ពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ តើមានន័យយ៉ាងណាចំពោះអ្នក?
«អ្នកណាដែលបរិភោគនំប៉័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់»។—កូរិនថូសទី១ ១១:២៧
១. តើមានពិធីសំខាន់បំផុតអ្វី ក្នុងកំឡុងឆ្នាំ២០០៣? ហើយតើពិធីនោះមានដើមកំណើតយ៉ាងណា?
ពិធីសំខាន់បំផុតក្នុងកំឡុងឆ្នាំ២០០៣ បានកើតឡើងនៅក្រោយថ្ងៃលិច ថ្ងៃទី១៦ ខែមេសា។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូគ្រីស្ទ។ ក្រោយពីព្រះយេស៊ូនិងសាវ័ករបស់ទ្រង់បានធ្វើបុណ្យរំលងនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ. នោះព្រះយេស៊ូបានប្រារព្ធពិធីបុណ្យរំឭកដែលហៅថាអាហារល្ងាចរបស់ព្រះអម្ចាស់ក៏បានដែរ ដូចដែលអត្ថបទមុននេះបានបង្ហាញនោះ។ នំប៉័ងឥតដំបែនិងស្រាទំពាំងបាយជូរក្រហមជាវត្ថុតំណាងក្នុងពិធីបុណ្យរំឭក ដែលតំណាងនូវព្រះកាយដែលគ្មានបាប និងព្រះលោហិតព្រះគ្រីស្ទបានបង្ហូរនោះ ជាយញ្ញបូជាតែមួយគត់អាចប្រោសមនុស្សឲ្យរួចពីបាបនិងសេចក្ដីស្លាប់ដែលមនុស្សលោកបានទទួលជាមរតកនោះ។—រ៉ូម ៥:១២; ៦:២៣
២. តើមានការព្រមានអ្វីនៅក្នុងកូរិនថូសទី១ ១១:២៧?
២ អ្នកដែលទទួលទាននូវវត្ថុតំណាងក្នុងពិធីបុណ្យរំឭកនោះ ត្រូវទទួលតាមបែបគួរសម។ សាវ័កប៉ុលបានបញ្ជាក់ចំណុចនេះយ៉ាងច្បាស់លាស់ ពេលដែលគាត់សរសេរទៅកាន់បងប្អូនគ្រីស្ទាននៅទីក្រុងកូរិនថូសពីបុរាណ ដែលបងប្អូននៅទីនោះបានធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់តាមបែបមិនគួរសមវិញ។ (កូរិនថូសទី១ ១១:២០-២២) ប៉ុលបានសរសេរថា៖ «អ្នកណាដែលបរិភោគនំប៉័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់»។ (កូរិនថូសទី១ ១១:២៧) តើពាក្យរបស់ប៉ុលនោះមានន័យសំខាន់យ៉ាងណា?
បងប្អូនខ្លះបានធ្វើពិធីបុណ្យរំឭកតាមបែបមិនគួរសម
៣. ពេលធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ តើបងប្អូនគ្រីស្ទានជាច្រើននៅទីក្រុងកូរិនថូសបានប្រព្រឹត្តយ៉ាងណាខ្លះ?
៣ បងប្អូនគ្រីស្ទានជាច្រើននៅទីក្រុងកូរិនថូសបានធ្វើពិធីបុណ្យរំឭកតាមបែបមិនគួរសម។ ក្នុងចំណោមពួកគេមានការបែកបាក់គ្នា ហើយយ៉ាងហោចណាស់ក៏មានមួយរយៈដែលបងប្អូនខ្លះបានយកម្ហូបពេលល្ងាចទៅជាមួយ ហើយបានបរិភោគអាហារនោះមុនឬក្នុងកំឡុងកម្មវិធី រួមទាំងបរិភោគច្រើនហួសហេតុពេកក៏មាន។ ពួកគេមិនប្រុងស្មារតីឬប្រុងប្រៀបខ្លួនខាងវិញ្ញាណឡើយ។ ដោយទង្វើដូច្នេះ ពួកគេ«មានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់»។ បងប្អូនខ្លះមិនបានបរិភោគអាហារពីមុនមកចូលរួមកម្មវិធីនោះទេ នេះបានធ្វើឲ្យពួកគេឃ្លានហើយមិនមានអារម្មណ៍មូលទៀតផង។ ត្រូវមែន បងប្អូនគ្រីស្ទានជាច្រើនបានទទួលទាននូវវត្ថុតំណាងនោះដោយមិនបានទទួលស្គាល់ថាកម្មវិធីនោះមានសារៈសំខាន់យ៉ាងណាទេ ហើយក៏មិនបានបង្ហាញការគោរពផងដែរ។ មូលហេតុនោះហើយបានជាពួកគេគួរទទួលទោសមែន!—កូរិនថូសទី១ ១១:២៧-៣៤
៤, ៥. ហេតុអ្វីបានជាអស់អ្នកដែលទទួលទានវត្ថុតំណាងរាល់ឆ្នាំនោះ គួរត្រិះរិះពិចារណាអំពីសភាពនៃចិត្តរបស់ខ្លួនជាចាំបាច់?
