ចូរ«ខំចៀសពីសេចក្ដីលោភ»ចុះ!
«ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។—លូកា ១២:១៥
១, ២. (ក) តើអ្នកបានកត់សម្គាល់ថា មនុស្សច្រើនតែចាប់អារម្មណ៍ទៅលើអ្វី? និងដេញតាមអ្វី? (ខ) តើទស្សនៈទាំងនេះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
មនុស្សជាច្រើនចាត់ទុកលុយ មុខមាត់ធំ ការងារដែលមានប្រាក់ខែច្រើន និងអចលនវត្ថុផ្សេងៗជាអ្វីដែលបង្ហាញថាខ្លួនបានជោគជ័យក្នុងជីវិត។ ពួកគេក៏ទុកចិត្តទៅលើរបស់ទាំងនេះជាអ្វីដែលធានាឲ្យពួកគេមានអនាគតល្អ មិនមានកង្វល់នៅពេលចាស់។ មិនថានៅប្រទេសជឿនលឿនឬប្រទេសក្រីក្រក៏ដោយ មនុស្សច្រើនតែផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្ដិ និងចេះតែខិតខំឲ្យមានភាពចម្រុងចម្រើនថែមទៀត។ ម្យ៉ាងទៀត មនុស្សបែបនេះយកចិត្តទុកដាក់ចំពោះការគោរពព្រះកាន់តែតិចទៅៗ។
២ ស្ថានភាពនេះគឺសមស្របនឹងអ្វីដែលបានទាយទុកក្នុងគម្ពីរ។ ទំនាយនោះចែងថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់! ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ . . . ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដាដែលមកដោយការគោរពប្រតិបត្ដិនោះទេ»។ (ធីម៉ូថេទី២ ៣:១-៥) ដោយសារគ្រិស្តសាសនិកពិតរស់នៅក្នុងសង្គមមនុស្សដែលសុទ្ធតែមានលក្ខណៈបែបនេះ នោះក៏មានការបង្ខិតបង្ខំរៀងរាល់ថ្ងៃឲ្យពួកគេមានទស្សនៈនិងរបៀបរស់នៅដូចអ្នកដទៃ។ តើអ្វីអាចជួយយើងឲ្យទប់ទល់នឹងឥទ្ធិពលរបស់សម័យនេះដែល‹បង្ខិតបង្ខំយើងឲ្យធ្វើតាមពួកគេ›?—រ៉ូម ១២:២, The New Testament in Modern English របស់លោក J. B. Phillips
៣. តទៅនេះ តើយើងនឹងពិនិត្យមើលឱវាទអ្វីខ្លះរបស់ព្រះយេស៊ូ?
៣ ព្រះយេស៊ូគ្រិស្តជា«មេសំរេចសេចក្ដីជំនឿរបស់យើង» ហើយទ្រង់បានផ្ដល់មេរៀនល្អៗអំពីរបៀបទប់ទល់នឹងឥទ្ធិពលរបស់សម័យនេះ។ (ហេព្រើរ ១២:២) មានគ្រាមួយដែលបុរសម្នាក់បានកាត់ប្រសាសន៍ព្រះយេស៊ូ នៅពេលដែលទ្រង់កំពុងនិយាយទៅកាន់ហ្វូងមនុស្សអំពីការថ្វាយបង្គំពិត។ អ្នកនោះអង្វរសូមព្រះយេស៊ូដោយពាក្យថា៖ «លោកគ្រូ សូមលោកប្រាប់បងខ្ញុំឲ្យគាត់ចែកមរដកមកខ្ញុំផង»។ ពេលតបឆ្លើយ ព្រះយេស៊ូជូនឱវាទសំខាន់ៗចំពោះបុរសនោះនិងអ្នកឯទៀតដែលបានស្ដាប់។ ព្រះយេស៊ូព្រមានពួកគេយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ដែលមកពីការលោភលន់។ រួចមក ព្រះយេស៊ូប្រាប់រឿងប្រៀបប្រដូចមួយដែលជួយពួកគេឲ្យគិតវែងឆ្ងាយអំពីការព្រមានរបស់ទ្រង់។ គួរគប្បីឲ្យយើងយកចិត្តទុកដាក់ដែរ ចំពោះអ្វីដែលព្រះយេស៊ូបង្រៀននៅពេលនោះ ហើយគិតពិចារណាអំពីអត្ថប្រយោជន៍ដែលយើងអាចទទួលពេលធ្វើតាមយោបល់នោះ។—លូកា ១២:១៣-២១
សំណូមពរមួយដែលមិនសមគួរ
៤. ហេតុអ្វីក៏មិនសមគួរឲ្យបុរសនោះកាត់ប្រសាសន៍ព្រះយេស៊ូដូច្នេះ?
