សំណួរពីអ្នកអាន
នៅអេសាយ ៦០:១ តើ«ស្ត្រី»ជាអ្នកណា ហើយតើនាង«ក្រោកឡើង»និង«ជះពន្លឺ»យ៉ាងដូចម្ដេច?
អេសាយ ៦០:១ចែងថា៖ «ឱស្ត្រីអើយ! ចូរក្រោកឡើង ហើយជះពន្លឺទៅ ព្រោះពន្លឺរបស់អ្នកបានមកដល់ហើយ។ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានចែងចាំងមកលើអ្នក»។ បរិបទនៃខគម្ពីរនេះបង្ហាញថា«ស្ត្រី»គឺជាស៊ីយ៉ូនឬយេរូសាឡិមដែលជារាជធានីនៃស្រុកយូដានៅគ្រានោះ។a (អេ. ៦០:១៤; ៦២:១, ២) ក្រុងនេះជាតំណាងប្រជាជាតិអ៊ីស្រាអែលទាំងមូល។ ពាក្យរបស់អេសាយនាំឲ្យមានសំណួរពីរ៖ ទី១ តើក្រុងយេរូសាឡិមបាន«ក្រោកឡើង»និង«ជះពន្លឺ»ក្នុងន័យធៀបនៅពេលណា ហើយតើតាមរបៀបណា? ទី២ តើពាក្យរបស់អេសាយកំពុងសម្រេចក្នុងកម្រិតធំជាងនៅសម័យយើងឬទេ?
តើក្រុងយេរូសាឡិមបាន«ក្រោកឡើង»និង«ជះពន្លឺ»ក្នុងន័យធៀបនៅពេលណា ហើយតើតាមរបៀបណា? ក្រុងយេរូសាឡិមនិងវិហារក្នុងក្រុងនោះនៅតែមានសភាពបាក់បែកខ្ទេចខ្ទីកាលដែលជនជាតិយូដាបានត្រូវចាប់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ។ ប៉ុន្តែ ក្រោយពីពួកមេឌីនិងពួកពើស៊ីបានវាយឈ្នះពួកបាប៊ីឡូន ជនជាតិអ៊ីស្រាអែលដែលរស់នៅកន្លែងផ្សេងៗក្នុងចក្រភពបាប៊ីឡូនបានមានសេរីភាពក្នុងការត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ហើយស្ថាបនាការគោរពប្រណិប័តន៍ពិតឡើងវិញ។ (អែស. ១:១-៤) ចាប់ពីឆ្នាំ៥៣៧មុនគ.ស. ជនជាតិអ៊ីស្រាអែលស្មោះត្រង់មួយចំនួនដែលនៅសល់ពីកុលសម្ព័ន្ធទាំង១២បានធ្វើអ្វីទាំងនេះ។ (អេ. ៦០:៤) ពួកគេក៏បានចាប់ផ្ដើមជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា ធ្វើពិធីបុណ្យផ្សេងៗ និងសាងសង់វិហារឡើងវិញ។ (អែស. ៣:១-៤, ៧-១១; ៦:១៦-២២) ម្ដងទៀត សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានចាប់ផ្ដើមជះលើយេរូសាឡិម ពោលគឺចាប់ផ្ដើមជះពន្លឺលើរាស្ត្ររបស់លោក ហើយពួកគេបានទៅជាពន្លឺក្នុងន័យធៀបដល់ប្រជាជាតិនានាដែលមិនស្គាល់ព្រះយេហូវ៉ា។
ប៉ុន្តែ ទំនាយអេសាយបានសម្រេចតែមួយកម្រិតប៉ុណ្ណោះចំពោះក្រុងយេរូសាឡិមសម័យបុរាណ។ បណ្ដាជនអ៊ីស្រាអែលភាគច្រើនមិនបានបន្តស្ដាប់បង្គាប់ព្រះទេ។ (នេហ. ១៣:២៧; ម៉ាឡ. ១:៦-៨; ២:១៣, ១៤; ម៉ាថ. ១៥:៧-៩) ក្រោយមក ពួកគេថែមទាំងបានបដិសេធលោកយេស៊ូគ្រិស្តដែលជាមេស្ស៊ីទៀតផង។ (ម៉ាថ. ២៧:១, ២) នៅឆ្នាំ៧០គ.ស. ក្រុងយេរូសាឡិមនិងវិហារនៅទីនោះបានត្រូវបំផ្លាញជាលើកទី២។
ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនអំពីលទ្ធផលដ៏ខ្លោចផ្សានេះ។ (ដាន. ៩:២៤-២៧) គឺច្បាស់ថាព្រះយេហូវ៉ាមិនមានគោលបំណងឲ្យក្រុងយេរូសាឡិមនៅផែនដីសម្រេចទំនាយទាំងស្រុងអំពីការស្ថាបនាឡើងវិញនៅអេសាយ ជំពូក៦០ទេ។
តើពាក្យរបស់អេសាយកំពុងសម្រេចក្នុងកម្រិតធំជាងនៅសម័យយើងឬទេ? គឺកំពុងសម្រេចមែន។ ប៉ុន្តែ នេះកំពុងកើតឡើងចំពោះស្ត្រីក្នុងន័យធៀបម្នាក់ទៀត ពោលគឺ«ក្រុងយេរូសាឡិមនៅស្ថានលើ»។ សាវ័កប៉ូលបានសរសេរអំពីស្ត្រីនេះថា៖ «នាងជាម្ដាយរបស់យើង»។ (កាឡ. ៤:២៦) ក្រុងយេរូសាឡិមនៅស្ថានលើគឺជាអង្គការរបស់ព្រះផ្នែកនៅស្ថានសួគ៌ដែលមានបុគ្គលវិញ្ញាណដ៏ស្មោះត្រង់។ កូនរបស់នាងរួមមានលោកយេស៊ូនិងគ្រិស្តសាសនិក១៤៤.០០០នាក់ដែលបានត្រូវរើសតាំងដោយឫទ្ធានុភាពរបស់ព្រះឲ្យមានសេចក្ដីសង្ឃឹមទៅស្ថានសួគ៌ ដូចប៉ូលដែរ។ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងនោះជា«ប្រជាជាតិបរិសុទ្ធ»ពោលគឺ«អ៊ីស្រាអែលនៃព្រះ»។—១ពេ. ២:៩; កាឡ. ៦:១៦
តើក្រុងយេរូសាឡិមនៅស្ថានលើ«ក្រោកឡើង»និង«ជះពន្លឺ»យ៉ាងដូចម្ដេច? នាងបានធ្វើដូច្នេះ តាមរយៈកូនរបស់នាងដែលបានត្រូវរើសតាំងនៅផែនដី។ សូមប្រៀបធៀបបទពិសោធន៍របស់ពួកគេទៅនឹងអ្វីដែលបានត្រូវប្រកាសទុកជាមុននៅអេសាយ ជំពូក៦០។
គ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវ«ក្រោកឡើង»ដោយសារពួកគេបាននៅក្នុងភាពងងឹតក្នុងន័យធៀប ពេលការក្បត់ជំនឿបានរីករាលដាលក្រោយពីពួកសាវ័កស្លាប់អស់ទៅ។ (ម៉ាថ. ១៣:៣៧-៤៣) នៅពេលនោះ ពួកគេនៅក្រោមអំណាចនៃបាប៊ីឡូនដ៏ខ្លាំងក្លា ពោលគឺសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក ហើយរហូតដល់«ទីបញ្ចប់នៃរបៀបរបបពិភពលោក»ដែលបានត្រូវចាប់ផ្ដើមនៅឆ្នាំ១៩១៤ ពួកអ្នករើសតាំងនៅតែបន្តជាឈ្លើយសឹក។ (ម៉ាថ. ១៣:៣៩, ៤០) មិនយូរក្រោយមក នៅឆ្នាំ១៩១៩ ពួកគេបានត្រូវរំដោះឲ្យមានសេរីភាព ហើយភ្លាមៗពួកគេបានចាប់ផ្ដើមជះពន្លឺក្នុងន័យធៀបដោយចូលរួមយ៉ាងពេញលេញក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។b ច្រើនឆ្នាំកន្លងមកនេះ មនុស្សពីប្រជាជាតិទាំងឡាយមកឯពន្លឺនោះ រួមមានពួកអ្នកនៅសល់នៃអ៊ីស្រាអែលនៃព្រះ ពោលគឺ«ស្ដេច»ដែលបានត្រូវរៀបរាប់នៅអេសាយ ៦០:៣។—បប. ៥:៩, ១០
នៅថ្ងៃអនាគត គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនឹងឆ្លុះបញ្ចាំងពន្លឺរបស់ព្រះយេហូវ៉ាតាមរបៀបដ៏អស្ចារ្យជាង។ តើតាមរបៀបណា? ពេលពួកគេបញ្ចប់កិច្ចបម្រើរបស់ពួកគេនៅផែនដីដោយសេចក្ដីស្លាប់ ពួកគេនឹងទៅជាផ្នែកនៃ«ក្រុងយេរូសាឡិមថ្មី»ឬកូនក្រមុំរបស់គ្រិស្ត គឺពួក១៤៤.០០០នាក់ដែលជាស្ដេចនិងជាសង្ឃ។—បប. ១៤:១; ២១:១, ២, ២៤; ២២:៣-៥
