ចូរទទួលអំណរដែលមកពីការឲ្យ!
«បើអោយ នោះនឹងបានសុភមង្គលច្រើនជាងទទួល»។—កិច្ចការ ២០:៣៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណា នូវអំណរដែលបានមកពីការប្រទានឲ្យនោះ?
អំណរនិងប្រសិទ្ធិពរនានាដែលបានមកពីការស្គាល់សេចក្ដីពិត ជាអំណោយដ៏មានតម្លៃណាស់ពីព្រះ។ អស់អ្នកណាដែលស្គាល់ព្រះយេហូវ៉ា នោះមានមូលហេតុជាច្រើនឲ្យមានអំណរ។ ប៉ុន្តែ ថ្វីបើមានអំណរដោយព្រោះទទួលអំណោយណាមួយ នោះក៏មានអំណរផងដែរក្នុងការឲ្យអំណោយដល់គេវិញនោះ។ ព្រះយេហូវ៉ាជាអ្នកប្រទាននូវ‹គ្រប់ទាំងរបស់ដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់ល័ក្ខណ៍› ហើយទ្រង់ក៏ជា«ព្រះមួយអង្គ ដែលមានព្រះទ័យសប្បាយ»។ (យ៉ាកុប ១:១៧; ធីម៉ូថេទី១ ១:១១, ព.ថ.) ទ្រង់ប្រទានឲ្យការបង្រៀនដ៏មានប្រយោជន៍ ចំពោះអស់អ្នកដែលសុខចិត្តស្ដាប់តាម។ ទ្រង់ថែមទាំងត្រេកអរនឹងការស្ដាប់បង្គាប់នៃអស់អ្នកដែលទ្រង់បង្រៀននោះ ក៏ដូចជាមាតាបិតាអរសប្បាយផងដែរ កាលដែលកូនៗប្រព្រឹត្តតាមពាក្យណែនាំ ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់គាត់។—សុភាសិត ២៧:១១
២. (ក) តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីការឲ្យ? (ខ) តើយើងទទួលសុភមង្គលបែបណា នៅពេលដែលយើងបង្រៀនអ្នកដទៃនូវសេចក្ដីពិតពីព្រះគម្ពីរ?
២ ស្រដៀងគ្នាដែរ នៅពេលដែលព្រះយេស៊ូនៅលើផែនដីនៅឡើយ ទ្រង់មានព្រះទ័យសប្បាយរីករាយ ដោយឃើញមនុស្សប្រព្រឹត្តសមស្របទៅតាមការបង្រៀនរបស់ទ្រង់។ សាវ័កប៉ុលបានដកស្រង់ពាក្យបន្ទូលរបស់ព្រះយេស៊ូដែលចែងថា៖ «បើអោយ នោះនឹងបានសុភមង្គលច្រើនជាងទទួល»។ (កិច្ចការ ២០:៣៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សុភមង្គលដែលយើងទទួល ពេលដែលយើងបង្រៀនអ្នកដទៃនូវសេចក្ដីពិតពីព្រះគម្ពីរ នោះមិនគ្រាន់តែជាការស្កប់ចិត្ត ដោយព្រោះគេយល់ព្រមនឹងជំនឿខាងសាសនារបស់យើងប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ជាងនោះ គឺការមានអំណរដែលមកពីការដឹងថា យើងកំពុងតែឲ្យអ្វីមួយដែលមានតម្លៃមែនទែន ថែមទាំងមានតម្លៃជារៀងដរាបតទៅ។ ដោយការឲ្យខាងវិញ្ញាណនោះ យើងអាចជួយមនុស្សទទួលប្រយោជន៍ផ្ទាល់ខ្លួន នៅនាបច្ចុប្បន្នកាលនេះ និងជានិច្ចនិរន្តរ៍ទៅមុខទៀតដែរ។—ធីម៉ូថេទី១ ៤:៨
ការឲ្យតែងនាំឲ្យមានអំណរ
៣. (ក) តើសាវ័កប៉ុលនិងយ៉ូហានបានមានប្រសាសន៍យ៉ាងណា ថាមានអំណរមកពីការជួយអ្នកឯទៀតខាងវិញ្ញាណនោះ? (ខ) ហេតុដូចម្ដេចបានជាការប្រគល់សេចក្ដីពិតខាងព្រះគម្ពីរឲ្យកូនយើង ជាការបង្ហាញនូវសេចក្ដីស្រឡាញ់?
