តើមានសួនមនោរម្យសំរាប់អ្នកឬទេ?
«ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលបាន . . . លើកឡើងដល់ស្ថានបរមសុខ[ឬ«សួនមនោរម្យ», ព.ថ.]»។—កូរិនថូសទី២ ១២:២-៤
១. តើមនុស្សពេញចិត្តនឹងសេចក្ដីសន្យាណាខ្លះក្នុងព្រះគម្ពីរ?
សួនមនោរម្យ! តើអ្នកនឹកចាំនូវអារម្មណ៍ដែលអ្នកមានពេលដែលបានឮជាលើកទីមួយនូវសេចក្ដីសន្យារបស់ព្រះស្តីអំពីសួនមនោរម្យនៅលើផែនដីឬទេ? អ្នកប្រហែលជានឹកចាំពេលបានឮដំណឹងថា ‹ភ្នែករបស់មនុស្សខ្វាក់នឹងបានភ្លឺឡើង ត្រចៀករបស់មនុស្សថ្លង់នឹងឮបាន ហើយទីរហោស្ថាននឹងមានសោភ័ណភាពផុសចេញ›។ ចុះទំនាយដែលថាឆ្កែព្រៃនឹងនៅជាមួយកូនចៀម ហើយខ្លារខិននឹងដេកនៅជាមួយកូនពពែ? អ្នកក៏ច្បាស់ជាមានចិត្តរំភើបដែរពេលអានថា មនុស្សជាទីស្រឡាញ់នឹងរស់ឡើងវិញហើយមានសេចក្ដីសង្ឃឹមរស់នៅក្នុងសួនមនោរម្យជារៀងរហូតនោះ មែនទេ?—អេសាយ ១១:៦; ៣៥:៥, ៦; យ៉ូហាន ៥:២៨, ២៩
២, ៣. (ក) តើសេចក្ដីសង្ឃឹមរបស់អ្នកទៅលើសារក្នុងព្រះគម្ពីរ មានមូលដ្ឋានលើអ្វី? (ខ) តើមានមូលហេតុអ្វីទៀតឲ្យយើងមានសេចក្ដីសង្ឃឹម?
២ សេចក្ដីសង្ឃឹមរបស់អ្នកពិតជាមានមូលដ្ឋាន ហើយអ្នកមានហេតុជឿទៅលើសេចក្ដីសន្យាក្នុងព្រះគម្ពីរអំពីសួនមនោរម្យមែន។ ជាឧទាហរណ៍ អ្នកជឿទៅលើបន្ទូលរបស់ព្រះយេស៊ូដែលបានមានបន្ទូលទៅជនល្មើសដែលជាប់ព្យួរនោះថា៖ «អ្នកនឹងនៅក្នុងស្ថានបរមសុខ[ឬ«សួនមនោរម្យ», ព.ថ.]ជាមួយនឹងខ្ញុំដែរ»។ (លូកា ២៣:៤៣) អ្នកក៏ជឿទៅលើសេចក្ដីសន្យាដែលថា៖ «តាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ ហើយអ្នកក៏ជឿទៅលើសេចក្ដីសន្យាដែលថា ព្រះនឹងជូតអស់ទាំងទឹកភ្នែករបស់អ្នកចេញ ថានឹងលែងមានសេចក្ដីស្លាប់ សេចក្ដីសោកសង្រេង ការយំទួញ និងទុក្ខលំបាកណាទៀត។ នេះបានន័យថា ប្រាកដជានឹងមានសួនមនោរម្យម្ដងទៀតជាក់ជាពុំខាន!—ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៤
៣ មូលហេតុមួយទៀតដែលយើងអាចសង្ឃឹមថានឹងមានសួនមនោរម្យនោះ គឺដោយសារអ្វីដែលគ្រីស្ទានទាំងឡាយទូទាំងពិភពលោកកំពុងតែរួមចំណែកសព្វថ្ងៃនេះ។ តើនេះជាអ្វីទៅ? ព្រះបានបង្កើតសួនមនោរម្យខាងវិញ្ញាណមួយ ហើយបាននាំមនុស្សឲ្យចូលមកក្នុងសួនមនោរម្យនោះ។ ពាក្យ «សួនមនោរម្យខាងវិញ្ញាណ»ប្រហែលជាស្ដាប់ទៅដូចជាស្រពិចស្រពិលឬក៏ពិបាកយល់ ប៉ុន្តែសួនមនោរម្យខាងវិញ្ញាណនេះបានត្រូវទាយទុកជាមុន ហើយពិតជាមានមែន។
ចក្ខុនិមិត្តអំពីសួនមនោរម្យ
៤. តើកូរិនថូសទី២ ១២:២-៤ រៀបរាប់អំពីចក្ខុនិមិត្តអ្វី? តើអ្នកណាទំនងជាមានចក្ខុនិមិត្តនោះ?
