អត្ថបទសិក្សា ៣
មនុស្សមួយក្រុមធំនៃចៀមឯទៀតសរសើរព្រះនិងគ្រិស្ត
«សេចក្ដីសង្គ្រោះរបស់យើងមកពីព្រះរបស់យើង ដែលអង្គុយលើបល្ល័ង្ក និងពីកូនចៀម»។—បប. ៧:១០
ចម្រៀងលេខ១៤ ចូរសរសើរស្ដេចថ្មីដែលគ្រប់គ្រងផែនដី
សេចក្ដីសង្ខេបa
១. តើសុន្ទរកថាមួយដែលបានត្រូវថ្លែងនៅមហាសន្និបាតនាឆ្នាំ១៩៣៥មានឥទ្ធិពលយ៉ាងណាទៅលើបុរសវ័យក្មេងម្នាក់?
បុរសវ័យក្មេងម្នាក់មានអាយុ១៨ឆ្នាំពេលគាត់ទទួលការជ្រមុជទឹកនៅឆ្នាំ១៩២៦។ ឪពុកម្ដាយរបស់គាត់ជានិស្សិតគម្ពីរ ដែលនៅសម័យនោះជាឈ្មោះរបស់សាក្សីព្រះយេហូវ៉ា។ ឪពុកម្ដាយគាត់មានកូនប្រុសបីនាក់និងកូនស្រីពីរនាក់ដែលពួកគេបង្រៀនឲ្យបម្រើព្រះយេហូវ៉ានិងយកតម្រាប់លោកយេស៊ូគ្រិស្ត។ ដូចនិស្សិតគម្ពីរទាំងអស់នៅសម័យនោះ បុរសវ័យក្មេងនោះបានបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរដោយចិត្តស្មោះជារៀងរាល់ឆ្នាំ នៅពិធីអាហារល្ងាចរបស់លោកម្ចាស់។ ប៉ុន្តែ សុន្ទរកថាមួយដែលមានប្រធានថា«មនុស្សមួយក្រុមធំ» បានធ្វើឲ្យសេចក្ដីសង្ឃឹមរបស់គាត់ផ្លាស់ប្ដូរទាំងស្រុង។ សុន្ទរកថានោះបានត្រូវថ្លែងដោយបងប្រុសចូសេហ្វ រ៉ូធើហ្វឺត នៅឆ្នាំ១៩៣៥នាមហាសន្និបាតមួយនៅក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក។ តើនិស្សិតគម្ពីរបានរៀនអ្វីនៅមហាសន្និបាតនោះ?
២. ក្នុងសុន្ទរកថារបស់បងរ៉ូធើហ្វឺត តើគាត់បានពន្យល់យ៉ាងណាអំពីសេចក្ដីបង្រៀនមួយពីគម្ពីរ?
២ ក្នុងសុន្ទរកថារបស់បងរ៉ូធើហ្វឺត គាត់បានពន្យល់ថាអ្នកណាជាសមាជិក«មនុស្សមួយក្រុមធំ»ដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញ ៧:៩។ មុនសុន្ទរកថានោះ និស្សិតគម្ពីរបានយល់ថាមនុស្សមួយក្រុមធំជាក្រុមមួយទៀតដែលនឹងឡើងទៅស្ថានសួគ៌ តែជាបុគ្គលដែលមិនសូវស្មោះត្រង់។ បងរ៉ូធើហ្វឺតបានប្រើបទគម្ពីរដើម្បីពន្យល់ថា មនុស្សមួយក្រុមធំមិនបានត្រូវជ្រើសរើសឲ្យរស់នៅស្ថានសួគ៌ទេ តែពួកគេគឺជាចៀមឯទៀតbរបស់គ្រិស្តដែលនឹងរួចជីវិតពី«គ្រាទុក្ខវេទនាដ៏ខ្លាំង» ហើយរស់នៅជារៀងរហូតនៅលើផែនដី។ (បប. ៧:១៤) លោកយេស៊ូបានសន្យាថា៖ «ខ្ញុំមានចៀមឯទៀត ដែលមិននៅក្នុងក្រោលនេះទេ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ រួចចៀមទាំងអស់នោះនឹងទៅជាហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់»។ (យ៉ូន. ១០:១៦) ចៀមឯទៀតទាំងនេះសំដៅទៅលើសាក្សីដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនឧទ្យាននៅលើផែនដី។ (ម៉ាថ. ២៥:៣១-៣៣, ៤៦) សូមយើងគិតអំពីរបៀបដែលការយល់ដឹងថ្មីនេះអំពីសេចក្ដីបង្រៀនពីគម្ពីរបានផ្លាស់ប្ដូរជីវិតរបស់រាស្ត្រព្រះយេហូវ៉ាជាច្រើននាក់ រួមទាំងយុវជនដែលមានអាយុ១៨ឆ្នាំនោះ។—ទំនុក. ៩៧:១១; សុភ. ៤:១៨
