ជំពូកទី១១
«អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»
១, ២. (ក) តើយ៉ូសែបបានជួបនឹងភាពអយុត្ដិធម៌ក្រៃលែងអ្វីខ្លះ? (ខ) តើព្រះយេហូវ៉ាបានដោះស្រាយភាពអយុត្ដិធម៌នោះយ៉ាងដូចម្ដេច?
នៅសម័យបុរាណ យុវជនដ៏សង្ហាមួយរូបបានជួបនឹងភាពអយុត្ដិធម៌ក្រៃលែង។ ទោះជាគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាក៏ពិតមែន តែគាត់ត្រូវគេឃុំឃាំងដាក់ក្នុងគុកងងឹតឈឹង ដោយសារមានការភូតភរចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំលោភ។ ក៏ប៉ុន្តែ នេះមិនមែនជាលើកទីមួយដែលយុវជននេះបានជួបប្រទះភាពអយុត្ដិធម៌ទេ។ គ្រាន់តែប៉ុន្មានឆ្នាំមុនគ្រានោះ នៅពេលដែលមានអាយុ១៧ឆ្នាំ យុវជននេះដែលមានឈ្មោះថាយ៉ូសែប ត្រូវបានបងប្រុសៗរបស់គាត់ក្បត់និងប៉ុនប៉ងសម្លាប់។ រួចមក យ៉ូសែបក៏ត្រូវគេលក់ឲ្យទៅធ្វើជាខ្ញុំកញ្ជះនៅបរទេស។ នៅប្រទេសថ្មីនោះ យ៉ូសែបមិនបានធ្វើតាមការល្បួងលួងលោមរបស់ប្រពន្ធម្ចាស់គាត់ដែលចង់ឲ្យគាត់រួមដំណេកជាមួយនាង។ ដោយសារយ៉ូសែបបដិសេធ ដូច្នេះនាងចោទប្រកាន់យ៉ូសែបដោយមិនពិតទៅវិញ។ ហេតុនេះហើយ យ៉ូសែបត្រូវជាប់គុក។ គួរឲ្យសោកស្ដាយណាស់ គឺហាក់បីដូចជាគ្មានអ្នកណាម្នាក់អាចជួយយ៉ូសែបបានឡើយ។
យ៉ូសែបបានរងទុក្ខដោយអយុត្ដិធម៌ក្នុង«គុកជ្រៅ»
២ ក៏ប៉ុន្តែ ព្រះដែល«ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»បានទតឃើញហេតុការណ៍នេះទាំងអស់។ (ទំនុកដំកើង ៣៣:៥) នៅទីបំផុត ព្រះយេហូវ៉ាបានធ្វើឲ្យមានយុត្ដិធម៌វិញ ដោយរៀបចំឲ្យមានហេតុការណ៍ផ្សេងៗកើតឡើងដែលនាំទៅដល់ការដោះលែងយ៉ូសែបចេញពីគុក។ មិនត្រឹមតែប៉ុណ្ណោះទេ តែក្រោយមកយ៉ូសែបដែលពីមុនគេដាក់ចោលក្នុង«គុកជ្រៅ»ក៏បានទទួលនូវឋានៈខ្ពង់ខ្ពស់ អំណាចយ៉ាងធំ ថែមទាំងកិត្ដិយសដ៏រុងរឿងឧត្តុង្គឧត្តមទៀតផង។ (លោកុប្បត្តិ ៤០:១៥; ៤១:៤១-៤៣; ទំនុកដំកើង ១០៥:១៧, ១៨) នៅទីបំផុត យ៉ូសែបបានរួចជ្រះស្រឡះពីទោស ហើយគាត់បានប្រើឋានៈដ៏ខ្ពង់ខ្ពស់របស់ខ្លួនដើម្បីបំពេញគោលបំណងរបស់ព្រះយេហូវ៉ាថែមទៀត។—លោកុប្បត្តិ ៤៥:៥-៨
៣. ហេតុអ្វីមិនមែនជាការចំឡែកដែលយើងគ្រប់គ្នាចង់ឲ្យអ្នកឯទៀតប្រព្រឹត្តមកលើយើងដោយយុត្ដិធម៌?
៣ កំណត់ហេតុនេះពិតជាធ្វើឲ្យយើងមានអារម្មណ៍អាណិតអាសូរចំពោះគាត់ណាស់ មែនទេ? យើងទាំងអស់គ្នាធ្លាប់ឃើញនិងជួបភាពអយុត្ដិធម៌ដែរ។ ពិតណាស់ យើងគ្រប់គ្នាចង់ឲ្យអ្នកឯទៀតប្រព្រឹត្តមកលើយើងដោយយុត្ដិធម៌និងមិនលំអៀង។ ពុំមែនជាអ្វីចំឡែកឡើយដែលយើងចង់បានយុត្ដិធម៌នោះ ដ្បិតព្រះយេហូវ៉ាបានប្រទានឲ្យយើងនូវគុណសម្បត្ដិដូចគុណសម្បត្ដិរបស់ទ្រង់ ហើយយុត្ដិធម៌គឺជាគុណសម្បត្ដិមួយដ៏ចំបងរបស់ទ្រង់។ (លោកុប្បត្តិ ១:២៧) ដើម្បីស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ យើងត្រូវយល់អំពីយុត្ដិធម៌របស់ទ្រង់។ យ៉ាងនេះ ការប្រព្រឹត្តដ៏ប្រសើរក្រៃលែងរបស់ទ្រង់នឹងមានតម្លៃវិសេសចំពោះយើង ហើយចិត្តនឹងជំរុញយើងឲ្យចូលទៅជិតទ្រង់ជាង។
តើយុត្ដិធម៌ជាអ្វី?
