ពេលមនុស្សជាទីស្រឡាញ់ស្លាប់
បើអ្នកបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារសេចក្ដីស្លាប់ អ្នកក៏ប្រហែលជាមានអារម្មណ៍ផ្សេងៗដូចជា៖ ពីក្រៀមក្រំទៅឯកោ និងមានអារម្មណ៍ថាខ្លួនមិនអាចជួយអ្វីបាន។ ប្រហែលអ្នកក៏មានអារម្មណ៍ខឹង បន្ទោសខ្លួនឯង និងភ័យខ្លាច។ អ្នកប្រហែលជាឆ្ងល់ថា តើរស់នៅលើលោកនេះមានន័យអ្វី?
ការកើតទុក្ខមិនមែនជាសញ្ញាសម្គាល់នៃភាពទន់ខ្សោយទេ តែនេះបង្ហាញថាមនុស្សជាទីស្រឡាញ់របស់អ្នកគឺសំខាន់ប៉ុណ្ណាចំពោះអ្នក។ ក៏ប៉ុន្តែ តើអ្នកអាចទទួលការសម្រាលទុក្ខមួយកម្រិតបានឬទេ?
ការណែនាំដែលអាចជួយអ្នកឲ្យស៊ូទ្រាំ
ការឈឺចាប់របស់អ្នកមើលទៅដូចជាគ្មានទីបញ្ចប់សោះ ទោះជាយ៉ាងនេះក្ដី អ្នកអាចទទួលការសម្រាលទុក្ខបើអ្នកធ្វើតាមការណែនាំដូចតទៅនេះ៖
ទុកពេលឲ្យខ្លួនឯងកើតទុក្ខ
មនុស្សទាំងអស់មិនមែនមានរបៀបកើតទុក្ខឬរយៈពេលកើតទុក្ខដូចៗគ្នានោះទេ។ ការយំអាចជួយអ្នកឲ្យធូរខ្លះ។ វ៉ាន់នេសាដែលបានត្រូវរៀបរាប់ខាងលើនិយាយថា៖ «ខ្ញុំគ្រាន់តែយំ។ ខ្ញុំត្រូវការបញ្ចេញអារម្មណ៍ឈឺចាប់»។ សូហ្វៀដែលមានប្អូនស្រីស្លាប់ភ្លាមៗ និយាយថា៖ «ពេលប្រឈមមុខនឹងអ្វីដែលបានកើតឡើង នោះគឺឈឺចាប់ខ្លាំងណាស់ប្រៀបដូចជាវះកាត់មុខរបួសហើយលាងសម្អាតវា។ ការឈឺចាប់នោះខ្លាំងណាស់ស្ទើរតែទ្រាំមិនបាន ប៉ុន្តែនោះធ្វើឲ្យធូរស្បើយចិត្ត»។
និយាយអំពីគំនិតនិងអារម្មណ៍របស់អ្នក
គឺជាការធម្មតាទេដែលពេលខ្លះអ្នកចង់នៅម្នាក់ឯង។ ប៉ុន្តែ ការស៊ូទ្រាំនឹងទុក្ខសោកគឺប្រៀបដូចជាការលីអ្វីមួយដ៏ធ្ងន់តែម្នាក់ឯង។ ចារេដដែលមានអាយុ១៧ឆ្នាំបានបាត់បង់ឪពុក គាត់បានប្រាប់ថា៖ «ខ្ញុំបាននិយាយអំពីអារម្មណ៍របស់ខ្ញុំដល់អ្នកឯទៀត។ ខ្ញុំមិនដឹងរៀបរាប់យ៉ាងណាដើម្បីបញ្ជាក់អារម្មណ៍ទាំងអស់របស់ខ្ញុំទេ តែពេលខ្ញុំប្រាប់ដល់អ្នកឯទៀត ខ្ញុំសប្បាយ»។ ចានអ៊ិសនៅអត្ថបទដំបូង បាននិយាយអំពីប្រយោជន៍មួយទៀតថា៖ «ការនិយាយប្រាប់អ្នកឯទៀតគឺសម្រាលទុក្ខខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាអ្នកឯទៀតយល់អារម្មណ៍ខ្ញុំ ហើយខ្ញុំមិនមែនស៊ូទ្រាំតែម្នាក់ឯងទេ»។
ទទួលយកជំនួយ