ការយល់ដឹងថ្មីបានផ្លាស់ប្ដូរជីវិតរបស់បុគ្គលរាប់ពាន់នាក់
៣-៤. នៅមហាសន្និបាតនាឆ្នាំ១៩៣៥ តើបងប្អូនរាប់ពាន់នាក់ទទួលស្គាល់អ្វីអំពីសេចក្ដីសង្ឃឹមរបស់ពួកគេ ហើយហេតុអ្វី?
៣ ពេលវេលាដ៏គួរឲ្យរំភើបចិត្តនៅមហាសន្និបាតនោះ គឺពេលដែលអ្នកថ្លែងបាននិយាយថា៖ «សូមបងប្អូនទាំងអស់ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីក្រោកឈរឡើង»។ បុគ្គលដែលនៅទីនោះរៀបរាប់ថា ជាងពាក់កណ្ដាលមនុស្ស២០.០០០នាក់ដែលចូលរួម បានក្រោកឈរឡើងតែម្ដង។ បន្ទាប់មក បងរ៉ូធើហ្វឺតប្រកាសថា៖ «មើលហ្ន៎! មនុស្សមួយក្រុមធំ!»។ រួចអ្នកចូលរួមបានស្រែកអរសាទរ។ ពួកអ្នកដែលបានក្រោកឈរឡើងយល់ថា ព្រះយេហូវ៉ាមិនបានជ្រើសរើសពួកគេឲ្យទៅស្ថានសួគ៌ ហើយថាពួកគេមិនបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះទេ។ នៅថ្ងៃបន្ទាប់នៃមហាសន្និបាតនោះ មានសាក្សីថ្មី៨៤០នាក់ដែលបានទទួលការជ្រមុជទឹក។ ពួកគេភាគច្រើនគឺនៅក្នុងចំណោមចៀមឯទៀត។
៤ ក្រោយពីសុន្ទរកថានោះ បុរសវ័យក្មេងដែលបានត្រូវរៀបរាប់នៅខាងលើនិងបងប្អូនរាប់ពាន់នាក់ទៀតបានឈប់បរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីអាហារល្ងាចរបស់លោកម្ចាស់។ បងប្អូនជាច្រើនមានអារម្មណ៍ដូចបងប្រុសដែលមានចិត្តរាបទាបម្នាក់ដែលនិយាយថា៖ «ពិធីរំលឹកនៅឆ្នាំ១៩៣៥គឺជាលើកចុងក្រោយដែលខ្ញុំបរិភោគវត្ថុតំណាង។ ខ្ញុំដឹងថាព្រះយេហូវ៉ាមិនបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីឲ្យខ្ញុំមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ទេ តែផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ហើយជួយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន»។ (រ៉ូម ៨:១៦, ១៧; ២កូ. ១:២១, ២២) តាំងពីពេលនោះ ចំនួនមនុស្សមួយក្រុមធំបានចម្រើនឡើង ហើយពួកគេបានសហការជាមួយនឹងពួកអ្នកដែលបានត្រូវរើសតាំងដែលនៅសល់នៅផែនដី។
៥. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលបានឈប់បរិភោគវត្ថុតំណាងនៅឯពិធីរំលឹក?