៣ មែនហើយ ដូចព្រះយេហូវ៉ានិងព្រះយេស៊ូត្រេកអរដោយប្រទានអំណោយខាងវិញ្ញាណ នោះពួកគ្រីស្ទានក៏ធ្វើដូច្នេះដែរ។ សាវ័កប៉ុលបានមានអំណរដោយព្រោះដឹងថា គាត់បានជួយអ្នកឯទៀតរៀននូវសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ។ គាត់បានសរសេរចំពោះក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចថា៖ «តើសេចក្ដីសង្ឃឹម សេចក្ដីអំណរ នឹងមកុដ ដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី? បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ។ ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្ដីអំណររបស់យើងខ្ញុំពិតមែន»។ (ថែស្សាឡូនីចទី១ ២:១៩, ២០) តាមបែបបទស្រដៀងគ្នាដែរ សាវ័កយ៉ូហានបានសរសេរសំដៅទៅលើកូនខាងវិញ្ញាណរបស់គាត់ថា៖ «គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង»។ (យ៉ូហានទី៣ ៤) សូមគិតផងដែរ! អំពីអំណរដែលមកពីការជួយកូនរបស់ខ្លួនទៅជាកូនខាងវិញ្ញាណរបស់ផងយើង។ ការចិញ្ចឹមអប់រំកូនទៅតាម«ដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់» មុខជាការបង្ហាញសេចក្ដីស្រឡាញ់ដោយមាតាបិតាហើយ។ (អេភេសូរ ៦:៤) ដោយធ្វើដូច្នេះ មាតាបិតាទាំងឡាយបង្ហាញថា គាត់យកចិត្តទុកដាក់នឹងប្រយោជន៍ដ៏អនន្តរបស់កូនគាត់។ នៅពេលដែលកូនធ្វើតាម នោះមាតាបិតាមានអំណរនិងស្កប់ស្កល់ចិត្តជាខ្លាំង។
៤. តើមានបទពិសោធន៍អ្វី ដែលបង្ហាញអំពីអំណរដែលមកពីការឲ្យខាងវិញ្ញាណ?
៤ បងស្រីឌែលជាអ្នកត្រួសត្រាយពេញពេល និងមានកូនប្រាំនាក់។ បងស្រីនេះនិយាយថា៖ «ខ្ញុំយល់ស្របទាំងស្រុងនឹងពាក្យរបស់សាវ័កយ៉ូហាន ដោយព្រោះខ្ញុំត្រេកអរមែនទែនដែលកូនបួននាក់របស់ខ្ញុំកំពុងតែ‹ប្រព្រឹត្តតាមសេចក្ដីពិត›។ ខ្ញុំដឹងថា ពេលដែលក្រុមគ្រួសារនិមួយៗសាមគ្គីគ្នាក្នុងការថ្វាយបង្គំពិត នោះលើកកិត្ដិយសនិងសិរីលំអថ្វាយព្រះយេហូវ៉ា។ ដូច្នេះហើយ ខ្ញុំស្កប់ចិត្តជាខ្លាំងដោយឃើញប្រសិទ្ធិពរពីទ្រង់ មកលើការខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងការបញ្ចុះបញ្ចូលឲ្យកូនខ្ញុំជឿតាមសេចក្ដីពិតនេះ។ សេចក្ដីសង្ឃឹមដ៏អស្ចារ្យ អំពីការរស់នៅជានិរន្តរ៍ក្នុងទីមនោរម្យជាមួយក្រុមគ្រួសាររបស់ខ្ញុំ នោះជួយខ្ញុំប្រកបទៅដោយសេចក្ដីសង្ឃឹម និងជំរុញចិត្តខ្ញុំឲ្យស៊ូទ្រាំទោះជាប្រឈមមុខនឹងការពិបាក និងឧបសគ្គផ្សេងៗក៏ដោយ»។ គួរឲ្យសោកស្ដាយមែន ដែលកូនស្រីម្នាក់របស់បងឌែលបានត្រូវក្រុមជំនុំបណ្ដាច់មិត្តភាព ដោយព្រោះបានធ្វើតាមផ្លូវផ្ទុយពីគ្រីស្ទាននោះ។ យ៉ាងណាក្ដី បងឌែលនៅតែខំប្រឹងរក្សាអាកប្បកិរិយាដ៏ល្អ។ គាត់មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយ កូនស្រីរបស់ខ្ញុំនឹងត្រឡប់មកឯព្រះយេហូវ៉ាវិញ ដោយចិត្តស្មោះសនិងរាបទាបផង។ តែខ្ញុំសូមថ្លែងអំណរអរព្រះគុណចំពោះព្រះ ដោយព្រោះកូនភាគច្រើនរបស់ខ្ញុំនៅបន្តបំរើទ្រង់ដោយចិត្តស្មោះត្រង់។ អំណរដែលខ្ញុំមាននេះ គឺជាប្រភពកម្លាំងដល់ខ្ញុំ»។—នេហេមា ៨:១០
ការបង្កើតឲ្យមានមិត្តសំឡាញ់ដ៏ស្ថិតស្ថេរ
៥. នៅពេលដែលយើងខំប្រឹងធ្វើការបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ តើយើងស្កប់ចិត្តដោយជ្រាបដឹងអ្វី?
