ការប្រឈមមុខនឹងទុក្ខលំបាកសព្វថ្ងៃនេះដោយចិត្តក្លាហាន
«ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន»។—ទំនុក. ៤៦:១
តើអ្នកអាចឆ្លើយបានឬទេ?
តើតាមរបៀបណាយើងអាចជៀសវាងមិនឲ្យទុក្ខលំបាកធ្វើឲ្យយើងធ្លាក់ទឹកចិត្ត?
តើមានមូលហេតុអ្វីខ្លះដែលយើងមានចិត្តក្លាហាន?
តើរបៀបរៀបចំអ្វីខ្លះដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យដើម្បីជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាក?
១, ២. តើមនុស្សជាច្រើនបានជួបនឹងទុក្ខលំបាកអ្វីខ្លះ? ប៉ុន្តែតើអ្នកបម្រើព្រះចង់ធ្វើអ្វី?
យើងរស់នៅក្នុងគ្រាដែលមានទុក្ខលំបាក។ មានមហន្តរាយធម្មជាតិជាច្រើនបានកើតឡើងនៅលើផែនដីនេះ។ ការរញ្ជួយដី រលកយក្សស៊ូណាមី ភ្លើងឆេះព្រៃ ទឹកជំនន់ ការផ្ទុះភ្នំភ្លើង ព្យុះកំបុតត្បូងនិងព្យុះសង្ឈរាបាននាំឲ្យមនុស្សជាតិអន្តរាយ។ ម្យ៉ាងទៀត បញ្ហាក្នុងក្រុមគ្រួសារនិងបញ្ហាផ្ទាល់ខ្លួននាំឲ្យមនុស្សភ័យខ្លាច ហើយរងទុក្ខ។ ជាការពិតណាស់ដែល«ពេលវេលានឹងឱកាស»ឬព្រឹត្ដិការណ៍ដែលយើងមិនដឹងជាមុនកើតឡើងដល់យើង។—សាស្ដ. ៩:១១
២ អ្នកបម្រើរបស់ព្រះបានស៊ូទ្រាំនឹងស្ថានភាពដ៏ពិបាកទាំងនេះដោយជោគជ័យ។ ទោះជាយ៉ាងនេះក្ដី យើងចង់ត្រៀមលក្ខណៈដើម្បីប្រឈមមុខនឹងការពិបាកណាក៏ដោយដែលយើងអាចជួបប្រទះនៅអនាគត កាលដែលរបៀបរបបពិភពលោកនេះកាន់តែជិតដល់ទីបញ្ចប់។ តើយើងអាចស៊ូទ្រាំ ហើយមិនធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេច? តើអ្វីអាចជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាកសព្វថ្ងៃនេះដោយចិត្តក្លាហាន?
ចូររៀនពីគំរូនៃពួកអ្នកដែលបានប្រឈមមុខនឹងបញ្ហាក្នុងជីវិតដោយចិត្តក្លាហាន
៣. ដូចរ៉ូម ១៥:៤បានបង្ហាញ តើយើងអាចទទួលការសម្រាលទុក្ខយ៉ាងដូចម្ដេច ពេលប្រឈមមុខនឹងស្ថានភាពដ៏ពិបាក?
៣ ទោះជាស្ថានភាពពិបាកធ្វើឲ្យមនុស្សកាន់តែច្រើនជាងមុនរងទុក្ខក៏ដោយ នេះមិនមែនជាអ្វីដែលថ្មីសម្រាប់មនុស្សជាតិនោះទេ។ សូមយើងពិចារណាថាយើងអាចរៀនអ្វីខ្លះពីអ្នកបម្រើមួយចំនួនរបស់ព្រះនៅសម័យបុរាណ ដែលបានប្រឈមមុខនឹងបញ្ហាក្នុងជីវិតដោយចិត្តក្លាហាន។—រ៉ូម ១៥:៤
៤. តើដាវីឌបានស៊ូទ្រាំនឹងទុក្ខលំបាកអ្វីខ្លះ ហើយតើអ្វីបានជួយគាត់?