៥ តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលឈប់បរិភោគវត្ថុតំណាងនៅពិធីរំលឹកក្រោយពីឆ្នាំ១៩៣៥? ចុះយ៉ាងណានៅសព្វថ្ងៃនេះបើសាក្សីដែលបានទទួលការជ្រមុជទឹករួចហើយ បរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរដោយចិត្តស្មោះនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ ប៉ុន្តែក្រោយមកទទួលស្គាល់ថាគាត់មិនមែនជាអ្នកដែលបានត្រូវរើសតាំង? (១កូ. ១១:២៨) បងប្អូនខ្លះបានបរិភោគវត្ថុតំណាង ដោយសារពួកគេយល់ច្រឡំអំពីសេចក្ដីសង្ឃឹមរបស់ពួកគេ។ ប៉ុន្តែ បើពួកគេទទួលស្គាល់ថាពួកគេបានយល់ខុស ឈប់បរិភោគ ហើយបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ នោះលោកប្រាកដជានឹងរាប់ពួកគេនៅក្នុងចំណោមចៀមឯទៀត។ ទោះជាពួកគេមិនបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរក្ដី ពួកគេនៅតែចូលរួមពិធីរំលឹក ដោយសារពួកគេមានចិត្តកតញ្ញូយ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់ពួកគេ។
សេចក្ដីសង្ឃឹមដ៏ពិសេស
៦. តើលោកយេស៊ូបានបង្គាប់ទេវតាឲ្យធ្វើអ្វី?
៦ ដោយសារមិនយូរទៀតគ្រាទុក្ខវេទនាដ៏ខ្លាំងនឹងមកដល់ យើងនឹងទទួលការលើកទឹកចិត្តដោយពិចារណាអ្វីថែមទៀតដែលបានត្រូវចែងនៅការបើកបង្ហាញជំពូក៧ ស្ដីអំពីគ្រិស្តសាសនិកដែលបានត្រូវរើសតាំង និងមនុស្សមួយក្រុមធំនៃចៀមឯទៀត។ លោកយេស៊ូបង្គាប់ទេវតាឲ្យបន្តទប់ខ្យល់ទាំងបួននៃសេចក្ដីហិនវិនាស។ ពួកទេវតាមិនគួរលែងខ្យល់ទាំងនោះឲ្យបក់មកផែនដី រហូតដល់គ្រិស្តសាសនិកដែលព្រះបានរើសតាំងទាំងអស់បានត្រូវបោះត្រា ដែលមានន័យថាព្រះយេហូវ៉ាបានចាត់ទុកពួកគេថាជាបុគ្គលស្មោះត្រង់។ (បប. ៧:១-៤) រង្វាន់ចំពោះភាពស្មោះត្រង់របស់បងប្អូនគ្រិស្តដែលបានត្រូវរើសតាំង គឺធ្វើជាស្ដេចនិងសង្ឃជាមួយលោកនៅស្ថានសួគ៌។ (បប. ២០:៦) ព្រះយេហូវ៉ា លោកយេស៊ូ និងបណ្ដាទេវតានឹងអរសប្បាយជាខ្លាំង ពេលឃើញពួកអ្នករើសតាំង១៤៤.០០០នាក់ទទួលរង្វាន់របស់ពួកគេនៅស្ថានសួគ៌។
៧. នៅការបើកបង្ហាញ ៧:៩, ១០ តើយ៉ូហានបានឃើញអ្នកណាក្នុងគំនិត ហើយតើពួកគេកំពុងធ្វើអ្វី? (សូមមើលរូបភាពនៅក្រប)
