សៀវភៅលូកា
១០ បន្ទាប់ពីការទាំងនេះ លោកម្ចាស់បានរើស៧០នាក់ទៀត ហើយឲ្យពួកគេទៅមុនលោក ដោយចាត់ពួកគេជាគូៗ+ឲ្យចូលគ្រប់ក្រុងនិងគ្រប់ទីកន្លែងដែលលោកបម្រុងនឹងទៅ។ ២ រួចមក លោកមានប្រសាសន៍ទៅពួកគេថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមធ្វើកិច្ចការរបស់លោក។+ ៣ ចូរទៅចុះ! តែត្រូវត្រៀមខ្លួន! ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងឆ្កែចចក។+ ៤ កុំយកស្បែកជើង ថង់ប្រាក់ ឬថង់យាមសម្រាប់ដាក់អាហារឡើយ+ ហើយក៏កុំសួរសុខទុក្ខ*អ្នកណានៅតាមផ្លូវដែរ។ ៥ ពេលដែលអ្នកចូលក្នុងផ្ទះណាមួយ ចូរនិយាយជាមុនសិនថា៖ ‹សូមឲ្យផ្ទះនេះបានប្រកបដោយសេចក្ដីសុខ›។+ ៦ ប្រសិនបើគ្មានអ្នកណាចង់បានសេចក្ដីសុខនៅទីនោះទេ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងវិលមកឯអ្នកវិញ។ ប៉ុន្តែ ប្រសិនបើមានអ្នកណាចង់បានសេចក្ដីសុខនៅទីនោះ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងកើតមានដល់អ្នកនោះ។ ៧ ដូច្នេះ ចូរនៅផ្ទះនោះ*+ ហើយពិសាអ្វីដែលពួកគេឲ្យ+ ព្រោះកម្មករសមនឹងទទួលថ្លៃឈ្នួល។+ កុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឡើយ។
៨ «ម្យ៉ាងទៀត ពេលអ្នករាល់គ្នាចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះទទួលស្វាគមន៍អ្នករាល់គ្នា ចូរពិសាអ្វីដែលពួកគេឲ្យ ៩ ថែមទាំងធ្វើឲ្យអ្នកដែលឈឺនៅក្រុងនោះជាសះស្បើយ ហើយប្រាប់ពួកគេថា៖ ‹រាជាណាចក្ររបស់ព្រះបានចូលមកជិតអ្នករាល់គ្នាហើយ›។+ ១០ ក៏ប៉ុន្តែ ពេលអ្នករាល់គ្នាចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះមិនទទួលស្វាគមន៍អ្នករាល់គ្នាទេ ចូរចេញទៅផ្លូវធំទាំងប៉ុន្មាន ហើយពោលថា៖ ១១ ‹សូម្បីតែធូលីដីពីក្រុងអ្នករាល់គ្នា ដែលជាប់ជើងយើង ក៏យើងជូតចេញដែរ ទុកជាការព្រមានសម្រាប់អ្នករាល់គ្នា។+ ប៉ុន្តែ ចូរចាំថា រាជាណាចក្ររបស់ព្រះជិតដល់ហើយ›។ ១២ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យក្ដី ក្រុងនោះនឹងទទួលទោសធ្ងន់ជាងក្រុងសូដុមទៅទៀត។+
១៣ «ក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាណាស់! និងក្រុងបេតសេដាអើយ! អ្នកត្រូវវេទនាណាស់! ពីព្រោះប្រសិនបើការប្រកបដោយឫទ្ធានុភាពដែលបានកើតឡើងនៅក្នុងក្រុងរបស់ពួកអ្នក បានកើតឡើងនៅក្នុងក្រុងទីរ៉ុសនិងក្រុងស៊ីដូនវិញ អ្នកក្រុងទាំងនោះមុខជាបានប្រែចិត្តជាយូរយារមកហើយ ទាំងស្លៀកបាវអង្គុយក្នុងផេះផង។+ ១៤ ដូច្នេះ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃវិនិច្ឆ័យក្ដី អ្នកនឹងទទួលទោសធ្ងន់ជាងក្រុងទីរ៉ុសនិងក្រុងស៊ីដូនទៅទៀត។ ១៥ ចំណែកអ្នកវិញ ក្រុងកាពើណិមអើយ! តើអ្នកនឹងត្រូវលើកតម្កើងដល់មេឃឬ? អ្នកនឹងចុះទៅក្នុងផ្នូរ*វិញ!
