តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?
«អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។—លូកា ១២:២១
១, ២. (ក) តើមនុស្សសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីឲ្យបានអ្វីខ្លះ? (ខ) តើគ្រិស្តសាសនិកនឹងមានការពិបាកព្រមទាំងគ្រោះថ្នាក់អ្វី?
មិនថានៅសម័យណា ឬប្រទេសណាក្ដី មនុស្សបានខំពុះពារ នឹងធ្វើការយ៉ាងនឿយហត់ ពីព្រោះពួកគេចង់បានទ្រព្យសម្បត្ដិ។ ជាឧទាហរណ៍ នៅសតវត្សរ៍ទី១៩ មនុស្សបានធ្វើដំណើរពីគ្រប់ទិសទីដើម្បីទៅជីករកមាសនៅប្រទេសអូស្ដ្រាលី អាហ្វ្រិកខាងត្បូង កាណាដានិងសហរដ្ឋអាម៉េរិក។ អ្នកទាំងនោះសុខចិត្តចាកចេញពីស្រុកកំណើត ទាំងលះចោលគ្រួសារបងប្អូនជាទីស្រឡាញ់ ដើម្បីធ្វើដំណើរយ៉ាងឆ្ងាយទៅឯប្រទេសដែលមានស្ថានភាពប្លែកពីប្រទេសរបស់ខ្លួននិងអាចមានគ្រោះថ្នាក់ផង ដោយមានបំណងចង់តែរកកំណប់ទ្រព្យប៉ុណ្ណោះ។ ត្រូវមែន មនុស្សជាច្រើនសុខចិត្តលះបង់ប្រយោជន៍ខ្លួន និងប្រថុយជីវិតដើម្បីទទួលទ្រព្យសម្បត្ដិដែលចិត្តគេប្រាថ្នាចង់បាន។
២ នៅសព្វថ្ងៃនេះ មនុស្សភាគច្រើនមិនជីករកមាសទេ តែពួកគេនៅតែខំរកលុយយ៉ាងនឿយហត់ដើម្បីចិញ្ចឹមជីវិត។ នៅសម័យនេះ ការរកស៊ីចិញ្ចឹមជីវិតតែងតែពិបាក ជាបន្ទុកធ្ងន់ ហើយនាំឲ្យមានទុក្ខផង។ បើមិនប្រយ័ត្ន យើងអាចខ្វល់ខ្វាយអំពីរឿងម្ហូប សម្លៀកបំពាក់និងទីជម្រកដល់ម្ល៉េះបានជាយើងភ្លេច ឬធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាង។ (រ៉ូម ១៤:១៧) ព្រះយេស៊ូបានប្រាប់រឿងប្រៀបប្រដូចមួយដែលពណ៌នាយ៉ាងច្បាស់ពីទំនោរចិត្តរបស់មនុស្សបែបនេះ។ រឿងនោះបានកត់ទុកក្នុងសៀវភៅលូកា ១២:១៦-២១។
៣. សូមរៀបរាប់ជាសង្ខេបនូវរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូក្នុងសៀវភៅលូកា ១២:១៦-២១។
៣ ព្រះយេស៊ូបានប្រាប់រឿងប្រៀបប្រដូចនោះពេលដែលទ្រង់និយាយអំពីសារៈសំខាន់នៃការជៀសពីសេចក្ដីលោភ ដែលបានពិភាក្សាក្នុងអត្ថបទមុននេះ។ ក្រោយព្រះយេស៊ូបានព្រមានអំពីការលោភលន់ ទ្រង់រៀបរាប់អំពីអ្នកមានម្នាក់ដែលមិនស្កប់ចិត្តនឹងជង្រុកដែលពេញជាបរិបូររួចហើយ តែគាត់រុះជង្រុកទាំងនោះចោល ហើយធ្វើជង្រុកធំជាងសម្រាប់ទុកទ្រព្យសម្បត្ដិច្រើនថែមទៀត។ នេះធ្វើឲ្យគាត់មានអារម្មណ៍ស្រួលហើយសប្បាយនឹងជីវិត ស្រាប់តែព្រះប្រាប់គាត់ថា គាត់ហៀបនឹងស្លាប់ ហើយរបស់ជាច្រើនដែលគាត់បានប្រមូលទុកនោះ ត្រូវផ្ទេរដល់អ្នកផ្សេងវិញ។ ពេលបញ្ចប់រឿង ព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។ (លូកា ១២:២១) តើយើងអាចទាញយកមេរៀនអ្វីពីរឿងប្រៀបប្រដូចនោះ? តើយើងអាចធ្វើតាមមេរៀននេះក្នុងជីវិតយើងយ៉ាងដូចម្ដេច?