៧ ក្រោយពីយ៉ូហានប្រាប់អំពីស្ដេចនិងសង្ឃ១៤៤.០០០នាក់ទាំងនេះ គាត់ឃើញអ្វីមួយដ៏គួរឲ្យរំភើបចិត្ត គឺ«មនុស្សមួយក្រុមធំ»ដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូន។ ខុសពីក្រុមទី១ ក្រុមទី២នេះគឺធំជាងនិងមិនអាចរាប់ចំនួនបាន។ (សូមអាន ការបើកបង្ហាញ ៧:៩, ១០) ពួកគេ«ពាក់អាវវែងពណ៌ស» ដែលបង្ហាញថាពួកគេបានរក្សាខ្លួន«មិនឲ្យប្រឡូកប្រឡាក់»នឹងពិភពលោករបស់សាថាន ហើយបានរក្សាភាពស្មោះត្រង់ចំពោះព្រះនិងគ្រិស្ត។ (យ៉ា. ១:២៧) ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងថា ពួកគេបានត្រូវសង្គ្រោះដោយសារអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូដែលជាកូនចៀមរបស់ព្រះបានធ្វើ។ ម្យ៉ាងទៀត ពួកគេកាន់ធាងលម៉ើ ដែលបង្ហាញថាពួកគេអរសប្បាយទទួលស្គាល់លោកយេស៊ូជាស្ដេចដែលព្រះយេហូវ៉ាបានតែងតាំង។—សូមពិនិត្យបន្ថែម យ៉ូហាន ១២:១២, ១៣
៨. តើការបើកបង្ហាញ ៧:១១, ១២ប្រាប់យើងអ្វីអំពីក្រុមគ្រួសារនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា?
៨ សូមអាន ការបើកបង្ហាញ ៧:១១, ១២។ តើអ្វីបានកើតឡើងពេលបុគ្គលនៅស្ថានសួគ៌បានឃើញមនុស្សមួយក្រុមធំ? យ៉ូហានឃើញក្នុងគំនិតថា បុគ្គលគ្រប់រូបនៅស្ថានសួគ៌មានអំណរនិងសរសើរព្រះ ពេលពួកគេឃើញមនុស្សមួយក្រុមធំ។ ពួកគេនឹងអរសប្បាយពេលឃើញអ្វីដែលយ៉ូហានបានឃើញក្នុងគំនិតក្លាយទៅជាការពិត គឺឃើញថាមនុស្សមួយក្រុមធំរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង។
៩. យោងទៅតាមការបើកបង្ហាញ ៧:១៣-១៥ តើមនុស្សមួយក្រុមធំកំពុងធ្វើអ្វីនៅឥឡូវនេះ?
៩ សូមអាន ការបើកបង្ហាញ ៧:១៣-១៥។ យ៉ូហានបានសរសេរថា មនុស្សមួយក្រុមធំ«បានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម»។ នេះបង្ហាញថាពួកគេមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយរាប់ជាមនុស្សសុចរិតនៅមុខព្រះយេហូវ៉ា។ (អេ. ១:១៨) ពួកគេគឺជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក ដែលបង្ហាញជំនឿមុតមាំទៅលើគ្រឿងបូជារបស់លោកយេស៊ូ ហើយមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ (យ៉ូន. ៣:៣៦; ១ពេ. ៣:២១) យ៉ាងនេះ ពួកគេសមនឹងឈរនៅមុខបល្ល័ង្ករបស់ព្រះដើម្បី«បំពេញកិច្ចបម្រើពិសិដ្ឋជូនលោកទាំងយប់ទាំងថ្ងៃ»នៅផែនដី។ សូម្បីតែនៅឥឡូវនេះ ក៏ពួកគេមានចិត្តខ្នះខ្នែងនិងធ្វើកិច្ចការភាគច្រើនក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្រ និងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ ដោយសាររាជាណាចក្រព្រះគឺជាអ្វីដ៏សំខាន់បំផុតចំពោះពួកគេ។—ម៉ាថ. ៦:៣៣; ២៤:១៤; ២៨:១៩, ២០
១០. តើមនុស្សមួយក្រុមធំជឿជាក់អំពីអ្វី ហើយតើពួកគេនឹងឃើញសេចក្ដីសន្យាអ្វីបានសម្រេច?