៥ ព្រះយេស៊ូបាននាំផ្លូវឲ្យអ្នកកាន់តាមទ្រង់បញ្ចុះបញ្ចូលឲ្យមានសិស្ស ថែមទាំងបង្រៀនគេអំពីព្រះយេហូវ៉ានិងតម្រូវការនានារបស់ទ្រង់។ (ម៉ាថាយ ២៨:១៩, ២០) ដោយគ្មានអត្តទត្ថភាពនោះ ព្រះយេហូវ៉ានិងព្រះយេស៊ូបានជួយមនុស្សរៀនតាមផ្លូវនៃសេចក្ដីពិត។ ដូច្នេះ នៅពេលដែលយើងខំប្រឹងធ្វើការបញ្ចុះបញ្ចូលឲ្យមានសិស្ស នោះយើងស្កប់ចិត្តដោយដឹងថា យើងកំពុងតែធ្វើតម្រាប់តាមគំរូរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូ ដូចពួកគ្រីស្ទានសម័យដើមបានធ្វើដែរ។ (កូរិនថូសទី១ ១១:១) នៅពេលដែលយើងធ្វើការជាមួយនឹងព្រះដ៏មានព្រះចេស្ដាបំផុត និងជាមួយបុត្រាជាទីស្រឡាញ់របស់ទ្រង់ នោះជីវិតរបស់យើងក៏មានខ្លឹមសារដ៏ពិតវិញ។ ការរាប់ទុកជា«អ្នកធ្វើការជាមួយនឹងព្រះ» ពិតជាហេតុនាំឲ្យត្រេកអរណាស់ហ្ន៎! (កូរិនថូសទី១ ៣:៩) ហើយតើនេះជាការគួរឲ្យរំភើបចិត្តមែនឬ ដែលពួកទេវតារួមចំណែកក្នុងសកម្មភាពផ្សព្វផ្សាយដំណឹងល្អនេះ?—វិវរណៈ ១៤:៦, ៧
៦. នៅពេលដែលយើងចូលរួមក្នុងការឲ្យខាងវិញ្ញាណ តើអ្នកណានឹងទៅជាមិត្តសំឡាញ់របស់យើង?
៦ តាមការពិត ដោយរួមចំណែកក្នុងកិច្ចការឲ្យខាងវិញ្ញាណនេះ យើងអាចមានមិត្តភាពជាមួយព្រះជានិរន្តរ៍ ជាជាងគ្រាន់តែជាអ្នកធ្វើការជាមួយទ្រង់ប៉ុណ្ណោះទេ។ ដោយព្រោះលោកអ័ប្រាហាំមានជំនឿនោះ គាត់បានត្រូវហៅជាមិត្តសំឡាញ់របស់ព្រះយេហូវ៉ា។ (យ៉ាកុប ២:២៣) កាលដែលយើងខំព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះយើងអាចក្លាយជាមិត្តសំឡាញ់របស់ព្រះដែរ។ បើយើងធ្វើដូច្នេះ យើងនឹងទៅជាមិត្តសំឡាញ់របស់ព្រះយេស៊ូផងដែរ។ ទ្រង់បានមានបន្ទូលចំពោះសិស្សទ្រង់ថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក»។ (យ៉ូហាន ១៥:១៥) មនុស្សជាច្រើនត្រេកអរបើខ្លួនត្រូវគេរាប់ទុកជាមិត្តនៃអ្នកធំដែលមានមុខមាត់ ឬជាអ្នករាជការដែលមានឋានៈខ្ពស់ ប៉ុន្តែយើងអាចរាប់ទុកជាមិត្តសំឡាញ់នៃបុគ្គលពីរអង្គដ៏ធំឧត្តមបំផុតក្នុងសកលលោកទាំងមូល!
៧. (ក) តើបងស្រីម្នាក់បានធ្វើយ៉ាងណា ដើម្បីឲ្យមានមិត្តសំឡាញ់ដ៏ពិតនោះ? (ខ) តើអ្នកធ្លាប់មានបទពិសោធន៍ស្រដៀងនេះទេ?
