ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា«គ្មានហេតុនឹងចំពប់ដួលឡើយ»
«ពួកអ្នកដែលស្រឡាញ់ក្រិត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលប់ ហើយគ្មានហេតុនឹងចំពប់ដួលឡើយ»។—ទំនុក. ១១៩:១៦៥
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើគ្រិស្តសាសនិករត់ប្រណាំងបែបណា? តើយើងអាចទទួលរង្វាន់អ្វី បើយើងរត់ដល់ទីដៅ?
តើអ្វីខ្លះអាចធ្វើឲ្យគ្រិស្តសាសនិកជំពប់ដួល?
ហេតុអ្វីពួកអ្នកដែលស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ាគ្មានហេតុនឹងជំពប់ដួល?
១. តើតាមរបៀបណាអ្នករត់ប្រណាំងម្នាក់បង្ហាញថា នាងមិនបោះបង់ចោលការរត់ប្រណាំងរបស់នាង?
តាំងពីវ័យជំទង់ ម៉ារី ដិកគ័រមានឈ្មោះល្បីល្បាញជាអ្នករត់ប្រណាំងចំណាត់ថ្នាក់ពិភពលោក។ គេរំពឹងថានាងនឹងឈ្នះមេដាយមាសក្នុងការរត់ប្រណាំងផ្ដាច់ព្រ័ត្រចម្ងាយ៣.០០០ម៉ែត្រនៅកីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៤។ ប៉ុន្តែនាងមិនអាចរត់ទៅដល់ទីផ្ដាច់ព្រ័ត្របានទេ។ នាងបានជំពប់ជើងជាមួយនឹងអ្នករត់ម្នាក់ទៀត ហើយដួលទៅលើដី។ នាងមានរបួស ហើយយំ រួចបានត្រូវគេសែងចេញពីផ្លូវរត់ប្រណាំង។ ទោះជាយ៉ាងនេះក្ដី ម៉ារីមិនបានបោះបង់ចោលការរត់ប្រណាំងទេ។ មិនដល់មួយឆ្នាំផង នាងបានរត់ប្រណាំងម្ដងទៀត ហើយនាងបានបង្កើតឯតទគ្គកម្មពិភពលោកសម្រាប់ការរត់ចម្ងាយមួយម៉ៃល៍នៃស្ត្រី នៅឆ្នាំ១៩៨៥។
២. តើការរត់ប្រណាំងបែបណាដែលគ្រិស្តសាសនិករត់ ហើយតើយើងគួររត់តាមរបៀបណា?
២ ក្នុងនាមជាគ្រិស្តសាសនិកយើងកំពុងរត់ប្រណាំងក្នុងន័យធៀប។ អ្វីដែលសំខាន់បំផុតចំពោះយើង គឺរត់ដើម្បីឈ្នះ។ ការរត់ប្រណាំងរបស់យើងមិនមែនជាការរត់ក្នុងចម្ងាយខ្លីដែលអ្នករត់ត្រូវរត់លឿនបំផុតទើបអាចឈ្នះនោះទេ។ ការរត់ប្រណាំងរបស់យើងក៏មិនមែនជាការរត់យឺតៗ ហើយរត់ឈប់ៗនោះដែរ។ ផ្ទុយទៅវិញ ការរត់ប្រណាំងរបស់យើងអាចប្រៀបទៅនឹងការរត់ចម្ងាយជាលក្ខណៈម៉ារ៉ាតុង ដែលចាំបាច់ត្រូវស៊ូទ្រាំដើម្បីទទួលជ័យជម្នះ។ សាវ័កប៉ូលបានប្រើពាក្យប្រៀបធៀបអំពីអ្នករត់ប្រណាំងម្នាក់ក្នុងសំបុត្ររបស់គាត់ទៅគ្រិស្តសាសនិកដែលរស់នៅក្រុងកូរិនថូស ជាក្រុងមួយដែលគេស្គាល់ថាមានការប្រកួតខាងអត្តពលកម្ម។ គាត់បានសរសេរថា៖ «តើអ្នករាល់គ្នាមិនដឹងទេថា អ្នកដែលរត់ប្រណាំង រត់ទាំងអស់គ្នា ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះទទួលរង្វាន់? ចូររត់យ៉ាងណាឲ្យបានរង្វាន់»។—១កូ. ៩:២៤
៣. តើអ្នកណាអាចបានរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់?
