ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦
ចម្រៀងលេខ១៣៥ ពាក្យអង្វររបស់ព្រះយេហូវ៉ា៖ «កូនអើយ ចូរមានប្រាជ្ញា»
មិត្តពិតជួយគ្នាឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា
«មនុស្សម្នាក់អាចវាយឈ្នះអ្នកដែលនៅតែឯង តែបើមានពីរនាក់ ពួកគេអាចតស៊ូនឹងមនុស្សម្នាក់នោះបាន»។—អទ. ៤:១២
ចំណុចផ្ដោត
ការមានមិត្តពិតអាចជួយប្អូនៗវ័យក្មេងឲ្យកាន់ជំហរមាំមួនក្នុងការគោរពប្រណិប័តន៍ពិត។
១. តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះការមានមិត្តភក្ដិ?
ជាសាក្សីព្រះយេហូវ៉ា យើងដឹងច្បាស់ថាយើងត្រូវកាន់ជំហរមាំមួនក្នុងការគោរពប្រណិប័តន៍ពិត។ ប៉ុន្តែ ការធ្វើដូច្នេះគឺមិនស្រួលទេ ព្រោះពិភពលោកនេះតែងតែព្យាយាមធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ ដូច្នេះ យើងត្រូវតយុទ្ធជានិច្ចនឹងឥទ្ធិពលអាក្រក់របស់ពិភពលោកនេះ។ យើងមិនចង់ឲ្យពិភពលោកនេះមានឥទ្ធិពលមកលើទស្សនៈរបស់យើងចំពោះចំណងមិត្តភាពដែលយើងមានជាមួយអ្នកឯទៀតនោះទេ។ ជាឧទាហរណ៍ បុគ្គលខ្លះចាត់ទុកថាការមានមិត្តច្រើនគឺសំខាន់ជាងការមានមិត្តជិតស្និទ្ធឬមិត្តដែលអាចពឹងពាក់បាន។ មនុស្សវ័យក្មេងជាច្រើនស្វែងរកយោបល់និងការសម្រាលទុក្ខពីមិត្តដែលមានអាយុស្រករគ្នាប៉ុណ្ណោះ។ រីឯអ្នកខ្លះទៀតគិតថាពួកគេមិនត្រូវការមិត្តទេ។ ពួកគេគិតថានៅម្នាក់ឯងគឺល្អជាង។ ចុះព្រះយេហូវ៉ានិងលោកយេស៊ូវិញ តើលោកទាំងពីរមានទស្សនៈយ៉ាងណាចំពោះមិត្តភាព?
២. (ក) តើលោកយេស៊ូបានជ្រើសរើសមិត្តបែបណា? (ខ) យោងទៅតាមអ្នកទូន្មាន ៤:៩-១២ តើមិត្តពិតអាចជួយយើងតាមរបៀបណាខ្លះ?
២ ព្រះយេហូវ៉ាចង់ឲ្យយើងមានមិត្តដែលនឹងជួយយើងឲ្យបម្រើលោកយ៉ាងស្មោះត្រង់។ លោកយេស៊ូដែលជាបុត្ររបស់លោកបានជ្រើសរើសមិត្តបែបនោះ។ មិនយូរមុនលោកយេស៊ូប្រគល់ជីវិតរបស់លោកជាគ្រឿងបូជា លោកបានសរសើរពួកសាវ័កដ៏ស្មោះត្រង់របស់លោកថា៖ «អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក»។ លោកយេស៊ូបានចាត់ទុកពួកគេជាមិត្តសម្លាញ់របស់លោក។ (លូក. ២២:២៨; យ៉ូន. ១៥:១៥) មិត្តពិតនៅក្បែរយើងមិនគ្រាន់តែនៅពេលស្រួលប៉ុណ្ណោះទេ តែ«នៅពេលមានទុក្ខលំបាក»ដែរ។ (សុភ. ១៧:១៧) អ្នកទូន្មាន ៤:៩-១២aបង្ហាញថា មិត្តពិតអាចពង្រឹងកម្លាំងនិងផ្ដល់ការសម្រាលទុក្ខដល់យើង។ (សូមអាន) ពួកគេគាំទ្រយើងនិងលើកទឹកចិត្តយើង។ ពេលយើងមានមិត្តបែបនោះ យើងអាច«តស៊ូ»នឹងអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។ ពេលយើងបម្រើព្រះយេហូវ៉ាជាមួយនឹងមិត្តរបស់យើង នោះជួយយើងឲ្យមានជីវិតដែលពោរពេញទៅដោយបទពិសោធន៍ដ៏គួរឲ្យរំភើបចិត្ត ហើយមានចំណងមិត្តភាពជាមួយគ្នាជារៀងរហូត។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ តើមិត្តពិតអាចជួយប្អូនៗវ័យក្មេងឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់យ៉ាងដូចម្ដេច? តើតាមរបៀបណាឪពុកម្ដាយនិងបងប្អូនឯទៀតដែលមានភាពចាស់ទុំអាចធ្វើជាមិត្តភក្ដិរបស់ប្អូនៗវ័យក្មេង? សូមឲ្យយើងពិចារណាអំពីគំរូរបស់ដានីយ៉ែល ហើយមើលអំពីរបៀបដែលគាត់អាចយកឈ្នះឧបសគ្គដ៏ធំ។ យើងក៏នឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាដែលជាមិត្តជិតស្និទ្ធបំផុតរបស់ដានីយ៉ែលបានជួយគាត់ពេលដែលគាត់នៅតែឯង។
មិត្តពិតជួយយើងឲ្យសម្រេចចិត្តបម្រើព្រះយេហូវ៉ា
៤. តើដានីយ៉ែលជួបការពិបាកអ្វីខ្លះ?
៤ ពេលដានីយ៉ែលនៅក្មេង គាត់រស់នៅក្នុងគ្រាដ៏ពិបាកមួយនៃប្រវត្តិសាស្ត្ររាស្ត្ររបស់ព្រះ។ រាជាណាចក្រយូដាលែងទទួលការពេញចិត្តពីព្រះយេហូវ៉ា ដោយសារបណ្ដាជននៅស្រុកនោះមិនស្មោះត្រង់។ ជាលទ្ធផល នៅឆ្នាំ៦២០មុនគ.ស. ព្រះយេហូវ៉ាអនុញ្ញាតឲ្យស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូនមានអំណាចគ្រប់គ្រងលើពួកគេ។ (ដាន. ១:២) នៅពេលនោះ ដានីយ៉ែលទំនងជាមានវ័យជំទង់។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានត្រូវនិរទេសទៅក្រុងបាប៊ីឡូន ហើយបានត្រូវជ្រើសរើសដើម្បីទទួលការបង្ហាត់បង្រៀន។ (ដាន. ១:៣-៦) នៅពេលនោះ ដានីយ៉ែលបាននៅឆ្ងាយពីស្រុកកំណើតនិងក្រុមគ្រួសាររបស់គាត់។
៥-៦. តើអ្នកណាខ្លះប្រហែលជាបានជួយដានីយ៉ែលឲ្យសម្រេចចិត្តបម្រើព្រះយេហូវ៉ា?
