អត្ថបទសិក្សា ១៨
‹ចូររត់ប្រណាំងដល់ទីដៅ›
«ខ្ញុំបានរត់ប្រណាំងដល់ទីដៅ»។—២ធី. ៤:៧
ចម្រៀងលេខ១២៩ យើងនឹងស៊ូទ្រាំ
សេចក្ដីសង្ខេបa
១. តើយើងទាំងអស់គ្នាត្រូវធ្វើអ្វី?
តើអ្នកចង់រត់ក្នុងការប្រណាំងដែលអ្នកដឹងថាពិបាក ជាពិសេសបើអ្នកឈឺឬអស់កម្លាំងឬទេ? ប្រហែលជាមិនចង់ទេ។ សាវ័កប៉ូលបាននិយាយថាគ្រិស្តសាសនិកពិតទាំងអស់កំពុងរត់ក្នុងទីប្រណាំងមួយ។ (ហេ. ១២:១) មួយវិញទៀត យើងទាំងអស់គ្នា មិនថាចាស់ឬក្មេង មានកម្លាំងមាំមួនឬខ្សោយកម្លាំងក្ដី ត្រូវតែស៊ូទ្រាំរហូតដល់ទីបញ្ចប់ បើយើងចង់ទទួលរង្វាន់ពីព្រះយេហូវ៉ា។—ម៉ាថ. ២៤:១៣
២. យោងទៅតាមធីម៉ូថេទី២ ៤:៧, ៨ ហេតុអ្វីប៉ូលអាចនិយាយពាក្យនេះ?
២ ប៉ូលអាចនិយាយពាក្យនេះបាន ដោយសារគាត់បាន«រត់ប្រណាំងដល់ទីដៅ»រួចហើយ។ (សូមអាន ធីម៉ូថេទី២ ៤:៧, ៨) ប៉ុន្តែ តើប៉ូលចង់និយាយអំពីការរត់ប្រណាំងអ្វី?
តើការរត់ប្រណាំងនេះគឺជាអ្វី?
៣. តើប៉ូលបាននិយាយអំពីការរត់ប្រណាំងអ្វី?
៣ ជួនកាលប៉ូលបានបង្រៀនមេរៀនសំខាន់ៗដោយលើកឡើងអំពីការប្រកួតកីឡាដែលគេបានធ្វើឡើងនៅស្រុកក្រិចសម័យបុរាណ។ (១កូ. ៩:២៥-២៧; ២ធី. ២:៥) អស់ប៉ុន្មានដង គាត់បានប្រៀបប្រដូចជីវិតរបស់គ្រិស្តសាសនិកទៅនឹងការរត់ប្រណាំង។ (១កូ. ៩:២៤; កាឡ. ២:២; ភី. ២:១៦) បុគ្គលម្នាក់ចាប់ផ្ដើមចូលក្នុងការ«រត់ប្រណាំង»នេះ ពេលដែលគាត់ប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក។ (១ពេ. ៣:២១) គាត់ឆ្លងផុតទីផ្ដាច់ព្រ័ត្រ ពេលព្រះយេហូវ៉ាផ្ដល់ឲ្យគាត់នូវរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថ. ២៥:៣១-៣៤, ៤៦; ២ធី. ៤:៨
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ តើការរត់ប្រណាំង និងជីវិតជាគ្រិស្តសាសនិកមានលក្ខណៈស្រដៀងគ្នាអ្វីខ្លះ? គឺមានលក្ខណៈស្រដៀងគ្នាមួយចំនួន។ សូមយើងពិចារណាលក្ខណៈស្រដៀងគ្នាបីយ៉ាង។ ទី១ យើងត្រូវរត់តាមផ្លូវត្រឹមត្រូវ ទី២ យើងត្រូវផ្ដោតអារម្មណ៍ទៅលើទីផ្ដាច់ព្រ័ត្រ ហើយទី៣ យើងត្រូវបន្តរត់ទោះជាមានការពិបាកក៏ដោយ។
ចូររត់តាមផ្លូវដែលត្រឹមត្រូវ
៥. តើយើងត្រូវមានរបៀបរស់នៅបែបណា ហើយហេតុអ្វី?
