រង្វាន់របស់យ៉ូប—ជាប្រភពនៃសេចក្ដីសង្ឃឹម
«ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត»។—យ៉ូប ៤២:១២
១. សូម្បីតែនៅពេលដែលសេចក្ដីទុក្ខលំបាកបានធ្វើឲ្យគេទន់ខ្សោយយ៉ាងខ្លាំងក្ដី តើព្រះយេហូវ៉ាបានធ្វើអ្វីចំពោះប្រជារាស្ត្ររបស់ទ្រង់?
ព្រះយេហូវ៉ា«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ហើយទ្រង់លើកទឹកចិត្តប្រជារាស្ត្ររបស់ទ្រង់ដែលមានចិត្តភក្ដីឲ្យផ្សាយយ៉ាងក្លាហាន ទោះបីសេចក្ដីទុក្ខលំបាកបានធ្វើឲ្យពួកគេទន់ខ្សោយដូចមនុស្សស្លាប់ក្ដី។ (យ៉ូប ២៦:៥; វិវរណៈ ១១:៣, ៧, ១១) ការនេះបានឃើញយ៉ាងជាក់ស្តែងក្នុងករណីរបស់យ៉ូបដែលបានរងទុក្ខវេទនា។ ថ្វីបើមានពួកអ្នកសម្រាលទុក្ខក្លែងក្លាយបីនាក់បាននិយាយបង្ខូចគាត់ក៏ដោយ គាត់មិនបាននៅស្ងៀមដោយខ្លាចមនុស្សទេ។ តែផ្ទុយទៅវិញ គាត់បានធ្វើបន្ទាល់យ៉ាងក្លាហាន។
២. ថ្វីបើពួកគេបានរងការធ្វើទុក្ខបុកម្នេញនិងសេចក្ដីលំបាកក្ដី តើស្មរបន្ទាល់ព្រះយេហូវ៉ាបានឆ្លងផុតពីសេចក្ដីទុក្ខលំបាករបស់គេដោយយ៉ាងណា?
២ ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើននាក់នៅបច្ចុប្បន្ននេះ បានរងការធ្វើទុក្ខបុកម្នេញនិងសេចក្ដីលំបាកយ៉ាងខ្លាំង រហូតដល់ភាពជិតស្លាប់។ (កូរិនថូសទី២ ១១:២៣) យ៉ាងណាក៏ដោយ ដូចយ៉ូប ពួកគេបានបង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះ ហើយបានប្រព្រឹត្តសេចក្ដីសុចរិត។ (អេសេគាល ១៤:១៤, ២០) ពួកគេបានឆ្លងផុតពីសេចក្ដីទុក្ខលំបាក ដោយមានចិត្តប្ដេជ្ញាធ្វើឲ្យព្រះយេហូវ៉ាគាប់ព្រះហឫទ័យ មានកំឡាំងចិត្តធ្វើបន្ទាល់យ៉ាងក្លាហាន ព្រមទាំងមានសេចក្ដីសង្ឃឹមដ៏ពិតផង។
យ៉ូបបានធ្វើបន្ទាល់យ៉ាងក្លាហាន
៣. ក្នុងសេចក្ដីថ្លែងចុងក្រោយរបស់គាត់ តើយ៉ូបបានធ្វើបន្ទាល់របៀបណា?
៣ ក្នុងសេចក្ដីថ្លែងចុងក្រោយរបស់គាត់ យ៉ូបបានធ្វើបន្ទាល់ច្រើនជាងពីលើកមុនៗទៅទៀត។ គាត់បានផ្ចាញ់ផ្ចាលពួកអ្នកសម្រាលទុក្ខក្លែងក្លាយរបស់គាត់មិនឲ្យហើបមាត់រួចឡើយ។ គាត់បាននិយាយចំអកបញ្ឈឺ ចិត្តយ៉ាងមុតថា៖ «អ្នកពូកែមែន អ្នកបានជួយមនុស្សដែលគ្មានអំណាច»! (យ៉ូប ២៦:២) យ៉ូបបានលើកដំកើងព្រះយេហូវ៉ា ដែលឥទ្ធិឫទ្ធិរបស់ទ្រង់ព្យួរផែនដីយើងក្នុងអវកាសទទេធេង ហើយត្រដាងពពកផ្ទុកទឹកយ៉ាងក្រាស់នៅពីលើផែនដី។ (យ៉ូប ២៦:៧-៩) យ៉ាងណាក៏ដោយ យ៉ូបបានមានប្រសាសន៍ថា ការអស្ចារ្យទាំងនេះ‹គ្រាន់តែជាកិច្ចខាងក្រៅរបស់ព្រះយេហូវ៉ាទេ›។—យ៉ូប ២៦:១៤
៤. តើយ៉ូបបានមានប្រសាសន៍យ៉ាងណាអំពីចិត្តស្មោះគ្រប់ល័ក្ខណ៍ ហើយហេតុអ្វីក៏គាត់អាចសម្ដែងមនោសញ្ចេតនាតាមបែបនោះបាន?