៤ កាលដែលជិតដល់ពេលធ្វើពិធីបុណ្យរំឭករៀងរាល់ឆ្នាំ អស់អ្នកដែលទទួលទាននូវវត្ថុតំណាងរាល់ឆ្នាំគួរត្រិះរិះពិចារណានូវចិត្តរបស់ខ្លួនជាចាំបាច់។ បើអ្នកណាម្នាក់ចង់ចូលរួមអាហាររួមគ្នានេះតាមបែបគួរសម គាត់ត្រូវតែមានសុខុមាលភាពល្អខាងវិញ្ញាណជាមុនសិន។ អស់អ្នកណាដែលសភាពនៃចិត្តរបស់ខ្លួនមិនបង្ហាញការគោរពឬក៏មើលងាយយញ្ញបូជារបស់ព្រះយេស៊ូ នោះអាច‹ត្រូវកាត់កាល់ចេញពីរាស្ត្ររបស់ព្រះ› ដូចជនអ៊ីស្រាអែលណាដែលទទួលទានដង្វាយមេត្រីជាអាហាររួមគ្នាពេលដែលគាត់មានសភាពសៅហ្មងនៅឡើយ។—លេវីវិន័យ ៧:២០; ហេព្រើរ ១០:២៨-៣១
៥ ប៉ុលបានប្រៀបធៀបពិធីបុណ្យរំឭកទៅនឹងការបរិភោគអាហាររួមគ្នានៅស្រុកអ៊ីស្រាអែលពីសម័យបុរាណ។ ប៉ុលបាននិយាយអំពីការទទួលទានរួមជាមួយព្រះគ្រីស្ទ ហើយក៏បានពោលទៀតថា៖ «អ្នករាល់គ្នាពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់ នឹងពីពែងរបស់អារក្សផងបានទេ ក៏ពុំអាចនឹងបរិភោគនៅ‹តុព្រះអម្ចាស់› នឹងតុរបស់អារក្សផងបានដែរ»។ (កូរិនថូសទី១ ១០:១៦-២១) ប្រសិនបើបុគ្គលម្នាក់ដែលទទួលទាននូវវត្ថុតំណាងរាល់ឆ្នាំនោះប្រព្រឹត្តអំពើបាបដ៏ធ្ងន់ គាត់ត្រូវសារភាពកំហុសទូលថ្វាយព្រះយេហូវ៉ាហើយរកជំនួយខាងវិញ្ញាណពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (សុភាសិត ២៨:១៣; យ៉ាកុប ៥:១៣-១៦) បើគាត់ប្រែចិត្តស្មោះអស់ពីចិត្តមែន ហើយបង្កើតផលដែលបញ្ជាក់ពីការប្រែចិត្តពិតនោះ គាត់ក៏អាចទទួលទាននូវវត្ថុតំណាងនេះបានតាមបែបគួរសម។—លូកា ៣:៨
ពួកអ្នកដែលចូលមើលដោយមានចិត្តគោរព
៦. តើព្រះបានកំណត់ឲ្យអ្នកណាខ្លះមានឯកសិទ្ធិទទួលទានវត្ថុតំណាងក្នុងពិធីអាហារល្ងាចរបស់ព្រះអម្ចាស់?
៦ រីឯពួកអ្នកដែលប្រព្រឹត្តល្អទៅលើអ្នកសំណល់នៃបងប្អូនរបស់ព្រះគ្រីស្ទគឺ១៤៤.០០០នាក់ តើពួកគេគួរទទួលទាននូវវត្ថុតំណាងក្នុងពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ដែរឬទេ? (ម៉ាថាយ ២៥:៣១-៤០; វិវរណៈ ១៤:១) អត់ទេ! មានតែបុគ្គលនិមួយៗដែលព្រះបានតែងតាំងដោយវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យក្លាយទៅជា«អ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ»ប៉ុណ្ណោះ ដែលព្រះអនុញ្ញាតឲ្យមានឯកសិទ្ធិទទួលទានវត្ថុតំណាងនោះ។ (រ៉ូម ៨:១៤-១៨; យ៉ូហានទី១ ២:២០) បើដូច្នេះ អស់អ្នកដែលសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីមនោរម្យក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្ររបស់ព្រះនោះ តើពួកគេចូលរួមធ្វើអ្វី? (លូកា ២៣:៤៣; វិវរណៈ ២១:៣, ៤) ដោយសារពួកគេមិនមែនជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទ ហើយមិនមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ទេ ពួកគេចូលពិធីបុណ្យរំឭកជាអ្នកមើលដែលមានចិត្តគោរព។—រ៉ូម ៦:៣-៥
៧. តើពួកគ្រីស្ទាននៅសតវត្សទីមួយដឹងយ៉ាងដូចម្ដេចថា ខ្លួនគួរទទួលទាននូវវត្ថុតំណាងក្នុងពិធីបុណ្យរំឭក?
៧ ពួកគ្រីស្ទានពិតនៅសតវត្សទីមួយបានត្រូវតែងតាំងដោយវិញ្ញាណបរិសុទ្ធ។ ពួកគេជាច្រើនបានប្រើអំណោយទានខ្លះនៃព្រះវិញ្ញាណ ដូចជាការនិយាយភាសាផ្សេងៗ។ ដូច្នេះ នៅគ្រានោះមិនពិបាកប៉ុន្មានទេ ឲ្យពួកអ្នកចាក់ប្រេងតាំងដឹងថាខ្លួនមានវិញ្ញាណបរិសុទ្ធ ហើយគួរទទួលទាននូវវត្ថុតំណាងក្នុងពិធីបុណ្យរំឭក។ ប៉ុន្តែនៅសម័យយើងនេះ ការទទួលស្គាល់ថាខ្លួនបានត្រូវតែងតាំងដោយវិញ្ញាណបរិសុទ្ធ គឺត្រូវមានមូលដ្ឋានលើបន្ទូលដែលព្រះបានបណ្ដាលឲ្យតែងដូចតទៅនេះថា៖ «អស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ។ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា៖ ‹ឱអ័ប្បា! ព្រះវរបិតាអើយ!›»។—រ៉ូម ៨:១៤, ១៥, កំណែជាអក្សរទ្រេត
៨. នៅម៉ាថាយជំពូកទី១៣ តើ«ស្រូវសាលី»និង«ស្រងែ»តំណាងអ្នកណា?
