បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 វិច្ឆិកា ទំ. ៨-១៣
  • ​‹ពួក​គង្វាល​ដែល​ឃ្វាល​ហ្វូង​ចៀម​ដោយ​យក​ចិត្ត​ទុក​ដាក់›​

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ​‹ពួក​គង្វាល​ដែល​ឃ្វាល​ហ្វូង​ចៀម​ដោយ​យក​ចិត្ត​ទុក​ដាក់›​
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​រៀន​ពី​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»​
  • ចូរ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​និង​គុណ​សម្បត្តិ
  • មូលហេតុ​ដែល​ពួក​អ្នក​ចាស់​ទុំ​មាន​អំណរ​ពេល​ថែ​រក្សា​ចៀម​របស់​ព្រះ
  • គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចូរ​«​ហៅ​ពួក​អ្នក​ចាស់​ទុំ​»​ដើម្បី​សុំ​ជំនួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ការឃ្វាលហ្វូងចៀមរបស់ព្រះដោយសេចក្ដីស្រឡាញ់
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 វិច្ឆិកា ទំ. ៨-១៣

ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៧

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

‹ពួក​គង្វាល​ដែល​ឃ្វាល​ហ្វូង​ចៀម​ដោយ​យក​ចិត្ត​ទុក​ដាក់›

​«​ខ្ញុំ​នឹង​តែង​តាំង​ពួក​គង្វាល​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់​»។—យេ. ២៣:៤

ចំណុច​ផ្ដោត

អ្វី​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ និង​របៀប​ដែល​ពួក​គេ​អាច​ថែ​រក្សា​ចៀម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​បំផុត។

១​-​២. (​ក​) តើ​ពួក​អ្នក​ចាស់​ទុំ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​យើង​ទទួល​ជំនួយ​ដែល​យើង​ត្រូវ​ការ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ពួក​គង្វាល​នៅ​សម័យ​គម្ពីរ​»​)

តើ​អ្នក​អាច​នឹក​ចាំ​អំពី​ពេល​ណា​មួយ​ក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​បាន​ជួយ​អ្នក​ឬ​ទេ? គាត់​ប្រហែល​ជា​ឲ្យ​ឱវាទ​ពី​គម្ពីរ​ដល់​អ្នក​ពេល​ដែល​អ្នក​កំពុង​ដើរ​ផ្លូវ​ខុស។ គាត់​ប្រហែល​ជា​បាន​សម្រាល​ទុក្ខ​អ្នក​ក្រោយ​ពី​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​បាន​ស្លាប់ ឬ​គាត់​ប្រហែល​ជា​បាន​រំលឹក​អ្នក​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​យ៉ាង​ខ្លាំង ទោះ​បី​ជា​នៅ​ពេល​នោះ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​សម​ទទួល​សេចក្ដី​ស្រឡាញ់​ពី​លោក​ក៏​ដោយ។ បង​ស្រី​ម៉ារៀaពី​ប្រទេស​អេស្ប៉ាញ​និយាយ​ថា​៖ ​«​ពេល​ពួក​អ្នក​ចាស់​ទុំ​ជួយ​និង​ការ​ពារ​ខ្ញុំ​ដូច​គង្វាល​ឃ្លាំ​មើល​ហ្វូង​ចៀម​របស់​គាត់ ខ្ញុំ​ដឹង​ថា​ពួក​អ្នក​ចាស់​ទុំ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។ ពេល​ពួក​អ្នក​ចាស់​ទុំ​មក​លេង​ខ្ញុំ នេះ​បង្ហាញ​ថា ពួក​គេ​ពិត​ជា​ចង់​ស្គាល់​ខ្ញុំ ហើយ​ចង់​ស្គាល់​អំពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ខ្ញុំ​»។

២ ព្រះ​យេហូវ៉ា​ដឹង​ថា យើង​ត្រូវ​ការ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ នេះ​ជា​មូលហេតុ​ដែល​លោក​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​តែង​តាំង​ពួក​គង្វាល​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់​»។ តើ​ព្រះ​យេហូវ៉ា​ចង់​ប្រើ​បុរស​បែប​ណា​ឲ្យ​ធ្វើ​ជា​គង្វាល? លោក​ចង់​ប្រើ​បុរស​ដែល​‹នឹង​ធ្វើ​តាម​ចិត្ត​លោក› ជា​បុរស​ដែល​នឹង​ថែ​រក្សា​រាស្ត្រ​របស់​លោក​ដោយ​ចំណេះ​និង​ការ​យល់​ធ្លុះ​ជ្រៅ។ (​យេ. ៣:១៥; ២៣:៤​) ក្នុង​ចំណោម​បុរស​ទាំង​នោះ លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​បំផុត​ក្នុង​នាម​ជា​គង្វាល។ ក្រោយ​មក លោក​យេស៊ូ​បាន​រៀប​ចំ​ឲ្យ​មាន​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​ធ្វើ​ជា​គង្វាល​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​អេភ. ៤:៧, ៨, ១១​) ក្នុង​អត្ថបទ​នេះ ដំបូង យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​លោក​យេស៊ូ​ក្នុង​នាម​ជា​គង្វាល។ ក្រោយ​មក យើង​នឹង​ពិចារណា​អំពី​សមត្ថភាព​និង​គុណ​សម្បត្តិ​មួយ​ចំនួន​ដែល​នឹង​ជួយ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ទៅ​ជា​គង្វាល​ដ៏​ល្អ។ ចុង​ក្រោយ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ពួក​អ្នក​ចាស់​ទុំ​មាន​អំណរ​ពេល​ដែល​ពួក​គេ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ។