៤ យ៉ូបបានដឹងពិតប្រាកដនូវនិរទោសរបស់គាត់ ហើយក៏បានថ្លែងថា៖ ‹ខ្ញុំមិនព្រមលះចោលចិត្តស្មោះគ្រប់ល័ក្ខណ៍របស់ខ្ញុំឡើយ ដរាបដល់ខ្ញុំស្លាប់ផង›! (យ៉ូប ២៧:៥) ផ្ទុយពីការចោទមិនពិតដែលបាននិយាយបោះបោកនឹងគាត់នោះ គាត់មិនបានធ្វើអ្វីដែលសមនឹងទទួលនូវអ្វីដែលបានកើតឡើងដល់គាត់ទេ។ យ៉ូបបានដឹងថា ព្រះយេហូវ៉ានឹងមិនសណ្ដាប់ការអធិស្ឋាននៃពួកអ្នកបះបោរជំនឿឡើយ ប៉ុន្តែទ្រង់នឹងប្រទានឲ្យរង្វាន់ដល់មនុស្សណាដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍វិញ។ នេះប្រហែលជារំឭកយើងថា នៅពេលបន្ដិចទៀត ព្យុះសង្ឃរានៃសង្គ្រាមអើម៉ាគេដូននឹងកំទេចពួកមនុស្សអាក្រក់ចេញពីទីកន្លែងអំណាចរបស់គេ ហើយពួកគេមិនអាចគេចចេញពីព្រះហស្តដ៏គ្មានប្រណីរបស់ទ្រង់បានឡើយ។ រហូតដល់ពេលនោះមកដល់ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ានឹងដើរដោយចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេ។—យ៉ូប ២៧:១១-២៣
៥. តើយ៉ូបបានឲ្យអត្ថន័យអំពីប្រាជ្ញាពិតយ៉ាងដូចម្ដេច?
៥ ពួកអ្នកប្រាជ្ញខាងលោកីយ៍បីនាក់នេះកំពុងតែស្ដាប់ កាលដែលយ៉ូបបានបង្ហាញថាមនុស្សលោកបានប្រើជំនាញរបស់គេដើម្បីនឹងស្វែងរកមាស ប្រាក់ និងទ្រព្យឯទៀតនៅក្នុងដីនិងនៅក្នុងសមុទ្រ។ គាត់បានមានប្រសាសន៍ថា៖ «ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត»។ (យ៉ូប ២៨:១៨) ពួកអ្នកសម្រាលទុក្ខក្លែងក្លាយរបស់យ៉ូប មិនអាចទិញប្រាជ្ញាពិតបានទេ។ ប្រភពនៃប្រាជ្ញាគឺជាព្រះជាអ្នកបង្កើតខ្យល់ ភ្លៀង ផ្លេកបន្ទោរ និងផ្គរ។ ពិតហើយ «សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់»។—យ៉ូប ២៨:២៨
៦. ហេតុអ្វីក៏យ៉ូបបាននិយាយអំពីជីវិតអតីតកាលរបស់គាត់?
៦ ទោះបីជាគាត់រងទុក្ខវេទនាយ៉ាងណាក្ដី ក៏យ៉ូបពុំបានឈប់បំរើព្រះយេហូវ៉ាឡើយ។ ជាជាងបែរចេញពីព្រះដ៏ខ្ពស់បំផុត បុរសដែលមានចិត្តស្មោះគ្រប់ល័ក្ខណ៍នេះ ចង់បានយ៉ាងខ្លាំងនូវ«មិត្រភាពនៃព្រះ»ដែលធ្លាប់មានពីដើម។ (យ៉ូប ២៩:៤) យ៉ូបមិនបាននិយាយអួតទេ នៅពេលដែលគាត់បានរៀបរាប់ឡើងវិញ នូវរបៀបដែលគាត់‹បានជួយដោះមនុស្សក្រីក្រឲ្យរួច បានប្រដាប់កាយខ្លួនដោយសេចក្ដីសុចរិត ហើយបានធ្វើជាឪពុកដល់ពួកអ្នកកំសត់នោះ›។ (យ៉ូប ២៩:១២-១៦) ផ្ទុយទៅវិញ គាត់បានរៀបរាប់អំពីការណ៍ពិតនៃជីវិតរបស់គាត់ ជាអ្នកបំរើស្មោះត្រង់នៃព្រះយេហូវ៉ា។ តើអ្នកបានបង្កើននូវប្រវត្ដិដ៏ល្អដូចនេះទេ? ពិតហើយ យ៉ូបក៏បានលាតសម្ដែងឲ្យគេឃើញនូវការចោទប្រកាន់មិនពិតដោយពួកបន្លំដែលលាក់ពុតបីនាក់នោះដែរ។
៧. តើយ៉ូបជាមនុស្សប្រភេទណាពីដើម?