៨ ប៉ុន្មានសតវត្សកន្លងទៅនេះ ពួកអ្នកចាក់ប្រេងតាំងពិតបានដុះឡើងប្រៀបដូចជា«ស្រូវសាលី»ក្នុងស្រែដែលពេញទៅដោយ«ស្រងែ» ដែលតំណាងពួកគ្រីស្ទានមិនពិត។ (ម៉ាថាយ ១៣:២៤-៣០,៣៦-៤៣) តាំងពីទសវត្សនៃឆ្នាំ១៨៧០ «ស្រូវសាលី»បានលេចធ្លោឲ្យឃើញកាន់តែច្បាស់ឡើងៗ ហើយប៉ុន្មានឆ្នាំក្រោយមកពួកអ្នកត្រួតពិនិត្យដែលជាជនគ្រីស្ទានចាក់ប្រេងតាំងនោះ បានទទួលការណែនាំថា៖ «ពួកអ្នកចាស់ទុំ . . . គួរប្រាប់ពួកអ្នកដែលមកជួបជុំគ្នា[សំរាប់ពិធីបុណ្យរំឭក] ឲ្យយល់នូវល័ក្ខខ័ណ្ឌដូចតទៅ៖ (១) មានជំនឿទៅលើព្រះលោហិត[នៃព្រះគ្រីស្ទ] ហើយ (២) ថ្វាយខ្លួនបំរើព្រះអង្គម្ចាស់និងកិច្ចបំរើទ្រង់រហូតដល់ក្ស័យជីវិត។ រួចមកពួកអ្នកចាស់ទុំគួរអញ្ជើញអស់អ្នកដែលជឿហើយថ្វាយខ្លួននោះ ឲ្យចូលរួមធ្វើពិធីបុណ្យរំឭកការសោយទិវង្គតនៃព្រះអម្ចាស់»។—ការសិក្សានៅក្នុងបទគម្ពីរ ក្បាលទី៦ ការបង្កើតថ្មី ទំព័រទី៤៣។a
ការរក«ចៀមឯទៀត»
៩. នៅឆ្នាំ១៩៣៥ តើ«មនុស្ស១ហ្វូងយ៉ាងធំ»បានត្រូវសម្គាល់ច្បាស់ជាងយ៉ាងណា? ហើយតើឃើញមានការប្រែប្រួលអ្វី ស្តីអំពីបងប្អូនខ្លះដែលធ្លាប់ទទួលទានវត្ថុតំណាងពីមុន?
៩ ច្រើនឆ្នាំបានកន្លងទៅទើបអង្គការរបស់ព្រះយេហូវ៉ាចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើមនុស្សឯទៀត ជាមនុស្សមួយពួកផ្សេងពីពួកអ្នកចាក់ប្រេងតាំងដែលកាន់តាមព្រះគ្រីស្ទ។ នៅពាក់កណ្ដាលទសវត្សនៃឆ្នាំ១៩៣០ មានអ្វីដ៏គួរឲ្យកត់សម្គាល់បានកើតឡើងក្នុងការសម្គាល់មនុស្សមួយពួកទៀត។ ពីមុន រាស្ត្ររបស់ព្រះគិតថា «មនុស្ស១ហ្វូងយ៉ាងធំ»ដែលបានត្រូវរៀបរាប់នៅវិវរណៈ ៧:៩ ជាមនុស្សមួយក្រុមទៀតខាងវិញ្ញាណ ដែលរួបរួមជាមួយពួកអ្នកចាក់ប្រេងតាំង១៤៤.០០០នាក់ដែលត្រូវរស់ឡើងវិញនៅស្ថានសួគ៌។ ពួកគេស្មានថា ក្រុមទីពីរនោះមានទំនាក់ទំនងប្រៀបដូចជាភឿនមិត្តឬអ្នកកំដរកូនក្រមុំដែលជាភរិយានៃព្រះគ្រីស្ទ។ (ទំនុកដំកើង ៤៥:១៤, ១៥; វិវរណៈ ៧:៤; ២១:២, ៩) ប៉ុន្តែនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៣៥ សុន្ទរកថាមួយបានថ្លែងក្នុងកម្មវិធីមហាសន្និបាតនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. ស.រ.អ. ដែលបានពន្យល់ដោយប្រើបទគម្ពីរថា «មនុស្ស១ហ្វូងយ៉ាងធំ»សំដៅទៅលើ«ចៀមឯទៀត»ដែលរស់នៅគ្រាចុងបញ្ចប់នេះ។ (យ៉ូហាន ១០:១៦) ក្រោយពីមហាសន្និបាតនោះ បងប្អូនខ្លះដែលធ្លាប់ទទួលទាននូវវត្ថុតំណាងក្នុងពិធីបុណ្យរំឭកបានឈប់ទទួលទៀត ពីព្រោះពួកគេបានទទួលស្គាល់ថា គេមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីមិនមែននៅស្ថានសួគ៌ទេ។
១០. សូមពន្យល់អំពីសេចក្ដីសង្ឃឹមនិងភារកិច្ចនៃពួក«ចៀមឯទៀត»នៅសព្វថ្ងៃនេះ។
