ចូររក្សាជំហររបស់យើងជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»
«ខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកនេះ កុំឲ្យបណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»។—១ពេ. ២:១១
តើអ្នកនឹងឆ្លើយយ៉ាងណា?
ហេតុអ្វីពួកអ្នកដែលបានត្រូវរើសតាំងអាចហៅថាជាអ្នកស្នាក់នៅបណ្ដោះអាសន្ន?
តើ«ចៀមឯទៀត»ជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងន័យយ៉ាងណា?
តើអ្នកកំពុងទន្ទឹងរង់ចាំអ្វី?
១, ២. ដោយប្រើពាក្យ«អ្នកដែលបានត្រូវជ្រើសរើស» តើពេត្រុសសំដៅទៅអ្នកណា ហើយហេតុអ្វីគាត់ហៅពួកគាត់ថាជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»?
ប្រហែលជា៣០ឆ្នាំក្រោយពីលោកយេស៊ូបានឡើងទៅស្ថានសួគ៌ សាវ័កពេត្រុសបានសរសេរសំបុត្រមួយជូនចំពោះ«អ្នកស្នាក់នៅបណ្ដោះអាសន្នដែលនៅបែកខ្ញែកនាតំបន់ប៉ុនតុស ខេត្តកាឡាទី តំបន់កាប៉ាដូគា តំបន់អាស៊ី និងខេត្តប៊ីធូនា ពោលគឺពួកអ្នកដែលបានត្រូវជ្រើសរើស»។ (១ពេ. ១:១) ច្បាស់ណាស់ ដោយប្រើពាក្យ«អ្នកដែលបានត្រូវជ្រើសរើស» ពេត្រុសសំដៅទៅពួកអ្នកដែលដូចគាត់ ដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ និងដែលបានធ្វើឲ្យ«កើតជាថ្មីដើម្បីឲ្យមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ» ដើម្បីគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌។ (សូមអាន ពេត្រុសទី១ ១:៣, ៤) ប៉ុន្តែក្រោយមក ហេតុអ្វីគាត់ហៅពួកអ្នកដែលបានត្រូវជ្រើសរើសថាជា«ជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្ន»? (១ពេ. ២:១១) ហេតុអ្វីយើងទាំងអស់គ្នាគួរចាប់អារម្មណ៍អំពីរឿងនេះ ពីព្រោះទូទាំងពិភពលោកមានតែសាក្សីមួយចំនួនតូចប៉ុណ្ណោះ ដែលអះអាងថាជាអ្នកដែលព្រះបានរើសតាំង ឬអ្នកដែលបានត្រូវជ្រើសរើស?
២ គឺជាការត្រឹមត្រូវដែលពាក្យ«អ្នកស្នាក់នៅបណ្ដោះអាសន្ន» សំដៅទៅលើអ្នកដែលបានត្រូវរើសតាំងនៅសតវត្សរ៍ទី១។ ពួកអ្នកដែលនៅសល់ក្នុងក្រុមនេះដែលសព្វថ្ងៃនៅផែនដីនៅឡើយ មិនរស់នៅលើផែនដីជារៀងរហូតទេ។ សាវ័កប៉ូលដែលជាសមាជិកម្នាក់ក្នុងចំណោម«ហ្វូងតូច»ដែលបានត្រូវរើសតាំង បានពន្យល់ថា៖ «ចំណែកយើងវិញ យើងជាពលរដ្ឋស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំអ្នកសង្គ្រោះដែលនៅស្ថាននោះ ពោលគឺលោកម្ចាស់យេស៊ូគ្រិស្ត»។ (លូក. ១២:៣២; ភី. ៣:២០) ដោយសារពួកគាត់«ជាពលរដ្ឋស្ថានសួគ៌» ក្រោយពីស្លាប់ ពួកអ្នកដែលបានត្រូវរើសតាំងនឹងចាកចេញពីផែនដីដើម្បីទទួលអ្វីដែលពិតជាល្អជាងឆ្ងាយណាស់ ពោលគឺជីវិតអមតៈនៅស្ថានសួគ៌។ (សូមអាន ភីលីព ១:២១-២៣) ដូច្នេះ គេអាចហៅពួកគាត់ថា«អ្នកស្នាក់នៅបណ្ដោះអាសន្ន» នៅផែនដីក្រោមការគ្រប់គ្រងរបស់សាថាន។
៣. តើមានសំណួរអ្វីស្តីអំពី«ចៀមឯទៀត»?