ពួក​គង្វាល​នៅ​សម័យ​គម្ពីរ

គម្ពីរ​បាន​ប្រដូច​អ្នក​ចាស់​ទុំ​ទៅ​នឹង​គង្វាល។ ហេតុ​អ្វី? ដើម្បី​ដឹង សូម​គិត​អំពី​លក្ខណៈ​របស់​ពួក​គង្វាល​នៅ​សម័យ​គម្ពីរ​៖

  • ការ​ខំ​ប្រឹង​ព្យាយាម។ គង្វាល​នាំ​ហ្វូង​ចៀម​របស់​គាត់​ទៅ​វាល​ស្មៅ​ខៀវ​ខ្ចី ហើយ​គាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​វា​ស៊ី​បាន​ឆ្អែត។ (​អេគ. ៣៤:១៤​) ពេល​ចៀម​រង​របួស គាត់​ព្យាបាល​វា​និង​ថ្នាក់​ថ្នម​វា។ (​អេគ. ៣៤:៤​) គាត់​ស៊ូ​ទ្រាំ​ក្រោម​អាកាសធាតុ​ក្ដៅ​នៅ​ពេល​ថ្ងៃ​និង​អាកាសធាតុ​ត្រជាក់​នៅ​ពេល​យប់ ដើម្បី​ថែ​រក្សា​ហ្វូង​ចៀម​របស់​គាត់។—ដក. ៣១:៤០

  • គួរ​ឲ្យ​ទុក​ចិត្ត។ ស្ដី​អំពី​សត្វ​ចៀម​ស្រុក បើ​គ្មាន​គង្វាល​មើល​ថែ​ទេ ពួក​វា​នឹង​ងាយ​វង្វេង​បាត់​ពី​ហ្វូង ខ្ចាត់​ខ្ចាយ ឬ​ថែម​ទាំង​ងាយ​ត្រូវ​សត្វ​ឯ​ទៀត​សម្លាប់។ (​អេគ. ៣៤:៥, ៦​) គង្វាល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត រាប់​ចំនួន​សត្វ​ចៀម​រៀង​រាល់​ល្ងាច ហើយ​ឆែក​មើល​សុខភាព​របស់​ហ្វូង​ចៀម។ ចៀម​របស់​គាត់​ទុក​ចិត្ត​គាត់ ហើយ​ពួក​វា​ស្គាល់​សំឡេង​របស់​គាត់ និង​ស្ដាប់​តាម​តែ​សំឡេង​នោះ​ប៉ុណ្ណោះ។—យ៉ូន. ១០:២​-​៥

  • ក្លាហាន។ គង្វាល​ការ​ពារ​ហ្វូង​សត្វ​របស់​គាត់​ដោយ​ចិត្ត​ក្លាហាន។ គាត់​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​ការ​ពារ​ហ្វូង​សត្វ​របស់​គាត់​ពី​ពួក​ចោរ​និង​ពី​សត្វ​ព្រៃ​ដូច​ជា សត្វ​តោ សត្វ​ឆ្កែ​ចចក និង​សត្វ​ខ្លា​ឃ្មុំ។—១សាំ. ១៧:៣៤, ៣៥

ចូរ​រៀន​ពី​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»​

៣. ហេតុ​អ្វី​លោក​យេស៊ូ​ហៅ​ខ្លួន​លោក​ថា​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»​? (​យ៉ូហាន ១០:១១, ១៤​)

៣ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ថា​៖ ​«​ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ​»។ (​សូម​អាន យ៉ូហាន ១០:១១, ១៤​) ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​ដូច្នេះ? ពីព្រោះ​លោក​ស្រឡាញ់​ពួក​អ្នក​កាន់​តាម​លោក​ឬ​ចៀម​របស់​លោក​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​លោក​«​លះ​បង់​ជីវិត​ដើម្បី​ចៀម​»។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ​»។ លោក​យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​អ្នក​កាន់​តាម​លោក​ម្នាក់​ៗ ហើយ​លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មក​ឯ​លោក​ដើម្បី​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ។ (​ម៉ាថ. ១១:២៨, ២៩​) ហេតុ​នេះ​ហើយ ពួក​គេ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​លោក និង​ទុក​ចិត្ត​លោក។

៤​-​៥. (​ក​) ហេតុ​អ្វី​បាន​ជា​ម៉ាថា​និង​ម៉ារៀ​ត្រូវ​ការ​ការ​គាំទ្រ​ពី​លោក​យេស៊ូ? (​ខ​) ​តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គេ?