៧ ពួកក្មេងៗបានសើចចំអកដាក់យ៉ូប‹ជាពួកអ្នកដែលគាត់មិនព្រមដាក់ឪពុកគេឲ្យនៅជាមួយនឹងឆ្កែ រក្សាហ្វូងសត្វរបស់គាត់ផង›។ ពួកគេខ្ពើមឆ្អើមហើយស្ដោះដាក់មុខគាត់។ ថ្វីបើគាត់បានមានការឈឺចាប់យ៉ាងខ្លាំងក្ដី គ្មានអ្នកណាមួយបានសម្ដែងសម្មានភាពដល់គាត់ទេ។ (យ៉ូប ៣០:១, ១០, ៣០) ពីព្រោះគាត់បានមានចិត្តភក្ដីទាំងស្រុងទៅលើព្រះយេហូវ៉ា គាត់អាចនិយាយដោយមនសិការជ្រះថ្លាបានថា៖ «នោះសូមឲ្យព្រះថ្លឹងខ្ញុំដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ»។ (យ៉ូប ៣១:៦) យ៉ូបមិនមែនជាអ្នកផិត ឬជាអ្នករកកលល្បិចណាមួយឡើយ ហើយគាត់ក៏មិនដែលខានជួយមនុស្សខ្វះខាតដែរ។ ថ្វីបើគាត់ធ្លាប់ជាអ្នកមានស្តុកស្តម្ភក្ដី គាត់មិនដែលទុកចិត្តទៅលើវត្ថុទ្រព្យទេ។ ម្យ៉ាងវិញទៀត យ៉ូបមិនបានចូលរួមក្នុងសរណវត្ថុបូជា ដោយថ្វាយបង្គំវត្ថុគ្មានជីវិត ដូចព្រះចន្ទនោះទេ។ (យ៉ូប ៣១:២៦-២៨) គាត់បានធ្វើជាគំរូដ៏ល្អមួយ ជាអ្នករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដោយទុកចិត្តទៅលើព្រះ។ ទោះបីគាត់បានរងទុក្ខវេទនានិងមានពួកអ្នកសម្រាលទុក្ខក្លែងក្លាយនៅជាមួយក៏ដោយ ក៏យ៉ូបបានទប់ទល់យ៉ាងជំនាញ ព្រមទាំងបានធ្វើបន្ទាល់យ៉ាងអស្ចារ្យដែរ។ សេចក្ដីថ្លែងរបស់គាត់មកដល់ទីបញ្ចប់ គាត់បានចាត់ទុកព្រះជាចៅក្រម និងអ្នកប្រទានរង្វាន់របស់គាត់។—យ៉ូប ៣១:៣៥-៤០
អេលីហ៊ូវនិយាយ
៨. តើអេលីហ៊ូវជាអ្នកណា ហើយតើគាត់បានបង្ហាញឲ្យឃើញសេចក្ដីគោរពនិងសេចក្ដីក្លាហានយ៉ាងដូចម្ដេច?
៨ យុវជនម្នាក់ឈ្មោះអេលីហ៊ូវដែលនៅជិតនោះ ជាកូនចៅរបស់ប៊ូស ដែលជាកូនរបស់ណាឃរ ដូច្នេះជាញាតិខាងសាច់ឆ្ងាយរបស់អ័ប្រាហាំ ដែលជាមិត្តសំឡាញ់របស់ព្រះយេហូវ៉ា។ (អេសាយ ៤១:៨) អេលីហ៊ូវបានបង្ហាញសេចក្ដីគោរពដល់មនុស្សចាស់ ដោយបានស្ដាប់កិច្ចពិភាក្សាតទល់ទាំងសងខាង។ ប៉ុន្តែ គាត់បាននិយាយយ៉ាងក្លាហានឡើង នៅពេលដែលពួកគេនិយាយខុស។ ជាឧទាហរណ៍ កំហឹងរបស់គាត់បានឆួលឡើងនឹងយ៉ូប‹ពេលលោករាប់ខ្លួនជាសុចរិតជាជាងព្រះ›។ កំហឹងរបស់អេលីហ៊ូវបានឆួលឡើងយ៉ាងខ្លាំង ជាពិសេសទៅលើពួកសម្រាលទុក្ខក្លែងក្លាយ។ សេចក្ដីថ្លែងរបស់គេមើលទៅដូចជាលើកដំកើងព្រះ ប៉ុន្តែទៅជាបានប្រមាថទ្រង់ទៅវិញ ពីព្រោះពួកគេចូលដៃខាងសាតាំងចំពោះវាទប្បដិវាទនេះ។ ‹ពោរពេញដោយពាក្យ›និងព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យនិយាយនោះ អេលីហ៊ូវជាអ្នកធ្វើបន្ទាល់ដោយមិនរើសមុខម្នាក់នៃព្រះយេហូវ៉ា។—យ៉ូប ៣២:២, ១៨, ២១
៩. តើតាមរបៀបណាដែលអេលីហ៊ូវបានធ្វើឲ្យដឹងថាព្រះនឹងធ្វើឲ្យយ៉ូបបានដូចដើមវិញនោះ?
៩ យ៉ូបរឹតតែព្រួយចិត្តឡើងចំពោះយុត្ដិកម្មរបស់គាត់ជាជាងព្រះ។ តាមការពិត គាត់បានប្រជែងនឹងព្រះផង។ យ៉ាងណាក៏ដោយ កាលដែលយ៉ូបជិតស្លាប់ទៅ គឺមានការប្រាប់ឲ្យដឹងអំពីការធ្វើឲ្យដូចដើមវិញ។ តើតាមវិធីណា? អេលីហ៊ូវត្រូវបានបណ្ដាលឲ្យនិយាយថាព្រះយេហូវ៉ាបានយល់ព្រមនឹងយ៉ូប ដោយមានសារនេះថា៖ «ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្ដៅឡើយ! ដ្បិតអញរកបានថ្លៃលោះគេហើយ យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ»។—យ៉ូប ៣៣:២៤, ២៥
១០. តើយ៉ូបនឹងត្រូវសាកល្បងដល់កម្រិតណា ប៉ុន្តែតើយើងអាចដឹងជាប្រាកដអំពីអ្វីនៅកូរិនថូសទី១ ១០:១៣?