៣ ប៉ុន្តែ ចុះចំណែក«ចៀមឯទៀត»? (យ៉ូន. ១០:១៦) តើពួកគេមានសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានត្រឹមត្រូវតាមបទគម្ពីរ ដើម្បីក្លាយជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍នៅផែនដីឬទេ? ពួកគេប្រាកដជានឹងរស់នៅលើផែនដីជារៀងរហូតមែន! ប៉ុន្តែក្នុងន័យម្យ៉ាង នៅសព្វថ្ងៃនេះពួកគេក៏អាចត្រូវចាត់ទុកជាអ្នកស្នាក់នៅបណ្ដោះអាសន្នដែរ។ តើក្នុងន័យដូចម្ដេច?
‹អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរឥតឈប់›
៤. តើអ្នកដឹកនាំក្នុងពិភពលោកមិនអាចបំបាត់ចោលអ្វី?
៤ ដរាបណាព្រះនៅតែអនុញ្ញាតឲ្យមានរបៀបរបបដ៏អាក្រក់របស់សាថាន មនុស្សគ្រប់រូប រួមទាំងគ្រិស្តសាសនិកនឹងបន្តជួបនឹងទុក្ខលំបាកដែលបណ្ដាលមកពីការបះបោររបស់សាថានប្រឆាំងនឹងព្រះយេហូវ៉ា។ រ៉ូម ៨:២២ចែងថា៖ «យើងដឹងថា អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ»។ ទោះជាអ្នកដឹកនាំក្នុងពិភពលោក អ្នកវិទ្យាសាស្ត្រ និងអ្នកដែលធ្វើកិច្ចការមនុស្សធម៌មានបំណងល្អក៏ដោយ ពួកគេមិនអាចបំបាត់ចោលការឈឺចាប់របស់មនុស្សទេ។
៥. តាំងពីឆ្នាំ១៩១៤មក តើមនុស្សរាប់លាននាក់សម្រេចចិត្តធ្វើអ្វី ហើយហេតុអ្វី?
៥ហេតុនេះតាំងពីឆ្នាំ១៩១៤មក មនុស្សរាប់លាននាក់បានសម្រេចចិត្តធ្វើជារាស្ត្រនៅក្រោមអំណាចរបស់លោកយេស៊ូដែលជាស្តេចដែលព្រះបានតែងតាំង។ ពួកគេមិនចង់រួមចំណែកក្នុងរបៀបរបបពិភពលោករបស់សាថានទេ។ ពួកគេមិនព្រមគាំទ្រពិភពលោករបស់សាថានឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើជីវិតនិងធនធានរបស់ខ្លួនដើម្បីគាំទ្ររាជាណាចក្ររបស់ព្រះ ហើយផ្ដល់ប្រយោជន៍ដល់រាជាណាចក្រនោះ។—រ៉ូម ១៤:៧, ៨
៦. តើសាក្សីព្រះយេហូវ៉ាអាចហៅថាជាជនបរទេសក្នុងន័យយ៉ាងណា?