៤ នៅ​យ៉ូហាន ជំពូក​ទី​១១ យើង​ឃើញ​ថា​លោក​យេស៊ូ​គឺ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ ពេល​នោះ លោក​ទៅ​ភូមិ​បេថានី​ដើម្បី​ជួប​ម៉ាថា​និង​ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​នាង។ ស្ត្រី​ទាំង​ពីរ​នាក់​នោះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​លោក​យេស៊ូ ដោយ​សារ​ឡាសា​ដែល​ជា​ប្អូន​ប្រុស​របស់​ពួក​គេ​បាន​ស្លាប់​អស់​ប៉ុន្មាន​ថ្ងៃ​ហើយ។ លោក​ស្រឡាញ់​បង​ប្អូន​ទាំង​បី​នាក់​នោះ​ណាស់។ (​យ៉ូន. ១១:៥​) លោក​យេស៊ូ​ឧស្សាហ៍​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ ដូច្នេះ​លោក​ស្គាល់​ពួក​គេ​យ៉ាង​ច្បាស់ ហើយ​ពួក​គេ​គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក។ ដំបូង ម៉ាថា​និង​ម៉ារៀ​ខក​ចិត្ត ពេល​ដែល​លោក​យេស៊ូ​មិន​បាន​មក​ដើម្បី​ធ្វើ​ឲ្យ​ប្អូន​ប្រុស​របស់​ពួក​គេ​ជា​សះ​ស្បើយ។ ទោះ​ជា​ឡាសា​បាន​ស្លាប់​ហើយ​ក្ដី ម៉ាថា​និង​ម៉ារៀ​ទុក​ចិត្ត​ថា លោក​យេស៊ូ​នឹង​សម្រាល​ទុក្ខ​ពួក​គេ​ក្នុង​កាល​ដែល​ពួក​គេ​កើត​ទុក្ខ។ តើ​ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ? ពេល​ពួក​អ្នក​ចាស់​ទុំ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ នោះ​ពួក​គេ​អាច​ជួយ​បង​ប្អូន​ពេល​ដែល​បង​ប្អូន​ត្រូវ​ការ។

៥ លោក​យេស៊ូ​ត្រូវ​ចំណាយ​ពេល​ពីរ​ថ្ងៃ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​បេថានី។ នៅ​ទី​នោះ លោក​ក៏​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ ព្រោះ​ពួក​អ្នក​តំបន់​យូឌា​ធ្លាប់​ព្យាយាម​សម្លាប់​លោក។ (​យ៉ូន. ១១:៨​) ទោះ​ជា​ដូច្នោះ​ក៏​ដោយ លោក​យេស៊ូ​សុខ​ចិត្ត​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដើម្បី​ជួយ​បង​ប្អូន​របស់​លោក។ បុរស​ដែល​ជា​គង្វាល​ដ៏​ល្អ​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ដោយ​សុខ​ចិត្ត​លះ​បង់​ដើម្បី​ជួយ​ចៀម​ដែល​ត្រូវ​ការ​ជំនួយ។

៦. តើ​លោក​យេស៊ូ​បាន​សម្រាល​ទុក្ខ​ម៉ាថា​យ៉ាង​ដូច​ម្ដេច?

៦ ពេល​លោក​យេស៊ូ​ធ្វើ​ដំណើរ​មក​ដល់​ជិត​ភូមិ​បេថានី ឡាសា​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ។ នៅ​ក្នុង​កាលៈទេសៈ​ដូច​នោះ ម៉ាថា​ឆ្ងល់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​មិន​បាន​មក​ជួយ​សង្គ្រោះ​ប្អូន​ប្រុស​របស់​នាង។ (​យ៉ូន. ១១:២១​) លោក​យេស៊ូ​ដឹង​ថា​នាង​ពិបាក​ចិត្ត ដូច្នេះ​លោក​បាន​ជួយ​នាង​ឲ្យ​គិត​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ចំពោះ​ប្អូន​ប្រុស​របស់​នាង​នៅ​ថ្ងៃ​អនាគត។ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​នាង​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ (​យ៉ូន. ១១:២៣​) ក្រោយ​មក លោក​យេស៊ូ​បាន​ស្ដាប់​ម៉ាថា​ពេល​នាង​រៀប​រាប់​អំពី​អារម្មណ៍​របស់​នាង ហើយ​លោក​បាន​ពង្រឹង​ជំនឿ​របស់​នាង​ដោយ​រំលឹក​នាង​ថា លោក​ទទួល​អំណាច​ពី​ព្រះ​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូន. ១១:២៤, ២៥​) ដូច​លោក​យេស៊ូ​ដែរ ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​លើក​ទឹក​ចិត្ត​បង​ប្អូន ដោយ​ស្ដាប់​ពួក​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ​លើ​សេចក្ដី​សន្យា​របស់​ព្រះ។

៧. តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ឃើញ​ក្រុម​គ្រួសារ​របស់​ឡាសា​និង​ជនជាតិ​យូដា​ឯ​ទៀត​កើត​ទុក្ខ? (​សូម​មើល​រូប​ភាពផង​ដែរ​)

