នៅទីបំផុត—មានយុត្ដិធម៌សំរាប់មនុស្សគ្រប់គ្នា
«យើងនឹងខំប្រឹងស្ដាប់តាមរបៀបថ្មីៗ . . . ដល់សម្លេងនៃពួកដែលបានរបួស ពួកដែលទុក្ខព្រួយ និងដល់ពួកដែលបានត្រូវព្រួយថាគ្មានអ្នកណាស្ដាប់ខ្លួននោះ។ . . . អ្វីដែលនៅសល់គឺដើម្បីប្រព្រឹត្តតាមអ្វីដែលមានក្នុងរដ្ឋធម្មនុញ្ញ៖ ដើម្បីធានានៅទីបំផុត ថាមនុស្សកើតមកមានសេចក្ដីថ្លៃថ្នូរស្មើគ្នាចំពោះព្រះ ហើយទាំងអស់គ្នាកើតមកមានសេចក្ដីថ្លៃថ្នូរស្មើគ្នាចំពោះមនុស្ស»។—ប្រធានាធិបតីអាមេរិក លោករិឆឺឌ មិលហោស និកសិន ក្នុងការថ្លែងនៃពិធីសម្ពោធន៍នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩។
នៅពេលដែលស្តេច ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចាប់ផ្ដើមទទួលតំណែង គេតែងទោរទន់និយាយអំពីយុត្ដិធម៌។ រិឆឺឌ និកសិន ដែលជាអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិក ក៏បានមានប្រសាសន៍អំពីរឿងនេះដែរ។ ប៉ុន្តែពាក្យដ៏វោហាររបស់លោកបានបាត់ភាពល្បីល្បាញ នៅពេលពិនិត្យមើលប្រវត្ដិសាស្ត្រដោយឥតរើសមុខ។ ទោះជាលោកបានសន្យានឹង‹ធ្វើឲ្យច្បាប់មានឥទ្ធិពល›ក៏ដោយ នៅពេលក្រោយមក លោកនិកសិនបានត្រូវមានទោសនៃការល្មើសច្បាប់ ហើយបានត្រូវបង្ខំឲ្យលះបង់ពីតំណែងរបស់លោក។ បីទសវត្សក្រោយមក ‹សម្លេងនៃពួកដែលបានត្រូវរបួស ទុក្ខព្រួយ និងដែលព្រួយ› ក៏នៅកំពុងតែស្រែកឲ្យគេស្ដាប់ដដែល។
ការឮសម្លេងបែបនេះ ហើយថ្លែងអំពីការទុក្ខព្រួយរបស់គេគឺមិនមែនជាអ្វីដែលស្រួលនោះទេ ដូចពួកមេដឹកនាំជាច្រើននាក់ដែលមានចេតនាល្អបានដឹងនោះ។ ‹យុត្ដិធម៌សំរាប់មនុស្សគ្រប់គ្នា› បានបង្ហាញឲ្យឃើញជាអ្វីដែលមិនអាចចាប់បានឡើយ។ យ៉ាងណាក៏ដោយ ជាច្រើនសតវត្សកន្លងទៅនេះ សេចក្ដីសន្យាមួយបានធ្វើឡើង ដែលសមឲ្យយើងប្រុងស្មារតី ហើយនេះជាសេចក្ដីសន្យាដ៏អស្ចារ្យមួយស្តីអំពីយុត្ដិធម៌។
តាមរយៈព្យាការីអេសាយ ព្រះបានធានារាស្ត្ររបស់ទ្រង់ថា ទ្រង់នឹងបញ្ជូនឲ្យទៅគេនូវ«អ្នកបំរើ»ម្នាក់ ដែលអង្គទ្រង់បានជ្រើសរើសផ្ទាល់។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គេថា៖ «អញបានដាក់វិញ្ញាណអញឲ្យសណ្ឋិតលើទ្រង់ ហើយទ្រង់នឹងសំដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្ដិធម៌»។ (អេសាយ ៤២:១-៣) គ្មានមេដឹកនាំមនុស្សណាដែលហ៊ានធ្វើសេចក្ដីសន្យាបែបនេះឡើយ អំពីយុត្ដិធម៌ជាស្ថាពរដល់គ្រប់ទាំងសាសន៍។ តើយើងអាចទុកចិត្តលើសេចក្ដីសន្យានេះឬទេ? តើការសម្រេចដ៏អស្ចារ្យបែបនេះ នឹងអាចទទួលបានឬទេ?