៤ សូមកត់សម្គាល់នូវអ្វីដែលសាវ័កប៉ុលបានសរសេរអំពីសួនមនោរម្យខាងវិញ្ញាណដោយថា៖ «ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ . . . ខ្ញុំស្គាល់មនុស្សនោះ (ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយក្ដី ខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប) ថាអ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ[ឬ«សួនមនោរម្យ», ព.ថ.] ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ»។ (កូរិនថូសទី២ ១២:២-៤, កំណែជាអក្សរទ្រេត) សំនេរនេះបានត្រូវកត់ទុកបន្តបន្ទាប់ពីវគ្គទាំងប៉ុន្មានដែលប៉ុលសរសេរដើម្បីបញ្ជាក់ហេតុផលថាគាត់ពិតជាសាវ័កម្នាក់មែន ហើយព្រះគម្ពីរក៏មិនចែងអំពីមនុស្សណាទៀតមានបទពិសោធដូចនេះទេ។ ដោយសារប៉ុលជាអ្នករៀបរាប់ប្រាប់បទពិសោធនោះ គាត់ទំនងជាមនុស្សម្នាក់ដែលមានចក្ខុនិមិត្តនោះតែម្ដង។ ដូច្នេះពេលដែលប៉ុលទទួលចក្ខុនិមិត្តនោះពីព្រះ តើគាត់បានឡើងដល់ឬចូលទៅក្នុង«ស្ថានបរមសុខ»ឬ«សួនមនោរម្យ»ណា?—កូរិនថូសទី២ ១១:៥, ២៣-៣១
៥. តើប៉ុលមិនបានឃើញអ្វី? ដូច្នេះ តើគាត់ឃើញ«ស្ថានបរមសុខ»ឬ‹សួនមនោរម្យ›បែបណា?
៥ បរិបទនៃខនោះមិនបានបង្ហើបថា ‹ស្ថានសួគ៌ជាន់ទី៣›សំដៅទៅលើបរិយាកាសជុំវិញផែនដីរបស់យើងទេ ហើយក៏មិនសំដៅទៅលំហអាកាសឬសកលលោកណាទៀតដូចអ្នកវិទ្យាសាស្ត្រខ្លះស្មាននោះដែរ។ ព្រះគម្ពីរប្រើលេខបីដូចនេះជាច្រើនដងដើម្បីបញ្ជាក់ឬសង្កត់ធ្ងន់លើពាក្យណាមួយ ឬដើម្បីបង្ហាញពីកម្លាំងខ្លាំង។ (សាស្ដា ៤:១២; អេសាយ ៦:៣; ម៉ាថាយ ២៦:៣៤, ៧៥; វិវរណៈ ៤:៨) ហេតុនេះហើយ អ្វីដែលប៉ុលឃើញក្នុងចក្ខុនិមិត្តនោះ ជាអ្វីដែលមានភាពខ្ពង់ខ្ពស់ឬគួរឲ្យលើកតម្កើង ពោលគឺ គាត់បានឃើញអ្វីៗខាងវិញ្ញាណ។
៦. តើមានព្រឹត្ដិការណ៍ណាក្នុងប្រវត្ដិសាស្ត្រដែលអាចជួយយើងយល់ធ្លុះនឹងអ្វីដែលប៉ុលបានឃើញនោះ?
៦ បទទំនាយដែលមានក្នុងព្រះគម្ពីរតាំងពីជំនាន់បុរាណនោះ អាចជួយយើងយល់ធ្លុះជ្រៅបាន។ ពេលដែលប្រជារាស្ត្រពីបុរាណរបស់ព្រះយេហូវ៉ាមិនបានរក្សាភាពស្មោះភក្ដីចំពោះទ្រង់ នោះព្រះបានអនុញ្ញាតឲ្យពួកសាសន៍បាប៊ីឡូនមកពាធាស្រុកយូដានិងទីក្រុងយេរូសាឡិម។ ការវាយលុកនោះបាននាំទៅដល់ការបំផ្លិចបំផ្លាញនៅឆ្នាំ៦០៧ មុនស.យ. ស្របទៅតាមកាលប្រវត្ដិក្នុងព្រះគម្ពីរ។ បទទំនាយបានចែងថា ស្រុកយូដាត្រូវចោលស្ងាត់អស់រយៈពេល៧០ឆ្នាំ ទើបព្រះអនុញ្ញាតឲ្យជនយូដាណាដែលបានប្រែចិត្ត អាចវិលមកឯស្រុកវិញ ដើម្បីស្ដារការថ្វាយបង្គំពិតឡើងវិញ។ នេះបានចាប់ផ្ដើមកើតមានឡើងតាំងពីឆ្នាំ៥៣៧ មុនស.យ.។ (ចោទិយកថា ២៨:១៥, ៦២-៦៨; ពង្សាវតារក្សត្រទី២ ២១:១០-១៥; ២៤:១២-១៦; ២៥:១-៤; យេរេមា ២៩:១០-១៤) ប៉ុន្តែ ចុះយ៉ាងណាទឹកដីរបស់ស្រុកនោះ? ក្នុងកំឡុង៧០ឆ្នាំនោះ ទឹកដីស្រុកនោះបានក្លាយជាព្រៃនិងវាលស្ងាត់ ហើយជាទីអាស្រ័យរបស់ចចកវិញ។ (យេរេមា ៤:២៦; ១០:២២) យ៉ាងណាក៏ដោយ នៅមានសេចក្ដីសន្យាមួយដែលថា៖ «ព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូន។ ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន[ឬ«សួនឧទ្យាន», ខ.ស.]របស់ព្រះយេហូវ៉ា»។—អេសាយ ៥១:៣
៧. តើត្រូវមានអ្វីកើតឡើងក្រោយពីការទុកចោលស្រុកអស់៧០ឆ្នាំ?
