តើសាក្សីព្រះយេហូវ៉ាហាមឃាត់មើលភាពយន្ត សៀវភៅ ឬស្ដាប់ចម្រៀងណាមួយទេ?
អត់ទេ។ អង្គការរបស់យើងមិនត្រួតពិនិត្យភាពយន្ត សៀវភៅ ឬបទចម្រៀងណាមួយដើម្បីណែនាំបុគ្គលម្នាក់ៗថាគួរជៀសវាងទេ។ ហេតុអ្វីដូច្នេះ?
គម្ពីរលើកទឹកចិត្តយើងម្នាក់ៗឲ្យអប់រំ«សមត្ថភាពយល់ដឹង»របស់ខ្លួនដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។—ហេប្រឺ ៥:១៤
គម្ពីរមានគោលការណ៍ជាមូលដ្ឋានដែលគ្រិស្តសាសនិកអាចពិចារណាពេលជ្រើសរើសការកម្សាន្ត។a ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិត គោលដៅរបស់យើងគឺ«ពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ត»។—អេភេសូរ ៥:១០
គម្ពីរបង្រៀនថាមេគ្រួសារមានអំណាចមួយកម្រិត។ ហេតុនេះពួកគាត់អាចសម្រេចចិត្តមិនឲ្យមានការកម្សាន្តបែបណាមួយក្នុងរង្វង់គ្រួសាររបស់គាត់។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៦:១-៤) យ៉ាងណាក៏ដោយ ក្រៅរង្វង់គ្រួសារ គ្មាននរណាម្នាក់មានសិទ្ធិហាមឃាត់មិនឲ្យមើលភាពយន្ត ឬចម្រៀងណាមួយ ឬសិល្បករណាម្នាក់ថាមិនសមរម្យចំពោះបងប្អូនក្នុងក្រុមជំនុំទេ។—កាឡាទី ៦:៥
a ជាឧទាហរណ៍ គម្ពីរផ្ដន្ទាទោសអ្វីក៏ដោយដែលលើកស្ទួយការទាក់ទងពួកវិញ្ញាណអាក្រក់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬអំពើឃោរឃៅ។—ចោទិយកថា ១៨:១០-១៣; អេភេសូរ ៥:៣; កូឡុស ៣:៨