៤ ពេលដែលបុរសម្នាក់នោះបានកាត់ប្រសាសន៍ព្រះយេស៊ូ ទ្រង់កំពុងនិយាយទៅកាន់សិស្សទ្រង់និងមនុស្សឯទៀត ឲ្យពួកគេប្រុងប្រយ័ត្ននឹងសេចក្ដីកំពុតឬអំពើពុតត្បុត។ ព្រះយេស៊ូក៏បាននិយាយអំពីសារៈសំខាន់នៃចិត្តក្លាហាន ដើម្បីជួយពួកគេឲ្យទទួលស្គាល់ទ្រង់ជាកូនមនុស្សនៅមុខអ្នកដទៃ ហើយទ្រង់ក៏បានពន្យល់អំពីរបៀបដែលពួកគេអាចទទួលជំនួយពីសកម្មពលរបស់ព្រះ។ (លូកា ១២:១-១២) ព័ត៌មាននោះច្បាស់ជាសំខាន់ណាស់ ហើយគប្បីឲ្យសិស្សទ្រង់យកចិត្តទុកដាក់ស្ដាប់មែន។ ប៉ុន្តែ ពេលដែលព្រះយេស៊ូកំពុងជម្រាបជូនព័ត៌មានដ៏គួរឲ្យត្រិះរិះពិចារណានោះ បុរសម្នាក់បានកាត់ប្រសាសន៍ព្រះយេស៊ូ ដើម្បីសូមឲ្យទ្រង់ជួយដោះស្រាយអ្វីដែលមើលទៅជារឿងជម្លោះរវាងសមាជិកគ្រួសារ ស្តីអំពីការចែកទ្រព្យសម្បត្ដិ។ យ៉ាងណាក៏ដោយ យើងអាចទាញយកមេរៀនសំខាន់មួយពីព្រឹត្ដិការណ៍ទាំងនោះ។
៥. តើសំណូមពររបស់បុរសនោះសឲ្យឃើញថាគាត់មានលក្ខណៈបែបណា?
៥ ធ្លាប់មានគេសរសេរថា៖ «សមត្ថភាពប្រមូលអារម្មណ៍ឬមិនប្រមូលអារម្មណ៍ពេលស្ដាប់កម្មវិធីសាសនា នោះតែងតែសឲ្យឃើញនូវធាតុពិតនៃលក្ខណៈរបស់មនុស្ស»។ ពេលព្រះយេស៊ូកំពុងពន្យល់ចំណុចសំខាន់ៗដែលអាចជួយអ្នកស្ដាប់ឲ្យពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះ តាមមើលទៅបុរសម្នាក់នោះបានគិតអំពីរបៀបរកលុយវិញ។ កំណត់ហេតុក្នុងគម្ពីរមិនបញ្ជាក់ថា បុរសនោះបានរងការអយុត្ដិធម៌ស្តីអំពីមត៌កនោះឬយ៉ាងណាទេ។ ប្រហែលជាគាត់គ្រាន់តែចង់កេងចំណេញពីសិទ្ធិអំណាចរបស់ព្រះយេស៊ូ ដោយព្រោះគាត់ដឹងថាទ្រង់មានកេរ្ដិ៍ឈ្មោះជាអ្នកដែលជំនុំជម្រះរឿងរ៉ាវរបស់មនុស្សដោយប្រាជ្ញា។ (អេសាយ ១១:៣, ៤; ម៉ាថាយ ២២:១៦) មិនថាមានហេតុអ្វីក៏ដោយដែលជំរុញឲ្យគាត់សូមជំនួយនោះ សំណូមពររបស់គាត់សឲ្យឃើញថា គាត់មានលក្ខណៈខ្សោយម្យ៉ាង ពោលគឺ មិនឲ្យតម្លៃចំពោះរឿងដែលទាក់ទងនឹងការថ្វាយបង្គំព្រះ។ អាស្រ័យហេតុនេះ យើងក៏គួរពិនិត្យមើលទស្សនៈរបស់យើងផ្ទាល់ដែរ មែនទេ? ជាឧទាហរណ៍ ពេលនៅកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក ជាការងាយស្រួលឲ្យអារម្មណ៍របស់យើងហោះពីនេះទៅនោះ ទាំងគិតពីអ្វីដែលយើងនឹងធ្វើក្រោយប្រជុំចប់។ ផ្ទុយទៅវិញ យើងគួរយកចិត្តទុកដាក់ស្ដាប់អ្វីដែលថ្លែងជូនក្នុងកម្មវិធីប្រជុំ ហើយគិតពីរបៀបដែលយើងអាចអនុវត្តតាមព័ត៌មាននោះ។ នេះនឹងជួយយើងឲ្យមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ជាបិតារបស់យើងនៅស្ថានសួគ៌ និងជាមួយគ្រិស្តសាសនិកគ្នីគ្នាផងដែរ។—ទំនុកដំកើង ២២:២២; ម៉ាកុស ៤:២៤
៦. ហេតុអ្វីបានជាព្រះយេស៊ូមិនព្រមធ្វើតាមសំណូមពររបស់បុរសនោះ?
