ចូរអរសប្បាយដោយព្រោះមានចំណេះអំពីព្រះយេហូវ៉ា
«មានពរ[សុភមង្គល, ព.ថ.]ហើយ អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»។—លូកា ១១:២៨
១. តើព្រះយេហូវ៉ាបានចាប់ផ្ដើមប្រស្រ័យទាក់ទងនឹងមនុស្ស តាំងពីពេលណាមក?
ព្រះយេហូវ៉ាទ្រង់ស្រឡាញ់មនុស្សជាតិ និងទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះគេ។ ហេតុនោះហើយបានជាមិនគួរងឿងឆ្ងល់ទេ ថាទ្រង់ប្រស្រ័យទាក់ទងនឹងគេដែរ។ ការប្រស្រ័យទាក់ទងនេះ បានចាប់ផ្ដើមឡើងនៅក្នុងសួនច្បារអេដែន។ យោងទៅតាមលោកុប្បត្តិ ៣:៨ នៅគ្រាមួយនោះ «នៅពេលថ្ងៃល្ហើយ» អ័ដាមនិងអេវ៉ាបាន«ឮសំឡេងព្រះយេហូវ៉ា»។ អ្នកខ្លះមានប្រសាសន៍ថា សេចក្ដីទាំងប៉ុន្មាននេះប្រហែលជាបញ្ជាក់ថា ព្រះយេហូវ៉ាមានទំលាប់ប្រស្រ័យទាក់ទងនឹងអ័ដាមនៅវេលាម៉ោងនោះ ហើយប្រហែលជារៀងរាល់ថ្ងៃដែរ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់បានឆ្លៀតពេលមិនគ្រាន់តែ ដើម្បីផ្ដល់ឲ្យពាក្យណែនាំប៉ុណ្ណោះចំពោះបុរសដំបូងនោះ តែថែមទាំងដើម្បីបង្រៀនគាត់អំពីអ្វីដែលគាត់ត្រូវតែដឹងដើម្បីបំពេញភារកិច្ចរបស់គាត់។—លោកុប្បត្តិ ១:២៨-៣០
២. តើគូស្វាមីភរិយាមួយគូដំបូងបានផ្ដាច់ខ្លួនគេចេញពីការណែនាំរបស់ព្រះយេហូវ៉ា ដោយរបៀបណា? ហើយតើមានលទ្ធផលយ៉ាងណា?
២ ព្រះយេហូវ៉ាបានប្រគល់ឲ្យអ័ដាមនិងនាងអេវ៉ាមានជីវិត ព្រមទាំងមានអំណាចទៅលើសត្វ និងទៅលើផែនដីទាំងមូលផងដែរ។ មានបំរាមតែមួយគត់ប៉ុណ្ណោះ គឺកុំឲ្យគេបរិភោគពីដើមដឹងខុសត្រូវ។ ដោយទទួលឥទ្ធិពលពីសាតាំងនោះ អ័ដាមនិងនាងអេវ៉ាមិនបានស្ដាប់បង្គាប់បទបញ្ជារបស់ព្រះទេ។ (លោកុប្បត្តិ ២:១៦, ១៧; ៣:១-៦) គេបានជ្រើសរើសផ្លូវប្រព្រឹត្តដោយយកភាពម្ចាស់ការ គឺសម្រេចចិត្តខ្លួនគេអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ដោយធ្វើជាមនុស្សដែលឥតប្រាជ្ញាដូចនេះ នោះគេបានផ្ដាច់ខ្លួនគេចេញពីការណែនាំរបស់អ្នកបង្កើតដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់គេ។ ជាលទ្ធផល នោះមានការហិនហោចដល់ខ្លួនគេ និងកូនចៅរបស់គេដែលមិនទាន់កើតមកនៅឡើយ។ អ័ដាមនិងនាងអេវ៉ាកាន់តែចាស់ទៅៗ និងជាយថាហេតុនោះពួកគេបានស្លាប់ទៅវិញ ដោយគ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញទេ។ កូនចៅរបស់គេបានទទួលបាបជាមរតក ព្រមទាំងលទ្ធផលពីបាបនោះ គឺជាសេចក្ដីស្លាប់។—រ៉ូម ៥:១២
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាប្រស្រ័យទាក់ទងនឹងកាអ៊ីន? ហើយតើគាត់បានប្រព្រឹត្តតបមកវិញយ៉ាងណា?