៧ មុន​លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ឃើញ​ម៉ារៀ​ដែល​ជា​បង​ស្រី​របស់​ឡាសា​និង​ជនជាតិ​យូដា​ឯ​ទៀត កំពុង​យំ​នៅ​ក្បែរ​ទី​បញ្ចុះ​សព។ ពេល​ឃើញ​ដូច្នេះ តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា? គឺ​«​លោក​មាន​ចិត្ត​ក្ដុក​ក្ដួល ក៏​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​»។ ក្រោយ​មក លោក​«​ក៏​ស្រក់​ទឹក​ភ្នែក​»។ (​យ៉ូន. ១១:៣៣, ៣៥​) លោក​យេស៊ូ​ពិត​ជា​យល់​អារម្មណ៍​របស់​ពួក​គេ! ពេល​បណ្ដា​ជន​ឃើញ​លោក​យេស៊ូ​មាន​អារម្មណ៍​ដូច្នោះ នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់។ (​យ៉ូន. ១១:៣៦​) ដូច​លោក​យេស៊ូ​ដែរ គង្វាល​ដ៏​ល្អ​ព្យាយាម​យល់​អារម្មណ៍​របស់​បង​ប្អូន​រួម​ជំនឿ។—រ៉ូម ១២:១៥

លោក​យេស៊ូ​យំ​ជា​មួយ​ម៉ារៀ ម៉ាថា និង​បណ្ដា​ជន​មួយ​ក្រុម​ដែល​កើត​ទុក្ខ កាល​ដែល​ពួក​គេ​ដើរ​ទៅ​កាន់​ទី​បញ្ចុះ​សព​របស់​ឡាសា។

លោក​យេស៊ូ ម៉ាថា ម៉ារៀ និង​អ្នក​ឯ​ទៀត​កំពុង​សោកសៅ​នឹង​ការ​បាត់​បង់​ឡាសា​ដែល​ជា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ (​សូម​មើល​វគ្គ​៧​)​


៨. តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ប្រាកដ​យ៉ាង​ណា​ថា​កិច្ច​ការ​ថែ​រក្សា​ចៀម​របស់​លោក​គឺ​នៅ​តែ​បន្ត​ក្រោយ​ពី​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ?

៨ លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ជា​គង្វាល​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​លោក​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ដូច​លោក​ដែរ។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​សាវ័ក​ពេត្រុស ព្រម​ទាំង​ពួក​សាវ័ក​ឯ​ទៀត ឲ្យ​បន្ត​ថែ​រក្សា​ចៀម​របស់​លោក។ លោក​យេស៊ូ​លើក​បញ្ជាក់​ថា គឺ​សំខាន់​ឲ្យ​ថែ​រក្សា​«​ចៀម​តូច​ៗ​»​របស់​លោក។b (​យ៉ូន. ២១:១៥​-​១៧​) ពេត្រុស​មិន​ដែល​ភ្លេច​ប្រសាសន៍​របស់​លោក​យេស៊ូ​ឡើយ។ ច្រើន​ឆ្នាំ​ក្រោយ​មក ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​បន្ត​ថែ​រក្សា​ចៀម​តូច​ៗ​ទាំង​នោះ​ដែល​មាន​តម្លៃ​ចំពោះ​លោក​យេស៊ូ។—១ពេ. ៥:១, ២

ចូរ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​និង​គុណ​សម្បត្តិ

៩. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ពួក​គង្វាល​មាន​ភារកិច្ច​ដ៏​ធំ? (​សកម្មភាព ២០:២៨​)

៩ សាវ័ក​ប៉ូល​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ ឲ្យ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​នាម​ជា​គង្វាល។ (​សូម​អាន សកម្មភាព ២០:២៨​) ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​បាន​ទទួល​ភារកិច្ច​ដ៏​សំខាន់​នេះ​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ដាវីឌ​និយាយ​ថា​៖ ​«​គឺ​ដូច​ជា​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ថា​៖ ‹តើ​អ្នក​ឃើញ​ចៀម​តូច​ៗ​ទាំង​នេះ​ទេ? ពួក​គេ​គឺ​ជា​របស់​ខ្ញុំ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ជួយ​ខ្ញុំ​ថែ​រក្សា​ពួក​គេ›​»។ នេះ​គឺ​ជា​ភារកិច្ច​ដ៏​ធំ​មួយ។ ជួន​កាល អ្នក​ចាស់​ទុំ​ប្រហែល​ជា​សង្ស័យ​ថា ខ្លួន​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់ ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ដែល​ខ្សោយ ឬ​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​ទេ។ (​១ថែ. ៥:១៤​) ប៉ុន្តែ ពួក​អ្នក​ចាស់​ទុំ​ក៏​ទទួល​ស្គាល់​ថា ពួក​គេ​អាច​បំពេញ​ភារកិច្ច​របស់​ពួក​គេ​បាន ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​កម្លាំង​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ថែ​រក្សា​ចៀម​របស់​លោក។ (​ភី. ៤:១៣​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ចាស់​ទុំ​ម្នាក់​ៗ​អាច​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​និង​គុណ​សម្បត្តិ​ដែល​នឹង​ជួយ​គាត់​ឲ្យ​ទៅ​ជា​គង្វាល​ដ៏​ល្អ​ជាង។ ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​សមត្ថភាព​និង​គុណ​សម្បត្តិ​មួយ​ចំនួន។