៣ គម្ពីរប្រាប់យើងឲ្យរត់ប្រណាំងក្នុងន័យធៀប។ (សូមអាន កូរិនថូសទី១ ៩:២៥-២៧) រង្វាន់គឺជាជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌សម្រាប់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង ឬជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីសម្រាប់អ្នកចូលរួមឯទៀតទាំងអស់។ មិនដូចការប្រកួតអត្តពលកម្មភាគច្រើន ការប្រកួតនេះអនុញ្ញាតឲ្យអស់អ្នកដែលចូលរួមហើយស៊ូទ្រាំរហូតដល់ទីបញ្ចប់ ឈ្នះរង្វាន់។ (ម៉ាថ. ២៤:១៣) ពួកអ្នកចូលរួមប្រកួតត្រូវចាញ់បើពួកគេមិនរត់ស្របតាមវិន័យ ឬមិនបានរត់ដល់ទីផ្ដាច់ព្រ័ត្រ។ បន្ថែមទៅទៀត នេះជាការរត់ប្រណាំងតែមួយគត់ដែលផ្ដល់រង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។
៤. ហេតុអ្វីការរត់ប្រណាំងដើម្បីបានជីវិតដែលគ្មានទីបញ្ចប់មិនមែនជាការងាយស្រួល?
៤ ការរត់ដល់ទីផ្ដាច់ព្រ័ត្រគឺមិនមែនជាការងាយស្រួលទេ។ នេះតម្រូវឲ្យបង្ខំខ្លួន និងឲ្យមានគោលដៅច្បាស់លាស់។ មានតែបុគ្គលតែម្នាក់គត់ដែលបានរត់ដល់ទីផ្ដាច់ព្រ័ត្រដោយមិនបានជំពប់ដួលសូម្បីតែម្ដងក៏ដោយ បុគ្គលនោះគឺលោកយេស៊ូគ្រិស្ត។ ប៉ុន្តែយ៉ាកុបដែលជាអ្នកកាន់តាមលោកបានសរសេរថា ពួកអ្នកកាន់តាមគ្រិស្ត«ទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។ (យ៉ា. ៣:២) នេះជាការពិតណាស់! យើងទាំងអស់គ្នាទទួលឥទ្ធិពលពីភាពមិនល្អឥតខ្ចោះរបស់យើងនិងរបស់អ្នកឯទៀត។ ដូច្នេះ ពេលខ្លះយើងប្រហែលជាជំពប់ជើង បន្ទាប់មករកកល់នឹងដួល ហើយល្បឿនឬសន្ទុះរបស់យើងចុះខ្សោយ។ យើងប្រហែលជាដួលទៀតផង ប៉ុន្តែយើងក្រោកឡើង ហើយបន្តរត់តទៅទៀត។ អ្នកខ្លះបានដួលយ៉ាងខ្លាំងរហូតដល់ត្រូវការជំនួយដើម្បីក្រោកឡើងវិញ ហើយដើម្បីចាប់ផ្ដើមរត់ទៅដល់ទីផ្ដាច់ព្រ័ត្រ។ ដូច្នេះ ជាការធម្មតាទេដែលយើងជំពប់ដួលម្ដងម្កាល។—១ព. ៨:៤៦
ចូរបន្តរត់ទោះបីអ្នកជំពប់ដួល
៥, ៦. (ក) តើតាមរបៀបណាគ្រិស្តសាសនិកម្នាក់«គ្មានហេតុនឹងចំពប់ដួល» ហើយតើអ្វីនឹងជួយគាត់ឲ្យ«ក្រោកឡើងវិញ»? (ខ) ហេតុអ្វីអ្នកខ្លះមិនព្រមក្រោកឡើងវិញបន្ទាប់ពីដួល?