៦ មិនថាមានហេតុអ្វីក៏ដោយដែលជំរុញឲ្យអ្នកនោះសូមជំនួយពីព្រះយេស៊ូ ទ្រង់មិនព្រមធ្វើតាមសំណូមពររបស់គាត់ទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូប្រាប់គាត់ថា៖ «ឱអ្នកអើយ! តើអ្នកណាបានតាំងខ្ញុំឲ្យធ្វើជាចៅក្រមសំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?»។ (លូកា ១២:១៤) ពេលព្រះយេស៊ូនិយាយដូច្នេះ ទ្រង់សំដៅទៅលើអ្វីដែលគ្រប់ទាំងបណ្ដាជនដឹងរួចហើយ។ ពួកគេបានដឹងថា ក្រឹត្យវិន័យរបស់លោកម៉ូសេតម្រូវឲ្យគ្រប់ទាំងទីក្រុងមានពួកចៅក្រម ដើម្បីកាត់ក្ដីក្នុងរឿងបែបនោះ។ (ចោទិយកថា ១៦:១៨-២០; ២១:១៥-១៧; នាងរស់ ៤:១, ២) រីឯព្រះយេស៊ូវិញ ទ្រង់តែងតែគិតពីរឿងសំខាន់ជាងនោះទៅទៀត ពោលគឺ ការធ្វើបន្ទាល់ឬផ្សព្វផ្សាយនូវសេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ព្រមទាំងបង្រៀនមនុស្សឲ្យធ្វើតាមបំណងចិត្តទ្រង់។ (យ៉ូហាន ១៨:៣៧) យើងធ្វើតាមគំរូរបស់ព្រះយេស៊ូដែរ ដោយមិនអនុញ្ញាតឲ្យរឿងបន្ទាប់បន្សំបង្វែរចិត្តបំបែរអារម្មណ៍របស់យើងចេញពីការចំណាយពេលនិងកម្លាំងក្នុងការផ្សព្វផ្សាយដំណឹងល្អ និងការ«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។—ម៉ាថាយ ២៤:១៤; ២៨:១៩
ចូរប្រយ័ត្ននឹងការលោភលន់
៧. តើព្រះយេស៊ូបានយល់ធ្លុះជ្រៅអំពីអ្វី?
៧ ព្រះយេស៊ូមានសមត្ថភាពយល់ជម្រៅចិត្តនៃមនុស្ស ដូច្នេះទ្រង់ជ្រាបថា ពេលបុរសនោះសូមទ្រង់ជួយឲ្យធ្វើអន្តរាគមន៍ក្នុងរឿងក្រុមគ្រួសារ សំណូមពរនោះបង្ហាញថាគាត់មានបំណងចិត្តមិនល្អ។ ជាលទ្ធផល ព្រះយេស៊ូមិនគ្រាន់តែអត់ព្រមធ្វើតាមសំណូមពររបស់គាត់ប៉ុណ្ណោះ តែក៏និយាយបញ្ជាក់ពីសន្ដានចិត្តដែលជំរុញឲ្យបុរសនោះសូមជំនួយ។ ព្រះយេស៊ូព្រមានថា៖ «ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភ[«គ្រប់បែបយ៉ាង»]ចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។—លូកា ១២:១៥; ព.ថ.
៨. តើការលោភលន់រួមបញ្ចូលគំនិតបែបណា? តើការលោភលន់អាចនាំមនុស្សឲ្យធ្វើអ្វី?