៤ សូមពិចារណាអំពីគំរូរបស់ដាវីឌ។ ក្នុងចំណោមទុក្ខលំបាកផ្សេងៗ ដាវីឌត្រូវទ្រាំនឹងកំហឹងរបស់ស្តេចមួយអង្គ ការវាយប្រហាររបស់សត្រូវ ការចាប់ប្រពន្ធ ការក្បត់ពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ និងកងទ័ពរបស់គាត់ ព្រមទាំងការរងទុក្ខខាងផ្លូវចិត្ត។ (១សាំ. ១៨:៨, ៩; ៣០:១-៥; ២សាំ. ១៧:១-៣; ២៤:១៥, ១៧; ទំនុក. ៣៨:៤-៨) កំណត់ហេតុក្នុងគម្ពីរស្តីអំពីដំណើរជីវិតរបស់ដាវីឌ បានបង្ហាញយ៉ាងច្បាស់អំពីការឈឺចាប់របស់គាត់ ដែលបណ្ដាលមកពីទុក្ខលំបាកទាំងនេះ។ ប៉ុន្តែ ទុក្ខលំបាកទាំងនេះមិនបានបំផ្លាញចំណងមិត្តភាពរវាងគាត់និងព្រះទេ។ គាត់បាននិយាយដោយជំនឿរឹងមាំថា៖ «ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា?»។—ទំនុក. ២៧:១; សូមអាន ទំនុកតម្កើង ២៧:៥, ១០
៥. តើអ្វីបានជួយអាប្រាហាំនិងសារ៉ាឲ្យស៊ូទ្រាំនឹងជីវិតដ៏ពិបាក?
៥ អាប្រាហាំនិងសារ៉ាបានរស់នៅក្នុងត្រសាលជាជនបរទេសស្ទើរតែអស់មួយជីវិតរបស់ពួកគាត់ នៅក្នុងស្រុកដែលពួកគាត់មិនធ្លាប់ស្គាល់។ ជីវិតរបស់ពួកគាត់មិនតែងតែស្រួលនោះទេ។ ប៉ុន្តែ ពួកគាត់បានតាំងចិត្តស៊ូទ្រាំនឹងអ្វីផ្សេងៗដូចជាការអត់ឃ្លាន និងគ្រោះថ្នាក់ដែលបណ្ដាលមកពីប្រជាជាតិនានាដែលនៅជុំវិញពួកគាត់។ (លោ. ១២:១០; ១៤:១៤-១៦) តើពួកគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច? បណ្ដាំរបស់ព្រះប្រាប់យើងថាអាប្រាហាំ«រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត»។ (ហេ. ១១:៨-១០) អាប្រាហាំនិងសារ៉ាបន្តផ្ដោតអារម្មណ៍ទៅលើអ្វីដែលមាននៅខាងមុខ ហើយមិនឲ្យមនុស្សនៅជុំវិញពួកគាត់ ធ្វើឲ្យពួកគាត់ធ្លាក់ទឹកចិត្តឡើយ។
៦. តើយើងអាចយកតម្រាប់យ៉ូបយ៉ាងដូចម្ដេច?
៦ យ៉ូបជួបប្រទះនឹងទុក្ខលំបាកដ៏ខ្លាំងបំផុត។ សូមស្រមៃគិតអំពីអារម្មណ៍របស់គាត់ពេលដែលអ្វីៗទាំងអស់ក្នុងជីវិតរបស់គាត់ហាក់ដូចជាមានបញ្ហា។ (យ៉ូប ៣:៣, ១១) អាក្រក់ជាងនេះទៅទៀត គឺគាត់មិនយល់ច្បាស់អំពីមូលហេតុដែលគាត់ជួបនឹងបញ្ហាទាំងនោះទេ។ ប៉ុន្តែ គាត់មិនបានឈប់ស៊ូទ្រាំឡើយ។ គាត់បានរក្សាចិត្តស្មោះគ្រប់លក្ខណៈនិងជំនឿរបស់គាត់លើព្រះ។ (សូមអាន យ៉ូប ២៧:៥) យ៉ូបពិតជាគំរូដ៏ល្អសម្រាប់យើងមែន!
៧. កាលដែលប៉ូលបម្រើព្រះ តើគាត់បានជួបនឹងទុក្ខលំបាកអ្វីខ្លះ? ប៉ុន្តែតើការដឹងអំពីអ្វី បានជួយប៉ូលឲ្យមានចិត្តក្លាហានដើម្បីបន្តបម្រើព្រះ?
