បុរសទាំងឡាយ តើអ្នកចុះចូលនឹងគ្រិស្តជាប្រមុខរបស់អ្នកឬទេ?
«ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត»។—១កូ. ១១:៣
១. តើអ្វីបង្ហាញថាព្រះយេហូវ៉ាជាព្រះដែលមានសណ្ដាប់ធ្នាប់?
សៀវភៅការបើកបង្ហាញ ៤:១១ចែងថា៖ «ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។ ដោយហេតុថាលោកបានបង្កើតអ្វីៗទាំងអស់ ព្រះយេហូវ៉ាជាមហាក្សត្រដ៏ខ្ពង់ខ្ពស់នៃសកលលោក ហើយមានអំណាចលើអ្វីៗទាំងអស់ដែលលោកបានបង្កើត។ ព្រះយេហូវ៉ា«មិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត» នេះបានសឲ្យឃើញតាមរបៀបដែលលោករៀបចំក្រុមគ្រួសាររបស់លោកដែលជាទេវតានៅស្ថានសួគ៌។—១កូ. ១៤:៣៣; អេ. ៦:១-៣; ហេ. ១២:២២, ២៣
២, ៣. (ក) តើព្រះយេហូវ៉ាបានបង្កើតនរណាមុនគេបង្អស់? (ខ) តើបទគម្ពីរចែងយ៉ាងណាស្តីអំពីឋានៈរបស់ព្រះនិងបុត្រច្បងរបស់លោក?
២ មុនព្រះបានបង្កើតអ្វីៗទាំងអស់ លោកមានជីវិតដោយខ្លួនលោកអស់រយៈពេលដែលគណនាពុំបាន។ ការបង្កើតទី១របស់លោកគឺបុគ្គលវិញ្ញាណដែលគេស្គាល់ថាជា«បណ្ដាំ» ពីព្រោះលោកដែលជាបណ្ដាំនោះ ជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា។ ព្រះបានបង្កើតអ្វីៗឯទៀតទាំងអស់តាមរយៈបណ្ដាំ។ ក្រោយមក លោកដែលជាបណ្ដាំបានមកផែនដីជាមនុស្សល្អឥតខ្ចោះ ហើយគេស្គាល់លោកថាយេស៊ូគ្រិស្ត។—សូមអាន យ៉ូហាន ១:១-៣, ១៤
៣ តើបទគម្ពីរចែងយ៉ាងណាស្តីអំពីឋានៈរបស់ព្រះនិងបុត្រច្បងរបស់លោក? សាវ័កប៉ូលដែលបានសរសេរក្រោមការដឹកនាំរបស់ព្រះបានប្រាប់យើងថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្តគឺព្រះ»។ (១កូ. ១១:៣) គ្រិស្តស្ថិតនៅក្រោមប្រមុខភាពរបស់បិតាលោក។ ប្រមុខភាពនិងការចុះចូលគឺសំខាន់ចាំបាច់ដើម្បីមានសេចក្ដីសុខសាន្តនិងរបៀបរៀបរយក្នុងចំណោមពួកទេវតានិងមនុស្ស។ សូម្បីតែលោកដែល«អ្វីៗឯទៀតទាំងអស់ . . . បានត្រូវបង្កើតមកតាមរយៈលោក» ក៏ត្រូវចុះចូលនឹងព្រះជាប្រមុខដែរ។—កូឡ. ១:១៦
៤, ៥. តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាអំពីឋានៈរបស់លោកក្រោមព្រះយេហូវ៉ា?