៧ បន្ថែមទៅទៀតនោះ នៅពេលដែលយើងជួយឲ្យមនុស្សស្គាល់ព្រះ គេក៏ក្លាយជាមិត្តរបស់យើង ទាំងនាំឲ្យយើងមានសុភមង្គលដ៏វិសេសវិសាលដែរ។ បងស្រីចូនដែលរស់នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្ត្រីម្នាក់ឈ្មោះធែលម៉ា។ ទោះជាធែលម៉ាបានជួបប្រទះនឹងការប្រឆាំងពីសំណាក់ក្រុមគ្រួសាររបស់គាត់ដោយសារគាត់សិក្សាព្រះគម្ពីរយ៉ាងណាក្ដី នោះគាត់បានពុះពារទៅមុខ និងបានទទួលបុណ្យជ្រមុជទឹកមួយឆ្នាំក្រោយពីនោះមក។ បងចូនបានសរសេរថា៖ «ទំនាក់ទំនងរបស់យើងមិនបានឈប់ត្រឹមហ្នឹងទេ។ តែការទាក់ទងគ្នានោះបានឈានទៅដល់មិត្តភាពដ៏ស្និទ្ធស្នាល ដែលយើងមានជាង៣៥ឆ្នាំហើយ។ យើងបានចូលរួមកិច្ចបំរើផ្សាយ និងបានទៅឯមហាសន្និបាតជាមួយគ្នាជាញឹកញយ។ ក្រោយមក ខ្ញុំបានរើទៅផ្ទះថ្មី ដែលមានចម្ងាយ៨០០គីឡូម៉ែត្រពីគាត់។ ប៉ុន្តែធែលម៉ានៅតែផ្ញើសំបុត្រដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅ និងប្រាប់ខ្ញុំថា គាត់តែងតែនឹកគិតអំពីខ្ញុំទាំងមានចិត្តសប្បាយ ហើយគាត់អរគុណខ្ញុំដោយព្រោះខ្ញុំធ្វើជាមិត្តសំឡាញ់ ជាគំរូ និងដោយព្រោះបានបង្រៀនគាត់នូវសេចក្ដីពិតពីព្រះគម្ពីរ។ ការមានមិត្តជិតស្និទ្ធដ៏ជាទីស្រឡាញ់នោះ ជាប្រសិទ្ធិពរសំរាប់ការខំប្រឹងប្រែងរបស់ខ្ញុំក្នុងការជួយឲ្យគាត់រៀនអំពីព្រះយេហូវ៉ា»។
៨. តើអាកប្បកិរិយាដ៏ល្អណា ដែលអាចជួយយើងក្នុងកិច្ចបំរើផ្សាយនេះ?
៨ ការសង្ឃឹមនឹងរកជួបនរណាម្នាក់ដែលចង់រៀននូវសេចក្ដីពិត នោះអាចជួយយើងស៊ូទ្រាំ ទោះជាមនុស្សភាគច្រើនដែលយើងជួបនោះ បង្ហាញចំណាប់អារម្មណ៍យ៉ាងតិច ឬក៏អត់ចាប់អារម្មណ៍សោះនឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏ដោយ។ ភាពកន្តើយបែបនេះអាចធ្វើទុក្ខដល់ជំនឿនិងការស៊ូទ្រាំរបស់យើង។ ក៏ប៉ុន្តែ អាកប្បកិរិយាដ៏ល្អនឹងជួយយើងវិញ។ បងប្រុសហ្វោស្តូ ដែលមកពីប្រទេសហ្គាតេម៉ាឡា បានមានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំធ្វើបន្ទាល់ចំពោះអ្នកដទៃនោះ ខ្ញុំចេះតែគិតថា បើអ្នកនោះអាចក្លាយជាបងប្អូនខាងវិញ្ញាណវិញ នោះពិតជាអស្ចារ្យមែនទែន។ ខ្ញុំវែកញែកថា ជាយថាហេតុខ្ញុំនឹងជួបយ៉ាងហោចណាស់នូវមនុស្សម្នាក់ ដែលនឹងកាន់យកសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ។ ដោយគិតដូច្នេះ ជំរុញឲ្យខ្ញុំបន្តផ្សព្វផ្សាយ ទាំងនាំឲ្យខ្ញុំមានអំណរពិត»។
ការប្រមូលទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌
៩. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណា អំពីទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌? ហើយតើយើងអាចរៀនអ្វីខ្លះពីនេះដែរ?
៩ ការបញ្ចុះបញ្ចូលឲ្យមានសិស្ស មិនថាជាកូនយើងឬជាអ្នកផ្សេងក៏ដោយ នោះមិនតែងតែងាយស្រួលទេ។ គឺអាចតម្រូវឲ្យចំណាយពេល ត្រូវអត់ធ្មត់ និងត្រូវតស៊ូផង។ ប៉ុន្តែ សូមចងចាំថា មនុស្សច្រើននាក់សុខចិត្តប្រមូលវត្ថុទ្រព្យឲ្យបានបរិបូរ ដែលធម្មតានោះជារបស់ដែលមិនសូវនាំឲ្យមានអំណរទេ ទាំងមិនមានជារៀងរហូតបានឡើយ។ ព្រះយេស៊ូបានមានបន្ទូលប្រាប់អ្នកស្ដាប់ទ្រង់ថា គឺប្រសើរជាងឲ្យយើងខំរករបស់ខាងវិញ្ញាណវិញ។ ទ្រង់បានមានបន្ទូលថា៖ «កុំឲ្យប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត នឹងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ។ ត្រូវប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង»។ (ម៉ាថាយ ៦:១៩, ២០) ដោយខំសម្រេចគោលដៅខាងវិញ្ញាណ ដែលរួមបញ្ចូលការរួមចំណែកក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស នោះយើងអាចស្កប់ចិត្តដោយដឹងថា យើងកំពុងតែធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយទ្រង់នឹងប្រទានរង្វាន់ឲ្យយើងមិនខាន។ សាវ័កប៉ុលបានសរសេរថា៖ «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»នោះទេ។—ហេព្រើរ ៦:១០
១០. (ក) ហេតុដូចម្ដេចបានជាព្រះយេស៊ូមានទ្រព្យសម្បត្ដិខាងវិញ្ញាណ? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបានបង្ហាញការប្រគល់ឲ្យអង្គទ្រង់នោះ? ហើយតើមានប្រយោជន៍ដ៏ធំណាសំរាប់អ្នកឯទៀត?