៥ ប្រហែលជាអ្នកធ្លាប់ប្រើពាក្យ«ជំពប់ដួល»ឬ«ដួល»ផ្លាស់ប្ដូរគ្នា ដើម្បីរៀបរាប់អំពីបញ្ហាមួយដែលទាក់ទងនឹងចំណងមិត្តភាពជាមួយព្រះ។ ក្នុងគម្ពីរពាក្យ«ជំពប់ដួល»ឬ«ដួល»អាចមានន័យដូចគ្នា ប៉ុន្តែមិនតែងតែមានន័យដូចគ្នារហូតទេ។ ជាឧទាហរណ៍ សូមកត់សម្គាល់ពាក្យដែលមានក្នុងសុភាសិត ២៤:១៦ដែលចែងថា៖ «មនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ទៅក្នុងសេចក្ដីអន្តរាយវិញ»។
៦ ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យពួកអ្នកដែលទុកចិត្តលើលោកជួបនឹងឧបសគ្គដែលរារាំងមិនឲ្យគោរពប្រណិប័តន៍លោក ឬជំពប់ដួលរហូតដល់ពួកគេមិនអាចក្រោកឡើងវិញនោះទេ។ យើងជឿជាក់ថា ព្រះយេហូវ៉ានឹងជួយយើងឲ្យ«ក្រោកឡើងវិញ»ដើម្បីយើងអាចបន្តបម្រើលោកដោយបង្ហាញភក្ដីភាពរបស់យើងទាំងស្រុង។ នេះពិតជាសម្រាលទុក្ខអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្តមែន! មនុស្សអាក្រក់មិនចង់ក្រោកឡើងវិញទេ។ ពួកគេមិនស្វែងរកជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ានិងពីរាស្ត្ររបស់លោក ឬពួកគេមិនព្រមទទួលជំនួយនោះទេ។ គម្ពីរចែងថា ពួកអ្នកដែលស្រឡាញ់‹ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា›គ្មានហេតុនឹងជំពប់ដួលឡើយ។ នេះមានន័យថា យើងអាចក្រោកឡើងវិញដើម្បីបន្តរត់ប្រណាំង ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់។—សូមអាន ទំនុកតម្កើង ១១៩:១៦៥
៧, ៨. ហេតុអ្វីមនុស្សម្នាក់នៅតែអាចទទួលការពេញចិត្តពីព្រះ ទោះជាគាត់«ដួល»?
៧ អ្នកខ្លះបានភ្លាត់ធ្វើអំពើខុសឆ្គងតូចតាចម្ដងហើយម្ដងទៀតដោយសារភាពទន់ខ្សោយរបស់ខ្លួន។ ប៉ុន្តែ ព្រះយេហូវ៉ានៅតែចាត់ទុកពួកគេថាសុចរិតប្រសិនបើពួកគេ«ក្រោកឡើងវិញ» ពោលគឺបើពួកគេកែប្រែចិត្តយ៉ាងស្មោះ ហើយខំបន្តបម្រើព្រះដោយចិត្តស្មោះភក្ដីម្ដងទៀត។ យើងអាចយល់អំពីរឿងនោះតាមរយៈការប្រព្រឹត្តរបស់ព្រះចំពោះជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ។ (អេ. ៤១:៩, ១០) សុភាសិត ២៤:១៦មិនបានសង្កត់ធ្ងន់ទៅលើកំហុសដែលយើងធ្វើទេ ផ្ទុយទៅវិញសុភាសិតនេះបញ្ជាក់ថាព្រះយេហូវ៉ានឹងជួយយើងឲ្យ«ក្រោកឡើងវិញ»។ (សូមអាន អេសាយ ៥៥:៧) ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តមានទំនុកចិត្តលើយើង ហើយលោកទាំងពីរលើកទឹកចិត្តយើងដោយចិត្តសប្បុរស ឲ្យ«ក្រោកឡើងវិញ»។—ទំនុក. ៨៦:៥; យ៉ូន. ៥:១៩
៨ សូម្បីតែអ្នករត់ប្រណាំងដែលជំពប់ដួលឬដួលពេលរត់ប្រណាំងម៉ារ៉ាតុង គាត់ប្រហែលជាមានឱកាសដើម្បីក្រោកឡើងវិញ ហើយរត់ដល់ទីផ្ដាច់ព្រ័ត្រ ប្រសិនបើគាត់ធ្វើដូច្នេះយ៉ាងប្រញាប់។ យើងមិនដឹងថាការរត់ប្រណាំងដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់នឹងចប់នៅ«ថ្ងៃនិងម៉ោង»ណាទេ។ (ម៉ាថ. ២៤:៣៦) ប៉ុន្តែបើយើងខំប្រឹងមិនឲ្យដួល នេះនឹងជួយយើងឲ្យបន្តរត់ប្រណាំង រក្សាល្បឿន ហើយបញ្ចប់ការរត់ប្រណាំងដោយជោគជ័យ។ ដូច្នេះ តើតាមរបៀបណាយើងអាចជៀសវាងមិនឲ្យជំពប់ដួល?
