អត្ថបទសិក្សា ៤៥
របៀបដែលសកម្មពលបរិសុទ្ធជួយយើង
«ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភី. ៤:១៣
ចម្រៀងលេខ១០៤ ឫទ្ធានុភាពបរិសុទ្ធជាអំណោយពីព្រះ
សេចក្ដីសង្ខេបa
១-២. (ក) តើអ្វីជួយយើងឲ្យបន្តស៊ូទ្រាំនឹងទុក្ខលំបាកពីមួយថ្ងៃទៅមួយថ្ងៃ? សូមពន្យល់។ (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
«ពេលខ្ញុំគិតអំពីទុក្ខលំបាកដែលខ្ញុំឆ្លងកាត់ ខ្ញុំដឹងថាខ្ញុំមិនអាចប្រឈមមុខនឹងទុក្ខលំបាកនោះដោយខ្លួនឯងបានទេ»។ តើអ្នកធ្លាប់និយាយបែបនេះឬទេ? យើងជាច្រើននាក់ធ្លាប់និយាយដូច្នេះ។ នេះប្រហែលជាដោយសារអ្នកបានស៊ូទ្រាំនឹងជំងឺធ្ងន់ធ្ងរ ឬមានបុគ្គលជាទីស្រឡាញ់ស្លាប់។ ពេលដែលអ្នកគិតអំពីទុក្ខលំបាកនោះ អ្នកមានអារម្មណ៍ថាអ្នកអាចស៊ូទ្រាំពីមួយថ្ងៃទៅមួយថ្ងៃបាន ដោយសារតែសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នកនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា»។—២កូ. ៤:៧-៩
២ យើងក៏ត្រូវពឹងផ្អែកលើសកម្មពលបរិសុទ្ធដើម្បីជួយយើងឲ្យទប់ទល់នឹងឥទ្ធិពលរបស់ពិភពលោកដ៏អាក្រក់នេះ។ (១យ៉ូន. ៥:១៩) បន្ថែមទៅទៀត យើងត្រូវតយុទ្ធនឹង«ពួកវិញ្ញាណទុច្ចរិត»។ (អេភ. ៦:១២) ឥឡូវ យើងនឹងពិចារណាអំពីរបៀបពីរយ៉ាងដែលសកម្មពលបរិសុទ្ធអាចជួយយើងឲ្យយកឈ្នះនឹងបញ្ហាទាំងនេះ។ បន្ទាប់មក យើងនឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ។
សកម្មពលបរិសុទ្ធផ្ដល់កម្លាំងឲ្យយើង
៣. តើអ្វីជារបៀបមួយដែលព្រះយេហូវ៉ាជួយយើងតាមរយៈសកម្មពលបរិសុទ្ធ?
៣ សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយយើង ដោយផ្ដល់កម្លាំងឲ្យយើងដើម្បីបំពេញភារកិច្ចរបស់យើង ទោះជាយើងមានទុក្ខលំបាកក្ដី។ ដោយសារសាវ័កប៉ូលបានពឹងផ្អែកទៅលើ«ឫទ្ធានុភាពរបស់គ្រិស្ត» នោះគាត់អាចបន្តបម្រើព្រះយេហូវ៉ាបាន ទោះជាគាត់មានទុក្ខលំបាកក៏ដោយ។ (២កូ. ១២:៩) ក្នុងអំឡុងពេលប៉ូលធ្វើដំណើរជាសាសទូតលើកទី២ គាត់មិនគ្រាន់តែចំណាយពេលច្រើនក្នុងកិច្ចផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពដែរ។ គាត់បានស្នាក់នៅផ្ទះរបស់អាគីឡានិងព្រីស៊ីល នាក្រុងកូរិនថូស។ ពួកគាត់ជាអ្នកធ្វើត្រសាល។ ប៉ូលក៏ជាអ្នកធ្វើត្រសាលដែរ ហើយថ្ងៃខ្លះគាត់បានធ្វើការជាមួយនឹងពួកគាត់។ (សកម្ម. ១៨:១-៤) សកម្មពលបរិសុទ្ធបានផ្ដល់កម្លាំងឲ្យប៉ូលធ្វើការផង និងបំពេញកិច្ចបម្រើផ្សាយរបស់គាត់ផង។
៤. យោងទៅតាមកូរិនថូសទី២ ១២:៧ខ-៩ តើប៉ូលត្រូវប្រឈមមុខនឹងអ្វី?