១០ មនុស្សមួយក្រុមធំដែលរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំងជឿជាក់ថា ព្រះនឹងបន្តថែរក្សាពួកគេ ពីព្រោះ«លោកដែលអង្គុយលើបល្ល័ង្កនឹងរៀបចំត្រសាលមួយដើម្បីការពារពួកគេ»។ សេចក្ដីសន្យាដែលចៀមឯទៀតទន្ទឹងរង់ចាំ នឹងក្លាយទៅជាការពិតដែលថា៖ «[ព្រះ]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។—បប. ២១:៣, ៤
១១-១២. (ក) តើការបើកបង្ហាញ ៧:១៦, ១៧រៀបរាប់ថាមនុស្សមួយក្រុមធំនឹងទទួលពរអ្វីខ្លះនៅថ្ងៃអនាគត? (ខ) តើចៀមឯទៀតអាចធ្វើអ្វីនៅឯពិធីរំលឹក ហើយហេតុអ្វី?
១១ សូមអាន ការបើកបង្ហាញ ៧:១៦, ១៧។ នៅឥឡូវនេះ រាស្ត្ររបស់ព្រះយេហូវ៉ាខ្លះជួបការអត់ឃ្លាន ដោយសារបញ្ហាសេដ្ឋកិច្ច ឬភាពចលាចល និងសង្គ្រាម។ បងប្អូនឯទៀតជាប់គុកដោយសារជំនឿរបស់ពួកគេ។ ប៉ុន្តែ ពួកអ្នកដែលនៅក្នុងចំណោមមនុស្សមួយក្រុមធំ សប្បាយចិត្តដោយសារពួកគេដឹងថា ក្រោយពីពួកគេរួចជីវិតពីការបំផ្លាញនៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ ពួកគេនឹងតែងតែមានអាហារនិងការណែនាំជាបរិបូរពីព្រះយេហូវ៉ា។ ពេលព្រះយេហូវ៉ាបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាន លោកនឹងធ្វើឲ្យប្រាកដថាមនុស្សមួយក្រុមធំទទួលការការពារពីកំហឹងរបស់លោកដែលប្រៀបដូចជា«កម្ដៅខ្លាំង»។ ក្រោយពីទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង លោកយេស៊ូនឹងនាំពួកអ្នកដែលរួចជីវិតទាំងនេះនៅផែនដី ទៅឯ«ទឹកដែលផ្ដល់ជីវិត»ដែលគ្មានទីបញ្ចប់។ មនុស្សមួយក្រុមធំមានសេចក្ដីសង្ឃឹមដ៏ពិសេស ដោយសារពីក្នុងចំណោមមនុស្សរាប់ពាន់លាននាក់ដែលធ្លាប់រស់នៅ ពួកគេនឹងមិនស្លាប់ឡើយ។—យ៉ូន. ១១:២៦
១២ ចៀមឯទៀតមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយដែលធ្វើឲ្យពួកគេមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ។ ពួកគេមិនបានត្រូវជ្រើសរើសឲ្យរស់នៅស្ថានសួគ៌ទេ ប៉ុន្តែនេះមិនមានន័យថាពួកគេមិនសូវមានតម្លៃចំពោះព្រះយេហូវ៉ាឡើយ។ ទាំងពួកអ្នករើសតាំង ទាំងចៀមឯទៀតអាចសរសើរព្រះនិងគ្រិស្ត។ របៀបមួយដែលពួកគេធ្វើដូច្នេះគឺដោយចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់។
ចូរសរសើរព្រះនិងគ្រិស្តឲ្យអស់ពីចិត្តនៅពិធីរំលឹក
១៣-១៤. ហេតុអ្វីគ្រិស្តសាសនិកពិតទាំងអស់គួរចូលរួមពិធីរំលឹកអំពីមរណភាពរបស់គ្រិស្ត?