១០. តើ​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​គង្វាល​ដ៏​ល្អ ហើយ​ហេតុ​អ្វី? (​សុភាសិត ២៧:២៣ និង​កំណត់​សម្គាល់​)

១០ សូម​ស្គាល់​ចៀម​ឲ្យ​បាន​ច្បាស់។ (​សូម​អាន សុភាសិត ២៧:២៣ និង​កំណត់​សម្គាល់​) សេចក្ដី​បក​ប្រែ​មួយ​បាន​បក​ប្រែ​ខ​នេះ​ថា​៖ ​«​ចូរ​រៀន​អ្វី​ទាំង​អស់​ដែល​អ្នក​អាច​រៀន​បាន​អំពី​ចៀម​របស់​អ្នក​»។c ពិត​មែន​តែ​យើង​មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​របស់​អ្នក​ឯ​ទៀត​ដោយ​សួរ​សំណួរ​អំពី​រឿង​ផ្ទាល់​ខ្លួន​ពេល​ដែល​គ្មាន​ការ​ចាំ​បាច់​ទេ។ (​១ពេ. ៤:១៥​) ប៉ុន្តែ ដូច​បង​ដាវីឌ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​៖ ​«​យើង​ត្រូវ​ស្គាល់​អំពី​បញ្ហា​របស់​បង​ប្អូន​យើង​ជា​មុន​សិន ទើប​យើង​អាច​ប្រើ​បទ​គម្ពីរ​ត្រឹម​ត្រូវ​ដើម្បី​ជួយ​ពួក​គេ​»។

១១. តើ​បង​ប្អូន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​អ្នក​ចាស់​ទុំ​ស្ដាប់​ពួក​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់?

១១ សូម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ គង្វាល​អាច​ស្គាល់​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន ដោយ​ស្ដាប់​ពួក​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ (​យ៉ា. ១:១៩​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​កេតរ៉ឹន ដែល​ប្ដី​របស់​គាត់​បាន​ចុះ​ចោល​គាត់​និង​កូន​ៗ​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ពួក​អ្នក​ចាស់​ទុំ​បាន​សួរ​សំណួរ​ដើម្បី​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​យើង ហើយ​ស្ដាប់​អ្វី​ដែល​ខ្ញុំ​និយាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ យ៉ាង​នេះ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​តម្លៃ​និង​ទទួល​បាន​សេចក្ដី​ស្រឡាញ់។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួក​គេ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចង់​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លង​កាត់​និង​យល់​អំពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ ការ​សន្ទនា​នោះ​រំលឹក​ខ្ញុំ​ថា ព្រះ​យេហូវ៉ា​មិន​បាន​បោះ​បង់​ចោល​យើង​ឡើយ​»។

១២. តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​អាច​ប្រើ​គម្ពីរ​យ៉ាង​ប៉ិន​ប្រសប់​ពេល​ទៅ​លេង​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល?

១២ សូម​ប្រើ​ខ​គម្ពីរ​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ចៀម។ (​ទីត. ១:៧, ៩​) ពេល​អ្នក​ចាស់​ទុំ​ស្គាល់​អំពី​បញ្ហា​ដែល​បង​ប្អូន​កំពុង​ឆ្លង​កាត់ នោះ​គាត់​អាច​ជួយ​ពួក​គេ​បាន​ល្អ​ជាង។d អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អេនទ្រូ​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ប្រើ​គោល​ការណ៍​គម្ពីរ​និង​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន។ ខ្ញុំ​ច្រើន​តែ​ប្រើ​សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ស្វែង​រក​ខ​គម្ពីរ​»។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ច្រើន ឈ្មោះ​អេលីអ៊ូ​ក៏​ប្រើ​សៀវភៅ​នោះ​ដែរ។ គាត់​និយាយ​ថា​៖ ​«​ជា​ញឹក​ញយ ខ្ញុំ​មើល​ផ្នែក​‹កង្វល់› ‹ខក​ចិត្ត› និង​‹ធ្លាក់​ទឹក​ចិត្ត›​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ទៅ​លេង​សួរ​សុខ​ទុក្ខ​បង​ប្អូន ព្រោះ​នេះ​គឺ​ជា​អារម្មណ៍​ដែល​បង​ប្អូន​ខ្លះ​មាន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​បាន​រក​ឃើញ​ខ​គម្ពីរ​ជា​ច្រើន​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​ពួក​គេ​»។ បង​កេតរ៉ឹន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​វគ្គ​មុន​នឹក​ចាំ​ថា​៖ ​«​អ្នក​ចាស់​ទុំ​ម្នាក់​បាន​បង្ហាញ​អេសាយ ២៦:៣​ដល់​ខ្ញុំ។ ខ្ញុំ​និង​កូន​ស្រី​របស់​ខ្ញុំ​អាន​ខ​គម្ពីរ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ ខ​គម្ពីរ​ដ៏​សម្រាល​ទុក្ខ​នេះ​បាន​ជួយ​យើង ពេល​ដែល​យើង​ស្ថិត​នៅ​ក្នុង​គ្រា​លំបាក​»។

១៣. តើ​អ្វី​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​ទៅ​ជា​បុគ្គល​ដែល​ស្រួល​ទាក់​ទង? (​សូម​មើល​ផង​ដែរ​នូវ​រូប​ភាព​និង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»​)