៤ សូមអាន កូរិនថូសទី២ ១២:៧ខ-៩។ ក្នុងខគម្ពីរនេះ ពេលដែលប៉ូលបាននិយាយថាគាត់មាន«បន្លាមួយក្នុងសាច់ឈាម» តើគាត់ចង់មានន័យយ៉ាងណា? បើអ្នកមានបន្លាមុតជាប់សាច់ អ្នកនឹងឈឺចាប់ជាខ្លាំង។ ដូច្នេះ ប៉ូលកំពុងនិយាយថាគាត់បានប្រឈមមុខនឹងទុក្ខលំបាកដែលនាំឲ្យគាត់ឈឺចាប់។ គាត់បានហៅទុក្ខលំបាកនេះថា«ទេវតាមួយរបស់សាថាន» ដែល«ទះ»គាត់ជានិច្ច។ សាថានឬវិញ្ញាណកំណាចរបស់វា ប្រហែលជាមិនបានធ្វើឲ្យប៉ូលមានបញ្ហា ដែលហាក់ដូចជាបន្លាមួយក្នុងសាច់ឈាមគាត់នោះទេ។ ប៉ុន្តែ ពេលដែលពួកវិញ្ញាណទុច្ចរិតនោះបានកត់សម្គាល់ឃើញ«បន្លា» ពួកវាប្រហែលជាបានព្យាយាមរុញបន្លានោះឲ្យចូលជ្រៅជាង ក្នុងន័យថាធ្វើឲ្យប៉ូលកាន់តែឈឺចាប់។ តើប៉ូលបានធ្វើអ្វី?
៥. តើព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់ប៉ូលយ៉ាងដូចម្ដេច?
៥ ដំបូង ប៉ូលចង់ឲ្យព្រះយេហូវ៉ាដក«បន្លា»នោះចេញ។ គាត់បានសារភាពថា៖ «ខ្ញុំបានអង្វរលោកម្ចាស់[យេហូវ៉ា]បីដង . . . ដើម្បីឲ្យលោកដកបន្លានេះចេញ»។ ក៏ប៉ុន្តែ ទោះជាប៉ូលបានអធិដ្ឋានក្ដី បន្លានោះនៅតែជាប់ក្នុងសាច់ឈាមគាត់។ តើនេះមានន័យថាព្រះយេហូវ៉ាមិនបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់ប៉ូលឬទេ? មិនមែនទេ។ លោកបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់មែន។ ព្រះយេហូវ៉ាមិនបានដកបញ្ហានោះចេញទេ ប៉ុន្តែលោកបានផ្ដល់កម្លាំងឲ្យប៉ូលស៊ូទ្រាំនឹងបញ្ហានោះ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ឫទ្ធានុភាពរបស់ខ្ញុំបានពេញលក្ខណៈពេលដែលអ្នកទន់ខ្សោយ»។ (២កូ. ១២:៨, ៩) ម្យ៉ាងទៀត ដោយមានជំនួយពីព្រះ ប៉ូលអាចរក្សាអំណររបស់គាត់និងមានសេចក្ដីសុខសាន្តក្នុងចិត្ត!—ភី. ៤:៤-៧
៦. (ក) តើព្រះយេហូវ៉ាប្រហែលជាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់អ្នកតាមរបៀបណា? (ខ) តើសេចក្ដីសន្យាអ្វីពីបទគម្ពីរក្នុងវគ្គនេះផ្ដល់កម្លាំងឲ្យអ្នក?