១០ អេលីហ៊ូវបានកែយ៉ូប ពីព្រោះលោកបាននិយាយថា ជាការគ្មានប្រយោជន៍ទេ ក្នុងការរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដែលធ្វើឲ្យព្រះគាប់ព្រះហឫទ័យនោះ។ អេលីហ៊ូវបានមានប្រសាសន៍ថា៖ «កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ។ ដ្បិតទ្រង់នឹងសងដល់មនុស្សតាមការដែលគេធ្វើ»។ យ៉ូបបានប្រព្រឹត្តដោយពុំបានគិតឲ្យបានស្រួលបួល ក្នុងការដៅបញ្ជាក់សេចក្ដីសុចរិតរបស់គាត់ ប៉ុន្តែគាត់បានធ្វើដូច្នេះ ដោយគ្មានតម្រិះវិជ្ជានិងការវែកញែកគ្រប់គ្រាន់។ អេលីហ៊ូវបានបន្ថែមទៀតថា៖ «ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង រហូតដល់ចុង ដោយព្រោះចំឡើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់»។ (យ៉ូប ៣៤:១០, ១១, ៣៥, ៣៦) ជាការស្រដៀងគ្នានោះដែរ ជំនឿនិងចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យើងអាចឃើញជាក់ស្តែងបាន លុះត្រាតែយើងត្រូវ‹បានសាកល្បងរហូតដល់កម្រិត›តាមវិធីណាមួយ។ យ៉ាងណាក៏ដោយ ព្រះវរបិតាសួគ៌ាដែលស្រឡាញ់យើងនឹងមិនអនុញ្ញាតឲ្យយើងត្រូវល្បួងដល់កម្រិតដែលយើងទ្រាំមិនបាននោះឡើយ។—កូរិនថូសទី១ ១០:១៣
១១. នៅពេលបានសាកល្បងយ៉ាងឈឺចាប់នោះ តើយើងត្រូវតែចងចាំអំពីអ្វី?
១១ កាលដែលអេលីហ៊ូវបន្តការនិយាយ គាត់បានបង្ហាញថាយ៉ូបបានដាក់ទម្ងន់ទៅលើសេចក្ដីសុចរិតរបស់គាត់យ៉ាងហួសហេតុ។ គួរតែបំបែរអារម្មណ៍ទៅឯព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់យើងវិញ។ (យ៉ូប ៣៥:២, ៦, ១០) អេលីហ៊ូវបានមានប្រសាសន៍ថាព្រះ«មិនគាំពារជីវិតរបស់មនុស្សអាក្រក់នោះទេ តែទ្រង់ប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ»។ (យ៉ូប ៣៦:៦) គ្មានអ្នកណាម្នាក់អាចទាមទារបន្ទោសផ្លូវរបស់ព្រះឬថាទ្រង់បានប្រព្រឹត្តការទុច្ចរិតនោះឡើយ។ ទ្រង់មានភាពខ្ពស់ថ្កើងជាងយើងដឹងទៅទៀត ហើយចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបានទេ។ (យ៉ូប ៣៦:២២-២៦) នៅពេលដែលយើងត្រូវបានសាកល្បងយ៉ាងឈឺចាប់ ចូរចងចាំថាព្រះជាអនន្តរបស់យើង ទ្រង់ជាព្រះដ៏សុចរិតហើយទ្រង់នឹងប្រទានរង្វាន់ដល់យើង ចំពោះកិច្ចការដ៏ស្មោះត្រង់របស់យើងដែលនាំមកនូវការសរសើរដល់ទ្រង់។
១២. តើសេចក្ដីថ្លែងចុងបញ្ចប់របស់អេលីហ៊ូវបង្ហាញឲ្យឃើញយ៉ាងណា អំពីការជំនុំជំរះរបស់ព្រះដល់មនុស្សអាក្រក់?