អ្វីៗដែលអាចបណ្ដាលឲ្យយើងជំពប់ដួល
៩. តើយើងនឹងពិចារណាអំពីអ្វីខ្លះដែលអាចធ្វើឲ្យយើងជំពប់ដួល?
៩ សូមយើងពិចារណាអំពីអ្វីប្រាំយ៉ាងដែលអាចបណ្ដាលឲ្យយើងជំពប់ដួល ពោលគឺភាពទន់ខ្សោយរបស់ខ្លួន សេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការរងអំពើអយុត្ដិធម៌ពីសំណាក់បងប្អូនរួមជំនឿ ទុក្ខលំបាកឬការបៀតបៀន និងភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ សូមចាំថា ទោះជាយើងជំពប់ដួលក៏ដោយ ព្រះយេហូវ៉ាមានចិត្តអត់ធ្មត់ខ្លាំងណាស់។ លោកមិនឆាប់សន្និដ្ឋានថា យើងមិនមានចិត្តស្មោះនឹងលោកនោះទេ។
១០, ១១. តើដាវីឌបានតស៊ូយកឈ្នះភាពទន់ខ្សោយណាខ្លះរបស់គាត់?
១០ ភាពទន់ខ្សោយរបស់ខ្លួនយើងអាចប្រៀបបានទៅនឹងដុំថ្មដែលរបេះធ្លាក់មកលើផ្លូវរត់ប្រណាំង។ ពេលពិចារណាអំពីព្រឹត្ដិការណ៍ផ្សេងៗដែលបានកើតឡើងនៅក្នុងជីវិតរបស់ស្តេចដាវីឌនិងសាវ័កពេត្រុស យើងអាចឃើញភាពទន់ខ្សោយពីរយ៉ាង ពោលគឺការមិនចេះទប់ចិត្តនិងការខ្លាចមនុស្ស។
១១ ស្តេចដាវីឌបានបង្ហាញភាពទន់ខ្សោយក្នុងការទប់ចិត្ត ជាក់ស្តែងពេលគាត់ប្រព្រឹត្តអំពើខុសឆ្គងជាមួយនឹងបាតសេបា។ ម្យ៉ាងទៀត ពេលដែលណាបាលបានជេរប្រមាថគាត់ ដាវីឌហៀបនឹងប្រព្រឹត្តដោយមិនបានគិតមុខគិតក្រោយ។ មែនហើយ ជួនកាលដាវីឌមិនបានទប់ចិត្តទេ ប៉ុន្តែគាត់មិនបានឈប់ព្យាយាមធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឡើយ។ ដោយមានជំនួយពីអ្នកឯទៀត គាត់អាចមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ។—១សាំ. ២៥:៥-១៣, ៣២, ៣៣; ២សាំ. ១២:១-១៣
១២. តើតាមរបៀបណាពេត្រុសនៅតែបន្តរត់ប្រណាំងទោះជាគាត់ជំពប់ដួល?
១២ ពេត្រុសបានបង្ហាញការភ័យខ្លាចចំពោះមនុស្ស ជួនកាលការភ័យខ្លាចបណ្ដាលឲ្យគាត់ធ្វើខុស ប៉ុន្តែគាត់នៅតែរក្សាភក្ដីភាពចំពោះលោកយេស៊ូនិងព្រះយេហូវ៉ា។ ជាឧទាហរណ៍ គាត់បានបដិសេធលោកម្ចាស់របស់គាត់ជាសាធារណៈមិនគ្រាន់តែមួយដងទេ ប៉ុន្តែដល់ទៅបីដង។ (លូក. ២២:៥៤-៦២) ក្រោយមក គាត់មិនបានប្រព្រឹត្តឲ្យសមជាគ្រិស្តសាសនិក។ គាត់ហាក់ដូចជាបានចាត់ទុកបងប្អូនរួមជំនឿដែលជាជនជាតិដទៃថា អន់ជាងគ្រិស្តសាសនិកជាជនជាតិយូដាដែលបានកាត់ចុងស្បែក។ ប៉ុន្តែ សាវ័កប៉ូលបានយល់អំពីបញ្ហានោះយ៉ាងច្បាស់ ពោលគឺមិនត្រូវឲ្យមានការបែងចែកវណ្ណៈនៅក្នុងក្រុមជំនុំឡើយ។ ចិត្តគំនិតរបស់ពេត្រុសគឺមិនត្រឹមត្រូវទេ។ មុននឹងការប្រព្រឹត្តរបស់ពេត្រុសធ្វើឲ្យខូចចំណងមិត្តភាពជាបងប្អូន ប៉ូលបានជូនឱវាទដល់គាត់ដោយផ្ទាល់។ (កាឡ. ២:១១-១៤) តើពេត្រុសបានបាក់មុខរហូតដល់បោះបង់ការរត់ប្រណាំងដើម្បីឲ្យបានជីវិតឬទេ? មិនមែនទេ។ គាត់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះឱវាទរបស់ប៉ូល បានធ្វើតាមឱវាទនោះ ហើយបានបន្តរត់ប្រណាំង។
១៣. តើតាមរបៀបណាភាពទន់ខ្សោយខាងរូបកាយបណ្ដាលឲ្យជំពប់ដួល?