១០ បើយើងខំព្យាយាមបញ្ចុះបញ្ចូលឲ្យមានសិស្ស នោះយើងប្រមូល«ទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌» សមស្របទៅតាមពាក្យបន្ទូលរបស់ព្រះយេស៊ូ។ ការធ្វើដូច្នេះនាំឲ្យយើងមានអំណរដែលមកពីការទទួល។ បើយើងឲ្យដោយគ្មានគំនិតសួនតួ នោះយើងទទួលប្រយោជន៍វិញ។ ព្រះយេស៊ូទ្រង់ផ្ទាល់បានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ អស់រាប់សិបកោដិឆ្នាំ។ សូមគិតទៅមើលអំពីទ្រព្យសម្បត្ដិទាំងប៉ុន្មាន ដែលទ្រង់បានប្រមូលទុកនៅឯស្ថានសួគ៌! យ៉ាងណាក៏ដោយ ព្រះយេស៊ូមិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ សាវ័កប៉ុលបានសរសេរថា៖ «[ព្រះយេស៊ូ]បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោស ឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង»។ (កាឡាទី ១:៤) ព្រះយេស៊ូមិនគ្រាន់តែបានថ្វាយខ្លួនដោយគ្មានគំនិតសួនតួក្នុងកិច្ចបំរើទ្រង់ប៉ុណ្ណោះទេ តែបានប្រគល់ព្រះជន្មអង្គទ្រង់តែម្ដង ទុកជាតម្លៃលោះ ដើម្បីឲ្យអ្នកឯទៀតអាចមានឱកាសប្រមូលទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌ដែរ។
១១. ហេតុអ្វីបានជាអំណោយខាងវិញ្ញាណ គឺប្រសើរជាងអំណោយខាងវត្ថុទ្រព្យ?
១១ ដោយបង្រៀនអំពីព្រះ យើងអាចជួយគេឃើញនូវរបៀបដែលគេក៏អាចប្រមូលទ្រព្យសម្បត្ដិខាងវិញ្ញាណដែលមិនចេះខូចបង់ឡើយ។ តើមានអំណោយណាដ៏ប្រសើរជាងនេះ ដែលអ្នកអាចឲ្យបាននោះទេ? បើសិនជាអ្នកឲ្យពួកម៉ាកម្នាក់នូវនាឡិកាមួយដ៏ថ្លៃ ឡានមួយ ឬផ្ទះថ្មីមួយក៏បាន ពួកម៉ាកនោះប្រាកដជានឹងដឹងគុណ និងសប្បាយមែន ហើយអ្នកនឹងមានអំណរដែលមកពីការឲ្យនោះណាស់។ ប៉ុន្តែតើរបស់នោះនឹងទៅជាយ៉ាងណា ក្រោយពីរយៈពេល២០ឆ្នាំ ឬ២០០ឆ្នាំ ឬក៏២.០០០ឆ្នាំកន្លងផុតទៅនោះ? តែផ្ទុយទៅវិញ បើអ្នកប្រគល់ខ្លួនដើម្បីជួយមនុស្សម្នាក់បំរើព្រះយេហូវ៉ា នោះគាត់អាចទទួលប្រយោជន៍ពីអំណោយនោះជារៀងដរាបតទៅ។
ការស្វែងរកអស់អ្នកដែលចង់បានសេចក្ដីពិត
១២. តើបងប្អូនច្រើននាក់បានធ្វើពលិកម្មយ៉ាងណាខ្លះ ដើម្បីជួយអ្នកឯទៀតខាងវិញ្ញាណ?