៧ ការប្រែប្រួលនោះបានកើតឡើងក្រោយពីការទុកចោលស្រុកអស់៧០ឆ្នាំ។ ដោយផ្អែកលើពរពីព្រះ នោះបានធ្វើឲ្យកាលៈទេសៈប្រែទៅជាប្រសើរវិញ។ សូមស្រមៃគិតអំពីស្ថានភាពដូចតទៅនេះ៖ «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប។ គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្ដីអំណរនឹងបទចំរៀងផង . . . ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង។ ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ។ ខ្សាច់ដែលក្ដៅព្រាចៗ នឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ។ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស នឹងកក់ផង»។—អេសាយ ៣៥:១-៧
សាសន៍មួយត្រូវបានស្ដារឡើងវិញទាំងត្រូវកែប្រែ
៨. តើយើងអាចដឹងយ៉ាងដូចម្ដេចបាន ថាអេសាយជំពូកទី៣៥សំដៅទៅលើមនុស្ស?
៨ នេះជាការប្រែប្រួលដ៏អស្ចារ្យមែន! គឺការផ្លាស់ប្រែពីទីហិនហោចទៅជាសួនមនោរម្យវិញ។ ប៉ុន្តែ បទទំនាយនេះនិងទំនាយឯទៀតដែលយើងអាចទុកចិត្ត បង្ហាញថាប្រជាជននោះក៏ត្រូវធ្វើការកែប្រែផងដែរ ដែលប្រៀបដូចជាដីហួតហែងដែលចាប់ផ្ដើមបង្កើតផលឡើងវិញ។ តើមានមូលហេតុអ្វីឲ្យយើងសន្និដ្ឋានដូច្នេះ? គឺពីព្រោះអេសាយបានសំដៅទៅលើ«ពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច» ដែលត្រូវវិលមកឯស្រុករបស់ខ្លួនវិញ«ដោយច្រៀង» ហើយនឹងបាន«សេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ»។ (អេសាយ ៣៥:១០) ពាក្យទាំងនោះមិនមែនសំដៅទៅលើដីទេ តែសំដៅទៅលើមនុស្សវិញ។ ម្យ៉ាងទៀត ខផ្សេងទៀតក្នុងសៀវភៅអេសាយបានទាយអំពីមនុស្សដែលត្រូវរស់នៅទីក្រុងស៊ីយ៉ូនសាឡើងវិញ ដោយថា៖ «ឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ . . . ដ្បិតដែលដីធ្វើឲ្យចេញពន្លក . . . នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិត នឹងសេចក្ដីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ»។ អេសាយក៏បានមានប្រសាសន៍អំពីរាស្ត្ររបស់ព្រះថា៖ «ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច . . . ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក»។ (អេសាយ ៥៨:១១; ៦១:៣, ១១; យេរេមា ៣១:១០-១២) អាស្រ័យហេតុនេះ ស្ថានភាពនៃបរិស្ថានក្នុងស្រុកនោះត្រូវល្អប្រសើរឡើង ហើយប្រជាជនយូដាដែលបានស្ដារឡើងនោះក៏ត្រូវធ្វើការកែប្រែផងដែរ។
៩. តើប៉ុលបានឃើញ«ស្ថានបរមសុខ»ឬ‹សួនមនោរម្យ›បែបណា? ហើយតើចក្ខុនិមិត្តនោះបានសម្រេចនៅពេលណា?