៦ ដូចប៉ូល តើអ្នកធ្លាប់អង្វរសុំព្រះយេហូវ៉ាឲ្យដកបញ្ហារបស់អ្នកចេញឬទេ? អ្នកប្រហែលជាបានអធិដ្ឋានអង្វរសុំយ៉ាងស្មោះអំពីបញ្ហានោះអស់ជាច្រើនដង ប៉ុន្តែបញ្ហានោះនៅតែដដែល ឬថែមទាំងកាន់តែអាក្រក់ទៅៗ។ តើអ្នកបានព្រួយបារម្ភថា ព្រះយេហូវ៉ាប្រហែលជាមិនពេញចិត្តនឹងអ្នកឬទេ? បើដូច្នេះ សូមនឹកចាំអំពីគំរូរបស់ប៉ូល។ ដូចព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់ នោះលោកក៏ប្រាកដជានឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់អ្នកដែរ! ព្រះយេហូវ៉ាប្រហែលជាមិនដកបញ្ហារបស់អ្នកចេញឡើយ។ ប៉ុន្តែ តាមរយៈសកម្មពលបរិសុទ្ធ លោកនឹងផ្ដល់ឲ្យអ្នកនូវកម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក។ (ទំនុក. ៦១:៣, ៤) អ្នកប្រហែលជាត្រូវគេ«ផ្ដួលដល់ដី» ប៉ុន្តែព្រះយេហូវ៉ានឹងមិនបោះបង់ចោលអ្នកឡើយ។—២កូ. ៤:៨, ៩; ភី. ៤:១៣
សកម្មពលបរិសុទ្ធជួយយើងឲ្យបន្តបម្រើព្រះយេហូវ៉ា
៧-៨. (ក) តើសកម្មពលបរិសុទ្ធដូចខ្យល់ត្រង់ណា? (ខ) តើពេត្រុសបានរៀបរាប់យ៉ាងដូចម្ដេចអំពីរបៀបដែលសកម្មពលបរិសុទ្ធដឹកនាំ?
៧ តើរបៀបមួយទៀតដែលសកម្មពលបរិសុទ្ធជួយយើងគឺជាអ្វី? យើងអាចប្រៀបប្រដូចសកម្មពលបរិសុទ្ធទៅនឹងខ្យល់។ ខ្យល់អាចបក់នាំសំពៅទៅតាមទិសដៅដែលគេចង់ទៅ ទោះជាសមុទ្រមានព្យុះក៏ដោយ។ ស្រដៀងគ្នាដែរ សកម្មពលបរិសុទ្ធជួយយើងឲ្យបន្តបម្រើព្រះយេហូវ៉ា រហូតដល់ពិភពលោកថ្មីដែលព្រះបានសន្យា ទោះជាយើងមានបញ្ហាក្ដី។
៨ សាវ័កពេត្រុសដឹងច្បាស់អំពីការធ្វើដំណើរតាមសមុទ្រ ដោយសារគាត់ជាអ្នកនេសាទ។ ហេតុនេះហើយ ពេលដែលគាត់រៀបរាប់អំពីរបៀបដែលសកម្មពលបរិសុទ្ធដឹកនាំ គាត់បានប្រើពាក្យមួយដែលមើលទៅជាប់ទាក់ទងនឹងការធ្វើដំណើរតាមទូក។ គាត់បានសរសេរថា៖ «ទំនាយមិនដែលកើតចេញពីបំណងប្រាថ្នារបស់មនុស្សទេ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ»។ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ដឹកនាំ»មានន័យត្រង់ថា«ជំរុញឬនាំទៅ»។—២ពេ. ១:២១
៩. ពេលពេត្រុសបានសរសេរថាសកម្មពលបរិសុទ្ធបាន«ដឹកនាំ»អ្នកសរសេរគម្ពីរ តើគាត់ចង់ឲ្យមនុស្សគិតអំពីអ្វី?