៧ សូមពិចារណាផងដែរអំពីគំរូរបស់សាវ័កប៉ូល។ គាត់បានជួបនឹង‹គ្រោះថ្នាក់នៅក្នុងក្រុង នៅតំបន់ស្ងាត់ជ្រងំ និងនៅសមុទ្រ›។ គាត់បានរៀបរាប់ថាគាត់‹ស្រេកឃ្លាន រងា និងគ្មានសម្លៀកបំពាក់›។ ប៉ូលក៏បានរៀបរាប់ដែរថា គាត់បាន‹នៅសមុទ្រជ្រៅមួយយប់មួយថ្ងៃ› នេះទំនងជាដោយសារការលិចសំពៅមួយក្នុងចំណោមការលិចសំពៅដែលគាត់បានជួបប្រទះ។ (២កូ. ១១:២៣-២៧) ទោះជាគាត់បានជួបប្រទះនឹងអ្វីៗទាំងនេះក៏ដោយ សូមកត់សម្គាល់នូវចិត្តគំនិតរបស់គាត់ ក្រោយពីគាត់បានប្រឈមមុខនឹងសេចក្ដីស្លាប់ ដោយសារគាត់បម្រើព្រះ។ គាត់បាននិយាយថា៖ «ដើម្បីឲ្យយើងទុកចិត្តព្រះដែលប្រោសមនុស្សឲ្យរស់ពីស្លាប់ឡើងវិញ ជាជាងទុកចិត្តខ្លួនយើង។ ដូច្នេះ លោកបានសង្គ្រោះយើងឲ្យរួចពីស្ថានភាពប្រកបដោយគ្រោះថ្នាក់ដល់ជីវិតពិតមែន ក៏នឹងសង្គ្រោះយើងម្ដងទៀត»។ (២កូ. ១:៨-១០) មនុស្សតិចណាស់ធ្លាប់ជួបនឹងព្រឹត្ដិការណ៍អាក្រក់ជាច្រើនដូចប៉ូល។ ប៉ុន្តែ យើងជាច្រើននាក់អាចមានអារម្មណ៍ដូចគាត់ ហើយអាចទទួលការលើកទឹកចិត្តពីគំរូស្តីអំពីភាពក្លាហានរបស់គាត់។
សូមកុំឲ្យទុក្ខលំបាកធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តឡើយ
៨. តើបញ្ហាសព្វថ្ងៃនេះប្រហែលជាមានឥទ្ធិពលយ៉ាងណាមកលើយើង? សូមលើកឧទាហរណ៍។
៨ នៅក្នុងពិភពលោកសព្វថ្ងៃនេះដែលពោរពេញទៅដោយមហន្តរាយធម្មជាតិ ការពិបាក ការបង្ខិតបង្ខំ នោះមនុស្សជាច្រើនមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ សូម្បីតែគ្រិស្តសាសនិកក៏មានអារម្មណ៍បែបនេះដែរ។ ឡានីaដែលកំពុងសប្បាយនឹងកិច្ចបម្រើពេញពេលជាមួយនឹងប្ដីនាងនៅប្រទេសអូស្ដ្រាលី ប្រាប់ថាពេលការវិនិច្ឆ័យរោគបានឲ្យដឹងថានាងមានជំងឺមហារីកដោះ នោះជាដំណឹងអាក្រក់ណាស់ ហើយគួរឲ្យតក់ស្លុត។ នាងនិយាយថា៖ «ការព្យាបាលជំងឺនោះបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ»។ អ្វីដែលពិបាកថែមទៀតនោះ គឺនាងត្រូវមើលថែប្ដីរបស់នាងដែលបានវះកាត់ឆ្អឹងខ្នង។ ប្រសិនបើយើងជួបនឹងស្ថានភាពអាក្រក់បែបនេះ តើយើងអាចធ្វើអ្វី?
៩, ១០. (ក) តើយើងមិនត្រូវអនុញ្ញាតឲ្យសាថានធ្វើអ្វី? (ខ) តើតាមរបៀបណាយើងអាចប្រឈមមុខនឹងការពិតដែលបានត្រូវរៀបរាប់នៅសកម្មភាព ១៤:២២?