៤ តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះការចុះចូលនឹងព្រះយេហូវ៉ាជាប្រមុខ និងចំពោះការមកផែនដី? បទគម្ពីរចែងថា៖ «គ្រិស្តយេស៊ូ ទោះជាលោកធ្លាប់មានសណ្ឋានដូចព្រះ លោកមិនដែលគិតអំពីការដណ្ដើមយកឋានៈរបស់ព្រះ ពោលគឺការតាំងខ្លួនឲ្យស្មើព្រះនោះទេ។ លោកមិនបានធ្វើដូច្នេះទេ តែលោកបានលះបង់អ្វីៗទាំងអស់ ហើយយកសណ្ឋានជាខ្ញុំបម្រើ រួចក្លាយទៅជាមនុស្សជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលលោកឃើញថាលោកមានភាពជាមនុស្សជាតិ លោកក៏បានបន្ទាបខ្លួន ហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់ គឺស្លាប់លើបង្គោលទារុណកម្ម»។—ភី. ២:៥-៨
៥ លោកយេស៊ូបានចុះចូល ហើយធ្វើតាមបំណងប្រាថ្នារបស់បិតាលោកគ្រប់ពេលវេលាដោយចិត្តរាបទាប។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនអាចធ្វើអ្វីដោយគំនិតរបស់ខ្ញុំផ្ទាល់បានឡើយ . . . ការវិនិច្ឆ័យរបស់ខ្ញុំគឺសុចរិត ពីព្រោះខ្ញុំមិនរកបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំទេ តែខ្ញុំរកបំពេញតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូន. ៥:៣០) លោកបានប្រកាសថា៖ «ខ្ញុំតែងតែធ្វើអ្វីដែល[បិតាខ្ញុំ]ពេញចិត្ត»។ (យ៉ូន. ៨:២៩) នៅទីបញ្ចប់នៃជីវិតលោកនៅផែនដី លោកបានអធិដ្ឋានទៅបិតាលោកថា៖ «ខ្ញុំបានតម្កើងលោកនៅផែនដី ដោយបានបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យខ្ញុំធ្វើ»។ (យ៉ូន. ១៧:៤) លោកយេស៊ូមិនមានការពិបាកក្នុងការទទួលស្គាល់ ហើយទទួលយកព្រះជាប្រមុខរបស់លោក។
ការចុះចូលរបស់បុត្រចំពោះបិតា នាំឲ្យបុត្រទទួលប្រយោជន៍
៦. តើលោកយេស៊ូបានបង្ហាញនូវគុណសម្បត្ដិដ៏ល្អអស្ចារ្យអ្វីខ្លះ?
៦ ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញនូវគុណសម្បត្ដិដ៏ល្អអស្ចារ្យជាច្រើន។ ក្នុងចំណោមគុណសម្បត្ដិទាំងនោះ មានសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកបានបង្ហាញចំពោះបិតារបស់លោក។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌»។ (យ៉ូន. ១៤:៣១) លោកក៏បានបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះមនុស្សជាតិដែរ។ (សូមអាន ម៉ាថាយ ២២:៣៥-៤០) លោកយេស៊ូស្លូត ហើយចេះយល់ចិត្តយល់អារម្មណ៍អ្នកឯទៀត លោកមិនកាចឬតឹងរ៉ឹងឡើយ។ លោកមានប្រសាសន៍ថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថ. ១១:២៨-៣០) មនុស្សគ្រប់វ័យដែលមានលក្ខណៈដូចចៀម ជាពិសេសពួកអ្នកដែលត្រូវគេសង្កត់សង្កិននិងបៀតបៀន បានទទួលការសម្រាលទុក្ខពីដំណឹងដែលលើកទឹកចិត្តដែលលោកយេស៊ូផ្សព្វផ្សាយ និងពីបុគ្គលិកលក្ខណៈល្អរបស់លោក។
៧, ៨. តើច្បាប់ម៉ូសេបានដាក់កម្រិតយ៉ាងដូចម្ដេចទៅលើស្ត្រីដែលមានជំងឺធ្លាក់ឈាម? ប៉ុន្តែតើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាទៅលើគាត់?