១៣ ស្រួល​ទាក់​ទង។ ទោះ​បី​ជា​លោក​យេស៊ូ​ជាប់​រវល់​ខ្លាំង​ក្ដី លោក​តែង​តែ​លៃ​ទុក​ពេល​ដើម្បី​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត រួម​ទាំង​កូន​ក្មេង​ដែរ។ (​លូក. ១៨:១៥, ១៦​) តើ​ពួក​អ្នក​ចាស់​ទុំ​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ? គង្វាល​ដ៏​ល្អ​លៃ​ទុក​ពេល​ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ទាំង​អស់ ទាំង​ចាស់​ទាំង​ក្មេង។ សូម្បី​តែ​ការ​សន្ទនា​ខ្លី​ៗ​មុន​និង​ក្រោយ​កិច្ច​ប្រជុំ ក៏​អាច​ជួយ​បង​ប្អូន​ឲ្យ​កាន់​តែ​ទុក​ចិត្ត​ពួក​គេ ហើយ​បង​ប្អូន​នឹង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ។ បង​ស្រី​ម្នាក់​ឈ្មោះ​ឡូរេន​រៀប​រាប់​ថា​៖ ​«​គឺ​ងាយ​ស្រួល​ជាង​ឲ្យ​ខ្ញុំ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ដែល​តែង​តែ​សួរ​សុខ​ទុក្ខ​ខ្ញុំ ហើយ​ដែល​ធ្លាប់​ស្នើ​សុំ​ជួយ​ខ្ញុំ។ ដូច្នេះ បើ​ខ្ញុំ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ណា​មួយ នោះ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​សុំ​ជំនួយ​ពី​គាត់​ជាង ដោយ​សារ​ខ្ញុំ​ដឹង​ថា​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​និង​ចង់​ជួយ​ខ្ញុំ​»។

បណ្ដុំ​រូប​ភាព​៖ អ្នក​ចាស់​ទុំ​ម្នាក់​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ក្នុង​ជំនុំ។ ១. អ្នក​ចាស់​ទុំ​ម្នាក់​និង​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​លេង​ហ្គេម​នៅ​លើ​តុ​ជា​មួយ​នឹង​មិត្ត​ភក្ដិ។ ២. បង​ស្រី​ម្នាក់​និង​កូន​ស្រី​របស់​នាង​ដែល​បាន​លេង​ហ្គេម​កាល​ពី​ថ្ងៃ​មុន កំពុង​និយាយ​លេង​ជា​មួយ​អ្នក​ចាស់​ទុំ​ម្នាក់​នោះ​និង​ក្រុម​គ្រួសារ​គាត់​នៅ​ឯ​សាល​ប្រជុំ។

គង្វាល​ដ៏​ល្អ​ធ្វើ​ឲ្យ​បង​ប្អូន​ទុក​ចិត្ត​គាត់​និង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​គាត់ ​(​សូម​មើល​វគ្គ​១៣​)​


​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»​

គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គោរព​ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។ (​១ធី. ៥:១៧​) ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​អ្នក​ចាស់​ទុំ​គួរ​រំពឹង​ថា​បង​ប្អូន​នឹង​ផ្ដល់​ងារ​ពិសេស​ដល់​ពួក​គេ​ឬ​ប្រើ​ភាសា​ផ្លូវ​ការ​មក​កាន់​ពួក​គេ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ប្រសើរ​ជាង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? មិន​មែន​ទេ។ គោល​ដៅ​របស់​ពួក​អ្នក​ចាស់​ទុំ គឺ​បម្រើ​បង​ប្អូន មិន​មែន​ធ្វើ​ជា​ម្ចាស់​លើ​ពួក​គេ​ទេ។ (​លូក. ២២:២៥​-​២៧; ១ពេ. ៥:២, ៣​) គម្ពីរ​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ទាំង​អស់​ឲ្យ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក។ (​រ៉ូម ១២:១០​) នៅ​វប្បធម៌​ខ្លះ គឺ​ជា​រឿង​ធម្មតា​ដែល​បុគ្គល​វ័យ​ក្មេង​និយាយ​ទៅ​កាន់​បុគ្គល​វ័យ​ចាស់​ដោយ​ប្រើ​ពាក្យ​ដែល​បង្ហាញ​ការ​គោរព ជាង​ពេល​ដែល​ពួក​គេ​និយាយ​ទៅ​កាន់​បុគ្គល​ដែល​មាន​អាយុ​ស្រករ​ពួក​គេ។ គម្ពីរ​មិន​បាន​ចាត់​ទុក​វប្បធម៌​បែប​នេះ​ថា​ខុស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​បុគ្គល​វ័យ​ចាស់។ (​ចល. ១៩:៣២​) ទោះ​ជា​ដូច្នោះ​ក៏​ដោយ អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​រាប​ទាប មិន​ព្យាយាម​ឲ្យ​អ្នក​ឯ​ទៀត​និយាយ​មក​កាន់​គាត់​តាម​របៀប​ពិសេស ឬ​គោរព​គាត់​ខ្លាំង​ហួស​ហេតុ​ពេក​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ទៅ​ពិសេស​ជាង​អ្នក​ឯ​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ចាស់​ទុំ​ចង់​ឲ្យ​បង​ប្អូន​មាន​អារម្មណ៍​ស្រួល​និង​ចង់​ចូល​មក​ជិត​ពួក​គេ។ ដើម្បី​ឲ្យ​បង​ប្អូន​ស្រួល​ទាក់​ទង​ជា​មួយ អ្នក​ចាស់​ទុំ​ជា​ច្រើន​ប្រាប់​បុគ្គល​ដែល​ក្មេង​ជាង​គាត់​ឲ្យ​ហៅ​គាត់​តាម​របៀប​ធម្មតា ដែល​ធ្វើ​ឲ្យ​បង​ប្អូន​នោះ​មាន​អារម្មណ៍​ស្រួល​និង​កក់​ក្ដៅ។ ពួក​គេ​ក៏​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ប្រើ​ពាក្យ​សាមញ្ញ​ពេល​និយាយ​ជា​មួយ​នឹង​ពួក​គេ ដូច​និយាយ​ជា​មួយ​មិត្ត​ភក្ដិ​ដែរ។ យ៉ាង​នេះ បង​ប្អូន​មាន​អារម្មណ៍​ស្រួល​ទាក់​ទង​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ។ ពួក​អ្នក​ចាស់​ទុំ​នឹង​មិន​សុំ​ឲ្យ​បង​ប្អូន​ហៅ​ពួក​គេ​ដោយ​ប្រើ​ងារ​ពិសេស​ណា​មួយ ដើម្បី​លើក​ពួក​គេ​ប្រសើរ​ជាង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឡើយ។ លោក​យេស៊ូ​បាន​រំលឹក​ពួក​អ្នក​កាត់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»។—ម៉ាថ. ២៣:៨​-​១២

