អត្ថបទសិក្សា ១៥
ចូរយកតម្រាប់លោកយេស៊ូ ហើយរក្សាសេចក្ដីសុខសាន្ត
«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ត . . . របស់អ្នករាល់គ្នា»។—ភី. ៤:៧
ចម្រៀងលេខ១១៣ យើងមានសេចក្ដីសុខសាន្ត
សេចក្ដីសង្ខេបa
១-២. ហេតុអ្វីលោកយេស៊ូពិបាកចិត្តខ្លាំង?
នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកពិបាកចិត្តណាស់។ មិនយូរទៀត លោកត្រូវស្លាប់យ៉ាងវេទនាដោយដៃរបស់មនុស្សប្រឆាំងច្បាប់។ ប៉ុន្តែ លោកយេស៊ូមិនគ្រាន់តែពិបាកចិត្តដោយសារលោកជិតស្លាប់ប៉ុណ្ណោះទេ។ លោកស្រឡាញ់បិតាលោកយ៉ាងខ្លាំង ហើយចង់ធ្វើឲ្យបិតាលោកពេញចិត្ត។ លោកយេស៊ូដឹងថាបើលោករក្សាភាពស្មោះត្រង់ពេលជួបការល្បងលនោះ លោកនឹងជួយជម្រះការតិះដៀលចំពោះនាមរបស់ព្រះយេហូវ៉ា។ លោកយេស៊ូក៏ស្រឡាញ់មនុស្ស ហើយដឹងថាសេចក្ដីសង្ឃឹមរស់ជារៀងរហូតដែលយើងមានគឺអាស្រ័យលើការដែលលោករក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ស្លាប់។
២ ទោះជាលោកយេស៊ូស្ថិតនៅក្នុងស្ថានភាពដែលនាំឲ្យតានតឹងចិត្តជាខ្លាំងក្ដី លោកមានសេចក្ដីសុខសាន្ត។ លោកបានប្រាប់ពួកសាវ័ករបស់លោកថា៖ «ខ្ញុំឲ្យអ្នករាល់គ្នានូវសេចក្ដីសុខសាន្តរបស់ខ្ញុំ»។ (យ៉ូន. ១៤:២៧) លោកមាន«សេចក្ដីសុខសាន្តរបស់ព្រះ» ពោលគឺចិត្តស្ងប់ដែលមកពីការមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ សេចក្ដីសុខសាន្តនោះបានជួយលោកយេស៊ូឲ្យរក្សាចិត្តស្ងប់។—ភី. ៤:៦, ៧
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ គ្មានយើងណាម្នាក់នឹងត្រូវរងសម្ពាធជាខ្លាំងដូចដែលលោកយេស៊ូបានស៊ូទ្រាំនោះទេ។ ទោះជាយ៉ាងនោះក៏ដោយ អស់អ្នកដែលកាន់តាមលោកយេស៊ូនឹងមានទុក្ខលំបាក។ (ម៉ាថ. ១៦:២៤, ២៥; យ៉ូន. ១៥:២០) ដូចលោកយេស៊ូ នៅពេលខ្លះយើងក៏នឹងពិបាកចិត្តខ្លាំងណាស់។ តើយើងអាចធ្វើអ្វីដើម្បីមិនខ្វល់ខ្វាយហួសហេតុពេកនិងមិនបាត់បង់សេចក្ដីសុខសាន្តក្នុងចិត្ត? សូមយើងពិចារណាអ្វីបីយ៉ាងដែលលោកយេស៊ូបានធ្វើនៅក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី ហើយរៀនអំពីរបៀបដែលយើងអាចយកតម្រាប់លោកពេលយើងមានទុក្ខវេទនា។
លោកយេស៊ូបន្តអធិដ្ឋាន
៤. ដោយគិតអំពីថែស្សាឡូនិចទី១ ៥:១៧ សូមរៀបរាប់អំពីពេលផ្សេងៗដែលលោកយេស៊ូបានអធិដ្ឋាននៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកនៅផែនដី។
