ឯកភាពជាអ្វីដែលគេសម្គាល់ការគោរពប្រណិប័តន៍ពិត
‹អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមក្នុងក្រោល›។—មីកា ២:១២
១. តើអ្វីៗដែលព្រះបង្កើតបង្ហាញឲ្យឃើញនូវប្រាជ្ញារបស់លោកយ៉ាងដូចម្ដេច?
អ្នកតែងទំនុកតម្កើងម្នាក់បានឧទានថា៖ «ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត»។ (ទំនុក. ១០៤:២៤) ប្រាជ្ញារបស់ព្រះបានត្រូវឃើញជាក់ស្តែងតាមរយៈភាវៈរស់ដ៏អស្ចារ្យដែលពឹងពាក់គ្នាទៅវិញទៅមក ដូចជារុក្ខជាតិ សត្វល្អិត សត្វផ្សេងៗ និងបាក់តេរីរាប់លានប្រភេទនៅផែនដី។ ម្យ៉ាងទៀត ក្នុងរូបកាយរបស់អ្នកមានប្រព័ន្ធផ្សេងៗរាប់ពាន់ មានចាប់ពីសរីរាង្គធំៗទៅអ្វីតូចៗ ហើយអ្វីៗទាំងអស់នោះសហការគ្នាដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ។
២. ដូចទំព័រ១៦បានបង្ហាញ ហេតុអ្វីសាមគ្គីភាពដែលពួកគ្រិស្តសាសនិកមាន ជាអ្វីដែលអស្ចារ្យ?
២ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យពឹងពាក់គ្នាទៅវិញទៅមក។ មនុស្សជាតិមានលក្ខណៈក្រៅ បុគ្គលិកលក្ខណៈ និងជំនាញខុសពីគ្នា។ បន្ថែមពីនេះទៀត ព្រះបានបង្កើតមនុស្សដំបូងឲ្យមានគុណសម្បត្ដិដែលស្រដៀងនឹងគុណសម្បត្ដិរបស់លោក ហើយគុណសម្បត្ដិទាំងនេះនឹងជួយពួកគេឲ្យសហការគ្នា ថែមទាំងពឹងពាក់គ្នាទៅវិញទៅមក។ (លោ. ១:២៧; ២:១៨) ទោះជាយ៉ាងនេះក្ដី ឥឡូវនេះមនុស្សជាទូទៅនៅដាច់ឆ្ងាយពីព្រះ ហើយមនុស្សជាតិទាំងមូលមិនដែលបានធ្វើអ្វីមួយដោយមានសាមគ្គីភាពទេ។ (១យ៉ូន. ៥:១៩) ដូច្នេះ បើយើងពិចារណាអំពីក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលមានសមាជិកជាខ្ញុំបម្រើ ស្ត្រីជនជាតិក្រិចដែលមានមុខមាត់ បុរសជនជាតិយូដាដែលមានការអប់រំខ្ពស់ និងអ្នកដែលធ្លាប់គោរពបូជារូបព្រះ នោះសាមគ្គីភាពដែលពួកគាត់មានពិតជាអ្វីដ៏អស្ចារ្យមែន!—សកម្ម. ១៣:១; ១៧:៤; ១ថែ. ១:៩; ១ធី. ៦:១
៣. តើគម្ពីរពណ៌នាយ៉ាងណាអំពីសាមគ្គីភាពរបស់គ្រិស្តសាសនិក? តើយើងនឹងពិចារណាអ្វីខ្លះនៅអត្ថបទសិក្សានេះ?
៣ ការគោរពប្រណិប័តន៍ពិតបណ្ដាលឲ្យមនុស្សសហការគ្នា ដូចអវយវៈនៃរូបកាយរបស់យើងសហការគ្នាដែរ។ (សូមអាន កូរិនថូសទី១ ១២:១២, ១៣) ទិដ្ឋភាពខ្លះៗដែលយើងនឹងពិចារណាក្នុងអត្ថបទនេះគឺ តើការគោរពប្រណិប័តន៍ពិតធ្វើឲ្យមនុស្សមានឯកភាពគ្នាដោយរបៀបណា? ហេតុអ្វីមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចធ្វើឲ្យមនុស្សរាប់លាននាក់ពីគ្រប់ប្រជាជាតិមានឯកភាពគ្នា? តើព្រះយេហូវ៉ាជួយយើងឲ្យពុះពារយកឈ្នះឧបសគ្គអ្វីខ្លះដែលរារាំងមិនឲ្យមានសាមគ្គីភាព? ស្តីអំពីសាមគ្គីភាព តើគ្រិស្តសាសនិកពិតខុសគ្នាយ៉ាងណាពីពិភពគ្រិស្តសាសនា?