៩ តើពេត្រុសចង់ឲ្យមនុស្សគិតអំពីអ្វីពេលគាត់ប្រើពាក្យ«ដឹកនាំ»ឬនាំទៅ? លូកាដែលជាអ្នកសរសេរសៀវភៅសកម្មភាព បានប្រើពាក្យភាសាក្រិចដែលស្រដៀងនឹងនេះ ដើម្បីរៀបរាប់អំពីសំពៅដែល«បណ្ដោយទៅតាមខ្យល់»។ (សកម្ម. ២៧:១៥) បណ្ឌិតម្នាក់ខាងគម្ពីរបាននិយាយថា ពេលដែលពេត្រុសបានសរសេរថាសកម្មពលបរិសុទ្ធ«ដឹកនាំ»អ្នកសរសេរគម្ពីរ ពេត្រុសបានប្រើពាក្យដែលធ្វើឲ្យមនុស្សគិតអំពីការធ្វើដំណើរតាមទូក។ នេះគឺហាក់ដូចជាពេត្រុសបាននិយាយថា ដូចខ្យល់បក់នាំសំពៅទៅតាមទិសដៅរបស់វា នោះសកម្មពលបរិសុទ្ធបានដឹកនាំពួកអ្នកសរសេរគម្ពីរឲ្យសម្រេចកិច្ចការរបស់ពួកគេ។ បណ្ឌិតដដែលនោះបាននិយាយថា អ្នកសរសេរគម្ពីរគឺប្រៀបដូចជាសំពៅដែលបានត្រូវទម្លាក់ក្ដោង ក្នុងន័យថាពួកគេបានត្រៀមខ្លួនធ្វើកិច្ចការដែលសកម្មពលបរិសុទ្ធបានដឹកនាំពួកគេឲ្យធ្វើ។ ព្រះយេហូវ៉ាបានធ្វើអ្វីដែលលោកត្រូវធ្វើ ពោលគឺលោកផ្ដល់«ខ្យល់» ឬសកម្មពលបរិសុទ្ធ។ អ្នកសរសេរគម្ពីរបានធ្វើកិច្ចការដែលពួកគេបានទទួល។ ពួកគេបានធ្វើតាមការណែនាំដែលមកពីសកម្មពលនោះ។
១០-១១. ដើម្បីធ្វើឲ្យប្រាកដថាសកម្មពលបរិសុទ្ធកំពុងដឹកនាំយើង តើយើងត្រូវធ្វើតាមចំណុចពីរយ៉ាងអ្វី? សូមលើកឧទាហរណ៍។
១០ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាលែងប្រើសកម្មពលបរិសុទ្ធរបស់លោក ដើម្បីដឹកនាំមនុស្សឲ្យសរសេរសៀវភៅគម្ពីរទៀតហើយ។ ប៉ុន្តែ ព្រះយេហូវ៉ានៅតែប្រើសកម្មពលបរិសុទ្ធដើម្បីដឹកនាំរាស្ត្ររបស់លោក។ ព្រះយេហូវ៉ានៅតែធ្វើអ្វីដែលលោកត្រូវធ្វើ។ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាសកម្មពលបរិសុទ្ធកំពុងដឹកនាំយើង? យើងត្រូវធ្វើឲ្យប្រាកដថាយើងបន្តធ្វើកិច្ចការដែលយើងបានទទួល។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១១ សូមគិតអំពីឧទាហរណ៍នេះ។ ដើម្បីទទួលប្រយោជន៍ពីខ្យល់ អ្នកបើកទូកក្ដោងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ គាត់ត្រូវតម្រង់ទូកទៅកន្លែងដែលមានខ្យល់បក់។ បើអ្នកបើកទូកក្ដោងទុកទូកនៅកំពង់ផែដែលឆ្ងាយពីកន្លែងដែលមានខ្យល់បក់ នោះទូករបស់គាត់នឹងមិនទៅណាទេ។ ទី២ គាត់ត្រូវលាក្ដោងឲ្យអស់។ ទោះជាខ្យល់បក់យ៉ាងណាក្ដី បើមិនលាក្ដោងឲ្យចំទិសដែលមានខ្យល់ទេ នោះវាមិនទៅមុខឡើយ។ ស្រដៀងគ្នាដែរ យើងអាចបន្តបម្រើព្រះយេហូវ៉ាបាន លុះត្រាតែយើងមានជំនួយពីសកម្មពលបរិសុទ្ធ។ ដើម្បីទទួលប្រយោជន៍ពីសកម្មពលនោះ យើងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ យើងត្រូវចូលរួមក្នុងសកម្មភាពផ្សេងៗដែលជួយយើងឲ្យទទួលសកម្មពលរបស់ព្រះ។ ទី២ យើងត្រូវធ្វើអ្វីៗទាំងនេះដោយអស់ពីសមត្ថភាព។ (ទំនុក. ១១៩:៣២) ពេលយើងធ្វើតាមអ្វីទាំងពីរនេះ សកម្មពលបរិសុទ្ធនឹងផ្ដល់កម្លាំងឲ្យយើងបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ រហូតដល់យើងចូលពិភពលោកថ្មីរបស់ព្រះ។
១២. នៅឥឡូវនេះ តើយើងនឹងពិចារណាអំពីអ្វី?