១៤. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ខ្វាន់?

១៤ បង្ហាញ​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​ឯ​ទៀត​នឹង​ដឹង​ថា​អ្នក​ណា​ជា​អ្នក​កាន់​តាម​លោក ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា។ (​យ៉ូន. ១៣:៣៥​) ពេល​អ្នក​ចាស់​ទុំ​ស្រឡាញ់​ចៀម​របស់​ព្រះ​យេហូវ៉ា នេះ​បង្ហាញ​ថា​គាត់​គឺ​ជា​គង្វាល​ដ៏​ល្អ។ បង​ប្រុស​ម្នាក់​ឈ្មោះ​ខ្វាន់​ដែល​ឥឡូវ​ជា​អ្នក​ចាស់​ទុំ ក៏​បាន​ទទួល​ប្រយោជន៍​ពី​ការ​គាំទ្រ​របស់​គង្វាល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ គាត់​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត ហើយ​មិន​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ទេ។ ប៉ុន្តែ ដោយ​សារ​អ្នក​ចាស់​ទុំ​ម្នាក់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​បាន​បន្ត​សិក្សា​គម្ពីរ​និង​ចូល​រួម​កិច្ច​ប្រជុំ។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចាស់​ទុំ​នោះ បាន​ជួយ​ខ្ញុំ​មិន​ឲ្យ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ដឹង​គុណ​អ្នក​ចាស់​ទុំ​នោះ​ដែល​បង្ហាញ​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ ហើយ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ខ្ញុំ។ នោះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ខំ​ព្យាយាម​»។

មូលហេតុ​ដែល​ពួក​អ្នក​ចាស់​ទុំ​មាន​អំណរ​ពេល​ថែ​រក្សា​ចៀម​របស់​ព្រះ

១៥. ហេតុ​អ្វី​អ្នក​ចាស់​ទុំ​អាច​មាន​អំណរ​ពេល​ថែ​រក្សា​ចៀម​របស់​ព្រះ? (​សកម្មភាព ២០:៣១, ៣៥​)

១៥ ភារកិច្ច​ជា​គង្វាល​គឺ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ូល​និយាយ​ថា ជួន​កាល​គាត់​មាន​អារម្មណ៍​ខ្វល់​ខ្វាយ ហើយ​ពិបាក​គេង ដោយ​សារ​គាត់​បារម្ភ​អំពី​ចៀម​របស់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​ពួក​គេ។ (​២កូ. ១១:២៧, ២៨​) ប៉ុន្តែ ពេល​គាត់​នឹក​ឃើញ​អំពី​ការ​ខំ​ប្រឹង​របស់​គាត់​ដើម្បី​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ គាត់​នឹក​ឃើញ​ដល់​ពាក្យ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ​ដែល​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សូម​អាន សកម្មភាព ២០:៣១, ៣៥​) បង​ប្រុស​ហាវយើ​ដែល​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​៣០​ឆ្នាំ​ជាង ក៏​មាន​អារម្មណ៍​ដូច​ប៉ូល​ដែរ។ គាត់​និយាយ​ថា​៖ ​«​ការ​ថែ​រក្សា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ បាន​ជួយ​ពង្រឹង​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា។ ពេល​ខ្ញុំ​ទៅ​លេង​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល នេះ​រំលឹក​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​ថែ​រក្សា​អស់​អ្នក​ដែល​ស្រឡាញ់​លោក​និង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»។

១៦. ហេតុ​អ្វី​ប៉ូល​ប្រដូច​កិច្ចការ​ដែល​គាត់​ធ្វើ​ទៅ​នឹង​ម្ដាយ?