៥ ដើម្បីទទួលរង្វាន់ក្នុងការរត់ប្រណាំង កីឡាករត្រូវរត់តាមផ្លូវត្រឹមត្រូវដែលអ្នកចាត់ចែងកម្មវិធីបានរៀបចំ។ ស្រដៀងគ្នាដែរ បើយើងចង់ទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់ យើងត្រូវមានរបៀបរស់នៅជាគ្រិស្តសាសនិក។ (សកម្ម. ២០:២៤; ១ពេ. ២:២១) ក៏ប៉ុន្តែ សាថាននិងពួកអ្នកធ្វើតាមគំរូវា មិនចង់ឲ្យយើងមានរបៀបរស់នៅជាគ្រិស្តសាសនិកទេ ពួកគេចង់ឲ្យយើង«រត់តាម»ពួកគេវិញ។ (១ពេ. ៤:៤) ពួកគេសើចចំអករបៀបរស់នៅរបស់យើង ហើយនិយាយថារបៀបរស់នៅរបស់ពួកគេគឺប្រសើរជាង ព្រមទាំងនាំឲ្យមានសេរីភាព។ ប៉ុន្តែការអះអាងរបស់ពួកគេគឺមិនពិតឡើយ។—២ពេ. ២:១៩
៦. តើអ្នករៀនអ្វីពីគំរូរបស់បងប្រាយអេន?
៦ បុគ្គលដែលមានរបៀបរស់នៅដូចពិភពលោករបស់សាថានមិនយូរក្រោយមក ទទួលស្គាល់ថារបៀបរស់នៅរបស់ពួកគេមិននាំឲ្យពួកគេមានសេរីភាពទេ ផ្ទុយទៅវិញធ្វើឲ្យពួកគេទៅជាខ្ញុំបម្រើ។ (រ៉ូម ៦:១៦) សូមគិតអំពីគំរូរបស់បងប្រុសម្នាក់ឈ្មោះប្រាយអេន។ ឪពុកម្ដាយរបស់គាត់បានលើកទឹកចិត្តគាត់ឲ្យមានរបៀបរស់នៅជាគ្រិស្តសាសនិក។ ប៉ុន្តែពេលគាត់នៅវ័យជំទង់ គាត់ឆ្ងល់ថាតើរបៀបរស់នៅនោះពិតជាអាចធ្វើឲ្យគាត់មានជីវិតសប្បាយឬក៏យ៉ាងណា។ បងប្រាយអេនសម្រេចចិត្តទៅតាមបុគ្គលដែលមានរបៀបរស់នៅតាមរបៀបរបបពិភពលោកសាថាន។ គាត់និយាយថា៖ «នៅដើមដំបូងខ្ញុំមិនបានដឹងថាអ្វីដែលខ្ញុំចាត់ទុកថាសេរីភាព នឹងនាំខ្ញុំឲ្យទៅជាអ្នកញៀន ដែលប្រៀបដូចជាមនុស្សជាប់ច្រវាក់។ ក្រោយមក ខ្ញុំបានប្រើគ្រឿងញៀន ប្រមឹកស្រា និងមានរបៀបរស់នៅដែលប្រាសចាកសីលធម៌។ ក្នុងរយៈពេលពីរបីឆ្នាំក្រោយ ខ្ញុំសាកប្រើគ្រឿងញៀនខ្លាំងៗកាន់តែច្រើន ហើយជាលទ្ធផលខ្ញុំចាប់ផ្ដើមញៀនរហូតដល់ខ្ញុំក្លាយទៅជាខ្ញុំបម្រើនៃគ្រឿងញៀនជាច្រើនមុខ។ . . . ខ្ញុំក៏បានចាប់ផ្ដើមលក់គ្រឿងញៀនដើម្បីមានលុយផ្គត់ផ្គង់អបាយមុខរបស់ខ្ញុំ»។ នៅទីបំផុត បងប្រាយអេនសម្រេចចិត្តរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាវិញ។ គាត់បានផ្លាស់ប្ដូររបៀបរស់នៅចាស់របស់គាត់ ហើយបានទទួលការជ្រមុជទឹកនៅឆ្នាំ២០០១។ ឥឡូវនេះ គាត់ពិតជាសប្បាយរីករាយដែលគាត់មានរបៀបរស់នៅជាគ្រិស្តសាសនិក។b
៧. យោងទៅតាមម៉ាថាយ ៧:១៣, ១៤ តើមានផ្លូវពីរយ៉ាងអ្វី?