១២ កាលដែលអេលីហ៊ូវបាននិយាយរួច ព្យុះសង្ឃរាក៏កើតឡើង។ កាលដែលព្យុះសង្ឃរាមកកាន់តែជិតឡើង បេះដូងរបស់អេលីហ៊ូវចាប់ផ្ដើមដើរយ៉ាងលឿនហើយញ័រផង។ គាត់បាននិយាយអំពីការដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើ ហើយបានមានប្រសាសន៍ថា៖ «ឱយ៉ូបអើយ សូមស្ដាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន»។ ដូចយ៉ូប យើងត្រូវតែពិចារណាអំពីកិច្ចការដ៏អស្ចារ្យ និងកិច្ចការគួរកោតដ៏ថ្លៃថ្នូររបស់ព្រះដែរ។ អេលីហ៊ូវបាននិយាយថា៖ «ឯព្រះដ៏មានគ្រប់ព្រះចេស្ដា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ។ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត តែដោយទ្រង់មានសេចក្ដីយុត្ដិធម៌នឹងសេចក្ដីសុចរិតពោរពេញ បានជាទ្រង់នឹងមិនធ្វើទុក្ខទេ ហេតុនោះបានជាមនុស្សតែងតែកោតខ្លាច នៅចំពោះទ្រង់»។ (យ៉ូប ៣៧:១, ១៤, ២៣, ២៤) សេចក្ដីថ្លែងចុងបញ្ចប់របស់អេលីហ៊ូវ រំឭកយើងថា នៅពេលបន្ដិចទៀត ព្រះនឹងជំនុំជំរះមនុស្សអាក្រក់ ហើយទ្រង់នឹងមិនបង្អាប់យុត្ដិធម៌និងសេចក្ដីសុចរិតទេ ហើយទ្រង់នឹងការពារអស់អ្នកដែលកោតខ្លាចទ្រង់ ជាអ្នកថ្វាយបង្គំជាទីគោរព។ ជាឯកសិទ្ធិដ៏ល្អណាស់ ដែលយើងបាននៅក្នុងចំណោមពួកអ្នករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ដែលទទួលស្គាល់ព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក! ចូរស៊ូទ្រាំឲ្យបានដូចយ៉ូបចុះ ហើយកុំឲ្យអារក្សទាញអ្នកចេញពីកន្លែងមានពរក្នុងចំណោមពួកមនុស្សដែលមានសុភមង្គលឲ្យសោះ។
ព្រះយេហូវ៉ាឆ្លើយតបនឹងយ៉ូប
១៣, ១៤. (ក) តើព្រះយេហូវ៉ាបានចាប់ផ្ដើមសួរយ៉ូបអំពីអ្វីខ្លះ? (ខ) តើមានចំណុចអ្វីខ្លះដែលយើងអាចរៀនបាន ពីសំនួរផ្សេងៗដែលព្រះបានសួរយ៉ូប?
១៣ យ៉ូបច្បាស់ជាមានសេចក្ដីអស្ចារ្យណាស់ នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងលោក ពីក្នុងខ្យល់ព្យុះ! ព្យុះនោះជាការប្រព្រឹត្តរបស់ព្រះ មិនមែនដូចជាខ្យល់យ៉ាងខ្លាំងដែលសាតាំងប្រើធ្វើឲ្យផ្ទះរលំ ហើយសម្លាប់កូនចៅយ៉ូបនោះទេ។ យ៉ូបទៅជាស្រឡាំងកាំងនិយាយមិនរួច កាលដែលព្រះបានមានបន្ទូលសួរថា៖ «តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? . . . តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ»? (យ៉ូប ៣៨:៤, ៦, ៧) ព្រះយេហូវ៉ាបានមានបន្ទូលសួរយ៉ូបមួយហើយមួយទៀត អំពីសមុទ្រ ការត្រដាងពពកលើផែនដី ពេលថ្ងៃទើបនឹងរះ ទ្វារនៃសេចក្ដីស្លាប់ ពន្លឺនិងសេចក្ដីងងឹត និងតារានិករ។ យ៉ូបនិយាយមិនរួចទេ នៅពេលដែលព្រះមានបន្ទូលសួរថា៖ «តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ»?—យ៉ូប ៣៨:៣៣
១៤ សំនួរផ្សេងៗទៀតបានបង្ហាញប្រាប់ថា មុននឹងមនុស្សលោកត្រូវបានបង្កើតមកហើយឲ្យកាន់អំណាចលើត្រី សត្វស្លាប សត្វចតុបាទធំៗ និងសត្វលូនវារនោះ ព្រះបានជួយផ្គត់ផ្គង់សត្វទាំងនោះ—ដោយគ្មានជំនួយឬយោបល់ពីមនុស្សឡើយ។ សំនួររបស់ព្រះយេហូវ៉ាឯទៀត គឺបានរៀបរាប់អំពីសត្វគោព្រៃ សត្វអូសទ្រីច និងសេះ។ ព្រះបានសួរយ៉ូបថា៖ «តើឥន្ទ្រីហើរទៅលើ ហើយធ្វើសំបុកនៅទីខ្ពស់តាមបង្គាប់ឯងឬអី»? (យ៉ូប ៣៩:២៧) ពិតជាមិនមែនទេ! សូមគិតអំពីប្រតិកម្មរបស់យ៉ូប កាលដែលព្រះបានមានបន្ទូលសួរគាត់ថា៖ «ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្ដារាងចាលឬ»? មិនជាការងឿងឆ្ងល់ទេ ដែលយ៉ូបបានមានប្រសាសន៍ថា៖ «មើលទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្ដេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ»។ (យ៉ូប ៤០:២, ៤) ដោយសារព្រះយេហូវ៉ាទ្រង់តែងតែត្រឹមត្រូវនោះ បើកាលណាយើងត្រូវបានល្បួងឲ្យបន្ទោសទ្រង់ យើងត្រូវ‹យកដៃមកខ្ទប់មាត់វិញ›។ សំនួររបស់ព្រះទាំងឡាយក៏បានលើកដំកើងភាពខ្ពង់ខ្ពស់ សេចក្ដីថ្លៃថ្នូរ និងអានុភាពរបស់ទ្រង់ ដូចជាបានសម្ដែងឲ្យឃើញក្នុងសេចក្ដីបង្កើតរបស់ទ្រង់។
ដំរីទឹកនិងក្រពើ
១៥. តើដំរីទឹកមានលក្ខណៈពិសេសយ៉ាងណាខ្លះ?