៣ ទោះជាមានការបះបោរនៅសួនច្បារអេដែននោះក៏ដោយ ព្រះយេហូវ៉ានៅតែបានបន្តប្រស្រ័យទាក់ទងនឹងមនុស្សដែលទ្រង់បានបង្កើតមកនោះដែរ។ កាអ៊ីន ដែលជាកូនច្បងរបស់អ័ដាមនិងនាងអេវ៉ា នោះបំរុងនឹងធ្វើអំពើបាប។ ព្រះយេហូវ៉ាបានព្រមានគាត់ថា គាត់មុខជានឹងបង្កើតឲ្យមានរឿងមិនខាន តែទ្រង់ក៏បានណែនាំឲ្យគាត់បែរទៅ«ធ្វើល្អ»វិញ។ កាអ៊ីនបានបដិសេធមិនព្រមទទួលដំបូន្មានដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះទេ ហើយបានសម្លាប់ប្អូនគាត់ទៅ។ (លោកុប្បត្តិ ៤:៣-៨) យ៉ាងដូច្នេះហើយ ដែលមនុស្សបីនាក់ដំបូងនៅលើផែនដី បានបដិសេធទាំងស្រុងទៅលើការណែនាំដ៏ច្បាស់លាស់ដែលព្រះអង្គបានប្រទានឲ្យគេ គឺទ្រង់ដែលប្រទានជីវិតដល់គេនោះ និងក៏ជាព្រះដែលផ្ដល់ឲ្យពាក្យណែនាំចំពោះរាស្ត្រទ្រង់ ដើម្បីឲ្យគេទទួលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ (អេសាយ ៤៨:១៧) ព្រះយេហូវ៉ាប្រាកដជាបានខកព្រះទ័យនឹងគេយ៉ាងណាទៅហ្ន៎!
ព្រះយេហូវ៉ាសម្ដែងអង្គទ្រង់ឲ្យពួកឰយុកោពីបុរាណស្គាល់
៤. ស្តីអំពីកូនចៅរបស់អ័ដាម តើព្រះយេហូវ៉ាមានទំនុកចិត្តអ្វី? ហើយដោយទ្រង់មានព្រះចិន្ដាដូច្នេះ តើទ្រង់បានប្រកាសនូវសារពីសេចក្ដីសង្ឃឹមអ្វី?
៤ ទោះជាព្រះយេហូវ៉ាមានសិទ្ធិផ្ដាច់ទំនាក់ទំនងជាមួយមនុស្សលោកក្ដី ទ្រង់មិនដែលធ្វើដូច្នេះឡើយ។ ទ្រង់នៅមានទំនុកចិត្តថា កូនចៅខ្លះរបស់អ័ដាមនឹងស្ដាប់តាមការណែនាំរបស់ទ្រង់ដោយប្រាជ្ញា។ ជាក់ស្តែង នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូលកាត់ទោសអ័ដាមនិងនាងអេវ៉ា នោះទ្រង់បានទាយប្រាប់អំពី«ពូជ»មួយ ដែលត្រូវទប់ទល់នឹងសត្វពស់នោះ គឺអារក្សសាតាំង។ ហើយមិនយូរមិនឆាប់ ត្រូវកិនក្បាលរបស់សាតាំងឲ្យស្លាប់ដែរ។ (លោកុប្បត្តិ ៣:១៥) បទទំនាយនេះជាសារពីសេចក្ដីសង្ឃឹមដ៏គួរឲ្យអរសប្បាយ ចំពោះ«អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»។—លូកា ១១:២៨
៥, ៦. តាំងពីមុនសតវត្សទីមួយ ស.យ. តើព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងនឹងរាស្ត្ររបស់ទ្រង់ដោយរបៀបណាខ្លះ? ហើយតើដោយដូចម្ដេចដែលនេះបាននាំឲ្យគេទទួលប្រយោជន៍?