៩ ជាការល្អដែលយើងចាំថា សាថានចង់ប្រើទុក្ខលំបាកដែលយើងជួបប្រទះ ដើម្បីធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។ ប៉ុន្តែ យើងមិនត្រូវឲ្យវាធ្វើឲ្យយើងលែងមានអំណរតាមរបៀបនេះឡើយ។ សុភាសិត ២៤:១០ចែងថា៖ «បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ ការរំពឹងគិតអំពីគំរូរបស់បុគ្គលខ្លះក្នុងគម្ពីរដែលយើងបានពិចារណាខាងលើ នឹងជួយយើងឲ្យមានចិត្តក្លាហានកាន់តែខ្លាំងឡើងដើម្បីប្រឈមមុខនឹងទុក្ខលំបាក។
១០ ជាការល្អដែលយើងចាំជានិច្ចថា យើងមិនអាចបំបាត់បញ្ហាទាំងអស់បានឡើយ។ តាមការពិត យើងដឹងថាយើងនឹងជួបបញ្ហា។ (២ធី. ៣:១២) សកម្មភាព ១៤:២២ប្រាប់យើងថា៖ «យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់សេចក្ដីវេទនាជាច្រើន»។ ជាជាងធ្លាក់ទឹកចិត្ត ចូរចាត់ទុកបញ្ហាដែលអ្នកជួបប្រទះ ជាឱកាសដើម្បីបង្ហាញចិត្តក្លាហានដែលមានមូលដ្ឋានលើជំនឿរបស់អ្នកទៅលើសមត្ថភាពរបស់ព្រះដើម្បីជួយអ្នក។
១១. តើយើងអាចជៀសវាងពីការធ្លាក់ទឹកចិត្តដោយសារទុក្ខលំបាកក្នុងជីវិតយ៉ាងដូចម្ដេច?
១១ យើងត្រូវផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងគិតថាល្អក្នុងជីវិតរបស់យើង។ បណ្ដាំរបស់ព្រះប្រាប់យើងថា៖ «ចិត្តរីករាយតែងតែបណ្ដាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត»។ (សុភ. ១៥:១៣) អ្នកស្រាវជ្រាវខាងវេជ្ជសាស្ត្របានទទួលស្គាល់ជាយូរមកហើយថា ការគិតអំពីអ្វីដែលល្អអាចធ្វើឲ្យយើងជាសះស្បើយ។ អ្នកជំងឺជាច្រើននាក់ដែលគ្រូពេទ្យបានឲ្យគ្រាប់ស្ករជំនួសគ្រាប់ថ្នាំ បានធូរស្បើយពីជំងឺដោយសារពួកគេគិតថាគ្រាប់ស្ករនេះជាថ្នាំដែលអាចជួយពួកគេបាន។ ផ្ទុយទៅវិញ ពេលគ្រូពេទ្យគ្រាន់តែប្រាប់ថាថ្នាំដែលពួកគេប្រើនាំឲ្យពួកគេមានបញ្ហាសុខភាព នោះសុខភាពរបស់អ្នកជំងឺកាន់តែខ្សោយទៅៗ។ ការគិតជាប់ជានិច្ចអំពីស្ថានភាពដែលយើងមិនអាចកែប្រែបាន ប្រហែលជានាំឲ្យយើងធ្លាក់ទឹកចិត្តតែប៉ុណ្ណោះ។ បើគិតអំពីអ្វីដែលល្អវិញ ព្រះយេហូវ៉ាមិនឲ្យយើងនូវ«គ្រាប់ស្ករ»នោះទេ។ ផ្ទុយទៅវិញ សូម្បីតែនៅពេលមានមហន្តរាយ លោកផ្ដល់ជំនួយពិតតាមរយៈការលើកទឹកចិត្តដែលមកពីបណ្ដាំរបស់លោក ពីបងប្អូនរួមជំនឿ និងពីសកម្មពលបរិសុទ្ធដែលផ្ដល់កម្លាំងឲ្យយើង។ ការប្រមូលអារម្មណ៍ទៅលើរឿងទាំងនេះនឹងលើកទឹកចិត្តយើង។ ជាជាងគិតជានិច្ចអំពីរឿងមិនល្អ ចូរធ្វើអ្វីដែលមានប្រយោជន៍ដើម្បីស៊ូទ្រាំនឹងបញ្ហានីមួយៗ ហើយប្រមូលអារម្មណ៍ទៅលើអ្វីដែលល្អក្នុងជីវិតរបស់អ្នក។—សុភ. ១៧:២២
១២, ១៣. (ក) តើអ្វីបានជួយអ្នកបម្រើរបស់ព្រះឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដែលបណ្ដាលមកពីមហន្តរាយធម្មជាតិ? សូមលើកឧទាហរណ៍។ (ខ) តើតាមរបៀបណាមហន្តរាយធម្មជាតិអាចធ្វើឲ្យយើងដឹងថាអ្វីគឺសំខាន់បំផុតក្នុងជីវិត?