៦ នៅជាង២០០ប្រទេស សាក្សីព្រះយេហូវ៉ាជាពលរដ្ឋដែលគោរពច្បាប់ ទោះជាពួកគេរស់នៅទីណាក៏ដោយ ពួកគេចាត់ទុកខ្លួនគេជាជនបរទេស។ ពួកគេប្រកាន់ជំហរអព្យាក្រឹតយ៉ាងម៉ឺងម៉ាត់ក្នុងរឿងនយោបាយ និងបញ្ហាក្នុងសង្គមនាពេលសព្វថ្ងៃនេះ។ ទោះជានៅសព្វថ្ងៃនេះក៏ដោយ ពួកគេចាត់ទុកខ្លួនជាពលរដ្ឋក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។ ពួកគេសប្បាយដោយដឹងថាជីវិតរបស់ពួកគេជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងរបៀបរបបពិភពលោកដែលមិនល្អឥតខ្ចោះនេះ គឺជិតមកដល់ទីបញ្ចប់ហើយ។
៧. តើអ្នកបម្រើព្រះនឹងក្លាយជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍យ៉ាងដូចម្ដេច ហើយនៅកន្លែងណា?
៧ មិនយូរទៀតលោកយេស៊ូនឹងប្រើអំណាចរបស់លោកដើម្បីបំផ្លាញរបៀបរបបអាក្រក់របស់សាថាន។ រដ្ឋាភិបាលដែលល្អឥតខ្ចោះរបស់គ្រិស្តនឹងបំបាត់ចោលនូវភាពខុសឆ្គងនិងទុក្ខព្រួយចេញពីផែនដី។ រដ្ឋាភិបាលនេះក៏នឹងបំផ្លាញចោលពួកអ្នកដែលបះបោរប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដែរ។ អ្នកបម្រើដែលមានភក្ដីភាពរបស់ព្រះនឹងអាចក្លាយជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍លើផែនដីដែលជាសួនឧទ្យាន។ (សូមអាន ការបើកបង្ហាញ ២១:១-៥) ក្រោយមក អ្វីដែលព្រះបង្កើតនឹងត្រូវ«រំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។—រ៉ូម ៨:២១
តើគ្រិស្តសាសនិកពិតត្រូវមានការប្រព្រឹត្តបែបណា?
៨, ៩. ពេលពេត្រុសនិយាយថា«កុំឲ្យបណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ» តើគាត់ចង់មានន័យយ៉ាងណា? សូមពន្យល់។
៨ ពេត្រុសពន្យល់អំពីអ្វីដែលគ្រិស្តសាសនិកត្រូវធ្វើ ពេលដែលគាត់បន្តនិយាយថា៖ «បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកនេះ កុំឲ្យបណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ជាសេចក្ដីប៉ងប្រាថ្នាដែលចេះតែប្រយុទ្ធប្រឆាំងនឹងអ្នករាល់គ្នា»។ (១ពេ. ២:១១) មុនដំបូងការណែនាំនេះគឺសម្រាប់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង ប៉ុន្តែការណែនាំនេះក៏សម្រាប់ចៀមឯទៀតរបស់លោកយេស៊ូដែរ។
៩ សេចក្ដីប៉ងប្រាថ្នាខ្លះគឺមិនតែងតែខុសទេ ដរាបណាយើងបំពេញសេចក្ដីប៉ងប្រាថ្នានោះតាមរបៀបដែលព្រះចង់ឲ្យយើងបំពេញ។ សេចក្ដីប៉ងប្រាថ្នានេះពិតជានាំឲ្យជីវិតកាន់តែសប្បាយរីករាយមែន។ ឧទាហរណ៍ ជាធម្មតាមនុស្សមានសេចក្ដីប៉ងប្រាថ្នាចង់ទទួលទានម្ហូបអាហារនិងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ចង់ធ្វើកិច្ចការដែលនាំឲ្យទទួលកម្លាំងចិត្តឡើងវិញ ហើយសប្បាយនឹងសេពគប់មិត្តភក្ដិល្អ។ ជាការធម្មតាដែលមនុស្សមានសេចក្ដីប៉ងប្រាថ្នាក្នុងការរួមដំណេកជាមួយគូអាពាហ៍ពិពាហ៍របស់ពួកគេ។ (១កូ. ៧:៣-៥) ប៉ុន្តែ ពេត្រុសនិយាយយ៉ាងច្បាស់អំពី«សេចក្ដីប៉ងប្រាថ្នានៃរូបកាយ» ដែល«ចេះតែប្រយុទ្ធប្រឆាំងនឹងអ្នករាល់គ្នា» ជាសេចក្ដីប៉ងប្រាថ្នាដែលមិនត្រឹមត្រូវនៃរូបកាយ។ ច្បាស់ណាស់ យើងត្រូវគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាដែលប្រឆាំងនឹងគោលបំណងរបស់ព្រះយេហូវ៉ានិងដែលអាចបង្ខូចចំណងមិត្តភាពល្អរវាងយើងនឹងលោក។ បើយើងបំពេញសេចក្ដីប៉ងប្រាថ្នារបស់យើងតាមរបៀបមិនត្រឹមត្រូវ នេះអាចបណ្ដាលឲ្យយើងស្លាប់។
១០. តើសាថានប្រើវិធីអ្វីខ្លះដើម្បីនាំឲ្យគ្រិស្តសាសនិករួមចំណែកក្នុងពិភពលោករបស់វា?
