា។ គាត់ត្រូវតែឲ្យព្រះយេហូវ៉ាគ្រប់គ្រងលើគាត់ក្នុងគ្រប់បែបយ៉ាង។ ម្យ៉ាងទៀត ដោយសារតែព្រះយេហូវ៉ាបានប្រគល់អំណាចដ៏ពេញលេញឲ្យព្រះរាជបុត្រាទ្រង់ហើយ ការធ្វើតាមរបៀបព្រះធិបតេយ្យក៏មានន័យថាត្រូវយកតម្រាប់តាមព្រះយេស៊ូវដែរ។
១២, ១៣. (ក) តើការធ្វើតាមរបៀបព្រះធិបតេយ្យ ជាពិសេសជាប់ទាក់ទងអ្វីខ្លះ? (ខ) តើការចុះចូលខាងព្រះធិបតេយ្យទាក់ទងនឹងការគោរពតាមច្បាប់ជាច្រើនឬ? សូមពន្យល់។
១២ សូមចងចាំថា ព្រះយេហូវ៉ាទ្រង់មានព្រះទ័យចង់បានការចុះចូលដោយស្ម័គ្រពីចិត្ត ដោយញ៉ាំងមកពីសេចក្ដីស្រឡាញ់។ នេះហើយជារបៀបដែលទ្រង់គ្រប់គ្រងសកលលោក។ ទ្រង់ជាបដិរូបកម្មដ៏ពិតនៃសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨) ព្រះគ្រីស្ទយេស៊ូវជា«ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់»។ (ហេព្រើរ ១:៣) ទ្រង់តម្រូវឲ្យសិស្សដ៏ពិតរបស់ទ្រង់ស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូហាន ១៥:១៧) ដូច្នេះ ការធ្វើតាមរបៀបព្រះធិបតេយ្យមិនត្រឹមតែទាក់ទងនឹងការចុះចូលប៉ុណ្ណោះទេ គឺទាក់ទងនឹងការចេះស្រឡាញ់គ្នាដែរ។ រឿងនេះអាចសរុបបានដូចតទៅ៖ ព្រះធិបតេយ្យភាពគឺជាការគ្រប់គ្រងដោយព្រះ ហើយព្រះជាសេចក្ដីស្រឡាញ់ ដូច្នេះ ព្រះធិបតេយ្យភាពគឺជាការគ្រប់គ្រងដោយសេចក្ដីស្រឡាញ់។
១៣ អ្នកចាស់ទុំម្នាក់អាចគិតថា ដើម្បីឲ្យបានជារបៀបព្រះធិបតេយ្យ បងប្អូនទាំងអស់ត្រូវតែគោរពច្បាប់គ្រប់ប្រភេទ។ អ្នកចាស់ទុំខ្លះបានបង្កើតច្បាប់ពីយោបល់ដែល«អ្នកបំរើស្មោះត្រង់ មានមារយាទ»បានផ្ដល់ឲ្យពីពេលមួយទៅពេលមួយ។ (ម៉ាថាយ ២៤:៤៥) ជាឧទាហរណ៍ នៅពេលមួយ គេបានឲ្យយោបល់មកថា ដើម្បីជាប្រយោជន៍នៃការឲ្យបានស្គាល់បងប្អូនផ្សេងៗនៅក្នុងក្រុមជំនុំនោះ ប្រហែលជាការប្រសើរបើមិនតែងតែអង្គុយនៅកន្លែងតែមួយនៅក្នុងសាលព្រះរាជាណាចក្រ។ នេះគឺជាយោបល់ដែលមានប្រយោជន៍ គឺមិនមែនជាច្បាប់តឹងរឹងនោះទេ។ ប៉ុន្តែអ្នកចាស់ទុំខ្លះប្រហែលជាចង់ផ្លាស់យោបល់នោះទៅជាច្បាប់ ហើយក៏មានអារម្មណ៍ថាបើអ្នកណាមិនកាន់តាមច្បាប់នោះទេ អ្នកនោះមិនធ្វើតាមរបៀបព្រះធិបតេយ្យទេ។ ក៏ប៉ុន្តែ ប្រហែលជាបងប្អូនប្រុសស្រីខ្លះមានមូលហេតុល្អៗជាច្រើន ដែលគេចង់អង្គុយនៅកន្លែងតែមួយនោះ។ បើសិនជាអ្នកចាស់ទុំមិនមានចិត្តអធ្យាស្រ័យដល់ការនេះទេ តើអាចចាត់ថាខ្លួនធ្វើតាមរបៀបព្រះធិបតេយ្យបានទេ? ដើម្បីធ្វើតាមរបៀបព្រះធិបតេយ្យ សូម«ឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់»ចុះ។—កូរិនថូសទី១ ១៦:១៤
ការបំរើដោយចិត្តរីករាយ
១៤, ១៥. (ក) តើតាមរបៀបណាដែលអ្នកចាស់ទុំអាចធ្វើឲ្យបងប្អូនប្រុសស្រីណាម្នាក់បាត់អំណរអររបស់គេក្នុងការបំរើព្រះយេហូវ៉ា ហើយហេតុអ្វីក៏ការនេះមិនសមតាមរបៀបព្រះធិបតេយ្យ? (ខ) តើព្រះយេស៊ូវបានបង្ហាញឲ្យឃើញយ៉ាងណា ថាទ្រង់មានព្រះទ័យអប់អរនឹងសេចក្ដីស្រឡាញ់ដែលបញ្ចេញតាមរយៈការបំរើរបស់យើង ជាជាងចំនួនម៉ោងនោះ? (គ) តើអ្នកចាស់ទុំគួរតែចេះគិតដល់អ្វី?