៥ ព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងនឹងពួកឰយុកោដ៏ស្មោះត្រង់ពីបុរាណ ដូចជាលោកណូអេ អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូប។ (លោកុប្បត្តិ ៦:១៣; និក្ខមនំ ៣៣:១; យ៉ូប ៣៨:១-៣) ក្រោយមកទៀត តាមរយៈលោកម៉ូសេ ទ្រង់បានរៀបចំចងក្រងច្បាប់ទាំងឡាយ សំរាប់សាសន៍អ៊ីស្រាអែល។ ក្រិត្យវិន័យតាមលោកម៉ូសេនោះ បាននាំឲ្យគេទទួលប្រយោជន៍ច្រើនយ៉ាង។ ដោយកាន់តាមក្រិត្យវិន័យនោះ សាសន៍អ៊ីស្រាអែលបានត្រូវញែកចេញពីសាសន៍ដទៃទាំងឡាយ ទុកជារាស្ត្រពិសេសរបស់ព្រះ។ ព្រះទ្រង់បានធានាចំពោះពួកអ៊ីស្រាអែលថា បើគេស្ដាប់បង្គាប់តាមក្រិត្យវិន័យនោះ ទ្រង់នឹងមិនគ្រាន់តែប្រទានពរលើគេខាងវត្ថុទ្រព្យប៉ុណ្ណោះទេ តែខាងវិញ្ញាណផងដែរ ទាំងធ្វើឲ្យគេជាព្រះរាជាណាចក្រដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធ។ ក្រិត្យវិន័យនោះក៏បានប្រទានក្រិត្យក្រមខាងម្ហូបអាហារ និងអនាម័យ ដែលបានបណ្ដាលឲ្យគេមានសុខភាពល្អផងដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាថែមទាំងបានព្រមានអំពីផលវិបាកដ៏អភ័ព្វ ដែលត្រូវទទួលជាលទ្ធផលពីការមិនស្ដាប់បង្គាប់។—និក្ខមនំ ១៩:៥, ៦; ចោទិយកថា ២៨:១-៦៨
៦ យូរៗទៅ សៀវភៅឯទៀតដែលព្រះបានបណ្ដាលឲ្យតែង នោះបានត្រូវបន្ថែមបញ្ចូលទៅក្នុងព្រះគម្ពីរ។ កំណត់ហេតុផ្សេងៗបានរៀបរាប់អំពីទំនាក់ទំនងរបស់ព្រះយេហូវ៉ា ជាមួយមនុស្ស និងសាសន៍នានា។ សៀវភៅកំណាព្យបានពណ៌នាយ៉ាងពីរោះអំពីគុណសម្បត្ដិរបស់ទ្រង់។ សៀវភៅទំនាយបានទាយទុកអំពីការសម្រេចនូវព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅពេលអនាគត។ មនុស្សស្មោះត្រង់ពីបុរាណបានសិក្សាយ៉ាងហ្មត់ចត់ ទាំងបានអនុវត្តតាមឯកសារទាំងនេះដែលព្រះបានបណ្ដាលឲ្យតែងនោះ។ បុគ្គលម្នាក់បានសរសេរថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។ (ទំនុកដំកើង ១១៩:១០៥) ចំពោះអស់អ្នកណាដែលព្រមស្ដាប់ នោះព្រះយេហូវ៉ាបានប្រទានការអប់រំនិងការបំភ្លឺដល់គំនិតដែរ។
ពន្លឺកាន់តែភ្លឺឡើងៗ
៧. ទោះជាព្រះយេស៊ូបានធ្វើអព្ភូតហេតុក៏ដោយ តើគេនិយមស្គាល់ទ្រង់ដោយព្រោះអ្វី? ហើយហេតុអ្វីបានជាអ៊ីចឹង?
៧ មកដល់សតវត្សទីមួយ ស.យ. ក្រុមទាំងប៉ុន្មានខាងសាសនាយូដា បានបន្ថែមទំលាប់មនុស្សបញ្ចូលទៅក្នុងក្រិត្យវិន័យនោះ។ គេបានអនុវត្តក្រិត្យវិន័យនោះយ៉ាងខុសឆ្គង និងក្រិត្យវិន័យបានទៅជាបន្ទុកធ្ងន់មួយ ជាជាងធ្វើជាប្រភពបំភ្លឺគំនិត ដោយព្រោះទំលាប់ទាំងនោះវិញ។ (ម៉ាថាយ ២៣:២-៤) ក៏ប៉ុន្តែ នៅឆ្នាំ២៩ ស.យ. ព្រះយេស៊ូបានលេចអង្គទ្រង់ឡើងជាព្រះមេស្ស៊ី។ ទ្រង់មិនគ្រាន់តែមានបំណងប្រគល់ព្រះជន្មទ្រង់ជំនួសមនុស្សលោកប៉ុណ្ណោះទេ តែមានបំណងចង់«ធ្វើបន្ទាល់ពីសេចក្ដីពិត»ដែរ។ ទោះជាទ្រង់បានធ្វើអព្ភូតហេតុយ៉ាងណាក្ដី នោះគេបាននិយមស្គាល់ទ្រង់ជា«លោកគ្រូ»វិញ។ ការបង្រៀនរបស់ទ្រង់គឺប្រៀបប្រដូចនឹងពន្លឺដែលភ្លឺចិញ្ចាចកាត់ភាពងងឹត ដែលមានពេញក្នុងគំនិតមនុស្ស។ យ៉ាងត្រឹមត្រូវនោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំជាពន្លឺលោកីយ»។—យ៉ូហាន ៨:១២; ១១:២៨; ១៨:៣៧
៨. នៅសតវត្សទីមួយ ស.យ. តើព្រះបានបណ្ដាលឲ្យគេសរសេរសៀវភៅណាខ្លះ? និងតើសៀវភៅទាំងនោះបាននាំប្រយោជន៍អ្វីខ្លះ ឲ្យពួកគ្រីស្ទានសម័យដើមនោះ?