១០ ជាពិសេសតាំងពីឆ្នាំ១៩៣៥ មានការរកពួកអ្នកដែលជា«ចៀមឯទៀត» ជាពួកអ្នកដែលជឿទៅលើតម្លៃលោះ និងបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ ហើយក៏ជាអ្នកជួយពួកអ្នកចាក់ប្រេងតាំងដែលជា«ហ្វូងតូច» ឲ្យធ្វើកិច្ចការផ្សាយព្រះរាជាណាចក្ររបស់ព្រះ។ (លូកា ១២:៣២) ចៀមឯទៀតមានលក្ខណៈដូចអ្នកសំណល់សព្វថ្ងៃនៃពួកអ្នកដែលនឹងទទួលមរតកក្នុងព្រះរាជាណាចក្ររបស់ព្រះ តែពួកចៀមឯទៀតមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីនេះវិញជានិរន្តរ៍។ ពួកចៀមឯទៀតនៅសព្វថ្ងៃនេះមានសភាពស្រដៀងនឹងអ្នកប្រទេសក្រៅដែលធ្លាប់រស់ជាមួយប្រជាជនអ៊ីស្រាអែលសម័យបុរាណ ហើយបានថ្វាយបង្គំព្រះយេហូវ៉ានិងធ្វើតាមក្រិត្យវិន័យផងដែរ។ តាមគំរូនោះពួកចៀមឯទៀតនៅសព្វថ្ងៃនេះព្រមទទួលភារៈគ្រីស្ទានដូចជាការផ្សព្វផ្សាយដំណឹងល្អជាដើម រួមជាមួយសមាជិកនៃសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ។ (កាឡាទី ៦:១៦) ក៏ប៉ុន្តែ អ្នកប្រទេសក្រៅមិនអាចក្លាយជាស្តេចឬសង្ឃរបស់សាសន៍អ៊ីស្រាអែលបានឡើយ ដូចគ្នាដែរ ពួកចៀមឯទៀតក៏មិនអាចគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ហើយក៏មិនអាចបំរើជាសង្ឃបានដែរ។—ចោទិយកថា ១៧:១៥
១១. ឆ្នាំដែលមនុស្សម្នាក់បានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហេតុអ្វីបានជានេះទាក់ទងនឹងលទ្ធភាពអាចរួមចំណែកជាអ្នកសំណល់នៃពួកអ្នកចាក់ប្រេងតាំងនោះ?
១១ មកដល់ទសវត្សនៃឆ្នាំ១៩៣០នោះ ពួកគេបានយល់កាន់តែច្បាស់ឡើងៗថា ក្រុមអ្នកដែលត្រូវឡើងទៅស្ថានសួគ៌នោះបានត្រូវជ្រើសរើសរួចហើយ។ ប៉ុន្មានទសវត្សមកហើយ មានការរកចៀមឯទៀតដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីនេះ។ ប្រសិនបើអ្នកចាក់ប្រេងតាំងមួយរូបប្រព្រឹត្តអ្វីដែលមិនស្មោះត្រង់នោះ មនុស្សម្នាក់ពីចំណោមពួកចៀមឯទៀតត្រូវហៅមកជំនួស។ អ្នកដែលត្រូវហៅមកបង្គ្រប់ចំនួន១៤៤.០០០នាក់នោះ ច្បាស់ជាបងប្អូនមួយរូបដែលបានបំរើព្រះយ៉ាងយូរដោយស្មោះត្រង់។
ហេតុដែលអ្នកខ្លះយល់ច្រឡំ
១២. តើមានហេតុអ្វីដែលបងប្អូនខ្លះត្រូវឈប់ទទួលទាននូវវត្ថុតំណាងក្នុងពិធីបុណ្យរំឭក?
១២ ពួកគ្រីស្ទានចាក់ប្រេងតាំងដឹងប្រាកដក្នុងចិត្តថា ពួកគេត្រូវឡើងទៅស្ថានសួគ៌។ ប៉ុន្តែ ចុះយ៉ាងណាបើមនុស្សខ្លះដែលមិនបានហៅទៅនៅស្ថានសួគ៌នោះ បានទទួលទានវត្ថុតំណាងក្នុងពិធីបុណ្យរំឭករួចហើយ? នៅពេលឥឡូវនេះដែលពួកគេដឹងខ្លួនថា មិនមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ទេ មនសិការរបស់ពួកគេច្បាស់ជានឹងជំរុញឲ្យគេឈប់ទទួលទាននូវវត្ថុតំណាងទៀត។ បើពួកគេដឹងថាខ្លួនមិនបានហៅទៅស្ថានសួគ៌ទេ តែចង់ដំកើងខ្លួនជាមនុស្សដែលបានត្រូវតែងតាំងឲ្យធ្វើជាស្តេចឬជាសង្ឃនៅស្ថានសួគ៌ នោះព្រះច្បាស់ជាមិនសព្វព្រះហឫទ័យនឹងពួកគេឡើយ។ (រ៉ូម ៩:១៦; វិវរណៈ ២០:៦) ព្រះយេហូវ៉ាបានប្រហារជីវិតរបស់លោកកូរេពីពួកលេវី ដោយព្រោះគាត់ចង់បានឋានៈជាសង្ឃដែលជាសិទ្ធិរបស់កូនចៅអើរ៉ុនវិញ។ (និក្ខមនំ ២៨:១; ជនគណនា ១៦:៤-១១, ៣១-៣៥) ប្រសិនបើជនគ្រីស្ទានម្នាក់ដឹងខ្លួនថា បានទទួលទានវត្ថុតំណាងក្នុងពិធីបុណ្យរំឭកដោយគ្មានសិទ្ធិនោះ គាត់ត្រូវឈប់ទទួលទានទៀត ហើយត្រូវអធិស្ឋានដោយចិត្តរាបទាបសុំព្រះយេហូវ៉ាអត់ឱនទោសចំពោះកំហុសរបស់ខ្លួន។—ទំនុកដំកើង ១៩:១៣
១៣, ១៤. ហេតុដូចម្ដេចបានជាបងប្អូនខ្លះអាចច្រឡំថា ខ្លួនបានត្រូវហៅទៅនៅស្ថានសួគ៌?