៤. តាមទស្សនៈមនុស្សជាតិ តើយុត្ដិធម៌ជាអ្វី?
៤ តាមទស្សនៈមនុស្ស យុត្ដិធម៌ច្រើនតែត្រូវចាត់ទុកជាការអនុវត្តតាមបញ្ញត្ដិច្បាប់ដោយមិនលំអៀងប៉ុណ្ណោះ។ សៀវភៅជាភាសាអង់គ្លេសចំណងជើងថាគោលការណ៍នៃការអនុវត្តនិងទ្រឹស្តីអំពីភាពទៀងត្រង់ហើយសមត្ថភាពវែកញែក បានសរសេរថា«យុត្ដិធម៌ជាប់ទាក់ទងនឹងច្បាប់ កាតព្វកិច្ច សិទ្ធិ និងករណីយកិច្ច។ យុត្ដិធម៌ក៏បង្កើតឲ្យមានការសម្រេចក្ដីដោយសមភាពហើយតាមដែលសមនឹងទទួល»។ ក៏ប៉ុន្តែ យុត្ដិធម៌របស់ព្រះយេហូវ៉ា មិនមែនផ្អែកលើច្បាប់កាត់ក្ដីដោយគ្មានអារម្មណ៍ ដោយព្រោះតែជាភារកិច្ចនោះទេ។
៥, ៦. (ក) តើអ្វីជាអត្ថន័យពាក្យភាសាដើមដែលត្រូវបកប្រែថា«យុត្ដិធម៌»? (ខ) កាលដែលនិយាយថា ព្រះប្រកបដោយយុត្ដិធម៌ តើមានន័យដូចម្ដេច?
៥ ទំហំនិងជំរៅនៃយុត្ដិធម៌របស់ព្រះយេហូវ៉ា គឺស្រួលយល់ជាង បើយើងពិចារណាពាក្យភាសាដើមដែលត្រូវប្រើក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរភាសាហេព្រើរ មានពាក្យបីដ៏សំខាន់។ ពាក្យមួយដែលត្រូវបកប្រែច្រើនបំផុតថា«យុត្ដិធម៌»ក៏អាចត្រូវបកប្រែថាការ«ប្រព្រឹត្តយ៉ាងត្រឹមត្រូវ»។ (លោកុប្បត្តិ ១៨:២៥, ព.ថ.) ពាក្យពីរផ្សេងទៀតច្រើនតែត្រូវបកប្រែថា«សេចក្ដីសុចរិត»។ ក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិច ពាក្យដែលបកប្រែថា«សេចក្ដីសុចរិត»ត្រូវបកស្រាយជា«ភាពត្រឹមត្រូវឬយុត្ដិធម៌»។ ដូច្នេះ គ្មានភាពខុសគ្នារវាងសេចក្ដីសុចរិតនិងយុត្ដិធម៌ឡើយ។—អេម៉ុស ៥:២៤
៦ ហេតុនេះហើយ ពេលដែលព្រះគម្ពីរចែងថាព្រះប្រកបដោយយុត្ដិធម៌ នោះបានន័យថាទ្រង់ធ្វើអ្វីៗដែលត្រឹមត្រូវនិងទៀងត្រង់ ហើយទ្រង់ប្រព្រឹត្តដូច្នេះជារៀងរហូតដោយមិនលំអៀងទេ។ (រ៉ូម ២:១១) ការពិត ទ្រង់ប្រាកដជាមិនអាចធ្វើផ្ទុយពីនោះបានឡើយ។ លោកអេលីហ៊ូវបានមានប្រសាសន៍ថា៖ «កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិត[«ប្រព្រឹត្តដោយអយុត្ដិធម៌», ព.ថ.]នោះឡើយ!»។ (យ៉ូប ៣៤:១០) ពិតណាស់ ព្រះយេហូវ៉ាមិនអាច«ប្រព្រឹត្តដោយអយុត្ដិធម៌»បានឡើយ។ ហេតុអ្វី? មានហេតុសំខាន់ពីរយ៉ាង។
៧, ៨. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាមិនអាចប្រព្រឹត្តដោយអយុត្ដិធម៌? (ខ) តើអ្វីជំរុញព្រះយេហូវ៉ាឲ្យប្រព្រឹត្តដោយសុចរិតឬយុត្ដិធម៌នោះ?