តើការគោរពប្រណិប័តន៍ពិតធ្វើឲ្យមនុស្សមានឯកភាពគ្នាដោយរបៀបណា?
៤. តើការគោរពប្រណិប័តន៍ពិតធ្វើឲ្យមនុស្សមានឯកភាពគ្នាដោយរបៀបណា?
៤ អ្នកគោរពប្រណិប័តន៍ពិតទទួលស្គាល់ថា ដោយសារព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ លោកមានសិទ្ធិគ្រប់គ្រងលើសកលលោក។ (បប. ៤:១១) ហេតុនេះ គ្រិស្តសាសនិកពិតធ្វើតាមច្បាប់របស់ព្រះដូចគ្នា ហើយរស់នៅស្របតាមគោលការណ៍គម្ពីរដូចគ្នា ទោះជាពួកគេរស់នៅក្នុងសង្គមខុសៗគ្នា ហើយមានកាលៈទេសៈផ្សេងពីគ្នាក៏ដោយ។ អ្នកគោរពប្រណិប័តន៍ពិតទាំងអស់និយាយយ៉ាងសមត្រឹមត្រូវទៅកាន់ព្រះយេហូវ៉ាថា«បិតា»។ (អេ. ៦៤:៨; ម៉ាថ. ៦:៩) ដូច្នេះ ពួកគេទាំងអស់ជាបងប្អូនរួមជំនឿ ហើយអាចមានឯកភាពគ្នាយ៉ាងល្អដែលបានត្រូវពណ៌នាដោយអ្នកតែងទំនុកតម្កើងថា៖ «មើល ដែលបងប្អូននៅមូលជាមួយគ្នាដោយចិត្តព្រមព្រៀង[ឬ«ដោយឯកភាពគ្នា»] នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។—ទំនុក. ១៣៣:១, ព.ថ.
៥. តើគុណសម្បត្ដិអ្វីដែលជួយឲ្យអ្នកគោរពប្រណិប័តន៍ពិតមានសាមគ្គីភាព?
៥ ថ្វីបើគ្រិស្តសាសនិកពិតមិនមែនជាមនុស្សល្អឥតខ្ចោះក្ដី ពួកគេគោរពប្រណិប័តន៍ជាមួយគ្នាដោយសាមគ្គីភាព ពីព្រោះពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះយេហូវ៉ាបង្រៀនល្អជាងមនុស្សទាំងអស់ឲ្យពួកគេស្រឡាញ់គ្នា។ (សូមអាន យ៉ូហានទី១ ៤:៧, ៨) បណ្ដាំរបស់លោកចែងថា៖ «ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តធ្ងន់។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ។ ប៉ុន្តែក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡ. ៣:១២-១៤) សេចក្ដីស្រឡាញ់គឺជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ ហើយនេះជាគុណសម្បត្ដិសំខាន់បំផុតដែលគេសម្គាល់គ្រិស្តសាសនិកពិត។ អ្នកបានឃើញដោយភ្នែកអ្នកផ្ទាល់ថាសាមគ្គីភាពនេះជាលក្ខណៈសម្គាល់នៃការគោរពប្រណិប័តន៍ពិត មែនទេ?—យ៉ូន. ១៣:៣៥
៦. តើសេចក្ដីសង្ឃឹមអំពីរាជាណាចក្រព្រះជួយយើងឲ្យមានសាមគ្គីភាពយ៉ាងដូចម្ដេច?
