កុំឲ្យបាត់បង់អំណរពេលមានទុក្ខលំបាក
«អស់អ្នកដែលពឹងដល់[ព្រះយេហូវ៉ា] គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច»។—ទំនុក. ៥:១១
១, ២. (ក) សព្វថ្ងៃ តើមានអ្វីខ្លះដែលនាំឲ្យមានទុក្ខព្រួយជាច្រើន? (ខ) តើគ្រិស្តសាសនិកពិតត្រូវស៊ូទ្រាំនឹងអ្វីខ្លះ ក្រៅពីរងទុក្ខលំបាកដូចមនុស្សទូទៅនោះ?
សាក្សីព្រះយេហូវ៉ាជួបប្រទះទុក្ខលំបាកផ្សេងៗដូចមនុស្សឯទៀតដែរ។ រាស្ត្រជាច្រើនរបស់ព្រះធ្លាប់រងគ្រោះដោយអំពើអយុត្ដិធម៌ ដូចជាបទឧក្រិដ្ឋនិងសង្គ្រាមជាដើម។ មហន្តរាយធម្មជាតិ ភាពក្រីក្រ ជំងឺ និងសេចក្ដីស្លាប់ក៏បានបណ្ដាលឲ្យមានទុក្ខព្រួយជាច្រើនដែរ។ សាវ័កប៉ូលបានសរសេរយ៉ាងត្រឹមត្រូវថា៖ «យើងដឹងថា អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ»។ (រ៉ូម ៨:២២) យើងក៏មានការពិបាកដែលមកពីភាពខុសឆ្គងរបស់យើងដែរ។ ដូចស្តេចដាវីឌពីបុរាណ យើងអាចនិយាយថា៖ «អំពើទុច្ចរិតរបស់ទូលបង្គំបានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន»។—ទំនុក. ៣៨:៤
២ គ្រិស្តសាសនិកពិតមិនត្រឹមតែមានទុក្ខលំបាកដូចមនុស្សឯទៀតប៉ុណ្ណោះទេ តែពួកគេក៏ត្រូវលីបង្គោលទារុណកម្មដែរក្នុងន័យធៀប។ (លូក. ១៤:២៧) ពួកគេទទួលការបៀតបៀន និងត្រូវគេស្អប់ដូចលោកយេស៊ូដែរ។ (ម៉ាថ. ១០:២២, ២៣; យ៉ូន. ១៥:២០; ១៦:២) អាស្រ័យហេតុនេះ យើងត្រូវខំប្រឹងខ្លាំងណាស់ ទើបអាចកាន់តាមគ្រិស្តបាន ហើយត្រូវចេះស៊ូទ្រាំ កាលដែលយើងរង់ចាំទទួលពរនៅពិភពលោកថ្មី។—ម៉ាថ. ៧:១៣, ១៤; លូក. ១៣:២៤
៣. តើយើងដឹងយ៉ាងដូចម្ដេចថា គ្រិស្តសាសនិកមិនចាំបាច់មានជីវិតដែលជួបតែទុក្ខព្រួយទើបព្រះពេញចិត្តនោះ?
៣ តើនេះមានន័យថាជីវិតរបស់គ្រិស្តសាសនិកពិតគឺមិនសប្បាយហើយគ្មានអំណរឬ? តើជីវិតយើងត្រូវមានតែទុក្ខព្រួយនិងក្ដីសោកសៅរហូតទៅដល់ទីបញ្ចប់មកដល់ឬ? យើងឃើញច្បាស់ថា ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយ កាលដែលយើងរង់ចាំឲ្យលោកសម្រេចសេចក្ដីសន្យារបស់លោក។ ម្ដងហើយម្ដងទៀត គម្ពីរពិពណ៌នាអំពីអ្នកគោរពប្រណិប័តន៍ដ៏ពិតថាជាមនុស្សដែលរីករាយ។ (សូមអាន អេសាយ ៦៥:១៣, ១៤) ទំនុកតម្កើង ៥:១១ ចែងថា៖ «អស់អ្នកដែលពឹងដល់[ព្រះយេហូវ៉ា] គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច»។ ត្រូវហើយ ទោះជាមានទុក្ខលំបាកក៏ពិតមែន ក៏យើងនៅតែអាចមានអំណរ ចិត្តស្ងប់សុខសាន្ត និងសុភមង្គលជាច្រើន។ សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលគម្ពីរអាចជួយយើងមិនឲ្យបាត់បង់អំណរកាលដែលប្រឈមមុខនឹងទុក្ខលំបាក។
ព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ»
៤. ពេលអ្នកឯទៀតមិនអើពើនឹងបំណងប្រាថ្នារបស់ព្រះ តើលោកមានអារម្មណ៍យ៉ាងណា?