សេចក្ដីសន្យាមួយដែលយើងអាចទុកចិត្តលើបាន
ប៉ុនណាដែលយើងអាចទុកចិត្តសេចក្ដីសន្យាមួយ នោះគឺស្រេចនឹងអ្នកណាដែលបានធ្វើការសន្យានោះវិញ។ ក្នុងករណីនេះ គឺគ្មានអ្នកណាក្រៅពីព្រះដ៏មានព្រះចេស្ដាបំផុត ដែលប្រកាសថា«អ្នកបំរើ»របស់ទ្រង់ នឹងស្ថាបនាយុត្ដិធម៌នៅជុំវិញពិភពលោក។ មិនដូចពួកនយោបាយ ព្រះយេហូវ៉ាមិនសន្យាដោយរាក់កំផែលនោះទេ។ ព្រះគម្ពីរធានារ៉ាប់រងយើងថា ‹ព្រះទ្រង់កុហកពុំបានឡើយ›។ (ហេព្រើរ ៦:១៨) ព្រះទ្រង់ប្រកាសដោយបញ្ជាក់ទៀតថា៖ «ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ»។—អេសាយ ១៤:២៤
ការទុកចិត្តរបស់យើងលើសេចក្ដីសន្យានោះ ក៏បានត្រូវពង្រឹងឡើងដោយប្រវត្ដិនៃ«អ្នកបំរើ»របស់ព្រះ គឺព្រះយេស៊ូគ្រីស្ទ។ អ្នកដែលនឹងស្ថាបនាឲ្យមានយុត្ដិធម៌ ត្រូវតែស្រឡាញ់យុត្ដិធម៌ហើយរស់នៅឲ្យស្របតាមនោះ។ ព្រះយេស៊ូបានទុកប្រវត្ដិដ៏ឥតខ្ចោះ ជាបុគ្គលដែល‹បានស្រឡាញ់សេចក្ដីសុចរិតនិងបានស្អប់ការទទឹងច្បាប់›។ (ហេព្រើរ ១:៩) អ្វីដែលទ្រង់បានមានបន្ទូលមក របៀបដែលទ្រង់បានរស់នៅ ព្រមទាំងរបៀបដែលទ្រង់បានសោយទិវង្គត បង្ហាញឲ្យឃើញថា ទ្រង់ពិតជាបុគ្គលដ៏យុត្ដិធម៌មែន។ កាលដែលទ្រង់សោយទិវង្គត នោះទាហានសាសន៍រ៉ូម ដែលបានមើលឃើញការវិនិច្ឆ័យទោសនិងការប្រហារជីវិតរបស់ទ្រង់ បានលាន់មាត់ថា៖ «មនុស្សនេះសុចរិតពិតមែន»។—លូកា ២៣:៤៧
ក្រៅពីរស់នៅដោយសុចរិត ព្រះយេស៊ូក៏បានតទល់នឹងអំពើអយុត្ដិធម៌ដែលមានជាច្រើននៅសម័យរបស់ទ្រង់ដែរ។ ទ្រង់បានធ្វើបែបនេះ មិនមែនដោយវិទ្ធង្សនាឬបដិវត្តន៍នោះទេ ប៉ុន្តែដោយការបង្រៀនអំពីយុត្ដិធម៌ពិតដល់បណ្ដាជនដែលស្ដាប់ទ្រង់នោះ។ ធម្មទាននៅលើភ្នំ ជាការពន្យល់យ៉ាងប៉ិនប្រសប់ពីរបៀបដែលយុត្ដិធម៌និងសេចក្ដីសុចរិតពិត នឹងបានត្រូវប្រើនោះ។—ម៉ាថាយ ជំពូក ៥-៧
ព្រះយេស៊ូបានប្រព្រឹត្តនូវអ្វីដែលទ្រង់បានផ្សាយ។ ទ្រង់មិនបានស្អប់ពួកឃ្លង់ដ៏ក្រខ្សត់ ដែលចាត់ទុកថា«មិនអាចប៉ះបាន»ក្នុងសង្គមយូដានោះ។ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលទៅគេ បានប៉ះគេ ហើយព្រមទាំងប្រោសគេឲ្យជាផង។ (ម៉ាកុស ១:៤០-៤២) អស់ពួកមនុស្សដែលទ្រង់បានជួប រួមបញ្ចូលពួកក្រខ្សត់និងពួករងទុក្ខការជិះជាន់ ជាបុគ្គលដ៏សំខាន់ចំពោះទ្រង់។ (ម៉ាថាយ ៩:៣៦) ទ្រង់បានមានបន្ទូលចំពោះគេថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។—ម៉ាថាយ ១១:២៨