១២ នៅពេលថ្មីៗនេះ ប្រទេសខ្លះជួបប្រទះនឹងមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ។ បងប្អូនយើងជាច្រើននាក់នៅប្រទេសទាំងនេះបានបង្ហាញការចេះស៊ូទ្រាំយ៉ាងគួរឲ្យកោតសរសើរ។ នេះមិនមានន័យថាការធ្វើដូច្នេះគឺងាយស្រួលនោះទេ។ នៅដើមឆ្នាំ២០១០ ការរញ្ជួយដីដ៏ធំមួយនិងរលកយក្សស៊ូណាមីនៅប្រទេសឈីលី បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងនិងទ្រព្យសម្បត្ដិរបស់បងប្អូនយើង ហើយបងប្អូនខ្លះបានបាត់បង់មុខរបររបស់ខ្លួន។ ទោះជាជួបនឹងបញ្ហានេះក៏ដោយ បងប្អូនយើងនៅតែបន្តបម្រើព្រះ។ បងប្រុសសាំយូអែលដែលផ្ទះរបស់គាត់បានត្រូវបំផ្លាញទាំងស្រុង បាននិយាយថា៖ «សូម្បីតែក្នុងពេលដ៏ពិបាកបំផុតទាំងនេះក៏ដោយ ប្រពន្ធខ្ញុំនិងខ្ញុំមិនដែលឈប់ចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយឡើយ។ ខ្ញុំជឿជាក់ថា ទម្លាប់ល្អទាំងនេះបានជួយយើងមិនឲ្យអស់សង្ឃឹម»។ ពួកគាត់និងបងប្អូនឯទៀតជាច្រើននាក់មិនឲ្យមហន្តរាយធម្មជាតិធ្វើឲ្យពួកគាត់ធ្លាក់ទឹកចិត្តទេ ហើយពួកគាត់បានបន្តបម្រើព្រះយេហូវ៉ា។
១៣ នៅខែកញ្ញា ឆ្នាំ២០០៩ ជាង៨០ភាគរយនៃក្រុងម៉ានីល នាប្រទេសហ្វីលីពីនបានជន់លិចដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។ អ្នកមានម្នាក់ដែលបាត់បង់ទ្រព្យសម្បត្ដិជាច្រើនបាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្សគ្រប់រូប ហើយបានបណ្ដាលឲ្យទាំងអ្នកមាននិងអ្នកក្រ មាន«ការពិបាកនិងទុក្ខវេទនា»។ នេះរំលឹកយើងនូវឱវាទរបស់លោកយេស៊ូដែលថា៖ «ចូរប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ជាកន្លែងដែលសត្វល្អិតនិងច្រែះមិនស៊ីបំផ្លាញ ហើយចោរមិនអាចចូលលួចឡើយ»។ (ម៉ាថ. ៦:២០) ការចាត់ទុកទ្រព្យសម្បត្ដិដែលអាចបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស ថាជាអ្វីសំខាន់បំផុតក្នុងជីវិត ច្រើនតែនាំឲ្យខកចិត្ត។ ជាការល្អជាងបើយើងផ្ដោតអារម្មណ៍ទៅលើចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា ដែលអាចនៅគង់វង្ស ទោះជាមានអ្វីកើតឡើងជុំវិញយើងក៏ដោយ!—សូមអាន ហេប្រឺ ១៣:៥, ៦
មូលហេតុដែលយើងមានចិត្តក្លាហាន
១៤. តើមានមូលហេតុអ្វីខ្លះ ដែលយើងមានចិត្តក្លាហាន?
