អត្ថបទអំពីក្របទស្សនាវដ្ដី | ពេលមនុស្សជាទីស្រឡាញ់ស្លាប់
វិធីដែលជួយអ្នកឲ្យរសាយទុក្ខ
ស្តីអំពីការកើតទុក្ខ មានយោបល់ផ្សេងៗជាច្រើនដែលជួយឲ្យរសាយទុក្ខ។ ប៉ុន្តែ មិនមែនយោបល់ទាំងអស់សុទ្ធតែមានប្រយោជន៍ឡើយ។ ជាឧទាហរណ៍ អ្នកប្រហែលជាឃើញថាមនុស្សខ្លះប្រាប់អ្នកថាកុំយំ ឬកុំបញ្ចេញអារម្មណ៍ឲ្យសោះ។ ប៉ុន្តែ អ្នកខ្លះទៀតប្រហែលជាជំរុញអ្នកឲ្យបញ្ចេញអារម្មណ៍ទាំងអស់ដែលមាននៅក្នុងចិត្ត។ យ៉ាងណាក្ដី គម្ពីរមានយោបល់សមហេតុសមផលជាង ហើយស្របតាមការស្រាវជ្រាវនៅពេលថ្មីៗនេះ។
តាមទម្លាប់នៅប្រទេសខ្លះ គេចាត់ទុកមនុស្សប្រុសដែលយំថាជាប្រុសទន់ជ្រាយនិងគួរឲ្យខ្មាសគេណាស់។ ប៉ុន្តែ តើការយំគឺពិតជាគួរឲ្យខ្មាសគេមែនឬ សូម្បីតែយំនៅមុខអ្នកឯទៀត? អ្នកជំនាញខាងសុខភាពផ្លូវចិត្តនិយាយថា ការយំគឺជាទង្វើធម្មតារបស់មនុស្សដែលមានទុក្ខ។ ម្យ៉ាងទៀត នៅពេលក្រោយមក ការបង្ហាញអារម្មណ៍សោកសៅអាចជួយអ្នកឲ្យធូរស្រាលក្នុងចិត្ត ទោះជាអ្នកមានទុក្ខដ៏ធ្ងន់យ៉ាងណាក្ដី។ ផ្ទុយទៅវិញ ការខំលាក់អារម្មណ៍កើតទុក្ខប្រហែលជាមិនធ្វើឲ្យអ្នកធូរស្រាលក្នុងចិត្តឡើយ។ គម្ពីរមិនគាំទ្រគំនិតដែលថាការដែលមនុស្សប្រុសយំកើតទុក្ខជាការខុសឬទន់ជ្រាយនោះទេ។ សូមគិតអំពីលោកយេស៊ូ ទោះជាលោកដឹងថាលោកមានឫទ្ធានុភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក៏ដោយ តែលោកនៅតែស្រក់ទឹកភ្នែកនៅមុខអ្នកឯទៀតកាលដែលឡាសាជាសម្លាញ់របស់លោកបានស្លាប់!—យ៉ូហាន ១១:៣៣-៣៥
ជាការធម្មតាទេ ក្នុងគ្រាដែលមនុស្សម្នាក់កើតទុក្ខ គាត់ឆាប់ផ្ទុះកំហឹង ជាពិសេសពេលដែលមនុស្សជាទីស្រឡាញ់បានស្លាប់ភ្លាមៗ។ មានមូលហេតុជាច្រើនដែលមនុស្សកើតទុក្ខប្រហែលជាឆាប់ខឹង ដូចជាពេលអ្នកដែលគួរឲ្យគោរពនិយាយដោយមិនចេះគិត ឬនិយាយពាក្យដែលមិនសមហេតុសមផលសោះ។ ឧទាហរណ៍ បុរសម្នាក់ឈ្មោះម៉ៃក៍នៅអាហ្វ្រិកខាងត្បូងនិយាយថា៖ «ឪពុកខ្ញុំបានស្លាប់ពេលខ្ញុំអាយុ១៤ឆ្នាំប៉ុណ្ណោះ។ នៅពិធីបុណ្យសព គ្រូគង្វាលម្នាក់នៅវិហារអានគ្លីគិនបានប្រាប់ខ្ញុំថាព្រះត្រូវការមនុស្សល្អហើយយកពួកគេមុនអាយុ។a ពាក្យនេះបានធ្វើឲ្យខ្ញុំខឹង ពីព្រោះយើងពិតជាត្រូវការឪពុករបស់យើងណាស់។ ឥឡូវខ្ញុំអាយុ៦៣ឆ្នាំហើយ តែខ្ញុំនៅតែឈឺចិត្តអំពីរឿងនោះ»។
ចុះយ៉ាងណាអំពីការបន្ទោសខ្លួន? ជាពិសេសពេលដែលសេចក្ដីស្លាប់កើតឡើងដោយមិនបានរំពឹងទុកជាមុន។ អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ប្រហែលជាគិតម្ដងហើយម្ដងទៀតថា ‹បើខ្ញុំបានធ្វើនេះឬធ្វើនោះ គាត់ប្រហែលជាមិនស្លាប់ទេ›។ ប្រហែលជាលើកចុងក្រោយដែលអ្នកជួបគាត់ អ្នកបានឈ្លោះគ្នាជាមួយនឹងគាត់។ តាមពិត ការគិតដូច្នេះអាចធ្វើឲ្យអ្នកបន្ទោសខ្លួនកាន់តែខ្លាំង។