៨ ក្រោយមកទៀតគេបានបន្ថែមដំណឹងល្អផ្សេងៗ ជាកំណត់ហេតុបួនអំពីប្រវត្ដិរូបព្រះយេស៊ូ ព្រមទាំងសៀវភៅកិច្ចការ ដែលជាប្រវត្ដិសាស្ត្រអំពីការពង្រីកកិច្ចផ្សាយសាសនាគ្រីស្ទាន ក្រោយពីព្រះយេស៊ូបានសោយទិវង្គតទៅ។ មានសំបុត្រនានាដែរ ដែលព្រះបានបណ្ដាលឲ្យតែង ដែលសិស្សរបស់ព្រះយេស៊ូបានសរសេរ ព្រមទាំងសៀវភៅទំនាយមួយក្បាលឈ្មោះវិវរណៈ។ ឯកសារទាំងនេះ រួមទាំងបទគម្ពីរភាសាហេព្រើរ នោះបានបង្គ្រប់ធ្វើជាព្រះគម្ពីរបរិសុទ្ធ។ ដោយមានជំនួយពីបណ្ណាល័យនេះដែលព្រះបានបណ្ដាលឲ្យតែងនោះ ពួកគ្រីស្ទានអាច«យល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្ដោយ ជំរៅ នឹងកំពស់»នៃសេចក្ដីពិតនេះ។ (អេភេសូរ ៣:១៤-១៨) គេអាចមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»។ (កូរិនថូសទី១ ២:១៦) យ៉ាងណាក្ដី ពួកគ្រីស្ទានពីសម័យដើមនោះ មិនបានយល់យ៉ាងពេញលេញនូវគ្រប់ទិដ្ឋភាពនៃគោលបំណងរបស់ព្រះយេហូវ៉ាទេ។ សាវ័កប៉ុលបានសរសេរចំពោះអ្នកជឿគ្នីគ្នារបស់គាត់ថា៖ «ឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារ[ដែកដែលអាចឆ្លុះរូប, ព.ថ.]»។ (កូរិនថូសទី១ ១៣:១២) ដែកនោះអាចឆ្លុះរូបបាន ប៉ុន្តែមិនអាចឃើញយ៉ាងល្អិតល្អន់បាននោះទេ។ អ៊ីចឹងហើយ ត្រូវមានការយល់កាន់តែច្បាស់ពេញលេញជាងនៅពេលខាងមុខ។
៩. តើមានការបំភ្លឺគំនិតណាខ្លះ ក្នុងកំឡុងថ្ងៃ«ជាន់ក្រោយបង្អស់»នេះ?
៩ សព្វថ្ងៃនេះយើងរស់នៅគ្រាដែលត្រូវហៅថា ថ្ងៃ«ជាន់ក្រោយបង្អស់» ដែលជាគ្រាត្រូវសម្គាល់ដោយមានសេចក្ដី«លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ព្យាការីដានីយ៉ែលបានទាយប្រាប់ថា ក្នុងកំឡុងពេលនេះ «ចំណេះនឹងបានចំរើនឡើង»។ (ដានីយ៉ែល ១២:៤) ដូច្នេះហើយ ព្រះយេហូវ៉ាដែលជាអ្នកប្រស្រ័យទាក់ទងដ៏ឧត្តមនោះ បានជួយអ្នកដែលមានចិត្តស្មោះសឲ្យយល់នូវខ្លឹមសារនៃព្រះបន្ទូលរបស់ទ្រង់។ ឥឡូវនេះ មនុស្សរាប់លាននាក់យល់ដឹងថា ព្រះយេស៊ូគ្រីស្ទបានត្រូវទទួលតំណែងជាស្តេចនៅឯស្ថានសួគ៌ដ៏មើលមិនឃើញនោះ នៅឆ្នាំ១៩១៤។ គេថែមទាំងដឹងថា ឆាប់ៗខាងមុខនេះ ទ្រង់នឹងបញ្ចប់នូវអំពើអាក្រក់ទាំងអស់និងរៀបកែប្រែផែនដីទាំងមូលនេះទៅជាសួនមនោរម្យ។ ទិដ្ឋភាពដ៏សំខាន់នៃដំណឹងល្អខាងព្រះរាជាណាចក្រនេះ ក៏មានគេកំពុងតែផ្សព្វផ្សាយទូទាំងផែនដីនេះដែរ។—ម៉ាថាយ ២៤:១៤
១០. ក្នុងកំឡុងពេលប៉ុន្មានសតវត្សទៅហើយនេះ តើមនុស្សបានប្រព្រឹត្តតបយ៉ាងណាខ្លះ ចំពោះឱវាទពីព្រះយេហូវ៉ា?