៧ ហេតុទីមួយគឺទ្រង់បរិសុទ្ធ។ ដូចដែលយើងបានរៀននៅជំពូកទី៣រួចហើយនោះ ទំហំនៃវិសុទ្ធភាពនិងភាពត្រឹមត្រូវរបស់ព្រះយេហូវ៉ាកំណត់ពុំបានឡើយ។ ដូច្នេះ ទ្រង់មិនអាចប្រព្រឹត្តសេចក្ដីទុច្ចរិតឬអយុត្ដិធម៌បានឡើយ។ សូមពិចារណានូវអត្ថន័យនៃចំណុចនេះ។ ភាពបរិសុទ្ធរបស់ព្រះវរបិតាសួគ៌ារបស់យើងធ្វើឲ្យយើងមានទំនុកចិត្តថា ទ្រង់នឹងមិនដែលប្រព្រឹត្តអាក្រក់មកលើកូនរបស់ទ្រង់ឡើយ។ ព្រះយេស៊ូក៏មានទំនុកចិត្តដូច្នេះដែរ។ នៅរាត្រីចុងក្រោយបង្អស់របស់ព្រះយេស៊ូនៅលើផែនដី ទ្រង់បានអធិស្ឋានថា៖ «ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេ[ពួកសិស្ស]ដោយព្រះនាមទ្រង់»។ (យ៉ូហាន ១៧:១១) ក្នុងបទគម្ពីរ ឋានន្តរថា«ព្រះវរបិតាដ៏បរិសុទ្ធ»ត្រូវប្រើសំរាប់តែព្រះយេហូវ៉ាប៉ុណ្ណោះ។ នេះគឺសមរម្យណាស់ ដ្បិតគ្មានបិតាជាមនុស្សជាតិណាម្នាក់ដែលមានភាពបរិសុទ្ធស្មើព្រះយេហូវ៉ាឡើយ។ ព្រះយេស៊ូមានជំនឿស៊ប់ថា ពួកសិស្សរបស់ទ្រង់នឹងមានសុវត្ថិភាពដោយទទួលការថែរក្សាពីព្រះវរបិតា ដែលវិសុទ្ធនិងស្អាតស្អំបំផុត ថែមទាំងនៅដាច់ទាំងស្រុងពីបាប។—ម៉ាថាយ ២៣:៩
៨ ហេតុទីពីរគឺដោយព្រោះសេចក្ដីស្រឡាញ់ដែលគ្មានអត្តទត្ថភាពគឺជាចរិតរបស់ទ្រង់។ សេចក្ដីស្រឡាញ់បែបនេះជំរុញទ្រង់ឲ្យប្រព្រឹត្តទៅលើអ្នកឯទៀតដោយសេចក្ដីសុចរិតឬយុត្ដិធម៌។ ប៉ុន្តែ ភាពអយុត្ដិធម៌ផ្សេងៗ ដូចជាការប្រកាន់ពូជសាសន៍ ការរើសអើង និងភាពលំអៀង នេះច្រើនតែផ្ដើមចេញពីចិត្តលោភលន់និងអត្តទត្ថភាព ដែលជាលក្ខណៈផ្ទុយពីសេចក្ដីស្រឡាញ់។ ព្រះគម្ពីរចែងអំពីសេចក្ដីស្រឡាញ់របស់ព្រះថា៖ «ព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិត»។ (ទំនុកដំកើង ១១:៧) ព្រះយេហូវ៉ាក៏មានបន្ទូលអំពីអង្គទ្រង់ថា៖ ‹យើង គឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្ដិធម៌›។ (អេសាយ ៦១:៨) ដោយដឹងថា ព្រះរបស់យើងស្រឡាញ់ការប្រព្រឹត្តដ៏ត្រឹមត្រូវឬយុត្ដិធម៌នោះ យើងពិតជារីករាយណាស់មែនទេ?—យេរេមា ៩:២៤
យុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ានិងសេចក្ដីមេត្ដាករុណា
៩-១១. (ក) តើអ្វីជាទំនាក់ទំនងរវាងយុត្ដិធម៌របស់ព្រះយេហូវ៉ានិងសេចក្ដីមេត្ដាករុណារបស់ទ្រង់? (ខ) របៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើមនុស្សជាតិ តើនោះបង្ហាញឲ្យឃើញយុត្ដិធម៌និងសេចក្ដីមេត្ដាករុណារបស់ទ្រង់យ៉ាងដូចម្ដេច?