អ្វីដែលសំខាន់បំផុត ព្រះយេស៊ូបានបដិសេធមិនឲ្យអយុត្ដិធម៌ដែលមានជុំវិញទ្រង់ ធ្វើឲ្យទ្រង់ទៅជាពុករលួយឬធ្វើឲ្យទ្រង់មានអារម្មណ៍ជូរចត់នោះឡើយ។ ទ្រង់មិនដែលប្រព្រឹត្តអាក្រក់ ដោយគេធ្វើអាក្រក់ដាក់ទ្រង់នោះទេ។ (ពេត្រុសទី១ ២:២២, ២៣) ទោះជានៅពេលមានការឈឺចាប់យ៉ាងខ្លាំងក៏ដោយ ទ្រង់បានអធិស្ឋានទៅព្រះវរបិតាស្ថានសួគ៌ឲ្យពួកទាហានដែលបានដោតព្យួរទ្រង់ផង។ ទ្រង់បានអង្វរថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ»។ (លូកា ២៣:៣៤) ប្រាកដហើយ ព្រះយេស៊ូ‹បានថ្លែងប្រាប់យ៉ាងច្បាស់ពីសេចក្ដីយុត្ដិធម៌ដល់សាសន៍ដទៃ›។ (ម៉ាថាយ ១២:១៨) តើយើងមានភស្តុតាងដ៏ល្អណាទៀត អំពីសេចក្ដីប្រាថ្នារបស់ព្រះ ក្នុងការស្ថាបនាពិភពលោកដែលប្រកបដោយយុត្ដិធម៌ ក្រៅពីគំរូដ៏សកម្មរបស់បុត្រាទ្រង់នោះ?
អាចឈ្នះលើអយុត្ដិធម៌បាន
ភស្តុតាងដ៏រស់រវើកថាអាចឈ្នះលើអយុត្ដិធម៌ ក៏មាននៅក្នុងពិភពលោកសម័យនេះដែរ។ ជាបុគ្គលម្នាក់ៗ ហើយជាអង្គការមួយ ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងដើម្បីបង្ក្រាបការប្រកាន់ពូជសាសន៍ ការរើសមុខ និងអំពើឃោរឃៅ។ ឧទាហរណ៍ជាបន្តបន្ទាប់គឺមានជាធម្មតា។
ហូសេ អែនតូនីយ៉ូបានជឿថា សកម្មភាពវិទ្ធង្សនា ជាផ្លូវតែមួយគត់ដើម្បីនាំឲ្យមានយុត្ដិធម៌ដល់ប្រជាជនបាក្ស នៅម្ដុំប្រទេសអេស្បាញ ជាកន្លែងដែលគាត់រស់នៅ។ ដើម្បីនឹងសម្រេចគោលដៅនេះ នោះគាត់បានចូលរួមជាសមាជិកម្នាក់នៃអង្គការភេរវជន ដែលបានឲ្យគាត់ទៅប្រទេសបារាំងដើម្បីទទួលការហ្វឹកហ្វឺនខាងទាហាន។ ក្រោយពីបានចប់នឹងការហ្វឹកហ្វឺនរបស់គាត់ហើយ នោះគាត់បានត្រូវបង្គាប់ឲ្យបង្កើតក្រុមភេរវជន ដើម្បីធ្វើឲ្យផ្ទុះបែកខ្ចាយនូវអាគារជាទីស្នាក់ការនៃពួកនគរបាល។ ក្រុមរបស់គាត់បានរៀបចំរំសេវផ្ទុះរួចទៅហើយ កាលដែលពួកនគរបាលបានចាប់គាត់នោះ។ គាត់បាននៅក្នុងគុកអស់រយៈ១៨ខែ ប៉ុន្តែទោះជាជាប់គុកក៏ដោយ គាត់បានបន្តសកម្មភាពខាងនយោបាយរបស់គាត់ ដោយចូលរួមធ្វើកូដកម្មដោយតមអាហារ ហើយក៏បានកាត់កដៃនៅគ្រាមួយផង។
