អ្នកអានសួរថា . . .
តើផែនដីនឹងត្រូវបំផ្លាញឬ?
▪ មនុស្សខ្លះជឿថាផែនដីនឹងត្រូវបំផ្លាញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ តែមិនបានកើតឡើងទេ។ ហេតុនេះ ទំនាយរបស់លោកហារ៉ុត ខេមភីង ដែលបានផ្សាយតាមស្ថានីយវិទ្យុរបស់សហរដ្ឋអាម៉េរិកមិនបានក្លាយជាការពិតទេ។ គាត់បានទាយថា ថ្ងៃវិនិច្ឆ័យនឹងមកដល់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ គឺមានរញ្ជួយដីដ៏ធំមួយដែលនឹងធ្វើដំណើរទៅពាសពេញពិភពលោក ហើយប្រាំខែក្រោយមក ផែនដីនឹងត្រូវបំផ្លាញទាំងស្រុង គឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១។
ក៏ប៉ុន្តែ ផែនដីនឹងមិនត្រូវបំផ្លាញទេ។ ព្រះដែលជាអ្នកបង្កើតផែនដីនឹងមិនអនុញ្ញាតឲ្យមានរឿងនេះកើតឡើងឡើយ។ គម្ពីរដែលជាបណ្ដាំរបស់ព្រះបានចែងថា៖ «ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់»។—ទំនុកតម្កើង ១១៩:៩០
ក៏ប៉ុន្តែ មនុស្សខ្លះដែលអានគម្ពីរប្រហែលជាបដិសេធចំណុចនោះ ដោយនិយាយថា ភពផែនដីនេះនឹងត្រូវបំផ្លាញចោលដោយភ្លើងឆេះ។ ពួកគេសំអាងលើពេត្រុសទី២ ៣:៧, ១០ ដែលចែងថា៖ «ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ហើយបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល។ . . . ទោះជាយ៉ាងនោះក៏ដោយ ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដូចជាចោរ ហើយនៅពេលនោះមេឃនិងបាត់ទៅយ៉ាងលឿនដោយសំឡេងលាន់ឮរំពង ប៉ុន្តែធាតុនានានឹងក្ដៅក្រៃលែងហើយនឹងរលាយសាបសូន្យទៅ ឯផែនដីនិងអ្វីៗនៅលើផែនដីនឹងត្រូវរកឃើញ»។ តើពាក្យរបស់សាវ័កពេត្រុសចង់បញ្ជាក់អំពីន័យត្រង់ឬ?
មិនមែនទេ។ ហេតុអ្វី? ដើម្បីយល់យ៉ាងត្រឹមត្រូវពីបទគម្ពីរនេះ លោកអ្នកត្រូវប្រៀបធៀបអ្វីដែលពេត្រុសបានរៀបរាប់ក្នុងសំបុត្ររបស់គាត់ទៅនឹងគម្ពីរទាំងមូល។ បើគិតក្នុងន័យត្រង់ បទគម្ពីរទាំងនោះនឹងមានន័យថាព្រះនឹងដុតបំផ្លាញស្ថានសួគ៌ ឬសកលលោកដែលមានផ្កាយរាប់ពាន់លាន និងអ្វីៗផ្សេងទៀត ដោយសារតែភពតូចមួយដែលមានមនុស្សអាក្រក់យ៉ាងច្រើនរស់នៅ។ ជាឧទាហរណ៍ តើអ្នកនឹងដុតសណ្ដែកដីមួយបាវចោលដោយសារតែមានសណ្ដែកដីមួយគ្រាប់ខូចប៉ុណ្ណោះឬ? បើអ្នកធ្វើដូច្នេះ គឺមិនសមហេតុផលសោះ! ដូចគ្នាដែរ ព្រះយេហូវ៉ានឹងមិនបំផ្លាញអ្វីៗទាំងអស់ដែលលោកបានបង្កើតក្នុងសកលលោក ដោយសារតែមានការបះបោរប្រឆាំងនៅកន្លែងមួយក្នុងសកលលោកឡើយ។
ម្យ៉ាងទៀត គំនិតបែបនេះគឺប្រឆាំងនឹងពាក្យរបស់លោកយេស៊ូគ្រិស្តដែលថា៖ «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក»។ (ម៉ាថាយ ៥:៥; ទំនុកតម្កើង ៣៧:២៩) តើឪពុកដែលមានសេចក្ដីស្រឡាញ់នឹងសង់ផ្ទះដ៏ស្អាតមួយសម្រាប់ក្រុមគ្រួសាររបស់គាត់ រួចមកបែរជាដុតចោលទៅវិញឬ? (ទំនុកតម្កើង ១១៥:១៦) នេះមិនសមហេតុផលទេ! ព្រះយេហូវ៉ាមិនគ្រាន់តែជាអ្នកបង្កើតប៉ុណ្ណោះទេ តែលោកក៏ជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ដែរ។—ទំនុកតម្កើង ១០៣:១៣; យ៉ូហានទី១ ៤:៨
ពេត្រុសបានប្រើពាក្យ«ផែនដី»ក្នុងន័យធៀប ដែលក្នុងករណីនេះគឺសំដៅទៅលើសង្គមមនុស្សទុច្ចរិត។ សូមកត់សម្គាល់ថា ពេត្រុសបានផ្សារភ្ជាប់រឿងនេះទៅនឹងគ្រាមានទឹកជំនន់នៅសម័យណូអេ។ (ពេត្រុសទី២ ៣:៥, ៦) នៅគ្រានោះ មានតែមនុស្សអាក្រក់ប៉ុណ្ណោះដែលត្រូវបំផ្លាញចោល ហើយផែនដី ណូអេ និងក្រុមគ្រួសាររបស់គាត់ដែលជាមនុស្សសុចរិតបានរួចជីវិត។ ស្រដៀងគ្នាដែរ ពាក្យ«មេឃ»ដែលពេត្រុសប្រើក៏ជានិមិត្តរូបដែរ។ ក្នុងករណីនេះ «មេឃ»សំដៅទៅលើការគ្រប់គ្រងរបស់មនុស្សទុច្ចរិត។ ដូច្នេះ មនុស្សអាក្រក់ដែលកែលែងឡើង រួមទាំងរដ្ឋាភិបាលអាក្រក់ទាំងអស់ នឹងត្រូវបំផ្លាញចោលឲ្យសាបសូន្យ ហើយរដ្ឋាភិបាលរបស់ព្រះនៅស្ថានសួគ៌ ឬរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងជំនួសវិញ។—ដានីយ៉ែល ២:៤៤
ដូច្នេះ តើភពផែនដីនឹងត្រូវបំផ្លាញឬ? មិនមែនទេ។ អ្វីដែលនឹងត្រូវបំផ្លាញគឺសង្គមមនុស្សទុច្ចរិតដែលគម្ពីរហៅថា«ផែនដី»ក្នុងន័យធៀប។ ផែនដី និងសង្គមមនុស្សសុចរិតនឹងស្ថិតស្ថេរជារៀងរហូត។—សុភាសិត ២:២១, ២២