១៦ «អ្នកណាដែលស្ដាប់អ្នករាល់គ្នាក៏ដូចជាស្ដាប់ខ្ញុំដែរ+ ហើយអ្នកណាដែលមិនព្រមស្ដាប់អ្នករាល់គ្នា ក៏ដូចជាមិនព្រមស្ដាប់ខ្ញុំដែរ។ ម្យ៉ាងទៀត អ្នកណាដែលមិនស្ដាប់ខ្ញុំ អ្នកនោះក៏ដូចជាមិនស្ដាប់លោកដែលបានចាត់ខ្ញុំឲ្យមកដែរ»។+
១៧ លុះក្រោយមក ៧០នាក់នោះបានវិលមកវិញទាំងមានអំណរ ហើយជម្រាបលោកថា៖ «លោកម្ចាស់ សូម្បីតែពួកវិញ្ញាណកំណាច ក៏ស្ដាប់បង្គាប់យើងដោយសារនាមរបស់លោកដែរ»។+ ១៨ ឮដូច្នេះ លោកមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំបានឃើញសាថាន*ធ្លាក់+ដូចផ្លេកបន្ទោរពីស្ថានសួគ៌រួចហើយ។ ១៩ មើល! ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចជាន់ឈ្លីសត្វពស់និងខ្យាដំរី ក៏ឲ្យមានអំណាចលើឫទ្ធានុភាពទាំងអស់របស់សត្រូវ+ ហើយគ្មានអ្វីនឹងធ្វើទុក្ខអ្នកឡើយ។ ២០ ទោះជាយ៉ាងនោះក៏ដោយ កុំត្រេកអរដោយសារពួកវិញ្ញាណបានត្រូវចុះចូលក្នុងអំណាចអ្នករាល់គ្នាឡើយ តែចូរត្រេកអរពីព្រោះឈ្មោះរបស់អ្នករាល់គ្នាបានត្រូវចារឹកទុកនៅឯស្ថានសួគ៌វិញ»។+ ២១ នៅវេលានោះ លោកត្រេកអរពន់ពេកដោយសារឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ក៏មានប្រសាសន៍ថា៖ «ឱបិតាជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង+ តែលោកបានបើកបង្ហាញឲ្យកូនតូចៗយល់វិញ។ ឱបិតាអើយ ពីព្រោះនេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក។+ ២២ បិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកឲ្យខ្ញុំ។ គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក+ និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកបង្ហាញឲ្យស្គាល់នោះទេ»។+
២៣ បន្ទាប់មក លោកបែរទៅនិយាយជាមួយនឹងពួកអ្នកកាន់តាមដោយឡែកពីគេ ហើយពោលថា៖ «អស់អ្នកណាដែលមើលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងមើលឃើញ អ្នកទាំងនោះមានសុភមង្គលហើយ។+ ២៤ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ធ្លាប់មានពួកអ្នកប្រកាសទំនាយនិងស្ដេចជាច្រើននាក់ដែលចង់ឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ+ ហើយចង់ឮអ្វីដែលអ្នកកំពុងឮ តែក៏មិនបានឮដែរ»។
២៥ ក្រោយមក មើល! បុរសម្នាក់ដែលចេះច្បាប់*ស្ទាត់បានក្រោកឡើងល្បងលលោក ដោយសួរថា៖ «លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។+ ២៦ លោកមានប្រសាសន៍ទៅបុរសនោះថា៖ «តើច្បាប់ចែងយ៉ាងណា? ពេលដែលអ្នកអាន តើអ្នកយល់ដូចម្ដេច?»។ ២៧ បុរសនោះឆ្លើយថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ា*ជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត* អស់ពីកម្លាំង និងអស់ពីសមត្ថភាពរិះគិត›+ ហើយ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។+ ២៨ លោកមានប្រសាសន៍ទៅគាត់ថា៖ «អ្នកឆ្លើយត្រឹមត្រូវហើយ ចូរបន្តធ្វើដូច្នោះ ហើយអ្នកនឹងបានជីវិត»។+