១៣ ហេតុអ្វីបានជាបងប្អូនខ្លះអាចយល់ច្រឡំថាខ្លួនបានត្រូវហៅទៅនៅស្ថានសួគ៌នោះ? បើគូអាពាហ៍ពិពាហ៍ស្លាប់ ឬមានរឿងខ្លោចផ្សាណាផ្សេងទៀតកើតឡើង បងប្អូនខ្លះអាចលែងមានចិត្តចង់រស់នៅលើផែនដីទៀត។ អ្នកខ្លះអាចប្រាថ្នាចង់បានសេចក្ដីសង្ឃឹមនេះដោយសារពួកគេមានមិត្តសំឡាញ់ម្នាក់ដែលជាជនគ្រីស្ទានចាក់ប្រេងតាំង។ តាមពិត ព្រះមិនបានចាត់ឲ្យបុគ្គលណាម្នាក់ប្រមូលបងប្អូនឯទៀតឲ្យទទួលឯកសិទ្ធិនេះទេ ហើយព្រះក៏មិនតែងតាំងអ្នកទទួលមរតកខាងព្រះរាជាណាចក្រដោយបណ្ដាលឲ្យពួកគេឮសម្លេងដែលប្រាប់ថាត្រូវទៅស្ថានសួគ៌នោះឡើយ។
១៤ ទ្រឹស្តីរបស់សាសនាមិនពិតដែលបង្រៀនថា មនុស្សល្អទាំងអស់នឹងឡើងទៅស្ថានសួគ៌ ក៏អាចនាំឲ្យអ្នកខ្លះគិតស្មានថា ខ្លួនបានត្រូវហៅឲ្យឡើងទៅស្ថានសួគ៌ដែរ។ ហេតុដូច្នេះហើយបានជាយើងត្រូវប្រយ័ត្នកុំឲ្យជំនឿខុសពីមុន ឬកត្ដាផ្សេងៗទៀតមានឥទ្ធិពលលើយើងនោះ។ ដូច្នេះហើយ បងប្អូនខ្លះអាចសួរខ្លួនឯងថា៖ ‹តើខ្ញុំប្រើថ្នាំដែលអាចមានឥទ្ធិពលលើអារម្មណ៍ខាងផ្លូវចិត្តរបស់ខ្ញុំឬទេ? តើខ្ញុំមានចំណង់យ៉ាងខ្លាំងដែលអាចនាំឲ្យខ្ញុំច្រឡំអំពីសេចក្ដីសង្ឃឹមរបស់ខ្ញុំឬ?›។
១៥, ១៦. ហេតុអ្វីបានជាបងប្អូនខ្លះអាចយល់ខុសថា ខ្លួនជាអ្នកចាក់ប្រេងតាំង?
១៥ បងប្អូនខ្លះទៀតប្រហែលជាចង់ដណ្ដឹងសួរខ្លួនថា៖ ‹តើខ្ញុំចង់បានមុខមាត់ឬ? តើខ្ញុំមានមហិច្ឆតាចង់បានអំណាចនៅឥឡូវនេះ ឬនៅពេលអនាគតជាអ្នកទទួលមរតកជាមួយព្រះគ្រីស្ទឬ?›។ ពេលដែលពួកអ្នកទទួលមរតកខាងព្រះរាជាណាចក្របានត្រូវត្រាស់ហៅនៅសតវត្សទីមួយ មិនមែនមនុស្សគ្រប់រូបដែលមានមុខតំណែងជាអ្នកទទួលខុសត្រូវក្នុងក្រុមជំនុំទេ។ បន្ថែមទៅទៀត បុគ្គលម្នាក់ៗដែលបានត្រូវហៅទៅនៅស្ថានសួគ៌នោះ មិនមែនដើម្បីមុខមាត់ឡើយ ហើយក៏មិននិយាយអួតខ្លួនថាជាអ្នកចាក់ប្រេងតាំងដែរ។ ពួកគេបង្ហាញនូវចិត្តរាបទាបដែលគួរគប្បីជាអ្នកដែលមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»។—កូរិនថូសទី១ ២:១៦
១៦ បងប្អូនខ្លះបានសម្រេចចិត្តថា ខ្លួនបានត្រូវហៅទៅនៅស្ថានសួគ៌ពីព្រោះពួកគេមានចំណេះយ៉ាងច្រើនអំពីព្រះគម្ពីរ។ ប៉ុន្តែ ការតែងតាំងដោយវិញ្ញាណមិនបានសេចក្ដីថា ខ្លួននឹងមានការយល់ដឹងច្រើនលើសលប់ទេ ត្បិតប៉ុលក៏បានណែនាំហើយប្រៀនប្រដៅអ្នកចាក់ប្រេងតាំងខ្លះផងដែរ។ (កូរិនថូសទី១ ៣:១-៣; ហេព្រើរ ៥:១១-១៤) ព្រះមានការរៀបចំរួចហើយ ដើម្បីផ្ដល់អាហារខាងវិញ្ញាណដល់រាស្ត្រទាំងឡាយរបស់ទ្រង់។ (ម៉ាថាយ ២៤:៤៥-៤៧) ដូច្នេះ អ្នកចាក់ប្រេងតាំងមិនគួរមានគំនិតថា ខ្លួនគេមានប្រាជ្ញាខ្ពង់ខ្ពស់ជាងបងប្អូនដែលមានសេចក្ដីសង្ឃឹមនឹងរស់នៅលើផែនដីនោះទេ។ ការតែងតាំងដោយវិញ្ញាណមិនបានសម្គាល់ដោយសមត្ថភាពផ្សព្វផ្សាយឬថ្លែងសុន្ទរកថា ឬដោយព្រោះចេះឆ្លើយសំនួរខាងព្រះគម្ពីរនោះឡើយ។ ពួកគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីក៏មានសមត្ថភាពដូចគ្នាដែរ។