១២ មកដល់ត្រឹមនេះ យើងបានពិចារណាអំពីរបៀបពីរយ៉ាងដែលសកម្មពលបរិសុទ្ធជួយយើង។ សកម្មពលបរិសុទ្ធផ្ដល់កម្លាំងឲ្យយើង ហើយជួយយើងឲ្យរក្សាភាពស្មោះត្រង់កាលដែលយើងជួបប្រទះនឹងទុក្ខលំបាក។ សកម្មពលបរិសុទ្ធក៏ដឹកនាំនិងជួយយើងឲ្យធ្វើកិច្ចការដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ ហើយនេះនាំឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់។ នៅឥឡូវនេះ យើងនឹងពិចារណាអំពីអ្វីបួនយ៉ាងដែលយើងត្រូវធ្វើ ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ។
របៀបទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ
១៣. យោងទៅតាមធីម៉ូថេទី២ ៣:១៦, ១៧ តើបទគម្ពីរអាចមានឥទ្ធិពលយ៉ាងណាលើយើង ប៉ុន្តែតើយើងត្រូវធ្វើអ្វី?
១៣ ទី១ ចូរសិក្សាបណ្ដាំរបស់ព្រះ។ (សូមអាន ធីម៉ូថេទី២ ៣:១៦, ១៧) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ក្រោមការដឹកនាំរបស់ព្រះ» មានន័យត្រង់ថា«ព្រះបញ្ចេញដង្ហើម»។ ព្រះបានប្រើសកម្មពលរបស់លោក ដើម្បីបញ្ចូលគំនិតរបស់លោកទៅក្នុងគំនិតរបស់អ្នកសរសេរគម្ពីរ។ ពេលយើងអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងអាន នោះការណែនាំរបស់ព្រះចូលក្នុងចិត្តនិងគំនិតរបស់យើង។ ការណែនាំទាំងនោះជំរុញចិត្តយើងឲ្យមានរបៀបរស់នៅដែលព្រះពេញចិត្ត។ (ហេ. ៤:១២) ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ យើងត្រូវលៃទុកពេលដើម្បីសិក្សាគម្ពីរជាទៀងទាត់ ហើយគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងអាន។ យ៉ាងនេះ បណ្ដាំរបស់ព្រះនឹងមានឥទ្ធិពលលើពាក្យសម្ដីនិងការប្រព្រឹត្តទាំងអស់របស់យើង។
១៤. (ក) ហេតុអ្វីយើងអាចនិយាយថាកិច្ចប្រជុំរបស់យើងមានសកម្មពលបរិសុទ្ធ? (ខ) តើអ្វីនឹងជួយយើងឲ្យទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធនៅឯកិច្ចប្រជុំ?
១៤ ទី២ ចូរគោរពប្រណិប័តន៍ព្រះជាមួយគ្នា។ (ទំនុក. ២២:២២) ក្នុងន័យម្យ៉ាង កិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិកពិតគឺប្រៀបដូចជាកន្លែងដែលមានខ្យល់បក់។ នៅកិច្ចប្រជុំមានសកម្មពលរបស់ព្រះយេហូវ៉ា។ (បប. ២:២៩) ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះពេលយើងជួបជុំជាមួយនឹងបងប្អូនរួមជំនឿដើម្បីគោរពប្រណិប័តន៍ព្រះ យើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធ យើងច្រៀងចម្រៀងរាជាណាចក្រដែលមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ ហើយយើងស្ដាប់ការណែនាំដែលមានមូលដ្ឋានលើគម្ពីរ ដែលថ្លែងដោយបងប្រុសៗដែលបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ។ ម្យ៉ាងទៀត សកម្មពលបរិសុទ្ធនោះក៏ជួយបងប្អូនស្រីឲ្យរៀបចំនិងបំពេញផ្នែករបស់ពួកគេ។ ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ យើងត្រូវរៀបចំដើម្បីឆ្លើយនៅកិច្ចប្រជុំ។ យ៉ាងនេះ ដូចទូកដែលលាក្ដោង យើងនឹងទទួលប្រយោជន៍ពីសកម្មពលបរិសុទ្ធដោយចូលរួមកិច្ចប្រជុំ។
១៥. តើសកម្មពលបរិសុទ្ធរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយយ៉ាងដូចម្ដេច?