៧ ការជ្រើសរើសផ្លូវត្រឹមត្រូវគឺពិតជាសំខាន់ណាស់! សាថានចង់ឲ្យយើងទាំងអស់គ្នាឈប់រត់នៅលើផ្លូវចង្អៀតដែល«ទៅឯជីវិត» ហើយឆ្លងទៅតាមផ្លូវធំទូលាយដូចមនុស្សភាគច្រើនក្នុងពិភពលោកនេះ។ ផ្លូវធំទូលាយនោះគឺជាផ្លូវដែលមនុស្សជាច្រើនស្គាល់ ហើយងាយស្រួលធ្វើដំណើរជាង។ ប៉ុន្តែ ផ្លូវនោះ«នាំទៅដល់ការវិនាសជីវិត»។ (សូមអាន ម៉ាថាយ ៧:១៣, ១៤) យើងត្រូវទុកចិត្តព្រះយេហូវ៉ា ហើយស្ដាប់តាមលោក ដើម្បីបន្តនៅលើផ្លូវត្រឹមត្រូវដោយមិនមានអ្វីបំបែរអារម្មណ៍។
ចូរបន្តផ្ដោតអារម្មណ៍កាលដែលអ្នកកំពុងរត់
៨. បើកីឡាកររត់ប្រណាំងម្នាក់ជំពប់ដួល តើគាត់ធ្វើអ្វី?
៨ កីឡាកររត់ប្រណាំងត្រូវសម្លឹងមើលទៅខាងមុខដើម្បីមិនឲ្យជំពប់ដួល។ តែដោយអចេតនា ពួកគេនៅតែអាចរត់ទាក់ជើងជាមួយនឹងកីឡាករឯទៀត ឬធ្លាក់គ្រលុក។ បើពួកគេដួល ពួកគេងើបឡើងវិញ ហើយបន្តរត់ទៀត។ ជាពិសេស ពួកគេផ្ដោតអារម្មណ៍ទៅលើទីផ្ដាច់ព្រ័ត្រនិងរង្វាន់ដែលពួកគេសង្ឃឹមទទួលបាន មិនមែនទៅលើអ្វីដែលធ្វើឲ្យពួកគេជំពប់ដួលនោះទេ។
៩. បើយើងជំពប់ដួល តើយើងគួរធ្វើអ្វី?
៩ ក្នុងការរត់ប្រណាំងរបស់យើងជាគ្រិស្តសាសនិក យើងប្រហែលជាជំពប់ដួលជាច្រើនដង តាមរយៈអ្វីដែលយើងនិយាយឬអ្វីដែលយើងធ្វើ។ ឬក៏កីឡាករដែលរត់ប្រណាំងជាមួយយើង ប្រហែលជាធ្វើខុស ហើយនេះអាចនាំឲ្យយើងឈឺចិត្ត។ យើងមិនគួរភ្ញាក់ផ្អើលទេ បើនេះកើតឡើង។ យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយកំពុងរត់នៅលើផ្លូវចង្អៀតតែមួយដែលនាំទៅឯជីវិត។ ដូច្នេះយើងទំនងជានឹងរត់បុកគ្នា ក្នុងន័យថាជួនកាលយើងទើសចិត្តឬខឹងគ្នាទៅវិញទៅមក។ ប៉ូលទទួលស្គាល់ថាពេលខ្លះយើង«មានហេតុត្អូញត្អែរ»អំពីគ្នាទៅវិញទៅមក។ (កូឡ. ៣:១៣) ប៉ុន្តែជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលធ្វើឲ្យយើងជំពប់ដួល សូមផ្ដោតអារម្មណ៍ទៅលើរង្វាន់ដែលនៅខាងមុខ។ បើយើងជំពប់ដួល សូមសម្រេចចិត្តងើបឡើងវិញ ហើយបន្តរត់ទៀត។ បើយើងនៅតែគុំកួននិងខឹង ហើយមិនព្រមងើបឡើង យើងនឹងមិនទៅដល់ទីផ្ដាច់ព្រ័ត្រ ហើយមិនទទួលរង្វាន់ឡើយ។ មួយវិញទៀត យើងទំនងជាទៅជាឧបសគ្គចំពោះអ្នកឯទៀតដែលកំពុងព្យាយាមរត់តាមផ្លូវចង្អៀតដែលនាំទៅឯជីវិត។
១០. តើយើងអាចជៀសវាង«មិនដាក់ឧបសគ្គ»ដែលនាំឲ្យអ្នកឯទៀតជំពប់ដួលយ៉ាងដូចម្ដេច?