៥ តើអ្វីបានជួយដានីយ៉ែលឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាពេលនៅស្រុកបាប៊ីឡូន? គម្ពីរប្រាប់ថា គាត់បាន«តាំងចិត្ត»ធ្វើតាមច្បាប់របស់ព្រះ។ (ដាន. ១:៨) ច្បាស់ជាមានអ្នកណាម្នាក់បានបង្រៀនដានីយ៉ែលអំពីច្បាប់ទាំងនេះ ហើយជួយគាត់ឲ្យសម្រេចចិត្តបម្រើព្រះយេហូវ៉ាពេលគាត់នៅក្មេង។ នោះទំនងជាឪពុកម្ដាយរបស់គាត់។ ឈ្មោះរបស់ដានីយ៉ែលមានអត្ថន័យថា «ព្រះជាចៅក្រមខ្ញុំ»។ ឪពុកម្ដាយដានីយ៉ែលដាក់ឈ្មោះនេះឲ្យគាត់ ប្រហែលជាដោយសារពួកគាត់សង្ឃឹមថាពេលដានីយ៉ែលធំឡើងគាត់នឹងបម្រើព្រះយេហូវ៉ា ហើយធ្វើតាមការណែនាំពីលោក។—បច. ៦:៦, ៧
៦ ដានីយ៉ែលក៏ប្រហែលជាបានទទួលការលើកទឹកចិត្តពីកិច្ចការរបស់អ្នកប្រកាសទំនាយយេរេមាដែរ។ ហេតុអ្វីយើងអាចសន្និដ្ឋានដូច្នេះ? ព្រះយេហូវ៉ាបានតែងតាំងយេរេមាឲ្យធ្វើជាអ្នកប្រកាសទំនាយនៅឆ្នាំ៦៤៧ មុនគ.ស. ហើយគាត់បានចាប់ផ្ដើមកិច្ចបម្រើរបស់គាត់មុនដានីយ៉ែលកើតមក។ (យេ. ១:២) យេរេមាច្រើនតែនាំដំណឹងពីព្រះយេហូវ៉ាទៅប្រាប់វង្សត្រកូលស្ដេចនិងបុរសឯទៀតដែលមានមុខមាត់ ហើយនោះប្រហែលជារួមបញ្ចូលក្រុមគ្រួសាររបស់ដានីយ៉ែលដែរ។ (យេ. ១:១៧, ១៨; ដាន. ១:៣, ៦) ទោះជាយើងមិនដឹងប្រាកដថាយេរេមានិងដានីយ៉ែលជាមិត្តនឹងគ្នាឬអត់ក្ដី ពេលដានីយ៉ែលនៅក្មេង គាត់ទំនងជាបានស្គាល់អំពីអ្វីដែលយេរេមាបានប្រាប់រាស្ត្រព្រះ ហើយសូម្បីតែពេលដានីយ៉ែលមានវ័យចាស់ ក៏គាត់អានទំនាយរបស់យេរេមាដែរ។ (យេ. ២៥:១១; ២៩:១០; ដាន. ៩:១, ២) គំរូរបស់យេរេមាច្បាស់ជាបានជួយដានីយ៉ែលឲ្យមានចិត្តក្លាហាននិងរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាគាត់រស់នៅក្នុងចំណោមមនុស្សដែលមិនបម្រើព្រះយេហូវ៉ាក៏ដោយ។
៧-៨. តើឪពុកម្ដាយនិងបងប្អូនដែលមានភាពចាស់ទុំអាចជួយប្អូនៗវ័យក្មេងឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ គឺសមហេតុសមផលឲ្យយើងសន្និដ្ឋានថា ឪពុកម្ដាយរបស់ដានីយ៉ែល អ្នកប្រកាសទំនាយយេរេមា ឬអ្នកបម្រើដ៏ស្មោះត្រង់ឯទៀតរបស់ព្រះយេហូវ៉ាបានជះឥទ្ធិពលល្អមកលើដានីយ៉ែល។ ពួកគេច្បាស់ជាបានជួយគាត់បណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធដោយផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា។
