អត្ថបទអំពីក្របទស្សនាវដ្ដី | ការគ្រប់គ្រងរបស់ព្រះ តើផ្ដល់ប្រយោជន៍អ្វីខ្លះដល់លោកអ្នក?
រាជាណាចក្រព្រះ តើសំខាន់យ៉ាងណាចំពោះលោកយេស៊ូ?
ក្នុងអំឡុងពេលដែលលោកយេស៊ូផ្សព្វផ្សាយនៅផែនដី លោកបានមានប្រសាសន៍អំពីប្រធានបទជាច្រើន។ ជាឧទាហរណ៍ លោកបានបង្រៀនអ្នកកាន់តាមលោកអំពីរបៀបអធិដ្ឋាន របៀបធ្វើឲ្យព្រះពេញចិត្ត និងរបៀបរកឃើញសុភមង្គលពិត។ (ម៉ាថាយ ៦:៥-១៣; ម៉ាកុស ១២:១៧; លូកា ១១:២៨) ប៉ុន្តែ ប្រធានបទដែលលោកយេស៊ូពេញចិត្តប្រាប់ច្រើនជាងគេបំផុតនោះគឺ រាជាណាចក្រព្រះ។—លូកា ៦:៤៥
ដូចបានរៀបរាប់នៅអត្ថបទមុនថា លោកយេស៊ូបានចាត់ទុក‹ការផ្សព្វផ្សាយនិងការប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ›ជារឿងសំខាន់បំផុតក្នុងជីវិតលោក។ (លូកា ៨:១) ក្នុងកិច្ចការផ្សព្វផ្សាយនោះ លោកយេស៊ូបានព្យាយាមខ្លាំងណាស់ ដោយបានដើរអស់រាប់រយគីឡូម៉ែត្រពេញស្រុកអ៊ីស្រាអែល ដើម្បីបង្រៀនមនុស្សអំពីរាជាណាចក្រព្រះ។ សៀវភៅដំណឹងល្អទាំងបួនដែលមានក្នុងគម្ពីរបរិសុទ្ធបានកត់ទុកកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ។ ក្នុងសៀវភៅទាំងនោះបានលើកឡើងអំពីរាជាណាចក្រព្រះជាង១០០ដង។ ការលើកឡើងអំពីរាជាណាចក្រនោះ ភាគច្រើនជាប្រសាសន៍របស់លោកយេស៊ូ។ ប៉ុន្តែ អ្វីដែលបានកត់ទុកក្នុងសៀវភៅទាំងនោះគ្រាន់តែជាផ្នែកតូចមួយនៃសេចក្ដីបង្រៀនរបស់លោកយេស៊ូអំពីរាជាណាចក្រព្រះប៉ុណ្ណោះ!—យ៉ូហាន ២១:២៥
ពេលលោកយេស៊ូនៅផែនដី ហេតុអ្វីរាជាណាចក្រព្រះគឺសំខាន់ម្ល៉េះចំពោះលោក? មូលហេតុមួយ លោកយេស៊ូបានដឹងថាព្រះបានជ្រើសរើសលោកឲ្យធ្វើជាអ្នកគ្រប់គ្រងក្នុងរាជាណាចក្រនោះ។ (អេសាយ ៩:៦; លូកា ២២:២៨-៣០) ប៉ុន្តែ លោកយេស៊ូមិនបានផ្ដោតអារម្មណ៍ទៅលើការទទួលអំណាច ឬទទួលការលើកតម្កើងសម្រាប់ខ្លួនលោកឡើយ។ (ម៉ាថាយ ១១:២៩; ម៉ាកុស ១០:១៧, ១៨) ម្យ៉ាងទៀត លោកមិនបានផ្សព្វផ្សាយអំពីរាជាណាចក្រព្រះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនលោកទេ។ ប៉ុន្តែមូលហេតុសំខាន់បំផុត ដែលលោកយេស៊ូបានចាប់អារម្មណ៍ចំពោះរាជាណាចក្រព្រះ ហើយលោកនៅតែចាប់អារម្មណ៍ចំពោះរឿងនោះទៀតa គឺដោយសាររាជាណាចក្រនោះនឹងសម្រេចអ្វីៗជាច្រើនសម្រាប់អ្នកដែលលោកស្រឡាញ់ ពោលគឺបិតានៅស្ថានសួគ៌ និងអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោក។
តើរាជាណាចក្រព្រះនឹងធ្វើអ្វីខ្លះដើម្បីបិតារបស់លោកយេស៊ូ?