អ្នកគ្រូពេទ្យផ្នែកចិត្តសាស្ត្រម្នាក់និយាយថា៖ «ពេលអ្នកដែលមានទុក្ខសោកអនុញ្ញាតឲ្យមិត្តភក្ដិនិងសាច់ញាតិជួយពួកគេ មិនយូរក្រោយពីមនុស្សជាទីស្រឡាញ់ស្លាប់ នោះពួកគេច្រើនតែស្រួលស៊ូទ្រាំនិងយកឈ្នះអារម្មណ៍ទុក្ខសោកជាង»។ សូមប្រាប់មិត្តភក្ដិរបស់អ្នកឲ្យដឹងអំពីអ្វីដែលពួកគេអាចធ្វើ ព្រោះពួកគេទំនងជាចង់ជួយអ្នក ប៉ុន្តែប្រហែលមិនដឹងជួយអ្នកតាមរបៀបណា។—សុភាសិត ១៧:១៧
ចូលទៅជិតព្រះ
ធីណានិយាយថា៖ «ពេលដែលប្ដីខ្ញុំស្លាប់ភ្លាមៗដោយសារជំងឺមហារីក ខ្ញុំមិនអាចប្រាប់គាត់អំពីបញ្ហា កង្វល់ និងអារម្មណ៍របស់ខ្ញុំបានទៀតទេ ដូច្នេះខ្ញុំប្រាប់ព្រះទាំងអស់! រាល់ថ្ងៃខ្ញុំសុំព្រះឲ្យជួយខ្ញុំ។ ព្រះបានជួយខ្ញុំច្រើនរាប់មិនអស់»។ ថាសាដែលមានអាយុ២២ឆ្នាំពេលដែលម្ដាយនាងស្លាប់ និយាយថា៖ «ការអានគម្ពីរជារៀងរាល់ថ្ងៃបានសម្រាលទុក្ខខ្ញុំ ហើយជួយខ្ញុំឲ្យគិតអំពីអ្វីៗដែលលើកទឹកចិត្ត»។
ស្រមៃគិតអំពីការប្រោសឲ្យរស់ឡើងវិញ
ធីណាបន្តថា៖ «ដំបូង សេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញមិនបានសម្រាលទុក្ខខ្ញុំទេ ព្រោះនៅពេលនោះអ្វីដែលខ្ញុំត្រូវការគឺប្ដីរបស់ខ្ញុំ ហើយកូនប្រុសៗរបស់ខ្ញុំត្រូវការឪពុករបស់ពួកគេ។ ទោះជាយ៉ាងនេះក្ដី ឥឡូវបួនឆ្នាំបានកន្លងទៅហើយ ខ្ញុំមានសេចក្ដីសង្ឃឹមនេះជាប់ជានិច្ច គឺប្រៀបដូចជាខ្សែមួយដែលខ្ញុំតោងជាប់ដើម្បីរួចជីវិតពីមហាសមុទ្រ។ ខ្ញុំស្រមៃឃើញជួបគាត់ម្ដងទៀត ហើយនោះជួយខ្ញុំឲ្យរីករាយនិងមានសេចក្ដីសុខសាន្ត!»។
អ្នកប្រហែលជាមិនមានអារម្មណ៍ធូរជាងភ្លាមៗនោះទេ។ ប៉ុន្តែ បទពិសោធន៍របស់វ៉ាន់នេសាអាចពង្រឹងទំនុកចិត្តអ្នកបាន។ នាងនិយាយថា៖ «អ្នកគិតថាអ្នកនឹងមិនអាចមានអារម្មណ៍ល្អជាងទេ ប៉ុន្តែទុក្ខសោករបស់អ្នកនឹងរសាយទៅបន្តិចម្ដងៗ»។
សូមចាំថា ទោះជាអ្នកប្រហែលជានៅតែនឹកនិងមិនអាចបំភ្លេចបុគ្គលនោះក្នុងចិត្តរបស់អ្នកក៏ដោយ អ្នកមានហេតុដែលចង់បន្តរស់នៅ។ ដោយទទួលជំនួយពីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ អ្នកនៅតែអាចមានចំណងមិត្តភាពដ៏កក់ក្ដៅនិងគោលបំណងក្នុងជីវិត។ ម្យ៉ាងទៀត នៅពេលឆាប់ៗខាងមុខ ព្រះនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ លោកចង់ឲ្យអ្នកអាចឱបមនុស្សជាទីស្រឡាញ់របស់អ្នកម្ដងទៀត។ យ៉ាងនេះការឈឺចាប់នៅក្នុងចិត្តអ្នកនឹងបាត់ទៅជារៀងរហូត!