១០ សាថានមានគោលបំណងធ្វើឲ្យគ្រិស្តសាសនិកពិតឈប់ចាត់ទុកខ្លួនជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងរបៀបរបបពិភពលោកនេះ។ វាចង់ឲ្យយើងស្រឡាញ់ទ្រព្យសម្បត្ដិ បណ្ដោយខ្លួនឲ្យអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទទាក់ទាញ ចង់លេចមុខលេចមាត់ ចង់ធ្វើជាអ្នកដែលប្រសើរជាងអ្នកឯទៀត ហើយមានមោទនភាពចំពោះជាតិរបស់យើង។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថាសេចក្ដីប៉ងប្រាថ្នាទាំងអស់នេះជាអន្ទាក់របស់សាថាន។ ដោយតាំងចិត្តមិនធ្វើតាមសេចក្ដីប៉ងប្រាថ្នាមិនល្អទាំងនេះនៃរូបកាយ យើងបង្ហាញយ៉ាងច្បាស់ថាយើងមិនចង់រួមចំណែកក្នុងរបៀបរបបពិភពលោកអាក្រក់របស់សាថានទេ។ ដោយធ្វើដូច្នេះ យើងបង្ហាញយ៉ាងច្បាស់ថាយើងគ្រាន់តែស្នាក់នៅក្នុងពិភពលោកនេះជាបណ្ដោះអាសន្នប៉ុណ្ណោះ។ អ្វីដែលយើងពិតជាចង់បានគឺ ធ្វើជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ ហើយយើងខំប្រឹងដើម្បីសម្រេចគោលដៅនេះ។
ការប្រព្រឹត្តដ៏ល្អប្រសើរ
១១, ១២. តើជួនកាលមនុស្សមានទស្សនៈយ៉ាងណាចំពោះជនបរទេស ហើយចុះយ៉ាងណាចំពោះសាក្សីព្រះយេហូវ៉ា?