១៣ ជួនកាលបញ្ហាសុខភាពក៏ជាអ្វីមួយដែលអាចធ្វើឲ្យយើងជំពប់ដួលដែរ។ វាប្រហែលជាបង្អាក់ល្បឿនរបស់យើងក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិត ហើយថែមទាំងបណ្ដាលឲ្យយើងរកកល់នឹងដួលនិងល្វើយ។ ជាឧទាហរណ៍ បងស្រីជនជាតិជប៉ុនម្នាក់មានបញ្ហាសុខភាពអស់១៧ឆ្នាំ ក្រោយពីគាត់បានទទួលការជ្រមុជទឹក។ គាត់ខ្វល់ខ្វាយនឹងបញ្ហាសុខភាពរបស់គាត់រហូតដល់ធ្វើឲ្យការគោរពប្រណិប័តន៍របស់គាត់ចុះខ្សោយ។ ក្រោយមក គាត់ទៅជាអសកម្ម។ អ្នកចាស់ទុំពីរនាក់បានទៅលេងគាត់។ ដោយសារអ្នកចាស់ទុំបានលើកទឹកចិត្តគាត់ដោយសម្ដីសប្បុរស គាត់បានចាប់ផ្ដើមចូលរួមកិច្ចប្រជុំម្ដងទៀត។ គាត់រៀបរាប់ថា៖ «ខ្ញុំបានស្រក់ទឹកភ្នែកដោយសារបងប្អូនបានសួរសុខទុក្ខខ្ញុំយ៉ាងកក់ក្ដៅ»។ ឥឡូវនេះបងស្រីយើងបានត្រឡប់មករត់ប្រណាំងវិញ។
១៤, ១៥. តើយើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់អ្វី ពេលមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងកើតឡើង? សូមលើកឧទាហរណ៍។
១៤ សេចក្ដីប៉ងប្រាថ្នាខុសឆ្គងធ្វើឲ្យបងប្អូនជាច្រើននាក់ជំពប់ដួល។ ពេលដែលយើងត្រូវល្បួងឲ្យធ្វើតាមសេចក្ដីប៉ងប្រាថ្នាខុសឆ្គង យើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សាចិត្តគំនិត សីលធម៌ និងការគោរពប្រណិប័តន៍ព្រះឲ្យនៅស្អាតស្អំជានិច្ច។ សូមចាំអំពីឱវាទរបស់លោកយេស៊ូដែលឲ្យ«បោះចោល»ក្នុងន័យធៀប នូវអ្វីណាក៏ដោយដែលអាចធ្វើឲ្យយើងជំពប់ដួល ទោះជាភ្នែកឬដៃរបស់យើងក៏ដោយ។ នេះក៏រួមបញ្ចូលការប្រព្រឹត្តនិងការគិតអំពីអំពើប្រាសចាកសីលធម៌ដែលបានបណ្ដាលឲ្យបងប្អូនខ្លះបោះបង់ចោលការរត់ប្រណាំង។—សូមអាន ម៉ាថាយ ៥:២៩, ៣០