៨ ឪពុកម្ដាយនៅសព្វថ្ងៃនេះក៏អាចជះឥទ្ធិពលល្អមកលើកូនៗរបស់ពួកគេដែរ។ បើអ្នកជាឪពុកម្ដាយ សូមសួរខ្លួនថា ‹តើកូនៗរបស់ខ្ញុំបានត្រៀមខ្លួនដើម្បីរក្សាអព្យាក្រឹតភាពពេលមានការល្បងលឬទេ? តើខ្ញុំបានបង្ហាត់បង្រៀនកូនៗឲ្យធ្វើការសម្រេចចិត្តល្អពេលដែលសិស្សនៅសាលាចង់ឲ្យពួកគេធ្វើអ្វីដែលខុសឬទេ? តើខ្ញុំបង្រៀនពួកគេមិនឲ្យមើលអ្វីអាក្រក់តាមអ៊ីនធឺណិតឬទេ? តើខ្ញុំបានជួយកូនៗឲ្យមានជំនឿរឹងមាំដើម្បីពួកគេអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងឬទេ?›។ សូមជួយកូនៗរបស់អ្នកឲ្យកាន់តែស្រឡាញ់ព្រះយេហូវ៉ានិងកាន់តែទុកចិត្តលើលោក។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមនិយាយជាមួយនឹងកូនៗជារឿយៗអំពីរឿងផ្សេងៗដែលទាក់ទងនឹងគម្ពីរ ជួយពួកគេឲ្យឆ្លើយនៅកិច្ចប្រជុំ និងផ្សព្វផ្សាយជាមួយនឹងពួកគេ។ ប្អូនៗវ័យក្មេងអាចទទួលប្រយោជន៍ច្រើនពីការចំណាយពេលជាមួយនឹងបុគ្គលដែលជាគំរូល្អស្ដីអំពីជំនឿនិងភក្ដីភាពដូចយេរេមា។
មិត្តពិតជួយយើងឲ្យធ្វើអ្វីដែលត្រឹមត្រូវពេលជួបការល្បួង
៩. តើដានីយ៉ែលនិងយុវជនជនជាតិហេប្រឺឯទៀតស្ថិតក្នុងស្ថានភាពដ៏ពិបាកអ្វី?
៩ នៅពេលដែលដានីយ៉ែលនិងយុវជនជនជាតិហេប្រឺឯទៀតបានត្រូវចាប់ជាឈ្លើយ ពួកគេបានជួបនឹងការល្បួងដែលពួកគេមិនធ្លាប់ជួបពេលដែលនៅស្រុកកំណើតរបស់ពួកគេ។ ពេលដែលពួកគេទៅដល់ ភ្លាមៗជនជាតិបាប៊ីឡូនបានព្យាយាមបង្ខំពួកគេឲ្យមានរបៀបរស់នៅនិងធ្វើតាមទំនៀមទម្លាប់របស់បាប៊ីឡូន។ យុវជនទាំងនោះក៏ត្រូវទទួលការបង្ហាត់បង្រៀនដើម្បីបម្រើនៅក្នុងវាំងរបស់ស្ដេច។ ប៉ុន្តែ ការបណ្ដុះបណ្ដាលទាំងនេះក៏នាំឲ្យពួកគេប្រឈមមុខនឹងស្ថានភាពដែលសាកល្បងភក្ដីភាពរបស់ពួកគេចំពោះព្រះយេហូវ៉ាដែរ។
១០. តើអ្វីជាការល្បងលភក្ដីភាពទី១របស់យុវជនជនជាតិហេប្រឺ?
១០ ការល្បងលភក្ដីភាពទី១របស់ពួកគេ ប្រហែលជាមើលទៅដូចជារឿងតូចតាច។ ស្ដេចបានបង្គាប់ដានីយ៉ែលនិងយុវជនឯទៀតឲ្យបរិភោគអាហារដែលមកពីតុរបស់ស្ដេច។ អាហារនោះរួមមានអ្វីៗដែលមិនស្អាតបរិសុទ្ធតាមច្បាប់របស់ម៉ូសេ។ (ដាន. ១:៥, ៨) ពួកយុវជនទាំងនោះអាចវែកញែកថាពួកគេអាចបំពានច្បាប់នោះបាន ដោយសារពួកគេជាឈ្លើយដែលគ្មានសេរីភាពធ្វើអ្វីតាមចិត្ត។ ពួកគេក៏អាចវែកញែកថា ជាការល្អដែលពួកគេធ្វើតាមបញ្ជាស្ដេចដើម្បីកុំឲ្យស្ដេចខកចិត្តឬខឹងនឹងពួកគេ។ តើពួកគេនឹងធ្វើអ្វី?