ការសម្រេចចិត្តរបស់អ្នកមានម្នាក់
៤. ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ តើអ្នកមានម្នាក់នោះអាចតំណាងមនុស្សបែបណា?
៤ មនុស្សជាច្រើនធ្លាប់ឮរឿងមួយនេះរបស់ព្រះយេស៊ូ។ យើងកត់សម្គាល់ថា ព្រះយេស៊ូចាប់ផ្ដើមរឿងនេះដោយនិយាយថា៖ «ស្រែចំការរបស់អ្នកមានម្នាក់បានកើតផលចំរើនជាបរិបូរ»។ ព្រះយេស៊ូមិនថា អ្នកនោះបានប្រមូលទ្រព្យសម្បត្ដិដោយបោកប្រាសអ្នកដទៃឬដោយវិធីខុសច្បាប់ទេ។ នេះបានន័យថា ព្រះយេស៊ូមិនសំដៅទៅលើអ្នកមានម្នាក់នោះ ជាមនុស្សអាក្រក់ឡើយ។ តាមការពិត ពាក្យរបស់ព្រះយេស៊ូបង្កប់អត្ថន័យថា អ្នកនោះបានធ្វើការដោយប្រឹងប្រែងវិញ។ យើងអាចសន្និដ្ឋានថា អ្នកនោះមានផែនការសន្សំទុកផលចម្រូតសម្រាប់ថ្ងៃក្រោយ ដោយប្រហែលជាគិតដល់អនាគតរបស់ភរិយានិងកូន។ បើគិតពីទស្សនៈរបស់មនុស្សធម្មតា អ្នកមានម្នាក់នោះអាចតំណាងមនុស្សនានាដែលខំធ្វើការដោយមានបំណងបំពេញកាតព្វកិច្ចរបស់ខ្លួន។
៥. ក្នុងរឿងរបស់ព្រះយេស៊ូ តើកាលៈទេសៈបែបណាតម្រូវឲ្យអ្នកមាននោះធ្វើការសម្រេចចិត្ត?
៥ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូបានហៅបុរសនោះជាអ្នកមាន ដែលបញ្ជាក់ថា គាត់មានទ្រព្យសម្បត្ដិជាបរិបូររួចទៅហើយ។ ប៉ុន្តែ ព្រះយេស៊ូបង្ហាញថា អ្នកមាននោះត្រូវធ្វើការសម្រេចចិត្តមួយ ពីព្រោះស្រែចម្ការរបស់គាត់កើតផលច្រើនលើសជាងគាត់បាននឹកស្មាន ហើយច្រើនជាងអ្វីដែលគាត់ត្រូវការឬអាចប្រមូលទុកបាន។ តើគាត់គួរតែធ្វើអ្វី?
៦. នៅសព្វថ្ងៃនេះ តើអ្នកបម្រើព្រះត្រូវធ្វើការសម្រេចចិត្តអ្វីខ្លះ?