៩ គំរូពីបុរាណនេះជួយយើងយល់អំពីអ្វីដែលប៉ុលបានឃើញក្នុងចក្ខុនិមិត្តនោះ។ ចក្ខុនិមិត្តដែលគាត់ឃើញត្រូវរួមបញ្ចូលក្រុមជំនុំគ្រីស្ទានដែលគាត់បានហៅថា «ស្រែដែលព្រះទ្រង់ភ្ជួរ» ដែលត្រូវបង្កើតផលដែរ។ (កូរិនថូសទី១ ៣:៩) តើចក្ខុនិមិត្តនោះត្រូវសម្រេចនៅពេលណា? ប៉ុលហៅអ្វីដែលគាត់ឃើញនោះ ជា«ការបើកសំដែង»ពីអ្វីដែលត្រូវកើតឡើងនៅពេលខាងមុខ។ ប៉ុលដឹងថា ក្រោយពីគាត់ទទួលមរណភាព គឺនឹងមានការក្បត់សាសនាលេចឡើង។ (កូរិនថូសទី២ ១២:១; កិច្ចការ ២០:២៩, ៣០; ថែស្សាឡូនីចទី២ ២:៣, ៧) ក្នុងគ្រាដែលពួកអ្នកក្បត់ជំនឿបានរីករាលដាលលុបបាំងទៅលើពួកគ្រីស្ទានពិតនោះ ស្ថានភាពច្បាស់ជាមិនអាចប្រៀបទៅនឹងសួនច្បារដែលកំពុងតែលូតលាស់យ៉ាងស្អាតទេ។ ប៉ុន្តែ នឹងមានគ្រាមួយមកដល់ជាមិនខាន ជាគ្រាដែលការថ្វាយបង្គំពិតត្រូវស្ដារឡើងជាថ្មី។ រាស្ត្ររបស់ព្រះត្រូវបានស្ដារឡើងវិញដើម្បីឲ្យ‹ពួកសុចរិតភ្លឺដូចជាថ្ងៃនៅក្នុងនគររបស់ព្រះវរបិតា›។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) នេះបានកើតមានឡើងមែន គ្រាន់តែប៉ុន្មានឆ្នាំក្រោយពីព្រះរាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើងនៅស្ថានសួគ៌។ ហើយក្នុងកំឡុងប៉ុន្មានទសវត្សរ៍បន្ទាប់ពីនោះមក គឺអាចឃើញច្បាស់ថារាស្ត្ររបស់ព្រះកំពុងតែរីករាយនឹងសួនមនោរម្យខាងវិញ្ញាណដែលប៉ុលបានឃើញទុកជាមុនក្នុងចក្ខុនិមិត្តនោះ។
១០, ១១. ទោះជាយើងមានភាពមិនគ្រប់ល័ក្ខណ៍ក្ដី តើដូចម្ដេចបានជាយើងនៅតែស្ថិតក្នុងសួនមនោរម្យខាងវិញ្ញាណ?
១០ ត្រូវមែន យើងម្នាក់ៗដឹងថាយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ ដូច្នេះ គ្មានអ្វីចម្លែកទេដែលម្ដងម្កាលយើងមានបញ្ហារវាងគ្នានឹងគ្នា ដូចជនគ្រីស្ទាននៅសតវត្សរ៍ទីមួយធ្លាប់មានដែរ។ (កូរិនថូសទី១ ១:១០-១៣; ភីលីព ៤:២, ៣; ថែស្សាឡូនីចទី២ ៣:៦-១៤) ប៉ុន្តែ សូមគិតអំពីសួនមនោរម្យខាងវិញ្ញាណដែលយើងមានពេលឥឡូវនេះ។ បើប្រៀបធៀបភាពឈឺថ្កាត់ខាងវិញ្ញាណដែលយើងធ្លាប់មានពីមុន ឥឡូវយើងបានប្រោសឲ្យជាខាងវិញ្ញាណ។ ហើយពីមុនយើងមានភាពអត់ឃ្លានខាងវិញ្ញាណ តែឥឡូវយើងមានជាបរិបូរ។ ជាជាងរងទុក្ខហាក់ដូចជាស្ថិតក្នុងស្រុកដែលហួតហែងខាងវិញ្ញាណនោះ រាស្ត្ររបស់ព្រះមានព្រះគុណនិងពរពីព្រះធ្លាក់មកប្រៀបដូចជាភ្លៀងខ្លាំង។ (អេសាយ ៣៥:១, ៧) ជាជាងមានភ្នែកខ្វាក់ហើយស្ថិតនៅក្នុងទីងងឹតខាងវិញ្ញាណដែលហាក់ដូចជាគុកជ្រៅ នោះយើងបានឃើញពន្លឺពីព្រះគុណរបស់ព្រះដែលប្រោសយើងឲ្យរួច។ មនុស្សជាច្រើនដែលប្រៀបដូចជាមនុស្សថ្លង់ដែលស្ដាប់មិនបាននូវបទទំនាយក្នុងព្រះគម្ពីរ ឥឡូវក៏ឮហើយស្ដាប់បាននូវអ្វីដែលចែងទុកក្នុងបទគម្ពីរនានា។ (អេសាយ ៣៥:៥) ជាឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ទូទាំងពិភពលោកបានសិក្សាសៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ។ ឥឡូវនេះពួកគាត់កំពុងតែសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ អាហារខាងវិញ្ញាណដែលពង្រឹងកម្លាំងចិត្តដូច្នេះពិតជាភស្តុតាងជាក់ច្បាស់ថា យើងមានសួនមនោរម្យខាងវិញ្ញាណ មែនទេ?