១៧. តើការតែងតាំងដោយវិញ្ញាណពឹងផ្អែកលើអ្វី? ហើយតើអ្នកណាត្រូវសម្រេចនូវការតែងតាំងនេះ?
១៧ បើបងប្អូនដែលរួមជំនឿជាមួយយើង គាត់ចង់សួរអំពីការត្រាស់ហៅទៅស្ថានសួគ៌នោះ អ្នកចាស់ទុំម្នាក់ឬបងប្អូនគ្រីស្ទានណាទៀតដែលមានគំនិតចាស់ទុំដែរ អាចពិគ្រោះរឿងនោះជាមួយគាត់។ ក៏ប៉ុន្តែ គ្មានអ្នកណាអាចធ្វើការសម្រេចចិត្តជំនួសគាត់បានឡើយ។ បុគ្គលណាដែលពិតជាបានហៅទៅនៅស្ថានសួគ៌នោះ មិនចាំបាច់សួរអ្នកដទៃអំពីសេចក្ដីសង្ឃឹមរបស់ខ្លួនគាត់នោះទេ។ ពួកអ្នកចាក់ប្រេងតាំងបានត្រូវ«[បង្កើតមក]ជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ហើយនៅជាប់លាប់»។ (ពេត្រុសទី១ ១:២៣) ដោយសារវិញ្ញាណបរិសុទ្ធនិងបន្ទូលរបស់ព្រះ ទ្រង់បណ្ដុះនូវ«ពូជ»ដែលបណ្ដាលឲ្យបុគ្គលម្នាក់«កើតជាថ្មី» ពោលគឺ ជាបុគ្គលដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌វិញ។ (កូរិនថូសទី២ ៥:១៧) ព្រះយេហូវ៉ាទ្រង់ជាអ្នកជ្រើសរើស។ ការចាក់ប្រេងតាំងនោះ«មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ»។ (រ៉ូម ៩:១៦) ដូច្នេះ ធ្វើដូចម្ដេចឲ្យមនុស្សដឹងប្រាកដថា ខ្លួនបានត្រូវហៅទៅនៅស្ថានសួគ៌នោះ?
ហេតុដែលពួកគេដឹងជាក់ច្បាស់
១៨. តើវិញ្ញាណរបស់ព្រះធ្វើបន្ទាល់នឹងវិញ្ញាណរបស់ពួកអ្នកចាក់ប្រេងតាំងយ៉ាងណា?
១៨ វិញ្ញាណរបស់ព្រះតែងធ្វើបន្ទាល់ឲ្យពួកគ្រីស្ទានចាក់ប្រេងតាំងដឹងជាក់ថា ខ្លួនមានសេចក្ដីសង្ឃឹមទៅនៅស្ថានសួគ៌។ ប៉ុលបានសរសេរថា៖ «អ្នករាល់គ្នា . . . បានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា៖ ‹ឱអ័ប្បា! ព្រះវរបិតាអើយ!› ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ»។ (រ៉ូម ៨:១៥-១៧, កំណែជាអក្សរទ្រេត) វិញ្ញាណបរិសុទ្ធមានឥទ្ធិពលលើវិញ្ញាណឬចិត្តគំនិតចំបងរបស់ពួកអ្នកចាក់ប្រេងតាំង ហើយនេះជំរុញចិត្តពួកគេឲ្យដឹងខ្លួនថា អ្វីៗដែលព្រះគម្ពីររៀបរាប់អំពីកូនខាងវិញ្ញាណរបស់ព្រះយេហូវ៉ានោះ សំដៅទៅលើខ្លួនគេតែម្ដង។ (យ៉ូហានទី១ ៣:២) វិញ្ញាណរបស់ព្រះញ៉ាំងឲ្យពួកគេមានអារម្មណ៍ថាខ្លួនជាកូនរបស់ព្រះ ហើយបណ្ដាលឲ្យពួកគេមានសេចក្ដីសង្ឃឹមប្លែកពីធម្មតា។ (កាឡាទី ៤:៦, ៧) ការរស់រៀងរហូតជាមនុស្សគ្រប់ល័ក្ខណ៍ដែលមានបងប្អូនញាតិមិត្តជុំវិញយើងនៅលើផែនដីនេះ ពិតជាអ្វីដែលមនុស្សគួរចង់បានមែន ប៉ុន្តែ ពួកអ្នកចាក់ប្រេងតាំងមិនបានទទួលសេចក្ដីសង្ឃឹមដូចនេះពីព្រះទេ។ ដោយសារវិញ្ញាណរបស់ព្រះ ទ្រង់បានបង្កើតក្នុងចិត្តរបស់ពួកគេនូវសេចក្ដីសង្ឃឹមយ៉ាងខ្លាំងខាងស្ថានសួគ៌។ សេចក្ដីសង្ឃឹមនោះខ្លាំងដល់ម្ល៉េះបានជាពួកគេសុខចិត្តលះបង់ចំណងមិត្តភាព និងសេចក្ដីសង្ឃឹមណាដែលពួកគេធ្លាប់មាននៅផែនដីនេះ។—កូរិនថូសទី២ ៥:១-៥, ៨; ពេត្រុសទី២ ១:១៣, ១៤
១៩. តើកិច្ចព្រមព្រៀងថ្មីមានមុខនាទីអ្វីទាក់ទងនឹងជីវិតរបស់ពួកគ្រីស្ទានចាក់ប្រេងតាំង?