៦ នៅសព្វថ្ងៃនេះ អ្នកបម្រើជាច្រើនរបស់ព្រះយេហូវ៉ាក៏ជួបប្រទះកាលៈទេសៈប្រហាក់ប្រហែលនឹងអ្នកមាននោះដែរ។ ពេលធ្វើការ ពួកគ្រិស្តសាសនិកយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ព្រមទាំងប្រព្រឹត្តដោយទៀងត្រង់ហើយខ្នះខ្នែងផង។ (កូល៉ុស ៣:២២, ២៣) មិនថាពួកគេទទួលប្រាក់ខែឬរកស៊ីដោយខ្លួនឯងក្ដី ពួកគេធ្វើការយ៉ាងល្អ ហើយធម្មតាក៏ប៉ិនប្រសប់ធ្វើការរបស់ខ្លួនផង។ ប៉ុន្តែ ពេលថៅកែចង់តែងតាំងពួកគេឲ្យមានមុខងារថែមទៀត ឬពួកគេមានឱកាសធ្វើការរកស៊ីដែលនាំឲ្យបានចំណេញច្រើនជាង ពួកគេក៏ត្រូវធ្វើការសម្រេចចិត្តដែរ។ តើពួកគេគួរទទួលមុខងារបន្ថែម ឬរកស៊ីថែមទៀតនោះឬទេ? គឺដូចគ្នាដែរ ចំពោះយុវជនយុវតីជាច្រើនដែលជាស្មរបន្ទាល់ឬសាក្សីរបស់ព្រះយេហូវ៉ា។ ដោយសារពួកគេខំរៀនឲ្យបានល្អនៅឯសាលា ពួកគេអាចទទួលអាហាររូបករណ៍និងឱកាសរៀនថែមទៀតនៅស្ថាប័នផ្សេងៗដែលមានឈ្មោះល្បី។ តើពួកគេគួរធ្វើដូចមនុស្សនាសម័យនេះដោយយល់ព្រមភ្លាម ហើយចូលរៀនថែមទៀតឬ?
៧. តើបុរសក្នុងរឿងរបស់ព្រះយេស៊ូបានសម្រេចចិត្តធ្វើអ្វី?
៧ សូមគិតអំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូម្ដងទៀត។ ពេលស្រែចម្ការរបស់អ្នកមាននោះ បានបង្កើតផលច្រើនដល់ម្ល៉េះបានជាគាត់គ្មានកន្លែងប្រមូលទុកបាន តើគាត់ធ្វើអ្វី? គាត់សម្រេចចិត្តរុះជង្រុកចោល ហើយធ្វើជង្រុកថ្មីដែលធំជាង ដើម្បីប្រមូលទុកផលនិងទ្រព្យសម្បត្ដិរបស់គាត់។ តាមមើលទៅ គាត់ស្កប់ចិត្តចំពោះផែនការនោះដល់ម្ល៉េះបានជាគាត់អស់កង្វល់ ហើយមានគំនិតថា៖ «អញនឹងប្រាប់ដល់ចិត្តថា ‹ចិត្តអើយ! ឯងមានទ្រព្យសម្បត្ដិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ។ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ!›»។—លូកា ១២:១៩
ម្ដេចក៏«ល្ងីល្ងើ»ទៅវិញ?
៨. តើអ្នកមានក្នុងរឿងរបស់ព្រះយេស៊ូភ្លេចគិតពីចំណុចសំខាន់មួយណា?
៨ ស្របទៅតាមអ្វីដែលព្រះយេស៊ូរៀបរាប់នោះ ផែនការរបស់បុរសអ្នកមានបានធ្វើឲ្យគាត់អស់កង្វល់មួយរយៈមែន។ ប៉ុន្តែ ទោះជាគាត់មានគំនិតនិងបំណងចិត្តល្អក៏ដោយ គាត់ភ្លេចគិតពីចំណុចសំខាន់មួយ ពោលគឺ គោលបំណងរបស់ព្រះ។ បុរសនោះចេះតែគិតពីខ្លួនគាត់ ថាគាត់អាចឈប់សម្រាកហើយស៊ីផឹកសប្បាយ។ គាត់គិតថា ដោយសារគាត់មាន«ទ្រព្យសម្បត្ដិជាច្រើន» គាត់ក៏អាចរស់នៅ«យូរឆ្នាំ»ទៀតបាន។ ប៉ុន្តែ គួរឲ្យស្ដាយណាស់! គាត់មិនមានអនាគតយ៉ាងនោះឡើយ។ ដូចព្រះយេស៊ូបានមានប្រសាសន៍ពីមុន «ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ (លូកា ១២:១៥) នៅយប់នោះឯង បុរសអ្នកមានបាត់បង់អ្វីៗទាំងអស់ដែលគាត់បានប្រមូលទុក ពីព្រោះព្រះនិយាយទៅកាន់គាត់ថា៖ «ឱមនុស្សល្ងីល្ងើអើយ! នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ។ ដូច្នេះ តើទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?»។—លូកា ១២:២០
៩. ហេតុអ្វីក៏ព្រះហៅអ្នកមានក្នុងរឿងនោះថា ជាមនុស្សល្ងីល្ងើ?
៩ នេះហើយជាគោលចំណុចនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។ ព្រះបានហៅអ្នកមាននោះថា ជាមនុស្សល្ងីល្ងើ។ វចនានុក្រមមួយអំពីពាក្យក្នុងសញ្ញាថ្មីពន្យល់ថា ពាក្យភាសាក្រិចដែលបកប្រែថា ល្ងីល្ងើនោះ «តែងតែសំដៅទៅលើអ្នកដែលខ្វះការយល់ដឹង»។ វចនានុក្រមនោះក៏ពន្យល់ទៀតថា ក្នុងរឿងប្រៀបប្រដូចនេះ ព្រះហៅបុរសនោះថា ជាមនុស្សល្ងីល្ងើ ដើម្បីបង្ហាញថា «ផែនការរបស់ពួកអ្នកមានសុទ្ធតែអសារឥតការ»។ ពាក្យនោះមិនសំដៅទៅលើមនុស្សល្ងង់ទេ តែចំពោះ«អ្នកដែលមិនព្រមទទួលស្គាល់ថា ខ្លួនត្រូវការព្រះជាទីពឹង»។ (Exegetical Dictionary of the New Testament) របៀបដែលព្រះយេស៊ូពិពណ៌នាអំពីបុរសអ្នកមាននោះ នាំឲ្យយើងគិតពីអ្វីដែលទ្រង់បាននិយាយយូរឆ្នាំក្រោយមកទៅកាន់គ្រិស្តសាសនិកនាសតវត្សរ៍ទីមួយ នៅទីក្រុងឡៅឌីសេ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ឯងអួតថា ឯងជាអ្នកមានបានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»។—វិវរណៈ ៣:១៧
១០. ទោះបើយើងមាន«ទ្រព្យសម្បត្ដិជាច្រើន»ក្ដី ហេតុអ្វីក៏នេះមិនជាការដែលធានាថាយើងនឹងរស់បាន«យូរឆ្នាំ»ទៀត?
១០ យកល្អឲ្យយើងគិតឲ្យបានវែងឆ្ងាយអំពីមេរៀននេះ។ តើយើងមានលក្ខណៈដូចអ្នកមានក្នុងរឿងនោះ ដោយធ្វើការនឿយហត់ដើម្បីឲ្យមាន«ទ្រព្យសម្បត្ដិជាច្រើន» តែខានធ្វើអ្វីដែលជាចាំបាច់ដើម្បីឲ្យមានសេចក្ដីសង្ឃឹមរស់«យូរឆ្នាំ»ឬទេ? (យ៉ូហាន ៣:១៦; ១៧:៣) គម្ពីរចែងថា៖ «ទ្រព្យសម្បត្ដិគ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ» ហើយ«អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្ដិខ្លួន នោះនឹងត្រូវដួលចុះ»។ (សុភាសិត ១១:៤, ២៨) អាស្រ័យហេតុនេះ ព្រះយេស៊ូបន្ថែមការដាស់តឿនក្នុងសេចក្ដីបញ្ចប់នៃរឿងនោះថា៖ «អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកបំរុងតែខ្លួនឯង តែឥតមាន[ទ្រព្យសម្បត្ដិ]ខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។—លូកា ១២:២១
១១. ហេតុអ្វីក៏ការពឹងផ្អែកទាំងស្រុងទៅលើទ្រព្យសម្បត្ដិដើម្បីឲ្យបានអនាគតល្អដែលអស់កង្វល់សុទ្ធតែអសារឥតការ?