១១. តើដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានជួយគ្នាយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១១ ក្នុងចំណោមយុវជនជនជាតិហេប្រឺដែលបានត្រូវជ្រើសរើសឲ្យទទួលការបង្ហាត់បង្រៀន គឺមានតែបួននាក់ប៉ុណ្ណោះដែលគម្ពីរបានលើកឡើងថាពួកគេបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា នោះគឺដានីយ៉ែល សាដ្រាក់ មេសាក់ និងអាបេឌនេកោ។ ពួកគេគឺជាមិត្តនឹងគ្នា ហើយពួកគេបានជួយគ្នាទៅវិញទៅមកឲ្យទប់ទល់នឹងការល្បួងនិងរក្សាភាពស្មោះត្រង់ចំពោះព្រះ។ យុវជនទាំងបួននាក់នោះបានបដិសេធមិនព្រមទទួលអាហារដែលស្ដេចផ្ដល់ឲ្យ ហើយពួកគេបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ ជាលទ្ធផល ព្រះយេហូវ៉ាបានផ្ដល់ពរដល់ពួកគេ។—ដាន. ១:៦-១២, ១៧
ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានជួយគ្នាឲ្យទប់ទល់នឹងការល្បួងនិងរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា (សូមមើលវគ្គ១១)
១២. តើអ្វីអាចជួយប្អូនៗវ័យក្មេងនៅសព្វថ្ងៃនេះឲ្យទប់ទល់នឹងការល្បួង?
១២ បើអ្នកជាប្អូនៗវ័យក្មេង ជួនកាលតើអ្នកទទួលការបង្ខិតបង្ខំពីបុគ្គលវ័យក្មេងឯទៀតឲ្យចុះចាញ់នឹងការល្បួងឬទេ? ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានជួយគ្នាឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ដូចយុវជនដ៏ស្មោះត្រង់ទាំងនោះ សូមជ្រើសរើសមិត្តភក្ដិដែលតាំងចិត្តរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយទប់ទល់នឹងឥទ្ធិពលរបស់ពិភពលោកនេះ។ (១យ៉ូន. ២:១៥-១៧) មិត្តពិតអាចជួយអ្នកឲ្យនៅស្មោះត្រង់សូម្បីតែក្នុង«ការដ៏តូចបំផុត» ហើយជួយអ្នកឲ្យទទួលពរនិងការគាំទ្រពីព្រះយេហូវ៉ា។ (លូក. ១៦:១០) ពេលអ្នករក្សាភាពស្មោះត្រង់ក្នុងរឿងតូចតាច នោះនឹងជួយអ្នកឲ្យរក្សាភាពស្មោះត្រង់ពេលជួបនឹងការល្បងលដែលធំជាងនៅថ្ងៃអនាគត។
មិត្តពិតជួយយើងឲ្យទុកចិត្តព្រះយេហូវ៉ាពេលស្ថិតនៅក្នុងស្ថានភាពដ៏ពិបាក
១៣. តើដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់ស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកអ្វី?
១៣ មិត្តពិតអាចជួយគ្នាទៅវិញទៅមកពេលជួបស្ថានភាពដ៏ពិបាក។ សូមគិតអំពីការលំបាកដែលដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានជួប ពេលស្ដេចនេប៊ូក្នេសាមានសុបិនដែលនាំឲ្យស្ដេចខ្វល់ចិត្តខ្លាំងណាស់។ ស្ដេចចង់ដឹងអត្ថន័យនៃសុបិននោះ។ ដូច្នេះ ស្ដេចបានកោះហៅគ្រូវេទមន្តនិងគ្រូធ្មប់ក្នុងស្រុកបាប៊ីឡូនឲ្យមកជួបគាត់។ ដំបូង ស្ដេចបានបង្គាប់ពួកគេឲ្យប្រាប់គាត់ថាគាត់យល់សប្ដិអ្វី ហើយក្រោយមកឲ្យបកស្រាយសុបិននោះ។ ប៉ុន្តែ នេះគឺជាអ្វីដែលមនុស្សមិនអាចធ្វើបានទេ! (ដាន. ២:៣, ៩-១១) បើពួកគេមិនអាចធ្វើដូច្នោះបាន នោះពួកគេនឹងត្រូវស្លាប់។ ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់ក៏នៅក្នុងចំណោមពួកអ្នកប្រាជ្ញដែលស្ថិតក្នុងគ្រោះថ្នាក់នោះដែរ។ នៅពេលដ៏ពិបាកនោះ ដានីយ៉ែលនិងមិត្តភក្ដិបីនាក់របស់គាត់បានជួយគ្នាទៅវិញទៅមក។ តើពួកគេបានធ្វើអ្វី?