១៤ ការធ្វើតាមរបៀបព្រះធិបតេយ្យក៏មានន័យថា យើងត្រូវបំរើព្រះយេហូវ៉ាដោយចិត្តរីករាយដែរ។ ព្រះយេហូវ៉ាជា‹ព្រះដ៏សប្បាយរីករាយ›។ (ធីម៉ូថេទី១ ១:១១) ទ្រង់មានព្រះទ័យចង់ឲ្យអ្នកថ្វាយបង្គំទ្រង់ បំរើទ្រង់ដោយចិត្តរីករាយ។ ពួកអ្នកដែលតឹងរឹងនឹងច្បាប់គួរតែចងចាំថា ក្នុងចំណោមបញ្ញត្តទាំងប៉ុន្មានដែលសាសន៍អ៊ីស្រាអែល«ត្រូវប្រយ័តនឹងប្រព្រឹត្តតាម» គឺមានបញ្ញត្តមួយនេះថា«ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វី ដែលអាចលូកដៃទៅចាប់យកបាន»។ (ចោទិយកថា ១២:១, ១៨) អ្វីៗដែលយើងទទួលធ្វើក្នុងការបំរើព្រះយេហូវ៉ា គួរតែជាការរីករាយ គឺមិនមែនជាបន្ទុកទេ។ ពួកអ្នកត្រួតពិនិត្យអាចធ្វើបានយ៉ាងច្រើន ដើម្បីជួយបងប្អូនឲ្យមានចិត្តសប្បាយរីករាយនឹងកិច្ចការអ្វីៗដែលគេអាចធ្វើបាន ក្នុងការបំរើព្រះយេហូវ៉ា។ ផ្ទុយទៅវិញ បើសិនជាអ្នកចាស់ទុំមិនចេះប្រយ័ត្នខ្លួន ពួកគេអាចធ្វើឲ្យបងប្អូនបាត់អំណរអររបស់គេ។ ឧទាហរណ៍ បើអ្នកចាស់ទុំធ្វើការប្រៀបធៀប ដោយលើកសរសើរអ្នកផ្សាយណាដែលបានគ្រប់ចំនួនម៉ោង ឬលើសពីម៉ោងមធ្យមភាគក្នុងក្រុមជំនុំ ហើយដោយនិយាយរិះគន់បញ្ឆិតបញ្ឆៀងអំពីអ្នកណាដែលមិនបានគ្រប់ចំនួនម៉ោងនោះ តើពួកអ្នកដែលមានចំនួនម៉ោងតិចដោយមូលហេតុត្រឹមត្រូវនោះ នឹងមានអារម្មណ៍យ៉ាងណាទៅ? តើការនេះមិនធ្វើឲ្យពួកគេមានចិត្តវិប្បដិសារដែលឥតចាំបាច់ ហើយធ្វើឲ្យបាត់អំណរអររបស់គេទេឬ?