៤ ជាឧទាហរណ៍ សូមគិតអំពីព្រះយេហូវ៉ា។ ក្នុងនាមជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត លោកគ្រប់គ្រងលើសកលលោកទាំងមូល។ លោកមិនខ្វះអ្វីសោះហើយក៏មិនត្រូវការអ្នកណាទេ។ ក៏ប៉ុន្តែ ថ្វីបើព្រះយេហូវ៉ាមានឫទ្ធានុភាពដែលប្រៀបផ្ទឹមពុំបានក៏ដោយ លោកច្បាស់ជាខកចិត្តពេលបុត្រវិញ្ញាណរបស់លោកបះបោរប្រឆាំង ហើយបានក្លាយទៅជាសាថាន។ ណាមួយទៀត ពេលទេវតាឯទៀតបានចូលរួមក្នុងការបះបោរប្រឆាំងនោះ នេះពិតជាប៉ះពាល់ដល់ផ្លូវចិត្តរបស់លោក។ ម្យ៉ាងទៀត សូមគិតអំពីការឈឺចិត្តរបស់ព្រះ ពេលដែលស្នាដៃល្អឯករបស់លោកក្នុងចំណោមអ្វីដែលលោកបានបង្កើតនៅផែនដី ពោលគឺអាដាមនិងអេវ៉ាឈប់ទទួលស្គាល់លោក។ តាំងពីពេលនោះមក កូនចៅរាប់ពាន់លាននាក់របស់ពួកគេក៏បានបដិសេធចោលអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា។—រ៉ូម ៣:២៣
៥. តើមានអ្វីខ្លះដែលធ្វើឲ្យព្រះយេហូវ៉ាព្រួយចិត្តជាងគេ?
៥ រហូតមកដល់សព្វថ្ងៃនេះ ការបះបោរប្រឆាំងរបស់សាថានមិនទាន់ស្រាកស្រាន្តឡើយ។ អស់៦០០០ឆ្នាំជាង ព្រះយេហូវ៉ាបានឃើញមនុស្សគោរពបូជារូបព្រះ ធ្វើអំពើឃោរឃៅ ឃាតកម្ម និងអំពើអាក្រក់ជួជាតិខាងផ្លូវភេទ។ (លោ. ៦:៥, ៦, ១១, ១២) ម្យ៉ាងទៀត លោកបានឮគេភូតភរនិងប្រមាថលោកយ៉ាងអាក្រក់។ ម្ដងម្កាល សូម្បីតែអ្នកគោរពប្រណិប័តន៍ដ៏ពិតរបស់លោកក៏បានបញ្ឈឺចិត្តលោកផងដែរ។ គម្ពីរពណ៌នាអំពីពេលមួយដែលនេះបានកើតឡើង ដោយចែងថា៖ «ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់នៅទីរហោស្ថាន ហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ គឺគេបានបែរជាល្បងលព្រះវិញ»។ (ទំនុក. ៧៨:៤០, ៤១) ពេលរាស្ត្ររបស់ព្រះយេហូវ៉ាបដិសេធលោក នោះលោកពិតជាឈឺចិត្តខ្លាំងណាស់។ (យេ. ៣:១-១០) នេះបង្ហាញយ៉ាងច្បាស់ថា មានរឿងអាក្រក់កើតឡើងដែលធ្វើឲ្យព្រះយេហូវ៉ាព្រួយចិត្ត។—សូមអាន អេសាយ ៦៣:៩, ១០
៦. តើព្រះប្រឈមមុខនឹងកាលៈទេសៈពិបាកយ៉ាងដូចម្ដេច?