១១ ពេលដែលព្រះយេស៊ូនិយាយថា៖ «នោះក៏ដូច្នោះដែរ» ទ្រង់បញ្ជាក់ថា មនុស្សដែលពឹងផ្អែកទាំងស្រុងទៅលើទ្រព្យសម្បត្ដិដើម្បីឲ្យបានអនាគតល្អដែលអស់កង្វល់ នោះនឹងជួបប្រទះកាលៈទេសៈដូចបុរសអ្នកមានក្នុងរឿងប្រៀបប្រដូច។ តាមពិត ការ«ប្រមូលទ្រព្យសម្បត្ដិទុកបំរុងតែខ្លួនឯង»មិនជាអ្វីដែលខុសទេ តែបើយើងមិន‹មានទ្រព្យសម្បត្ដិខាងឯព្រះ› នោះជាកំហុសធ្ងន់វិញ។ លោកយ៉ាកុបបានព្រមានដូចគ្នាដែរថា៖ «ឥឡូវនេះ ឯពួកអ្នកដែលថា ‹ថ្ងៃនេះឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនឹងនៅស្រុកនោះអស់១ឆ្នាំដើម្បីនឹងរកស៊ីឲ្យបានចំណេញ› អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ»។ តើពួកគេគួរតែធ្វើអ្វី? ពួកគេ«គួរតែបាននិយាយដូច្នេះវិញថា៖ ‹បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះឬការនោះ›»។ (យ៉ាកុប ៤:១៣-១៥) មិនថាមនុស្សជាអ្នកមានស្តុកស្តម្ភ ហើយមានភោគផលសម្បូរហូរហៀរក្ដី ទាំងអស់នោះសុទ្ធតែអសារឥតការ បើគាត់មិនមានទ្រព្យសម្បត្ដិខាងឯព្រះវិញ។ បើដូច្នេះ តើយើងអាចមានទ្រព្យសម្បត្ដិខាងឯព្រះក្នុងន័យអ្វី?
របៀបក្លាយជាអ្នកមានទ្រព្យសម្បត្ដិខាងឯព្រះ
១២. តើយើងត្រូវធ្វើអ្វីដើម្បីឲ្យមានទ្រព្យសម្បត្ដិខាងឯព្រះ?
១២ ព្រះយេស៊ូបញ្ជាក់ថា ការប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួនឯងនិងការរក្សាឲ្យមានទ្រព្យសម្បត្ដិខាងឯព្រះមានលក្ខណៈទីទៃពីគ្នា។ ដូច្នេះ ព្រះយេស៊ូមិនចង់ឲ្យយើងផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្ដិ ឬឲ្យបានសប្បាយនឹងរបស់របរទាំងនោះជារឿងសំខាន់បំផុតក្នុងជីវិតទេ។ ផ្ទុយទៅវិញ យើងត្រូវតែប្រើធនធានរបស់យើងក្នុងការពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ដើម្បីឲ្យមានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់។ បើដូច្នេះ នេះប្រៀបដូចជាយើងមានទ្រព្យសម្បត្ដិខាងឯព្រះ។ ហេតុអ្វី? ពីព្រោះទង្វើបែបនោះផ្ដល់ឱកាសឲ្យព្រះយេហូវ៉ាប្រទានពរយ៉ាងច្រើនមកលើយើង។ គម្ពីរចែងថា៖ «អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។—សុភាសិត ១០:២២
១៣. តើអំណោយពរពីព្រះយេហូវ៉ា‹ធ្វើឲ្យយើងទៅជាមាន›យ៉ាងដូចម្ដេច?
១៣ ពេលដែលព្រះយេហូវ៉ាប្រទានពរទៅលើរាស្ត្រទ្រង់ ទ្រង់តែងតែប្រទានអ្វីដែលល្អបំផុត។ (យ៉ាកុប ១:១៧) ជាឧទាហរណ៍ ទឹកដីដែលព្រះយេហូវ៉ាឲ្យបណ្ដាជនអ៊ីស្រាអែលទុកជាលំនៅស្ថាននោះ ជា«ស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរមក»។ ទោះជាស្រុកអេស៊ីបធ្លាប់គេពណ៌នាយ៉ាងដូច្នោះដែរ ស្រុកដែលព្រះយេហូវ៉ាឲ្យដល់បណ្ដាជនអ៊ីស្រាអែល មានលក្ខណៈខុសគ្នាត្រង់ចំណុចសំខាន់មួយ។ លោកម៉ូសេប្រាប់ពួកអ៊ីស្រាអែលថា ទឹកដីរបស់ពួកគេ«ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃ[ពួកគេបាន]ថែរក្សា»។ នេះមានន័យថា ពួកគេនឹងមានភាពចម្រុងចម្រើន ពីព្រោះព្រះយេហូវ៉ាថែរក្សាពួកគេ។ ដរាបណាដែលបណ្ដាជនអ៊ីស្រាអែលនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ា ដរាបនោះឯងពួកគេទទួលពរយ៉ាងវិសេសពីទ្រង់ ហើយមានជីវភាពល្អប្រសើរជាងជនជាតិឯទៀតនៅជុំវិញស្រុកនោះ។ ត្រូវណាស់ អំណោយពរពីព្រះយេហូវ៉ាជាអ្វីដែល«ធ្វើឲ្យទៅជាមាន»មែន!—ជនគណនា ១៦:១៣; ចោទិយកថា ៤:៥-៨; ១១:៨-១៥
១៤. តើអ្នកដែលមានទ្រព្យសម្បត្ដិខាងឯព្រះទទួលប្រយោជន៍អ្វីខ្លះ?