៧ សូមពិចារណារបៀបដែលលោកយេស៊ូបានប្រព្រឹត្តទៅលើស្ត្រី។ ក្នុងប្រវត្ដិសាស្ត្រ បុរសជាច្រើនបានប្រព្រឹត្តអាក្រក់ណាស់ទៅលើស្ត្រី។ នៅប្រទេសអ៊ីស្រាអែលនាសម័យបុរាណ ពួកអ្នកដឹកនាំសាសនាបានធ្វើដូច្នេះមែន។ ប៉ុន្តែលោកយេស៊ូបានប្រព្រឹត្តទៅលើស្ត្រីដោយការគោរព។ នេះបានសឲ្យឃើញពេលលោកប្រព្រឹត្តទៅលើស្ត្រីដែលមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំ។ ការព្យាបាលរបស់គ្រូពេទ្យ«បាននាំឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង» ហើយគាត់បានចំណាយធនធានទាំងអស់ដែលគាត់មានដើម្បីមើលជំងឺឲ្យជា។ ទោះជាមានការខំប្រឹងប្រែងដូច្នេះក៏ដោយ ជំងឺរបស់គាត់«កាន់តែធ្ងន់»។ យោងទៅតាមច្បាប់ម៉ូសេ គាត់ជាមនុស្សមិនស្អាត។ អ្នកណាដែលពាល់គាត់ក៏នឹងទៅជាមិនស្អាតដែរ។—លេវី. ១៥:១៩, ២៥
៨ ពេលស្ត្រីនេះបានឮថាលោកយេស៊ូធ្វើឲ្យអ្នកឈឺជាសះស្បើយ គាត់បានចូលក្នុងចំណោមបណ្ដាជនដែលកំពុងចោមរោមលោក ដោយនិយាយថា៖ «បើខ្ញុំគ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោក នោះខ្ញុំនឹងជា»។ គាត់បានពាល់លោកយេស៊ូ ហើយក្នុងមួយរំពេចនោះគាត់បានជាសះស្បើយ។ លោកយេស៊ូជ្រាបថា គាត់មិនត្រូវពាល់សម្លៀកបំពាក់របស់លោកទេ។ ក៏ប៉ុន្តែលោកមិនបានស្តីបន្ទោសគាត់ឡើយ។ ផ្ទុយទៅវិញ លោកបានប្រព្រឹត្តទៅលើគាត់ដោយសេចក្ដីមេត្ដា។ លោកយល់ពីទុក្ខលំបាករបស់គាត់ដោយសារគាត់មានជំងឺនោះអស់ជាច្រើនឆ្នាំ ហើយឃើញថាគាត់ត្រូវការជំនួយខ្លាំងណាស់។ ដោយចិត្តមេត្ដាករុណា លោកយេស៊ូបានប្រាប់គាត់ថា៖«កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។—ម៉ាក. ៥:២៥-៣៤
៩. ពេលពួកអ្នកកាន់តាមលោកយេស៊ូខំឃាត់កូនក្មេងមិនឲ្យមកជួបលោក តើលោកមានប្រតិកម្មយ៉ាងណា?
៩ សូម្បីតែកូនក្មេងក៏មានអារម្មណ៍ស្រួលជាមួយនឹងលោកយេស៊ូដែរ។ នៅពេលមួយ បណ្ដាជនចង់នាំកូនក្មេងមកជួបលោក តែពួកអ្នកកាន់តាមលោកបានស្តីបន្ទោសបណ្ដាជនទាំងនោះ ដោយគិតថាលោកមិនចង់ឲ្យកូនក្មេងរំខានលោកទេ។ ប៉ុន្តែ លោកមិនគិតដូច្នេះឡើយ។ បទគម្ពីរបានចែងថា៖ «ឃើញដូច្នេះ លោកយេស៊ូទាស់ចិត្ត ហើយប្រាប់ពួក[អ្នកកាន់តាមលោក]ថា៖ ‹ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចក្មេងទាំងនេះ›»។ ក្រោយមក «លោកឱបកូនក្មេងទាំងនោះ ហើយឲ្យពរដោយដាក់ដៃលើពួកគេ»។ លោកយេស៊ូមិនគ្រាន់តែប្រណីកូនក្មេងប៉ុណ្ណោះទេ តែលោកស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ។—ម៉ាក. ១០:១៣-១៦
១០. តើលោកយេស៊ូមានគុណសម្បត្ដិដែលលោកបង្ហាញពេលនៅផែនដីដោយសារអ្វី?