៦ ប៉ុន្តែ ពេលព្រះយេហូវ៉ាមានទុក្ខព្រួយឬខកចិត្ត នោះមិននាំឲ្យលោកធ្វើអ្វីមិនកើតនោះទេ។ ពេលមានបញ្ហាកើតឡើង ព្រះយេហូវ៉ាបានចាត់វិធានការភ្លាមៗដើម្បីកាត់បន្ថយផលវិបាកដែលមកពីបញ្ហានោះ។ លោកក៏មានគម្រោងការណ៍រយៈពេលវែងដើម្បីសម្រេចបំណងរបស់លោកនៅទីបំផុត។ ដោយចាត់វិធានការឲ្យបំណងរបស់លោកបានសម្រេច ព្រះយេហូវ៉ាអាចមានអំណរកាលទន្ទឹងរង់ចាំគ្រាដែលការគ្រប់គ្រងរបស់លោកនឹងត្រូវសឲ្យឃើញថាត្រឹមត្រូវ ហើយអ្នកគោរពប្រណិប័តន៍លោកនឹងទទួលពរ។ (ទំនុក. ១០៤:៣១) ដូច្នេះ ទោះជាមានការតិះដៀលក៏ដោយ ព្រះយេហូវ៉ានៅតែ«មានសេចក្ដីសប្បាយ»ជានិច្ច។—១ធី. ១:១១; ទំនុក. ១៦:១១
៧, ៨. ពេលមានអ្វីកើតឡើងខុសពីបំណងយើង តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ ពិតមែនតែយើងគ្មានសមត្ថភាពដោះស្រាយបញ្ហាដូចព្រះយេហូវ៉ាក៏ដោយ ប៉ុន្តែយើងអាចយកតម្រាប់តាមលោកកាលដែលយើងប្រឈមមុខនឹងទុក្ខលំបាក។ ពេលមានអ្វីកើតឡើងខុសពីបំណងរបស់យើង គឺជាការធម្មតាដែលយើងធ្លាក់ទឹកចិត្ត តែយើងមិនចាំបាច់ធ្លាក់ទឹកចិត្តរហូតឡើយ។ ព្រះបានបង្កើតយើងឲ្យមានគុណសម្បត្ដិដូចលោក ម្ល៉ោះហើយយើងមានសមត្ថភាពគិតគូរនិងមានប្រាជ្ញា ដែលជួយយើងឲ្យត្រិះរិះអំពីបញ្ហារបស់យើង ព្រមទាំងចាត់វិធានការដោះស្រាយបញ្ហានោះបើអាចធ្វើទៅបាន។
៨ កត្ដាសំខាន់មួយដែលអាចជួយយើងស៊ូទ្រាំនឹងបញ្ហាដែលមានក្នុងជីវិត គឺយើងត្រូវទទួលស្គាល់ថា មានរឿងខ្លះដែលយើងមិនអាចដោះស្រាយបានទេ ទោះជាខំប្រឹងយ៉ាងណាក៏ដោយ។ ការខ្វល់ខ្វាយអំពីរឿងទាំងនោះប្រហែលជាធ្វើឲ្យយើងមានអារម្មណ៍អន្ទះអន្ទែងកាន់តែខ្លាំង ថែមទាំងនាំឲ្យយើងលែងមានអំណរក្នុងការគោរពប្រណិប័តន៍ពិត។ ក្រោយពីយើងខំអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានោះ យកល្អឲ្យយើងឈប់គិតច្រើនអំពីបញ្ហារបស់យើង ហើយផ្ចង់អារម្មណ៍ទៅលើអ្វីដែលមានប្រយោជន៍ច្រើនជាង។ កំណត់ហេតុក្នុងគម្ពីរដែលមានដូចតទៅបង្ហាញយ៉ាងច្បាស់អំពីចំណុចនេះ។
ចាំបាច់ធ្វើជាមនុស្សសមហេតុផល
៩. តើហាណាបង្ហាញយ៉ាងដូចម្ដេចថានាងជាមនុស្សសមហេតុផល?