៤ សូមអាន ថែស្សាឡូនិចទី១ ៥:១៧។ នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានអធិដ្ឋានច្រើនដង។ ពេលលោកបង្ហាញអ្នកកាន់តាមលោកនូវរបៀបធ្វើពិធីរំលឹកមរណភាពរបស់លោក លោកបានអធិដ្ឋានមុនដែលលោកឲ្យនំប៉័ងនិងស្រាទំពាំងបាយជូរដល់ពួកគាត់។ (១កូ. ១១:២៣-២៥) ម្យ៉ាងទៀត មុនលោកចាកចេញពីកន្លែងដែលពួកគាត់បានធ្វើបុណ្យរំលង លោកបានអធិដ្ឋានជាមួយនឹងពួកអ្នកកាន់តាមលោក។ (យ៉ូន. ១៧:១-២៦) នៅយប់នោះ ពេលលោកនឹងពួកអ្នកកាន់តាមបានទៅដល់ភ្នំដើមអូលីវ លោកបានអធិដ្ឋានម្ដងហើយម្ដងទៀត។ (ម៉ាថ. ២៦:៣៦-៣៩, ៤២, ៤៤) មួយវិញទៀត ពាក្យចុងក្រោយដែលលោកយេស៊ូបានមានប្រសាសន៍មុនដែលលោកស្លាប់គឺជាសេចក្ដីអធិដ្ឋាន។ (លូក. ២៣:៤៦) លោកយេស៊ូបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីអ្វីៗទាំងអស់ដែលបានកើតឡើងនៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកនៅផែនដី។
៥. ហេតុអ្វីចិត្តក្លាហានរបស់ពួកសាវ័កបានចុះខ្សោយ?
៥ មូលហេតុមួយដែលលោកយេស៊ូអាចសូទ្រាំនឹងទុក្ខលំបាកគឺដោយសារលោកបានពឹងផ្អែកលើបិតារបស់លោកតាមរយៈសេចក្ដីអធិដ្ឋាន។ ប៉ុន្តែ ពួកសាវ័កមិនបានតស៊ូក្នុងការអធិដ្ឋាននៅយប់នោះទេ។ ជាលទ្ធផលពេលពួកគាត់ជួបការល្បងល ចិត្តក្លាហានរបស់ពួកគាត់បានចុះខ្សោយ។ (ម៉ាថ. ២៦:៤០, ៤១, ៤៣, ៤៥, ៥៦) ពេលយើងមានទុក្ខលំបាក យើងអាចរក្សាភាពស្មោះត្រង់លុះត្រាតែយើងធ្វើតាមគំរូរបស់លោកយេស៊ូដោយ«អធិដ្ឋានជានិច្ច»។ តើយើងអាចអធិដ្ឋានអំពីរឿងអ្វីខ្លះ?
៦. តើជំនឿនឹងជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តយ៉ាងដូចម្ដេច?
៦ យើងអាចអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យ«ផ្ដល់ជំនឿមកយើងថែមទៀត»។ (លូក. ១៧:៥; យ៉ូន. ១៤:១) យើងត្រូវមានជំនឿដោយសារសាថាននឹងល្បងលអស់អ្នកដែលកាន់តាមលោកយេស៊ូ។ (លូក. ២២:៣១) ពេលយើងជួបបញ្ហាមួយហើយមួយទៀត តើជំនឿនឹងជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តយ៉ាងដូចម្ដេច? កាលដែលយើងបានខំអស់ពីសមត្ថភាពដើម្បីយកឈ្នះទុក្ខលំបាកណាមួយ ជំនឿនឹងជួយយើងឲ្យឈប់ខ្វល់ខ្វាយ ដោយសារយើងដឹងថាព្រះយេហូវ៉ានឹងដោះស្រាយបញ្ហានោះនៅពេលត្រឹមត្រូវ។ យើងមានទំនុកចិត្តថាលោកអាចដោះស្រាយបញ្ហារបស់យើងបានល្អប្រសើរជាងយើង ដូច្នេះយើងមានសេចក្ដីសុខសាន្តក្នុងចិត្ត។—១ពេ. ៥:៦, ៧
៧. តើអ្នករៀនអ្វីពីពាក្យសម្ដីរបស់បងរ៉ូបឺត?