១៥ ចំនួនពីបីម៉ោងដែលអ្នកខ្លះអាចបូជាដើម្បីការផ្សាយជាសាធារណៈ អាចតំណាងការខំប្រឹងប្រែងដ៏សម្បើមជាងចំនួនច្រើនម៉ោងដែលអ្នកឯទៀតបានចំណាយដើរផ្សាយ បើគិតដល់អាយុនៅក្មេង សុខភាព និងកាលៈទេសៈផ្សេងៗនោះ។ ចំពោះរឿងនេះ ពួកអ្នកចាស់ទុំមិនត្រូវកាត់សេចក្ដីអំពីពួកគេឡើយ។ ពិតមែនហើយ គឺសំរាប់តែព្រះយេស៊ូវទេដែលព្រះវរបិតាបានប្រគល់«អំណាចមកទ្រង់ ឲ្យជំនុំជំរះ»នោះ។ (យ៉ូហាន ៥: ២៧) តើព្រះយេស៊ូវបានរិះគន់ស្ត្រីមេម៉ាយដ៏ក្រកំសត់ម្នាក់ដែលបានធ្វើទានយ៉ាងតិចជាងមធ្យមភាគនោះទេ? មិនបានទេ តែទ្រង់បានជ្រាបដឹងថា កាក់ពីរតូចៗនោះពិតជាមានតម្លៃណាស់ចំពោះនាង។ កាក់ពីរតូចនេះគឺជា«របស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួន»។ កាក់ពីរនេះជាការសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដ៏ជ្រៅម្ល៉េះហ្ន៎! (ម៉ាកុស ១២:៤១-៤៤) ចំពោះការខំប្រឹងប្រែងដែលប្រកបដោយសេចក្ដីស្រឡាញ់របស់បុគ្គលដែលមានចំនួនម៉ោងតិចជាង«មធ្យមភាគ» តើអ្នកចាស់ទុំគួរតែមិនសូវយកចិត្តទុកដាក់នឹងបុគ្គលនោះឬ? បើគិតអំពីសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាវិញ ការខំប្រឹងប្រែងបែបនេះប្រហែលជាបានលើសជាងចំនួនមធ្យមភាគទៅទៀត!
១៦. (ក) បើពួកអ្នកត្រួតពិនិត្យប្រើចំនួនលេខក្នុងសុន្ទរកថារបស់គេ ហេតុអ្វីក៏ពួកគេត្រូវតែមានការចេះវិនិច្ឆ័យនិងការចេះថ្លឹងថ្លែងឲ្យបានល្អនោះ? (ខ) តើមានវិធីដ៏ប្រសើរណា ដែលអាចជួយបងប្អូនឲ្យចំរើនការបំរើរបស់គេ?
១៦ តើនេះមានន័យថា នឹងមាន«ច្បាប់»ថ្មីមួយដែលមិនត្រូវលើកប្រាប់អំពីចំនួនម៉ោង សូម្បីតែមធ្យមភាគឬ? គឺមិនដូច្នេះទេ! ចំណុចដ៏សំខាន់នោះគឺថា ពួកអ្នកត្រួតពិនិត្យត្រូវតែចេះថ្លឹងថ្លែងរវាងការលើកទឹកចិត្តបងប្អូនឲ្យពង្រីកកិច្ចបំរើរបស់គេ និងការជួយពួកគេឲ្យធ្វើយ៉ាងណាដែលគេអាចធ្វើបានដោយចិត្តរីករាយ។ (កាឡាទី ៦:៤) នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ដែលស្តីអំពីប្រាក់ថាល្លិន ចៅថ្វាយបានប្រគល់ប្រាក់នោះឲ្យបាវបំរើរបស់គាត់ទាំងអស់«គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន»។ (ម៉ាថាយ ២៥:១៤, ១៥) យ៉ាងដូច្នេះដែរ ពួកអ្នកចាស់ទុំត្រូវតែចេះយោគយល់ដល់លទ្ធភាពនៃអ្នកប្រកាសព្រះរាជាណាចក្រម្នាក់ៗ។ នេះត្រូវតែឲ្យមានការចេះវិនិច្ឆ័យ។ ប្រហែលជាមានអ្នកខ្លះពិតជាត្រូវការការលើកទឹកចិត្តដើម្បីឲ្យអាចធ្វើការបានច្រើន។ ពួកគេប្រហែលជាមានចិត្តអបអរចំពោះការជួយរៀបចំសកម្មភាពរបស់គេឲ្យបានប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ បើអាចជួយពួកគេឲ្យធ្វើយ៉ាងណាដែលគេអាចធ្វើបានដោយចិត្តរីករាយ អំណរអរនោះនឹងធ្វើឲ្យគេមានចិត្តចង់ពង្រីកសកម្មភាពគ្រីស្ទានរបស់គេ បើអាចធ្វើទៅបាន។—នេហេមា ៨:១០; ទំនុកដំកើង ៥៩:១៦; យេរេមា ២០:៩
សេចក្ដីសុខសាន្តដែលបានមកពីការចុះចូលដោយចិត្តរីករាយ
១៧, ១៨. (ក) តើការចុះចូលដោយចិត្តរីករាយអាចនាំឲ្យយើងមានសេចក្ដីសុខសាន្តនិងសេចក្ដីសុចរិតយ៉ាងដូចម្ដេច? (ខ) តើយើងអាចទទួលអ្វី បើយើងពិតជាខំយកចិត្តទុកដាក់ប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះនោះ?