៨ ការប្រាថ្នាចង់បានលុយនិងរបស់ឯទៀតដែលយើងត្រូវការក្នុងជីវិត ប្រហែលមិនមែនជាការលោភចង់បានទេ។ ក៏ប៉ុន្តែ ស្របទៅតាមវចនានុក្រមមួយ ការ«លោភលន់»ជាការ‹ចង់បានច្រើនហួសពេក› ហើយក៏អាចសំដៅទៅលើការចង់បានកម្មសិទ្ធិរបស់អ្នកឯទៀតដែរ។ នេះក៏រួមបញ្ចូលចំណង់ចំណូលចិត្តដែលចេះតែចង់បានរបស់ទ្រព្យដោយឥតចេះឆ្អែត រួមទាំងការចង់បានកម្មសិទ្ធិរបស់អ្នកដទៃផង។ ទោះជាខ្លួនត្រូវការរបស់ទាំងនោះឬអត់ក្ដី ធម្មតាមនុស្សលោភខំបំពេញចិត្តប្រាថ្នាដោយមិនគិតពីលទ្ធផលដល់អ្នកដទៃ។ ការលោភលន់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគំនិតនិងការប្រព្រឹត្តរបស់អ្នកល្មោភ ដល់ម្ល៉េះបានជាអ្វីដែលគាត់លោភចង់បាននោះ ប្រៀបដូចជាព្រះដែលគាត់គោរព។ សូមនឹកចាំថា សាវ័កប៉ុលហៅមនុស្សលោភជាអ្នកដែលមានការប្រព្រឹត្តប្រហាក់ប្រហែលនឹងការថ្វាយបង្គំរូបព្រះ ហើយមនុស្សបែបនោះមិនអាចរួមចំណែកក្នុងនគរដែលជារាជាណាចក្ររបស់ព្រះបានឡើយ។—អេភេសូរ ៥:៥; កូល៉ុស ៣:៥
៩. តើអំពើណាខ្លះដែលសឲ្យឃើញនូវចិត្តលោភលន់? សូមរៀបរាប់ឧទាហរណ៍ខ្លះ។
៩ គួរឲ្យចាប់អារម្មណ៍ថា ព្រះយេស៊ូបានព្រមានអំពី‹សេចក្ដីលោភគ្រប់បែបយ៉ាង›។ ការលោភលន់មានច្រើនបែបច្រើនយ៉ាង។ ក្រឹត្យទី១០ក្នុងចំណោមវិន័យទាំង១០ប្រការរបស់ព្រះចែងថា៖ «កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្ដី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។ (និក្ខមនំ ២០:១៧) មានគំរូជាច្រើនក្នុងគម្ពីរ ស្តីអំពីមនុស្សដែលបានធ្វើអំពើបាបធ្ងន់ធ្ងរដោយព្រោះមានចិត្តលោភលន់ម្យ៉ាង។ សាតាំងជាអ្នកមុនគេបង្អស់ដែលលោភចង់បានអ្វីដែលជាកម្មសិទ្ធិរបស់អ្នកដទៃ។ វាចង់បានសិរីរុងរឿង កិត្ដិនាមនិងអំណាចដែលជារបស់ផងព្រះយេហូវ៉ាប៉ុណ្ណោះ។ (វិវរណៈ ៤:១១) នាងអេវ៉ាមានចិត្តលោភចង់បានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង។ ពេលនាងចាញ់បញ្ឆោតសាតាំង នេះបាននាំឲ្យមនុស្សជាតិទទួលបាបនិងសេចក្ដីស្លាប់។ (លោកុប្បត្តិ ៣:៤-៧) ពួកទេវតាដែលកាន់ជើងសាតាំង«មិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ» ដោយព្រោះតែចង់បានអ្វីដែលគេគ្មានសិទ្ធិទទួល។ (យូដាស ៦; លោកុប្បត្តិ ៦:២) សូមគិតដែរ អំពីបុរសឈ្មោះបាឡាម អេកាន កេហាស៊ីនិងយូដាស។ ជាជាងមានចិត្តស្កប់ស្កល់ ពួកគេអនុញ្ញាតឲ្យចិត្តលោភចង់បានទ្រព្យសម្បត្ដិហួសហេតុពេក ជំរុញឲ្យពួកគេបំពានសិទ្ធិអំណាចរបស់ខ្លួន ដែលនាំឲ្យរលំដួលទាំងវិនាសទៅផង។
១០. ស្របទៅតាមដំបូន្មានរបស់ព្រះយេស៊ូ តើយើងត្រូវតែ«ប្រយ័ត»ដោយធ្វើអ្វី?