៧ សេចក្ដីអធិដ្ឋានជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត ទោះជាយើងមានទុក្ខលំបាកអ្វីក៏ដោយ។ សូមគិតអំពីគំរូរបស់បងប្រុសរ៉ូបឺតដែលជាអ្នកចាស់ទុំដ៏ស្មោះត្រង់ម្នាក់ដែលឥឡូវមានអាយុ៨០ឆ្នាំជាង។ គាត់និយាយថា៖ «យោបល់នៅភីលីព ៤:៦, ៧បានជួយខ្ញុំឲ្យយកឈ្នះទុក្ខលំបាកជាច្រើនក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់មានបញ្ហាលុយកាក់ ហើយក៏បានបាត់បង់ឯកសិទ្ធិបម្រើជាអ្នកចាស់ទុំអស់មួយរយៈ»។ តើអ្វីបានជួយបងរ៉ូបឺតឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត? គាត់និយាយថា៖ «ខ្ញុំអធិដ្ឋានពេលខ្ញុំចាប់ផ្ដើមខ្វល់ខ្វាយ។ ខ្ញុំជឿថាកាលដែលខ្ញុំអធិដ្ឋានកាន់តែច្រើននិងអស់ពីចិត្ត ខ្ញុំកាន់តែមានសេចក្ដីសុខសាន្តក្នុងចិត្ត»។
លោកយេស៊ូបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែង
៨. ដូចចែងនៅយ៉ូហាន ៨:២៩ តើអ្វីជាមូលហេតុមួយទៀតដែលលោកយេស៊ូមានសេចក្ដីសុខសាន្តក្នុងចិត្ត?
៨ សូមអាន យ៉ូហាន ៨:២៩។ ទោះជាលោកយេស៊ូរងការបៀតបៀនក្ដី លោកមានសេចក្ដីសុខសាន្តក្នុងចិត្ត ដោយសារលោកដឹងថាលោកកំពុងធ្វើឲ្យបិតាលោកពេញចិត្ត។ លោកបានបន្តស្ដាប់បង្គាប់ព្រះនៅពេលពិបាក។ លោកស្រឡាញ់បិតាលោក ហើយលោកបានចាត់ទុកការបម្រើព្រះយេហូវ៉ាថាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតលោក។ ជាឧទាហរណ៍ មុនលោកមកផែនដី លោកជា«មេជាង»របស់ព្រះ ហើយពេលលោកនៅផែនដី លោកបានបង្រៀនអ្នកឯទៀតអំពីបិតាលោកយ៉ាងខ្នះខ្នែង។ (សុភ. ៨:៣០; ម៉ាថ. ៦:៩; យ៉ូន. ៥:១៧) កិច្ចការនោះបាននាំឲ្យលោកយេស៊ូមានអំណរជាខ្លាំង។—យ៉ូន. ៤:៣៤-៣៦
៩. តើការជាប់រវល់ក្នុងកិច្ចបម្រើផ្សាយអាចជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្តតាមរបៀបណា?