១៤ លោកយេស៊ូបានទទួលស្គាល់ថានឹងមានបញ្ហាកើតឡើងក្នុងអំឡុងវត្តមានរបស់លោក ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ «កុំភ័យស្លុតឡើយ»។ (លូក. ២១:៩) ដោយមានលោកជាស្តេចរបស់យើង ហើយដោយមានការគាំទ្រពីព្រះដែលជាអ្នកបង្កើតសកលលោក នោះយើងមានមូលហេតុគ្រប់គ្រាន់ដើម្បីមានទំនុកចិត្ត។ ប៉ូលបានលើកទឹកចិត្តធីម៉ូថេថា៖ «ព្រោះសកម្មពលបរិសុទ្ធដែលព្រះផ្ដល់ឲ្យយើង មិនធ្វើឲ្យយើងមានចិត្តកំសាកទេ ប៉ុន្តែធ្វើឲ្យយើងមានកម្លាំង សេចក្ដីស្រឡាញ់ និងការដឹងខុសត្រូវ»។—២ធី. ១:៧
១៥. សូមលើកឧទាហរណ៍អំពីទំនុកចិត្តរបស់អ្នកបម្រើព្រះ ហើយពន្យល់ថាយើងអាចមានចិត្តក្លាហានស្រដៀងគ្នាយ៉ាងដូចម្ដេច។
១៥ សូមកត់សម្គាល់នូវពាក្យសម្ដីខ្លះដែលបញ្ជាក់អំពីទំនុកចិត្តរឹងមាំរបស់អ្នកបម្រើព្រះ។ ដាវីឌបានពោលថា៖ «ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង»។ (ទំនុក. ២៨:៧) ប៉ូលបានសម្ដែងនូវទំនុកចិត្តឥតរង្គោះរង្គើរបស់គាត់ ដោយស្រដីថា៖ «យើងកំពុងឈ្នះក្នុងការទាំងអស់នេះ ដោយសារលោកដែលបានស្រឡាញ់យើង»។ (រ៉ូម ៨:៣៧) ស្រដៀងគ្នាដែរ កាលដែលលោកយេស៊ូជិតរងគ្រោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថាលោកមានចំណងមិត្តភាពរឹងមាំជាមួយព្រះ ដោយមានប្រសាសន៍ថា៖ «ខ្ញុំមិនមែននៅម្នាក់ឯងទេ ពីព្រោះបិតានៅស្ថានសួគ៌នៅជាមួយនឹងខ្ញុំ»។ (យ៉ូន. ១៦:៣២) តើពាក្យទាំងនេះសឲ្យឃើញអ្វី? ពាក្យទាំងអស់នេះសឲ្យឃើញនូវទំនុកចិត្តឥតរង្គោះរង្គើទៅលើព្រះយេហូវ៉ា។ បើយើងបណ្ដុះនូវទំនុកចិត្តស្រដៀងគ្នា នេះអាចជួយយើងឲ្យមានចិត្តក្លាហានដើម្បីប្រឈមមុខនឹងទុក្ខលំបាកណាក៏ដោយនៅសព្វថ្ងៃនេះ។—សូមអាន ទំនុកតម្កើង ៤៦:១-៣
ចូរទទួលប្រយោជន៍ពីរបៀបរៀបចំរបស់ព្រះដើម្បីរក្សាចិត្តក្លាហាន
១៦. ហេតុអ្វីការសិក្សាបណ្ដាំរបស់ព្រះជាអ្វីដែលសំខាន់ចំពោះយើង?