១១ ពេត្រុសបានបន្តពន្យល់អំពីអ្វីដែលគ្រិស្តសាសនិកដែលជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»ត្រូវធ្វើនៅខ១២ថា៖ «ចូរប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ។ យ៉ាងនោះ ទោះជាពួកគេចោទប្រកាន់អ្នករាល់គ្នាថាជាអ្នកប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ពួកគេនឹងបែរជាសរសើរព្រះនៅថ្ងៃដែលលោកធ្វើការត្រួតពិនិត្យ ដោយសារពួកគេជាសាក្សីអំពីការប្រព្រឹត្តដ៏ល្អប្រសើររបស់អ្នករាល់គ្នា»។ ជួនកាលជនបរទេសដែលស្នាក់នៅជាបណ្ដោះអាសន្ននៅប្រទេសមួយដែលមិនមែនជាប្រទេសរបស់គាត់ បានត្រូវគេរិះគន់។ ដោយសារពួកគេខុសពីអ្នកជិតខាងរបស់ខ្លួន ពួកគេប្រហែលជាបានត្រូវចាត់ទុកថាជាអ្នកដែលធ្វើអំពើអាក្រក់។ ពាក្យសម្ដី ការប្រព្រឹត្ត សម្លៀកបំពាក់ និងអាការក្រៅរបស់ពួកគេប្រហែលជាខុសគ្នាពីមនុស្សឯទៀតដែលរស់នៅក្នុងប្រទេស។ ប៉ុន្តែ ការប្រព្រឹត្តដ៏ល្អរបស់ពួកគេអាចធ្វើឲ្យអ្នកឯទៀតដឹងថាពួកគេមិនមែនជាមនុស្សអាក្រក់ទេ។
១២ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកពិតគឺខុសគ្នាពីអ្នកជិតខាងជាច្រើនរបស់ពួកគេក្នុងរឿងមួយចំនួនដូចជាក្នុងការសន្ទនា ឬក្នុងការជ្រើសរើសការកម្សាន្ត។ សម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់ពួកគេច្រើនតែបង្ហាញឲ្យដឹងថាពួកគេខុសគ្នាពីមនុស្សភាគច្រើនដែលរស់នៅក្នុងសហគមន៍។ ជួនកាលភាពខុសគ្នានេះបាននាំឲ្យបុគ្គលដែលឮព័ត៌មានមិនពិតចោទប្រកាន់ពួកគេថាជាមនុស្សដែលធ្វើអំពើអាក្រក់។ ប៉ុន្តែ មនុស្សឯទៀតប្រហែលជាសរសើរពួកគេដោយសាររបៀបរស់នៅរបស់ពួកគេ។
១៣, ១៤. តើពាក្យ«អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ» បង្ហាញថាអ្នកនោះមានប្រាជ្ញាមានន័យយ៉ាងណា? សូមលើកឧទាហរណ៍។
១៣ ការប្រព្រឹត្តល្អរបស់យើងអាចជួយឲ្យអ្នកឯទៀតឃើញថាពួកគេគ្មានមូលហេតុ«ចោទប្រកាន់»អំពីយើងឡើយ។ សូម្បីតែលោកយេស៊ូដែលជាបុរសតែម្នាក់គត់ដែលមានសេចក្ដីស្មោះត្រង់ដ៏គ្រប់លក្ខណៈចំពោះព្រះក៏ដោយ ក៏គេបានចោទប្រកាន់មិនពិតចំពោះលោកដែរ។ មនុស្សខ្លះបានហៅលោកថា៖ «បុរសនេះល្មោភស៊ី ក៏ជាអ្នកផឹកស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង»។ ប៉ុន្តែ លោកយេស៊ូបានបង្ហាញតាមរយៈការប្រព្រឹត្តដ៏ល្អប្រសើរថាលោកមិនមែនជាមនុស្សបែបនេះឡើយ។ លោកបានមានប្រសាសន៍ថា៖ «អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។ (ម៉ាថ. ១១:១៩) សព្វថ្ងៃនេះក៏ដូច្នេះដែរ។ ឧទាហរណ៍មួយ អ្នកជិតខាងខ្លះចាត់ទុកបងប្អូនប្រុសស្រីដែលបម្រើនៅបេតអែលនៅក្រុងសែលតឺស៍ នាប្រទេសអាឡឺម៉ង់ ថាមានរបៀបរស់នៅចម្លែក។ ប៉ុន្តែអភិបាលក្រុងសែលតឺស៍បាននិយាយការពារបងប្អូនដែលបម្រើនៅបេតអែលថា៖ «សាក្សីព្រះយេហូវ៉ាដែលបម្រើនៅទីនោះ មានរបៀបរស់នៅផ្ទាល់ខ្លួន។ ប៉ុន្តែពួកគេមិនរំខានដល់ការរស់នៅរបស់អ្នកឯទៀតក្នុងសហគមន៍នោះទេ»។
១៤ ឧទាហរណ៍មួយទៀត សាក្សីព្រះយេហូវ៉ាដែលរស់នៅក្រុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានត្រូវគេចោទប្រកាន់មិនពិតថាបានធ្វើអំពើអាក្រក់មួយចំនួន។ បន្ទាប់មក នៅខែមិថុនា ឆ្នាំ២០១០ តុលាការខាងសិទ្ធិមនុស្សទ្វីបអឺរ៉ុប នៅក្រុងត្រាស់បួរ ប្រទេសបារាំងបានកាត់ក្ដីថា៖ «តុលាការយល់ឃើញថា ការរារាំងរបស់[ក្រុងមូស្គូ]មិនឲ្យដើមបណ្ដឹងមានសិទ្ធិសេរីភាពក្នុងការគោរពប្រណិប័តន៍សាសនានិងក្នុងការប្រជុំគ្នាគឺមិនសមហេតុសមផលទេ។ តុលាការក្នុងប្រទេសមិនបានលើកបញ្ជាក់នូវមូលហេតុ‹ត្រឹមត្រូវនិងគ្រប់គ្រាន់› ដើម្បីបង្ហាញថាសហគមន៍នៃដើមបណ្ដឹង»មានកំហុស ជាឧទាហរណ៍ ដោយសារបំបែកបំបាក់ក្រុមគ្រួសារ ញុះញង់ឲ្យធ្វើអត្តឃាត ឬបដិសេធការថែទាំសុខភាព។ ហេតុនេះ «កំហិតដែលតុលាការក្នុងស្រុកដាក់មកលើពួកគេគឺជ្រុលហួសហេតុពេក ដោយសារកំហិតនោះគឺតឹងតែង ហើយលើសពីអ្វីដែលចាំបាច់ដើម្បីសម្រេចគោលបំណងត្រឹមត្រូវរបស់តុលាការ»។
យើងគួរចុះចូលនឹងរដ្ឋាភិបាល
១៥. តើគ្រិស្តសាសនិកពិតទូទាំងពិភពលោកធ្វើតាមគោលការណ៍អ្វីក្នុងគម្ពីរ?
១៥ តាមការពិតសាក្សីព្រះយេហូវ៉ានៅក្រុងមូស្គូក៏ដូចជាសាក្សីព្រះយេហូវ៉ាទូទាំងពិភពលោកដែរ ពួកគេធ្វើតាមតម្រូវការផ្សេងទៀតសម្រាប់គ្រិស្តសាសនិក ដែលពេត្រុសបានពន្យល់។ គាត់បានសរសេរថា៖ «ដើម្បីលោកម្ចាស់ ចូរចុះចូលនឹងស្ថាប័នទាំងអស់ដែលមនុស្សបានបង្កើត៖ ទោះបីជាចុះចូលនឹងស្តេច ជាអ្នកមានឋានៈខ្ពស់ជាងខ្លួន ឬអភិបាល»។ (១ពេ. ២:១៣, ១៤) ទោះជាគ្រិស្តសាសនិកពិតមិនរួមចំណែកក្នុងពិភពលោកដ៏អាក្រក់នេះក៏ដោយ ពួកគេចុះចូលដោយស្ម័គ្រចិត្តនឹងអ្នកកាន់អំណាចក្នុងរដ្ឋាភិបាល«តាមថ្នាក់របស់ពួកគេរៀងខ្លួន»ដូចប៉ូលបានបង្គាប់ពួកគេ។—សូមអាន រ៉ូម ១៣:១, ៥-៧
១៦, ១៧. (ក) តើអ្វីបង្ហាញថាយើងមិនប្រឆាំងនឹងរដ្ឋាភិបាល? (ខ) តើអ្នកដឹកនាំនយោបាយខ្លះបានទទួលស្គាល់អំពីអ្វី?
