ចូរយកតម្រាប់តាមអេម៉ុសជាអ្នកប្រកាសទំនាយ
១. ហេតុអ្វីយើងអាចទទួលការទឹកចិត្តពីគំរូរបស់អេម៉ុស?
១ ដោយសារតែអ្នកមិនសូវមានចំណេះដឹងនិងមកពីក្រុមគ្រួសារសាមញ្ញ តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនគ្មានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយឬទេ? បើមែន អ្នកអាចមានចិត្តក្លាហានដោយរៀនពីគំរូរបស់អេម៉ុស។ អេម៉ុសជាអ្នកចិញ្ចឹមចៀមនិងពេលខ្លះធ្វើជាកម្មករ តែព្រះយេហូវ៉ាបានឲ្យអំណាចគាត់ដើម្បីផ្សព្វផ្សាយដំណឹងដ៏សំខាន់មួយ។ (អេម. ១:១; ៧:១៤, ១៥) ស្រដៀងគ្នាដែរ នៅសម័យយើងនេះព្រះយេហូវ៉ាក៏ប្រើអ្នកដែលមានចិត្តរាបទាបដែរ។ (១កូ. ១:២៧-២៩) ក្នុងកិច្ចបម្រើផ្សាយ តើយើងអាចរៀនអ្វីពីអ្នកប្រកាសទំនាយអេម៉ុស?
២. ពេលប្រឈមមុខនឹងការប្រឆាំងក្នុងកិច្ចបម្រើផ្សាយ ហេតុអ្វីយើងអាចរក្សាជំហររឹងមាំ?
២ រក្សាជំហររឹងមាំពេលប្រឈមមុខនឹងការប្រឆាំង: អ័ម៉ាស៊ាជាអ្នកគោរពប្រណិប័តន៍រូបកូនគោ ហើយជាសង្ឃនៃរាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០ ហៅថារាណាចក្រអ៊ីស្រាអែល។ ពេលគាត់បានឮការប្រកាសទំនាយរបស់អេម៉ុស គាត់បានតបឆ្លើយទាំងខឹងថា៖ ‹ចូរទៅផ្ទះវិញទៅ! កុំមកទីនេះ! យើងមានសាសនាខ្លួនហើយ!›។ (អេម. ៧:១២, ១៣) អ័ម៉ាស៊ាបាននិយាយបង្ខុសពាក្យរបស់អ្នកប្រកាសទំនាយ ហើយបានសុំស្តេចយេរ៉ូបោមឲ្យដាក់បម្រាមលើកិច្ចការរបស់អេម៉ុស។ (អេម. ៧:៧-១១) ប៉ុន្តែ អេម៉ុសមិនភ័យខ្លាចទេ។ សព្វថ្ងៃនេះ បព្វជិតខ្លះខំរកអ្នកនយោបាយឲ្យគាំទ្រពួកគេដើម្បីបៀតបៀនរាស្ត្ររបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ព្រះយេហូវ៉ាបានធានាចំពោះយើងថា គ្មានគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើងអាចទាស់នឹងយើងបានឡើយ។—អេ. ៥៤:១៧
៣. សព្វថ្ងៃនេះយើងកំពុងប្រកាសដំណឹងពីរយ៉ាង តើនោះជាអ្វី?
៣ ប្រកាសពីការវិនិច្ឆ័យទោសរបស់ព្រះនិងពរនៅអនាគត: ក្នុងសៀវភៅគម្ពីរដែលហៅតាមឈ្មោះគាត់ អេម៉ុសបានប្រកាសទំនាយអំពីការវិនិច្ឆ័យទោសទៅលើរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០។ ទោះជាយ៉ាងនោះក៏ដោយ អ្វីដែលគាត់ប្រកាសចុងក្រោយ គឺអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាលោកនឹងនាំរាស្ត្ររបស់លោកត្រឡប់មកស្រុកវិញ ហើយឲ្យពរយ៉ាងបរិបូរ។ (អេម. ៩:១៣-១៥) តាមពិត យើងក៏ប្រកាសប្រាប់អំពី«ថ្ងៃវិនិច្ឆ័យទោស»ដែរ តែនេះគ្រាន់តែជាផ្នែកមួយនៃ‹ដំណឹងល្អអំពីរាជាណាចក្រ›ដែលយើងត្រូវតែផ្សព្វផ្សាយ។ (២ពេ. ៣:៧; ម៉ាថ. ២៤:១៤) ព្រះយេហូវ៉ានឹងបំផ្លាញចោលមនុស្សអាក្រក់នៅសង្គ្រាមហាម៉ាគេដូន ហើយនឹងនាំឲ្យមានសួនឧទ្យាននៅផែនដី។—ទំនុក. ៣៧:៣៤
៤. ដើម្បីយើងអាចសម្រេចបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបាន តើយើងមានការធានារ៉ាប់រងអ្វី?
៤ ការផ្សព្វផ្សាយដំណឹងរាជាណាចក្រក្នុងពិភពលោកដែលមានមនុស្សជាច្រើនប្រឆាំង ពិតជាល្បងលការតាំងចិត្តរបស់យើងក្នុងការរស់នៅស្របតាមការប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងការធ្វើតាមបំណងប្រាថ្នារបស់លោក។ (យ៉ូន. ១៥:១៩) ទោះជាយ៉ាងនោះក៏ដោយ យើងជឿជាក់ថាព្រះយេហូវ៉ានឹងបន្តធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីសម្រេចបំណងប្រាថ្នារបស់លោក ដូចលោកបានជួយអេម៉ុសដែរ។—២កូ. ៣:៥