១៤. តើដានីយ៉ែលនិងមិត្តភក្តិរបស់គាត់បានគាំទ្រគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៤ ដានីយ៉ែលបានទៅជួបស្ដេចដោយការគោរព ហើយសុំស្ដេចឲ្យពន្យារពេលឲ្យគាត់បកស្រាយសុបិននោះ។ ក្រោយពីស្ដេចបានអនុញ្ញាតហើយ ដានីយ៉ែលបានទៅប្រាប់មិត្តរបស់គាត់អំពីរឿងនោះ។ រួច«គាត់សុំពួកគេឲ្យអធិដ្ឋានដល់ព្រះនៃស្ថានសួគ៌ឲ្យលោកបង្ហាញក្ដីមេត្តានិងប្រាប់អំពីអាថ៌កំបាំងនៃសុបិននោះ ដើម្បីកុំឲ្យខ្លួនគាត់និងមិត្តភក្ដិរបស់គាត់ត្រូវស្លាប់»។ (ដាន. ២:១៨) ក្រោយមក ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់ពួកគេ ហើយលោកបានបើកបង្ហាញឲ្យដានីយ៉ែលឃើញសុបិននោះនិងបកស្រាយអត្ថន័យនៃសុបិននោះ។ ជាលទ្ធផល ដានីយ៉ែលនិងមិត្តភក្តិរបស់គាត់បានរួចរស់ជីវិត ហើយស្ដេចបានឲ្យអំណាចគ្រប់គ្រងដល់ពួកគេ។—ដាន. ២:១៩, ៤៧-៤៩
តើមិត្តភក្តិរបស់ដានីយ៉ែលបានជួយគាត់ក្នុងស្ថានភាពដ៏ពិបាកយ៉ាងដូចម្ដេច? (សូមមើលវគ្គ១៤)
១៥. តើយើងអាចទាញយកមេរៀនអ្វីខ្លះពីកំណត់ហេតុនេះ? (កាឡាទី ៦:២)
១៥ យើងអាចរៀនមេរៀនដ៏សំខាន់ៗពីកំណត់ហេតុនេះ។ ទី១ យើងមិនចាំបាច់ប្រឈមមុខនឹងទុក្ខលំបាកតែម្នាក់ឯងទេ។ សូមកុំឲ្យអំណួតឬភាពខ្មាសអៀនរារាំងអ្នកពីការសុំជំនួយពីអ្នកឯទៀតឡើយ។ ទី២ សូមកុំស្ទាក់ស្ទើរសុំអ្នកឯទៀតឲ្យអធិដ្ឋានឲ្យអ្នកឡើយ។ (២កូ. ១:១១) សូមចាំជានិច្ចថា សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តគឺមានប្រសិទ្ធភាពខ្លាំងណាស់។ «ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»អាចជួយយើងឲ្យយកឈ្នះការពិបាកដែលមើលទៅធំពេកសម្រាប់យើង។ (ចសព. ៦៥:២; អេភ. ៣:២០) ពេលយើងមានមិត្តដែលបម្រើព្រះយេហូវ៉ាដូចយើង យើងអាចជឿជាក់ថាពួកគេនឹងគាំទ្រយើងក្នុងអំឡុងគ្រាដ៏ពិបាកក្នុងជីវិតរបស់យើង។—សូមអាន កាឡាទី ៦:២
មិត្តពិតដែលអាចជួយយើងនៅគ្រប់ពេល
១៦. តើដានីយ៉ែលជួបទុក្ខលំបាកអ្វីពេលដែលគាត់មានវ័យចាស់?