១០ របៀបមួយទៀតដែលយើងអាចជៀសវាង«មិនដាក់ឧបសគ្គ»ដែលនាំឲ្យកីឡាករឯទៀតជំពប់ដួល គឺពេលណាដែលអាចធ្វើបាន យើងសុខចិត្តឲ្យពួកគេធ្វើតាមចិត្តរបស់ពួកគេ ជាជាងបង្ខំពួកគេឲ្យធ្វើតាមយើង។ (រ៉ូម ១៤:១៣, ១៩-២១; ១កូ. ៨:៩, ១៣) តាមពិត យើងមិនមែនដូចជាកីឡាកររត់ប្រណាំងមែនទែនទេ។ ពួកគេប្រកួតប្រជែងគ្នា ហើយកីឡាករម្នាក់ៗព្យាយាមយ៉ាងណាឲ្យបានរង្វាន់សម្រាប់ខ្លួនឯង។ កីឡាករទាំងនោះច្រើនតែគិតអំពីខ្លួនឯងប៉ុណ្ណោះ។ ដូច្នេះពួកគេប្រហែលជាព្យាយាមរុញអ្នកឯទៀតចេញដើម្បីឲ្យខ្លួនទៅមុខ។ ប៉ុន្តែ យើងមិនប្រកួតប្រជែងគ្នាឡើយ។ (កាឡ ៥:២៦; ៦:៤) គោលដៅរបស់យើងគឺជួយមនុស្សឲ្យបានច្រើនបំផុតដើម្បីទៅដល់ទីផ្ដាច់ព្រ័ត្រជាមួយយើង ហើយទទួលរង្វាន់ដែលជាជីវិតដែលគ្មានទីបញ្ចប់។ ដូច្នេះ យើងព្យាយាមធ្វើតាមយោបល់របស់ប៉ូលដែលឲ្យ«បន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។—ភី. ២:៤
១១. តើកីឡាកររត់ប្រណាំងផ្ដោតអារម្មណ៍ទៅលើអ្វី ហើយហេតុអ្វី?
១១ ក្រៅពីការសម្លឹងមើលផ្លូវនៅខាងមុខ កីឡាកររត់ប្រណាំងផ្ដោតអារម្មណ៍ទៅលើទីផ្ដាច់ព្រ័ត្រ។ ទោះជាពួកគេមិនអាចឃើញទីផ្ដាច់ព្រ័ត្រដោយផ្ទាល់ភ្នែកក្ដី ពួកគេអាចស្រមៃឃើញថាពួកគេទៅដល់ទីនោះ ហើយទទួលរង្វាន់។ ពួកគេតាំងចិត្តគិតអំពីរង្វាន់ជានិច្ច។
១២. តើព្រះយេហូវ៉ាបានឲ្យអ្វីមកយើង?
១២ ដោយចិត្តសប្បុរសព្រះយេហូវ៉ាបានធានាថារាស្ត្ររបស់លោកនឹងទទួលរង្វាន់ចំពោះការរត់ទៅដល់ទីដៅ។ រង្វាន់នោះគឺជាជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ ឬនៅផែនដីដែលជាសួនឧទ្យាន។ គម្ពីររៀបរាប់អំពីរង្វាន់នេះដើម្បីយើងអាចស្រមៃឃើញថាជីវិតរបស់យើងនឹងអស្ចារ្យយ៉ាងណានៅពេលនោះ។ ពេលយើងគិតជានិច្ចអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះយើង យើងនឹងកាន់តែតាំងចិត្តស៊ូទ្រាំតទៅទៀត។
ចូរបន្តរត់ទោះជាមានការពិបាកក្ដី
១៣. តើយើងទទួលអ្វីដែលលើសពីកីឡាកររត់ប្រណាំងមែនទែន?
