តើយើងអាចជួយយ៉ាងណា?
១ កាលណាស្មរបន្ទាល់ព្រះយេហូវ៉ាឮគេនិយាយអំពីមហន្តរាយដែលបានកើតឡើងនៅកន្លែងណាមួយ ពួកគេតែងតែសួរថា៖ «តើយើងអាចជួយយ៉ាងណា?»។ យោងទៅតាមកំណត់ហេតុក្នុងសៀវភៅកិច្ចការ ១១:២៧-៣០ បណ្ដាគ្រីស្ទាននៅសតវត្សរ៍ទីមួយបានផ្ញើរបស់ផ្សេងៗទៅជួយបងប្អូននៅស្រុកយូដាដោយសារមានអំណត់។
២ នៅសម័យយើងនេះ លក្ខន្ដិកៈអង្គការយើងអនុញ្ញាតឲ្យយើងប្រើលុយដើម្បីផ្ដល់ជាជំនួយសប្បុរសធម៌និងខាងមនុស្សធម៌។ ជំនួយនេះត្រូវជូនចំពោះជនរងគ្រោះដោយសារមហន្តរាយធម្មជាតិឬមហន្តរាយដែលបណ្ដាលមកពីមនុស្ស និងនៅគ្រាអាសន្នផ្សេងទៀត។
៣ ជាឧទាហរណ៍ កាលពីឆ្នាំទៅ បងប្អូនជាច្រើនបានបរិច្ចាគលុយដើម្បីជួយជនរងគ្រោះដោយសារមហន្តរាយស៊ូណាមីនៅទ្វីបអាស៊ីខាងត្បូង។ យើងសូមថ្លែងអំណរគុណចំពោះបងប្អូនដែលបានធ្វើវិភាគទានដ៏ស្មោះអស់ពីចិត្តសំរាប់មូលនិធិសង្គ្រោះរបស់អង្គការយើង។ ក៏ប៉ុន្តែ បើយើងធ្វើវិភាគទានដើម្បីជួយជនរងគ្រោះក្នុងមហន្តរាយណាមួយ ប្រទេសខ្លះតម្រូវឲ្យយើងប្រើវិភាគទានទាំងអស់នោះក្នុងការជួយតែជនរងគ្រោះនោះប៉ុណ្ណោះហើយក្នុងរយៈពេលដែលគេកំណត់ឲ្យដែរ មិនថាបងប្អូនយើងបានទទួលជំនួយរួចហើយក៏ដោយ។
៤ អាស្រ័យហេតុនេះ យើងសូមជូនយោបល់ថា ពេលបងប្អូនធ្វើវិភាគទានជាជំនួយសំរាប់ជនរងគ្រោះនិងខាងមនុស្សធម៌ សូមដាក់វិភាគទាននោះនៅក្នុងប្រអប់វិភាគទានសំរាប់កិច្ចការទូទាំងពិភពលោក។ វិភាគទាននេះត្រូវប្រើដើម្បីជួយបងប្អូនដែលរងគ្រោះដោយមហន្តរាយ និងផ្ដល់នូវអ្វីដែលបងប្អូនគ្រីស្ទានយើងត្រូវការក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។ ជាជាងធ្វើវិភាគទានសំរាប់កិច្ចការទូទាំងពិភពលោក បើមានមូលហេតុណាជំរុញបងប្អូនឲ្យចង់ធ្វើវិភាគទានសំរាប់ជនរងគ្រោះក្នុងមហន្តរាយណាមួយ នោះអង្គការយើងក៏នៅតែព្រមទទួលហើយនឹងប្រើវិភាគទាននោះនៅទីណាដែលត្រូវការជំនួយ។ ក៏ប៉ុន្តែ បើអាចធ្វើទៅបាន សូមបងប្អូនធ្វើវិភាគទានដោយឥតកំណត់ថា ត្រូវប្រើលុយនោះតាមរបៀបណាឬនៅកន្លែងណា។
៥ វិភាគទានដែលយើងធ្វើសំរាប់កិច្ចការទូទាំងពិភពលោក អាចត្រូវប្រើសំរាប់រាល់កិច្ចការដែលលើកដំកើងព្រះរាជាណាចក្ររបស់ព្រះជាជាងទុកសំរាប់តែពេលមានមហន្តរាយប៉ុណ្ណោះ។ ទង្វើដូចនេះគឺស្របទៅតាមអ្វីដែលចែងទុកនៅអេភេសូ ៤:១៦ (ខ.ស.) ដែលសំដៅទៅលើការរួបរួមគ្នាក្នុងការផ្គត់ផ្គង់ឲ្យ‹ព្រះកាយចំរើននិងកសាងឡើងក្នុងសេចក្ដីស្រឡាញ់›។