១០ តើលោកយេស៊ូអាចមានគុណសម្បត្ដិដែលលោកបង្ហាញពេលនៅផែនដីដោយសារអ្វី? មុនលោកមានកំណើតជាមនុស្ស លោកបានសង្កេតមើលបិតារបស់លោកនៅស្ថានសួគ៌អស់កាលដ៏យូរលង់ ហើយបានរៀនអំពីមាគ៌ារបស់បិតាលោក។ (សូមអាន សុភាសិត ៨:២២, ២៣, ៣០) នៅស្ថានសួគ៌ លោកបានឃើញថា ព្រះយេហូវ៉ាបានដឹកនាំតាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់លើអ្វីៗទាំងអស់ដែលលោកបានបង្កើត ហើយលោកយេស៊ូបានសម្រេចចិត្តធ្វើតាមរបៀបនោះដែរ។ បើលោកយេស៊ូមិនចេះចុះចូល លោកមិនអាចធ្វើដូច្នេះទេ មែនទេ? លោកមានចិត្តរីករាយចុះចូលនឹងបិតា ហើយព្រះយេហូវ៉ារំភើបចិត្តដោយមានបុត្រដែលចេះចុះចូលដូច្នេះ។ ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញយ៉ាងល្អឥតខ្ចោះនូវគុណសម្បត្ដិរបស់បិតានៅស្ថានសួគ៌។ ដូច្នេះ ការដែលយើងចុះចូលនឹងគ្រិស្ត ដែលព្រះបានតែងតាំងជាអ្នកគ្រប់គ្រងនៅរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ នេះពិតជាឯកសិទ្ធិមែន!
ចូរបណ្ដុះឲ្យមានគុណសម្បត្ដិដូចគ្រិស្ត
១១. (ក) តើយើងគួរខំប្រឹងយកតម្រាប់តាមអ្នកណា? (ខ) ហេតុអ្វីគប្បីឲ្យបុរសក្នុងក្រុមជំនុំខំប្រឹងយកតម្រាប់តាមលោកយេស៊ូ?
១១ យើងទាំងអស់គ្នាក្នុងក្រុមជំនុំគ្រិស្តសាសនិក ជាពិសេសបងប្អូនប្រុសៗ គួរបន្តព្យាយាមបណ្ដុះឲ្យមានគុណសម្បត្ដិដូចគ្រិស្ត។ ដូចយើងបានរៀនរួចហើយ គម្ពីរប្រាប់ថា៖ «ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត»។ ដូចគ្រិស្តបានយកតម្រាប់តាមប្រមុខរបស់លោក ពោលគឺព្រះដ៏ពិត នោះបុរសដែលជាគ្រិស្តសាសនិកគួរខំប្រឹងយកតម្រាប់តាមប្រមុខរបស់ពួកគេដែរ ពោលគឺគ្រិស្ត។ ពេលសាវ័កប៉ូលបានក្លាយទៅជាគ្រិស្តសាសនិក គាត់បានធ្វើដូច្នេះដែរ។ គាត់បានដាស់តឿនបងប្អូនរួមជំនឿថា៖ «ចូរយកតម្រាប់តាមខ្ញុំ ដូចខ្ញុំយកតម្រាប់តាមគ្រិស្ត»។ (១កូ. ១១:១) មួយវិញទៀត សាវ័កពេត្រុសបាននិយាយថា៖ «តាមពិត អ្នករាល់គ្នាបានត្រូវហៅឲ្យមានវិថីជីវិតបែបនេះ ពីព្រោះគ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។ (១ពេ. ២:២១) មានមូលហេតុមួយទៀតដែលបុរសត្រូវយកចិត្តទុកដាក់នឹងការដាស់តឿនឲ្យយកតម្រាប់តាមគ្រិស្ត។ ពួកគេនឹងក្លាយទៅជាអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ។ ដូចលោកយេស៊ូមានអំណរក្នុងការយកតម្រាប់តាមព្រះយេហូវ៉ា បុរសដែលជាគ្រិស្តសាសនិកគួរមានអំណរក្នុងការយកតម្រាប់តាមគ្រិស្តនិងក្នុងការបណ្ដុះឲ្យមានគុណសម្បត្ដិដូចលោកដែរ។
១២, ១៣. តើគប្បីឲ្យពួកអ្នកចាស់ទុំប្រព្រឹត្តយ៉ាងណាលើចៀមដែលនៅក្រោមការថែទាំរបស់ពួកគាត់?