១៦ គ្រិស្តសាសនិកមានចិត្តក្លាហានមិនមែនដោយសារពួកគេពឹងផ្អែកលើសមត្ថភាពឬកម្លាំងរបស់ពួកគេទេ។ ផ្ទុយទៅវិញ យើងមានចិត្តក្លាហានគឺដោយសារយើងស្គាល់ព្រះ ហើយពឹងផ្អែកលើលោក។ យើងអាចធ្វើដូច្នេះតាមរយៈការសិក្សាគម្ពីរដែលជាបណ្ដាំជាលាយលក្ខណ៍អក្សររបស់លោក។ បងស្រីម្នាក់ដែលបានធ្លាក់ទឹកចិត្ត ពន្យល់អំពីអ្វីដែលជួយគាត់ដោយស្រដីថា៖ «ខ្ញុំអានជាពិសេសម្ដងហើយម្ដងទៀតនូវខគម្ពីរដែលសម្រាលទុក្ខ»។ តើយើងបានធ្វើតាមការណែនាំដែលឲ្យយើងមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់ឬទេ? ការធ្វើអ្វីៗទាំងនេះនឹងជួយយើងឲ្យមានចិត្តគំនិតដូចអ្នកតែងទំនុកតម្កើងដែលបានពោលថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។—ទំនុក. ១១៩:៩៧
១៧. (ក) តើរបៀបរៀបចំអ្វីខ្លះ ដែលអាចជួយយើងរក្សាសេចក្ដីសង្ឃឹមដោយមានចិត្តក្លាហាន? (ខ) សូមលើកឧទាហរណ៍មួយដែលបង្ហាញអំពីរបៀបដែលជីវប្រវត្ដិក្នុងទស្សនាវដ្ដីរបស់យើងបានជួយអ្នក។
១៧ យើងក៏មានសៀវភៅដែលមានមូលដ្ឋានលើគម្ពីរដែរ ដែលមានព័ត៌មានដែលពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ា។ បងប្អូនជាច្រើននាក់បានឃើញថាជីវប្រវត្ដិរបស់បងប្អូនរួមជំនឿនៅក្នុងទស្សនាវដ្ដីរបស់យើងពិតជាមានប្រយោជន៍មែន។ បងស្រីម្នាក់របស់យើងនៅទ្វីបអាស៊ីដែលមានជំងឺម្យ៉ាងខាងផ្លូវចិត្ត (bipolar mood disorder) សប្បាយរីករាយពេលគាត់អានជីវប្រវត្ដិរបស់បងប្រុសម្នាក់ជាអតីតសាសនទូត ដែលបានប្រឈមមុខនឹងជំងឺនេះដោយជោគជ័យ។ គាត់បានសរសេរថា៖ «ជីវប្រវត្ដិនេះបានជួយខ្ញុំឲ្យយល់អំពីបញ្ហារបស់ខ្ញុំ ហើយបានផ្ដល់នូវសេចក្ដីសង្ឃឹមដល់ខ្ញុំ»។
១៨. ហេតុអ្វីយើងគួរអធិដ្ឋាន?
១៨ ការអធិដ្ឋានអាចជួយយើងក្នុងគ្រប់ស្ថានភាពទាំងអស់។ សាវ័កប៉ូលបានលើកបញ្ជាក់អំពីប្រយោជន៍នៃរបៀបរៀបចំនេះដោយនិយាយថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។ (ភី. ៤:៦, ៧) តើយើងឆ្លៀតយកប្រយោជន៍ឲ្យបានពេញលេញពីរបៀបរៀបចំនេះដើម្បីទទួលកម្លាំង ពេលមានទុក្ខលំបាកឬទេ? បងប្រុសអាឡេចនៅប្រទេសអង់គ្លេសដែលបានធ្លាក់ទឹកចិត្តជាយូរមកហើយ បានពោលថា៖ «ការអធិដ្ឋានទៅព្រះយេហូវ៉ា ហើយស្ដាប់លោកដោយអានបណ្ដាំរបស់លោកគឺជាអ្វីដែលសំខាន់ចាំបាច់សម្រាប់ខ្ញុំ»។
១៩. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការចូលរួមកិច្ចប្រជុំរបស់យើង?
១៩ ការសេពគប់នៅកិច្ចប្រជុំរបស់យើងគឺជារបៀបរៀបចំផ្សេងទៀត ដែលសំខាន់ចាំបាច់ដើម្បីជួយយើង។ អ្នកតែងទំនុកតម្កើងបានសរសេរថា៖ «ព្រលឹងទូលបង្គំរឭក អើ ក៏កន្លេងចិត្តដោយនឹកដល់ទីលាននៃព្រះយេហូវ៉ា»។ (ទំនុក. ៨៤:២) តើយើងមានអារម្មណ៍ដូច្នេះឬទេ? បងស្រីឡានី ដែលបានត្រូវរៀបរាប់ខាងលើ ពន្យល់អំពីទស្សនៈរបស់គាត់ស្តីអំពីការសេពគប់របស់គ្រិស្តសាសនិកថា៖ «ការចូលរួមប្រជុំគឺសំខាន់ណាស់។ ខ្ញុំបានដឹងថាខ្ញុំត្រូវទៅប្រជុំ បើខ្ញុំចង់ឲ្យព្រះយេហូវ៉ាជួយខ្ញុំឲ្យចេះស៊ូទ្រាំ»។
២០. តើការចូលរួមក្នុងកិច្ចផ្សព្វផ្សាយនឹងជួយយើងយ៉ាងដូចម្ដេច?