ហូសេ អែនតូនីយ៉ូបានជឿថា គាត់កំពុងវាយរកយុត្ដិធម៌។ បន្ទាប់មក គាត់បានស្គាល់ព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់។ កាលដែលហូសេអែនតូនីយ៉ូបានជាប់គុក នោះស្មរបន្ទាល់ព្រះយេហូវ៉ាចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនឹងប្រពន្ធរបស់គាត់។ នៅពេលបានត្រូវលែងពីគុក នោះនាងបានអញ្ជើញគាត់ឲ្យទៅប្រជុំដែរ។ គាត់បានអរសប្បាយនឹងពេលនោះដល់ម្ល៉េះ ដែលគាត់បានសុំរៀនព្រះគម្ពីរ ហើយការសិក្សានេះបាននាំឲ្យគាត់កែប្រែយ៉ាងច្រើន ក្នុងទស្សនៈនិងរបៀបរស់នៅរបស់គាត់។ នៅទីបំផុត នៅឆ្នាំ១៩៨៩ ទាំងហូសេអែនតូនីយ៉ូនិងប្រពន្ធរបស់គាត់បានធ្វើបុណ្យជ្រមុជទឹក។
ហូសេ អែនតូនីយ៉ូមានប្រសាសន៍ថា៖ «ខ្ញុំបានអរគុណព្រះយេហូវ៉ាដែលខ្ញុំមិនបានសម្លាប់អ្នកណាម្នាក់ ក្នុងកំឡុងដែលខ្ញុំធ្វើជាភេរវជន។ ឥឡូវនេះខ្ញុំប្រើដាវនៃវិញ្ញាណរបស់ព្រះ គឺព្រះគម្ពីរ ដើម្បីឲ្យមនុស្សដឹងនូវសារដំណឹងនៃសន្ដិភាពនិងយុត្ដិធម៌ពិត ដែលជាដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ»។ មិនយូរប៉ុន្មាននេះ ហូសេ អែនតូនីយ៉ូ ដែលឥឡូវនេះបំរើជាអ្នកចាស់ទុំម្នាក់នៃស្មរបន្ទាល់ព្រះយេហូវ៉ា បានទៅលេងអាគារជាទីស្នាក់ការនោះដែលគាត់បានមានបំណងកំទេចចោលពីមុននោះ។ នៅពេលនេះគាត់បានទៅលេង ដើម្បីផ្សាយសារដំណឹងនៃសន្ដិភាពដល់គ្រួសារទាំងឡាយដែលរស់នៅកន្លែងនោះ។
ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើការកែប្រែទាំងនេះ ពីព្រោះពួកគេចង់បានពិភពលោកដ៏សុចរិត។ (ពេត្រុសទី២ ៣:១៣) ទោះជាគេទុកចិត្តទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះ ក្នុងការនាំឲ្យមានពិភពលោកដ៏សុចរិតនេះ តែគេដឹងថា គឺជាកាតព្វកិច្ចរបស់គេ ក្នុងការរស់នៅឲ្យស្របតាមយុត្ដិធម៌។ ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ដល់យើងថា ព្រះតម្រូវឲ្យយើងសំរេចចំណែករបស់យើងដែរ។
ការដាំពូជនៃសេចក្ដីសុចរិត
ពិតហើយ នៅពេលដែលប្រឈមមុខនឹងអយុត្ដិធម៌ យើងប្រហែលជាមានចិត្តទោរទន់ស្រែកឡើងថា៖ «តើព្រះនៃយុត្ដិធម៌នៅឯណាទៅ»? នោះហើយជាការលាន់មាត់របស់ពួកយូដានៅសម័យរបស់ម៉ាឡាគី។ (ម៉ាឡាគី ២:១៧) តើព្រះបានគិតថាគេមានការត្អូញត្អែរត្រឹមត្រូវនោះទេ? គឺអត់ទេ ហើយបានធ្វើឲ្យ«រំខានព្រះហឫទ័យ»របស់ទ្រង់ ពីព្រោះក្នុងចំណោមរបស់ឯទៀត នោះគេបានប្រព្រឹត្តដោយក្បត់ចំពោះប្រពន្ធរបស់គេ ដែលបានទៅជាចាស់ជរា ដោយលែងលះគ្នាលើរឿងមិនសំខាន់។ ព្រះយេហូវ៉ាបានសម្ដែងនូវការខ្វល់ខ្វាយលើ‹ប្រពន្ធដែលគេបានពីកាលក្រមុំកំលោះ ទោះជានាងជាគូ និងជាប្រពន្ធ ដែលបានចុះកិច្ចព្រមព្រៀងនឹងគ្នាក៏ដោយ›។—ម៉ាឡាគី ២:១៤