១១ សូមគិតផងដែរ អំពីការកែប្រែខាងលក្ខណៈសម្បត្ដិរបស់មនុស្សពីគ្រប់ស្រទាប់វណ្ណៈដែលមានចិត្តស្មោះ ខំប្រឹងយល់និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះ។ និយាយឲ្យចំទៅ ពួកគាត់បានព្យាយាមលះបង់អត្តចរិតដើមដែលប្រៀបដូចជាសត្វសាហាវ។ ប្រហែលជាអ្នកបានខំព្យាយាមឲ្យដូចបងប្អូនខាងវិញ្ញាណរបស់អ្នក ដោយខំយកឈ្នះលើអត្តចរិតអាក្រក់របស់ខ្លួន។ (កូល៉ុស ៣:៨-១៤) អាស្រ័យហេតុនេះ ពេលដែលអ្នកចូលរួមជាមួយនឹងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា អ្នកក៏សេពគប់ជាមួយនឹងមនុស្សមួយក្រុមដែលចេះបង្ហាញនូវភាពសុខសាន្តនិងមេត្រីភាពច្រើនជាងដែរ។ ពួកគាត់មិនមែនជាមនុស្សគ្រប់ល័ក្ខណ៍ទេ តែគ្មានអ្នកណាអាចប្រៀបធៀបពួកគាត់ទៅនឹងសត្វសិង្ហឬសត្វសាហាវណាឡើយ។ (អេសាយ ៣៥:៩) តើការសេពគប់ខាងវិញ្ញាណដោយសន្ដិនិយមនេះបង្ហាញអំពីអ្វី? នេះបង្ហាញយ៉ាងច្បាស់ថាយើងមានស្ថានភាពខាងវិញ្ញាណដែលយើងអាចហៅយ៉ាងត្រឹមត្រូវ ជាសួនមនោរម្យខាងវិញ្ញាណ។ ហើយសួនមនោរម្យខាងវិញ្ញាណនេះក៏បង្ហាញឲ្យឃើញអំពីសួនមនោរម្យដែលនឹងមាននៅលើផែនដីដែរ ឲ្យតែយើងរក្សាឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះ។
១២, ១៣. តើយើងត្រូវធ្វើអ្វីដើម្បីរក្សាឲ្យមានចំណែកក្នុងសួនមនោរម្យខាងវិញ្ញាណ?
១២ យ៉ាងណាក៏ដោយ មានចំណុចមួយដែលយើងមិនគួរភ្លេចឡើយ។ ព្រះបានមានបន្ទូលប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «ត្រូវឲ្យឯងរាល់គ្នាកាន់តាមបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឲ្យឯងរាល់គ្នាបានខ្លាំងពូកែ អាចចូលទៅចាប់យកស្រុក»។ (ចោទិយកថា ១១:៨) លេវីវិន័យ ២០:២២, ២៤ ក៏សំដៅទៅលើស្រុកដូចគ្នាដែរដោយចែងថា៖ «ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលអញនាំឯងរាល់គ្នាចូលទៅនៅនោះ បានក្អួតឯងចេញដែរ។ តែអញបានប្រាប់ឯងរាល់គ្នាហើយថា៖ ‹ឯងរាល់គ្នានឹងទទួលស្រុករបស់គេទុកជាមរដកអញនឹងឲ្យស្រុកនោះទៅជាកេរ្ដិ៍អាករដល់ឯងរាល់គ្នា ជាស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ›»។ ពិតមែនហើយ ការទទួលស្រុកសន្យានោះគឺអាស្រ័យទៅលើចំណងមិត្តភាពល្អរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។ ដោយសារពួកអ៊ីស្រាអែលមិនបានស្ដាប់បង្គាប់ព្រះ នោះទ្រង់បានអនុញ្ញាតឲ្យសាសន៍បាប៊ីឡូនឈ្នះលើគេ និងជម្លៀសគេចេញពីទីលំនៅ។
១៣ យើងប្រហែលជាពេញចិត្តនឹងលក្ខណៈផ្សេងៗនៃសួនមនោរម្យខាងវិញ្ញាណដែលមានបរិយាកាសល្អហើយធ្វើឲ្យស្ងប់អារម្មណ៍ដែរ។ យើងមានមេត្រីភាពជាមួយនឹងបងប្អូនគ្រីស្ទានដែលបានព្យាយាមលះចោលលក្ខណៈដូចជាសត្វសាហាវ។ ពួកគាត់ខំបង្ហាញនូវចិត្តសប្បុរសនិងជួយគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ បើយើងចង់រួមចំណែកក្នុងសួនមនោរម្យខាងវិញ្ញាណជានិច្ច នោះយើងមិនគ្រាន់តែរក្សាឲ្យមានទំនាក់ទំនងល្អជាមួយនឹងបងប្អូនប៉ុណ្ណោះឡើយ។ តែយើងក៏ត្រូវមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា ហើយត្រូវធ្វើតាមព្រះហឫទ័យរបស់ទ្រង់ដែរ។ (មីកា ៦:៨) យើងបានចូលរួមចំណែកក្នុងសួនមនោរម្យខាងវិញ្ញាណនេះដោយស្ម័គ្រពីចិត្ត ប៉ុន្តែបើយើងមិនខិតខំរក្សាឲ្យមានចំណងមេត្រីភាពជាមួយនឹងព្រះ នោះយើងអាចរសាត់ចេញឬក៏ត្រូវបណ្ដាច់ចេញក៏មាន។
១៤. តើមានជំនួយអ្វីដើម្បីឲ្យយើងរួមចំណែកជានិច្ចនៅក្នុងសួនមនោរម្យខាងវិញ្ញាណ?