១០ មែនហើយ តាំងតែពីដើមមក ព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងនឹងមនុស្សនៅលើផែនដី អំពីព្រះហឫទ័យនិងគោលបំណងរបស់ទ្រង់។ របាយការណ៍ក្នុងព្រះគម្ពីរពិពណ៌នាអំពីមនុស្សច្រើននាក់ដែលបានស្ដាប់ បានអនុវត្តតាមប្រាជ្ញាពីព្រះ និងបានទទួលពរជាលទ្ធផលផងដែរ។ ព្រះគម្ពីរក៏ប្រាប់អំពីអ្នកឯទៀតដែលបានបដិសេធនឹងឱវាទ ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះពីព្រះ ទាំងបានធ្វើតាមផ្លូវហិនហោចរបស់អ័ដាមនិងនាងអេវ៉ាដែរ។ ព្រះយេស៊ូបានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីស្ថានការណ៍នេះ ពេលដែលទ្រង់បានរៀបរាប់អំពីផ្លូវពីរជានិមិត្តរូប។ ផ្លូវមួយនាំទៅឯសេចក្ដីហិនវិនាស។ ដោយព្រោះផ្លូវនោះធំទូលាយ មនុស្សជាច្រើនដែលបដិសេធនឹងព្រះបន្ទូលរបស់ព្រះ ក៏ធ្វើតាមផ្លូវនោះ។ ផ្លូវមួយទៀតនាំទៅឯជីវិតជារៀងរហូត។ មានតែមនុស្សមួយចំនួនតិចទេដែលព្រមទទួលស្គាល់ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ និងរស់នៅស្របទៅតាមព្រះគម្ពីរ ក៏ដើរតាមផ្លូវនោះទោះជាចង្អៀតក៏ដោយ។—ម៉ាថាយ ៧:១៣, ១៤
ការអបអរនឹងអ្វីដែលយើងមាន
១១. តើចំណេះនិងជំនឿរបស់យើងទៅលើព្រះគម្ពីរ ជាទីសំអាងអំពីអ្វី?
១១ តើអ្នករួមចំណែកជាមួយអ្នកទាំងនោះដែលបានជ្រើសរើសនូវផ្លូវទៅឯជីវិតឬទេ? បើអ៊ីចឹងមែន អ្នកប្រាកដជានឹងចង់រក្សាខ្លួនទៅតាមផ្លូវនោះបន្តទៀត។ តើអ្នកអាចធ្វើដូច្នេះដោយដូចម្ដេច? ចូររំពឹងគិតជាទៀងទាត់ និងដោយចិត្តអបអរ អំពីប្រសិទ្ធិពរនានាដែលអ្នកបានទទួលដោយព្រោះយល់ដឹងនូវសេចក្ដីពិតផ្សេងៗពីព្រះគម្ពីរ។ ដោយអ្នកបានព្រមទទួលធ្វើតាមដំណឹងល្អតែម្ដង នោះជាទីសំអាងថា ព្រះប្រទានពរឲ្យអ្នកហើយ។ ព្រះយេស៊ូបានបញ្ជាក់ដូច្នេះ ពេលដែលទ្រង់បានអធិស្ឋានទូលថ្វាយព្រះវរបិតាទ្រង់ ដោយពាក្យបន្ទូលដូចតទៅនេះ៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ! ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ»។ (ម៉ាថាយ ១១:២៥) អ្នកនេសាទត្រីនិងអ្នកប្រមូលពន្ធ បានយល់ខ្លឹមសារនៃការបង្រៀនរបស់ព្រះយេស៊ូ តែអ្នកដឹកនាំខាងសាសនាដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់មិនបានយល់ទេ។ ព្រះយេស៊ូបានមានបន្ទូលបន្ថែមទៀតថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) បើអ្នកបានចាប់ផ្ដើមទទួលការយល់ដឹងខាងព្រះគម្ពីរ ព្រមទាំងជឿហើយកាន់តាមការបង្រៀននៅក្នុងព្រះគម្ពីរនោះ នេះជាទីសំអាងថា ព្រះយេហូវ៉ាបានទាញនាំអ្នកមកឯទ្រង់។ នេះជាមូលហេតុអរសប្បាយផងដែរ។
១២. តើព្រះគម្ពីរជួយបំភ្លឺគំនិតតាមរបៀបណាខ្លះ?