១៣ កីឡាកររត់ប្រណាំងនៅក្រិចត្រូវយកឈ្នះនឹងការពិបាកផ្សេងៗ ដូចជាការអស់កម្លាំងនិងការឈឺចាប់ជាដើម។ ប៉ុន្តែពួកគេត្រូវពឹងផ្អែកតែលើការហ្វឹកហាត់និងកម្លាំងរបស់ពួកគេផ្ទាល់។ យើងគឺប្រៀបដូចជាកីឡាករទាំងនោះ ក្នុងន័យថាយើងក៏ហ្វឹកហាត់អំពីរបៀបរត់ប្រណាំងដែរ។ ប៉ុន្តែយើងមានអ្វីដែលលើសពីកីឡាកររត់ប្រណាំងមែនទែន គឺយើងអាចទទួលកម្លាំងដែលគ្មានកំណត់ពីព្រះយេហូវ៉ា។ បើយើងពឹងផ្អែកលើលោក លោកមិនគ្រាន់តែសន្យាថាលោកនឹងបង្វឹកបង្ហាត់យើងប៉ុណ្ណោះទេ តែលោកក៏ធ្វើឲ្យយើងមាំមួនដែរ។—១ពេ. ៥:១០
១៤. តើកូរិនថូសទី២ ១២:៩, ១០ជួយយើងឲ្យប្រឈមមុខនឹងការពិបាកយ៉ាងដូចម្ដេច?
១៤ ប៉ូលត្រូវស៊ូទ្រាំនឹងការពិបាកជាច្រើន។ ជាឧទាហរណ៍ ប៉ូលត្រូវគេជេរប្រមាថនិងបៀតបៀន ហើយជួនកាលគាត់អស់កម្លាំង និងត្រូវស៊ូទ្រាំនឹងអ្វីមួយដែលគាត់ហៅថា«បន្លាមួយក្នុងសាច់ឈាម»។ (២កូ. ១២:៧) ក៏ប៉ុន្តែ ជាជាងចាត់ទុកការពិបាកទាំងនោះជាហេតុដែលនាំឲ្យគាត់ឈប់ព្យាយាម គាត់បានចាត់ទុកអ្វីទាំងនោះជាឱកាសឲ្យពឹងផ្អែកលើព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី២ ១២:៩, ១០) ដោយសារប៉ូលមានទស្សនៈនេះ ព្រះយេហូវ៉ាបានជួយគាត់ក្នុងអំឡុងពេលដែលគាត់មានទុក្ខលំបាក។
១៥. បើយើងយកតម្រាប់ប៉ូល តើយើងនឹងទទួលអ្វី?
១៥ យើងក៏ប្រហែលជាត្រូវគេជេរប្រមាថ ឬបៀតបៀនដោយសារជំនឿរបស់យើងដែរ។ ម្យ៉ាងទៀត យើងប្រហែលជាមានបញ្ហាសុខភាព ឬអស់កម្លាំងល្ហិតល្ហៃ។ ប៉ុន្តែបើយើងយកតម្រាប់ប៉ូល ទុក្ខលំបាកនីមួយៗទាំងនោះអាចទៅជាឱកាសមួយដើម្បីទទួលការគាំទ្រដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា។
១៦. ទោះជាអ្នកមានសុខភាពមិនល្អក៏ដោយ តើអ្នកអាចធ្វើអ្វី?
១៦ តើអ្នកកំពុងដេកឈឺនៅលើគ្រែ ឬអង្គុយនៅលើកៅអីរុញឬទេ? តើជង្គង់របស់អ្នកមិនសូវមាំ ឬភ្នែកមើលមិនសូវច្បាស់ឬទេ? បើដូច្នេះ តើអ្នកអាចរត់ជាមួយនឹងពួកអ្នកដែលមានវ័យក្មេងនិងមានសុខភាពល្អឬទេ? អ្នកប្រាកដជាអាចធ្វើបាន! បងប្អូនវ័យចាស់និងបងប្អូនដែលមានសុខភាពមិនល្អជាច្រើននាក់កំពុងរត់នៅលើផ្លូវដែលនាំទៅឯជីវិត។ ពួកគេមិនអាចធ្វើដូច្នេះដោយកម្លាំងរបស់ពួកគេបានទេ។ ផ្ទុយទៅវិញ ពួកគេទទួលកម្លាំងពីព្រះយេហូវ៉ា ដោយស្ដាប់កិច្ចប្រជុំរបស់យើងតាមទូរស័ព្ទ ឬមើលកម្មវិធីប្រជុំតាមវីដេអូផ្សាយបន្ត។ ម្យ៉ាងទៀត ពួកគេផ្សព្វផ្សាយដល់គ្រូពេទ្យ គិលានុបដ្ឋាក និងសាច់ញាតិ។
១៧. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលមានបញ្ហាសុខភាព?