៦ ម្យ៉ាងទៀត អ្នកគោរពប្រណិប័តន៍ពិតមានសាមគ្គីភាព ពីព្រោះពួកគេចាត់ទុករាជាណាចក្រព្រះជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ។ ពួកគេដឹងថា បន្ដិចទៀតរាជាណាចក្រព្រះនឹងជំនួសរដ្ឋាភិបាលរបស់មនុស្ស ហើយផ្ដល់ឲ្យមនុស្សជាតិដែលស្ដាប់បង្គាប់នូវសន្ដិភាពពិតប្រាកដដែលស្ថិតស្ថេរយូរអង្វែង។ (អេ. ១១:៤-៩; ដាន. ២:៤៤) ហេតុនេះ គ្រិស្តសាសនិកធ្វើតាមអ្វីដែលលោកយេស៊ូមានប្រសាសន៍អំពីពួកអ្នកកាន់តាមលោកថា៖ «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូន. ១៧:១៦) គ្រិស្តសាសនិករក្សាជំហរអព្យាក្រឹតក្នុងជម្លោះរបស់មនុស្សក្នុងពិភពលោកនេះ ហើយដោយធ្វើដូច្នេះ ពួកគេមានសាមគ្គីភាព ទោះជាមនុស្សដែលនៅជុំវិញពួកគេកំពុងធ្វើសង្គ្រាមក៏ដោយ។
ប្រភពតែមួយគត់នៃការណែនាំខាងការគោរពប្រណិប័តន៍ព្រះ
៧, ៨. តើការណែនាំដែលមានក្នុងគម្ពីរជួយយើងយ៉ាងដូចម្ដេចឲ្យមានឯកភាព?
៧ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១មានឯកភាព ពីព្រោះពួកគេទាំងអស់គ្នាបានទទួលការណែនាំដែលមកពីប្រភពតែមួយ។ ពួកគេទទួលស្គាល់ថា លោកយេស៊ូបានបង្រៀននិងដឹកនាំក្រុមជំនុំតាមរយៈគណៈអភិបាលដែលមានពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម។ ពួកបុរសដ៏ស្មោះភក្ដីទាំងនេះធ្វើការសម្រេចចិត្តដោយផ្អែកលើបណ្ដាំរបស់ព្រះ ហើយបានចាត់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យឲ្យប្រាប់ការណែនាំរបស់ពួកគាត់ដល់ក្រុមជំនុំនៅប្រទេសជាច្រើន។ ស្តីអំពីពួកអ្នកត្រួតពិនិត្យខ្លះ គម្ពីរចែងថា៖ «កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់ក៏ប្រាប់ពួកអ្នកដែលនៅទីនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេកាន់តាម»។—សកម្ម. ១៥:៦, ១៩-២២; ១៦:៤
៨ ស្រដៀងគ្នាដែរសព្វថ្ងៃនេះ គណៈអភិបាលដែលមានគ្រិស្តសាសនិកដែលសកម្មពលព្រះបានរើសតាំង ជួយឲ្យក្រុមជំនុំទូទាំងពិភពលោកមានឯកភាពគ្នា។ គណៈអភិបាលបានបោះពុម្ពផ្សាយសៀវភៅផ្សេងៗជាច្រើនភាសាដែលលើកទឹកចិត្តអ្នកអានឲ្យមានចំណងមេត្រីភាពជាមួយព្រះ។ សេចក្ដីបង្រៀនក្នុងសៀវភៅទាំងនេះដែលប្រៀបដូចជាអាហារ មានមូលដ្ឋានលើបណ្ដាំរបស់ព្រះ។ អាស្រ័យហេតុនេះ អ្វីដែលពួកគេបង្រៀនមិនមែនមកពីមនុស្សទេ តែមកពីព្រះយេហូវ៉ាវិញ។—អេ. ៥៤:១៣
៩. តើកិច្ចការដែលព្រះឲ្យយើង ជួយយើងយ៉ាងដូចម្ដេចឲ្យមានឯកភាពគ្នា?
៩ គ្រិស្តសាសនិកដែលជាអ្នកត្រួតពិនិត្យក៏លើកទឹកចិត្តយើងឲ្យមានឯកភាពគ្នាដែរ ដោយនាំមុខក្នុងកិច្ចផ្សព្វផ្សាយ។ ទំនាក់ទំនងរវាងពួកអ្នកដែលធ្វើការជាមួយគ្នាក្នុងកិច្ចបម្រើព្រះគឺជិតស្និទ្ធជាងទំនាក់ទំនងរវាងមនុស្សក្នុងពិភពលោកនេះដែលសេពគប់គ្នា។ ក្រុមជំនុំគ្រិស្តសាសនិកមិនមែនបង្កើតឡើងដើម្បីសេពគប់គ្នាតែប៉ុណ្ណោះទេ តែដើម្បីលើកកិត្ដិយសព្រះយេហូវ៉ានិងដើម្បីបំពេញកិច្ចការ ពោលគឺផ្សព្វផ្សាយដំណឹងល្អ បង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូនិងពង្រឹងក្រុមជំនុំ។ (រ៉ូម ១:១១, ១២; ១ថែ. ៥:១១; ហេ. ១០:២៤, ២៥) ហេតុនេះ សាវ័កប៉ូលអាចនិយាយអំពីពួកគ្រិស្តសាសនិកថា៖ «អ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយមានគំនិតឯកភាព ហើយរួមចិត្តតែមួយ តស៊ូជាមួយគ្នាដើម្បីជំនឿដែលមកពីដំណឹងល្អ»។—ភី. ១:២៧
១០. ក្នុងនាមជារាស្ត្ររបស់ព្រះ តើយើងមានឯកភាពក្នុងរឿងអ្វីខ្លះ?
