ការអប់រំដែលនាំទៅដល់ជីវិត
១ តើគួរឲ្យសប្បាយយ៉ាងណាទៅហ្ន៎! ពេលយើងឃើញមនុស្សមានទឹកមុខរីករាយកាលដែលគេបានយល់ដឹងសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ។ ការចែករំលែកនូវចំណេះអំពីព្រះនិងគោលបំណងរបស់ទ្រង់ចំពោះមនុស្សជាតិដល់អ្នកឯទៀត ពិតជានាំឲ្យយើងគាប់ចិត្តមែន។ ការអប់រំបែបនេះអាចនាំឲ្យមនុស្សទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច។—យ៉ូន. ១៧:៣
២ ការអប់រំបែបនេះគឺប្រសើរជាង: សព្វថ្ងៃនេះ យើងអាចទទួលការអប់រំតាមមធ្យោបាយគ្រប់បែបយ៉ាង លើប្រធានបទណាក៏ដោយដែលយើងអាចនឹកឃើញ។ (សាស. ១២:១២) ប៉ុន្តែ ចំណេះបែបនេះមិនអាចប្រៀបផ្ទឹមទៅនឹង«ការអស្ចារ្យរបស់ព្រះ»បានឡើយ។ (កិច្ច. ២:១១) តើការអប់រំរបស់លោកីយ៍អាចនាំឲ្យមនុស្សជាតិចូលទៅជិតព្រះដែលជាអ្នកបង្កើតជាងពេលមុន ហើយនាំឲ្យគេស្គាល់គោលបំណងទ្រង់ឬទេ? តើការអប់រំនេះបានជួយមនុស្សឲ្យយល់អំពីអ្វីដែលកើតឡើងកាលណាយើងស្លាប់ទៅឬទេ? ឬតើហេតុអ្វីបានជាមានការរងទុក្ខច្រើនម្ល៉េះ? តើការអប់រំនេះបានធ្វើឲ្យមនុស្សមានសេចក្ដីសង្ឃឹមឬទេ? តើបានជួយទំនាក់ទំនងក្នុងក្រុមគ្រួសារឲ្យរឹតតែប្រសើរជាងឬទេ? មិនមែនទេ មានតែការអប់រំដែលមកពីព្រះប៉ុណ្ណោះដែលផ្ដល់ចម្លើយពិតប្រាកដចំពោះសំណួរដ៏សំខាន់បំផុតអំពីជីវិត។
៣ ការអប់រំដែលចេញពីព្រះផ្ដល់ឲ្យនូវអ្វីដែលកម្រមាននៅក្នុងលោកីយ៍សព្វថ្ងៃនេះ ពោលគឺខ្នាតតម្រាសីលធម៌។ ចំពោះអស់អ្នកដែលទទួលយកការបង្រៀននៃព្រះបន្ទូលរបស់ព្រះហើយអនុវត្តតាម ព្រះបន្ទូលនោះដកចេញពីចិត្តគេទាំងស្រុងនូវការប្រកាន់ពូជសាសន៍ កុលសម្ព័ន្ធនិងជាតិនិយម។ (ហេ. ៤:១២) ព្រះបន្ទូលរបស់ព្រះបានជំរុញចិត្តមនុស្សឲ្យបដិសេធអំពើឃោរឃៅគ្រប់បែបយ៉ាងនិង‹ប្រដាប់ខ្លួនដោយមនុស្សឬបុគ្គលិកលក្ខណៈថ្មីវិញ›។ (កូល. ៣:៩-១១; មីកា ៤:១-៣) ម្យ៉ាងទៀត ការអប់រំដែលមកពីព្រះនាំឲ្យមនុស្សរាប់លាននាក់មានសមត្ថភាពយកឈ្នះលើការប្រព្រឹត្តដែលបានចាក់ឫសយ៉ាងជ្រៅនិងចរិតលក្ខណៈដែលព្រះមិនសព្វព្រះហឫទ័យ។—១កូ. ៦:៩-១១
៤ មូលហេតុដែលពេលនេះគឺបន្ទាន់: អ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើងបានប្រកាសឲ្យដឹងពីសារៈសំខាន់នៃពេលវេលាដែលយើងរស់នៅ។ ការជំនុំជំរះរបស់ព្រះដែលបានសរសេរជាទំនាយមានព័ត៌មានទាន់ពេលដែលត្រូវប្រកាសទូទាំងផែនដី។ (វិវរ. ១៤:៦, ៧) ព្រះគ្រីស្ទកំពុងតែសោយរាជ្យនៅស្ថានសួគ៌ ចក្រភពសាសនាមិនពិតទូទៅនឹងត្រូវបំផ្លាញចោលនៅពេលបន្ដិចទៀត ហើយព្រះរាជាណាចក្ររបស់ព្រះហៀបនឹងបំផ្លាញចោលរដ្ឋាភិបាលទាំងអស់នៅលើផែនដី។ (ដា. ២:៤៤; វិវរ. ១១:១៥; ១៧:១៦) អាស្រ័យហេតុនេះ គឺជាការបន្ទាន់ឲ្យមនុស្សទទួលស្គាល់ព្រះមហាក្សត្ររបស់ទ្រង់ដែលកំពុងតែសោយរាជ្យ ឲ្យគេចេញពីទីក្រុងបាប៊ីឡូនដ៏ជាធំ និងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាដោយជំនឿ។ (ទំនុក. ២:១១, ១២; រ៉ូម ១០:១៣; វិវរ. ១៨:៤) សូមឲ្យយើងរួមចំណែកឲ្យបានពេញលេញដែលអាចធ្វើបាន ក្នុងការចែករំលែកដល់អ្នកឯទៀតនូវការអប់រំដែលនាំទៅដល់ជីវិត។