១៤ មានជំនួយសំខាន់មួយដើម្បីពង្រឹងកម្លាំងរបស់យើងជានិច្ច នោះគឺដោយសារព្រះបន្ទូលរបស់ព្រះ។ សូមកត់សម្គាល់នូវពាក្យប្រៀបប្រដូចដែលមាននៅទំនុកដំកើង ១:១-៣ ដែលចែងថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ។ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។ បន្ថែមទៅទៀត ប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរជាអាហារខាងវិញ្ញាណដែលអ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អកំពុងតែផ្ដល់ឲ្យយើងក្នុងសួនមនោរម្យខាងវិញ្ញាណនេះ។—ម៉ាថាយ ២៤:៤៥-៤៧
ពង្រឹងទស្សនៈរបស់អ្នកអំពីសួនមនោរម្យ
១៥. ហេតុអ្វីបានជាម៉ូសេមិនមានសិទ្ធិនាំមុខសាសន៍អ៊ីស្រាអែលឲ្យចូលទៅក្នុងស្រុកសន្យានោះ? ប៉ុន្តែ តើគាត់បានឃើញអ្វី?
១៥ សូមពិចារណាមើលការបង្ហើបទុកជាមុនមួយទៀតអំពីសួនមនោរម្យ។ ក្រោយពីសាសន៍អ៊ីស្រាអែលបានដើរវិលវល់ក្នុងទីរហោស្ថានអស់៤០ឆ្នាំ ម៉ូសេបាននាំប្រជាជននោះទៅដល់វាលទំនាបស្រុកម៉ូអាប់នៅខាងកើតទន្លេយ័រដាន់។ ដោយសារម៉ូសេបានប្រព្រឹត្តខុសម្ដងពីមុននោះ ព្រះយេហូវ៉ាបានសម្រេចថា ម៉ូសេមិនអាចនាំសាសន៍អ៊ីស្រាអែលឲ្យឆ្លងទន្លេយ័រដាន់បានឡើយ។ (ជនគណនា ២០:៧-១២; ២៧:១២, ១៣) ម៉ូសេបានអង្វរព្រះដោយថា៖ «សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង»។ ទោះជាគាត់មិនអាចចូលទៅក្នុងស្រុកសន្យាក៏ដោយ គាត់អាចដឹងថាស្រុកសន្យាជា«ស្រុកល្អ»មែន ដោយសារគាត់បានឡើងទៅលើភ្នំពីសកា ហើយបានឃើញតំបន់ផ្សេងៗនៅក្នុងស្រុកនោះ។ តើអ្នកគិតថាស្រុកនោះមានទេសភាពយ៉ាងណាទៅ?—ចោទិយកថា ៣:២៥-២៧
១៦, ១៧. (ក) តើទឹកដីស្រុកសន្យានៅសម័យបុរាណមានស្ថានភាពខុសគ្នាយ៉ាងណាពីសព្វថ្ងៃនេះ? (ខ) តើមានមូលហេតុអ្វីឲ្យយើងជឿថា ស្រុកសន្យាធ្លាប់មានស្ថានភាពជាសួនមនោរម្យ?