១៩ ពួកគ្រីស្ទានចាក់ប្រេងតាំងដឹងប្រាកដក្នុងចិត្តអំពីសេចក្ដីសង្ឃឹមរបស់ពួកគេ ថាខ្លួនជាប់ក្នុងកិច្ចព្រមព្រៀងថ្មីមែន។ ព្រះយេស៊ូបានមានបន្ទូលអំពីកិច្ចព្រមព្រៀងថ្មីនោះពេលដែលទ្រង់បានប្រារព្ធពិធីបុណ្យរំឭកទាំងមានបន្ទូលថា៖ «ពែងនេះជាសញ្ញា[ឬ«កិច្ចព្រមព្រៀង», ព.ថ.]ថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា»។ (លូកា ២២:២០) ពួកអ្នកដែលរួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មីនេះគឺជាព្រះនិងពួកអ្នកចាក់ប្រេងតាំង។ (យេរេមា ៣១:៣១-៣៤; ហេព្រើរ ១២:២២-២៤) ព្រះយេស៊ូគឺជាអ្នកកណ្ដាល។ កិច្ចព្រមព្រៀងថ្មីមានសុពលភាពដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ ហើយតាំងពីពេលនោះមករាស្ត្រមួយពួកបានត្រូវរើសចេញពីចំណោមសាសន៍យូដាផង និងសាសន៍ដទៃផងដែរ ជារាស្ត្រទុកសំរាប់ព្រះនាមព្រះយេហូវ៉ា ហើយកិច្ចព្រមព្រៀងថ្មីបាននាំឲ្យរាស្ត្រទាំងនេះរួមចំណែកជា«ពូជ»របស់លោកអ័ប្រាហាំដែរ។ (កាឡាទី ៣:២៦-២៩; កិច្ចការ ១៥:១៤) «សញ្ញា[ឬ«កិច្ចព្រមព្រៀង», ព.ថ.]ដ៏នៅអស់កល្បជានិច្ច»នេះ បើកផ្លូវឲ្យសាសន៍អ៊ីស្រាអែលខាងវិញ្ញាណទាំងមូលទទួលដំណើររស់ឡើងវិញនៅស្ថានសួគ៌ជាបុគ្គលដែលមានជីវិតអមតៈ។—ហេព្រើរ ១៣:២០, ២១
២០. តើពួកអ្នកចាក់ប្រេងតាំងរួមចំណែកជាមួយព្រះគ្រីស្ទក្នុងកិច្ចព្រមព្រៀងអ្វី?
២០ ពួកអ្នកចាក់ប្រេងតាំងមិនសង្ស័យសោះអំពីសេចក្ដីសង្ឃឹមរបស់ខ្លួនគេទេ។ ពួកគេក៏រួមចំណែកក្នុងកិច្ចព្រមព្រៀងមួយទៀត ពោលគឺ កិច្ចព្រមព្រៀងខាងព្រះរាជាណាចក្ររបស់ព្រះ។ ព្រះយេស៊ូបានមានបន្ទូលអំពីចំណែកដែលពួកគេមានជាមួយទ្រង់ជាព្រះគ្រីស្ទថា៖ «អ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ហើយខ្ញុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា ក៏ដូចជាព្រះវរបិតាខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំដែរ ដើម្បីព្រះរាជាណាចក្រមួយ»។ (លូកា ២២:២៨-៣០, ព.ថ.) កិច្ចព្រមព្រៀងរវាងព្រះគ្រីស្ទនិងស្តេចទាំងឡាយដែលរួមជាមួយទ្រង់ ជាកិច្ចព្រមព្រៀងដែលមានសុពលភាពជានិច្ច។—វិវរណៈ ២២:៥
ពេលធ្វើពិធីបុណ្យរំឭក ជាពេលគួរឲ្យរីករាយដែរ
២១. តើយើងអាចធ្វើយ៉ាងណា ដើម្បីទទួលប្រយោជន៍ច្រើនបំផុតនៅពេលត្រៀមធ្វើពិធីបុណ្យរំឭក?