១៧ បើអ្នកមិនអាចធ្វើអ្វីទាំងអស់ដែលអ្នកចង់ធ្វើដើម្បីព្រះយេហូវ៉ា សូមកុំធ្លាក់ទឹកចិត្ត ហើយគិតថាអ្នកមិនអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះឡើយ។ ព្រះយេហូវ៉ាស្រឡាញ់អ្នកដោយសារអ្នកមានជំនឿទៅលើលោក ហើយបានស៊ូទ្រាំអស់ជាច្រើនឆ្នាំមកនេះ។ អ្នកត្រូវការជំនួយពីលោកនៅឥឡូវនេះជាងពេលណាទាំងអស់ ហើយលោកនឹងមិនបោះបង់ចោលអ្នកទេ។ (ទំនុក. ៩:១០) ផ្ទុយទៅវិញ លោកនឹងចូលមកកាន់តែជិតអ្នក។ សូមកត់សម្គាល់ពាក្យរបស់បងស្រីម្នាក់ដែលមានបញ្ហាសុខភាព គាត់រៀបរាប់ថា៖ «ដោយសារបញ្ហាសុខភាពរបស់ខ្ញុំកាន់តែយ៉ាប់យ៉ឺនទៅៗ ខ្ញុំមិនសូវមានឱកាសផ្សព្វផ្សាយអំពីសេចក្ដីពិតដល់អ្នកឯទៀតទេ។ តែខ្ញុំដឹងថាសូម្បីតែការខំប្រឹងបន្តិចបន្តួចរបស់ខ្ញុំក៏ធ្វើឲ្យព្រះយេហូវ៉ារីករាយ ហើយនោះធ្វើឲ្យខ្ញុំមានអំណរ»។ សូមគិតអំពីគំរូរបស់ប៉ូល ហើយនឹកចាំអំពីពាក្យដ៏លើកទឹកចិត្តរបស់គាត់ដែលថា«ខ្ញុំពេញចិត្តនឹងភាពទន់ខ្សោយ . . . ព្រោះពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា»។ (២កូ. ១២:១០) ដូច្នេះ ពេលអ្នកធ្លាក់ទឹកចិត្ត សូមចាំថាព្រះយេហូវ៉ានៅជាមួយនឹងអ្នក។
១៨. តើបងប្អូនខ្លះជួបការពិបាកបែបណា?
១៨ បងប្អូនខ្លះដែលកំពុងរត់តាមផ្លូវដែលនាំទៅឯជីវិតជួបប្រទះបញ្ហាផ្សេងទៀត។ ពួកគេកំពុងមានបញ្ហាផ្ទាល់ខ្លួនដែលអ្នកឯទៀតមិនអាចឃើញ ហើយប្រហែលជាមិនយល់ដែរ។ ជាឧទាហរណ៍ ពួកគេមានជំងឺបាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ។ ហេតុអ្វីនេះពិតជាពិបាកសម្រាប់បុគ្គលដែលមានបញ្ហានេះ? ដោយសារពេលបុគ្គលណាម្នាក់បាក់ដៃ ឬអង្គុយកៅអីរុញ គ្រប់គ្នាអាចឃើញបញ្ហារបស់គាត់ ហើយប្រហែលជាមានចិត្តអាណិតចង់ជួយគាត់។ ប៉ុន្តែពួកអ្នកដែលមានបញ្ហាផ្លូវចិត្តឬសតិអារម្មណ៍ ប្រហែលជាមើលទៅដូចជាមិនមានការពិបាកទេ។ តាមពិត ពួកគេក៏ឈឺចាប់ដូចអ្នកដែលបាក់ដៃឬបាក់ជើងដែរ។ តែដោយសារអ្នកឯទៀតមិនអាចឃើញថាពួកគេកំពុងរងទុក្ខ នោះពួកគេប្រហែលជាមិនបានទទួលសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដែលពួកគេត្រូវការពីអ្នកឯទៀតឡើយ។
១៩. តើយើងអាចរៀនអ្វីពីគំរូរបស់មភីបូសែត?