៩ សូមពិចារណាអំពីហាណា ដែលនៅទីបំផុត ក្លាយទៅជាម្ដាយរបស់សាំយូអែលដែលជាអ្នកប្រកាសទំនាយ។ នាងក្រៀមក្រំចិត្តដោយសារនាងជាស្រីអារ ហើយនេះនាំឲ្យគេចំអកមើលងាយនិងតិះដៀលនាងផង។ ជួនកាល ហាណាធ្លាក់ទឹកចិត្តដល់ម្ល៉េះ ដែលនាងយំហើយមិនព្រមបរិភោគអ្វីសោះ។ (១សាំ. ១:២-៧) នៅពេលមួយដែលហាណាទៅកន្លែងគោរពបូជារបស់ព្រះយេហូវ៉ា នោះនាងមាន«សេចក្ដីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្ដឺតអណ្ដក»។ (១សាំ. ១:១០) ក្រោយហាណាអធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្ត នោះសម្ដេចសង្ឃអេលីបានទៅជួបនាងហើយនិយាយថា៖ «សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ»។ (១សាំ. ១:១៧) នៅពេលនោះ ហាណាដឹងច្បាស់ថាដើម្បីឲ្យបានកូន នាងបានខំធ្វើអស់ពីលទ្ធភាពហើយ តែមិនអាចផ្លាស់ប្ដូរស្ថានភាពនោះឡើយ។ ហាណាបង្ហាញថានាងជាមនុស្សសមហេតុផល។ ក្រោយមក នាង«បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ»។—១សាំ. ១:១៨
១០. ពេលប៉ូលប្រឈមមុខបញ្ហាមួយដែលគាត់មិនអាចដោះស្រាយ តើគាត់មានទស្សនៈយ៉ាងណា?
១០ សាវ័កប៉ូលមានទស្សនៈស្រដៀងគ្នាដែរ ពេលឆ្លងកាត់ទុក្ខលំបាក។ គាត់មានជំងឺមួយដែលធ្វើទុក្ខដល់គាត់ណាស់ ដែលគាត់ហៅថា«បន្លាមួយក្នុងសាច់ឈាម»។ (២កូ. ១២:៧) ទោះជាជំងឺនោះជាជំងឺអ្វីក៏ដោយ ប៉ូលបានខំប្រឹងអស់ពីសមត្ថភាពដើម្បីព្យាបាលខ្លួន ហើយអធិដ្ឋានសុំព្រះយេហូវ៉ាធ្វើឲ្យគាត់ជាសះស្បើយ។ តើប៉ូលបានអង្វរសុំជំនួយពីព្រះយេហូវ៉ាអស់ប៉ុន្មានដង? អស់បីដង។ ក្រោយពីលើកទីបីដែលគាត់អង្វរសុំនោះ ព្រះបានបើកបង្ហាញឲ្យប៉ូលដឹងថា លោកនឹងមិនដក«បន្លាមួយក្នុងសាច់ឈាម»ដោយធ្វើការអស្ចារ្យណាមួយទេ។ ប៉ូលទទួលយកទស្សនៈរបស់ព្រះយេហូវ៉ា ហើយប្រមូលអារម្មណ៍ទៅលើការបម្រើលោកអស់ពីសមត្ថភាព។—សូមអាន កូរិនថូសទី២ ១២:៨-១០
១១. តើសេចក្ដីអធិដ្ឋាននិងការអង្វរសុំជួយយើងយ៉ាងដូចម្ដេចក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក?