១៦ ព្រះយេហូវ៉ាគឺជាមិត្តពិតដែលអាចគាំទ្រយើងនៅគ្រប់ស្ថានភាព ទោះជាពេលដែលយើងនៅដាច់ឆ្ងាយពីអ្នកឯទៀតក៏ដោយ។ សូមគិតអំពីដានីយ៉ែល។ ពេលគាត់មានអាយុ៩០ឆ្នាំជាង គាត់បានជួបទុក្ខលំបាកមួយទៀត។ នៅពេលនោះ បាប៊ីឡូនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពមេឌីនិងពើស៊ី ហើយគាត់បម្រើស្ដេចដារីយុស។ ពួកមន្ត្រីខ្លះបានច្រណែននឹងឋានៈរបស់ដានីយ៉ែល ហើយបានរៀបគម្រោងសម្លាប់គាត់។ ពួកគេបានបញ្ចុះបញ្ចូលស្ដេចឲ្យបង្កើតច្បាប់ថ្មីដែលហាមឃាត់មិនឲ្យអ្នកណាអធិដ្ឋានទៅព្រះណាឡើយក្រៅពីស្ដេច។ ដានីយ៉ែលមិនព្រមធ្វើតាមច្បាប់នោះទេ ដូច្នេះគេបានចាប់គាត់បោះទៅក្នុងរូងតោ។ នៅទីនោះ មើលទៅដានីយ៉ែលនៅតែឯងគ្មានមិត្តភក្ដិណាអាចជួយគាត់បានទេ។ ប៉ុន្តែ តើគាត់ពិតជានៅតែឯងឬ?—ដាន. ៦:៤-១៦
១៧. យោងទៅតាមដានីយ៉ែល ៦:១៩-២៣ តើការដែលដានីយ៉ែលមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ាបានជួយគាត់យ៉ាងដូចម្ដេច?
១៧ ដានីយ៉ែល ៦:១៩-២៣រៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុដើម្បីសង្គ្រោះដានីយ៉ែល។ (សូមអាន) នៅក្នុងរូងតោ ដានីយ៉ែលបានទទួលការការពារពីមិត្តដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត នោះគឺព្រះយេហូវ៉ា។ លោកបានធ្វើអព្ភូតហេតុសង្គ្រោះគាត់ពីមាត់តោ។ ពេលស្ដេចដារីយុសទៅឯរូងតោ ដានីយ៉ែលបានប្រាប់ស្ដេចថា៖ «ព្រះរបស់ខ្ញុំបានចាត់ទេវតារបស់លោកឲ្យមកបិទមាត់តោ . . . ព្រោះខ្ញុំមិនមានទោសនៅចំពោះព្រះរបស់ខ្ញុំទេ»។ (ដាន. ៦:២២) ទោះបីជាដានីយ៉ែលស្ថិតនៅក្នុងគ្រោះថ្នាក់ក្ដី គាត់ទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ាដែលជាមិត្តជិតស្និទ្ធបំផុតរបស់គាត់ ហើយនេះជួយគាត់ឲ្យមានចិត្តក្លាហាន។
១៨. ហេតុអ្វីការចូលកាន់តែជិតព្រះយេហូវ៉ាគឺសំខាន់ ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? (សូមមើលផងដែរនូវរូបភាពនិងប្រអប់ដែលមានចំណងជើងថា «ព្រះយេហូវ៉ាជាបិតា ជាព្រះ និងជាមិត្តសម្លាញ់របស់យើង»)