៩ សេចក្ដីយុត្ដិធម៌របស់ព្រះយេហូវ៉ា ក៏ដូចជាផ្នែកផ្សេងៗទៀតនៃបុគ្គលិកលក្ខណៈរបស់ទ្រង់ដែរ គឺថាល្អឥតខ្ចោះ មិនខ្វះលក្ខណៈអ្វីឡើយ។ លោកម៉ូសេបានលើកដំកើងព្រះយេហូវ៉ាដោយសរសេរថា៖ «ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៣, ៤) រាល់ដងព្រះយេហូវ៉ាប្រព្រឹត្តដោយយុត្ដិធម៌ យុត្ដិធម៌នោះគឺល្អឥតខ្ចោះ មិនដែលធូររលុងពេក មិនដែលតឹងរ៉ឹងពេក។
១០ យុត្ដិធម៌របស់ព្រះយេហូវ៉ាគឺផ្សារជាប់គ្នានឹងសេចក្ដីមេត្ដាករុណារបស់ទ្រង់។ ទំនុកដំកើង ១១៦:៥ ចែងថា៖ «ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្ដាករុណា នឹងសេចក្ដីសុចរិត[«យុត្ដិធម៌», ព្រះគម្ពីរអាមេរិកកាំងថ្មី] អើ!ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ»។ ពិតណាស់ ព្រះយេហូវ៉ាប្រព្រឹត្តដោយយុត្ដិធម៌និងសេចក្ដីមេត្ដាករុណាផងដែរ។ លក្ខណៈទាំងពីរនេះមិនផ្ទុយគ្នាទេ។ ពេលដែលទ្រង់បង្ហាញសេចក្ដីមេត្ដាករុណា នេះមិនបានន័យថា ទ្រង់ធ្វើឲ្យយុត្ដិធម៌របស់ទ្រង់ធូររលុងដោយព្រោះតឹងរ៉ឹងពេកនោះទេ។ ផ្ទុយទៅវិញ គុណសម្បត្ដិទាំងពីរនេះច្រើនតែត្រូវសម្ដែងនៅដំណាលគ្នាហើយក្នុងការប្រព្រឹត្តតែមួយ។ សូមពិចារណាឧទាហរណ៍មួយ។
១១ មនុស្សជាតិទាំងឡាយបានទទួលបាបជាមរតក ហើយគួរនឹងទទួលឈ្នួលនៃអំពើបាប គឺសេចក្ដីស្លាប់។ (រ៉ូម ៥:១២) ប៉ុន្តែ ព្រះយេហូវ៉ាគ្មានអំណរដោយមនុស្សមានបាបស្លាប់នោះទេ។ ព្រះយេហូវ៉ាគឺជា«ព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្ដោស ហើយមេត្ដាករុណា»។ (នេហេមា ៩:១៧) យ៉ាងណាក៏ដោយ ទ្រង់គឺបរិសុទ្ធ ដូច្នេះទ្រង់មិនអាចប្រណីនឹងសេចក្ដីទុច្ចរិតបានឡើយ។ បើដូច្នេះមែន តើទ្រង់អាចបង្ហាញសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិដែលមានបាបបានយ៉ាងដូចម្ដេច? វិធីដែលទ្រង់បានធ្វើដូច្នេះត្រូវបានពន្យល់ក្នុងសេចក្ដីបង្រៀនមួយដ៏ពិតនិងវិសេសបំផុតដែលមានក្នុងព្រះបន្ទូលរបស់ព្រះ ពោលគឺការរៀបចំឲ្យមានយញ្ញបូជាលោះ ដែលផ្ដល់សេចក្ដីសង្គ្រោះដល់មនុស្សជាតិ។ ក្នុងជំពូកទី១៤ យើងនឹងរៀនថែមទៀតអំពីការរៀបចំនេះដែលប្រកបដោយសេចក្ដីស្រឡាញ់។ ការរៀបចំឲ្យមានយញ្ញបូជាលោះ គឺប្រកបទៅដោយយុត្ដិធម៌ដ៏ខ្ពស់ថែមទាំងសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត។ តាមរយៈការរៀបចំនេះ ព្រះយេហូវ៉ាអាចសម្ដែងសេចក្ដីមេត្ដាករុណាដ៏សន្ដោសប្រណីចំពោះអ្នកដែលប្រែចិត្តពីបាបរបស់ខ្លួន ហើយទន្ទឹមគ្នានឹងនោះដែរ ទ្រង់នៅតែអាចកាន់តាមខ្នាតតម្រាគ្រប់ល័ក្ខណ៍របស់ទ្រង់ស្តីអំពីយុត្ដិធម៌។—រ៉ូម ៣:២១-២៦
យុត្ដិធម៌របស់ព្រះយេហូវ៉ាធ្វើឲ្យមានអារម្មណ៍កក់ក្ដៅ
១២, ១៣. (ក) ហេតុអ្វីបានជាយុត្ដិធម៌របស់ព្រះយេហូវ៉ាទាក់ទាញទឹកចិត្តយើងឲ្យចូលទៅជិតទ្រង់? (ខ) តើដាវីឌបានសន្និដ្ឋានយ៉ាងណាអំពីយុត្ដិធម៌របស់ព្រះយេហូវ៉ា? ហេតុដូចម្ដេចបានជាចំណុចនេះធ្វើឲ្យយើងមានទំនុកចិត្តទៅលើទ្រង់?