បើអ្នកបន្តមានអារម្មណ៍ខឹងនិងបន្ទោសខ្លួន ជាការសំខាន់ដែលអ្នកមិនលាក់ទុកអារម្មណ៍ទាំងនោះទេ។ ផ្ទុយទៅវិញ សូមនិយាយជាមួយនឹងមិត្តភក្ដិដែលចង់ស្ដាប់អ្នក ហើយសម្រាលទុក្ខអ្នកថាការមានអារម្មណ៍ដូចនោះ គឺធម្មតាសម្រាប់មនុស្សដែលបានបាត់បង់អ្នកជាទីស្រឡាញ់។ គម្ពីររំលឹកយើងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។—សុភាសិត ១៧:១៧
អ្នកដែលកើតទុក្ខអាចមានមិត្តភក្ដិដ៏ល្អបំផុតបាន គឺព្រះយេហូវ៉ាដែលជាអ្នកបង្កើត។ សូមអធិដ្ឋានប្រាប់អំពីអារម្មណ៍ទាំងអស់របស់អ្នកដល់ព្រះយេហូវ៉ា ពីព្រោះ«លោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) បន្ថែមទៅទៀត ព្រះសន្យាថាអស់អ្នកដែលធ្វើដូច្នេះ នឹងទទួល‹សេចក្ដីសុខសាន្តរបស់លោកដែលហួសពីការនឹកស្មាន›ដែលអាចជួយពួកគេឲ្យមានទស្សនៈល្អជាង និងមានអារម្មណ៍ធូរស្រាលជាង។ (ភីលីព ៤:៦, ៧) ម្យ៉ាងទៀត សូមទុកឱកាសឲ្យព្រះជួយអ្នកតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ សូមធ្វើបញ្ជីអំពីបទគម្ពីរមួយចំនួនដែលសម្រាលទុក្ខអ្នក។ (សូមមើលប្រអប់) អ្នកប្រហែលជាចង់ទន្ទេញចាំបទគម្ពីរខ្លះ។ ការរំពឹងគិតអំពីបទគម្ពីរទាំងនេះអាចជួយអ្នកបាន ជាពិសេសនៅពេលយប់ ពេលដែលអ្នកនៅតែម្នាក់ឯងហើយពិបាកគេងលក់។—អេសាយ ៥៧:១៥
នៅថ្មីៗនេះ បុរសម្នាក់ដែលយើងហៅថាជេក អាយុ៤០ឆ្នាំ បានបាត់បង់ប្រពន្ធជាទីស្រឡាញ់ដោយសារជំងឺមហារីក។ បងជេកនិយាយថាពេលខ្លះគាត់មានអារម្មណ៍ឯកោខ្លាំងណាស់។ ប៉ុន្តែ គាត់ឃើញថាសេចក្ដីអធិដ្ឋានបានជួយគាត់ ដោយប្រាប់ថា៖ «ពេលខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ា ខ្ញុំលែងមានអារម្មណ៍ឯកោទៀត។ ខ្ញុំច្រើនតែភ្ញាក់នៅពេលយប់ ហើយមិនអាចចូលគេងវិញបានទេ។ តែក្រោយពីអានគម្ពីរនិងរំពឹងគិតអំពីខដែលសម្រាលទុក្ខ រួចអធិដ្ឋានអស់ពីចិត្តជម្រាបព្រះ ខ្ញុំក៏មានចិត្តស្ងប់ ហើយសេចក្ដីសុខសាន្តដ៏លើសលប់ពីលោកបានជួយខ្ញុំមិនឲ្យគិតច្រើនពេក នេះបានធ្វើឲ្យខ្ញុំគេងលក់ស្រួល»។
ស្ត្រីវ័យក្មេងម្នាក់ឈ្មោះវ៉ាន់នេសា បានបាត់បង់ម្ដាយដោយសារជំងឺ។ នាងក៏ធ្លាប់ពិសោធន៍នូវអានុភាពនៃសេចក្ដីអធិដ្ឋានដែរ។ នាងនិយាយថា៖ «នៅគ្រាពិបាកបំផុត ខ្ញុំគ្រាន់តែហៅនាមរបស់ព្រះ ហើយយំប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ ហើយលោកតែងតែផ្ដល់កម្លាំងដែលខ្ញុំត្រូវការជានិច្ច»។
អ្នកផ្ដល់ឱវាទសម្រាប់អ្នកដែលកើតទុក្ខ បានជូនយោបល់ថាពួកអ្នកដែលកើតទុក្ខអស់រយៈពេលយូរ គួរចូលរួមធ្វើកិច្ចការដែលជួយដល់មនុស្សឯទៀត ឬស្ម័គ្រចិត្តជួយកិច្ចការក្នុងសង្គមជាដើម។ ការធ្វើដូច្នេះអាចនាំឲ្យពួកគេសប្បាយចិត្តនិងមានអារម្មណ៍ធូរស្រាលជាង។ (សកម្មភាព ២០:៣៥) គ្រិស្តសាសនិកជាច្រើនដែលធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់បានឃើញថា កិច្ចការជួយអ្នកឯទៀតនាំឲ្យពួកគេទទួលការសម្រាលទុក្ខក្រៃលែង។—កូរិនថូសទី២ ១:៣, ៤
a នេះមិនមែនជាសេចក្ដីបង្រៀនក្នុងគម្ពីរទេ។ គម្ពីរប្រាប់មូលហេតុបីយ៉ាងដែលបណ្ដាលឲ្យមនុស្សស្លាប់។—សាស្ដា ៩:១១; យ៉ូហាន ៨:៤៤; រ៉ូម ៥:១២