១០ គប្បីណាស់ដែលមុនព្រះយេស៊ូព្រមានអំពីការលោភលន់ ទ្រង់លាន់មាត់ថា៖ «ចូរប្រយ័ត!»។ ហេតុអ្វីក៏គប្បីឲ្យទ្រង់និយាយដូច្នេះ? គឺពីព្រោះជាការងាយស្រួលឲ្យមនុស្សកត់សម្គាល់អំពើរបស់អ្នកដទៃដែលបង្ហាញពីចិត្តលោភ តែកម្រណាស់ដែលមនុស្សទទួលស្គាល់ថាខ្លួនមានចិត្តលោភវិញ។ សាវ័កប៉ុលបញ្ជាក់ថា៖ «ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង»។ (ធីម៉ូថេទី១ ៦:៩, ១០) លោកយ៉ាកុបក៏ពន្យល់ថា កាលណាសេចក្ដីប៉ងប្រាថ្នាមិនល្អ«ជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប»។ (យ៉ាកុប ១:១៥) ដូច្នេះ ស្របទៅតាមដំបូន្មានរបស់ព្រះយេស៊ូ យើងត្រូវតែ«ប្រយ័ត»ខ្លួនឯង មិនមែនពិនិត្យមើលអ្នកដទៃដោយចង់ដឹងថា តើគាត់មានចិត្តលោភឬទេ? តែគប្បីឲ្យយើងពិនិត្យមើលចិត្តរបស់ខ្លួនយើងផ្ទាល់ ដើម្បីឲ្យដឹងថាតើយើង‹ខំចៀសពីសេចក្ដីលោភគ្រប់បែបយ៉ាង›ឬយ៉ាងណា?
ជីវិតនិងទ្រព្យសម្បត្ដិជាបរិបូរ
១១, ១២. (ក) តើព្រះយេស៊ូព្រមានយ៉ាងណាអំពីការលោភលន់? (ខ) ហេតុអ្វីក៏ចាំបាច់ឲ្យយើងធ្វើតាមការព្រមានរបស់ព្រះយេស៊ូ?
១១ មានមូលហេតុមួយទៀតដែលយើងត្រូវតែប្រយ័ត្ននឹងការលោភលន់។ សូមកត់សម្គាល់អ្វីដែលព្រះយេស៊ូប្រាប់តទៅទៀតថា៖ «ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ (លូកា ១២:១៥) ដោយគិតពីវត្ថុនិយមនាសម័យនេះ និងទស្សនៈនិយមដែលថា សុភមង្គលនិងជោគជ័យក្នុងជីវិតតែងទាក់ទិននឹងភាពចម្រុងចម្រើន ហើយភាពសម្បូរហូរហៀរ នោះគប្បីឲ្យយើងយកពាក្យរបស់ព្រះយេស៊ូមកគិតពិចារណាឲ្យបានវែងឆ្ងាយ។ ពេលនិយាយដូច្នេះ ព្រះយេស៊ូចង់បញ្ជាក់ថា ជីវភាពរស់នៅដែលមានខ្លឹមសារហើយនាំឲ្យមានចិត្តស្កប់ស្កល់ នោះមិនមកពីវត្ថុទ្រព្យ ឬពឹងផ្អែកទៅលើទ្រព្យសម្បត្ដិសោះឡើយ។
១២ មនុស្សខ្លះមិនឯកភាពទេ។ ពួកគេលើកហេតុផលថា បើយើងមានទ្រព្យសម្បត្ដិច្រើន យើងក៏អាចសប្បាយនឹងជីវិតស្រណុកស្រួល ដូច្នេះជីវិតក៏មានខ្លឹមសារច្រើនជាងដែរ។ ជាលទ្ធផល ពួកគេខំរកអាជីពដែលហុចឱកាសឲ្យពួកគេទិញរបស់សព្វសារពើតាមតែចិត្តប្រាថ្នា។ ពួកគេគិតថា នេះនឹងនាំឲ្យបានជីវិតសប្បាយ។ ប៉ុន្តែ ពេលគិតគូរបែបនេះ ពួកគេមិនអាចយល់នូវអត្ថន័យពិតនៃពាក្យរបស់ព្រះយេស៊ូឡើយ។
១៣. ដើម្បីសឲ្យឃើញនូវគំនិតនឹងធឹង តើយើងគួរមានទស្សនៈបែបណាចំពោះជីវិតនិងកម្មសិទ្ធិ?