លោកយេស៊ូមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះបិតាលោក។ (សុភាសិត ៨:៣០; យ៉ូហាន ១៤:៣១) លោកគោរពស្រឡាញ់បិតាលោក ដោយសារបិតាលោកមានគុណសម្បត្ដិផ្សេងៗដូចជា សេចក្ដីស្រឡាញ់ សេចក្ដីអាណិតអាសូរ និងយុត្ដិធម៌ជាដើម។ (ចោទិយកថា ៣២:៤; អេសាយ ៤៩:១៥; យ៉ូហានទី១ ៤:៨) ពិតណាស់ លោកយេស៊ូច្បាស់ជាស្អប់ការនិយាយកុហកអំពីបិតារបស់លោកដែលថា ព្រះមិនអើពើចំពោះទុក្ខវេទនារបស់មនុស្សទេ និងថាព្រះចង់ឲ្យមនុស្សរងទុក្ខវេទនាជាដើម។ នេះជាមូលហេតុមួយដែលលោកយេស៊ូចង់ប្រកាសផ្សាយ«ដំណឹងល្អអំពីរាជាណាចក្រ»យ៉ាងខ្លាំង ព្រោះលោកដឹងថានៅពេលក្រោយមក រាជាណាចក្រនោះនឹងធ្វើឲ្យកេរ្ដិ៍ឈ្មោះបិតាលោកបានបរិសុទ្ធឡើងវិញ។ (ម៉ាថាយ ៤:២៣; ៦:៩, ១០) តើរាជាណាចក្រព្រះនឹងធ្វើដូច្នេះយ៉ាងដូចម្ដេច?
តាមរយៈរាជាណាចក្រនោះ ព្រះយេហូវ៉ានឹងធ្វើការផ្លាស់ប្ដូរដ៏ធំមួយដែលនឹងផ្ដល់ប្រយោជន៍ដល់មនុស្ស។ ព្រះយេហូវ៉ា«នឹងជូតអស់ទាំងទឹកភ្នែកចេញ»ពីភ្នែករបស់មនុស្សស្មោះត្រង់។ លោកនឹងបំបាត់ចោលដើមហេតុដែលធ្វើឲ្យមនុស្សស្រក់ទឹកភ្នែក ដោយធានាថា៖ «សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។ (ការបើកបង្ហាញ ២១:៣, ៤) ដូច្នេះ តាមរយៈរាជាណាចក្រនោះ ព្រះនឹងបំផ្លាញចោលទុក្ខវេទនាទាំងអស់របស់មនុស្ស។b
លោកយេស៊ូក៏ដឹងដែរថា រាជាណាចក្រព្រះនឹងផ្ដល់ប្រយោជន៍ដល់មនុស្សស្មោះត្រង់ដែលលោកស្រឡាញ់ ពោលគឺមនុស្សដែលគោរពប្រណិប័តន៍ព្រះតាមរបៀបដែលលោកពេញចិត្ត។ ហេតុនេះមិនមែនជាការចម្លែកទេ ដែលលោកយេស៊ូចង់ប្រាប់មនុស្សយ៉ាងខ្លាំងអំពីរាជាណាចក្រព្រះ! ព្រោះលោកដឹងថាតាមរយៈរាជាណាចក្រនោះនឹងបង្ហាញឲ្យឃើញថា បិតារបស់លោកមានឫទ្ធានុភាពដ៏ខ្លាំងក្លានិងមានសេចក្ដីអាណិតអាសូរយ៉ាងខ្លាំង។—យ៉ាកុប ៥:១១
តើរាជាណាចក្រព្រះនឹងធ្វើអ្វីខ្លះដើម្បីមនុស្សស្មោះត្រង់?