១៣ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងចំណោមមនុស្ស១.០០០នាក់ដែលចូលរួមពិធីរំលឹក ប្រហែលជាមានម្នាក់បរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរ។ ដូច្នេះ ក្រុមជំនុំភាគច្រើនមិនមានអ្នកណាបរិភោគវត្ថុតំណាងនៅពិធីរំលឹកទេ ហើយអ្នកចូលរួមភាគច្រើនមានសេចក្ដីសង្ឃឹមរស់នៅផែនដី។ ហេតុអ្វីពួកគេចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់? មូលហេតុដែលពួកគេចូលរួមគឺស្រដៀងនឹងមូលហេតុដែលមនុស្សចូលរួមពិធីមង្គលការរបស់មិត្តភក្ដិ គឺពួកគេចង់បង្ហាញសេចក្ដីស្រឡាញ់និងគាំទ្រគូប្ដីប្រពន្ធថ្មីនោះ។ ស្រដៀងគ្នាដែរ ចៀមឯទៀតចូលរួមពិធីរំលឹក ដោយសារពួកគេចង់បង្ហាញសេចក្ដីស្រឡាញ់និងការគាំទ្រចំពោះគ្រិស្តនិងពួកអ្នកដែលបានត្រូវរើសតាំង។ ចៀមឯទៀតក៏ចូលរួមពិធីនោះដើម្បីបង្ហាញថាពួកគេឲ្យតម្លៃចំពោះគ្រឿងបូជារបស់លោកយេស៊ូដែលផ្ដល់ឱកាសឲ្យពួកគេរស់ជារៀងរហូតនៅលើផែនដី។
១៤ មូលហេតុដ៏សំខាន់មួយទៀតដែលចៀមឯទៀតចូលរួមពិធីរំលឹក គឺដើម្បីធ្វើតាមបង្គាប់របស់លោកយេស៊ូ។ ពេលលោកយេស៊ូបានធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ជាលើកដំបូងជាមួយពួកសាវ័កដ៏ស្មោះត្រង់របស់លោក លោកបានប្រាប់ពួកគេថា៖ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។ (១កូ. ១១:២៣-២៦) ដូច្នេះ ចៀមឯទៀតបន្តចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់ ដរាបណាដែលនៅតែមានពួកអ្នកដែលបានត្រូវរើសតាំងនៅផែនដី ហើយពួកគេអញ្ជើញមនុស្សឯទៀតឲ្យចូលរួមពិធីរំលឹកជាមួយពួកគេដែរ។
១៥. តើយើងម្នាក់ៗអាចសរសើរព្រះនិងគ្រិស្តយ៉ាងដូចម្ដេចនៅពិធីរំលឹក?
១៥ នៅពិធីរំលឹក យើងមានឱកាសសរសើរព្រះនិងគ្រិស្តដោយច្រៀងចម្រៀងនិងអធិដ្ឋាន។ សុន្ទរកថាឆ្នាំនេះមានប្រធានថា«ចូរដឹងគុណអ្វីដែលព្រះនិងគ្រិស្តបានធ្វើសម្រាប់អ្នក!»។ សុន្ទរកថានោះនឹងជួយយើងឲ្យកាន់តែមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ានិងគ្រិស្ត។ កាលដែលយើងហុចវត្ថុតំណាង យើងនឹងមានឱកាសគិតអំពីអ្វីដែលវត្ថុទាំងពីរនោះជាតំណាង ពោលគឺរូបកាយនិងឈាមរបស់លោកយេស៊ូ។ យើងក៏នឹងមានឱកាសគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាបង្ហាញចំពោះយើង ពេលលោកអនុញ្ញាតឲ្យបុត្ររបស់លោកស្លាប់ ដើម្បីយើងអាចមានជីវិត។ (ម៉ាថ. ២០:២៨) អស់អ្នកដែលស្រឡាញ់បិតារបស់យើងនៅស្ថានសួគ៌និងបុត្ររបស់លោកនឹងចង់ចូលរួមពិធីរំលឹក។
ចូរអរគុណព្រះយេហូវ៉ាចំពោះសេចក្ដីសង្ឃឹមដែលលោកផ្ដល់ឲ្យអ្នក
១៦. តើពួកអ្នកដែលបានត្រូវរើសតាំងនិងចៀមឯទៀតមានភាពដូចគ្នាអ្វីខ្លះ?