១៣ ព្រះយេស៊ូនិយាយពាក្យទាំងនោះ មិនមែនដោយមានបំណងវិនិច្ឆ័យថា មានទ្រព្យសម្បត្ដិយ៉ាងច្រើនជាអ្វីដែលខុស ឬមិនជាការខុសនោះទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូចង់បញ្ជាក់ថា ជីវិតរបស់មនុស្សមិនពឹងផ្អែកទៅលើ«ទ្រព្យសម្បត្ដិ»ដែលពួកគេមាន។ យើងរាល់គ្នាដឹងថា យើងមិនត្រូវការច្រើនប៉ុន្មានទេ ដើម្បីចិញ្ចឹមជីវិត។ យើងត្រូវការតែម្ហូបបន្ដិចបន្តួច សម្លៀកបំពាក់និងកន្លែងសម្រាកប៉ុណ្ណោះ។ មនុស្សដែលមានសម្បូរហូរហៀរ មានរបស់ទាំងនោះយ៉ាងបរិបូរ ហើយមនុស្សក្រីក្រត្រូវព្យាយាមទាំងលំបាកដើម្បីឲ្យបានរបស់តិចតួច។ ប៉ុន្តែ មិនថាមនុស្សមានច្រើនឬខ្វះខាតក្ដី ពួកគេស្មើភាពគ្នានៅពេលស្លាប់ ពីព្រោះពេលនោះពួកគេទាំងអស់គ្នាទៅជាសូន្យវិញ។ (សាស្ដា ៩:៥, ៦) ដូច្នេះ ជីវិតដែលមានខ្លឹមសារនិងតម្លៃ មិនអាច ហើយក៏មិនគួរអាស្រ័យទៅលើរបស់របរដែលយើងប្រមូលទុកជាកម្មសិទ្ធិឡើយ។ យើងអាចយល់ចំណុចនេះយ៉ាងច្បាស់បាន ពេលយើងពិនិត្យមើលថា តើព្រះយេស៊ូបាននិយាយអំពីជីវិតក្នុងន័យអ្វី?
១៤. ពេលដឹងអត្ថន័យពិតនៃពាក្យភាសាដើមក្នុងគម្ពីរដែលបកប្រែថា «ជីវិត» តើយើងអាចយល់យ៉ាងណា?
១៤ ពេលដែលព្រះយេស៊ូមានប្រសាសន៍ថា៖ «ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ» ពាក្យភាសាក្រិច (ហ្សូអេ) ក្នុងសៀវភៅលូកាដែលបកប្រែថា «ជីវិត»នោះ មិនសំដៅទៅលើរបៀបរស់នៅឬគន្លងជីវិតទេ តែសំដៅទៅលើជីវិតឬការរស់នៅតែម្ដង។a ព្រះយេស៊ូចង់បញ្ជាក់ថា មិនថាយើងមានរបៀបរស់នៅដ៏សប្បាយហ៊ឺហា ឬចេះតែខំរកស៊ីទាំងលំបាកក្ដី យើងមិនអាចកំណត់ដោយខ្លួនឯងថា យើងនឹងរស់ច្រើនឆ្នាំទៀត ឬផុតដង្ហើមទៅនៅថ្ងៃស្អែកនោះទេ។ ក្នុងធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំ ទ្រង់មានប្រសាសន៍ថា៖ «តើមានអ្នកឯណាដែលអាច[«បង្កើនអាយុរបស់»]ខ្លួន១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ?»។ (ម៉ាថាយ ៦:២៧; ខ.ស.) គម្ពីរបង្ហាញថា មានតែព្រះយេហូវ៉ាប៉ុណ្ណោះ ជា«ជ្រោះ[ឬ«ប្រភព»]នៃជីវិត»។ មានតែព្រះយេហូវ៉ាទេ ដែលអាចប្រទានឲ្យមនុស្សស្មោះត្រង់នូវ«ជីវិតអស់កល្បជានិច្ច»ដែលគ្មានទីបញ្ចប់ មិនថានៅឯស្ថានសួគ៌ឬនៅផែនដីក្ដី។—ទំនុកដំកើង ៣៦:៩; ៣៦:១០, ខ.ស.; ធីម៉ូថេទី១ ៦:១២, ១៩
១៥. ហេតុអ្វីក៏មនុស្សជាច្រើនទុកចិត្តទៅលើទ្រព្យសម្បត្ដិ?