១៦ សាក្សីព្រះយេហូវ៉ារស់នៅជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងរបៀបរបបពិភពលោកសព្វថ្ងៃនេះ ប៉ុន្តែនេះមិនមែនដោយសារពួកគេចង់ប្រឆាំងនឹងរដ្ឋាភិបាល ឬរិះគន់អ្នកឯទៀតទេ។ ពួកគេដឹងថាអ្នកឯទៀតមានគំនិតផ្ទាល់ខ្លួនអំពីរឿងនយោបាយ ឬអំពីរបៀបដោះស្រាយបញ្ហារបស់មនុស្សជាតិ។ មិនដូចក្រុមសាសនាខ្លះទៀត សាក្សីព្រះយេហូវ៉ាមិនជ្រៀតជ្រែកក្នុងរឿងនយោបាយទេ។ ពួកគេមិនខំប្រឹងបង្គាប់អ្នកកាន់អំណាចអំពីរឿងនយោបាយឡើយ។ សាក្សីព្រះយេហូវ៉ាពិតជាគ្មានគំនិតចង់ប្រឆាំងនឹងរដ្ឋាភិបាល ឬនាំឲ្យអ្នកឯទៀតបះបោរទាល់តែសោះ។
១៧ ដោយគោរពមន្ត្រីរាជការស្របតាមការណែនាំរបស់ពេត្រុសដែលឲ្យ«គោរពស្តេច» គ្រិស្តសាសនិកបង្ហាញការគោរព ហើយឲ្យកិត្ដិយសស្របតាមឋានៈរបស់មន្ត្រីទាំងនោះ។ (១ពេ. ២:១៧) ជួនកាល មន្ត្រីរាជការទទួលស្គាល់ថាគ្មានមូលហេតុត្រឹមត្រូវឲ្យពួកគេព្រួយបារម្ភនឹងសាក្សីព្រះយេហូវ៉ានោះទេ។ ជាឧទាហរណ៍ អ្នកនយោបាយជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះស្តេហ្វិន រ៉ាយដែលជាអតីតនាយខុទ្ទកាល័យរដ្ឋមន្ត្រី នៅរដ្ឋប្រាន់ដឹនបឺក ដែលក្រោយមកជាសមាជិករដ្ឋសភាអាឡឺម៉ង់បាននិយាយថា សាក្សីព្រះយេហូវ៉ាមានការប្រព្រឹត្តដ៏ល្អប្រសើរក្នុងអំឡុងពេលដែលពួកគេបានត្រូវពួកណាត្ស៊ីបៀតបៀន។ សូម្បីតែពេលពួកសាក្សីបានទទួលការបៀតបៀនក៏ដោយ ពួកគេមិនផ្លាស់ប្ដូរជំនឿសាសនារបស់ពួកគេទេ ពួកគេបានប្រព្រឹត្តយ៉ាងសប្បុរសចំពោះអ្នកជាប់គុកដូចគ្នា។ គាត់បាននិយាយថា គុណសម្បត្ដិទាំងនេះគឺសំខាន់ណាស់សម្រាប់ប្រទេសដូចប្រទេសអាឡឺម៉ង់ ជាពិសេសដោយសារមនុស្សខ្លះកាន់តែមានចិត្តអាក្រក់ទៅៗចំពោះពួកអ្នកដែលមកពីប្រទេសផ្សេង ឬពួកអ្នកដែលមានជំនឿនិងទស្សនៈនយោបាយខុសពីខ្លួន។
ការបង្ហាញសេចក្ដីស្រឡាញ់
១៨. (ក) ហេតុអ្វីជាការធម្មតាដែលយើងស្រឡាញ់បងប្អូនរួមជំនឿទាំងអស់? (ខ) តើមនុស្សខ្លះដែលមិនមែនជាសាក្សីព្រះយេហូវ៉ាបានកត់សម្គាល់អំពីអ្វី?