១០ ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា យើងមានឯកភាពគ្នាដោយសារយើងទទួលយកការគ្រប់គ្រងរបស់ព្រះយេហូវ៉ា យើងស្រឡាញ់បងប្អូនរួមជំនឿ យើងមានសេចក្ដីសង្ឃឹមលើរាជាណាចក្រព្រះ ហើយយើងគោរពពួកអ្នកដែលព្រះប្រើដើម្បីដឹកនាំយើង។ ទោះជាយ៉ាងនេះក្ដី ដោយសារយើងមានភាពមិនល្អឥតខ្ចោះ យើងក៏មានចិត្តគំនិតដែលអាចធ្វើឲ្យយើងលែងមានឯកភាពគ្នាដែរ ប៉ុន្តែព្រះយេហូវ៉ាជួយយើងឲ្យយកឈ្នះចិត្តគំនិតបែបនោះ។—រ៉ូម ១២:២
វិធីពុះពារយកឈ្នះអំណួតនិងការច្រណែន
១១. ហេតុអ្វីបានជាអំណួតធ្វើឲ្យមនុស្សបែកបាក់គ្នា? ហើយតើព្រះយេហូវ៉ាជួយយើងយ៉ាងណាឲ្យយកឈ្នះអំណួត?
១១ អំណួតធ្វើឲ្យមនុស្សគ្មានសាមគ្គីភាព។ បុគ្គលដែលមានអំណួតចូលចិត្តចាត់ទុកខ្លួនថាខ្ពង់ខ្ពស់ជាងអ្នកឯទៀត ហើយធម្មតា អ្នកនោះសប្បាយចិត្តអួតខ្លួន។ ប៉ុន្តែ នេះច្រើនតែរារាំងមនុស្សមិនឲ្យមានសាមគ្គីភាពទេ ពីព្រោះពួកអ្នកដែលឮគាត់អួតខ្លួន ប្រហែលមានចិត្តច្រណែន។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូប្រាប់យើងត្រង់ៗថា៖ «មោទនភាពទាំងអស់បែបនេះគឺទុច្ចរិត»។ (យ៉ា. ៤:១៦) ការចាត់ទុកអ្នកឯទៀតថាអន់ជាងខ្លួនមិនមែនជាការបង្ហាញនូវសេចក្ដីស្រឡាញ់ទេ។ ព្រះយេហូវ៉ាជាគំរូដ៏ប្រពៃក្នុងការបង្ហាញចិត្តរាបទាប ពេលលោកប្រព្រឹត្តនឹងមនុស្សមិនល្អឥតខ្ចោះ ដូចយើងដែលមិនល្អឥតខ្ចោះ។ ដាវីឌបានសរសេរថា៖ «ព្រះហឫទ័យស្រទន់[ឬ«ចិត្តរាបទាប»]របស់ទ្រង់បានលើកទូលបង្គំឡើងជាធំ»។ (២សាំ. ២២:៣៦; ព.ថ.) បណ្ដាំរបស់ព្រះជួយយើងឲ្យយកឈ្នះអំណួតដោយបង្រៀនយើងឲ្យចេះរិះគិតបានត្រឹមត្រូវ។ ព្រះបានដឹកនាំប៉ូលឲ្យសួរថា៖ «តើអ្នកណាបានធ្វើឲ្យអ្នកខុសពីអ្នកឯទៀត? អ្វីៗដែលអ្នកមាន សុទ្ធតែជាអ្វីដែលអ្នកបានទទួល មែនទេ? ឥឡូវ បើអ្វីៗដែលអ្នកមាន ជាអ្វីដែលអ្នកបានទទួលមែន ហេតុអ្វីបានជាអ្នកអួតខ្លួនដូចជាមិនបានទទួលវិញ?»។—១កូ. ៤:៧
១២, ១៣. (ក) ហេតុអ្វីបានជាងាយឲ្យយើងច្រណែនអ្នកឯទៀត? (ខ) តើការមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្នកឯទៀតនាំឲ្យមានលទ្ធផលយ៉ាងណា?