១៥ ពាក្យរបស់ព្រះយេស៊ូបង្ហាញថា ជាការងាយស្រួលណាស់ ឲ្យមនុស្សមានទស្សនៈខុសឆ្គងស្តីអំពីជីវិត។ មិនថាជាអ្នកមានឬក្រក្ដី គ្មានមនុស្សណាសោះមានភាពល្អឥតខ្ចោះ ដូច្នេះនៅទីបំផុត យើងរាល់គ្នាទៅកន្លែងដដែល។ លោកម៉ូសេពីសម័យបុរាណបានកត់សម្គាល់ថា៖ «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាកនឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់»។ (ទំនុកដំកើង ៩០:១០; យ៉ូប ១៤:១, ២; ពេត្រុសទី១ ១:២៤) អាស្រ័យហេតុនេះ បើមនុស្សមិនបណ្ដុះឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះ ពួកគេច្រើនតែមានចិត្តគំនិតស្របទៅតាមអ្វីដែលសាវ័កប៉ុលសរសេរថា៖ «ចូរយើងស៊ីផឹកទៅចុះ! ដ្បិតស្អែកយើងត្រូវស្លាប់ហើយ»។ (កូរិនថូសទី១ ១៥:៣២) ចំពោះមនុស្សឯទៀត ពេលដែលពួកគេយល់ថា អាយុជីវិតមិនតែងតែប្រាកដប្រជា ហើយក៏អាចឆាប់បាត់ទៅផងដែរនោះ ពួកគេរកទ្រព្យសម្បត្ដិជាទីពឹងដើម្បីឲ្យបានសេចក្ដីសុខនិងស្ថិរភាព។ ពួកគេមានអារម្មណ៍ថា របស់ទ្រព្យនឹងជួយបំបាត់កង្វល់។ ជាលទ្ធផល ពួកគេខិតខំប្រមូលទ្រព្យធនឲ្យបានបរិបូរ ដោយមានគំនិតឆ្គងថា របស់ទាំងនោះនាំឲ្យមានសុភមង្គលនិងភាពសុខសាន្ត។—ទំនុកដំកើង ៤៩:៦, ១១, ១២
អនាគតល្អមិនមានកង្វល់
១៦. តើជីវិតដែលពិតជាមានតម្លៃមិនអាស្រ័យទៅលើអ្វី?
១៦ បើយើងមានម្ហូបអាហារជាបរិបូរ សម្លៀកបំពាក់ស្អាតៗ ផ្ទះសំបែងធំទូលាយនិងឧបករណ៍ទំនើបៗជាច្រើន នេះច្បាស់ជានាំឲ្យមានជីវិតស្រណុកស្រួលមែន។ ណាមួយទៀត បើមានលុយច្រើន យើងក៏អាចរកគ្រូពេទ្យល្អដើម្បីទទួលការព្យាបាលយ៉ាងប្រណីតបាន ហើយនេះប្រហែលជាអាចចម្រើនអាយុឲ្យយើងមែន។ ប៉ុន្តែ តើជីវិតបែបនោះពិតជាមានខ្លឹមសារច្រើនជាង ឬបំបាត់កង្វល់ឲ្យអស់មែនទេ? តាមពិត ជីវិតដែលពិតជាមានតម្លៃ មិនស្រេចទៅលើអាយុយឺនយូរនិងរបស់របរជាច្រើនដែលនាំឲ្យបានសប្បាយនោះទេ។ សាវ័កប៉ុលបានព្រមានអំពីការទុកចិត្តហួសហេតុពេកទៅលើរបស់ទាំងនោះ។ គាត់សរសេរជូនចំពោះប្អូនប្រុសឈ្មោះធីម៉ូថេថា៖ «ចូរហាមប្រាមដល់ពួកអ្នកមាននៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្ដិដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។—ធីម៉ូថេទី១ ៦:១៧
១៧, ១៨. (ក) ស្តីអំពីទស្សនៈរបស់យើងចំពោះទ្រព្យសម្បត្ដិ តើយើងគួរធ្វើតាមគំរូល្អរបស់អ្នកណាខ្លះ? (ខ) ក្នុងអត្ថបទបន្ទាប់ តើយើងនឹងពិនិត្យមើលពាក្យប្រៀបប្រដូចមួយណារបស់ព្រះយេស៊ូ?
១៧ ការទុកចិត្តទៅលើទ្រព្យសម្បត្ដិមិនតែងតែមានប្រយោជន៍ ពីព្រោះរបស់ទាំងនោះសុទ្ធតែ«មិនទៀង»។ លោកយ៉ូបពីសម័យបុរាណជាអ្នកមានស្តុកស្តម្ភ ប៉ុន្តែ ក្នុងមួយរំពេច ពេលមានគ្រោះមហន្តរាយ គាត់បាត់បង់អស់របស់ទាំងនោះ។ ទ្រព្យសម្បត្ដិទាំងឡាយមិនបានជួយគាត់ទាល់តែសោះ។ មានតែចំណងមិត្តភាពជិតស្និទ្ធដែលគាត់មានជាមួយនឹងព្រះយេហូវ៉ា ដែលជួយគាត់ឲ្យស៊ូទ្រាំនឹងទុក្ខវេទនាទាំងឡាយ។ (យ៉ូប ១:១, ៣, ២០-២២) ពេលដែលព្រះយេហូវ៉ាសូមឲ្យលោកអ័ប្រាហាំនៅសម័យបុរាណធ្វើការដ៏ពិបាកមួយ គាត់មិនអនុញ្ញាតឲ្យទ្រព្យសម្បត្ដិជាបរិបូររំខានគាត់ទេ។ ជាលទ្ធផល គាត់ទទួលឯកសិទ្ធិក្លាយជា«ឪពុកនៃសាសន៍ជាច្រើន»។ (លោកុប្បត្តិ ១២:១, ៤; ១៧:៤-៦) បុរសទាំងនេះនិងអ្នកឯទៀតផងដែរ បានតាំងគំរូល្អសម្រាប់យើង។ មិនថាយើងមានវ័យចាស់ឬនៅក្មេងនៅឡើយ យើងត្រូវតែពិនិត្យមើលទស្សនៈរបស់ខ្លួនយើងថា តើអ្វីមានអាទិភាពក្នុងជីវិត? ហើយតើយើងទុកចិត្តទៅលើអ្វី?—អេភេសូរ ៥:១០; ភីលីព ១:១០
១៨ ព្រះយេស៊ូមិនបាននិយាយវែងឆ្ងាយអំពីការលោភលន់ទេ តែអ្វីដែលទ្រង់បង្រៀនពិតជាមានខ្លឹមសារនិងប្រយោជន៍មែន ស្តីអំពីទស្សនៈត្រឹមត្រូវដែលយើងគួរមានចំពោះជីវិត។ យ៉ាងណាក្ដី ព្រះយេស៊ូនៅតែមានការណែនាំថែមទៀត ហើយតទៅទៀតទ្រង់បានរៀបរាប់រឿងប្រៀបប្រដូចមួយអំពីបុរសអ្នកមានម្នាក់ ដែលទ្រង់ហៅថា ជាមនុស្សល្ងីល្ងើវិញ។ តើរឿងប្រៀបប្រដូចនោះទាក់ទងយ៉ាងណាទៅនឹងជីវិតយើងនៅសព្វថ្ងៃនេះ? តើយើងអាចទាញយកមេរៀនអ្វីពីរឿងនោះ? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។
[កំណត់សម្គាល់]
a វចនានុក្រមមួយដែលបកស្រាយអត្ថន័យពាក្យក្នុងគម្ពីរពន្យល់ថា ភាសាក្រិចមានពាក្យមួយទៀត គឺប៊ីអូស ដែលមិនបកប្រែថា «ជីវិត»ប៉ុណ្ណោះទេ តែអាចសំដៅទៅលើ«អំឡុងជីវិត» «របៀបរស់នៅ»និង«ការផ្គត់ផ្គង់ជីវិត»ដែរ (Vine’s Expository Dictionary of Old and New Testament Words)។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងអាចទាញយកមេរៀនអ្វីពីចម្លើយរបស់ព្រះយេស៊ូ ពេលទ្រង់មិនព្រមធ្វើតាមសំណូមពររបស់បុរសម្នាក់ដែលស្ថិតនៅក្នុងហ្វូងមនុស្ស?
• ហេតុអ្វីបានជាយើងត្រូវខំជៀសពីសេចក្ដីលោភ? តើយើងអាចជៀសពីសេចក្ដីលោភយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏ជីវិតមិនស្រេចនឹងទ្រព្យសម្បត្ដិ?
• តើអ្វីអាចនាំឲ្យបានជីវិតដែលពិតជាមានខ្លឹមសារហើយអស់កង្វល់?
[រូបភាពនៅទំព័រ២៦]
តើលោកអ័ប្រាហាំបានធ្វើអ្វីដែលបង្ហាញថា គាត់មានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្ដិ?