១៨ សាវ័កពេត្រុសក៏បានសរសេរថា៖ «ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់គ្នា ចូរកោតខ្លាចព្រះ»។ (១ពេ. ២:១៧) សាក្សីព្រះយេហូវ៉ាកោតខ្លាចព្រះដោយមិនធ្វើឲ្យលោកទាស់ចិត្ត ហើយនេះជំរុញចិត្តពួកគេថែមទៀតឲ្យចង់ធ្វើតាមបំណងប្រាថ្នារបស់លោក។ ពួកគេសប្បាយបម្រើព្រះយេហូវ៉ាជាមួយនឹងបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ ដូច្នេះ ជាការធម្មតាទេដែលពួកគេ«ស្រឡាញ់បងប្អូនរួមជំនឿទាំងអស់គ្នា»។ សេចក្ដីស្រឡាញ់ជាបងប្អូនបែបនេះ ដែលកម្រមានក្នុងសង្គមសព្វថ្ងៃនេះដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ជួនកាលធ្វើឲ្យអ្នកដែលមិនមែនជាសាក្សីព្រះយេហូវ៉ាភ្ញាក់ផ្អើល។ ជាឧទាហរណ៍ អ្នកនាំភ្ញៀវទេសចរណ៍ម្នាក់ដែលធ្វើការឲ្យក្រុមហ៊ុនទេសចរណ៍របស់អាម៉េរិកមួយ បានភ្ញាក់ផ្អើលដោយឃើញសាក្សីព្រះយេហូវ៉ានៅមហាសន្និបាតអន្តរជាតិឆ្នាំ២០០៩នៅប្រទេសអាឡឺម៉ង់ បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនពីប្រទេសនានា ហើយផ្ដល់ជំនួយដល់ពួកគេ។ គាត់បាននិយាយថា តាំងពីគាត់ធ្វើការជាអ្នកនាំភ្ញៀវទេសចរណ៍អស់ជាច្រើនឆ្នាំមក គាត់មិនដែលឃើញដូច្នេះឡើយ។ ក្រោយមក សាក្សីម្នាក់ក្នុងចំណោមសាក្សីឯទៀតនិយាយថា៖ «អ្វីទាំងអស់ដែលគាត់បាននិយាយអំពីយើង គឺគាត់និយាយដោយកោតស្ងើចនិងចិត្តរំភើប»។ នៅមហាសន្និបាតដែលអ្នកធ្លាប់ចូលរួម តើអ្នកធ្លាប់ឮមនុស្សដែលសង្កេតមើលសាក្សីព្រះយេហូវ៉ាមានប្រតិកម្មស្រដៀងគ្នានេះឬទេ?
១៩. តើយើងគួរតាំងចិត្តធ្វើអ្វី ហើយហេតុអ្វី?
១៩ តាមរបៀបដូចខាងលើនិងតាមរបៀបផ្សេងទៀត សាក្សីព្រះយេហូវ៉ាបង្ហាញថាពួកគេជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងរបៀបរបបសព្វថ្ងៃនេះរបស់សាថាន។ ពួកគេតាំងចិត្តបន្តធ្វើដូច្នេះយ៉ាងសប្បាយរីករាយ។ ពួកគេមានមូលហេតុត្រឹមត្រូវដើម្បីសង្ឃឹមយ៉ាងខ្លាំងថា មិនយូរទៀតពួកគេនឹងក្លាយជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។ តើអ្នកកំពុងទន្ទឹងរង់ចាំពិភពលោកថ្មីឬទេ?
[រូបភាពនៅទំព័រ២០]
យើងមិនខំព្យាយាមសង្គ្រោះពិភពលោករបស់សាថានទេ
[រូបភាពនៅទំព័រ២០]
យើងកំពុងគាំទ្រពិភពលោកថ្មីរបស់ព្រះ
[រូបភាពនៅទំព័រ២២]
សេចក្ដីពិតក្នុងគម្ពីរ ជួយក្រុមគ្រួសារជនជាតិរុស្ស៊ីនេះឲ្យមានសាមគ្គីភាព