១២ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្តសាសនិកមានកាតព្វកិច្ចរៀនប្រព្រឹត្តដូចគ្រិស្ត។ ពេត្រុសបានដាស់តឿនពួកអ្នកចាស់ទុំថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត ក៏មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះដែរ តែដោយធ្វើជាគំរូដល់ហ្វូងចៀម»។ (១ពេ. ៥:១-៣) ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមិនត្រូវឃ្វាលហ្វូងចៀមដោយប្រើអំណាចផ្ដាច់ការ ជិះជាន់ ឬកាចឡើយ។ ព្រះបានប្រគល់ឲ្យពួកគេថែរក្សាហ្វូងចៀម ហើយដោយយកតម្រាប់តាមគំរូរបស់គ្រិស្ត ពួកគេព្យាយាមប្រព្រឹត្តទៅលើហ្វូងចៀមនោះដោយសេចក្ដីស្រឡាញ់ យោគយល់ ចិត្តរាបទាប និងដោយសេចក្ដីសប្បុរស។
១៣ ពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំជាបុរសមិនល្អឥតខ្ចោះ ហើយពួកគេគួរចាំជានិច្ចថា ភាពមិនល្អឥតខ្ចោះបានដាក់កម្រិតលើពួកគេ។ (រ៉ូម ៣:២៣) ដូច្នេះ ពួកគេត្រូវចង់រៀនអំពីលោកយេស៊ូ ហើយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដូចលោក។ ពួកគេត្រូវពិចារណាអំពីរបៀបដែលព្រះនិងគ្រិស្តប្រព្រឹត្តទៅលើមនុស្សជាតិ ហើយក្រោយមកខំប្រឹងយកតម្រាប់តាមព្រះនិងគ្រិស្ត។ ពេត្រុសដាស់តឿនយើងថា៖ «ចូរអ្នកទាំងអស់គ្នាក្រវាត់ខ្លួនដោយចិត្តរាបទាបក្នុងរបៀបដែលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ពីព្រោះព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប»។—១ពេ. ៥:៥
១៤. តើពួកអ្នកចាស់ទុំគួរលើកកិត្ដិយសអ្នកឯទៀតដល់កម្រិតណា?