១២ ព្រះបន្ទូលរបស់ព្រះមានសេចក្ដីពិតដែលរំដោះឲ្យយើងរួច ទាំងបំភ្លឺគំនិតផង។ អស់អ្នកដែលរស់នៅសមស្របទៅតាមចំណេះពីព្រះគម្ពីរ នោះត្រូវបានប្រោសឲ្យរួចពីអបិយជំនឿ សេចក្ដីបង្រៀនក្លែងក្លាយ និងភាពល្ងង់ខ្លៅដែលកាន់កាប់ជីវិតនៃមនុស្សរាប់លាននាក់។ ជាឧទាហរណ៍ ការយល់ដឹងនូវសេចក្ដីពិតអំពីព្រលឹង គឺជួយប្រោសឲ្យយើងរួចពីការភិតភ័យដែលថា មនុស្សស្លាប់អាចធ្វើទុក្ខដល់យើង ឬថាអ្នកជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅហើយនោះកំពុងតែរងទុក្ខ។ (អេសេគាល ១៨:៤) ការយល់ដឹងនូវសេចក្ដីពិតអំពីពួកទេវតាអាក្រក់នោះ ក៏ជួយយើងជៀសចេញពីការលំបាកដែលមានមកពីអំពើមន្តអាគម។ សេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញ នោះជួយរំលែកទុក្ខចំពោះអស់អ្នកដែលមានបុគ្គលជាទីស្រឡាញ់បានស្លាប់ទៅ។ (យ៉ូហាន ១១:២៥) បទទំនាយក្នុងព្រះគម្ពីរជួយសម្គាល់នូវគ្រារបស់យើងនេះ ទាំងឲ្យយើងមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះអំពីពេលអនាគតដែរ។ បទទំនាយទាំងនោះពង្រឹងនូវសេចក្ដីសង្ឃឹមរបស់យើងអំពីការរស់នៅជានិរន្តរ៍។
១៣. តើការយកចិត្តទុកដាក់ធ្វើតាមព្រះបន្ទូលរបស់ព្រះ នាំឲ្យយើងទទួលប្រយោជន៍ណាខ្លះខាងរាងកាយ?
១៣ គោលការណ៍ក្នុងព្រះគម្ពីរដែលមកពីព្រះនោះ បង្រៀនឲ្យយើងរស់នៅយ៉ាងណាដែលនាំឲ្យមានប្រយោជន៍ដល់រូបកាយរបស់យើង។ ជាឧទាហរណ៍ យើងរៀនចេះជៀសវាងពីការប្រព្រឹត្តដែលបង្ខូចរូបរាងកាយរបស់យើង ដូចជាការប្រើថ្នាំជក់និងថ្នាំផ្សេងៗទៀតដោយផ្ដេសផ្ដាស។ យើងបដិសេធនឹងការប្រមឹកស្រាជាដាច់ខាត។ (កូរិនថូសទី២ ៧:១) ការយកចិត្តទុកដាក់ធ្វើតាមច្បាប់ខាងសីលធម៌របស់ព្រះ នោះជួយការពារយើងពីជម្ងឺកាមរោគ។ (កូរិនថូសទី១ ៦:១៨) ដោយធ្វើតាមឱវាទរបស់ព្រះដែលឲ្យយើងជៀសចេញពីការស្រឡាញ់ប្រាក់ នោះយើងគ្មានអារម្មណ៍តានតឹង ដូចមនុស្សជាច្រើនធ្លាប់មានដោយតាមរកទ្រព្យសម្បត្ដិនោះទេ។ (ធីម៉ូថេទី១ ៦:១០) តើអ្នកបានទទួលប្រយោជន៍ខាងរាងកាយណាខ្លះ ដោយព្រោះអនុវត្តតាមព្រះបន្ទូលរបស់ព្រះក្នុងជីវិតរបស់អ្នក?
១៤. តើវិញ្ញាណបរិសុទ្ធមានឥទ្ធិពលអ្វីខ្លះទៅលើជីវិតរបស់យើង?
១៤ ប្រសិនបើយើងរស់ឲ្យបានសមស្របទៅតាមព្រះបន្ទូលរបស់ព្រះ នោះយើងទទួលវិញ្ញាណបរិសុទ្ធរបស់ព្រះ។ យើងបណ្ដុះបណ្ដាលឲ្យមានបុគ្គលិកលក្ខណៈដូចព្រះគ្រីស្ទ ដែលត្រូវសម្គាល់ដោយគុណសម្បត្ដិដ៏គួរចង់បាន ដូចជាសេចក្ដីមេត្ដាករុណានិងចិត្តទន់សន្ដោស។ (អេភេសូរ ៤:២៤, ៣២) ព្រះវិញ្ញាណរបស់ព្រះក៏បង្កើតឲ្យយើងមានផលផ្លែរបស់វិញ្ញាណនោះ គឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ (កាឡាទី ៥:២២, ២៣) គុណសម្បត្ដិទាំងនេះជួយបង្កើតឲ្យមានការប្រស្រ័យទាក់ទងយ៉ាងល្អនិងដ៏សប្បាយជាមួយអ្នកដទៃ ហើយជាមួយសមាជិកគ្រួសារផងដែរ។ យើងទទួលបានកម្លាំងចិត្ត ដែលជួយយើងប្រឈមមុខដោយចិត្តក្លាហាននឹងវិបត្ដិផ្សេងៗ។ តើអ្នកទទួលស្គាល់នូវរបៀបដែលវិញ្ញាណបរិសុទ្ធមានឥទ្ធិពលមកលើជីវិតរបស់អ្នកឲ្យបានប្រយោជន៍ឬទេ?