៩ យើងអាចយកតម្រាប់លោកយេស៊ូដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា និង«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) កាលដែលយើង«ផ្ចង់អារម្មណ៍ទាំងស្រុង»ទៅលើកិច្ចបម្រើផ្សាយ នេះអាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហារបស់យើង។ (សកម្ម. ១៨:៥) ជាឧទាហរណ៍ ពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយច្រើនតែមានបញ្ហាធ្ងន់ធ្ងរជាងយើងទៅទៀត។ ប៉ុន្តែ ពេលពួកគេរៀនធ្វើតាមឱវាទរបស់ព្រះយេហូវ៉ានិងស្រឡាញ់លោក ជីវិតរបស់ពួកគេល្អប្រសើរឡើង ហើយពួកគេសប្បាយចិត្តជាង។ ពេលយើងឃើញការផ្លាស់ប្ដូរបែបនេះ យើងកាន់តែជឿជាក់ថាព្រះយេហូវ៉ានឹងថែរក្សាយើង។ ការជឿជាក់បែបនេះជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត។ បងស្រីម្នាក់បានឃើញថានេះជាការពិត។ ពេញមួយជីវិតរបស់គាត់ គាត់បានប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្តនិងអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ គាត់និយាយថា៖ «ពេលខ្ញុំជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ ខ្ញុំអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានច្រើនជាង ហើយក៏មានអារម្មណ៍សប្បាយជាង។ ខ្ញុំគិតថានេះគឺដោយសារការចូលរួមក្នុងកិច្ចផ្សព្វផ្សាយនាំឲ្យខ្ញុំជិតស្និទ្ធជាងជាមួយនឹងព្រះយេហូវ៉ា»។
១០. តើអ្នករៀនអ្វីពីពាក្យសម្ដីរបស់បងប្រេនដឺ?
១០ សូមគិតដែរអំពីគំរូរបស់បងស្រីម្នាក់ឈ្មោះប្រេនដឺ។ គាត់និងកូនស្រីរបស់គាត់មានជំងឺធ្ងន់ធ្ងរម្យ៉ាង។ បងប្រេនដឺដើរមិនបានទេ ហើយត្រូវប្រើរទេះរុញដើម្បីទៅណាមកណា។ គាត់ក៏មិនសូវមានកម្លាំងដែរ។ ពេលគាត់អាចធ្វើបាន គាត់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ប៉ុន្តែគាត់ច្រើនតែផ្សព្វផ្សាយដោយសរសេរសំបុត្រ។ គាត់និយាយថា៖ «ពេលដែលខ្ញុំបានទទួលស្គាល់ថាក្នុងរបៀបរបបពិភពលោកនេះខ្ញុំមិនអាចជាពីជំងឺនេះបានទេ ខ្ញុំអាចផ្ដោតអារម្មណ៍ទាំងស្រុងទៅលើកិច្ចបម្រើផ្សាយ។ តាមពិតការផ្សព្វផ្សាយជួយខ្ញុំមិនឲ្យគិតអំពីកង្វល់របស់ខ្ញុំ តែគិតអំពីការជួយពួកអ្នកដែលខ្ញុំជួបក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំខ្ញុំ ហើយក៏ជួយរំលឹកខ្ញុំអំពីសេចក្ដីសង្ឃឹមដែលខ្ញុំមានសម្រាប់ថ្ងៃអនាគត»។
លោកយេស៊ូបានទទួលយកជំនួយពីមិត្តភក្ដិរបស់លោក
១១-១៣. (ក) តើពួកសាវ័កនិងអ្នកឯទៀតបានបង្ហាញថាពួកគេជាមិត្តសម្លាញ់ពិតរបស់លោកយេស៊ូយ៉ាងដូចម្ដេច? (ខ) តើមិត្តសម្លាញ់របស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណាមកលើលោក?