១២ ការច្រណែនជាឧបសគ្គមួយទៀតដល់សាមគ្គីភាព។ ដោយសារយើងទទួលភាពមិនល្អឥតខ្ចោះពីអាដាម យើងទាំងអស់គ្នាមាន«ភាពទោរទន់ទៅរកការច្រណែន» ហើយសូម្បីតែគ្រិស្តសាសនិកដែលបម្រើព្រះជាយូរមកហើយ ជួនកាលប្រហែលមានចិត្តច្រណែនអំពីស្ថានភាព វត្ថុទ្រព្យ ឯកសិទ្ធិ និងសមត្ថភាពដែលអ្នកឯទៀតមាន។ (យ៉ា. ៤:៥) ជាឧទាហរណ៍ បងប្រុសម្នាក់ដែលរៀបការ ហើយមានកូន ប្រហែលច្រណែនអំពីឯកសិទ្ធិដែលអ្នកបម្រើផ្សាយពេញពេលម្នាក់មាន ដោយមិនដឹងថាអ្នកបម្រើផ្សាយពេញពេលនោះដែលគ្មានកូន ក៏ប្រហែលច្រណែនគាត់បន្ដិចបន្តួចដែរដោយសារគាត់មានកូន។ តើតាមរបៀបណាដែលយើងអាចរារាំងមិនឲ្យការច្រណែនបែបនេះធ្វើឲ្យយើងបែកបាក់សាមគ្គីគ្នា?
១៣ ដើម្បីជួយយើងមិនឲ្យច្រណែន សូមចាំថាគម្ពីរបានប្រៀបសមាជិកដែលបានត្រូវរើសតាំងនៃក្រុមជំនុំគ្រិស្តសាសនិកទៅនឹងអវយវៈនៃរូបកាយមនុស្ស។ (សូមអាន កូរិនថូសទី១ ១២:១៤-១៨) ជាឧទាហរណ៍ ទោះជាគេស្រួលឃើញភ្នែកជាងបេះដូងក្ដី តែអវយវៈទាំងពីរគឺសំខាន់ មែនទេ? ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាឲ្យតម្លៃដល់សមាជិកទាំងអស់ក្នុងក្រុមជំនុំ ថ្វីបើមួយរយៈពេល សមាជិកខ្លះលេចធ្លោជាងគេក៏ដោយ។ ដូច្នេះ សូមឲ្យយើងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនរួមជំនឿ។ ជាជាងច្រណែនអ្នកឯទៀត យើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគាត់។ ដោយធ្វើដូច្នេះ យើងជួយឲ្យគេឃើញភាពខុសគ្នារវាងគ្រិស្តសាសនិកពិតនិងពួកអ្នកដែលនៅក្នុងពិភពគ្រិស្តសាសនា។
ការបែកបាក់គ្នាជាអ្វីដែលគេសម្គាល់ពិភពគ្រិស្តសាសនា
១៤, ១៥. តើគ្រិស្តសាសនាដែលក្បត់ជំនឿបានបែកបាក់គ្នាយ៉ាងដូចម្ដេច?