១៥. នៅពេលដែលយើងសម្របជីវិតទៅតាមព្រះហឫទ័យរបស់ព្រះ តើយើងទទួលប្រយោជន៍អ្វីខ្លះ?
១៥ នៅពេលដែលយើងសម្របជីវិតទៅតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា នោះយើងពង្រឹងនូវទំនាក់ទំនងរបស់យើងជាមួយទ្រង់។ យើងមានជំនឿស៊ប់កាន់តែខ្លាំងឡើង ថាទ្រង់យល់ចិត្តយើងថែមទាំងស្រឡាញ់យើងផងដែរ។ យើងរៀនតាមការពិសោធន៍បង្ហាញថា ទ្រង់ទំនុកបំរុងយើងក្នុងកំឡុងគ្រាលំបាក។ (ទំនុកដំកើង ១៨:១៨) យើងអាចយល់ដឹងថា ទ្រង់ពិតជាសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើង។ (ទំនុកដំកើង ៦៥:២) យើងបែរទៅរកការពឹងពាក់ពីការណែនាំរបស់ទ្រង់ ដោយទុកចិត្តថានឹងមានប្រយោជន៍មែន។ យើងក៏មានសេចក្ដីសង្ឃឹមដ៏អស្ចារ្យ ថាមិនយូរមិនឆាប់ព្រះនឹងនាំឲ្យអ្នកស្មោះត្រង់របស់ទ្រង់ក្លាយជាមនុស្សគ្រប់ល័ក្ខណ៍វិញ ព្រមទាំងនឹងប្រទានអំណោយឲ្យគេ គឺជាជីវិតជារៀងរហូត។ (រ៉ូម ៦:២៣) យ៉ាកុបបានសរសេរថា៖ «ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) តើអ្នកមានអារម្មណ៍ថា ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា បានត្រូវពង្រឹងឡើងពេលដែលអ្នកចូលមកជិតទ្រង់ឬទេ?
រតនៈសម្បត្ដិដែលមានតម្លៃដ៏លើសលប់
១៦. តើគ្រីស្ទានខ្លះនៅសតវត្សទីមួយនោះ បានធ្វើការកែប្រែបែបណាខ្លះ?
១៦ ប៉ុលបានរំឭកពួកគ្រីស្ទានពីសតវត្សទីមួយ ដែលបានត្រូវតែងតាំងដោយវិញ្ញាណនោះថា អ្នកខ្លះពីចំណោមគេធ្លាប់ជាអ្នកសហាយស្មន់ មនុស្សកំផិត អ្នករួមភេទដូចគ្នា ចោរ មនុស្សលោភលន់ អ្នកប្រមឹកស្រា និងអ្នកប្លន់កំហែង។ (កូរិនថូសទី១ ៦:៩-១១) សេចក្ដីពិតពីព្រះគម្ពីរបានធ្វើឲ្យគេកែប្រែច្រើនមែន។ គេក៏បានត្រូវ«លាងស្អាត»វិញ។ សូមស្រមៃគិតអំពីជីវិតរបស់អ្នក ថានឹងត្រូវទៅជាយ៉ាងណា បើគ្មានសេចក្ដីពិតដែលប្រោសឲ្យរួច ដែលអ្នកបានរៀនពីព្រះគម្ពីរនោះ។ សេចក្ដីពិតនេះប្រាកដជារតនៈសម្បត្ដិដែលមានតម្លៃដ៏លើសលប់មែន។ អូ៎! យើងពិតសប្បាយណាស់ហ្ន៎! ដែលព្រះយេហូវ៉ាប្រស្រ័យទាក់ទងនឹងយើងដូច្នេះ។
១៧. តើដោយដូចម្ដេចដែលស្មរបន្ទាល់ព្រះយេហូវ៉ា បានក្រេបជញ្ជក់អាហារខាងវិញ្ញាណនៅឯកិច្ចប្រជុំគ្រីស្ទាន?