១៦ ពួកអ្នកដែលបានត្រូវរើសតាំងនិងចៀមឯទៀតមានភាពដូចគ្នាមួយចំនួន។ ព្រះយេហូវ៉ាមិនស្រឡាញ់ក្រុមមួយជាងក្រុមមួយទៀតទេ។ ព្រះឲ្យតម្លៃស្មើគ្នាចំពោះក្រុមទាំងពីរ។ យើងដឹងដូច្នេះដោយសារពួកអ្នកដែលបានត្រូវរើសតាំងនិងចៀមឯទៀតបានត្រូវទិញក្នុងតម្លៃដូចគ្នា គឺជីវិតនៃបុត្រជាទីស្រឡាញ់របស់លោក។ ភាពខុសគ្នារវាងក្រុមទាំងពីរនេះគឺពួកគេមានសេចក្ដីសង្ឃឹមផ្សេងគ្នា តែក្រុមទាំងពីរនេះត្រូវរក្សាភក្ដីភាពចំពោះព្រះនិងគ្រិស្ត។ (ទំនុក. ៣១:២៣) សូមចាំថាព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់បុគ្គលម្នាក់ៗតាមអ្វីដែលបុគ្គលនោះត្រូវការ មិនថាគាត់ជាអ្នកដែលបានត្រូវរើសតាំងឬចៀមឯទៀតក៏ដោយ។
១៧. តើពួកអ្នកដែលព្រះរើសតាំងដែលនៅសល់នៅផែនដីទន្ទឹងរង់ចាំអ្វី?
១៧ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌តាំងពីកំណើតទេ។ តែនេះជាសេចក្ដីសង្ឃឹមមួយដែលព្រះបណ្ដាលឲ្យពួកគេមាននៅក្នុងចិត្ត។ ពួកគេគិតអំពីសេចក្ដីសង្ឃឹមរបស់ពួកគេ អធិដ្ឋានអំពីសេចក្ដីសង្ឃឹមនោះ ហើយចង់ទទួលរង្វាន់របស់ពួកគេនៅស្ថានសួគ៌។ ពួកគេនឹកស្មានមិនដល់ថារូបកាយរបស់ពួកគេគឺយ៉ាងណានៅស្ថានសួគ៌ទេ។ (ភី. ៣:២០, ២១; ១យ៉ូន. ៣:២) ទោះជាយ៉ាងនោះក៏ដោយ ពួកគេទន្ទឹងរង់ចាំជួបព្រះយេហូវ៉ា លោកយេស៊ូ ពួកទេវតា និងពួកអ្នកដែលបានត្រូវរើសតាំងឯទៀត ហើយទទួលតំណែងរបស់ពួកគេក្នុងរាជាណាចក្រស្ថានសួគ៌ជាមួយនឹងបុគ្គលទាំងនោះ។
១៨. តើចៀមឯទៀតទន្ទឹងរង់ចាំអ្វីខ្លះ?
១៨ ចៀមឯទៀតទន្ទឹងរង់ចាំការរស់នៅជារៀងរហូតនៅលើផែនដី។ នេះជាអ្វីដែលមនុស្សគ្រប់រូបចង់បាន។ (សាស្ដ. ៣:១១) ពួកគេទន្ទឹងរង់ចាំពេលដែលពួកគេអាចជួយធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន។ ពួកគេក៏ទន្ទឹងរង់ចាំគ្រាដែលពួកគេអាចសង់ផ្ទះខ្លួនឯង ដាំសួន និងមានសុខភាពល្អឥតខ្ចោះជាមួយក្រុមគ្រួសាររបស់ពួកគេ។ (អេ. ៦៥:២១-២៣) ពួកគេក៏ទន្ទឹងរង់ចាំទៅលេងកន្លែងផ្សេងៗនៅលើផែនដី មើលភ្នំ ព្រៃ និងសមុទ្រ ហើយស្វែងយល់អំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ សំខាន់បំផុត ពួកគេរំភើបចិត្តដោយដឹងថាចំណងមិត្តភាពរបស់ពួកគេជាមួយព្រះនឹងកាន់តែជិតស្និទ្ធនិងមាំមួនឡើង។
១៩. តើពិធីរំលឹកផ្ដល់ឱកាសអ្វីឲ្យយើងម្នាក់ៗ ហើយនៅឆ្នាំនេះ តើយើងនឹងធ្វើពិធីរំលឹកនៅពេលណា?