១៤ សាមគ្គីភាពនៃគ្រិស្តសាសនិកពិតគឺខុសស្រឡះពីការទាស់ទែងគ្នាដែលមានក្នុងចំណោមពួកអ្នកដែលនៅក្នុងពិភពគ្រិស្តសាសនា។ នៅសតវត្សរ៍ទី៤ គ្រិស្តសាសនាដែលក្បត់ជំនឿមានច្រើនដល់ម្ល៉េះបានជាអធិរាជរ៉ូមដែលមិនមែនជាគ្រិស្តសាសនិក បានកាន់កាប់លើសាសនាទាំងនោះ ហើយជួយធ្វើឲ្យពិភពគ្រិស្តសាសនារីកកាន់តែធំឡើង។ ក្រោយមក មានការបែកបាក់គ្នាជាបន្តបន្ទាប់ ដែលនាំឲ្យរាជាណាចក្រជាច្រើនផ្ដាច់ខ្លួនពីចក្រភពរ៉ូម ហើយបានបង្កើតសាសនាជាតិរបស់ខ្លួន។
១៥ រាជាណាចក្រទាំងនេះជាច្រើនបានច្បាំងគ្នាអស់ជាច្រើនសតវត្សរ៍។ ក្នុងអំឡុងសតវត្សរ៍ទី១៧និង១៨ មនុស្សនៅប្រទេសអង់គ្លេស បារាំងនិងសហរដ្ឋអាម៉េរិកបានលើកតម្កើងភក្ដីភាពចំពោះប្រទេសរបស់ខ្លួន ហើយហេតុនេះជាតិនិយមបានក្លាយទៅដូចជាសាសនាមួយ។ ក្នុងអំឡុងសតវត្សរ៍ទី១៩និង២០ មនុស្សភាគច្រើនចាប់ផ្ដើមវក់នឹងរឿងជាតិនិយម។ នៅទីបំផុត ពិភពគ្រិស្តសាសនាបានបែកបាក់គ្នាទៅជានិកាយផ្សេងៗ ដែលភាគច្រើនត្រាប្រណីជាតិនិយម។ ពួកអ្នកដែលទៅវិហារក៏បានធ្វើសង្គ្រាមនឹងបងប្អូនរួមជំនឿរបស់ពួកគេដែលមកពីប្រជាជាតិផ្សេង។ សព្វថ្ងៃនេះ ពិភពគ្រិស្តសាសនាបែកបាក់គ្នាដោយសារជំនឿនិកាយនីមួយៗនិងជាតិនិយម។
១៦. តើបញ្ហាណាខ្លះដែលធ្វើឲ្យមនុស្សក្នុងពិភពគ្រិស្តសាសនាបែកបាក់គ្នា?
១៦ នៅសតវត្សរ៍ទី២០ និកាយរាប់រយនៃពិភពគ្រិស្តសាសនាបានចាប់ផ្ដើមបង្កើតចលនាបង្រួបបង្រួមសាសនាគ្រិស្តដើម្បីជំរុញឲ្យមានឯកភាព។ ប៉ុន្តែ បន្ទាប់ពីបានព្យាយាមអស់ជាច្រើនទសវត្សរ៍មក មានតែសាសនាមួយចំនួនតូចប៉ុណ្ណោះបានរួមចូលគ្នាទៅជាសាសនាតែមួយ ហើយពួកអ្នកដែលទៅវិហារនៅតែមិនឯកភាពគ្នាអំពីបញ្ហាផ្សេងៗដូចជាការវិវត្តន៍ ការពន្លូតកូន ការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នានិងការតែងតាំងស្ត្រីជាបព្វជិត។ ក្នុងសាសនាខ្លះដែលជាផ្នែកនៃពិភពគ្រិស្តសាសនា អ្នកដឹកនាំសាសនាខំបង្រួបបង្រួមអ្នកកាន់តាមនិកាយផ្សេងៗដោយចាត់ទុកសេចក្ដីបង្រៀនពីមុនដែលធ្វើឲ្យពួកគេបែកបាក់គ្នា ជារឿងមិនសូវសំខាន់ទៅវិញ។ ក៏ប៉ុន្តែ ការធ្វើដូច្នេះធ្វើឲ្យមនុស្សខ្សោយខាងជំនឿ ហើយនេះមិនប្រាកដជាបង្រួបបង្រួមពិភពគ្រិស្តសាសនាឡើយ។
អ្នកគោរពប្រណិប័តន៍ពិតមិនមានគំនិតជាតិនិយមទេ
១៧. តើការគោរពប្រណិប័តន៍ពិតបានត្រូវទាយទុកថានឹងធ្វើឲ្យមនុស្សមានសាមគ្គីភាពយ៉ាងណា«នៅជាន់ក្រោយ»?
១៧ ឥឡូវមនុស្សជាតិបែកបាក់គ្នាខ្លាំងជាងពេលណាៗទាំងអស់។ ទោះជាយ៉ាងនេះក៏ដោយ គេនៅតែសម្គាល់ពួកអ្នកគោរពប្រណិប័តន៍ពិតដោយសារពួកគេមានសាមគ្គីភាព។ មីកាដែលជាអ្នកប្រកាសទំនាយម្នាក់របស់ព្រះ បានទាយទុកថា៖ ‹អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមក្នុងក្រោល›។ (មីកា ២:១២) មីកាបានទាយថាការគោរពប្រណិប័តន៍ពិតនឹងថ្កុំថ្កើងជាងការគោរពប្រណិប័តន៍ឯទៀតៗទាំងអស់ ទោះបីជាការគោរពបូជាព្រះមិនពិតឬជាការគោរពបូជាជាតិជាព្រះមួយក៏ដោយ។ មីកាបានសរសេរថា៖ «នៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ។ ទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង»។—មីកា ៤:១, ៥
១៨. តើការគោរពប្រណិប័តន៍ពិតបានជួយយើងឲ្យកែប្រែអ្វីខ្លះ?
១៨ មីកាក៏បានពណ៌នានូវរបៀបដែលការគោរពប្រណិប័តន៍ពិតនឹងបង្រួបបង្រួមមនុស្សដែលពីមុនជាសត្រូវនឹងគ្នា។ «[មនុស្សពី]សាសន៍ជាច្រើននឹងទៅដោយពាក្យថា ចូរមក យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់ . . . នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ»។ (មីកា ៤:២, ៣) ពួកអ្នកដែលចាកចេញពីការគោរពបូជាប្រជាជាតិខ្លួនឬព្រះដែលមនុស្សធ្វើឡើង ដើម្បីទទួលយកការគោរពប្រណិប័តន៍ព្រះយេហូវ៉ា នោះមានសាមគ្គីភាពនៅទូទាំងពិភពលោក។ ព្រះណែនាំពួកគេឲ្យធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់។
១៩. តើការដែលមនុស្សរាប់លាននាក់មានឯកភាពក្នុងការគោរពប្រណិប័តន៍ពិត ជាភ័ស្តុតាងដែលបញ្ជាក់អំពីអ្វី?
១៩ សព្វថ្ងៃនេះ សាមគ្គីភាពទូទាំងពិភពលោកដែលពួកគ្រិស្តសាសនិកពិតមានគឺល្អឯក ហើយជាភ័ស្តុតាងជាក់ស្តែងដែលបញ្ជាក់ថា ព្រះយេហូវ៉ាបន្តដឹកនាំរាស្ត្ររបស់លោកតាមរយៈសកម្មពលរបស់លោក។ មនុស្សពីគ្រប់ប្រជាជាតិកំពុងបង្រួបបង្រួមគ្នាដល់កម្រិតដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ត្រមនុស្ស។ នេះជាការសម្រេចដ៏អស្ចារ្យនៃអ្វីដែលបានបង្ហើបឲ្យដឹងនៅការបើកបង្ហាញ ៧:៩, ១៤ ហើយនេះបញ្ជាក់ថាបន្ដិចទៀត ទេវតារបស់ព្រះនឹងលែងទប់«ខ្យល់»ដែលនឹងបំផ្លាញចោលរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ (សូមអាន ការបើកបង្ហាញ ៧:១-៤, ៩, ១០, ១៤) ការមានឯកភាពជាមួយបងប្អូនរួមជំនឿនៅទូទាំងពិភពលោកពិតជាឯកសិទ្ធិណាស់ មែនទេ? តើយើងម្នាក់ៗអាចជួយឲ្យមានឯកភាពនោះយ៉ាងដូចម្ដេច? យើងនឹងពិចារណាចំណុចនេះនៅអត្ថបទបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការគោរពប្រណិប័តន៍ពិតធ្វើឲ្យមនុស្សមានឯកភាពគ្នាដោយរបៀបណា?
• តើយើងអាចធ្វើយ៉ាងណាដើម្បីរារាំងមិនឲ្យការច្រណែនបង្ខូចសាមគ្គីភាពរបស់យើង?
• ហេតុអ្វីគំនិតជាតិនិយមមិនអាចធ្វើឲ្យអ្នកគោរពប្រណិប័តន៍ពិតបែកបាក់គ្នា?
[រូបភាពនៅទំព័រ១៦]
គ្រិស្តសាសនិកនៅសតវត្សរ៍ទី១មកពីមជ្ឈដ្ឋានផ្សេងៗ
[រូបភាពនៅទំព័រ១៨]
តើការជួយរបស់អ្នកក្នុងការថែទាំសាលប្រជុំជួយឲ្យមានសាមគ្គីភាពយ៉ាងដូចម្ដេច?