១២ ដើម្បីរួមចំណែកនូវអំណរដែលមកពីការឲ្យខាងវិញ្ញាណនោះ រាស្ត្ររបស់ព្រះយេហូវ៉ាបានទៅគ្រប់ទិសទីពេញផែនដី។ បងប្អូនរាប់ពាន់នាក់បានចាកចេញពីផ្ទះសម្បែងនិងក្រុមគ្រួសារគេ ដើម្បីធ្វើជាសាសនទូតនៅឯប្រទេសផ្សេង ជាកន្លែងដែលគេត្រូវប្រែប្រួលទៅតាមភាសានិងវប្បធម៌ថ្មីនោះផង។ អ្នកឯទៀតបានរើទៅនៅតំបន់ណាក្នុងប្រទេសរបស់ខ្លួន ជាកន្លែងដែលគេត្រូវការអ្នកប្រកាសព្រះរាជាណាចក្រច្រើនជាង។ ក៏មានអ្នកផ្សេងទៀតដែលបានរៀនភាសាបរទេសណាមួយ ដែលបើកឱកាសថ្មីដើម្បីផ្សព្វផ្សាយនាតំបន់ផ្ទាល់ខ្លួន ចំពោះជនបរទេសដែលរស់នៅទីនោះដែរ។ ជាឧទាហរណ៍ គូស្វាមីភរិយាមួយគូនៅរដ្ឋញូវជើស៊ី ស.រ.អ. បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ និងបានរៀនភាសាចិនដែរ ក្រោយពីបានចិញ្ចឹមអប់រំកូនពីរនាក់ ដែលឥឡូវនេះបំរើនៅឯមន្ទីរចាត់ការពិភពលោកនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្នុងរយៈពេលបីឆ្នាំ គេបានសិក្សាព្រះគម្ពីរជាមួយមនុស្ស៧៤នាក់ដែលនិយាយភាសាចិន ដែលបានទៅរៀននៅឯមហាវិទ្យាល័យក្បែរៗនោះ។ ដើម្បីឲ្យបានអំណរច្រើនជាងក្នុងកិច្ចការនេះខាងការបញ្ចុះបញ្ចូលឲ្យមានសិស្ស តើអ្នកអាចពង្រីកកិច្ចបំរើផ្សាយរបស់អ្នកតាមរបៀបផ្សេងឬទេ?
១៣. បើអ្នកចង់ឲ្យកិច្ចបំរើផ្សាយរបស់អ្នកបង្កើតផលច្រើនជាងនោះ តើអ្នកអាចធ្វើអ្វី?
១៣ អ្នកប្រហែលជាប្រាថ្នាចង់ដឹកនាំការសិក្សាព្រះគម្ពីរមួយដែរ តែមិនទាន់បានធ្វើដូច្នេះឡើយ។ នៅប្រទេសខ្លះ ការរកមនុស្សដែលចាប់អារម្មណ៍នោះ គឺពិបាកណាស់។ អ្នកប្រហែលជាជួបមនុស្សដែលមិនបង្ហាញចំណាប់អារម្មណ៍ទៅលើព្រះគម្ពីរទេ។ បើអ៊ីចឹងមែន ប្រហែលអ្នកទូលច្រើនជាងក្នុងសេចក្ដីអធិស្ឋានរបស់អ្នក អំពីចិត្តប្រាថ្នារបស់ខ្លួននោះ ដោយដឹងថា ព្រះយេហូវ៉ានិងព្រះយេស៊ូយកចិត្តទុកដាក់ជាខ្លាំងទៅលើកិច្ចការនេះ និងអាចនាំអ្នកទៅជួបនរណាម្នាក់ដែលប្រៀបដូចជាចៀម។ សូមរកយោបល់ពីពួកអ្នកនៅក្នុងក្រុមជំនុំរបស់អ្នក ដែលមានការពិសោធន៍ច្រើនជាង ឬក៏មានកិច្ចបំរើផ្សាយដែលបង្កើតផលច្រើនជាងផង។ ចូរទទួលប្រយោជន៍ពីការហ្វឹកហ្វឺន និងយោបល់ដែលគេជូននៅឯកិច្ចប្រជុំគ្រីស្ទាន។ ចូរទទួលប្រយោជន៍ពីដំបូន្មានដែលមកពីអ្នកធ្វើដំណើរត្រួតពិនិត្យ និងភរិយារបស់គាត់។ ហើយសំខាន់បំផុត កុំនឿយណាយឲ្យសោះ។ បុរសម្នាក់ដ៏មានប្រាជ្ញានោះ បានសរសេរថា៖ «នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង»។ (សាស្ដា ១១:៦) ក្នុងចន្លោះពេលនោះ សូមចងចាំអំពីមនុស្សស្មោះត្រង់ដូចជាលោកណូអេ និងយេរេមាដែរ។ ថ្វីបើមនុស្សតិចណាស់បានប្រព្រឹត្តតាមការផ្សព្វផ្សាយរបស់ពួកគាត់ក៏ដោយ នោះកិច្ចបំរើផ្សាយរបស់ពួកគាត់ក៏បានជោគជ័យដែរ។ សំខាន់បំផុតគឺថា កិច្ចបំរើរបស់គេបានផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា។
ការធ្វើអ្វីៗដ៏ប្រសើរបំផុតដែលខ្លួនអាចធ្វើទៅបាន
១៤. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា អំពីពួកអ្នកដែលបានបំរើរហូតដល់ចាស់ក្នុងកិច្ចការបំរើទ្រង់នោះ?