១៨ តើអ្នកធ្លាប់មានអារម្មណ៍ថានៅតែឯង ដោយសារតែអ្នកនៅដាច់ឆ្ងាយពីមិត្តភក្ដិនិងក្រុមគ្រួសាររបស់អ្នកឬទេ? អ្នកប្រហែលជាទទួលភារកិច្ចថ្មីនៅកន្លែងឆ្ងាយឬបានរើទៅកន្លែងថ្មី។ អ្នកក៏ប្រហែលជាទន់ខ្សោយដោយសារជំងឺឬភាពវ័យចាស់ ឬអ្នកប្រហែលជាជាប់គុកដោយសារជំនឿ។ កាលៈទេសៈបែបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ឯកោឬនៅដាច់ឆ្ងាយពីអ្នកឯទៀត។ នៅពេលបែបនោះគឺសំខាន់ឲ្យចាំថា មិត្តសម្លាញ់របស់ព្រះគឺមិននៅម្នាក់ឯងទេ។ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ហើយការពារអ្នកមិនថាអ្នកនៅទីណា ឬនៅក្នុងស្ថានភាពណាក៏ដោយ។ (ចសព. ១៣៩:៧-១០) សូមមានទំនុកចិត្តថាព្រះយេហូវ៉ាឃើញអ្នកនិងជួយអ្នក។
តើមិត្តសម្លាញ់របស់ព្រះ ពិតជានៅម្នាក់ឯងឬ? (សូមមើលវគ្គ១៨)
មិត្តសម្លាញ់ជារៀងរហូត
១៩. ហេតុអ្វីយើងត្រូវពង្រឹងចំណងមិត្តភាពរបស់យើងនៅឥឡូវនេះ? (ថែស្សាឡូនិចទី១ ៥:២, ១១)
១៩ ការពង្រឹងចំណងមិត្តភាពឲ្យរឹងមាំគឺសំខាន់ចាំបាច់នៅសព្វថ្ងៃនេះ។ ហេតុអ្វី? ព្រោះមិត្តពិតជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ កាលដែល«ថ្ងៃរបស់ព្រះយេហូវ៉ា»ខិតចូលមកដល់។ ពួកគេលើកទឹកចិត្តយើងនិងពង្រឹងកម្លាំងចិត្តយើង។ (សូមអាន ថែស្សាឡូនិចទី១ ៥:២, ១១) សាវ័កពេត្រុសបានសរសេរថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ . . . ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង»។—១ពេ. ៤:៧, ៨
២០. តើអ្នកចង់បានមិត្តភក្ដិបែបណា ហើយបើអ្នកជ្រើសរើសមិត្តភក្ដិដោយឈ្លាសវៃ តើនេះនឹងផ្ដល់ប្រយោជន៍យ៉ាងណាដល់អ្នក?
២០ មិត្តពិតគឺជាអំណោយពីព្រះយេហូវ៉ា ហើយយើងត្រូវការពួកគេនៅឥឡូវនេះជាងពេលណាទាំងអស់។ ដូច្នេះ ដូចដានីយ៉ែលដែរ សូមធ្វើជាមិត្តជាមួយអ្នកឯទៀត។ សូមស្វែងរកបងប្អូនក្នុងក្រុមជំនុំរបស់អ្នកដែលទុកគំរូល្អដូចយេរេមា ដែលអាចលើកទឹកចិត្តនិងណែនាំអ្នក។ សូមសេពគប់ពួកអ្នកដែលអាចជួយអ្នកឲ្យតាំងចិត្តរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ សូមសុំអ្នកឯទៀតឲ្យអធិដ្ឋានឲ្យអ្នកពេលដែលត្រូវការ។ លើសពីនេះទៅទៀត សូមចាំថាព្រះយេហូវ៉ាគឺជាមិត្តជិតស្និទ្ធបំផុតរបស់អ្នក។ លោកនឹងមិនបោះបង់ចោលអ្នកទេ។ (ហេ. ១៣:៥) ដូច្នេះ ពេលយើងទាំងអស់គ្នាមានព្រះយេហូវ៉ាជាមិត្តជិតស្និទ្ធបំផុតរបស់យើង នោះយើងនឹងជួយគ្នាទៅវិញទៅមកឲ្យរក្សាភក្ដីភាពចំពោះលោក ហើយយើងនឹងមានចំណងមិត្តភាពដែលស្ថិតស្ថេរជារៀងរហូត។
ចម្រៀងលេខ១៦១ ខ្ញុំពេញចិត្តធ្វើតាមព្រះប្រាថ្នា
a ទោះជាយើងច្រើនតែប្រើខទាំងនេះដើម្បីសំដៅទៅលើចំណងអាពាហ៍ពិពាហ៍ក្ដី អត្ថន័យចម្បងនៃខទាំងនេះសំដៅទៅលើចំណងមិត្តភាព។