១៤ ឃ្លាថា «មានខាងឯព្រះ» ក៏បានបកប្រែថា «ជាអ្នកមានស្របតាមទស្សនៈរបស់ព្រះ» ឬ«ព្រះចាត់ទុកជាអ្នកមាន»។ (Today’s English Version; The New Testament in Modern English របស់លោក J. B. Phillips) តាមធម្មតា មនុស្សដែលជាអ្នកមានចេះតែខ្វល់ខ្វាយថា តើមនុស្សដទៃមានទស្សនៈយ៉ាងណាចំពោះពួកគេ? ហើយរបៀបរស់នៅរបស់ពួកគេសឲ្យឃើញនូវកង្វល់នេះ។ ពួកគេចង់ឲ្យអ្នកដទៃកោតស្ងើចចំពោះពួកគេ ដែលគម្ពីរហៅថា «សេចក្ដីអំនួតរបស់ជីវិត»។ (យ៉ូហានទី១ ២:១៦) ផ្ទុយទៅវិញ មនុស្សដែលមានទ្រព្យសម្បត្ដិខាងឯព្រះ មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់ ហើយទ្រង់ផ្គាប់ចិត្តនិងស្រឡាញ់ពួកគេ ព្រមទាំងបង្ហាញគុណដ៏វិសេសលើសលប់ដល់ពួកគេផង។ ប្រយោជន៍ទាំងនេះច្បាស់ជានាំឲ្យពួកគេមានអារម្មណ៍សប្បាយនិងអស់កង្វល់ ច្រើនជាងភាពសុខសាន្តដែលបានមកពីការប្រមូលវត្ថុទ្រព្យ។ (អេសាយ ៤០:១១) ប៉ុន្តែ នៅតែមានសំណួរសំខាន់មួយថា តើយើងអាចមានទ្រព្យសម្បត្ដិខាងឯព្រះដោយរបៀបណា?
មនុស្សដែលព្រះយេហូវ៉ាចាត់ទុកជាអ្នកមាន
១៥. តើយើងត្រូវធ្វើអ្វីដើម្បីឲ្យបានទ្រព្យសម្បត្ដិខាងឯព្រះ?