១៥ បងប្រុសម្នាក់ដែលបានត្រូវចិញ្ចឹមក្នុងក្រុមគ្រួសារគ្រិស្តសាសនិកបានសរសេរថា តាំងពីយូរមកហើយ គាត់ត្រូវខំប្រឹងយកឈ្នះអារម្មណ៍ស្រឡាញ់មនុស្សភេទដូចគ្នា។ គាត់បាននិយាយថា៖ «ខ្ញុំតែងតែមានអារម្មណ៍មិនស្រួល ហើយគិតថាខ្ញុំចូលគេមិនចុះ»។ ពេលគាត់មានអាយុ២០ឆ្នាំ គាត់បានធ្វើជាអ្នកត្រួសត្រាយពេញពេលនិងជាជំនួយការខាងកិច្ចបម្រើក្នុងក្រុមជំនុំ។ ក្រោយមកគាត់បានធ្វើខុសយ៉ាងធ្ងន់ធ្ងរ បានទទួលការប្រដៅតម្រង់ដែលមានមូលដ្ឋានលើបទគម្ពីរ ហើយបានទទួលជំនួយពីពួកអ្នកចាស់ទុំ។ តាមរយៈការអធិដ្ឋាន ការសិក្សាបណ្ដាំរបស់ព្រះនិងដោយផ្ដោតអារម្មណ៍ទៅលើការជួយអ្នកឯទៀត គាត់បានក្រោកឡើងវិញ ហើយបានចាប់ផ្ដើមបន្តរត់ប្រណាំងម្ដងទៀតដើម្បីឲ្យបានជីវិត។ ប៉ុន្មានឆ្នាំក្រោយមក គាត់សារភាពថា៖ «ពេលខ្លះខ្ញុំនៅតែមានអារម្មណ៍បែបនោះ ប៉ុន្តែខ្ញុំមិនបានឲ្យអារម្មណ៍បែបនោះឈ្នះខ្ញុំទេ។ ខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យអ្នកទទួលការល្បួងហួសពីសមត្ថភាពរបស់អ្នកឡើយ។ ដូច្នេះខ្ញុំជឿជាក់ថា ព្រះចាត់ទុកថាខ្ញុំឈ្នះអារម្មណ៍បែបនេះ»។ បងប្រុសនេះមិនចង់ឲ្យអ្វីណាមួយបណ្ដាលឲ្យគាត់ឈប់រត់ប្រណាំងទេ។ គាត់ដឹងថា ជីវិតនៅក្នុងពិភពលោកថ្មីគឺសមឲ្យគាត់ស៊ូទ្រាំនឹងអ្វីៗទាំងអស់នៅពេលឥឡូវនេះ។ គាត់និយាយថា៖ «ទម្រាំដល់ពេលនោះ ខ្ញុំត្រូវតែស៊ូទ្រាំតទៅទៀត»។
១៦, ១៧. (ក) តើអ្វីបានជួយបងប្រុសម្នាក់ដែលគិតថាគាត់បានរងអំពើអយុត្ដិធម៌? (ខ) ដើម្បីកុំឲ្យជំពប់ដួល តើយើងត្រូវផ្ដោតអារម្មណ៍ទៅលើអ្វី?
១៦ ការរងអំពើអយុត្ដិធម៌ពីសំណាក់បងប្អូនរួមជំនឿអាចធ្វើឲ្យជំពប់ដួល។ នៅប្រទេសបារាំង បងប្រុសម្នាក់ដែលធ្លាប់ជាអ្នកចាស់ទុំ បានជឿថាគាត់រងគ្រោះដោយសារអំពើអយុត្ដិធម៌មួយ ហើយគាត់បានខឹង។ ជាលទ្ធផល គាត់បានឈប់សេពគប់ជាមួយនឹងក្រុមជំនុំ ហើយទៅជាអសកម្ម។ អ្នកចាស់ទុំពីរនាក់បានមកលេងគាត់ ហើយបានបង្ហាញចិត្តសប្បុរសដោយស្ដាប់គាត់ ពេលគាត់ពន្យល់អំពីអ្វីដែលគាត់ជឿថាបានកើតឡើង។ អ្នកចាស់ទុំបានលើកទឹកចិត្តគាត់ឲ្យផ្ទេរបន្ទុករបស់គាត់ទៅលើព្រះយេហូវ៉ា ហើយបានបញ្ជាក់ថា អ្វីដែលសំខាន់បំផុតគឺធ្វើអ្វីៗដើម្បីឲ្យព្រះពេញចិត្ត។ បងប្រុសនេះព្រមធ្វើតាមឱវាទ ហើយមិនយូរក្រោយមកគាត់បានត្រឡប់មករត់ប្រណាំងវិញ ដោយមានសកម្មភាពក្នុងក្រុមជំនុំម្ដងទៀត។