១២ យុត្ដិធម៌របស់ព្រះយេហូវ៉ាមិនមែនជាលក្ខណៈឥតមេត្ដាមួយដែលធ្វើឲ្យយើងចង់នៅឆ្ងាយពីទ្រង់ឡើយ តែជាគុណសម្បត្ដិដែលទាក់ទាញទឹកចិត្តយើងឲ្យចង់ចូលទៅជិតទ្រង់វិញ។ ព្រះគម្ពីរចែងយ៉ាងច្បាស់អំពីភាពសន្ដោសប្រណីដោយយុត្ដិធម៌របស់ព្រះយេហូវ៉ាឬសេចក្ដីសុចរិតរបស់ទ្រង់។ របៀបដែលព្រះយេហូវ៉ាសម្ដែងយុត្ដិធម៌នាំឲ្យយើងមានភាពកក់ក្ដៅក្នុងចិត្តណាស់។ យើងសូមពិចារណានូវរបៀបខ្លះៗដែលទ្រង់សម្ដែងយុត្ដិធម៌។
១៣ យុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាជំរុញទ្រង់ឲ្យបង្ហាញភាពស្មោះត្រង់និងភក្ដីភាពចំពោះអ្នកបំរើរបស់ទ្រង់។ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើងបានរៀនដោយបទពិសោធន៍របស់ខ្លួនផ្ទាល់ថា យុត្ដិធម៌របស់ព្រះយេហូវ៉ាគឺពិតជាដូច្នេះមែន។ ក្រោយដាវីឌមានបទពិសោធន៍ផ្ទាល់ខ្លួន និងបានសិក្សានូវការប្រព្រឹត្តរបស់ព្រះយេហូវ៉ា តើដាវីឌបានសន្និដ្ឋានយ៉ាងណា? ដាវីឌបានសន្និដ្ឋានថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ»។ (ទំនុកដំកើង ៣៧:២៨) សេចក្ដីសន្យានេះធ្វើឲ្យយើងទុកចិត្តទ្រង់ណាស់ ព្រះរបស់យើងមិនដែលបោះបង់ចោលអ្នកដែលស្មោះត្រង់នឹងទ្រង់ទាល់តែសោះ។ ដូច្នេះ យើងអាចជឿជាក់ថា ទ្រង់នឹងថែរក្សាយើងដោយសេចក្ដីស្រឡាញ់ថែមទាំងនៅជិតស្និទ្ធជាមួយយើងជានិច្ច ពីព្រោះយុត្ដិធម៌របស់ទ្រង់ធានាថា ទ្រង់នឹងប្រព្រឹត្តមកលើយើងដូចនេះជាក់ជាពុំខាន!—សុភាសិត ២:៧, ៨
១៤. តើក្រិត្យវិន័យដែលព្រះយេហូវ៉ាបានប្រទានដល់សាសន៍អ៊ីស្រាអែលបង្ហាញយ៉ាងណាថា ទ្រង់យកព្រះទ័យទុកដាក់នឹងអ្នកដែលខ្វះខាត?
១៤ យុត្ដិធម៌របស់ព្រះចេះយោគយល់ដល់សេចក្ដីត្រូវការរបស់អ្នកដែលកំពុងតែឈឺចាប់។ ក្រិត្យវិន័យដែលទ្រង់បានប្រទានចំពោះសាសន៍អ៊ីស្រាអែលបង្ហាញយ៉ាងជាក់ស្តែងថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះអ្នកដែលខ្វះខាត។ ជាឧទាហរណ៍ ក្រិត្យវិន័យនោះមានការរៀបចំជាពិសេសដើម្បីធានាថា កូនកំព្រានិងពួកមេម៉ាយទទួលការគាំពារ។ (ចោទិយកថា ២៤:១៧-២១) ដោយសារព្រះយេហូវ៉ាទទួលស្គាល់ថា ជីវភាពរស់នៅរបស់ក្រុមគ្រួសារស្ត្រីមេម៉ាយនិងកូនកំព្រាគឺពិបាកណាស់ នោះព្រះយេហូវ៉ាអង្គទ្រង់បានធ្វើជាអ្នកការពារនិងជាអ្នកកាត់ក្ដីឲ្យពួកគេ គឺទ្រង់បាន«សំរេចសេចក្ដីសុចរិត ដល់ពួកកំព្រានឹងពួកមេម៉ាយ»។ (ចោទិយកថា ១០:១៨; ទំនុកដំកើង ៦៨:៥) ព្រះយេហូវ៉ាបានព្រមានជនអ៊ីស្រាអែលថា បើពួកគេធ្វើបាបស្ត្រីនិងកុមារដែលគ្មានទីពឹងនោះ ទ្រង់នឹងឮនូវសម្រែកអំពាវនាវឲ្យជួយរបស់អ្នកទាំងនេះជាពុំខាន។ ទ្រង់បានមានបន្ទូលថា៖ ‹សេចក្ដីក្រោធរបស់យើងនឹងក្ដៅឡើង›។ (និក្ខមនំ ២២:២២-២៤) ទោះជាសេចក្ដីក្រោធមិនមែនជាគុណសម្បត្ដិចំបងមួយរបស់ព្រះយេហូវ៉ាក៏ដោយ តែ ទ្រង់មានសេចក្ដីខ្ញាល់ដ៏សុចរិតពេលដែលមានការប្រព្រឹត្តដោយអយុត្ដិធម៌ដោយចេតនា ជាពិសេសទៅលើអ្នកក្រឬអ្នកដែលគ្មានទីពឹងពំនាក់។—ទំនុកដំកើង ១០៣:៦
១៥, ១៦. តើអ្វីជាភស្តុតាងដ៏អស្ចារ្យស្តីអំពីព្រះទ័យមិនលំអៀងរបស់ព្រះយេហូវ៉ា?