១៩ បើអ្នកមិនអាចធ្វើអ្វីបានច្រើនដូចដែលអ្នកចង់ធ្វើ ហើយមានអារម្មណ៍ថាអ្នកឯទៀតយល់ច្រឡំនឹងអ្នក នោះអ្នកប្រហែលជាអាចទទួលការលើកទឹកចិត្តពីគំរូរបស់មភីបូសែត។ (២សាំ. ៤:៤) គាត់មានបញ្ហាសុខភាព ហើយស្ដេចដាវីឌបានយល់ច្រឡំអំពីគាត់។ មភីបូសែតមិនបានធ្វើខុសអ្វីសោះដែលនាំឲ្យគាត់ទទួលលទ្ធផលបែបនេះឡើយ។ គាត់មិនបានបណ្ដោយខ្លួនគាត់ឲ្យគិតអំពីអ្វីដែលមិនល្អទេ ផ្ទុយទៅវិញគាត់បានគិតអំពីអ្វីល្អៗដែលបានកើតឡើងក្នុងជីវិតរបស់គាត់។ គាត់នៅតែនឹកចាំចំពោះសេចក្ដីសប្បុរសដែលដាវីឌធ្លាប់បានបង្ហាញចំពោះគាត់កន្លងមក។ (២សាំ. ៩:៦-១០) ដូច្នេះ ពេលដាវីឌយល់ច្រឡំអំពីគាត់ មភីបូសែតបានស្វែងយល់សព្វគ្រប់អំពីរឿងរ៉ាវនោះ។ គាត់មិនបានឲ្យកំហុសរបស់ដាវីឌធ្វើឲ្យគាត់អាក់អន់ស្រពន់ចិត្តទេ។ ម្យ៉ាងទៀត គាត់មិនបានបន្ទោសព្រះយេហូវ៉ាចំពោះអ្វីដែលដាវីឌបានធ្វើឡើយ។ មភីបូសែតបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់អាចធ្វើបានដើម្បីគាំទ្រស្ដេចដែលព្រះយេហូវ៉ាបានតែងតាំង។ (២សាំ. ១៦:១-៤; ១៩:២៤-៣០) ព្រះយេហូវ៉ាបានឲ្យអ្នកឯទៀតកត់ទុកអំពីគំរូដ៏ល្អប្រសើររបស់មភីបូសែតក្នុងបណ្ដាំរបស់លោកដើម្បីជាប្រយោជន៍សម្រាប់យើង។—រ៉ូម ១៥:៤
២០. តើការខ្វល់ខ្វាយអាចមានឥទ្ធិពលយ៉ាងណាទៅលើបងប្អូនខ្លះ ប៉ុន្តែតើពួកគេអាចមានទំនុកចិត្តអំពីអ្វី?
២០ ដោយសារមានទុក្ខកង្វល់ជាច្រើន បងប្អូនខ្លះមានអារម្មណ៍ខ្មាសអៀនពេលនៅជាមួយអ្នកឯទៀត។ ពួកគេប្រហែលជាពិបាកនៅក្នុងចំណោមមនុស្សម្នាជាច្រើន តែពួកគេនៅតែចូលរួមកិច្ចប្រជុំក្រុមជំនុំ សន្និបាត និងមហាសន្និបាត។ ពួកគេពិបាកនិយាយជាមួយនឹងមនុស្សដែលមិនធ្លាប់ស្គាល់ ទោះជាយ៉ាងនេះក៏ដោយ ពួកគេនិយាយជាមួយនឹងអ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ។ បើអ្នកស្ថិតក្នុងស្ថានភាពនេះ សូមមានទំនុកចិត្តថាមិនមានតែអ្នកទេដែលមានបញ្ហានេះ។ បងប្អូនជាច្រើនក៏ជួបស្ថានភាពនេះដែរ។ សូមចាំថាព្រះយេហូវ៉ាពេញចិត្តចំពោះការខំប្រឹងដ៏អស់ពីចិត្តរបស់អ្នក។ ការដែលអ្នកបន្តស៊ូទ្រាំ បង្ហាញថាលោកកំពុងផ្ដល់ពរឲ្យអ្នក និងផ្ដល់កម្លាំងដែលអ្នកត្រូវការ។c (ភី. ៤:៦, ៧; ១ពេ. ៥:៧) បើអ្នកកំពុងបម្រើព្រះយេហូវ៉ា ទោះជាមានបញ្ហាសុខភាពឬបញ្ហាផ្លូវចិត្តក្ដី អ្នកអាចមានទំនុកចិត្តថាអ្នកកំពុងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
២១. ដោយមានជំនួយពីព្រះយេហូវ៉ា តើយើងទាំងអស់គ្នាអាចធ្វើអ្វី?