១៦ បើអ្នកមានទស្សនៈអំពីស្រុកនោះដោយផ្អែកលើភូមិសាស្ត្រពេលថ្មីៗនេះ អ្នកប្រហែលជានឹកស្មានថាស្រុកនោះមានដីសោះកក្រោះ សុទ្ធតែវាលខ្សាច់មានដុំថ្មធំៗ និងអាកាសធាតុក្ដៅបែកក្រហែង។ ប៉ុន្តែ មានហេតុនាំឲ្យសន្និដ្ឋានថា នៅអតីតកាលសភាពតំបន់នោះជាទូទៅ គឺខុសគ្នាឆ្ងាយណាស់ពីសភាពសព្វថ្ងៃ។ ក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រអាមេរិក លោកបណ្ឌិតវ៉លតឺ ឡោដឺមីល ដែលជាអ្នកឯកទេសផ្នែកទឹកនិងដី បានពន្យល់ថាទឹកដីនៅស្រុកនោះ«ខូចខាតដោយសារត្រូវបានគេបង្ខូចអស់មួយពាន់ឆ្នាំហើយ»។ ក្នុងនាមជាអ្នកក្សេត្រវិទ្យា គាត់សរសេរថា៖ «‹វាលខ្សាច់›ដែលគ្របដណ្ដប់មកលើដីដែលធ្លាប់បង្កើតផលជាច្រើននោះ កើតឡើងដោយសារមនុស្ស មិនមែនដោយសារធម្មជាតិទេ»។ ការពិត ការស្រាវជ្រាវរបស់គាត់បានឲ្យដឹងថា៖ «ស្រុកនោះធ្លាប់ជាសួនមនោរម្យសំរាប់អ្នកគង្វាលសត្វ»។ ដូច្នេះ ការបង្ខូចដោយមនុស្សបានធ្វើឲ្យ«សួនមនោរម្យសំរាប់អ្នកគង្វាលសត្វ»ទៅជាខូចខាតវិញ។a
១៧ បើរំពឹងគិតអំពីអ្វីដែលយើងបានអានក្នុងព្រះគម្ពីរ យើងអាចឃើញថាសេចក្ដីសន្និដ្ឋាននេះគឺសមហេតុសមផលមែន។ សូមនឹកចាំអំពីការធានារបស់ព្រះយេហូវ៉ាជូនចំពោះប្រជាជនតាមរយៈម៉ូសេថា៖ «ស្រុកដែលឯងនឹងឆ្លងទៅចាប់យកនេះគឺជាស្រុកមានភ្នំមានច្រក ហើយក៏បានស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ថែរក្សា»។—ចោទិយកថា ១១:៨-១២
១៨. តើអេសាយ ៣៥:២ អាចជួយនិរទេសជនអ៊ីស្រាអែលឲ្យយល់អំពីទិដ្ឋភាពនៅស្រុកសន្យាបានយ៉ាងណា?
១៨ ស្រុកសន្យាមានរុក្ខជាតិស្រស់ខៀវស្រងាត់និងសំបូរភោគផលដល់ម្ល៉េះបានជាពេលនិយាយអំពីតំបន់ផ្សេងៗក្នុងស្រុកនោះ នេះនាំឲ្យគិតពីស្ថានភាពដែលប្រៀបដូចជាសួនមនោរម្យ។ បទទំនាយនៅសៀវភៅអេសាយជំពូកទី៣៥ បញ្ជាក់ដូច្នេះដែរ ដែលទំនាយនោះបានសម្រេចដំបូងនៅពេលដែលសាសន៍អ៊ីស្រាអែលចេញពីបាប៊ីឡូនហើយត្រឡប់ទៅស្រុករបស់គេវិញ។ អេសាយបានទាយថា៖ «គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្ដីអំណរនឹងបទចំរៀងផង។ គេនឹងលើកសេចក្ដីសរសើរពីលំអនៃព្រៃល្បាណូនផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល នឹងវាលសារ៉ុនផង។ គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ាគឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា»។ (អេសាយ ៣៥:២) ពាក្យសំដៅទៅលើភ្នំល្បាណូន ភ្នំកើមែលនិងវាលសារ៉ុននោះ ច្បាស់ជាបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលស្រមៃគិតពីទិដ្ឋភាពដ៏គួរឲ្យស្កប់ចិត្តមែន។
១៩, ២០. (ក) សូមពណ៌នាអំពីវាលសារ៉ុនពីបុរាណនោះ។ (ខ) តើមានវិធីណាឲ្យយើងពង្រឹងសេចក្ដីសង្ឃឹមចំពោះសួនមនោរម្យ?