១៧ បន្ថែមទៅទៀតនោះ សូមគិតអំពីប្រសិទ្ធិពរដែលយើងមានក្នុងភាតរភាពនេះពីគ្រប់ទាំងសាសន៍។ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›តែងប្រទានអាហារខាងវិញ្ញាណតាមត្រូវពេល ដែលរួមបញ្ចូលព្រះគម្ពីរ ទស្សនាវដ្ដី និងប្រកាសនវត្ថុឯទៀតជាច្រើនភាសា។ (ម៉ាថាយ ២៤:៤៥-៤៧) នៅឯកិច្ចប្រជុំក្រុមជំនុំក្នុងកំឡុងឆ្នាំ២០០០នោះ ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសជាច្រើន បានសើរើឡើងវិញនូវគោលសំខាន់ៗពីសៀវភៅសំខាន់ៗប្រាំបីក្បាល ពីបទគម្ពីរភាសាហេព្រើរ។ គេបានរំពឹងគិតអំពីជីវិតរបស់មនុស្ស៤០នាក់ពីព្រះគម្ពីរ ដែលត្រូវពិគ្រោះក្នុងសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ព្រមទាំងបានសិក្សាចប់នូវសៀវភៅមួយនោះដែរ។ គេបានមើលដប់មួយអត្ថបទពីទស្សនាវដ្ដីប៉មយាម ព្រមទាំង៥២អត្ថបទសិក្សាដែរ។ បន្ថែមទៅទៀតនោះ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវក្រេបជញ្ជក់អាហារខាងវិញ្ញាណ ដោយសារកិច្ចបំរើព្រះរាជាណាចក្រយើង អស់១២ច្បាប់ និងសុន្ទរកថាសាធារណៈប្រចាំសប្ដាហ៍តាមប្រធានផ្សេងៗខាងព្រះគម្ពីរ។ មានចំណេះខាងវិញ្ញាណជាបរិបូរមែន ដែលយើងអាចទទួលបាន!
១៨. តើយើងទទួលជំនួយក្នុងក្រុមជំនុំ តាមរបៀបណាខ្លះ?
១៨ ក្រុមជំនុំចំនួនជាង៩១.០០០ ទូទាំងពិភពលោកនេះ ជួយផ្ដល់ការគាំទ្រនិងការលើកទឹកចិត្ត តាមរយៈកិច្ចប្រជុំនានា ថែមទាំងការមានទំនាក់ទំនងរវាងគ្នានឹងគ្នាផងដែរ។ យើងថែមទាំងពេញចិត្តនឹងការគាំទ្រដែលមកពីពួកគ្រីស្ទានគ្នីគ្នាដ៏មានគំនិតចាស់ទុំ ដែលសុខចិត្តជួយយើងខាងវិញ្ញាណ។ (អេភេសូរ ៤:១១-១៣) មែនហើយ យើងបានទទួលប្រយោជន៍ជាច្រើនណាស់ ដោយបានទទួលចំណេះអំពីសេចក្ដីពិត។ ការស្គាល់ព្រះយេហូវ៉ា និងការបំរើទ្រង់ ពិតជានាំឲ្យមានអំណរមែន។ ពាក្យរបស់អ្នកតែងបទទំនុកដំកើង នោះពិតជាត្រឹមត្រូវ ដែលថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»។—ទំនុកដំកើង ១៤៤:១៥
តើអ្នកនៅចាំទេ?
• តាំងពីមុនសម័យពួកគ្រីស្ទាននោះ តើព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងនឹងអ្នកណាខ្លះ?
• តើដោយដូចម្ដេចដែលពន្លឺខាងវិញ្ញាណបានភ្លឺកាន់តែខ្លាំងឡើងៗនៅសតវត្សទីមួយ និងនៅសម័យទំនើបយើងនេះ?
• តើមានប្រសិទ្ធិពរណាខ្លះ ដែលបានមកពីការរស់នៅសមស្របទៅតាមចំណេះអំពីព្រះយេហូវ៉ា?
• ហេតុដូចម្ដេចបានជាយើងអរសប្បាយដោយមានចំណេះអំពីព្រះ?
[រូបភាពនៅទំព័រ៨]
ព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងនឹងលោកម៉ូសេ ណូអេ និងអ័ប្រាហាំ អំពីព្រះហឫទ័យរបស់ទ្រង់
[រូបភាពនៅទំព័រ៩]
នាបច្ចុប្បន្នយើងនេះ ព្រះយេហូវ៉ាបានប្រទានពន្លឺមកលើព្រះបន្ទូលរបស់ទ្រង់
[រូបភាពនៅទំព័រ១០]
សូមគិតទៅមើលអំពីប្រសិទ្ធិពរដែលយើងមានក្នុងភាតរភាពគ្រប់ទាំងសាសន៍របស់យើង!