១៥ ទី៣ ចូរចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ។ ពេលដែលយើងប្រើគម្ពីរក្នុងកិច្ចការផ្សព្វផ្សាយនិងការបង្រៀន យើងអនុញ្ញាតឲ្យសកម្មពលបរិសុទ្ធជួយយើងក្នុងកិច្ចបម្រើផ្សាយរបស់យើង។ (រ៉ូម ១៥:១៨, ១៩) ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលរបស់ព្រះ អ្នកត្រូវផ្សព្វផ្សាយជាទៀងទាត់ ហើយប្រើគម្ពីរនៅពេលណាដែលអាចធ្វើបាន។ របៀបមួយដែលអ្នកអាចកាន់តែមានប្រសិទ្ធភាពក្នុងការសន្ទនាជាមួយនឹងអ្នកឯទៀតពេលអ្នកផ្សព្វផ្សាយ គឺដោយប្រើការសន្ទនាគំរូពីកិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ។
១៦. ដើម្បីទទួលសកម្មពលបរិសុទ្ធ តើយើងអាចធ្វើអ្វី?
១៦ ទី៤ ចូរអធិដ្ឋានទៅព្រះយេហូវ៉ា។ (ម៉ាថ. ៧:៧-១១; លូក. ១១:១៣) ដើម្បីទទួលសកម្មពលបរិសុទ្ធ យើងអាចអធិដ្ឋានសុំព្រះយេហូវ៉ាផ្ទាល់។ ទោះជាពេលយើងជាប់គុកក្ដី ហើយសូម្បីតែសាថាន ក៏មិនអាចបញ្ឈប់យើងមិនឲ្យអធិដ្ឋានទៅព្រះយេហូវ៉ា ឬរារាំងយើងមិនឲ្យទទួលសកម្មពលរបស់ព្រះបានឡើយ។ (យ៉ា. ១:១៧) តើយើងគួរអធិដ្ឋានយ៉ាងដូចម្ដេច ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ? ដើម្បីឆ្លើយសំណួរនេះ សូមយើងពិចារណាអំពីការអធិដ្ឋានឲ្យកាន់តែស៊ីជម្រៅ ដោយគិតអំពីឧទាហរណ៍មួយដែលមានតែនៅក្នុងសៀវភៅដំណឹងល្អដែលរៀបរាប់ដោយលូកាប៉ុណ្ណោះ។b
ចូរតស៊ូក្នុងការអធិដ្ឋាន
១៧. ស្តីអំពីសេចក្ដីអធិដ្ឋាន តើយើងអាចរៀនអ្វីពីឧទាហរណ៍របស់លោកយេស៊ូដែលបានត្រូវកត់ទុកនៅលូកា ១១:៥-៩, ១៣?
១៧ សូមអាន លូកា ១១:៥-៩, ១៣។ ឧទាហរណ៍របស់លោកយេស៊ូបង្ហាញអំពីរបៀបដែលយើងគួរអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ បុរសក្នុងឧទាហរណ៍នោះបានទទួលអ្វីដែលគាត់ត្រូវការ ដោយសារគាត់បាន«ទទូចសុំឥតខ្លាចចិត្ត»។ គាត់មិនខ្លាចសុំជំនួយពីមិត្តភក្ដិរបស់គាត់ទេ ទោះជានៅពេលយប់ជ្រៅក្ដី។ (លូក. ១១:៨)c តើប្រសាសន៍របស់លោកយេស៊ូអំពីឧទាហរណ៍នេះជាប់ទាក់ទងយ៉ាងណានឹងសេចក្ដីអធិដ្ឋាន? លោកបានមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ»។ ដូច្នេះ តើយើងអាចទាញយកមេរៀនអ្វី? ដើម្បីទទួលជំនួយពីសកម្មពលបរិសុទ្ធ យើងត្រូវតស៊ូក្នុងការអធិដ្ឋានសុំសកម្មពល។
១៨. យោងទៅតាមឧទាហរណ៍របស់លោកយេស៊ូ ហេតុអ្វីយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់សកម្មពលបរិសុទ្ធឲ្យយើង?