១៥ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ អ្នកមាននោះបានធ្វើការនឿយហត់តាមផែនការរបស់ខ្លួន ដើម្បីឲ្យមានទ្រព្យសម្បត្ដិច្រើន។ ជាលទ្ធផល ព្រះហៅគាត់ថា ជាមនុស្សល្ងីល្ងើវិញ។ ដូច្នេះ បើយើងចង់បានទ្រព្យសម្បត្ដិខាងឯព្រះ យើងត្រូវតែរួមចំណែកយ៉ាងពេញលេញដោយខ្នះខ្នែងក្នុងកិច្ចការដែលព្រះយេហូវ៉ាចាត់ទុកថា មានតម្លៃនិងមានប្រយោជន៍។ ការទាំងនោះរួមបញ្ចូលកិច្ចការដែលព្រះយេស៊ូបង្គាប់យើងឲ្យធ្វើថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩) កាលដែលយើងចំណាយពេល កម្លាំងនិងលក្ខណៈប៉ិនប្រសប់របស់យើងក្នុងកិច្ចការផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះ និងធ្វើការបញ្ចុះបញ្ចូលឲ្យមានសិស្ស ជាជាងរកភាពចម្រុងចម្រើនសម្រាប់តែខ្លួនឯង នេះប្រៀបដូចជាវិនិយោគទុនម្យ៉ាង។ អស់អ្នកដែលធ្វើដូច្នេះ នឹងបានផលចំណេញជាមិនខាន ដូចដែលបានបញ្ជាក់ក្នុងបទពិសោធន៍ទាំងប៉ុន្មានដូចតទៅនេះ។—សុភាសិត ១៩:១៧
១៦, ១៧. សូមរៀបរាប់បទពិសោធន៍ដែលបង្ហាញពីរបៀបរស់នៅដែលនាំឲ្យមានទ្រព្យសម្បត្ដិខាងឯព្រះ។
១៦ សូមគិតអំពីគ្រិស្តសាសនិកម្នាក់នៅប្រទេសមួយនាទ្វីបអាស៊ី។ គាត់ធ្វើការជាអ្នកបច្ចេកទេសខាងកុំព្យូទ័រ ហើយបានប្រាក់ខែច្រើន។ ប៉ុន្តែ គាត់ធ្វើការឥតទំនេរសោះ ដែលនាំឲ្យគាត់មានអារម្មណ៍ថា គាត់មានចំណងមិត្តភាពខ្សោយជាមួយនឹងព្រះ។ ជាជាងរកមុខងារថែមទៀតនៅកន្លែងធ្វើការ គាត់ឈប់ធ្វើការនៅទីនោះ ហើយចាប់ផ្ដើមធ្វើនិងលក់ការ៉េមតាមផ្លូវ ដើម្បីឲ្យមានពេលច្រើនជាងសម្រាប់ការថ្វាយបង្គំព្រះ និងភារកិច្ចដែលទាក់ទងនោះ។ ជាលទ្ធផល អ្នករួមការងារពីមុនក៏ចំអកដាក់គាត់។ ប៉ុន្តែ តើមានលទ្ធផលអ្វី? គាត់មានប្រសាសន៍ថា៖ «តាមការពិត ខ្ញុំមានលុយច្រើនជាងពេលដែលខ្ញុំបានធ្វើការខាងកុំព្យូទ័រ។ ខ្ញុំសប្បាយជាងមុន ពីព្រោះខ្ញុំលែងមានកង្វល់និងចិត្តតានតឹងដែលធ្លាប់មាននៅកន្លែងធ្វើការ។ សំខាន់បំផុត ឥឡូវនេះខ្ញុំមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ាច្រើនជាងមុនទៅទៀត»។ ដោយសារគ្រិស្តសាសនិកម្នាក់នេះបានផ្លាស់ប្ដូរការងារនោះ គាត់មានឱកាសផ្សព្វផ្សាយពេញពេល ហើយឥឡូវក៏ជួយបម្រើការនៅឯការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសគាត់។ អំណោយពរពីព្រះយេហូវ៉ាពិតជា«ធ្វើឲ្យគាត់មាន»មែន!