១៥ ព្រះយេហូវ៉ាក៏ធានាថា ទ្រង់«មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង»។ (ចោទិយកថា ១០:១៧) ព្រះយេហូវ៉ាខុសគ្នាពីមនុស្សជាតិដែលមានអំណាចឬមានអានុភាពនោះ ពីព្រោះទ្រព្យសម្បត្ដិឬអាការៈក្រៅរបស់អ្នកណាម្នាក់មិនអាចធ្វើឲ្យទ្រង់លំអៀងឡើយ។ ទ្រង់មិនចេះលំអៀងឬយល់មុខទេ។ សូមពិចារណាភស្តុតាងមួយដ៏អស្ចារ្យគួរឲ្យកត់សម្គាល់ស្តីអំពីព្រះទ័យមិនលំអៀងរបស់ព្រះយេហូវ៉ា។ ទ្រង់មិនបានផ្ដល់លទ្ធភាពឲ្យក្លាយជាអ្នកថ្វាយបង្គំពិតរបស់ទ្រង់និងលទ្ធភាពទទួលជីវិតជារៀងរហូត ចំពោះតែវរជនឡើយ។ ផ្ទុយទៅវិញ «ក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) មនុស្សគ្រប់រូបអាចមានសេចក្ដីសង្ឃឹមនេះ មិនថាពួកគេមានឋានៈណាក្នុងសង្គម មានពណ៌សម្បុរណា ឬរស់នៅប្រទេសណាក៏ដោយ។ នេះជាយុត្ដិធម៌ពិត មែនទេ?
១៦ មានផ្នែកមួយទៀតនៃយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាដែលគួរពិចារណានិងគោរព ពោលគឺ របៀបទ្រង់ប្រព្រឹត្តទៅលើអ្នកដែលធ្វើខុសនឹងខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់។
មិនឲ្យរួចពីទោសឡើយ
១៧. សូមពន្យល់ពីមូលហេតុដែលភាពអយុត្ដិធម៌ក្នុងលោកីយ៍នេះមិនទម្លាក់ការសង្ស័យទៅលើយុត្ដិធម៌របស់ព្រះយេហូវ៉ា។
១៧ មនុស្សខ្លះប្រហែលជាឆ្ងល់ថា៖ ‹បើព្រះយេហូវ៉ាមិនប្រណីនឹងសេចក្ដីទុច្ចរិតពិតមែន ម្ដេចក៏សព្វថ្ងៃនេះមានការរងទុក្ខដោយអយុត្ដិធម៌ និងអំពើអាក្រក់ពេញពិភពលោកដូច្នេះ?›។ ការទាំងនេះមិនទម្លាក់ការសង្ស័យទៅលើយុត្ដិធម៌របស់ព្រះយេហូវ៉ាឡើយ។ ភាពអយុត្ដិធម៌ជាច្រើនដែលមានក្នុងរបបលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ ជាលទ្ធផលនៃបាបដែលមនុស្សជាតិបានទទួលជាមរតកពីអ័ដាម។ ក្នុងពិភពលោកនេះ មានភាពអយុត្ដិធម៌ច្រើនណាស់ដោយសារមនុស្សជាតិបានសម្រេចចិត្តធ្វើអំពើបាប។ ក៏ប៉ុន្តែ ស្ថានភាពនេះនឹងមិនមានយូរទៀតនោះទេ។—ចោទិយកថា ៣២:៥
១៨, ១៩. តើអ្វីបង្ហាញថាព្រះយេហូវ៉ានឹងមិនប្រណីជានិច្ចចំពោះអ្នកដែលបំពានច្បាប់ដ៏សុចរិតរបស់ទ្រង់ដោយចេតនា?