១៨ ឧទាហរណ៍របស់លោកយេស៊ូក៏ជួយយើងឲ្យយល់អំពីមូលហេតុដែលព្រះយេហូវ៉ានឹងផ្ដល់សកម្មពលបរិសុទ្ធឲ្យយើង។ បុរសក្នុងឧទាហរណ៍នោះចង់បង្ហាញការយកចិត្តទុកដាក់ចំពោះភ្ញៀវរបស់គាត់។ គាត់មានអារម្មណ៍ថាគាត់ត្រូវផ្ដល់អាហារដល់ភ្ញៀវដែលមកនៅពេលយប់ ប៉ុន្តែគាត់គ្មានអ្វីឲ្យអ្នកនោះទេ។ លោកយេស៊ូបានមានប្រសាសន៍ថាអ្នកជិតខាងបានឲ្យនំប៉័ងដល់បុរសនោះ ពីព្រោះគាត់បានទទូចសុំឥតខ្លាចចិត្ត។ តើលោកយេស៊ូកំពុងបង្រៀនចំណុចអ្វី? បើមនុស្សមិនល្អឥតខ្ចោះសុខចិត្តជួយអ្នកជិតខាងដែលទទូចសុំជំនួយ នោះយើងអាចប្រាកដថាបិតាដ៏សប្បុរសរបស់យើងដែលនៅស្ថានសួគ៌នឹងជួយពួកអ្នកដែលបន្តសុំសកម្មពលបរិសុទ្ធពីលោក! ដូច្នេះ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងតបឆ្លើយ ពេលដែលយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។—ទំនុក. ១០:១៧; ៦៦:១៩
១៩. ហេតុអ្វីយើងអាចជឿជាក់ថាយើងអាចស៊ូទ្រាំបាន?
១៩ យើងអាចជឿជាក់ថាទោះជាសាថានវាយប្រហារយើងឥតឈប់ក៏ដោយ យើងអាចស៊ូទ្រាំបាន។ ហេតុអ្វី? ពីព្រោះសកម្មពលបរិសុទ្ធជួយយើងតាមរបៀបពីរយ៉ាង។ ទី១ សកម្មពលបរិសុទ្ធផ្ដល់ឲ្យយើងនូវកម្លាំងដែលយើងត្រូវការ ដើម្បីស៊ូទ្រាំនឹងបញ្ហាផ្សេងៗ។ ទី២ សកម្មពលបរិសុទ្ធគឺជាឫទ្ធានុភាពមួយដែលជំរុញចិត្តយើងឲ្យបន្តបម្រើព្រះយេហូវ៉ា រហូតដល់យើងចូលពិភពលោកថ្មីរបស់លោក។ សូមឲ្យយើងតាំងចិត្តទទួលប្រយោជន៍ពេញលេញពីជំនួយដែលមកពីសកម្មពលបរិសុទ្ធ!
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
a អត្ថបទនេះពន្យល់អំពីរបៀបដែលសកម្មពលបរិសុទ្ធរបស់ព្រះអាចជួយយើងឲ្យស៊ូទ្រាំនឹងបញ្ហាផ្សេងៗ។ ក្នុងអត្ថបទនេះ យើងក៏នឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ។
b ក្នុងចំណោមបុគ្គលឯទៀតដែលបានសរសេរសៀវភៅដំណឹងល្អ លូកាបញ្ជាក់ច្រើនជាងគេថាសេចក្ដីអធិដ្ឋានគឺជាផ្នែកដ៏សំខាន់នៃជីវិតរបស់លោកយេស៊ូ។—លូក. ៣:២១; ៥:១៦; ៦:១២; ៩:១៨, ២៨, ២៩; ១៨:១; ២២:៤១, ៤៤
c សូមមើលការពន្យល់បន្ថែម «ទទូចសុំឥតខ្លាចចិត្ត»ក្នុងឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ ខែកក្កដា ឆ្នាំ២០១៨ ទំព័រ៤។
d ការពណ៌នាអំពីរូបភាព: ចំណុចទី១: បងប្អូនទៅដល់សាលប្រជុំ។ ដោយជួបជុំជាមួយបងប្អូនរួមជំនឿ ពួកគេកំពុងចូលរួមក្នុងសកម្មភាពដែលជួយពួកគេឲ្យទទួលសកម្មពលរបស់ព្រះយេហូវ៉ា។ ចំណុចទី២: ពួកគេបានរៀបចំ ហើយឆ្លើយនៅកិច្ចប្រជុំ។ យើងក៏អាចធ្វើតាមចំណុចទាំងពីរនេះ ពេលយើងបំពេញសកម្មភាពឯទៀតដែលយើងបានពិចារណាក្នុងអត្ថបទនេះគឺ៖ ការសិក្សាបណ្ដាំរបស់ព្រះ ការចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ និងការអធិដ្ឋានទៅព្រះយេហូវ៉ា។