១៧ គ្រិស្តសាសនិកទាំងអស់ត្រូវបន្តផ្ដោតអារម្មណ៍ទៅលើលោកយេស៊ូគ្រិស្ត ជាប្រមុខក្រុមជំនុំដែលព្រះបានតែងតាំង មិនមែនផ្ដោតអារម្មណ៍ទៅលើភាពមិនល្អឥតខ្ចោះរបស់មនុស្សទេ។ លោកយេស៊ូដែលមានភ្នែក«ភ្លឺដូចអណ្ដាតភ្លើង» យល់អ្វីៗទាំងអស់ដែលកើតឡើង ហើយលោកអាចមើលឃើញគ្រប់ជ្រុងជ្រោយច្រើនជាងអ្វីដែលយើងបានឃើញ។ (បប. ១:១៣-១៦) ជាឧទាហរណ៍ លោកទទួលស្គាល់ថា អ្វីដែលមើលទៅដូចជាអយុត្ដិធម៌សម្រាប់យើងប្រហែលជាដោយសារយើងយល់ច្រឡំ។ លោកយេស៊ូនឹងដោះស្រាយបញ្ហានៅក្នុងក្រុមជំនុំតាមរបៀបដ៏ល្អឥតខ្ចោះនិងនៅពេលត្រឹមត្រូវ។ ដូច្នេះ យើងមិនគួរអនុញ្ញាតឲ្យការប្រព្រឹត្ត ឬការសម្រេចចិត្តរបស់បងប្អូនរួមជំនឿ ធ្វើឲ្យយើងជំពប់ដួលទេ។
១៨. តើតាមរបៀបណាយើងអាចរក្សាចិត្តស្មោះត្រង់ក្នុងអំឡុងពេលមានទុក្ខលំបាកឬការបៀតបៀន?
១៨ អ្វីពីរផ្សេងទៀតដែលធ្វើឲ្យជំពប់ដួលគឺ ទុក្ខលំបាកឬការបៀតបៀននិងភាពមិនល្អឥតខ្ចោះរបស់បងប្អូនឯទៀតនៅក្នុងក្រុមជំនុំ។ នៅក្នុងឧទាហរណ៍អំពីអ្នកសាបព្រោះ លោកយេស៊ូបានមានប្រសាសន៍ថា បុគ្គលខ្លះនឹងជំពប់ដួលដោយសារពួកគេជួបនឹង«ទុក្ខលំបាកឬការបៀតបៀន»ដែលមកពីពិភពលោកនេះ។ ការបៀតបៀនអាចមកពី ក្រុមគ្រួសារ អ្នកជិតខាងឬពីពួកអាជ្ញាធរ នេះអាចមានឥទ្ធិពលជាពិសេសទៅលើអ្នកដែល«គ្មានឫស» ពោលគឺអ្នកដែលគ្មានជំនឿរឹងមាំ។ (ម៉ាថ. ១៣:២១) ប៉ុន្តែ បើយើងនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា គ្រាប់ពូជនៃរាជាណាចក្រនឹងជួយយើងឲ្យមានជំនឿរឹងមាំ។ ពេលប្រឈមមុខនឹងទុក្ខលំបាក ចូរអធិដ្ឋាន ហើយខំប្រឹងរំពឹងគិតទៅលើអ្វីៗដែលគួរឲ្យសរសើរ។ (សូមអាន ភីលីព ៤:៦-៩) ដោយទទួលកម្លាំងពីព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនឹងទុក្ខលំបាក ហើយមិនឲ្យស្ថានភាពពិបាកធ្វើឲ្យយើងជំពប់ដួលឡើយ។
១៩. តើតាមរបៀបណាយើងអាចជៀសវាងកុំឲ្យជំពប់ដួលពេលអ្នកណាម្នាក់ធ្វើឲ្យយើងអន់ចិត្ត?