មុនពេលដែលលោកយេស៊ូមកផែនដី លោកធ្លាប់រស់នៅស្ថានសួគ៌ជាមួយនឹងបិតាលោក។ បិតាលោកបានប្រើលោកឲ្យបង្កើតអ្វីៗទាំងអស់ មានតាំងពីមេឃដ៏អស្ចារ្យ ផ្កាយដ៏ច្រើនឥតគណនា និងកាឡាស៊ីផ្សេងៗ រួមទាំងផែនដីដ៏ស្អាត និងសត្វទាំងឡាយដែលនៅផែនដីផង។ (កូឡុស ១:១៥, ១៦) ទោះជាយ៉ាងនោះក៏ដោយ ក្នុងចំណោមអ្វីៗដែលលោកយេស៊ូបានបង្កើត លោកមាន«សេចក្ដីអំណរ»យ៉ាងខ្លាំងចំពោះមនុស្សជាតិ។—សុភាសិត ៨:៣១
សេចក្ដីស្រឡាញ់ដែលលោកយេស៊ូមានចំពោះមនុស្ស បានបង្ហាញឲ្យឃើញក្នុងកិច្ចបម្រើផ្សាយរបស់លោក។ ពេលលោកចាប់ផ្ដើមកិច្ចបម្រើផ្សាយ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុដែលលោកមកផែនដី គឺដើម្បី«ប្រកាសដំណឹងល្អ»ដល់មនុស្សក្រីក្រ។ (លូកា ៤:១៨) ប៉ុន្តែ លោកយេស៊ូមិនគ្រាន់តែនិយាយអំពីការជួយមនុស្សប៉ុណ្ណោះទេ តែលោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សម្ដងហើយម្ដងទៀត។ ជាឧទាហរណ៍ ពេលលោកយេស៊ូឃើញមនុស្សមួយក្រុមធំមកស្ដាប់ការបង្រៀនរបស់លោក នោះលោក«មានចិត្តអាណិតអាសូរពួកគេ ក៏បានធ្វើឲ្យមនុស្សដែលឈឺក្នុងចំណោមពួកគេបានជាសះស្បើយ»។ (ម៉ាថាយ ១៤:១៤) នៅពេលមួយទៀត មានបុរសម្នាក់ដែលមានជំងឺដ៏ធ្ងន់ធ្ងរ គាត់បានបង្ហាញជំនឿទៅលើលោកយេស៊ូថា លោកអាចជួយធ្វើឲ្យគាត់ជាសះស្បើយ បើលោកយេស៊ូពិតជាចង់ជួយមែន។ ដោយសារលោកយេស៊ូមានសេចក្ដីស្រឡាញ់ នោះបានជំរុញចិត្តលោកឲ្យជួយបុរសនោះ។ លោកបាននិយាយទៅកាន់បុរសនោះដោយក្ដីអាណិតអាសូរថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ (លូកា ៥:១២, ១៣) នៅគ្រាមួយទៀត ពេលដែលលោកយេស៊ូឃើញមិត្តរបស់លោកឈ្មោះម៉ារៀកំពុងកើតទុក្ខយ៉ាងខ្លាំង ដោយសារប្អូនប្រុសរបស់នាងឈ្មោះឡាសាបានស្លាប់ នោះធ្វើឲ្យលោកយេស៊ូ«មានចិត្តក្ដុកក្ដួលក៏រំជួលចិត្តយ៉ាងខ្លាំង» ហើយ«ស្រក់ទឹកភ្នែក»។ (យ៉ូហាន ១១:៣២-៣៦) ក្រោយមកលោកបានធ្វើអ្វីដ៏អស្ចារ្យមួយ គឺលោកបានប្រោសឡាសាឲ្យរស់ឡើងវិញ ទោះជាឡាសាបានស្លាប់អស់បួនថ្ងៃទៅហើយក្ដី!—យ៉ូហាន ១១:៣៨-៤៤
លោកយេស៊ូបានដឹងច្បាស់ថា ការអស្ចារ្យដែលលោកបានធ្វើដើម្បីជួយមនុស្សទាំងនោះ គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ លោកដឹងថា មិនយូរក្រោយមកមនុស្សទាំងអស់ដែលលោកបានធ្វើឲ្យជាសះស្បើយនឹងត្រូវឈឺម្ដងទៀត ហើយមនុស្សដែលលោកបានប្រោសឲ្យរស់ឡើងវិញនឹងត្រូវស្លាប់ទៅវិញ។ ក៏ប៉ុន្តែ លោកយេស៊ូដឹងថារាជាណាចក្រព្រះនឹងបំបាត់ចោលបញ្ហាដូចនោះមិនឲ្យមានជារៀងរហូត។ ហេតុនេះហើយបានជាលោកមិនគ្រាន់តែធ្វើការអស្ចារ្យប៉ុណ្ណោះទេ តែលោកក៏បានខ្នះខ្នែងប្រកាសផ្សាយ«ដំណឹងល្អអំពីរាជាណាចក្រ»ដែរ។ (ម៉ាថាយ ៩:៣៥) ការអស្ចារ្យដែលលោកបានធ្វើនៅពេលនោះ បានបង្ហាញទុកជាមុននូវអ្វីដែលរាជាណាចក្រព្រះនឹងធ្វើនៅពេញផែនដីនាពេលឆាប់ៗខាងមុខនេះ។ ស្តីអំពីគ្រានោះ សូមពិចារណានូវសេចក្ដីសន្យាក្នុងគម្ពីរដូចតទៅ:
លែងមានបញ្ហាសុខភាព
«គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។ បន្ថែមទៅទៀត «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺទៀតឡើយ›»។—អេសាយ ៣៣:២៤; ៣៥:៥, ៦
លែងមានសេចក្ដីស្លាប់
«ពួកអ្នកសុចរិតនឹងបានស្រុក[ឬផែនដី]ទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩
«ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។—អេសាយ ២៥:៨
អ្នកដែលស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ
«អស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ហើយចេញមក»។—យ៉ូហាន ៥:២៨, ២៩
មនុស្សស្លាប់«នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—សកម្មភាព ២៤:១៥
មានផ្ទះស្អាតហើយមានការងារដែលគាប់ចិត្ត
«មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ។ . . . ពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។—អេសាយ ៦៥:២១, ២២
លែងមានសង្គ្រាម
«ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។—ទំនុកតម្កើង ៤៦:៩
«នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។—អេសាយ ២:៤
មានអាហារបរិបូណ៌
«ដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ»។—ទំនុកតម្កើង ៦៧:៦
«នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។—ទំនុកតម្កើង ៧២:១៦
លែងមានភាពក្រីក្រ
«មនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ»។—ទំនុកតម្កើង ៩:១៨
«ទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង»។—ទំនុកតម្កើង ៧២:១២, ១៣
ពេលលោកអ្នកពិចារណាអំពីសេចក្ដីសន្យាទាំងប៉ុន្មានដែលរាជាណាចក្រព្រះនឹងធ្វើឲ្យកើតឡើង តើលោកអ្នកយល់នូវមូលហេតុដែលរាជាណាចក្រព្រះគឺសំខាន់ខ្លាំងណាស់ចំពោះលោកយេស៊ូឬទេ? ពេលលោកយេស៊ូនៅផែនដី លោកចង់ប្រាប់យ៉ាងខ្លាំងអំពីរាជាណាចក្រព្រះដល់អ្នកណាដែលព្រមស្ដាប់ ព្រោះលោកដឹងថារាជាណាចក្រព្រះនឹង បំបាត់ចោលបញ្ហាដ៏ពិបាកទាំងអស់ដែលមនុស្សមាននៅសព្វថ្ងៃនេះ។
តើសេចក្ដីសន្យាក្នុងគម្ពីរអំពីរាជាណាចក្រព្រះទាក់ទាញចិត្តរបស់លោកអ្នកឬទេ? បើដូច្នោះមែន លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើតាមរបៀបណាខ្ញុំអាចរៀនថែមទៀតអំពីរាជាណាចក្រនោះ? តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីប្រាកដថាខ្ញុំនឹងទទួលប្រយោជន៍ពីពរទាំងនោះ?›។ អត្ថបទចុងក្រោយនៃអត្ថបទតភាគនេះនឹងឆ្លើយសំណួរទាំងនេះ។
[កំណត់សម្គាល់]
a អត្ថបទនេះចង់បញ្ជាក់អំពីអារម្មណ៍របស់លោកយេស៊ូនៅសព្វថ្ងៃនេះ ដោយសារលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយរស់នៅស្ថានសួគ៌។ ទោះជាលោកត្រឡប់ទៅស្ថានសួគ៌វិញក្ដី ក៏លោកនៅតែគិតជានិច្ចអំពីរាជាណាចក្រព្រះដែរ។—លូកា ២៤:៥១
b ស្តីអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនាអស់មួយរយៈពេល សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជំពូកទី១១ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។