១៥ ជាបន្ទាប់ព្រះយេហូវ៉ាបានមានបន្ទូលអំពីដំរីទឹក។ (យ៉ូប ៤០:១៥-២៤) សត្វនេះមានមាឌធំដ៏អស្ចារ្យ ទម្ងន់ដ៏ធ្ងន់ និងស្បែកស្វិត ប៉ុន្តែនេះជាសត្វ‹ស៊ីស្មៅខ្ចី›ទៅវិញ។ កំឡាំងរបស់វាគឺនៅត្រង់ចង្កេះ និងនៅត្រង់សរសៃពោះ។ ឆ្អឹងជើងវាគឺខ្លាំងដូចជា«បំពង់លង្ហិន»។ ដំរីទឹកពុំស្លន់ក្នុងទឹកដែលហូរខ្លាំងទេ ក៏ប៉ុន្តែអាចហែលបញ្ច្រាស់ទឹកហូរយ៉ាងស្រួល។
១៦. (ក) តើមានការណ៍ពិតណាខ្លះអំពីសត្វក្រពើ? (ខ) កំឡាំងរបស់ដំរីទឹកនិងក្រពើធ្វើឲ្យយើងត្រូវការអ្វី ចំពោះការបំពេញកិច្ចការបំរើព្រះយេហូវ៉ា?
១៦ ព្រះក៏បានមានបន្ទូលសួរយ៉ូបទៀតថា៖ «តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្ដាតវាបានឬទេ»? (យ៉ូប ៤១:១-៣៤) សត្វក្រពើមិនចេះចងមេត្រីភាពជាមួយអ្នកណាម្នាក់ឡើយ ហើយគ្មានអ្នកប្រាជ្ញណាម្នាក់ហ៊ានធ្វើឲ្យសត្វលូននេះភ្ញាក់ផ្អើលឡើងឡើយ។ ព្រួញទាំងប៉ុន្មានក៏មិនអាចដេញវាចេញបានដែរ ហើយវា«សើចឡកដល់ដែកដែលគេពួយមក»។ ក្រពើដែលមានកំហឹងដ៏ខ្លាំងនឹងធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំងប្រេង។ ហេតុការណ៍ជាក់ស្តែងដែលក្រពើនិងដំរីទឹកខ្លាំងជាងយ៉ូប នោះបានជួយឲ្យគាត់មានចិត្តរាបទាប។ យើងក៏ត្រូវតែបន្ទាបខ្លួនដែរ ពីព្រោះខ្លួនយើងមិនមានកំឡាំងជាខ្លាំងក្លាទេ។ ប៉ុន្តែយើងត្រូវការប្រាជ្ញានិងកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីនឹងគេចពីចង្កូមរបស់សាតាំងដែលជាពស់ ហើយដើម្បីនឹងបំពេញកិច្ចការរបស់យើងក្នុងការបំរើព្រះយេហូវ៉ា។—ភីលីព ៤:១៣; វិវរណៈ ១២:៩
១៧. (ក) តើតាមរបៀបណាដែលយ៉ូប«មើលឃើញព្រះ»? (ខ) ដោយសារតែយ៉ូបមិនអាចឆ្លើយសំនួរទាំងឡាយ តើនេះបានបញ្ជាក់ឲ្យឃើញអ្វី ហើយតើនេះអាចជួយយើងយ៉ាងណាបាន?
១៧ ដោយបានបន្ទាបខ្លួន យ៉ូបបានទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់គាត់ ហើយបានសារភាពថា គាត់បាននិយាយដោយគ្មានចំណេះវិជ្ជា។ ប៉ុន្តែ គាត់បានសម្ដែងជំនឿថាគាត់«បានឃើញព្រះ»។ (យ៉ូប ១៩:២៥-២៧) បើមនុស្សដែលអាចឃើញព្រះយេហូវ៉ាមិនអាចរស់នៅបន្តទៀតផងនោះ តើនេះអាចកើតឡើងដូចម្ដេចបាន? (និក្ខមនំ ៣៣:២០) តាមការពិត យ៉ូបបានឃើញការសម្ដែងនៃឥទ្ធិឫទ្ធិរបស់ព្រះ បានឮបន្ទូលរបស់ព្រះ ហើយភ្នែកនៃការយល់ដឹងរបស់គាត់បានឃើញសេចក្ដីពិតអំពីព្រះយេហូវ៉ា។ ដូច្នេះហើយ យ៉ូបបាន‹ប្រែចិត្តដោយក្រាបនៅក្នុងធូលីដីហើយនឹងផេះ›។ (យ៉ូប ៤២:១-៦) ហេតុដែលគាត់មិនអាចឆ្លើយសំនួរជាច្រើននោះ បញ្ជាក់ឲ្យឃើញនូវភាពខ្ពង់ខ្ពស់របស់ព្រះ ហើយបានបង្ហាញឲ្យឃើញថាមនុស្សគឺតូចណាស់ សូម្បីតែយ៉ូបដែលមានចិត្តភក្ដីដល់ព្រះយេហូវ៉ាក៏ដោយ។ ការនេះជួយយើងឲ្យឃើញថា យើងមិនត្រូវចាត់ទុកផលប្រយោជន៍របស់យើង ជាការសំខាន់ជាងការធ្វើឲ្យព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធ និងធ្វើយុត្ដិកម្មនៃអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ (ម៉ាថាយ ៦:៩, ១០) អ្វីដែលយើងត្រូវខ្វល់ជាងគេនោះ គឺការរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះយេហូវ៉ា និងការឲ្យកិត្ដិយសដល់ព្រះនាមទ្រង់។
១៨. តើពួកសម្រាលទុក្ខក្លែងក្លាយរបស់យ៉ូបត្រូវតែធ្វើអ្វី?