ក្រុងយេរូសាឡិមថ្មីនឹងមានតួនាទីដ៏សំខាន់ក្នុងការសម្រេចពាក្យនៅអេសាយ ៦០:១។ (សូមប្រៀបធៀប អេសាយ ៦០:១, ៣, ៥, ១១, ១៩, ២០ ទៅនឹងការបើកបង្ហាញ ២១:២, ៩-១១, ២២-២៦) ដូចក្រុងយេរូសាឡិមនៅផែនដីជាទីតាំងនៃរដ្ឋាភិបាលក្នុងស្រុកអ៊ីស្រាអែលសម័យបុរាណ នោះក្រុងយេរូសាឡិមថ្មីនិងគ្រិស្តនឹងទៅជារដ្ឋាភិបាលក្នុងរបៀបរបបពិភពលោកថ្មី។ តើក្រុងយេរូសាឡិមថ្មី«ចុះមកពីព្រះនៅស្ថានសួគ៌»យ៉ាងណា? គឺក្នុងន័យថារដ្ឋាភិបាលនោះនឹងផ្ចង់អារម្មណ៍ចំពោះផែនដី។ ក្នុងចំណោមប្រជាជាតិទាំងឡាយ មនុស្សដែលកោតខ្លាចព្រះ«នឹងដើរដោយសារពន្លឺនៃក្រុងនោះ»។ ពួកគេនឹងថែមទាំងបានត្រូវរំដោះឲ្យរួចពីការខុសឆ្គងនិងសេចក្ដីស្លាប់ទៀតផង។ (បប. ២១:៣, ៤, ២៤) លទ្ធផលគឺការសម្រេចទាំងស្រុងនៃការ«ធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ»ដូចអេសាយនិងអ្នកប្រកាសទំនាយឯទៀតបានប្រាប់ទុកជាមុន។ (សកម្ម. ៣:២១) ការរៀបចំឡើងវិញឬការធ្វើជាថ្មីឡើងវិញដ៏អស្ចារ្យនោះបានចាប់ផ្ដើមពេលគ្រិស្តបានទៅជាស្ដេច ហើយនឹងបញ្ចប់នៅចុងបញ្ចប់នៃការគ្រប់គ្រង១.០០០ឆ្នាំរបស់លោក។
a នៅអេសាយ ៦០:១ សេចក្ដីបកប្រែពិភពលោកថ្មីប្រើពាក្យ«ស្ត្រី»ជាជាង«ស៊ីយ៉ូន»ឬ«យេរូសាឡិម» ដោយសារកិរិយាស័ព្ទភាសាហេប្រឺសម្រាប់ពាក្យ«ក្រោកឡើង»និង«ជះពន្លឺ»សំដៅទៅលើភេទស្រី ដូចពាក្យ«អ្នក»ដែរ។ ពាក្យ«ស្ត្រី»ជួយអ្នកអានភាសាខ្មែរឲ្យយល់ថាពាក្យនេះបានត្រូវនិយាយទៅកាន់ស្ត្រីក្នុងន័យធៀប។
b ការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញដែលបានកើតឡើងនៅឆ្នាំ១៩១៩ ក៏បានត្រូវរៀបរាប់នៅអេសេគាល ៣៧:១-១៤ និងការបើកបង្ហាញ ១១:៧-១២ដែរ។ អេសេគាលបានប្រាប់ទុកជាមុនអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញនៃគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងអស់ក្រោយពីធ្វើជាឈ្លើយសឹកអស់រយៈពេលជាយូរ។ ទំនាយនៅក្នុងសៀវភៅការបើកបង្ហាញ សំដៅលើការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញឬការរស់ឡើងវិញក្នុងន័យធៀបរបស់បងប្រុសៗជាអ្នកនាំមុខដែលបានត្រូវរើសតាំងមួយក្រុមតូច ក្រោយពីពួកគេមិនអាចបម្រើព្រះយេហូវ៉ាយ៉ាងសកម្មអស់មួយរយៈពេលខ្លី ដោយសារពួកគេបានត្រូវចាប់ដាក់គុកយ៉ាងអយុត្តិធម៌។ នៅឆ្នាំ១៩១៩ ពួកគេបានត្រូវតែងតាំងជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។—ម៉ាថ. ២៤:៤៥; សូមមើលសៀវភៅដែលមានចំណងជើងថា ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ! ទំ.១១៨។