២១ មានលក្ខណៈខុសគ្នារវាងការរត់ប្រណាំងមែនទែននិងការរត់ប្រណាំងដែលប៉ូលបាននិយាយ។ ក្នុងការរត់ប្រណាំងនៅសម័យគម្ពីរ មានតែបុគ្គលម្នាក់ប៉ុណ្ណោះបានទទួលរង្វាន់។ ផ្ទុយទៅវិញ អស់អ្នកដែលស៊ូទ្រាំ ហើយរក្សារបៀបរស់នៅជាគ្រិស្តសាសនិក ទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូន. ៣:១៦) ក្នុងការរត់ប្រណាំងមែនទែន កីឡាករទាំងអស់ត្រូវមានសុខភាពល្អ ពុំនោះទេ ពួកគេមិនអាចទទួលជ័យជម្នះឡើយ។ ទោះជាយើងជាច្រើននាក់មានបញ្ហាសុខភាពក្ដី យើងកំពុងស៊ូទ្រាំ។ (២កូ. ៤:១៦) ដោយមានជំនួយពីព្រះយេហូវ៉ា យើងទាំងអស់គ្នានឹងរត់ដល់ទីដៅ!
ចម្រៀងលេខ១៤៤ ចូរផ្ដោតអារម្មណ៍លើរង្វាន់!
a អ្នកបម្រើរបស់ព្រះយេហូវ៉ាជាច្រើននៅសព្វថ្ងៃនេះជួបបញ្ហាផ្សេងៗ ដោយសារពួកគេកាន់តែចាស់ទៅៗ ឬមានជំងឺដែលធ្វើឲ្យពួកគេខ្សោយកម្លាំង។ ម្យ៉ាងទៀត ពេលខ្លះយើងទាំងអស់គ្នាក៏អស់កម្លាំងដែរ។ ដូច្នេះ ពេលឮពាក្យរបស់សាវ័កប៉ូលអំពីការរត់ប្រណាំង ប្រហែលជានោះស្ដាប់ទៅមិនមែនជាអ្វីដែលយើងអាចធ្វើបានទេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងទាំងអស់គ្នាអាចរត់ដោយស៊ូទ្រាំ ហើយទទួលជ័យជម្នះក្នុងការរត់ប្រណាំងដើម្បីបានជីវិត។
b សូមមើលអត្ថបទដែលមានចំណងជើងថា «គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត» នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣។
c ដើម្បីទទួលបានយោបល់ថែមទៀតអំពីរបៀបស៊ូទ្រាំនឹងទុក្ខកង្វល់ ព្រមទាំងបទពិសោធន៍របស់ពួកអ្នកដែលបានស៊ូទ្រាំនឹងទុក្ខកង្វល់ដោយជោគជ័យ សូមមើលកម្មវិធីប្រចាំខែ សម្រាប់ខែឧសភា ឆ្នាំ២០១៩ នៅគេហទំព័រjw.org®។ សូមចុច«បណ្ណាល័យ»▸«JWទូរទស្សន៍»។
d ការពណ៌នាអំពីរូបភាព: ការជាប់រវល់ក្នុងកិច្ចបម្រើផ្សាយជួយបងប្រុសវ័យចាស់នេះឲ្យនៅលើផ្លូវត្រឹមត្រូវជាគ្រិស្តសាសនិក។
e ការពណ៌នាអំពីរូបភាព: យើងអាចធ្វើឲ្យអ្នកឯទៀតជំពប់ដួល ដោយបង្ខំឲ្យពួកគេផឹកស្រាថែមទៀត ឬមិនដាក់កម្រិតលើបរិមាណស្រាដែលយើងផឹក។
f ការពណ៌នាអំពីរូបភាព: សូម្បីតែពេលដែលបងប្រុសម្នាក់ដេកឈឺនៅលើគ្រែក្នុងមន្ទីរពេទ្យក្ដី គាត់នៅតែរត់ប្រណាំងជាគ្រិស្តសាសនិក ដោយផ្សព្វផ្សាយដល់អ្នកថែទាំគាត់។