១៧ ការចុះចូលដោយចិត្តរីករាយចំពោះអធិបតេយ្យភាពដ៏ពេញច្បាប់របស់ព្រះយេហូវ៉ា នាំឲ្យយើងមានសេចក្ដីសុខសាន្តជាច្រើន។ អ្នកតែងបទទំនុកដំកើងបានអធិស្ឋានទៅព្រះយេហូវ៉ាថា៖ «ពួកអ្នកដែលស្រឡាញ់ក្រិត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលុប ហើយគ្មានហេតុនឹងចំពប់ដួលឡើយ»។ (ទំនុកដំកើង ១១៩:១៦៥) បើយើងគោរពក្រិត្យវិន័យរបស់ព្រះ នោះយើងនឹងបានប្រយោជន៍សំរាប់ខ្លួនយើង។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា៖ ‹អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ។ ឱបើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ› »។—អេសាយ ៤៨:១៧, ១៨
១៨ យញ្ញបូជាលោះរបស់ព្រះគ្រីស្ទនាំឲ្យយើងមានសេចក្ដីសុខសាន្តជាមួយនឹងព្រះ។ (កូរិនថូសទី២ ៥:១៨, ១៩) បើសិនជាយើងមានជំនឿទៅលើលោហិតលោះរបស់ព្រះគ្រីស្ទ ហើយខំយកចិត្តទុកដាក់ប្រយុទ្ធនឹងភាពទន់ខ្សោយរបស់យើង និងខំធ្វើតាមព្រះហឫទ័យរបស់ព្រះ យើងនឹងបានធូរស្បើយពីចិត្តវិប្បដិសារជាមិនខាន។ (យ៉ូហានទី១ ៣:១៩-២៣) ជំនឿបែបនេះ ដែលគាំទ្រដោយការប្រព្រឹត្ត នឹងធ្វើឲ្យយើងមានឋានៈសុចរិតនៅចំពោះព្រះយេហូវ៉ា និងសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃការរួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ» ហើយនឹងរស់នៅជានិរន្តរ៍នៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។ (វិវរណៈ ៧:១៤-១៧; យ៉ូហាន ៣:៣៦; យ៉ាកុប ២:២២, ២៣) អ្វីៗដ៏ល្អទាំងអស់នេះ អាចទៅជារបស់ផងយើង ‹បើយើងខំយកចិត្តទុកដាក់ប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះ›។
១៩. តើសុភមង្គលនៅសព្វថ្ងៃនេះ និងសេចក្ដីសង្ឃឹមចំពោះជីវិតដ៏អស់កល្បជានិច្ចរបស់យើងស្រេចទៅលើអ្វី ហើយតើដាវីឌបានសម្ដែងការជឿជាក់អស់ពីចិត្តរបស់យើងយ៉ាងណា?
១៩ មែនហើយ សុភមង្គលនៅសព្វថ្ងៃនេះ និងសេចក្ដីសង្ឃឹមចំពោះជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដីមនោរម្យ គឺស្រេចទៅលើការចុះចូលដោយរីករាយរបស់យើងចំពោះអំណាចនៃព្រះយេហូវ៉ា ជាព្រះមហាក្សត្រនៃសកលលោក។ សូមឲ្យយើងមានមនោអារម្មណ៍ដូចដាវីឌ ដែលបានមានប្រសាសន៍ថា៖ «ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំនឹងព្រះចេស្ដា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់។ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ»។—របាក្សត្រទី១ ២៩:១១, ១៣
ចំណុចដែលត្រូវចងចាំ
◻ តើព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យអ្នកបំរើទ្រង់បង្ហាញការចុះចូល និងការគោរពប្រភេទណា?
◻ តើព្រះយេស៊ូវបានទទួលរង្វាន់ចំពោះការគោរពរបស់ទ្រង់យ៉ាងដូចម្ដេច ហើយតើយើងត្រូវសម្ដែងឲ្យឃើញអ្វី តាមរយៈការប្រព្រឹត្តរបស់យើង?
◻ តើពួកអ្នកត្រួតពិនិត្យត្រូវយកតម្រាប់តាមរបៀបដែលព្រះយេស៊ូវបានប្រព្រឹត្តនឹងពួកចៀមយ៉ាងដូចម្ដេចបាន?
◻ តើការធ្វើតាមរបៀបព្រះធិបតេយ្យទាក់ទងអ្វីខ្លះ?
◻ តើការចុះចូលដោយចិត្តរីករាយនាំឲ្យយើងទទួលប្រសិទ្ធិពរអ្វីខ្លះ?
[រូបភាពនៅទំព័រ១៧]
ពួកអ្នកចាស់ទុំលើកទឹកចិត្តពួកហ្វូងចៀមឲ្យធ្វើយ៉ាងណាដែលគេអាចធ្វើបានដោយចិត្តរីករាយ
[រូបភាពនៅទំព័រ១៩]
ព្រះយេហូវ៉ាពេញព្រះហឫទ័យនឹងអ្នកណាដែលគោរពទ្រង់អស់ពីចិត្ត