១៩ គួរឲ្យស្ដាយណាស់ ច្រើនឆ្នាំមកហើយបងប្អូនខ្លះបានឲ្យភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀតរារាំងពួកគេមិនឲ្យរត់ប្រណាំង។ បុគ្គលម្នាក់ប្រហែលជាជំពប់ដួលដោយសារអ្នកឯទៀតធ្វើអ្វីដែលសមត្ថភាពវិនិច្ឆ័យរបស់បុគ្គលនោះមិនអនុញ្ញាតឲ្យធ្វើ។ (១កូ. ៨:១២, ១៣) ប្រសិនបើអ្នកណាម្នាក់ធ្វើឲ្យយើងអន់ចិត្ត តើយើងនឹងចាត់ទុកនេះជាបញ្ហាសំខាន់បំផុតឬទេ? គម្ពីរដាស់តឿនគ្រិស្តសាសនិកឲ្យឈប់វិនិច្ឆ័យ ឲ្យអភ័យទោសឲ្យអ្នកឯទៀត ហើយមិនគិតតែពីសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ។ (លូក. ៦:៣៧) ពេលអ្នកអន់ចិត្ត សូមសួរខ្លួនអ្នកថា៖ ‹តើខ្ញុំវិនិច្ឆ័យអ្នកឯទៀតដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំឬ? ដោយដឹងថាបងប្អូនរួមជំនឿគឺមិនល្អឥតខ្ចោះ តើខ្ញុំអនុញ្ញាតឲ្យភាពមិនល្អឥតខ្ចោះរបស់បងប្អូនធ្វើឲ្យខ្ញុំឈប់រត់ប្រណាំងដើម្បីឲ្យបានជីវិតឬទេ?›។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាជួយយើងឲ្យតាំងចិត្តមិនឲ្យអ្វីៗដែលអ្នកឯទៀតធ្វើ មករារាំងយើងមិនឲ្យរត់ទៅដល់ទីផ្ដាច់ព្រ័ត្រឡើយ។
ចូររត់ដោយស៊ូទ្រាំ ហើយកុំឲ្យជំពប់ដួល
២០, ២១. តើអ្នកតាំងចិត្តធ្វើអ្វីក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិត?
២០ តើអ្នកបានតាំងចិត្តដើម្បី«រត់ប្រណាំងដល់ទីដៅ»ឬទេ? (២ធី. ៤:៧, ៨) ដូច្នេះ ការសិក្សាផ្ទាល់ខ្លួនគឺសំខាន់ចាំបាច់។ សូមប្រើគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ ដើម្បីជួយអ្នកធ្វើការស្រាវជ្រាវ ហើយសូមរំពឹងគិត ដើម្បីអ្នកដឹងអំពីអ្វីៗដែលអាចធ្វើឲ្យអ្នកជំពប់ដួល។ សូមអង្វរសុំសកម្មពលបរិសុទ្ធដើម្បីជួយអ្នកឲ្យមានកម្លាំងដែលអ្នកត្រូវការដើម្បីបំពេញកិច្ចបម្រើព្រះ។ សូមចាំថា គ្មានអ្នករត់ប្រណាំងណាម្នាក់ពិតជានឹងបរាជ័យក្នុងការរត់ប្រណាំងដើម្បីទទួលជីវិត ដោយសារតែគាត់ជំពប់ដួលឬដួលម្ដងម្កាលនោះទេ។ គាត់អាចក្រោកឡើង ហើយបន្តរត់ប្រណាំងម្ដងទៀត។ គាត់ប្រហែលជាអាចរៀនពីកំហុសរបស់គាត់ដើម្បីគាត់អាចរត់ក្នុងទីប្រណាំងឲ្យបានប្រសើរជាង។
២១ គម្ពីរបង្ហាញថាយើងត្រូវរត់រហូតដល់ទីដៅ បើយើងចង់ទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។ កាលណាយើងរត់ប្រណាំង ព្រះយេហូវ៉ានឹងឲ្យយើងនូវ«សេចក្ដីសុខដ៏លើសលប់»។ (ទំនុក. ១១៩:១៦៥) យើងអាចមានទំនុកចិត្តថា លោកនឹងបន្តជួយយើងនៅពេលឥឡូវនេះ ហើយផ្ដល់ពរដល់យើងជារៀងរហូត បើយើងរត់ប្រណាំងដល់ទីដៅ។—យ៉ា. ១:១២
[រូបភាពនៅទំព័រ៣]
[រូបភាពនៅទំព័រ៤]
ប្រសិនបើអ្នកដួល ចូរទទួលយកជំនួយ ហើយក្រោកឡើង!
[រូបភាពនៅទំព័រ៧]
ចូរកុំឲ្យអ្វីបញ្ឈប់អ្នកមិនឲ្យរត់ប្រណាំងឲ្យដល់ទីដៅ!