១៤ អ្នកប្រហែលជាជាប់ក្នុងកាលៈទេសៈដែលមិនអនុញ្ញាតឲ្យអ្នកធ្វើអ្វីៗ ដែលអ្នកចង់ធ្វើក្នុងកិច្ចបំរើផ្សាយនោះទេ។ ជាឧទាហរណ៍ ភាពចាស់ជរាអាចដាក់កំរិតទៅលើអ្វីដែលអ្នកចង់សម្រេចក្នុងកិច្ចបំរើព្រះយេហូវ៉ា។ យ៉ាងណាក៏ដោយ អ្នកប្រាជ្ញម្នាក់នោះបានសរសេរថា៖ «ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) ព្រះយេហូវ៉ារាប់ទុកជីវិតដែលត្រូវបានចំណាយក្នុងការបំរើទ្រង់ នោះល្អប្រសើរណាស់ហ្ន៎! បន្ថែមទៅទៀតនោះ មានបទគម្ពីរចែងថា៖ «យើង[គឺព្រះយេហូវ៉ា]នៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រនិងរំដោះអ្នករាល់គ្នា»។ (អេសាយ ៤៦:៤, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ និងប្រកបទៅដោយសេចក្ដីស្រឡាញ់ ទ្រង់សន្យានឹងថែរក្សាហើយគាំទ្រអ្នកបំរើស្មោះគ្រប់ល័ក្ខណ៍របស់ទ្រង់។
១៥. តើអ្នកជឿថាព្រះយេហូវ៉ាយោគយល់នឹងកាលៈទេសៈរបស់អ្នកទេ? ហើយហេតុអ្វី?
១៥ អ្នកប្រហែលជាកំពុងតែស៊ូទ្រាំនឹងជម្ងឺ ឬការប្រឆាំងពីគូដែលមិនជឿដូចអ្នក ឬក៏មានភារកិច្ចគ្រួសារដ៏ធ្ងន់ធ្ងរ ឬមានបញ្ហាណាទៀតដ៏ពិបាកនោះ។ ព្រះយេហូវ៉ាទ្រង់ទទួលស្គាល់នូវកំរិតនិងកាលៈទេសៈរបស់យើង ហើយទ្រង់ស្រឡាញ់យើងដោយព្រោះយើងខំប្រឹងបំរើទ្រង់។ គឺពិតជាអ៊ីចឹងមែន ទោះជាយើងធ្វើតិចជាងអ្នកឯទៀតក៏ដោយ។ (កាឡាទី ៦:៤) ព្រះយេហូវ៉ាជ្រាបថា យើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ និងទ្រង់មានតុល្យភាពអំពីអ្វីៗដែលទ្រង់តម្រូវពីយើងដែរ។ (ទំនុកដំកើង ១៤៧:១១) ប្រសិនបើយើងខំធ្វើអ្វីៗដ៏ប្រសើរបំផុតដែលខ្លួនអាចធ្វើទៅបាន នោះយើងអាចប្រាកដក្នុងចិត្តថា យើងមានតម្លៃចំពោះព្រះ ហើយទ្រង់នឹងមិនភ្លេចនូវការដែលយើងប្រព្រឹត្តដោយជំនឿនោះឡើយ។—លូកា ២១:១-៤
១៦. តើតាមរបៀបណាខ្លះដែលក្រុមជំនុំទាំងមូល រួមចំណែកក្នុងការបញ្ចុះបញ្ចូលឲ្យមនុស្សម្នាក់ទៅជាសិស្សនោះ?
១៦ សូមចងចាំផងដែរ ថាកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សនេះ គឺជាកិច្ចការរួមជាក្រុម។ គ្មាននរណាតែម្នាក់ឯងទេ ដែលបង្កើតឲ្យមានសិស្សនោះ ដូចជាទឹកភ្លៀងតែមួយដំណក់មិនអាចស្រោចស្រពដំណាំណាមួយនោះឡើយ។ ត្រូវមែន ស្មរបន្ទាល់ម្នាក់អាចរកជួបអ្នកចាប់អារម្មណ៍ម្នាក់ ព្រមទាំងដឹកនាំការសិក្សាមួយផងដែរ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកថ្មីម្នាក់នោះមកឯសាលព្រះរាជាណាចក្រវិញ នោះក្រុមជំនុំទាំងមូលក៏ជួយគាត់ទទួលស្គាល់នូវសេចក្ដីពិត។ ភាពកក់ក្ដៅនៃភាតរភាពនេះ នឹងបង្ហាញអំពីឥទ្ធិពលដែលមកពីវិញ្ញាណរបស់ព្រះ។ (កូរិនថូសទី១ ១៤:២៤, ២៥) កូនក្មេងនិងក្មេងជំទង់ឆ្លើយយ៉ាងក្បោះក្បាយ ដែលបង្ហាញឲ្យអ្នកថ្មីនោះឃើញថា ពួកយុវវ័យរបស់យើងគឺខុសប្លែកពីពួកយុវវ័យក្នុងលោកីយ៍។ អ្នកជម្ងឺ អ្នកខ្សោយ និងអ្នកចាស់ជរាក្នុងក្រុមជំនុំ នោះបង្រៀនអ្នកថ្មីថា ការស៊ូទ្រាំរួមបញ្ចូលអ្វីផ្សេងៗ។ មិនថាយើងមានអាយុប៉ុន្មាន ឬមានកំរិតប៉ុណ្ណា នោះយើងរាល់គ្នារួមចំណែកសំខាន់ក្នុងការជួយអ្នកថ្មី កាលដែលការស្រឡាញ់ចំពោះសេចក្ដីពិតក្នុងព្រះគម្ពីរកាន់តែចំរើនឡើងៗ និងគេជឿនទៅមុខដើម្បីទទួលបុណ្យជ្រមុជទឹក។ ជារៀងរាល់ម៉ោងដែលយើងចំណាយក្នុងកិច្ចបំរើផ្សាយរបស់យើង ជារៀងរាល់ដងដែលយើងត្រឡប់ទៅជួបគេវិញ និងការសន្ទនានិមួយៗដែលយើងមានជាមួយអ្នកចាប់អារម្មណ៍នៅឯសាលព្រះរាជាណាចក្រ នោះតែឯងប្រហែលជាមើលទៅដូចជាមិនសូវសំខាន់ប៉ុន្មានទេ តែនេះជាចំណែកកិច្ចការដ៏ធំធេងដែលព្រះយេហូវ៉ាកំពុងតែសម្រេច។
១៧, ១៨. (ក) បន្ថែមទៅលើការរួមធ្វើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ តើដោយរបៀបណាដែលយើងអាចទទួលអំណរដែលមកពីការឲ្យនោះ? (ខ) ដោយទទួលនូវអំណរដែលមកពីការឲ្យនោះ តើយើងធ្វើតម្រាប់តាមអ្នកណា?