១៨ ចុះយ៉ាងណាវិញដែរ ចំពោះពួកសម្រាលទុក្ខក្លែងក្លាយដែលគិតថាខ្លួនជាមនុស្សសុចរិតនោះ? ព្រះយេហូវ៉ាអាចមានសិទ្ធិសម្លាប់អេលីផាស ប៊ីលដាឌ និងសូផារបានយ៉ាងស្រួល ពីព្រោះពួកគេមិនបាននិយាយសេចក្ដីពិតអំពីទ្រង់ ដូចយ៉ូប។ ព្រះបានមានបន្ទូលថា៖ «ដូច្នេះ ចូរឯងរាល់គ្នាយកគោឈ្មោល៧នឹងពពែឈ្មោល៧នាំទៅឯយ៉ូប ជាអ្នកបំរើអញឥឡូវ រួចថ្វាយដង្វាយដុតសំរាប់ខ្លួនទៅ នោះយ៉ូប ជាអ្នកបំរើអញនឹងអធិស្ឋានឲ្យឯងរាល់គ្នា»។ ពួកមនុស្សបីនាក់នេះត្រូវតែបន្ទាបខ្លួនរបស់គេដើម្បីនឹងអនុលោមតាម។ យ៉ូបដែលជាអ្នករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ត្រូវអធិស្ឋានឲ្យពួកគេ ហើយព្រះយេហូវ៉ាយល់ព្រមសេចក្ដីអធិស្ឋានរបស់គាត់។ (យ៉ូប ៤២:៧-៩) ប៉ុន្តែចុះប្រពន្ធរបស់យ៉ូបដែលបានដាស់តឿនឲ្យគាត់ប្រមាថព្រះហើយស្លាប់នោះ យ៉ាងណាដែរ? ដោយសេចក្ដីមេត្ដាករុណារបស់ព្រះ នាងបានផ្សះផ្សាជាមួយយ៉ូបហើយ។
រង្វាន់ដែលព្រះបានសន្យាធ្វើឲ្យយើងមានសេចក្ដីសង្ឃឹម
១៩. ក្នុងការទាក់ទងជាមួយយ៉ូប តើព្រះយេហូវ៉ាបានបង្ហាញនូវភាពខ្ពង់ខ្ពស់លើអារក្សដោយយ៉ាងណា?
១៩ កាលដែលយ៉ូបបានឈប់ព្រួយអំពីការរងទុក្ខវេទនារបស់គាត់ ហើយបានបំរើព្រះវិញនោះ ព្រះយេហូវ៉ាក៏បានផ្លាស់ប្ដូររឿងឲ្យគាត់ដែរ។ ក្រោយពីយ៉ូបបានអធិស្ឋានឲ្យពួកមនុស្សបីនាក់នោះហើយ ព្រះ‹ធ្វើឲ្យគាត់រួចពីស្ថានភាពឃុំឃាំង›ហើយបានប្រទានឲ្យគាត់‹មានលើសជាងដើម១ជា២›។ ព្រះយេហូវ៉ាបានបង្ហាញនូវភាពខ្ពង់ខ្ពស់របស់ទ្រង់ទៅលើអារក្ស ដោយបញ្ឈប់រោគដែលធ្វើឲ្យក្លាយនៃស្នាដៃសាតាំង ហើយបានប្រោសឲ្យយ៉ូបជាវិញយ៉ាងអស្ចារ្យ។ ព្រះក៏បានដេញហ្វូងអារក្សចេញ ព្រមទាំងពុំឲ្យពួកវាទៅជិតឡើយ ព្រោះទ្រង់បានដាក់របងការពារយ៉ូប ដោយមានពួកទេវតារបស់ទ្រង់ចោមរោមនៅជុំវិញ។—យ៉ូប ៤២:១០; ទំនុកដំកើង ៣៤:៧
២០. តើតាមវិធីណា ដែលព្រះយេហូវ៉ាបានប្រទានរង្វាន់និងពរដល់យ៉ូប?