១៩ ព្រះយេហូវ៉ាបានឲ្យសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគតដល់អ្នកបម្រើរបស់លោកម្នាក់ៗដែលបានប្រគល់ខ្លួនជូនលោក។ (យេ. ២៩:១១) ពិធីរំលឹកមរណភាពរបស់គ្រិស្តផ្ដល់ឱកាសដ៏ល្អដល់យើងម្នាក់ៗឲ្យសរសើរព្រះនិងគ្រិស្ត ចំពោះអ្វីដែលលោកទាំងពីរបានធ្វើដើម្បីយើងអាចមានជីវិតដែលគ្មានទីបញ្ចប់។ ពិធីរំលឹកគឺជាកិច្ចប្រជុំដ៏សំខាន់បំផុតដែលគ្រិស្តសាសនិកពិតមានជារៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ ពិធីរំលឹកនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ក្រោយពីថ្ងៃលិច។ បងប្អូនជាច្រើនរស់នៅកន្លែងដែលពួកគេមានសេរីភាពចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។ បងប្អូនឯទៀតនឹងចូលរួម ទោះជាមានការប្រឆាំងក្ដី។ រីឯបងប្អូនខ្លះទៀតនឹងធ្វើពិធីរំលឹកនៅក្នុងគុក។ កាលដែលព្រះយេហូវ៉ា លោកយេស៊ូ និងក្រុមគ្រួសាររបស់ព្រះផ្នែកនៅស្ថានសួគ៌មើលពីលើ សូមឲ្យក្រុមជំនុំទាំងអស់ ក្រុមនីមួយៗ និងបុគ្គលម្នាក់ៗធ្វើពិធីរំលឹកដោយអរសប្បាយ!
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
a ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ គឺជាថ្ងៃដ៏ពិសេសសម្រាប់សាក្សីព្រះយេហូវ៉ា។ នៅល្ងាចថ្ងៃនោះ យើងនឹងធ្វើពិធីរំលឹកមរណភាពរបស់គ្រិស្ត។ បុគ្គលភាគច្រើនដែលចូលរួមពិធីនោះជាសមាជិកក្រុមមួយដែលលោកយេស៊ូបានហៅថា«ចៀមឯទៀត»។ តើការយល់ដឹងដ៏គួរឲ្យរំភើបចិត្តអ្វីអំពីក្រុមនោះ បានត្រូវប្រកាសនៅឆ្នាំ១៩៣៥? តើចៀមឯទៀតមានសេចក្ដីសង្ឃឹមដ៏គួរឲ្យរំភើបចិត្តអ្វីដែលនឹងកើតឡើងក្រោយពីគ្រាទុក្ខវេទនាជាខ្លាំង? តើចៀមឯទៀតអាចសរសើរព្រះនិងគ្រិស្តយ៉ាងដូចម្ដេច ពេលពួកគេចូលរួមពិធីរំលឹក?
b ការពន្យល់ពាក្យ: ចៀមឯទៀតរួមបញ្ចូលពួកអ្នកដែលបានត្រូវប្រមូលក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ ពួកគេទៅតាមគ្រិស្ត ហើយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី។ មនុស្សមួយក្រុមធំគឺជាបុគ្គលក្នុងចំណោមចៀមឯទៀតដែលនៅរស់ ពេលលោកយេស៊ូគ្រិស្តវិនិច្ឆ័យមនុស្សជាតិក្នុងអំឡុងគ្រាទុក្ខវេទនាដ៏ខ្លាំង ហើយក៏ជាបុគ្គលដែលរួចជីវិតពីគ្រាទុក្ខវេទនានោះ។