១៧ តាមការពិត ក្រៅពីការចូលរួមនូវកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សដ៏សំខាន់នេះ យើងជាពួកគ្រីស្ទានទទួលអំណរពីការឲ្យតាមរបៀបផ្សេងៗទៀតដែរ។ យើងអាចទុកលុយខ្លះជាវិភាគទានដើម្បីគាំទ្រនូវការថ្វាយបង្គំបរិសុទ្ធនេះ និងដើម្បីជួយអ្នកដែលខ្វះខាតដែរ។ (លូកា ១៦:៩; កូរិនថូសទី១ ១៦:១, ២) យើងអាចឆ្លៀតរកឱកាសបង្ហាញការរួសរាយចំពោះអ្នកដទៃ។ (រ៉ូម ១២:១៣) យើងអាចខំ«ធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០) ហើយតាមរបៀបដ៏សាមញ្ញ តែសំខាន់នោះ យើងអាចឲ្យដល់អ្នកដទៃ ដោយផ្ញើសំបុត្រ ទូរស័ព្ទទៅរកគេ ឲ្យអំណោយមួយ ជួយគេអ្វីម្យ៉ាង ឬដោយពាក្យសំដីដ៏លើកទឹកចិត្តជាដើម។
១៨ ដោយការឲ្យនោះ យើងបង្ហាញថា យើងធ្វើតម្រាប់តាមព្រះវរបិតារបស់យើងនៅស្ថានសួគ៌។ យើងថែមទាំងសម្ដែងសេចក្ដីស្រឡាញ់ជាបងប្អូន ដែលជាសញ្ញាសម្គាល់ពួកគ្រីស្ទានពិត។ (យ៉ូហាន ១៣:៣៥) ដោយនឹកចាំរបស់ទាំងនេះ នោះនឹងជួយយើងទទួលនូវអំណរដែលមកពីការឲ្យ។
តើអ្នកអាចពន្យល់បានទេ?
• តើព្រះយេហូវ៉ានិងព្រះយេស៊ូបានតាំងគំរូអ្វី ក្នុងការឲ្យខាងវិញ្ញាណនោះ?
• តើយើងអាចបង្កើតឲ្យមានមិត្តសំឡាញ់ដ៏ស្ថិតស្ថេរនោះ តាមរបៀបណា?
• តើយើងអាចចាត់វិធានការណាខ្លះ ដើម្បីធ្វើឲ្យកិច្ចបំរើផ្សាយរបស់យើងបានជោគជ័យច្រើនជាងនោះ?
• តើតាមរបៀបណាខ្លះដែលគ្រប់គ្នាក្នុងក្រុមជំនុំ អាចទទួលអំណរដែលមកពីការឲ្យនោះ?
[រូបភាពនៅទំព័រ១៤]
នៅពេលដែលកូនធ្វើតាមការបង្ហាត់បង្រៀននោះ មាតាបិតាមានអំណរនិងស្កប់ស្កល់ចិត្តជាខ្លាំង
[រូបភាពនៅទំព័រ១៥]
ក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមាន សិស្ស យើងអាចបង្កើតឲ្យមានមិត្តជិតស្និទ្ធ
[រូបភាពនៅទំព័រ១៦]
ព្រះយេហូវ៉ាជួយគាំទ្រយើងនៅពេលចាស់ទៅ
[រូបភាពនៅទំព័រ១៨]
តាមរបៀបដ៏សាមញ្ញ តែសំខាន់នោះ យើងអាចទទួលអំណរដោយការឲ្យ