១១ ក្នុងអំឡុងពេលដែលលោកយេស៊ូបានផ្សព្វផ្សាយ ពួកសាវ័កដ៏ស្មោះត្រង់បានបង្ហាញថាពួកគាត់ជាមិត្តពិតរបស់លោកយេស៊ូ។ ពួកគាត់ជាគំរូអំពីមិត្តភក្ដិដ៏ល្អដូចដែលបានត្រូវរៀបរាប់ក្នុងគម្ពីរថា៖ «មានមិត្រសំឡាញ់ម្យ៉ាងដែលនៅជាប់ជាងបងប្អូនទៅទៀត»។ (សុភ. ១៨:២៤) លោកយេស៊ូឲ្យតម្លៃចំពោះមិត្តភក្ដិបែបនេះ។ ក្នុងអំឡុងពេលដែលលោកយេស៊ូបានផ្សព្វផ្សាយ បងប្អូនប្រុសបង្កើតរបស់លោកមិនបានបង្ហាញជំនឿលើលោកទេ។ (យ៉ូន. ៧:៣-៥) នៅពេលមួយ សាច់ញាតិរបស់លោកថែមទាំងបានគិតថាលោកវង្វេងស្មារតី។ (ម៉ាក. ៣:២១) ប៉ុន្តែ នៅយប់មុនលោកយេស៊ូបានស្លាប់ លោកបានមានប្រសាសន៍ទៅកាន់ពួកសាវ័កដ៏ស្មោះត្រង់ថា៖ «អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក»។—លូក. ២២:២៨
១២ ជួនកាល ពួកសាវ័កបានធ្វើឲ្យលោកយេស៊ូខកចិត្ត ប៉ុន្តែលោកមិនបានផ្ដោតទៅលើកំហុសរបស់ពួកគាត់ទេ តែលោកឃើញថាពួកគាត់មានជំនឿលើលោក។ (ម៉ាថ. ២៦:៤០; ម៉ាក. ១០:១៣, ១៤; យ៉ូន. ៦:៦៦-៦៩) នៅយប់ចុងក្រោយរបស់លោកជាមួយនឹងពួកគាត់មុនដែលលោកបានត្រូវគេប្រហារជីវិត លោកយេស៊ូបានមានប្រសាសន៍ទៅកាន់បុរសដ៏ស្មោះត្រង់ទាំងនោះថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា»។ (យ៉ូន. ១៥:១៥) មិត្តសម្លាញ់របស់លោកយេស៊ូពិតជាបានលើកទឹកចិត្តលោកខ្លាំងណាស់។ ជំនួយដែលពួកគាត់បានផ្ដល់ឲ្យលោកយេស៊ូក្នុងកិច្ចបម្រើផ្សាយ បានធ្វើឲ្យលោកត្រេកអរពន់ពេក។—លូក. ១០:១៧, ២១
១៣ ក្រៅពីពួកសាវ័ក លោកយេស៊ូក៏មានមិត្តឯទៀតទាំងប្រុសទាំងស្រីដែលបានជួយលោកក្នុងកិច្ចបម្រើផ្សាយនិងតាមរបៀបផ្សេងទៀតដែរ។ មិត្តសម្លាញ់ខ្លះបានអញ្ជើញលោកឲ្យមកផ្ទះរបស់ពួកគេដើម្បីបរិភោគអាហារ។ (លូក. ១០:៣៨-៤២; យ៉ូន. ១២:១, ២) មិត្តខ្លះទៀតរបស់លោក បានធ្វើដំណើរជាមួយនឹងលោក ហើយបានចែករំលែកធនធានរបស់ពួកគេជាមួយនឹងលោក។ (លូក. ៨:៣) លោកយេស៊ូមានមិត្តល្អដោយសារលោកជាមិត្តល្អចំពោះពួកគេ។ លោកបានធ្វើល្អចំពោះពួកគេ ហើយមិនតម្រូវឲ្យពួកគេធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ពួកគេទេ។ លោកយេស៊ូជាមនុស្សល្អឥតខ្ចោះ ប៉ុន្តែលោកឲ្យតម្លៃចំពោះការគាំទ្រដែលមកពីមិត្តសម្លាញ់របស់លោកដែលជាមនុស្សមិនល្អឥតខ្ចោះ។ ពួកគេច្បាស់ជាបានជួយលោកឲ្យបន្តមានសេចក្ដីសុខសាន្តក្នុងចិត្ត។
១៤-១៥. តើយើងអាចធ្វើអ្វីដើម្បីមានមិត្តភក្ដិល្អ ហើយតើពួកគេអាចជួយយើងយ៉ាងដូចម្ដេច?
