អេភេសូរ
៣ ហេតុនេះ ខ្ញុំ ប៉ូល ដែលជាអ្នកទោសដើម្បីគ្រិស្តយេស៊ូ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាជនជាតិដទៃ . . . ២ ប្រសិនបើអ្នករាល់គ្នាពិតជាបានឮថា ខ្ញុំបានទទួលភារកិច្ចជួយអ្នករាល់គ្នាឲ្យទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះ ៣ គឺថា អាថ៌កំបាំងដ៏ពិសិដ្ឋបានត្រូវបើកបង្ហាញដល់ខ្ញុំ ដូចខ្ញុំបានសរសេរយ៉ាងខ្លីខាងលើ។ ៤ អាស្រ័យហេតុនេះ ពេលដែលអ្នករាល់គ្នាអានសេចក្ដីនេះ អ្នករាល់គ្នាអាចដឹងថាខ្ញុំមានការយល់ដឹងយ៉ាងណាអំពីអាថ៌កំបាំងដ៏ពិសិដ្ឋអំពីគ្រិស្ត។ ៥ នៅជំនាន់មុនៗ អាថ៌កំបាំងនេះមិនបានត្រូវបើកឲ្យមនុស្សដឹង ដូចបានត្រូវបើកបង្ហាញដល់ពួកសាវ័កបរិសុទ្ធនិងពួកអ្នកប្រកាសទំនាយរបស់ព្រះ តាមរយៈសកម្មពល* របស់លោកទេ។ ៦ អាថ៌កំបាំងនោះគឺថា ជនជាតិដទៃត្រូវធ្វើជាអ្នកទទួលមត៌ករួមគ្នា ហើយជាអវយវៈនៃរូបកាយតែមួយ ក៏មានចំណែកក្នុងសេចក្ដីសន្យារបស់ព្រះជាមួយនឹងយើង ដោយសារពួកគេជាអ្នកកាន់តាមគ្រិស្តយេស៊ូតាមរយៈដំណឹងល្អ។ ៧ ខ្ញុំបានទៅជាអ្នកបម្រើនៃអាថ៌កំបាំងនេះ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។ លោកបានឲ្យអំណោយទាននេះដល់ខ្ញុំ ពេលដែលលោកឲ្យឫទ្ធានុភាពរបស់លោកដល់ខ្ញុំ។
៨ គុណដ៏វិសេសលើសលប់នេះបានត្រូវឲ្យដល់ខ្ញុំ ដែលជាអ្នកតូចជាងអ្នកតូចបំផុតក្នុងចំណោមពួកអ្នកបរិសុទ្ធ។ គុណដ៏វិសេសលើសលប់នេះគឺថា ខ្ញុំត្រូវប្រកាសដំណឹងល្អដល់ប្រជាជាតិនានា អំពីទ្រព្យសម្បត្ដិរបស់គ្រិស្តដែលជាទ្រព្យសម្បត្ដិដ៏អស្ចារ្យហួសពីការនឹកស្មាន ៩ ហើយត្រូវធ្វើឲ្យមនុស្សទាំងឡាយយល់អំពីរបៀបដែលអាថ៌កំបាំងដ៏ពិសិដ្ឋត្រូវចាត់ចែង ជាអាថ៌កំបាំងដែលបានត្រូវលាក់ទុកតាំងពីអស់កាលដ៏យូរលង់នៅក្នុងព្រះដែលបានបង្កើតអ្វីៗទាំងអស់។ ១០ ការនេះគឺដើម្បីឲ្យរដ្ឋាភិបាលនិងអាជ្ញាធរទាំងឡាយនៅស្ថានសួគ៌ដឹងឥឡូវនេះអំពីលក្ខណៈដ៏ច្រើនអនេកនៃប្រាជ្ញារបស់ព្រះ តាមរយៈក្រុមជំនុំ ១១ ស្របទៅតាមគោលបំណងដែលមានជានិរន្តរ៍ដែលលោកបានគ្រោងទុកទាក់ទងនឹងគ្រិស្ត គឺលោកយេស៊ូជាម្ចាស់របស់យើង ១២ ដែលដោយសារលោក យើងអាចនិយាយដោយក្លាហាន ហើយតាមរយៈជំនឿរបស់យើងលើលោក យើងមានផ្លូវចូលទៅជិតព្រះដោយមានទំនុកចិត្ត។ ១៣ ដូច្នេះ ខ្ញុំសូមអ្នករាល់គ្នាកុំឈប់តស៊ូព្រោះតែសេចក្ដីវេទនាដែលខ្ញុំមានដើម្បីអ្នករាល់គ្នា ព្រោះនោះនាំឲ្យអ្នករាល់គ្នាទទួលកិត្ដិយស។
១៤ . . . ហេតុនេះ ខ្ញុំលុតជង្គង់អធិដ្ឋានដល់បិតានៅស្ថានសួគ៌ ១៥ ដែលគ្រប់គ្រួសារនៅស្ថានសួគ៌និងនៅផែនដីមាននាមត្រកូលពីលោកមក ១៦ ហើយខ្ញុំសុំលោក ដែលមានសិរីរុងរឿងដ៏បរិបូរ ធ្វើឲ្យអ្នករាល់គ្នាមានកម្លាំងចិត្តខ្លាំងក្លា តាមរយៈសកម្មពលរបស់លោក ១៧ ហើយឲ្យគ្រិស្តអាស្រ័យនៅក្នុងចិត្តអ្នករាល់គ្នាជាមួយនឹងសេចក្ដីស្រឡាញ់ តាមរយៈជំនឿរបស់អ្នក ហើយឲ្យអ្នករាល់គ្នាបានចាក់ឫសនិងតាំងឡើងលើគ្រឹះមាំមួន ១៨ ដើម្បីឲ្យអ្នករាល់គ្នាអាចយល់ច្បាស់ដូចពួកអ្នកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត ១៩ ហើយក្នុងបំណងឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់របស់គ្រិស្ត ដែលលើសពីចំណេះដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញទៅដោយគុណសម្បត្ដិទាំងអស់ដែលព្រះផ្ដល់ឲ្យ។
២០ ចំពោះព្រះដែលអាចធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ ដោយឫទ្ធានុភាពរបស់លោកដែលកំពុងមានសកម្មភាពក្នុងយើង ២១ សូមឲ្យលោកទទួលការសរសើរតម្កើងតាមរយៈក្រុមជំនុំ និងតាមរយៈគ្រិស្តយេស៊ូ នៅគ្រប់ជំនាន់ជារៀងរហូតតទៅ។ អាមេន។