១១ ឧទាហរណ៍ទាំងនេះមិនបញ្ជាក់ថា យើងគួរឈប់អធិដ្ឋានទៅព្រះយេហូវ៉ាស្តីអំពីរឿងដែលធ្វើឲ្យយើងព្រួយចិត្តនោះទេ។ (ទំនុក. ៨៦:៧) ផ្ទុយទៅវិញ បណ្ដាំរបស់ព្រះជំរុញទឹកចិត្តយើងដោយចែងថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ តើព្រះយេហូវ៉ានឹងប្រព្រឹត្តយ៉ាងណាចំពោះការអង្វរសុំនិងសំណូមពរទាំងនោះ? គម្ពីរបន្ថែមថា៖ «សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។ (ភី. ៤:៦, ៧) ត្រូវហើយ ព្រះយេហូវ៉ាប្រហែលជាមិនបំបាត់ចោលបញ្ហារបស់យើងទេ តែលោកអាចធ្វើតាមសំណូមពរនោះដោយការពារសមត្ថភាពរិះគិតរបស់យើង។ ក្រោយយើងអធិដ្ឋានអំពីរឿងណាមួយ យើងប្រហែលជាយល់ឃើញថា ការខ្វល់ខ្វាយហួសហេតុពេកអាចនាំឲ្យមានគ្រោះថ្នាក់។
រីករាយធ្វើតាមបំណងប្រាថ្នារបស់ព្រះ
១២. ហេតុអ្វីបានជាការធ្លាក់ទឹកចិត្តយូរអាចនាំឲ្យមានគ្រោះថ្នាក់?
១២ សុភាសិត ២៤:១០ បញ្ជាក់យ៉ាងច្បាស់ថា៖ «បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ សុភាសិតមួយទៀតចែងថា៖«វិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត»។ (សុភ. ១៥:១៣) ពួកគ្រិស្តសាសនិកខ្លះបានធ្លាក់ទឹកចិត្ត ដល់ម្ល៉េះដែលពួកគេឈប់អានគម្ពីរហើយលែងរំពឹងគិតអំពីបណ្ដាំរបស់ព្រះតែម្ដង។ ពួកគេអធិដ្ឋានឲ្យតែរួច ហើយប្រហែលជានៅដាច់ដោយឡែកពីបងប្អូនរួមជំនឿ។ នេះបង្ហាញថា ការធ្លាក់ទឹកចិត្តយូរពិតជាអាចនាំឲ្យមានគ្រោះថ្នាក់។—សុភ. ១៨:១, ១៤
១៣. តើកិច្ចការអ្វីខ្លះដែលអាចកាត់បន្ថយការធ្លាក់ទឹកចិត្ត ហើយធ្វើឲ្យយើងមានអំណរមួយកម្រិត?
១៣ ផ្ទុយទៅវិញ ទស្សនៈល្អនឹងជួយយើងឲ្យប្រមូលអារម្មណ៍ទៅលើអ្វីៗដែលនាំឲ្យយើងរំភើបចិត្តនិងមានអំណរក្នុងជីវិត។ ដាវីឌបានសរសេរថា៖ «ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់»។ (ទំនុក. ៤០:៨) ពេលមានអ្វីកើតឡើងក្នុងជីវិតដែលខុសពីបំណងយើង យើងប្រាកដជាមិនចង់ឈប់បំពេញភារកិច្ចរបស់យើងជាគ្រិស្តសាសនិកឡើយ។ តាមពិត វិធីល្អដើម្បីកាត់បន្ថយកង្វល់គឺដោយចូលរួមក្នុងកិច្ចការដែលធ្វើឲ្យយើងសប្បាយ។ ព្រះយេហូវ៉ាប្រាប់យើងថា បើយើងអានហើយពិនិត្យមើលបណ្ដាំរបស់លោកយ៉ាងទៀងទាត់ នោះយើងអាចមានសុភមង្គលបាន។ (ទំនុក. ១:១, ២; យ៉ា. ១:២៥) តាមរយៈគម្ពីរបរិសុទ្ធនិងកិច្ចប្រជុំ យើងទទួល«ពាក្យសំដីពីរោះ»ដែលអាចលើកទឹកចិត្តយើង ថែមទាំងធ្វើឲ្យយើងរីករាយផងដែរ។—សុភ. ១២:២៥; ១៦:២៤
១៤. តើព្រះយេហូវ៉ាបានធានាយើងអំពីអ្វីដែលនាំឲ្យយើងមានអំណរនៅពេលឥឡូវនេះ?