១៤ មិត្តល្អនឹងជួយយើងឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ របៀបដ៏ល្អបំផុតដើម្បីមានមិត្តល្អគឺដោយធ្វើជាមិត្តល្អ។ (ម៉ាថ. ៧:១២) ជាឧទាហរណ៍ គម្ពីរលើកទឹកចិត្តយើងឲ្យប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីជួយអ្នកឯទៀត ជាពិសេសពួកអ្នកដែល«ខ្វះខាត»។ (អេភ. ៤:២៨) តើអ្នកអាចនឹកឃើញអំពីបុគ្គលណាម្នាក់ក្នុងក្រុមជំនុំរបស់អ្នកដែលអ្នកអាចជួយឬទេ? តើអ្នកអាចទៅផ្សារជំនួសបងប្អូនដែលចេញពីផ្ទះមិនបានឬទេ? តើអ្នកអាចធ្វើម្ហូបសម្រាប់ក្រុមគ្រួសារណាមួយដែលមានបញ្ហាលុយកាក់ឬទេ? បើអ្នកចេះប្រើគេហទំព័រjw.org®និងកម្មវិធីJWបណ្ណាល័យ តើអ្នកអាចជួយអ្នកឯទៀតក្នុងក្រុមជំនុំរបស់អ្នកឲ្យចេះប្រើដែរឬទេ? ពេលយើងជាប់រវល់ក្នុងការជួយអ្នកឯទៀត យើងទំនងជានឹងមានសុភមង្គល។—សកម្ម. ២០:៣៥
១៥ មិត្តភក្ដិរបស់យើងនឹងគាំទ្រយើងពេលយើងមានទុក្ខលំបាក ហើយនេះនឹងជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត។ ដូចអេលីហ៊ូវបានស្ដាប់ពេលយ៉ូបនិយាយអំពីទុក្ខលំបាករបស់គាត់ មិត្តរបស់យើងជួយយើងដោយស្ដាប់យ៉ាងអត់ធ្មត់កាលដែលយើងប្រាប់អំពីអារម្មណ៍របស់យើង។ (យ៉ូប ៣២:៤) យើងមិនគួររំពឹងថាមិត្តភក្ដិរបស់យើងនឹងធ្វើការសម្រេចចិត្តជំនួសយើងទេ ប៉ុន្តែបើយើងមានប្រាជ្ញា យើងនឹងស្ដាប់យោបល់របស់ពួកគេដែលមានមូលដ្ឋានលើគម្ពីរ។ (សុភ. ១៥:២២) ម្យ៉ាងទៀត ដូចស្តេចដាវីឌបានបង្ហាញចិត្តរាបទាបដោយព្រមទទួលជំនួយពីមិត្តភក្ដិរបស់គាត់ យើងក៏គួរមានចិត្តរាបទាបដោយព្រមទទួលជំនួយពីមិត្តភក្ដិរបស់យើងនៅពេលដែលយើងត្រូវការ។ (២សាំ. ១៧:២៧-២៩) តាមការពិត មិត្តភក្ដិល្អបែបនេះជាអំណោយមួយពីព្រះយេហូវ៉ា។—យ៉ា. ១:១៧
របៀបរក្សាសេចក្ដីសុខសាន្ត
១៦. យោងទៅតាមភីលីព ៤:៦, ៧ តើអ្វីជារបៀបតែមួយគត់ដែលយើងអាចមានសេចក្ដីសុខសាន្ត? សូមពន្យល់។