១៦ គង្វាល​ដ៏​ល្អ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ដូច​ម្ដាយ​ដែល​ស្រឡាញ់​កូន។ ប៉ូល​បាន​ប្រដូច​កិច្ចការ​ដែល​គាត់​ធ្វើ​ទៅ​នឹង​ម្ដាយ ពេល​ដែល​គាត់​គិត​អំពី​បង​ប្អូន​នៅ​ក្រុម​ជំនុំ​នា​ក្រុង​ថែស្សាឡូនិច។ (​១ថែ. ២:៧, ៨​) ម្ដាយ​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​កូន​របស់​នាង តែ​នាង​ក៏​មាន​អំណរ​យ៉ាង​ខ្លាំង​ដែរ។ ដូច​ម្ដាយ​មាន​មោទនភាព​ពេល​ដែល​នាង​ឃើញ​កូន​របស់​នាង​ធំ​លូត​លាស់​ឡើង ប៉ូល​ក៏​មាន​មោទនភាព​ពេល​ដែល​គាត់​ឃើញ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​នា​ក្រុង​ថែស្សាឡូនិច​កំពុង​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែរ។ (​២ថែ. ១:៣, ៤​) នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ចាស់​ទុំ​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ក៏​មាន​អំណរ​យ៉ាង​ខ្លាំង​ពី​ការ​ជួយ​អ្នក​ឯ​ទៀត​និង​ឃើញ​អ្នក​ឯ​ទៀត​កំពុង​រីក​ចម្រើន។ បង​ប្រុស​មីកេល​ជា​អ្នក​ចាស់​ទុំ​ដែល​បាន​ជួយ​បង​ខ្វាន់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​បាន​ជួយ​ប្អូន​ខ្វាន់​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ​ជា​គ្រិស្ត​សាសនិក ហើយ​ឥឡូវ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​ឃើញ​ថា​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​ចាស់​ទុំ​»។

១៧. ហេតុ​អ្វី​អ្នក​មាន​ចិត្ត​ដឹង​គុណ​ដែល​ព្រះ​យេហូវ៉ា​រៀប​ចំ​ឲ្យ​មាន​ពួក​គង្វាល?

១៧ យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​លោក​បាន​រៀប​ចំ​ឲ្យ​មាន​គង្វាល​ដ៏​ស្មោះ​ត្រង់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ យើង​ឃើញ​ថា ពួក​គេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដែល​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ យើង​មាន​ចិត្ត​ដឹង​គុណ​ដែល​ពួក​គេ​ខំ​ប្រឹង​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​និង​គុណ​សម្បត្តិ​ផ្សេង​ៗ​ដើម្បី​ពួក​គេ​អាច​ជូន​ឱវាទ ពង្រឹង​កម្លាំង​ចិត្ត និង​សម្រាល​ទុក្ខ​យើង។ គង្វាល​ទាំង​នោះ​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​យើង​និង​ចំពោះ​ព្រះ​យេហូវ៉ា!—១ថែ. ៥:១២, ១៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​លោក​យេស៊ូ​គឺ​ជា​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»​?

  • ដើម្បី​ទៅ​ជា​គង្វាល​ដ៏​ល្អ​ជាង តើ​អ្នក​ចាស់​ទុំ​អាច​បណ្ដុះ​សមត្ថភាព​និង​គុណ​សម្បត្តិ​អ្វី​ខ្លះ?

  • ហេតុ​អ្វី​អ្នក​ចាស់​ទុំ​អាច​មាន​អំណរ​ពេល​ថែ​រក្សា​ចៀម​របស់​ព្រះ?

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត

a ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b លោក​យេស៊ូ​ហៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​«​ចៀម​តូច​ៗ​»។ ពាក្យ​នេះ​បង្ហាញ​ថា លោក​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។

c ទោះ​បី​ជា​សុភាសិត ២៧:២៣​សំដៅ​ទៅ​លើ​គង្វាល​ដែល​ថែ​រក្សា​សត្វ​ចៀម​របស់​ពួក​គេ​ក្ដី ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​គង្វាល​ក៏​អាច​ធ្វើ​តាម​ខ​គម្ពីរ​នេះ​ដើម្បី​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ​យេហូវ៉ា​ដែរ។

d ពេល​ពួក​អ្នក​ចាស់​ទុំ​ទៅ​លេង​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល ពួក​គេ​ចាំ​ថា​ពួក​គេ​មិន​មាន​សិទ្ធិ​ប្រាប់​បង​ប្អូន​អំពី​អ្វី​ដែល​បង​ប្អូន​ត្រូវ​ធ្វើ​នោះ​ទេ។ (​២កូ. ១:២៤​) គ្រិស្ត​សាសនិក​ម្នាក់​ៗ​មាន​ភារកិច្ច​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ (​កាឡ. ៦:៥​) សូម​មើល​ផង​ដែរ​នូវ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ ទំ.២៧​-​២៨ វ.២​-​៤។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក