«ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា!»
«ដោយសារការទាំងអស់នោះនឹងត្រូវរំលាយសាបសូន្យទៅ ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ!»។—២ពេ. ៣:១១
១. ហេតុអ្វីសំបុត្រទី២របស់ពេត្រុសគឺជាការដាស់តឿនដែលទាន់ពេលសម្រាប់គ្រិស្តសាសនិកនៅសម័យគាត់?
ពេលព្រះបានដឹកនាំសាវ័កពេត្រុសឲ្យសរសេរសំបុត្រទី២របស់គាត់ ក្រុមជំនុំគ្រិស្តសាសនិកបានស៊ូទ្រាំការបៀតបៀនជាច្រើនរួចទៅហើយ តែនេះមិនបានធ្វើឲ្យចិត្តខ្នះខ្នែងឬជំនឿនរបស់ក្រុមជំនុំចុះខ្សោយទេ។ ដូច្នេះមេកំណាចប្រើឧបាយកលផ្សេងទៀត ដែលបានជោគជ័យច្រើនដងពីមុន។ ដូចពេត្រុសបានបង្ហាញ សាថានបានខំបង្ខូចចិត្តគំនិតរបស់រាស្ត្រព្រះដោយប្រើគ្រូក្លែងក្លាយដែលមាន«ភ្នែកពោរពេញទៅដោយការផិតក្បត់» និង«ចិត្តរបស់ពួកគេបានត្រូវបង្ហាត់ខាងសេចក្ដីលោភ»។ (២ពេ. ២:១-៣, ១៤; យូ. ៤) ហេតុនេះ សំបុត្រទី២របស់ពេត្រុសជាការដាស់តឿនស្មោះអស់ពីចិត្តឲ្យរក្សាសេចក្ដីស្មោះត្រង់ចំពោះព្រះ។
២. តើពេត្រុសទី២ជំពូកទី៣ផ្ដោតទៅលើអ្វីខ្លះ? ហើយតើយើងគួរសួរខ្លួនយើងសំណួរអ្វីខ្លះ?
២ ពេត្រុសបានសរសេរថា៖ «ខ្ញុំគិតថាជាការត្រឹមត្រូវដែលខ្ញុំដាស់តឿនអ្នករាល់គ្នាដោយការរំលឹក ដរាបណាដែលខ្ញុំនៅក្នុងត្រសាលនេះ ដោយដឹងថា មិនយូរទៀតខ្ញុំត្រូវលះចោលត្រសាលនេះ . . . ដូច្នេះ ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាព។ យ៉ាងនោះ ក្រោយពីខ្ញុំបានចាកចេញហើយ អ្នករាល់គ្នាអាចរំលឹកគ្នាអំពីការទាំងនេះគ្រប់ពេលវេលា»។ (២ពេ. ១:១៣-១៥, កំណត់សម្គាល់) ពិតមែន ពេត្រុសដឹងថាគាត់ហៀបនឹងស្លាប់ តែគាត់ចង់ឲ្យគ្រិស្តសាសនិកចាំការរំលឹកដ៏ទាន់ពេលរបស់គាត់។ សព្វថ្ងៃយើងចាំការរំលឹករបស់គាត់មែន ពីព្រោះយើងទាំងអស់គ្នាអាចអានការរំលឹកនោះក្នុងគម្ពីរបរិសុទ្ធ។ ជាពិសេសយើងចាប់អារម្មណ៍នឹងជំពូកទី៣នៃសំបុត្រទី២របស់ពេត្រុស ដោយសារជំពូកនោះផ្ដោតទៅលើ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកសព្វថ្ងៃនេះ ព្រមទាំងមេឃនិងផែនដីក្នុងន័យធៀបដែលនឹងទទួលសេចក្ដីហិនវិនាស។ (២ពេ. ៣:៣, ៧, ១០) តើពេត្រុសផ្ដល់ដំបូន្មានអ្វីសម្រាប់យើង? តើការធ្វើតាមដំបូន្មានរបស់គាត់ជួយយើងយ៉ាងដូចម្ដេចដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើង?
៣, ៤. (ក) តើពេត្រុសបានប្រើពាក្យឧទានអ្វី? ហើយតើគាត់ព្រមានអំពីអ្វីខ្លះ? (ខ) តើយើងនឹងពិចារណាចំណុចបីណាខ្លះ?
៣ ក្រោយពីបានរៀបរាប់អំពីការរលាយសាបសូន្យនៃពិភពលោករបស់សាថាន ពេត្រុសបានពោលថា៖ «ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ!»។ (២ពេ. ៣:១១, ១២) តាមមើលទៅ ពាក្យសម្ដីរបស់គាត់មិនមែនជាសំណួរទេ តែជាពាក្យឧទានវិញ។ ពេត្រុសដឹងថាមានតែពួកអ្នកដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហើយបង្ហាញចរិតលក្ខណៈដែលលោកពេញចិត្តប៉ុណ្ណោះ ដែលនឹងរួចជីវិតក្នុង«ថ្ងៃ . . . សងសឹក»របស់ព្រះដែលនឹងមាននៅថ្ងៃខាងមុខនេះ។ (អេ. ៦១:២) យ៉ាងនេះ សាវ័កពេត្រុសបន្ថែមថា៖ «ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាដឹងអំពីការទាំងនេះជាមុន ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកបំពានច្បាប់[គ្រូក្លែងក្លាយ]ទាំងនោះ នាំអ្នករាល់គ្នាចេញទៅដោយការបោកបញ្ឆោតរបស់ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន»។—២ពេ. ៣:១៧
៤ ដោយសារពេត្រុសស្ថិតក្នុងចំណោមពួកអ្នកដែល«ដឹងអំពីការទាំងនេះជាមុន» គាត់ដឹងថានៅគ្រាចុងក្រោយបង្អស់ គ្រិស្តសាសនិកនឹងត្រូវប្រុងប្រយ័ត្នលើសធម្មតា ដើម្បីរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់ពួកគេ។ ក្រោយមក សាវ័កយ៉ូហានពន្យល់យ៉ាងច្បាស់អំពីមូលហេតុដែលគ្រិស្តសាសនិកត្រូវប្រុងប្រយ័ត្ន។ គាត់បានឃើញក្នុងគំនិតថាសាថានបានត្រូវបណ្ដេញចេញពីស្ថានសួគ៌ ហើយវាមាន«កំហឹងយ៉ាងខ្លាំង»ប្រឆាំងនឹងពួកអ្នកដែល«កាន់តាមបញ្ញត្ដិរបស់ព្រះ»និង«ដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ»។ (បប. ១២:៩, ១២, ១៧) អ្នកបម្រើដ៏ស្មោះភក្ដីរបស់ព្រះដែលលោកបានរើសតាំង រួមទាំងពួក«ចៀមឯទៀត»ដ៏ស្មោះត្រង់ ដែលជាគូកនរបស់ពួកគេ នឹងមិនចុះចាញ់សាថានទេ។ (យ៉ូន. ១០:១៦) ប៉ុន្តែចុះយើងម្នាក់ៗវិញ? តើយើងនឹងរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងឬទេ? យើងអាចធ្វើដូច្នេះបានបើយើងព្យាយាម (១) បណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត (២) រក្សាខ្លួនជាមនុស្សដែល«ឥតស្នាមប្រឡាក់»និង«ស្អាតស្អំ»ខាងសីលធម៌និងខាងការគោរពប្រណិប័តន៍ព្រះ (៣) មានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក។ សូមឲ្យយើងពិចារណាចំណុចទាំងនេះ។
ចូរបណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត
៥, ៦. តើយើងត្រូវខំប្រឹងបណ្ដុះគុណសម្បត្ដិអ្វីខ្លះ? ហើយហេតុអ្វីយើងត្រូវ«ខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត»ដើម្បីបណ្ដុះគុណសម្បត្ដិទាំងនោះ?
៥ នៅដើមសំបុត្រទី២របស់ប៉ូល គាត់បានសរសេរថា៖ «ចូរអ្នករាល់គ្នាតបស្នងសងគុណលោក ដោយខំប្រឹងយ៉ាងស្មោះអស់ពីចិត្តដើម្បីបន្ថែមគុណធម៌ទៅលើជំនឿរបស់អ្នករាល់គ្នា បន្ថែមចំណេះទៅលើគុណធម៌របស់អ្នករាល់គ្នា បន្ថែមការទប់ចិត្តទៅលើចំណេះរបស់អ្នករាល់គ្នា បន្ថែមការស៊ូទ្រាំទៅលើការទប់ចិត្ត បន្ថែមភក្ដីភាពចំពោះព្រះទៅលើការស៊ូទ្រាំ បន្ថែមការរាប់អានគ្នាជាបងប្អូនទៅលើភក្ដីភាពចំពោះព្រះ បន្ថែមសេចក្ដីស្រឡាញ់ទៅលើការរាប់អានគ្នាជាបងប្អូន។ ព្រោះប្រសិនបើអ្នករាល់គ្នាមានលក្ខណៈទាំងនោះជាបរិបូរ លក្ខណៈទាំងនោះនឹងការពារមិនឲ្យអ្នករាល់គ្នាក្លាយទៅជាអសកម្មទេ ឬឥតផលក្នុងរបៀបដែលអ្នករាល់គ្នាប្រើចំណេះត្រឹមត្រូវអំពីលោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង»។—២ពេ. ១:៥-៨
៦ ពិតមែន យើងត្រូវ«ខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត»ដើម្បីចូលរួមក្នុងកិច្ចការដែលជួយយើងបណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត។ ជាឧទាហរណ៍ យើងត្រូវខំប្រឹងដើម្បីទៅកិច្ចប្រជុំទាំងអស់របស់គ្រិស្តសាសនិក អានគម្ពីររាល់ថ្ងៃ ហើយមានកម្មវិធីល្អក្នុងការសិក្សាដោយខ្លួនឯង។ ម្យ៉ាងទៀត នេះប្រហែលជាតម្រូវឲ្យមានការខំប្រឹងប្រែង គួបផ្សំនឹងការរៀបចំកាលវិភាគយ៉ាងល្អដើម្បីមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដែលទៀងទាត់ នាំឲ្យសប្បាយ និងស៊ីជម្រៅ។ ប៉ុន្តែកាលណាយើងមានទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ នោះងាយស្រួលឲ្យយើងរក្សាទម្លាប់ល្អនោះ ជាពិសេសពេលយើងទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
៧, ៨. (ក) តើបងប្អូនខ្លះបាននិយាយយ៉ាងណាអំពីល្ងាចដែលមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ? (ខ) តើអ្នកកំពុងទទួលប្រយោជន៍យ៉ាងដូចម្ដេចពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
៧ ស្តីអំពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ បងស្រីម្នាក់បានសរសេរថា៖ «តាមរយៈកម្មវិធីនេះ យើងអាចរៀនប្រធានបទជាច្រើន»។ បងស្រីម្នាក់ទៀតបានពោលថា៖ «បើនិយាយឲ្យត្រង់ទៅ ខ្ញុំចង់ឲ្យការសិក្សាសៀវភៅតាមក្រុមមានរហូត ព្រោះខ្ញុំចូលចិត្តកិច្ចប្រជុំនោះជាងគេបំផុត។ ប៉ុន្តែឥឡូវយើងមានល្ងាចមួយដែលយើងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ហើយខ្ញុំឃើញថាព្រះយេហូវ៉ាជ្រាបពីអ្វីដែលយើងត្រូវការនិងពេលណាដែលយើងត្រូវការ»។ មេគ្រួសារម្នាក់និយាយថា៖ «ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារបានជួយយើងច្រើនណាស់។ ការមានប្រជុំមួយដែលយើងអាចប្រែប្រួលតាមសេចក្ដីត្រូវការរបស់យើងជាគូស្វាមីភរិយាគឺល្អណាស់! យើងទាំងពីរនាក់មានអារម្មណ៍ថា យើងបានបង្ហាញកាន់តែប្រសើរឡើងនូវផលដែលបង្កើតដោយសកម្មពលបរិសុទ្ធ ហើយយើងកំពុងមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ»។ មេគ្រួសារម្នាក់ទៀតមានវាចាថា៖ «ឥឡូវកូនៗស្រាវជ្រាវដោយខ្លួនឯង ថែមទាំងបានរៀនអ្វីៗជាច្រើន ហើយពួកគេសប្បាយចិត្តធ្វើដូច្នេះ។ ការរៀបចំនេះនាំឲ្យយើងមានទំនុកចិត្តកាន់តែខ្លាំងថាព្រះយេហូវ៉ាដឹងអំពីកង្វល់របស់យើង ហើយធ្វើតាមសេចក្ដីអធិដ្ឋានរបស់យើង»។ តើអ្នកមានអារម្មណ៍ដូចគ្នាទេស្តីអំពីការរៀបចំដ៏ល្អអស្ចារ្យនេះរបស់ព្រះ?
៨ កុំឲ្យអ្វីៗដែលមិនសូវសំខាន់រារាំងការគោរពប្រណិប័តន៍របស់យើងជាក្រុមគ្រួសារ។ ស្វាមីភរិយាមួយគូស្រដីថា៖ «ក្នុងបួនសប្ដាហ៍ចុងក្រោយ រាល់យប់ថ្ងៃព្រហស្បតិ៍ មានអ្វីៗកើតឡើងក្នុងគ្រួសាររបស់យើងដែលហៀបនឹងបញ្ឈប់យើងកុំឲ្យមានការសិក្សា ប៉ុន្តែយើងមិនឲ្យអ្វីៗទាំងនោះរារាំងយើងទេ»។ ជួនកាល អ្នកប្រហែលជាត្រូវលើកការសិក្សានោះទៅធ្វើនៅពេលផ្សេង។ ក៏ប៉ុន្តែ សូមតាំងចិត្តមិនលុបចោលការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅល្ងាចមួយ សូម្បីតែមួយសប្ដាហ៍ក៏ដោយ!
៩. តើព្រះយេហូវ៉ាទំនុកបម្រុងអ្វីដល់យេរេមា? ហើយតើយើងអាចទាញមេរៀនអ្វីពីគំរូរបស់គាត់?
៩ យេរេមាជាអ្នកប្រកាសទំនាយ គឺជាគំរូល្អមួយសម្រាប់យើង។ គាត់ត្រូវការបណ្ដាំរបស់ព្រះដែលប្រៀបដូចជាអាហារដែលគាត់ទទួលពីលោក ហើយគាត់ដឹងគុណលោកយ៉ាងខ្លាំង។ បណ្ដាំនោះជួយគាត់ឲ្យស៊ូទ្រាំផ្សព្វផ្សាយដល់មនុស្សដែលមិនព្រមស្ដាប់។ គាត់បានពោលថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ា . . . កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ»។ (យេ. ២០:៨, ៩) បណ្ដាំរបស់ព្រះក៏បានជួយគាត់ឲ្យស៊ូទ្រាំក្នុងគ្រាលំបាកដែលនៅទីបំផុតនាំទៅដល់ការបំផ្លាញចោលក្រុងយេរូសាឡិម។ សព្វថ្ងៃនេះ យើងមានបណ្ដាំទាំងមូលរបស់ព្រះជាលាយលក្ខណ៍អក្សរ។ ដូចយេរេមាដែរ កាលណាយើងឧស្សាហ៍សិក្សាបណ្ដាំរបស់ព្រះ ហើយមានទស្សនៈដូចព្រះស្តីអំពីរឿងផ្សេងៗ នោះយើងនឹងអាចស៊ូទ្រាំដោយមានអំណរក្នុងកិច្ចបម្រើផ្សាយ ហើយយើងនៅស្មោះត្រង់ពេលមានទុក្ខលំបាក ថែមទាំងរក្សាភាពស្អាតស្អំខាងសីលធម៌និងខាងការគោរពប្រណិប័តន៍ព្រះ។—យ៉ា. ៥:១០
ចូររក្សាខ្លួនជាមនុស្សដែល«ឥតស្នាមប្រឡាក់» និង«ស្អាតស្អំ»
១០, ១១. ហេតុអ្វីយើងត្រូវខំអស់ពីសមត្ថភាពដើម្បីរក្សាខ្លួនជាមនុស្សដែល«ឥតស្នាមប្រឡាក់»និង«ស្អាតស្អំ»? ហើយតើនេះតម្រូវអ្វីពីយើង?
១០ ក្នុងនាមជាគ្រិស្តសាសនិក យើងដឹងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។ អាស្រ័យហេតុនេះ យើងមិនភ្ញាក់ផ្អើលទេដែលពិភពលោកនេះវក់នឹងអ្វីៗដែលព្រះយេហូវ៉ាស្អប់ ដូចជាការលោភលន់ អំពើអាក្រក់ជួជាតិខាងផ្លូវភេទនិងអំពើឃោរឃៅ។ យើងអាចសង្ខេបយុទ្ធសាស្ត្ររបស់សាថានថា៖ ‹បើមិនអាចធ្វើឲ្យអ្នកបម្រើព្រះភ័យរន្ធត់ ប្រហែលជាអាចបង្ខូចចិត្តគំនិតរបស់ពួកគេបាន›។ (បប. ២:១៣, ១៤) ដូច្នេះ យើងត្រូវធ្វើតាមការដាស់តឿនប្រកបដោយសេចក្ដីស្រឡាញ់របស់ពេត្រុសដែលថា៖ «ចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុត[ព្រះ]នឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្ដិភាព»។—២ពេ. ៣:១៤
១១ ឃ្លាដែលថា«ចូរខំអស់ពីសមត្ថភាព»គឺស្រដៀងគ្នានឹងពាក្យដាស់តឿនរបស់ពេត្រុសនៅដើមដំបូងដែលឲ្យយើង«ខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត»។ គឺច្បាស់ណាស់ ព្រះយេហូវ៉ាដែលបានដឹកនាំពេត្រុសឲ្យពោលពាក្យទាំងនេះ លោកជ្រាបថាយើងត្រូវខំប្រឹងប្រែងដើម្បីធ្វើជាមនុស្ស«ស្អាតស្អំ»និង«ឥតស្នាមប្រឡាក់»ពីអ្វីៗដែលស្មោកគ្រោកក្នុងពិភពលោករបស់សាថាន។ ការខំប្រឹងប្រែងរបស់យើងរួមបញ្ចូលការការពារចិត្តរបស់យើងមិនឲ្យចុះចាញ់សេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ (សូមអាន សុភាសិត ៤:២៣; យ៉ាកុប ១:១៤, ១៥) នេះក៏រួមបញ្ចូលការកាន់ជំហររឹងមាំចំពោះពួកអ្នកដែលងឿងឆ្ងល់អំពីរបៀបរស់នៅរបស់យើងជាគ្រិស្តសាសនិក ហើយដែល«ចេះតែនិយាយប្រមាថ[យើង]»។—១ពេ. ៤:៤
១២. តើលូកា ១១:១៣ ធានាយើងអំពីអ្វី?
១២ ដោយសារភាពមិនល្អឥតខ្ចោះរបស់យើង ជាការពិបាកឲ្យយើងធ្វើអ្វីដែលត្រឹមត្រូវ។ (រ៉ូម ៧:២១-២៥) យើងអាចធ្វើអ្វីដែលត្រឹមត្រូវបាន លុះត្រាតែយើងពឹងផ្អែកលើព្រះយេហូវ៉ាដែលឲ្យសកម្មពលបរិសុទ្ធដោយចិត្តទូលាយដល់ពួកអ្នកដែលសុំលោកដោយស្មោះ។ (លូក. ១១:១៣) សកម្មពលនោះនឹងជួយយើងបណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត ហើយដែលជួយយើងពុះពារមិនត្រឹមតែសេចក្ដីល្បួងដែលយើងមានក្នុងជីវិតប៉ុណ្ណោះទេ តែក៏ជួយយើងពុះពារទុក្ខលំបាកដែរ ដែលអាចមានកាន់តែច្រើនឡើងកាលដែលថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់។
ចូរឲ្យទុក្ខលំបាកពង្រឹងអ្នក
១៣. ពេលយើងជួបប្រទះទុក្ខលំបាក តើអ្វីនឹងជួយយើងឲ្យស៊ូទ្រាំ?
១៣ ដរាបណាយើងរស់នៅក្នុងរបៀបរបបពិភពលោកចាស់នេះ ដរាបនោះយើងនឹងជួបប្រទះទុក្ខលំបាកផ្សេងៗជានិច្ច។ ប៉ុន្តែជាជាងធ្លាក់ទឹកចិត្ត ជាការល្អឲ្យអ្នកចាត់ទុកទុក្ខលំបាកជាឱកាសបញ្ជាក់សេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះ ហើយពង្រឹងជំនឿរបស់អ្នកលើលោកនិងបណ្ដាំរបស់លោក មែនទេ? យ៉ាកុបជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «បងប្អូនខ្ញុំអើយ ពេលដែលជួបនឹងទុក្ខលំបាកផ្សេងៗ ចូរចាត់ទុកការនោះជាអំណរសុទ្ធសាធ ព្រោះអ្នករាល់គ្នាដឹងថា ការសាកល្បងជំនឿរបស់អ្នករាល់គ្នាយ៉ាងនេះ ធ្វើឲ្យចេះស៊ូទ្រាំ»។ (យ៉ា. ១:២-៤) សូមចាំដែរថា«ព្រះយេហូវ៉ាចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—២ពេ. ២:៩
១៤. តើគំរូរបស់យ៉ូសែបលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច?
១៤ សូមពិចារណាគំរូរបស់កូនប្រុសយ៉ាកុបឈ្មោះយ៉ូសែបដែលបងប្អូនរបស់គាត់បានលក់គាត់ឲ្យធ្វើជាទាសករ។ (លោ. ៣៧:២៣-២៨; ៤២:២១) ពេលបងប្អូនគាត់ប្រព្រឹត្តទៅលើគាត់ដោយគ្មានមេត្ដា តើយ៉ូសែបបានបាត់បង់ជំនឿឬ? តើគាត់ខឹងព្រះដែលបានឲ្យគាត់រងអំពើអាក្រក់ឬទេ? បណ្ដាំរបស់ព្រះបញ្ជាក់ច្បាស់ថាមិនមែនដូច្នោះឡើយ! បន្ថែមទៅទៀត ទុក្ខលំបាករបស់យ៉ូសែបមិនទាន់ចប់ទេ។ ក្រោយមក គាត់បានត្រូវគេចោទប្រកាន់ដោយមិនពិតពីបទប៉ុនប៉ងចាប់រំលោភ ហើយបានត្រូវគេចាប់ដាក់គុក។ ក៏ប៉ុន្តែ ម្ដងនេះទៀត គាត់នៅតែមានភក្ដីភាពចំពោះព្រះ។ (លោ. ៣៩:៩-២១) ផ្ទុយទៅវិញ គាត់ឲ្យទុក្ខលំបាកពង្រឹងគាត់ ហើយដោយធ្វើដូច្នេះ គាត់បានរង្វាន់ដ៏វិសេសវិសាល។
១៥. តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ន៉ាអូមី?
១៥ ពិតមែន ទុក្ខលំបាកអាចធ្វើឲ្យយើងព្រួយចិត្ត ឬក៏ធ្វើឲ្យយើងធ្លាក់ទឹកចិត្តទៀតផង។ ជួនកាល យ៉ូសែបប្រហែលជាមានអារម្មណ៍បែបនេះ។ អ្នកបម្រើដ៏ស្មោះត្រង់ឯទៀតរបស់ព្រះប្រាកដជាមានអារម្មណ៍ដូច្នេះ។ សូមពិចារណាអំពីនាងន៉ាអូមីដែលបានបាត់បង់ប្ដីនិងកូនប្រុសពីរនាក់របស់គាត់។ នាងបានពោលថា៖ «កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ[មានន័យថា«ជូរចត់»] ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់»។ (រស់. ១:២០, ២១) ជាការធម្មតាដែលន៉ាអូមីមានប្រតិកម្មដូច្នេះ ហើយយើងយល់អំពីអារម្មណ៍របស់គាត់។ ក៏ប៉ុន្តែ ដូចយ៉ូសែបដែរ គាត់មិនបានបាត់បង់ជំនឿនិងចំណងមេត្រីភាពជាមួយព្រះឬមិនរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់គាត់ចំពោះលោកឡើយ។ រួចមក ព្រះយេហូវ៉ាបានផ្ដល់រង្វាន់ដល់ស្ត្រីល្អនេះ។ (រស់. ៤:១៣-១៧, ២២) មិនត្រឹមតែប៉ុណ្ណោះ នៅសួនឧទ្យានដែលនឹងមានលើផែនដី លោកនឹងធ្វើឲ្យល្អឡើងវិញនូវការខូចបង់ដែលបណ្ដាលមកពីសាថាននិងពិភពលោកដ៏អាក្រក់របស់វា។ «របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។—អេ. ៦៥:១៧
១៦. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះសេចក្ដីអធិដ្ឋាន? ហើយហេតុអ្វី?
១៦ ទោះជាយើងជួបប្រទះទុក្ខលំបាកយ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់របស់ព្រះនឹងជួយយើងស៊ូទ្រាំទុក្ខលំបាកនោះ។ (សូមអាន រ៉ូម ៨:៣៥-៣៩) ថ្វីបើសាថាននឹងមិនឈប់ព្យាយាមធ្វើឲ្យយើងធ្លាក់ទឹកចិត្តក៏ដោយ តែវាមិនបានជោគជ័យទេ បើយើងនៅតែ«ដឹងខុសត្រូវ» ហើយ«យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។ (១ពេ. ៤:៧) លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរចាំយាមព្រមទាំងអធិដ្ឋានជានិច្ចអង្វរសុំឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង ហើយឲ្យឈរនៅមុខកូនមនុស្សផង»។ (លូក. ២១:៣៦) សូមកត់សម្គាល់ថា លោកយេស៊ូបានប្រើពាក្យ«អង្វរសុំ»ដែលជារបៀបអធិដ្ឋានដ៏ស្មោះអស់ពីចិត្ត។ ដោយដាស់តឿនយើងឲ្យអង្វរសុំ លោកយេស៊ូបានដៅបញ្ជាក់ថា នេះជាពេលដែលយើងត្រូវកាន់ជំហរយ៉ាងរឹងមាំចំពោះលោកនិងបិតារបស់លោក។ មានតែពួកអ្នកដែលព្រះយេហូវ៉ានិងលោកយេស៊ូពេញចិត្តប៉ុណ្ណោះ ដែលនឹងមានសេចក្ដីសង្ឃឹមរួចជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ា។
ចូរនៅតែសកម្មជានិច្ចក្នុងការបម្រើព្រះយេហូវ៉ា
១៧. ប្រសិនបើអ្នកផ្សព្វផ្សាយនៅតំបន់ដែលពិបាក តើអ្នកអាចទទួលប្រយោជន៍យ៉ាងណាពីគំរូល្អរបស់ពួកអ្នកប្រកាសទំនាយនៅសម័យគម្ពីរ?
១៧ ការចូលរួមក្នុងសកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍របស់យើងផ្ដល់ឲ្យយើងនូវកម្លាំងចិត្ត។ នេះរំលឹកយើងអំពីពាក្យរបស់ពេត្រុសដែលថា៖ «ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ!»។ (២ពេ. ៣:១១) សំខាន់ជាងគេក្នុងចំណោមការទាំងនេះគឺការផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ២៤:១៤) ពិតមែន នៅតំបន់ផ្សាយខ្លះប្រហែលពិបាកផ្សព្វផ្សាយ ដោយសារមនុស្សព្រងើយកន្តើយឬប្រឆាំង ឬដោយសារមនុស្សខ្វល់ខ្វាយនឹងជីវភាពប្រចាំថ្ងៃ។ អ្នកបម្រើព្រះយេហូវ៉ានៅសម័យគម្ពីរ ត្រូវប្រឈមមុខនឹងមនុស្សដែលមានចិត្តគំនិតស្រដៀងគ្នានេះ។ ក៏ប៉ុន្តែ ពួកគាត់មិនដែលរសាយចិត្តទេ តែខំត្រឡប់ទៅវិញពី«ព្រលឹមស្រាងរាល់តែថ្ងៃ»ដោយនាំដំណឹងពីព្រះ។ (សូមអាន យេរេមា ៧:២៤-២៦; ២រប. ៣៦:១៥, ១៦) តើអ្វីបានជួយពួកគាត់ឲ្យស៊ូទ្រាំ? ស្តីអំពីភារកិច្ចរបស់ពួកគាត់ ពួកគាត់មានទស្សនៈដូចព្រះមិនមែនដូចមនុស្សក្នុងពិភពលោកនេះទេ។ ពួកគាត់ក៏បានចាត់ទុកដែរថាភារកិច្ចនោះជាឯកសិទ្ធិធំបំផុតដើម្បីតំណាងនាមរបស់ព្រះ។—យេ. ១៥:១៦
១៨. តើកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះនឹងមានឥទ្ធិពលយ៉ាងណាទៅលើការលើកតម្កើងនាមរបស់ព្រះនៅថ្ងៃអនាគត?
១៨ យើងក៏មានឯកសិទ្ធិប្រកាសអំពីនាមនិងគោលបំណងរបស់ព្រះយេហូវ៉ាដែរ។ សូមគិតអំពីចំណុចនេះ: ដោយសារកិច្ចការផ្សព្វផ្សាយរបស់យើង សត្រូវរបស់ព្រះមិនអាចមានលេសថាយើងមិនបានប្រាប់ពួកគេអំពីព្រះនិងគោលបំណងរបស់លោកទេ កាលណាថ្ងៃរបស់ព្រះមកដល់។ ត្រូវហើយ ដូចផារ៉ូពីសម័យបុរាណ ពួកគេនឹងដឹងថាគឺព្រះយេហូវ៉ាជាអ្នកដែលកំពុងសម្ដែងឫទ្ធានុភាពប្រឆាំងពួកគេ។ (និក្ខ. ៨:១, ២០; ១៤:២៥) នៅដំណាលគ្នានោះ ព្រះយេហូវ៉ានឹងផ្ដល់កិត្ដិយសដល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោកដោយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាតំណាងរបស់លោកមែន។—សូមអាន អេសេគាល ២:៥; ៣៣:៣៣
១៩. ក្នុងអំឡុងពេលដែលព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់របស់លោក តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងចង់ប្រើពេលនោះឲ្យមានប្រយោជន៍បំផុត?
១៩ នៅចុងសំបុត្រទី២របស់ពេត្រុស គាត់បានសរសេរថា៖ «ចូរចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ»។ (២ពេ. ៣:១៥) ក្នុងអំឡុងពេលដែលព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់របស់លោក សូមឲ្យយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត។ តើយើងអាចប្រើពេលនោះឲ្យមានប្រយោជន៍បំផុតយ៉ាងដូចម្ដេច? គឺដោយបណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត ដោយរក្សាខ្លួនជាមនុស្សដែល«ឥតស្នាមប្រឡាក់»និង«ស្អាតស្អំ» ដោយមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក ហើយដោយជាប់រវល់ក្នុងកិច្ចបម្រើព្រះ។ ដោយធ្វើដូច្នេះ យើងអាចទទួលពរដែលគ្មានទីបញ្ចប់ដែលជាប់ទាក់ទងនឹង«មេឃថ្មីនិងផែនដីថ្មី»។—២ពេ. ៣:១៣
តើអ្នកចាំឬទេ?
• តើតាមរបៀបណាដែលយើងអាចបណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត?
• តើយើងអាចរក្សាខ្លួនយ៉ាងណាដើម្បីជាមនុស្សដែល«ឥតស្នាមប្រឡាក់»និង«ស្អាតស្អំ»?
• តើយើងអាចរៀនអ្វីពីយ៉ូសែបនិងន៉ាអូមី?
• ហេតុអ្វីការរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយគឺជាឯកសិទ្ធិដ៏អស្ចារ្យមួយ?
[រូបភាពនៅទំព័រ២០]
ប្ដីៗទាំងឡាយ តើអ្វីនឹងជួយអ្នកនិងក្រុមគ្រួសារអ្នកឲ្យបណ្ដុះគុណសម្បត្ដិដែលព្រះពេញចិត្ត?
[រូបភាពនៅទំព័រ២១]
តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលយ៉ូសែបប្រព្រឹត្តពេលជួបប្រទះនឹងទុក្ខលំបាក?