១៧ មានឧទាហរណ៍មួយទៀត។ ស្ត្រីម្នាក់បានធំឡើងក្នុងក្រុមគ្រួសារដែលចាត់ទុកការអប់រំខ្ពស់ជាអ្វីដែលមានតម្លៃជាងគេ។ គាត់បានចូលរៀននៅឯសកលវិទ្យាល័យផ្សេងៗនាប្រទេសបារាំង ម៉ិកស៊ិកនិងស្វីស ហើយគាត់សង្ឃឹមរកអាជីពល្អផងដែរ។ អ្នកស្រីប្រាប់ថា៖ «ខ្ញុំបានជោគជ័យហើយ។ ខ្ញុំក៏មានមុខមាត់ធំនិងឯកសិទ្ធិផ្សេងៗដែរ។ ប៉ុន្តែ ខ្ញុំមិនស្កប់ចិត្តទេ ហាក់ដូចជាអ្វីៗទាំងអស់សុទ្ធតែជាមោឃ»។ ក្រោយមក អ្នកស្រីបានរៀនអំពីព្រះយេហូវ៉ា។ គាត់ពន្យល់ថា៖ «ពេលដែលខ្ញុំយល់គម្ពីរកាន់តែច្រើន ហើយមានឆន្ទៈចង់ផ្គាប់ចិត្តព្រះយេហូវ៉ានិងសងគុណចំពោះទ្រង់ នេះបានជួយខ្ញុំឲ្យយល់ថាខ្ញុំត្រូវតែធ្វើអ្វី ពោលគឺ ត្រូវតែបម្រើទ្រង់ពេញពេល»។ បងស្រីលាលែងការងារដែលគាត់ធ្លាប់ធ្វើ ហើយមិនយូរប៉ុន្មានក្រោយមកបានជ្រមុជទឹកថ្វាយព្រះ។ អស់រយៈពេល២០ឆ្នាំហើយ បងស្រីមានចិត្តសប្បាយក្នុងកិច្ចការផ្សព្វផ្សាយពេញពេល។ គាត់មានប្រសាសន៍ទៀតថា៖ «ទោះជាមនុស្សខ្លះស្ដាយដែលខ្ញុំមិនធ្វើការដែលពួកគាត់គិតថាខ្ញុំប៉ិនធ្វើក៏ដោយ ពួកគាត់នៅតែទទួលស្គាល់ថា ខ្ញុំមានសុភមង្គល ហើយពួកគាត់ក៏ឲ្យតម្លៃចំពោះគោលការណ៍ដែលណែនាំជីវិតខ្ញុំ។ រៀងរាល់ថ្ងៃខ្ញុំអធិស្ឋានសូមព្រះយេហូវ៉ាជួយខ្ញុំរក្សាឲ្យមានចិត្តរាបទាបដើម្បីផ្គាប់ចិត្តទ្រង់»។
១៨. ដូចប៉ុល តើយើងអាចមានទ្រព្យសម្បត្ដិខាងឯព្រះយ៉ាងដូចម្ដេច?
១៨ បុរសឈ្មោះសូលដែលក្រោយមកបានហៅថាសាវ័កប៉ុល ដំបូងគាត់មានឱកាសទទួលអាជីពមួយដ៏ល្អដែរ។ ប៉ុន្តែក្រោយមក គាត់សរសេរថា៖ «ខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃខ្ញុំ»។ (ភីលីព ៣:៧, ៨) ប៉ុលចាត់ទុកផលប្រយោជន៍ដែលគាត់ទទួលពីព្រះគ្រិស្ត ជាទ្រព្យសម្បត្ដិដែលមានតម្លៃលើសជាងអ្វីៗដែលគាត់អាចទទួលនាសម័យនោះ។ ដូចគ្នាដែរ បើយើងលះបង់មហិច្ឆតាដែលរកតែប្រយោជន៍ខ្លួនឯង ហើយខំបម្រើព្រះយ៉ាងអស់ពីសមត្ថភាព នោះយើងអាចសប្បាយនឹងជីវិតជាមនុស្សដែលព្រះយេហូវ៉ាចាត់ទុកជាអ្នកមាន។ បណ្ដាំរបស់ព្រះធានាថា៖ «ផលនៃសេចក្ដីសុភាពនឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្ដិ កិត្ដិសព្ទ នឹងជីវិត»។—សុភាសិត ២២:៤
តើអ្នកអាចពន្យល់បានទេ?
• ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ តើអ្នកមាននោះបានជួបប្រទះកាលៈទេសៈបែបណាដែលតម្រូវឲ្យគាត់ធ្វើការសម្រេចចិត្ត?
• ហេតុអ្វីក៏ព្រះហៅអ្នកមានក្នុងរឿងនោះថា ជាមនុស្សល្ងីល្ងើ?
• តើយើងអាចមានទ្រព្យសម្បត្ដិខាងឯព្រះក្នុងន័យអ្វី?
• តើយើងអាចមានទ្រព្យសម្បត្ដិខាងឯព្រះដោយរបៀបណា?
[រូបភាពនៅទំព័រ៣១]
ពេលមានឱកាសរៀននិងធ្វើការច្រើនថែមទៀត តើនេះអាចល្បួងយើងយ៉ាងណា?