២០ យើងក៏អាចមានចិត្តក្លាហានដែរ ដោយជាប់រវល់ជានិច្ចក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រ។ (១ធី. ៤:១៦) បងស្រីម្នាក់នៅប្រទេសអូស្ដ្រាលីដែលជួបប្រទះបញ្ហាជាច្រើន និយាយថា៖ «ខ្ញុំមិនចង់ផ្សព្វផ្សាយទេ ប៉ុន្តែអ្នកចាស់ទុំម្នាក់បានអញ្ជើញខ្ញុំឲ្យទៅផ្សព្វផ្សាយជាមួយគាត់។ ដូច្នេះ ខ្ញុំបានទៅ។ ព្រះយេហូវ៉ាច្បាស់ជាបានជួយខ្ញុំមែន។ រាល់លើកដែលខ្ញុំចូលរួមក្នុងកិច្ចបម្រើផ្សាយ ខ្ញុំមានអារម្មណ៍សប្បាយខ្លាំងណាស់»។ (សុភ. ១៦:២០) បងប្អូនជាច្រើននាក់បានឃើញថា ដោយសារពួកគាត់ជួយអ្នកឯទៀតឲ្យពង្រឹងជំនឿលើព្រះយេហូវ៉ា នោះពួកគាត់ក៏ពង្រឹងជំនឿរបស់ពួកគាត់ដែរ។ ដោយធ្វើដូច្នោះ ពួកគាត់ឈប់គិតអំពីបញ្ហារបស់ខ្លួនគាត់ ហើយបន្តផ្ដោតអារម្មណ៍ទៅលើរឿងដែលសំខាន់ជាង។—ភី. ១:១០, ១១
២១. តើយើងមានទំនុកចិត្តយ៉ាងណាពេលដែលយើងប្រឈមមុខនឹងទុក្ខលំបាក?
២១ ព្រះយេហូវ៉ាបានផ្ដល់ជំនួយជាច្រើនដើម្បីជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាកសព្វថ្ងៃនេះដោយចិត្តក្លាហាន។ ដោយទទួលប្រយោជន៍ពីរបៀបរៀបចំទាំងនេះ ដោយរំពឹងគិតអំពីគំរូដ៏ល្អរបស់អ្នកបម្រើដ៏ក្លាហានរបស់ព្រះ និងដោយធ្វើតាមគំរូរបស់ពួកគាត់ យើងមានទំនុកចិត្តថា យើងអាចប្រឈមមុខនឹងទុក្ខលំបាកដោយជោគជ័យបាន។ កាលដែលរបៀបរបបនេះជិតដល់ទីបញ្ចប់ ទោះជារឿងអាក្រក់ជាច្រើនប្រហែលជានៅតែកើតឡើងក៏ដោយ យើងអាចមានអារម្មណ៍ដូចប៉ូល ដែលមានវាចាថា៖ «យើងត្រូវគេផ្ដួលដល់ដី តែយើងមិនត្រូវគេបំផ្លាញទេ។ . . . យើងមិនឈប់តស៊ូឡើយ»។ (២កូ. ៤:៩, ១៦) ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចប្រឈមមុខនឹងទុក្ខលំបាកសព្វថ្ងៃនេះដោយចិត្តក្លាហាន។—សូមអាន កូរិនថូសទី២ ៤:១៧, ១៨
[កំណត់សម្គាល់]
a ឈ្មោះខ្លះបានត្រូវប្ដូរ។
[រូបភាពនៅទំព័រ១០, ១១]
ពេលអ្នកប្រឈមមុខនឹងទុក្ខលំបាក សូមទទួលប្រយោជន៍ពីជំនួយដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