តើយើងអាចត្អូញត្អែរយ៉ាងត្រឹមត្រូវអំពីអយុត្ដិធម៌បានឬទេ ប្រសិនបើយើងប្រព្រឹត្តដោយអយុត្ដិធម៌នោះ? ម្យ៉ាងវិញទៀត ប្រសិនបើយើងខំយកតម្រាប់តាមព្រះយេស៊ូ ដោយបំបាត់ការប្រកាន់ពូជសាសន៍ពីចិត្តរបស់យើង ដោយប្រព្រឹត្តដ៏ឥតរើសមុខ ហើយស្រឡាញ់មនុស្សគ្រប់គ្នា ហើយដោយមិនធ្វើអាក្រក់ចំពោះអំពើអាក្រក់ នោះយើងបង្ហាញថា យើងពិតជាស្រឡាញ់យុត្ដិធម៌មែន។
ប្រសិនបើយើងនឹងបានយុត្ដិធម៌ ព្រះគម្ពីរដាស់តឿនយើងឲ្យ‹ដាំពូជដោយសេចក្ដីសុចរិត›។ (ហូសេ ១០:១២) ការមានជ័យជំនះលើអយុត្ដិធម៌ផ្ទាល់ខ្លួន នោះគឺសំខាន់ណាស់ ទោះជាហាក់ដូចជាតូចយ៉ាងណាក៏ដោយ។ ដូចម៉ាថិន លូធើ ឃីង បានសរសេរនៅក្នុងសំបុត្ររបស់គាត់ លិខិតពីគុកនៅបឺមិងហិម «ការមានអយុត្ដិធម៌នៅកន្លែងណាក៏ដោយ ក៏ជាការគំរាមកំហែងដល់យុត្ដិធម៌នៅគ្រប់កន្លែងដែរ»។ អស់អ្នកដែល«ស្វែងរកសេចក្ដីសុចរិត» ជារាស្ត្រ ដែលព្រះរើសយកដើម្បីឲ្យទទួលពិភពលោកថ្មីដ៏សុចរិត ដែលនឹងមកដល់នៅពេលឆាប់ៗនេះ។—សេផានា ២:៣
យើងមិនអាចស្ថាបនាសេចក្ដីសង្ឃឹមរបស់យើងសំរាប់យុត្ដិធម៌លើសេចក្ដីសន្យារបស់មនុស្ស ដែលជាគ្រឹះដ៏ឥតនឹងននោះទេ ប៉ុន្តែយើងអាចទុកចិត្តលើបន្ទូលរបស់ព្រះអាទិទេព ជាព្រះដ៏ស្រឡាញ់របស់យើង។ ហេតុនេះហើយបានជាព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកកាន់តាមទ្រង់ ឲ្យខំអធិស្ឋានសុំព្រះរាជាណាចក្ររបស់ព្រះឲ្យបានមកដល់។ (ម៉ាថាយ ៦:៩, ១០) ព្រះយេស៊ូ ដែលជាស្តេចដែលបានរើសតាំងនៃព្រះរាជាណាចក្រ «ទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង»។—ទំនុកដំកើង ៧២:១២, ១៣
យ៉ាងច្បាស់ណាស់ អយុត្ដិធម៌មិនមែនមាននៅជាអចិន្ត្រៃយ៍ឡើយ។ ការគ្រប់គ្រងរបស់ព្រះគ្រីស្ទទៅលើផែនដីទាំងមូល នឹងមានជ័យជំនះលើអយុត្ដិធម៌ជារៀងរហូតទៅ ដូចព្រះធានារ៉ាប់រងយើងតាមរយៈព្យាការីយេរេមារបស់ទ្រង់ថា៖ «មើលនឹងមានគ្រាមកដល់ ដែលអញនឹងសំរេចតាមពាក្យល្អ . . . នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្ដីយុត្ដិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុក»។—យេរេមា ៣៣:១៤, ១៥