១៩ សូមផ្ដោតអារម្មណ៍ទៅលើវាលសារ៉ុនដែលជាស្រុកវាលដែលមានស្រុកភ្នំសាម៉ារីនៅម្ខាង និងសមុទ្រធំឬសមុទ្រមេឌីទែរ៉ានេនៅម្ខាងទៀត។ (សូមមើលរូបថតនៅទំព័រទី១៨) ស្រុកនោះត្រូវគេស្គាល់ថាជាតំបន់ស្អាតណាស់និងសំបូរភោគផល។ ស្រុកនោះមានទឹកច្រើន ហើយមានវាលស្មៅសំរាប់ជាទីឃ្វាលហ្វូងសត្វ ប៉ុន្តែនៅខាងជើងស្រុកនោះក៏មានព្រៃឈើសុទ្ធតែដើមសែនដ៏ធំៗទៀតផង។ (របាក្សត្រទី១ ២៧:២៩; បទចំរៀងសាឡូម៉ូន ២:១; អេសាយ ៦៥:១០) ហេតុនេះហើយអេសាយ ៣៥:២ បានទាយអំពីការស្ដារឡើងវិញ ហើយបានទាយអំពីស្រុកមួយដែលមានសោភ័ណភាពផុសឡើងដូចជាសួនមនោរម្យ។ ទំនាយនោះក៏បានដៅបញ្ជាក់ពីសួនមនោរម្យដ៏ល្អខាងវិញ្ញាណ ស្របទៅតាមអ្វីដែលប៉ុលបានឃើញក្រោយៗមក ក្នុងចក្ខុនិមិត្ត។ នៅចុងបំផុត បទទំនាយនេះរួមនឹងទំនាយឯទៀតគឺដើម្បីពង្រឹងនូវសេចក្ដីសង្ឃឹមរបស់យើងអំពីសួនមនោរម្យនៅលើផែនដីសំរាប់មនុស្សជាតិទាំងឡាយ។
២០ ពេលដែលយើងស្ថិតក្នុងសួនមនោរម្យខាងវិញ្ញាណ យើងអាចបង្កើនចិត្តកតញ្ញូចំពោះសួនមនោរម្យនេះ និងពង្រឹងសេចក្ដីសង្ឃឹមរបស់យើងចំពោះសួនមនោរម្យនៅលើផែនដីដែរ។ តើដោយរបៀបណា? គឺដោយខំយល់ឲ្យបានជ្រាលជ្រៅអំពីអ្វីដែលយើងអានក្នុងព្រះគម្ពីរ។ ការពិពណ៌នានិងទំនាយផ្សេងៗក្នុងព្រះគម្ពីរតែងតែប្រាប់អំពីទីកន្លែងជាក់លាក់។ តើអ្នកចង់យល់កាន់តែច្បាស់ថាទីកន្លែងទាំងនេះស្ថិតនៅឯណា ហើយមានទំនាក់ទំនងយ៉ាងណាជាមួយនឹងតំបន់ឯទៀតឬទេ? ក្នុងអត្ថបទជាបន្ទាប់យើងនឹងពិនិត្យមើលនូវរបៀបដែលយើងអាចធ្វើដូច្នេះដើម្បីឲ្យបានប្រយោជន៍ជាច្រើន។
[កំណត់សម្គាល់]
a លោកដេនីស បេលី មានប្រសាសន៍ក្នុងសៀវភៅភូមិសាស្ត្រក្នុងព្រះគម្ពីរ ថា៖ «លក្ខណៈរុក្ខជាតិច្បាស់ជាបានប្រែប្រួលយ៉ាងខ្លាំងតាំងពីជំនាន់ព្រះគម្ពីរ»។ ហេតុអ្វី? «មនុស្សត្រូវការឈើសំរាប់ជាសម្ភារៈសំណង់និងឧសដុត ដូច្នេះ . . . គេចាប់ផ្ដើមកាប់ដើមឈើបណ្ដាលឲ្យមានវាលលំហ រួចមក អាកាសធាតុបានធ្វើឲ្យស្រទាប់ដីខូច។ ដោយសារការបង្ខូចបរិស្ថានបែបនេះ នោះបរិយាកាស . . . បានប្រែប្រួលបន្ដិចម្ដងៗដែលជាហេតុចំបងមួយធ្វើឲ្យខូចបរិស្ថានថែមទៀត»។
តើអ្នកនៅចាំទេ?
• «ស្ថានបរមសុខ»ដែលប៉ុលបានឃើញក្នុងចក្ខុនិមិត្ត តើនោះសំដៅទៅលើសួនមនោរម្យបែបណា?
• ទំនាយនៅអេសាយជំពូកទី៣៥ តើបានសម្រេចយ៉ាងណាជាលើកដំបូងនោះ? ហើយតើទំនាយនោះទាក់ទងយ៉ាងដូចម្ដេច នឹងអ្វីដែលប៉ុលបានឃើញក្នុងចក្ខុនិមិត្ត?
• តើយើងអាចធ្វើអ្វីដើម្បីបង្កើនចិត្តកតញ្ញូចំពោះសួនមនោរម្យខាងវិញ្ញាណ និងពង្រឹងសេចក្ដីសង្ឃឹមរបស់យើងចំពោះសួនមនោរម្យនៅលើផែនដី?
[រូបភាពនៅទំព័រ១៨]
វាលសារ៉ុនជាតំបន់សំបូរភោគផលនៅស្រុកសន្យា
[អ្នកផ្ដល់សិទ្ធិ]
Pictorial Archive (Near Eastern History) Est.