១៦ សូមអាន ភីលីព ៤:៦, ៧។ ហេតុអ្វីព្រះយេហូវ៉ាប្រាប់ថាយើងអាចទទួលសេចក្ដីសុខសាន្តរបស់លោក«តាមរយៈគ្រិស្តយេស៊ូ»? ពីព្រោះបើយើងមិនយល់អំពីតួនាទីរបស់លោកយេស៊ូក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា ហើយមិនមានជំនឿលើលោក យើងមិនអាចមានសេចក្ដីសុខសាន្តដ៏ស្ថិតស្ថេរក្នុងចិត្តនិងគំនិតរបស់យើងទេ។ ជាឧទាហរណ៍ តាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូ យើងអាចទទួលការអភ័យទោសចំពោះការខុសឆ្គងទាំងអស់របស់យើង។ (១យ៉ូន. ២:១២) នេះនាំឲ្យយើងធូរស្រាលក្នុងចិត្តជាខ្លាំង! ក្នុងនាមជាស្តេចនៃរាជាណាចក្ររបស់ព្រះ លោកយេស៊ូនឹងបំបាត់ចោលនូវអ្វីៗដ៏អាក្រក់ដែលសាថាននិងរបៀបរបបរបស់វាបានធ្វើដាក់យើង។ (អេ. ៦៥:១៧; ១យ៉ូន. ៣:៨; បប. ២១:៣, ៤) នេះផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់យើង! ម្យ៉ាងទៀត ទោះជាលោកយេស៊ូបានប្រគល់កិច្ចការដ៏ពិបាកឲ្យយើងក្ដី លោកនៅជាមួយនឹងយើង ដោយគាំទ្រយើងក្នុងគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៨:១៩, ២០) នេះពិតជាជួយយើងឲ្យមានចិត្តក្លាហានកាន់តែខ្លាំង! ការធូរស្រាលក្នុងចិត្ត សេចក្ដីសង្ឃឹម និងចិត្តក្លាហានជាគ្រឹះមូលដ្ឋានសម្រាប់ការមានសេចក្ដីសុខសាន្តនៅក្នុងចិត្តរបស់យើង។
១៧. (ក) តើគ្រិស្តសាសនិកអាចរក្សាសេចក្ដីសុខសាន្តក្នុងចិត្តតាមរបៀបណា? (ខ) ដូចដែលបានសន្យានៅយ៉ូហាន ១៦:៣៣ តើយើងអាចធ្វើអ្វី?
១៧ ដូច្នេះ តើអ្នកអាចបន្តមានសេចក្ដីសុខសាន្តក្នុងចិត្តយ៉ាងដូចម្ដេច ពេលអ្នកមានទុក្ខលំបាកដ៏ធ្ងន់ធ្ងរ? គឺដោយធ្វើអ្វីដែលលោកយេស៊ូបានធ្វើ។ ទី១ ចូរអធិដ្ឋាន ហើយបន្តអធិដ្ឋានទោះជាមានអ្វីកើតឡើងក៏ដោយ។ ទី២ ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ទោះជានៅពេលដែលពិបាកធ្វើដូច្នេះក៏ដោយ។ ទី៣ ចូរពឹងផ្អែកលើមិត្តភក្ដិឲ្យជួយអ្នកនៅគ្រាដែលមានទុក្ខលំបាក។ យ៉ាងនេះសេចក្ដីសុខសាន្តរបស់ព្រះនឹងការពារចិត្តនិងគំនិតរបស់អ្នក ហើយដូចលោកយេស៊ូអ្នកនឹងយកឈ្នះទុក្ខលំបាកទាំងអស់។—សូមអាន យ៉ូហាន ១៦:៣៣
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
a យើងទាំងអស់គ្នាត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗដែលអាចធ្វើឲ្យយើងលែងមានសេចក្ដីសុខសាន្ត។ ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីអ្វីបីយ៉ាងដែលលោកយេស៊ូបានធ្វើនិងដែលយើងអាចធ្វើដើម្បីរក្សាសេចក្ដីសុខសាន្ត ទោះជាយើងរងទុក្ខយ៉ាងណាក្ដី។