២១ ពេលត្រៀមធ្វើពិធីបុណ្យរំឭកនោះ ជាពេលដែលមានអំណររីករាយឡើង។ យើងទទួលប្រយោជន៍ពីការអានព្រះគម្ពីរតាមកម្មវិធីសំរាប់មួយរយៈនោះ។ មុនដល់កំណត់ពេលដើម្បីធ្វើពិធីបុណ្យរំឭកនោះ ក៏ជាពេលដ៏សមគួរឲ្យយើងអធិស្ឋាន ទាំងរំពឹងគិតអំពីព្រះជន្មរបស់ព្រះយេស៊ូនិងអំពីការសោយទិវង្គតរបស់ទ្រង់ផងដែរ ហើយក៏គួរគប្បីឲ្យយើងរួមចំណែកក្នុងកិច្ចការផ្សាយពីព្រះរាជាណាចក្ររបស់ព្រះ។ (ទំនុកដំកើង ៧៧:១២; ភីលីព ៤:៦, ៧) ពិធីបុណ្យរំឭកនោះក៏ជួយរំឭកយើងពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងព្រះគ្រីស្ទបង្ហាញតាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ការរៀបចំនេះក៏ជួយសំរាលទុក្ខយើងទាំងផ្ដល់ឲ្យសេចក្ដីសង្ឃឹម ហើយគួរពង្រឹងកម្លាំងចិត្តយើងឲ្យប្ដេជ្ញារស់នៅស្របតាមគំរូរបស់ព្រះគ្រីស្ទ។ (និក្ខមនំ ៣៤:៦; ហេព្រើរ ១២:៣) ពិធីបុណ្យរំឭកគួរពង្រឹងកម្លាំងយើងដើម្បីបំពេញតាមការឧទ្ទិសថ្វាយខ្លួនរបស់យើងជាអ្នកបំរើព្រះ ហើយឲ្យរក្សាភាពស្មោះត្រង់ជាអ្នកកាន់តាមរាជបុត្រស្ងួនភ្ងារបស់ព្រះ។
២២. តើអំណោយដ៏ល្អអស្ចារ្យបំផុតដែលព្រះធ្លាប់ឲ្យដល់មនុស្សលោកជាអ្វី? ហើយតើយើងអាចបង្ហាញចិត្តកតញ្ញូបានយ៉ាងណា?
២២ ព្រះយេហូវ៉ាទ្រង់ប្រទានអំណោយដ៏ល្អអស្ចារ្យណាស់ ដល់យើងរាល់គ្នា! (យ៉ាកុប ១:១៧) យើងមានការណែនាំពីបន្ទូលរបស់ព្រះ ក៏មានជំនួយពីវិញ្ញាណរបស់ទ្រង់ ហើយមានសេចក្ដីសង្ឃឹមទទួលជីវិតជារៀងរហូតផងដែរ។ អំណោយដ៏ល្អអស្ចារ្យបំផុតគឺជាយញ្ញបូជារបស់ព្រះយេស៊ូ ដែលលប់បំបាត់បាបនៃពួកអ្នកចាក់ប្រេងតាំងទាំងឡាយ ហើយចំពោះមនុស្សឯទៀតដែលអនុវត្តជំនឿផងដែរ។ (យ៉ូហានទី១ ២:១, ២) ដូច្នេះ តើការសោយទិវង្គតរបស់ព្រះយេស៊ូមានន័យសំខាន់យ៉ាងណាចំពោះអ្នក? តើអ្នកបានបង្ហាញចិត្តកតញ្ញូដោយចូលរួមក្នុងពិធីអាហារល្ងាចរបស់ព្រះអម្ចាស់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០៣នេះ?
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា តែលែងបោះពុម្ពហើយ។
តើអ្នកឆ្លើយយ៉ាងណា?
• តើអ្នកណាគួរទទួលទាននូវវត្ថុតំណាងក្នុងពិធីបុណ្យរំឭក?
• ហេតុអ្វីបានជាពួក«ចៀមឯទៀត»ធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ជាអ្នកចូលមើលដែលមានចិត្តគោរព?
• នៅឯពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ តើពួកគ្រីស្ទានចាក់ប្រេងតាំងដឹងដោយដូចម្ដេចថា ពួកគេគួរទទួលទាននូវនំប៉័ងនិងស្រាទំពាំងបាយជូរនោះ?
• ពេលត្រៀមធ្វើពិធីបុណ្យរំឭកនោះ ជាពេលដ៏សមគួរឲ្យយើងធ្វើអ្វីខ្លះ?
[ក្រាប/រូបភាពនៅទំព័រ២៨]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ចំនួនមនុស្សចូលរួមពិធីបុណ្យរំឭក
លាននាក់
១៥,៥៩៧,៧៤៦
១៥
១៤
១៣,១៤៧,២០១
១៣
១២
១១
១០
៩
៨
៧
៦
៥
៤,៩២៥,៦៤៣
៤
៣
២
១
៨៧៨,៣០៣
៦៣,១៤៦
ឆ្នាំ១៩៣៥ ឆ្នាំ១៩៥៥ ឆ្នាំ១៩៧៥ ឆ្នាំ១៩៩៥ ឆ្នាំ២០០២
[រូបភាពនៅទំព័រ២៨]
តើអ្នកមានវត្តមាននៅឯពិធីអាហារល្ងាចរបស់ព្រះអម្ចាស់នៅឆ្នាំនេះទេ?