២៩ ប៉ុន្តែ បុរសនោះចង់បញ្ជាក់ថាខ្លួនគាត់សុចរិត។+ ដូច្នេះ គាត់សួរលោកយេស៊ូថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ ៣០ លោកយេស៊ូតបឆ្លើយថា៖ «មានបុរសម្នាក់កំពុងធ្វើដំណើរចុះពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ ក៏បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់។ ចោរទាំងនោះបានចាប់ដោះយកសម្លៀកបំពាក់គាត់ ក៏វាយដំគាត់ រួចចេញទៅដោយទុកគាត់ចោលស្ទើរស្លាប់ស្ទើររស់។ ៣១ ចៃដន្យ នៅពេលនោះមានសង្ឃម្នាក់កំពុងចុះតាមផ្លូវនោះ ប៉ុន្តែកាលដែលឃើញបុរសនោះ សង្ឃក៏ជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរទៅមុខទៀត។ ៣២ ដូចគ្នាដែរ ពេលបុរសម្នាក់ពីកុលសម្ព័ន្ធលេវីបានចុះទៅដល់កន្លែងនោះ ហើយឃើញបុរសនោះ គាត់ក៏ជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរទៅមុខទៀត។ ៣៣ ប៉ុន្តែ បុរសជនជាតិសាម៉ារីម្នាក់+ដែលកំពុងធ្វើដំណើរតាមផ្លូវនោះ បានប្រទះឃើញបុរសនោះ។ កាលបានឃើញហើយ គាត់ក៏មានចិត្តក្ដួលអាណិត។ ៣៤ ដូច្នេះ គាត់ទៅជិត ហើយរុំរបួសឲ្យបុរសនោះ ក៏ចាក់ប្រេងនិងស្រាលើរបួសនោះផង។ រួចមក គាត់លើកបុរសនោះដាក់លើសត្វជាជំនិះរបស់គាត់ ក៏នាំយកទៅផ្ទះសម្នាក់មួយ ហើយថែទាំ។ ៣៥ លុះថ្ងៃស្អែក គាត់យកប្រាក់ពីរឌីណារី*ជូនម្ចាស់ផ្ទះសម្នាក់ ទាំងប្រាប់ថា៖ ‹សូមថែទាំគាត់ ហើយបើអ្នកចំណាយប្រាក់លើសពីនេះ ខ្ញុំនឹងសងអ្នកពេលខ្ញុំត្រឡប់មកវិញ›។ ៣៦ តាមយោបល់របស់អ្នក តើអ្នកណាក្នុងចំណោមបុរសទាំងបីនាក់នោះបានប្រព្រឹត្តជាអ្នកជិតខាង+ចំពោះបុរសដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរ?»។ ៣៧ គាត់ឆ្លើយថា៖ «គឺបុរសដែលបានប្រព្រឹត្តចំពោះគាត់ដោយមេត្តាករុណា»។+ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ហើយប្រព្រឹត្តដូច្នោះដែរ»។+
៣៨ កាលដែលពួកគាត់កំពុងធ្វើដំណើរទៅ លោកបានចូលក្នុងភូមិមួយ។ នៅទីនោះ ស្ត្រីម្នាក់ឈ្មោះម៉ាថា+បានទទួលលោកជាភ្ញៀវក្នុងផ្ទះ។ ៣៩ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារៀ។ ម៉ារៀបានអង្គុយនៅក្បែរជើងរបស់លោកម្ចាស់ ហើយបន្តស្ដាប់លោកមានប្រសាសន៍។ ៤០ រីឯម៉ាថាវិញ នាងកំពុងរវល់ធ្វើកិច្ចការជាច្រើន។ ដូច្នេះ នាងបានចូលទៅជិត ក៏ជម្រាបលោកថា៖ «តើលោកម្ចាស់មិនឃើញថា ប្អូនខ្ញុំបានទុកឲ្យខ្ញុំធ្វើកិច្ចការតែម្នាក់ឯងទេឬ? ដូច្នេះ សូមប្រាប់គាត់ឲ្យមកជួយខ្ញុំផង»។ ៤១ លោកម្ចាស់តបថា៖ «ម៉ាថា ម៉ាថា នាងខ្វល់ចិត្តខ្លាំងណាស់អំពីកិច្ចការជាច្រើន។ ៤២ ប៉ុន្តែ អ្វីដែលត្រូវការមានតែពីរបីមុខទេ ឬតែមួយមុខប៉ុណ្ណោះ។ ឯម៉ារៀ នាងបានរើសយកចំណែកល្អ*វិញ+ ហើយចំណែកនោះនឹងមិនត្រូវយកចេញពីនាងឡើយ»។