១៤ បុរសដែលបានត្រូវតែងតាំងក្នុងក្រុមជំនុំត្រូវបង្ហាញគុណសម្បត្ដិដ៏ប្រសើរក្នុងការប្រព្រឹត្តទៅលើហ្វូងចៀមរបស់ព្រះ។ រ៉ូម ១២:១០ចែងថា៖ «ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន»។ ពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើលើកកិត្ដិយសអ្នកឯទៀត។ ដូចគ្រិស្តសាសនិកជាទូទៅ បុរសទាំងនេះ«មិនធ្វើអ្វីក្នុងបំណងទាស់ជាមួយនឹងអ្នកឯទៀតឬលើកខ្លួនហួសប្រមាណ ប៉ុន្តែបន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។ (ភី. ២:៣) ពិតជាគប្បីឲ្យពួកអ្នកដែលនាំមុខចាត់ទុកអ្នកឯទៀតប្រសើរជាងពួកគាត់។ ដោយធ្វើដូច្នេះ បុរសដែលបានត្រូវតែងតាំងនឹងធ្វើតាមដំបូន្មានរបស់ប៉ូលដែលថា៖ «យើងដែលជាអ្នកមានជំនឿខ្លាំងគួរទ្រាំទ្រពួកអ្នកដែលមានចំណុចខ្សោយ ហើយយើងមិនត្រូវរកបំពេញចិត្តខ្លួនយើងឡើយ។ ចូរយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងដោយការល្អដែលពង្រឹងជំនឿរបស់គេ។ ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកដែរ»។—រ៉ូម ១៥:១-៣
‹ឲ្យកិត្ដិយសដល់ប្រពន្ធ›
១៥. តើប្ដីគួរប្រព្រឹត្តយ៉ាងដូចម្ដេចទៅលើប្រពន្ធ?
១៥ ឥឡូវសូមពិចារណាដំបូន្មានរបស់ពេត្រុសចំពោះបុរសដែលរៀបការហើយ។ គាត់បានសរសេរថា៖ «តាមរបៀបដូចគ្នាដែរ ចូរអ្នករាល់គ្នាដែលជាប្ដី បន្តរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្តនាងច្បាស់ ហើយដោយឲ្យកិត្ដិយសដល់នាងជាភាជនៈខ្សោយជាង ជាស្ត្រីភេទ»។ (១ពេ. ៣:៧) បើយើងឲ្យកិត្ដិយសដល់បុគ្គលណាម្នាក់ នេះមានន័យថាយើងគោរពរាប់អានបុគ្គលនោះយ៉ាងខ្លាំង។ យ៉ាងនេះ យើងនឹងគិតអំពីមតិ សេចក្ដីត្រូវការ និងចំណង់របស់បុគ្គលនោះ ហើយយើងប្រហែលជាព្រមធ្វើតាមបុគ្គលនោះ លើកលែងតែរឿងសំខាន់ចាំបាច់បំផុត។ នេះជារបៀបដែលប្ដីគួរប្រព្រឹត្តទៅលើប្រពន្ធរបស់ខ្លួន។
១៦. តើបណ្ដាំរបស់ព្រះព្រមានប្ដីយ៉ាងណាស្តីអំពីការឲ្យកិត្ដិយសដល់ប្រពន្ធ?
១៦ ពេលដែលពេត្រុសប្រាប់ប្ដីឲ្យផ្ដល់កិត្ដិយសដល់ប្រពន្ធរបស់ខ្លួន គាត់បានបន្ថែមការព្រមានមួយថា៖ «ពុំនោះសោត សេចក្ដីអធិដ្ឋានរបស់អ្នករាល់គ្នានឹងត្រូវរារាំង»។ (១ពេ. ៣:៧) នេះបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាចាត់ទុករបៀបដែលបុរសប្រព្រឹត្តទៅលើប្រពន្ធជារឿងធ្ងន់ធ្ងរ។ បើប្ដីមិនឲ្យកិត្ដិយសដល់ប្រពន្ធ នោះសេចក្ដីអធិដ្ឋានរបស់គាត់នឹងត្រូវរារាំង។ ម្យ៉ាងទៀត ជាទូទៅ បើប្ដីឲ្យកិត្ដិយសដល់ប្រពន្ធ នោះប្រពន្ធនឹងចង់ចុះចូលនឹងប្ដី មែនទេ?
១៧. តើប្ដីគួរស្រឡាញ់ប្រពន្ធខ្លួនដល់កម្រិតណា?