១៤ ព្រះផ្ដល់ឲ្យយើងមានមូលហេតុជាច្រើនដើម្បីមានអំណរ។ សេចក្ដីសង្គ្រោះដែលលោកបានសន្យា ពិតជាអ្វីសំខាន់មួយដែលនាំឲ្យយើងសប្បាយរីករាយ។ (ទំនុក. ១៣:៥) ទោះជាមានអ្វីកើតឡើងដល់យើងនៅពេលឥឡូវនេះក៏ដោយ យើងដឹងថានៅទីបំផុត ព្រះនឹងឲ្យពរដល់អ្នកដែលស្វែងរកលោកអស់ពីចិត្ត។ (សូមអាន សាស្ដា ៨:១២) ហាបាគុកដែលជាអ្នកប្រកាសទំនាយម្នាក់បានរៀបរាប់យ៉ាងក្បោះក្បាយអំពីការជឿជាក់ដូចនេះ ពេលគាត់សរសេរថា៖ «ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ»។—ហាប. ៣:១៧, ១៨
«សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ»
១៥, ១៦. សូមរៀបរាប់អំណោយខ្លះៗរបស់ព្រះដែលធ្វើឲ្យយើងរីករាយ កាលដែលយើងរង់ចាំពរនៅអនាគតកាល។
១៥ កាលដែលយើងរង់ចាំអនាគតដ៏អស្ចារ្យនោះ បំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺចង់ឲ្យយើងសប្បាយនឹងរបស់ល្អៗដែលលោកផ្ដល់ឲ្យ។ គម្ពីរចែងថា៖ «គ្មានអ្វីសំរាប់[មនុស្សជាតិ]ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួនអស់វេលាដែលមានជីវិតរស់នៅនោះទេ។ ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះ»។ (សាស្ដ. ៣:១២, ១៣) ការ«រកបានសេចក្ដីល្អ»រួមបញ្ចូលការធ្វើអំពើល្អដើម្បីប្រយោជន៍អ្នកឯទៀត។ លោកយេស៊ូបានមានប្រសាសន៍ថាការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងទទួល។ ការប្រព្រឹត្តដោយសប្បុរសចំពោះប្ដីឬប្រពន្ធរបស់យើង កូន មាតាបិតា និងញាតិសន្ដានឯទៀតនាំឲ្យយើងមានចិត្តស្កប់ស្កល់យ៉ាងខ្លាំង។ (សុភ. ៣:២៧) ដោយចេះថែរក្សាគ្នា ទទួលដោយរាក់ទាក់ និងអភ័យទោសបងប្អូនរួមជំនឿរបស់យើង ក៏នាំឲ្យមានអំណរជាច្រើន ថែមទាំងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរ។ (កាឡ. ៦:១០; កូឡ. ៣:១២-១៤; ១ពេ. ៤:៨, ៩) ម្យ៉ាងទៀត ការបំពេញកិច្ចបម្រើផ្សាយរបស់យើងដោយមានស្មារតីលះបង់ប្រយោជន៍ខ្លួន នោះពិតជានាំឲ្យយើងទទួលពរមែន។
១៦ ពាក្យខាងលើដែលមាននៅសៀវភៅសាស្ដារៀបរាប់អំពីអ្វីៗធម្មតាដែលធ្វើឲ្យយើងរីករាយក្នុងជីវិត ដូចជាការពិសាអាហារជាដើម។ ត្រូវហើយ ទោះជាយើងរងទុក្ខលំបាកក៏ពិតមែន តែយើងក៏អាចមានអំណរពីរបស់ដែលព្រះយេហូវ៉ាបានបង្កើត។ ម្យ៉ាងទៀត យើងអាចគយគន់មើលថ្ងៃលិចដ៏សែនស្អាត ទេសភាពអស្ចារ្យ មើលកូនសត្វប្រឡែងគ្នា និងរបស់អស្ចារ្យឯទៀតក្នុងធម្មជាតិដោយឥតគិតថ្លៃ ហើយរបស់ទាំងអស់នេះនាំឲ្យយើងមានអំណរនិងកោតសរសើរព្រះ។ កាលដែលយើងសញ្ជឹងគិតអំពីអ្វីទាំងនោះ នេះនាំឲ្យយើងស្រឡាញ់ព្រះយេហូវ៉ាកាន់តែច្រើន ព្រោះលោកជាអ្នកដែលផ្ដល់របស់ល្អៗទាំងអស់។
១៧. តើអ្វីនឹងនាំឲ្យយើងលែងមានទុក្ខលំបាក? ហើយទម្រាំដល់ពេលនោះ តើអ្វីនឹងសម្រាលទុក្ខយើង?