១៨ ទោះជាព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅចំពោះអស់អ្នកដែលចូលទៅជិតទ្រង់ដោយស្មោះក៏ពិតមែន តែទ្រង់នឹងមិនប្រណីជានិច្ចនឹងស្ថានភាពមួយដែលនាំមកនូវការតិះដៀលដល់ព្រះនាមទ្រង់ឡើយ។ (ទំនុកដំកើង ៧៤:១០, ២២, ២៣) ព្រះនៃយុត្ដិធម៌មិនមែនជាបុគ្គលដែលគេអាចមើលងាយមើលថោកនោះឡើយ។ ទ្រង់មិនការពារអ្នកដែលធ្វើបាបដោយចេតនាឲ្យរួចពីការជំនុំជំរះដែលពួកគេគួរទទួលទេ។ ព្រះយេហូវ៉ា«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ . . . ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ជួនកាលព្រះយេហូវ៉ាត្រូវកាត់ទោសអ្នកដែលបំពានច្បាប់សុចរិតរបស់ទ្រង់ដោយចេតនាដូចខគម្ពីរនេះចែងប្រាប់។
១៩ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលព្រះបានប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលពីបុរាណ។ សូម្បីតែក្រោយពីសាសន៍អ៊ីស្រាអែលបានតាំងលំនៅក្នុងស្រុកសន្យាក៏ដោយ ពួកគេបែរជាមិនស្មោះត្រង់ចំពោះព្រះម្ដងហើយម្ដងទៀត។ ទោះជាការប្រព្រឹត្តដ៏អាក្រក់របស់ពួកគេបានធ្វើឲ្យព្រះយេហូវ៉ា«ព្រួយព្រះហឫទ័យ»ក៏ពិតមែន តែទ្រង់មិនបានបោះបង់ពួកគេចោលភ្លាមៗនោះទេ។ (ទំនុកដំកើង ៧៨:៣៨-៤១) ផ្ទុយទៅវិញ ទ្រង់បានសម្ដែងសេចក្ដីមេត្ដាករុណាឲ្យពួកគេមានឱកាសកែប្រែខ្លួន។ ព្រះយេហូវ៉ាអង្វរពួកគេថា៖ ‹យើងប្រាកដជាមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យអ្នករាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ! ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាចង់ស្លាប់?›។ (អេសេគាល ៣៣:១១) ដោយសារព្រះយេហូវ៉ាចាត់ទុកជីវិតជាអ្វីដែលមានតម្លៃវិសេស នោះទ្រង់ចាត់ព្យាការីរបស់ទ្រង់ទៅម្ដងហើយម្ដងទៀត ដើម្បីជួយពួកអ៊ីស្រាអែលឲ្យបែរពីផ្លូវអាក្រក់របស់ខ្លួន។ ប៉ុន្តែ ជាទូទៅ ប្រជាជនដ៏រឹងចចេសទាំងនេះមិនព្រមស្ដាប់និងប្រែចិត្តឡើយ។ នៅទីបំផុត ដោយយល់ដល់ព្រះនាមទ្រង់និងអ្វីដែលព្រះនាមទ្រង់តំណាង នោះព្រះយេហូវ៉ាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនៃពួកសត្រូវរបស់គេ។—នេហេមា ៩:២៦-៣០
២០. (ក) តើរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលបង្រៀនយើងអ្វីខ្លះអំពីទ្រង់? (ខ) ហេតុអ្វីបានជាសត្វសិង្ហជានិមិត្តរូបដ៏សមរម្យតំណាងយុត្ដិធម៌របស់ព្រះយេហូវ៉ា?
២០ របៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែល បង្រៀនយើងនូវអ្វីៗជាច្រើនអំពីទ្រង់។ យើងរៀនដឹងថា ព្រះនេត្ររបស់ទ្រង់ដែលអាចទតឃើញអ្វីៗទាំងអស់ ក៏កត់សម្គាល់ឃើញអ្វីដ៏អាក្រក់ ហើយអ្វីដែលទ្រង់ទតឃើញគឺមានឥទ្ធិពលទៅលើព្រះទ័យរបស់ទ្រង់។ (សុភាសិត ១៥:៣) យើងក៏រីករាយដែរដោយដឹងថា ទ្រង់ប្រុងប្រៀបបង្ហាញសេចក្ដីមេត្ដាករុណាបើមានហេតុ។ ម្យ៉ាងទៀត យើងរៀនដឹងថាយុត្ដិធម៌របស់ទ្រង់មិនដែលរហ័សកាត់ទោសឡើយ។ ដោយសារព្រះយេហូវ៉ាមានព្រះទ័យអត់ធ្មត់និងការអត់ធន់ មនុស្សជាច្រើនយល់ច្រឡំថា ទ្រង់នឹងមិនកាត់ទោសមនុស្សអាក្រក់ឡើយ។ ប៉ុន្តែ នេះគឺមិនពិតសោះឡើយ ពីព្រោះរបៀបដែលព្រះបានប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលនោះបង្រៀនយើងថា ព្រះទ័យអត់ធ្មត់របស់ទ្រង់មានកំរិត។ ព្រះយេហូវ៉ាគឺម៉ឺងម៉ាត់ស្តីអំពីសេចក្ដីសុចរិត។ ទ្រង់ខុសគ្នាពីមនុស្សជាតិដែលខ្លាចកាត់ទោសអ្នកអាក្រក់ ដ្បិតទ្រង់មិនដែលខ្លាចគាំទ្រអ្វីដ៏ល្អឡើយ។ គឺសមរម្យណាស់ដែលសត្វសិង្ហតំណាងយុត្ដិធម៌ដ៏ក្លាហានរបស់ព្រះយេហូវ៉ាហើយជាប់ទាក់ទងនឹងវត្តមានព្រមទាំងបល្ល័ង្ករបស់ទ្រង់។a (អេសេគាល ១:១០; វិវរណៈ ៤:៧) ហេតុនេះហើយ យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ហើយបំបាត់ភាពអយុត្ដិធម៌ចេញពីផែនដី។ ពិតណាស់ របៀបដែលទ្រង់ជំនុំជំរះអាចត្រូវសង្ខេបដូចតទៅនេះថា ទ្រង់ម៉ឺងម៉ាត់ពេលដែលចាំបាច់ តែប្រុងប្រៀបបង្ហាញសេចក្ដីមេត្ដាករុណានៅពេលណាដែលអាចបង្ហាញបាន។—ពេត្រុសទី២ ៣:៩
ការចូលទៅជិតព្រះនៃយុត្ដិធម៌
២១. ពេលយើងរំពឹងគិតអំពីរបៀបព្រះយេហូវ៉ាសម្ដែងនូវយុត្ដិធម៌ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះទ្រង់? ហើយហេតុអ្វី?