២០ បងប្អូនប្រុសស្រីរបស់យ៉ូប និងពួកអ្នកធ្លាប់ស្គាល់ពីដើមរបស់គាត់បានមកបរិភោគនិងសម្ដែងសមានចិត្តដល់គាត់ ហើយជួយសម្រាលទុក្ខគាត់ចំពោះវិបត្ដិភ័យដែលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យគាត់ពិសោធ។ ពួកគេម្នាក់ៗបានឲ្យប្រាក់កាសទៅយ៉ូប និងចិញ្ជៀនមាសមួយវង់ៗដល់លោក។ ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូបនៅជាន់ក្រោយនេះ ច្រើនជាងគាត់ធ្លាប់មានពីដើមទៅទៀត។ ដូច្នេះគាត់ក៏មានចៀម ១៤.០០០និងអូដ្ឋ ៦.០០០ គោ ១.០០០នឹម និងលាញី ១.០០០។ យ៉ូបក៏បង្កើតបានកូនប្រុសប្រាំពីរនិងកូនស្រីបីនាក់ទៀត គឺដូចដែលគាត់ធ្លាប់មានពីមុន។ កូនស្រីៗរបស់គាត់—ឈ្មោះយេមីម៉ា គេស៊ីយ៉ា និងកេរេន-ហាពូក—ជាស្ត្រីដែលមានរូបឆោមស្អាតជាងគេទាំងអស់នៅក្នុងស្រុកនោះ ហើយយ៉ូបក៏បែងចែកមរដកដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ។ (យ៉ូប ៤២:១១-១៥) ម្យ៉ាងវិញទៀត យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត ហើយលោកបានឃើញរហូតដល់បួនតំណនៃកូនចៅរបស់លោក។ ដំណើររឿងបញ្ចប់ដោយពាក្យនេះថា៖ «នោះយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង»។ (យ៉ូប ៤២:១៦, ១៧) ការបន្តធ្វើឲ្យគាត់មានជីវិតដ៏យឺនយូរនោះ ជាកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។
២១. ចំពោះដំណើររឿងនៅក្នុងព្រះគម្ពីរអំពីយ៉ូប តើអាចជួយយើងយ៉ាងដូចម្ដេច ហើយតើយើងត្រូវប្ដេជ្ញាចិត្តធ្វើអ្វី?
២១ ដំណើររឿងរបស់យ៉ូបនៅក្នុងព្រះគម្ពីរ ធ្វើឲ្យយើងដឹងនូវកលល្បិចរបស់សាតាំង ហើយក៏ជួយយើងឲ្យឃើញនូវរបៀបដែលអធិបតេយ្យភាពសកលលោក ជាប់ទាក់ទងនឹងចិត្តស្មោះគ្រប់ល័ក្ខណ៍របស់មនុស្សលោក។ ដូចយ៉ូប អស់ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ានឹងត្រូវសាកល្បងឡើង។ ប៉ុន្តែ យើងក៏អាចស៊ូទ្រាំបានដូចលោកយ៉ូបដែរ។ ដោយព្រោះតែគាត់មានជំនឿនិងសេចក្ដីសង្ឃឹម យ៉ូបបានឆ្លងកាត់ផុតពីសេចក្ដីទុក្ខលំបាករបស់គាត់ ហើយបានទទួលរង្វាន់ជាច្រើន។ ជាអ្នកបំរើរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ យើងមានសេចក្ដីជំនឿនិងសេចក្ដីសង្ឃឹមពិត។ ព្រះជាអ្នកដែលប្រទានឲ្យរង្វាន់ដ៏សម្បើមបានដាក់សេចក្ដីសង្ឃឹមដ៏អស្ចារ្យនៅពីមុខយើង! ចូរចងចាំថា រង្វាន់ខាងសួគ៌ានឹងជួយពួកចាក់ប្រេងតាំងឲ្យបំរើព្រះដោយសេចក្ដីស្មោះត្រង់អស់មួយជីវិតរបស់គេនៅលើផែនដីនេះ។ មនុស្សជាច្រើនដែលមានសង្ឃឹមរស់នៅលើផែនដីនឹងមិនស្លាប់ទេ ប៉ុន្តែបើសិនជាមានអ្នកណាស្លាប់ទៅនោះ ទ្រង់នឹងប្រទានឲ្យរង្វាន់ឲ្យគេ ដោយប្រោសឲ្យរស់ឡើងវិញក្នុងទីមនោរម្យនៅលើផែនដីជាមួយលោកយ៉ូបដែរ។ ដោយយើងមានសេចក្ដីសង្ឃឹមពិតក្នុងចិត្តគំនិតបែបនេះ សូមឲ្យអស់អ្នកដែលស្រឡាញ់ព្រះ បង្ហាញឲ្យឃើញថាអារក្សជាអ្នកកំភូត ដោយគាំទ្រព្រះយេហូវ៉ាយ៉ាងមុតមាំ ជាអ្នករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ហើយជាអ្នកគាំទ្រដ៏ខ្ជាប់ខ្ជួននៃអធិបតេយ្យភាពសកលលោករបស់ទ្រង់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើយ៉ូបបានលើកយកចំណុចអ្វីខ្លះ ក្នុងការតបឆ្លើយចុងក្រោយទៅពួកអ្នកសម្រាលទុក្ខក្លែងក្លាយ?
◻ តើអេលីហ៊ូវបានបង្ហាញឲ្យឃើញយ៉ាងណា ថាគាត់ជាអ្នកស្មរបន្ទាល់ព្រះយេហូវ៉ាដែលមិនរើសមុខ?
◻ តើព្រះមានសំនួរអ្វីខ្លះដល់យ៉ូប ហើយតើសំនួរទាំងនោះមានឥទ្ធិពលយ៉ាងណា?
◻ តើអ្នកបានទទួលប្រយោជន៍យ៉ាងណាខ្លះ ពីដំណើររឿងរបស់យ៉ូបនៅក្នុងព្រះគម្ពីរ?
[រូបភាពនៅទំព័រ២៦]
ការថ្លែងរបស់ព្រះយេហូវ៉ាអំពីដំរីទឹក និងក្រពើបានជួយយ៉ូបឲ្យមានចិត្តរាបទាប