១៧ បើយើងស្រឡាញ់ព្រះ ធ្វើតាមបញ្ញត្ដិរបស់លោក និងជឿទៅលើគ្រឿងបូជាដែលជាថ្លៃលោះ នោះនៅទីបំផុតនឹងនាំឲ្យយើងលែងមានទុក្ខលំបាកដែលមកពីជីវិតមិនល្អឥតខ្ចោះ ហើយនាំឲ្យយើងមានអំណរជារៀងរហូត។ (១យ៉ូន. ៥:៣) ទម្រាំដល់ពេលនោះ យើងទទួលការសម្រាលទុក្ខដោយដឹងថា ព្រះយេហូវ៉ាជ្រាបពីអ្វីៗទាំងអស់ដែលនាំឲ្យយើងមានទុក្ខ។ ដាវីឌបានសរសេរថា៖ «ទូលបង្គំនឹងមានចិត្តអំណរហើយរីករាយ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ»។ (ទំនុក. ៣១:៧) ដោយព្រោះព្រះយេហូវ៉ាស្រឡាញ់យើង លោកនឹងសង្គ្រោះយើងពីទុក្ខលំបាក។—ទំនុក. ៣៤:១៩
១៨. ហេតុអ្វីអំណរគួរជាលក្ខណៈដែលលេចធ្លោក្នុងចំណោមរាស្ត្ររបស់ព្រះ?
១៨ កាលដែលយើងរង់ចាំឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីសន្យារបស់លោក សូមឲ្យយើងយកតម្រាប់តាមលោក ជាព្រះដែលមានសេចក្ដីសប្បាយ។ សូមកុំឲ្យអារម្មណ៍មិនល្អបញ្ឈប់យើងពីការបន្តបម្រើព្រះ។ ពេលមានបញ្ហា សូមឲ្យសមត្ថភាពរិះគិតនិងប្រាជ្ញាដឹកនាំយើង។ ព្រះយេហូវ៉ានឹងជួយយើងឲ្យចេះគ្រប់គ្រងអារម្មណ៍របស់យើង ហើយនឹងជួយយើងឲ្យធ្វើអ្វីៗដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយបញ្ហាដែលមកពីទុក្ខលំបាក។ សូមឲ្យយើងរីករាយនឹងរបស់ល្អៗដែលលោកផ្ដល់ឲ្យ ដូចជាអ្វីដែលលោកបានបង្កើតព្រមទាំងចំណងមិត្តភាពជាមួយលោកផងដែរ។ បើយើងនៅជិតស្និទ្ធនឹងព្រះ នោះយើងនឹងរីករាយ ពីព្រោះ«សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ»!—ទំនុក. ១៤៤:១៥
តើអ្នកបានរៀនអ្វីខ្លះ?
• ពេលយើងស៊ូទ្រាំនឹងទុក្ខលំបាក តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• បើយើងបង្ហាញថាយើងជាមនុស្សសមហេតុផល តើនេះអាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងដូចម្ដេច?
• ពេលមានទុក្ខព្រួយ តើយើងអាចរីករាយធ្វើតាមបំណងប្រាថ្នារបស់ព្រះយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៩]
ព្រះយេហូវ៉ាព្រួយចិត្តណាស់ពេលមានអ្វីអាក្រក់កើតឡើង
[អ្នកផ្ដល់សិទ្ធិ]
© G.M.B. Akash/Panos Pictures
[រូបភាពនៅទំព័រ២១]
ព្រះយេហូវ៉ាបានផ្ដល់អ្វីដែលយើងត្រូវការ ដើម្បីកុំឲ្យយើងបាត់បង់អំណរ