១៧ ស្តីអំពីការស្រឡាញ់ប្រពន្ធ បណ្ដាំរបស់ព្រះឲ្យឱវាទថា៖ «ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន . . . ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ តែគេតែងចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម ដូចគ្រិស្តប្រព្រឹត្តនឹងក្រុមជំនុំ . . . ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក»។ (អេភ. ៥:២៨, ២៩, ៣៣) តើប្ដីគួរស្រឡាញ់ប្រពន្ធរបស់ខ្លួនដល់កម្រិតណា? ប៉ូលបានសរសេរថា៖ «ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ»។ (អេភ. ៥:២៥) ពិតមែន ប្ដីគួរលះបង់ជីវិតដោយស្ម័គ្រចិត្តដើម្បីប្រពន្ធខ្លួន ដូចគ្រិស្តបានធ្វើដើម្បីអ្នកឯទៀត។ កាលណាប្ដីដែលជាគ្រិស្តសាសនិកប្រព្រឹត្តលើប្រពន្ធខ្លួនដោយថ្នាក់ថ្នម ដោយចេះយល់ចិត្ត ដោយយកចិត្តទុកដាក់ និងមិនគិតពីប្រយោជន៍ខ្លួន នោះស្រួលជាងឲ្យប្រពន្ធចុះចូលនឹងប្រមុខភាពរបស់គាត់។
១៨. ដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងអាពាហ៍ពិពាហ៍ តើបុរសទាំងឡាយអាចទទួលជំនួយពីអ្វី?
១៨ តើការឲ្យកិត្ដិយសដល់ប្រពន្ធតាមរបៀបនេះ តម្រូវច្រើនពេកចំពោះប្ដីឬ? មិនមែនទេ ព្រះយេហូវ៉ាមិនដែលតម្រូវឲ្យពួកគេធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ពួកគេឡើយ។ មួយវិញទៀត អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាអាចទទួលជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះដែលជាកម្លាំងដ៏ខ្លាំងបំផុតក្នុងសកលលោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកយ៉ាងណាទៅ!»។ (លូក. ១១:១៣) ពេលប្ដីអធិដ្ឋាន ពួកគេអាចសុំសកម្មពលពីព្រះយេហូវ៉ាដើម្បីជួយពួកគេក្នុងការប្រព្រឹត្តទៅលើអ្នកឯទៀតដែលរាប់ទាំងប្រពន្ធរបស់ពួកគេផងដែរ។—សូមអាន សកម្មភាព ៥:៣២
១៩. តើយើងនឹងពិភាក្សាអ្វីនៅអត្ថបទបន្ទាប់?
១៩ ប្រាកដហើយ ពួកបុរសមានភារកិច្ចធ្ងន់ដើម្បីរៀនចុះចូលនឹងគ្រិស្ត ហើយយកតម្រាប់តាមប្រមុខភាពរបស់លោក។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះស្ត្រី ជាពិសេសចំពោះប្រពន្ធ? អត្ថបទបន្ទាប់នឹងពិភាក្សាអំពីទស្សនៈដែលពួកគេគួរមានចំពោះតួនាទីរបស់ខ្លួនក្នុងការរៀបចំរបស់ព្រះយេហូវ៉ា។
តើអ្នកចាំឬទេ?
• តើយើងគួរបណ្ដុះឲ្យមានគុណសម្បត្ដិអ្វីខ្លះដូចលោកយេស៊ូ?
• តើអ្នកចាស់ទុំគួរប្រព្រឹត្តយ៉ាងណាចំពោះចៀម?
• តើប្ដីគួរប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះប្រពន្ធរបស់ខ្លួន?
[ឃ្លាពន្យល់អំពីរូបភាព នៅទំព័រ១៦]
យកតម្រាប់តាមលោកយេស៊ូ ដោយឲ្យកិត្ដិយស ដល់អ្នកឯទៀត