២១ ពេលយើងរំពឹងគិតអំពីរបៀបព្រះយេហូវ៉ាប្រព្រឹត្តដោយយុត្ដិធម៌ យើងមិនគួរចាត់ទុកទ្រង់ជាចៅក្រមដ៏តឹងរ៉ឹងគ្មានមេត្ដា ដែលគិតតែកាត់ទោសអ្នកប្រព្រឹត្តខុសនោះឡើយ។ ផ្ទុយទៅវិញ យើងគួរចាត់ទុកទ្រង់ជាព្រះវរបិតាប្រកបដោយសេចក្ដីស្រឡាញ់ដែលតែងតែប្រព្រឹត្តទៅលើកូនរបស់ខ្លួនតាមរបៀបដែលមានប្រយោជន៍ល្អប្រសើរបំផុត។ ជាព្រះវរបិតាមួយអង្គប្រព្រឹត្តដោយយុត្ដិធម៌ ព្រះយេហូវ៉ាមានតុល្យភាពរវាងភាពម៉ឺងម៉ាត់ខាងសេចក្ដីត្រឹមត្រូវ និងសេចក្ដីមេត្ដាករុណាចំពោះកូនរបស់ទ្រង់នៅលើផែនដីដែលត្រូវការជំនួយនិងការអត់ឱនទោសពីទ្រង់។—ទំនុកដំកើង ១០៣:១០, ១៣
២២. តើយុត្ដិធម៌របស់ព្រះយេហូវ៉ានាំឲ្យទ្រង់ផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់យើង? ហើយហេតុអ្វីទ្រង់ប្រព្រឹត្តដូច្នេះមកលើយើង?
២២ យើងសប្បាយចិត្តណាស់ ដែលយុត្ដិធម៌របស់ព្រះរួមបញ្ចូលអ្វីច្រើនជាងការកាត់ទោសអ្នកដែលធ្វើខុសនោះ! យុត្ដិធម៌របស់ព្រះយេហូវ៉ាបាននាំឲ្យទ្រង់ផ្ដល់លទ្ធភាពឲ្យយើងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលគួររំភើបចិត្ត នោះគឺជីវិតជារៀងរហូតក្នុងពិភពលោកថ្មី«ដែលមានសុទ្ធតែសេចក្ដីសុចរិត»។ (ពេត្រុសទី២ ៣:១៣) ព្រះរបស់យើងប្រព្រឹត្តមកលើយើងដូច្នេះ ដោយព្រោះយុត្ដិធម៌របស់ទ្រង់ នោះទ្រង់ព្យាយាមសង្គ្រោះយើងជាជាងកាត់ទោសយើង។ ពិតណាស់ ការយល់ច្បាស់ជាងអំពីទំហំនៃយុត្ដិធម៌របស់ព្រះយេហូវ៉ាពិតជាទាក់ទាញទឹកចិត្តយើងឲ្យចូលទៅជិតទ្រង់មែន! ក្នុងជំពូកផ្សេងៗទៀតជាបន្ទាប់ យើងនឹងពិនិត្យឲ្យបានល្អិតល្អន់នូវរបៀបព្រះយេហូវ៉ាសម្ដែងនូវយុត្ដិធម៌ដែលជាគុណសម្បត្ដិវិសេសរបស់ទ្រង់។
a គួរឲ្យចាប់អារម្មណ៍ណាស់ ព្រះយេហូវ៉ាប្រៀបអង្គទ្រង់ដូចជាសត្វសិង្ហ ពេលទ្រង់កាត់ទោសពួកអ៊ីស្រាអែលដែលមិនស្មោះត្រង់។—យេរេមា ២៥:៣៨; ហូសេ ៥:១៤